លទ្ធផលនៃ​ដំណើរទស្សន​កិច្ចផ្លូវការរបស់ ឯកឧត្តម​ទេស​រដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិ​បត្តិការអន្តរជាតិ នៅសាធារណរដ្ឋ សហភាព​មីយ៉ាន់ម៉ា ថ្ងៃទី ១០-១១ ខែ កក្កដា ឆ្នាំ ២០១៧

35

តាមការអញ្ជើញរបស់លោកជំទាវ អង់ សានស៊ូជី  ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទសនៃសាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា  ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហ-ប្រតិបត្តិការ អន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២១០៧។ ទស្សនកិច្ចនេះមានគោលបំណងរឹតចំណងទាក់ទងមិត្តភាព  ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី តាមរយៈយន្តការដែលមានស្រាប់ ព្រមទាំងបង្កើតយន្តការសហប្រតិបត្តិការថ្មីថែមទៀត រវាងកម្ពុជា និងមីយ៉ាន់ម៉ា។

នៅក្នុងពេលទស្សនកិច្ចនេះ  ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានចូលជួបសម្តែងការគួរសម ឯកឧត្តម ធិន ច ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅវិមានប្រធានាធិបតី និងជួបពិភាក្សាការងារ ជាមួយ លោកជំទាវ អង់ សានស៊ូជី  នៅក្រសួងការបរទេសនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដើម្បីផ្លាស់ប្ដូរ ទស្សនៈអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី  បញ្ហាតំបន់ និងអន្តរជាតិ។

នៅក្នុងជំនួបទាំងពីរនេះ  ភាគីកម្ពុជា និងមីយ៉ាន់ម៉ា បានរំឭកពីទំនាក់ទំនងដែលមានជាយូរអង្វែង មកហើយរវាងប្រទេសទាំងពីរ តាំងពីសម័យអរិយធម៌បុរាណខ្មែរ-មន ហើយក៏បានកត់សំគាល់ ពីការរីកចំរើនពេលថ្មីៗនេះ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលស្តែងចេញតាមរយៈការផ្លាស់ប្តូរ ទស្សនកិច្ចទៅវិញទៅមក របស់គណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរ។

ដោយឡែក នៅក្នុងជំនួបរវាងរដ្ឋមន្រ្តីការបរទេសទាំងពីរ  ភាគីទាំងពីរបានពិភាក្សា និងឯកភាព ដូចខាងក្រោម៖

១-រៀបចំចុះអនុស្សារណៈយោគយល់គ្នាស្តីពី ការពិគ្រោះយោបល់នយោបាយ រវាងក្រសួងការបរទេស នៃប្រទេសទាំងពីរ ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសន្ទនារវាងប្រទេសទាំងពីរ ក្នុងការសម្របសម្រួល បញ្ហាទ្វេភាគី តំបន់ និងពិភពលោក។

២-រៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះទ្វេភាគីលើកទី២នៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជំរុញ កិច្ចសហប្រតិបត្តិការ លើវិស័យ ដែលជាប្រយោជន៍រួមរបស់កម្ពុជា និងមីយ៉ាន់ម៉ា ។

៣-ជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ តាមរយៈការលើកទឹកចិត្តការវិនិយោគ សហគ្រាស ធុនតូច និងមធ្យម និងការផ្លាស់ប្តូរផលិតផលកសិកម្មជាដើម។ ក្នុងទិសដៅនេះ  ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានស្នើរដ្ឋាភិបាលមីយ៉ាន់ម៉ា ពន្លឿនការចរចាលើកិច្ចព្រមព្រៀងស្តីពីការជៀសវាងការយកពន្ធត្រួតគ្នា និងពិនិត្យលទ្ធភាពចុះកិច្ចព្រមព្រៀងស្តីពីការជំរុញ និងការការពារវិនិយោគ។ សូមគូសបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនចំនួន៣០  ដែលកំពុងវិនិយោគនៅមីយ៉ាន់ម៉ា ភាគច្រើនលើវិស័យសេវាកម្ម និងធនាគារ។ មីយ៉ាន់ម៉ាក៏មានក្រុមហ៊ុនសេវាកម្មទេសចរណ៍ និងធុរកិច្ច ចំនួន០៣ កំពុងដំណើរការនៅកម្ពុជាដែរ។

៤-ជំរុញកិច្ចសហប្រតិបត្តិការផ្នែកទេសចរណ៍ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន តាមរយៈ ការអនុវត្ត កិច្ចព្រមព្រៀង និងផែនការសកម្មភាពទេសចរណ៍រវាងប្រទេសទាំងពីរ ការរៀបចំដំណើរទេសចរណ៍ជាកញ្ចប់ (សៀមរាប-បាហ្គាន) និងសកម្មភាពផ្សព្វផ្សាយទេសចរណ៍ផ្សេងៗ ព្រមទាំងសហការគ្នារិះរកសក្តានុពលភាព បន្ថែមទៀតក្នុងការពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍នៃប្រទេសទាំងពីរ។

៥-ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ដោយធ្វើការផ្លាស់ប្តូរបទពិសោធន៍លើមុខជំនាញសិល្បៈ  របាំប្រពៃណី  តម្បាញ និងម្ហូបអាហារ ជាដើម។

៦-លើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចសិក្សារបស់យុវជន  និងសិស្ស-និស្សិត ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការ វិស័យអប់រំសម្រាប់ រយៈពេលពីឆ្នាំ២០១៧ ដល់ ២០២១ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧។

ឯកឧត្តមទេសរដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណដល់ភាគី មីយ៉ាន់ម៉ា ដែលបានប្រគេនអាហាររូបករណ៍ រៀងរាល់ឆ្នាំដល់ព្រះសង្ឃកម្ពុជា និមន្តទៅសិក្សាថ្នាក់បរិញ្ញាប័ត្រផ្នែកទ្រឹស្តីព្រះពុទ្ធសាសនា នៅប្រទេស មីយ៉ាន់ម៉ា។  ឆ្លៀតក្នុងឱកាសនេះដែរ  ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានគូសបញ្ជាក់ពីការគាំទ្រ របស់កម្ពុជា ចំពោះដំណើរការស្វែងរកសន្តិភាព ការបង្រួបបង្រួមជាតិ និងការដោះស្រាយបញ្ហានៅរដ្ឋរ៉ាខាញ របស់រដ្ឋាភិបាលមីយ៉ាន់ម៉ា។

ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាដែលកំពុងកើតមាននៅក្នុងតំបន់ និងអន្តរជាតិ ដូចជាវិបត្តិនៅឧបទ្វីបកូរ៉េ និងបញ្ហាភេរវកម្ម និងបានឯកភាពគាំទ្រគ្នាទៅវិញទៅមក នៅក្នុងវេទិកាតំបន់ និងអន្តរជាតិ ចំពោះបញ្ហាដែល មានប្រយោជន៍ និងកង្វល់រួម។ ការពិភាក្សានេះបានប្រព្រឹត្តទៅក្នុងស្មារតីដោយត្រង់ទៅត្រង់មក និងស្ថិតនៅ ក្នុងបរិយាកាសស្និទ្ធស្នាលនិងមិត្តភាព។ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានអញ្ជើញលោកជំទាវ អង់ សានស៊ូជី មកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងពេលវេលាសមស្របរបស់ លោកជំទាវ ហើយលោកជំទាវក៏បានទទួលការអញ្ជើញនេះ ដោយរីករាយ៕


ចែករំលែក