ព្រះករុណា ព្រះមហាក្សត្រ ឧទ្ទិសឱ្យ​បុណ្យ​រុក្ខទិវា ៩កក្កដា ស្ថិតក្នុង​បេះដូង​ប្រជាព​លរដ្ឋ​កម្ពុជា​គ្រប់ៗរូប

38

(AKP) កណ្តាល ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៧​ – ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរា​ជា​ណា​ចក្រកម្ពុជា បានមានព្រះរាជឱង្ការឧទ្ទិសឱ្យពិធីបុណ្យរុក្ខទិវា ៩កក្កដា ស្ថិតក្នុងបេះដូង​របស់​ប្រជា​ពលរដ្ឋកម្ពុជាគ្រប់ៗរូប ដោយចូលរួមដាំដើមឈើ ថែរក្សា និងការពារព្រៃឈើ ដើ​ម្បី​​​ទ្រ​ទ្រង់​​ជីវិតរស់នៅរបស់យើងផង រក្សាលំនឹងធម្មជាតិ នៃភពផែនដីយើងផង និងធ្វើឱ្យ​មនុ​ស្ស​ជាតិរួចផុតពីគ្រោះធម្មជាតិនានា ដែលបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ និងការ​ឡើងកម្តៅនៃភពផែនដីផង។

ក្នុងឱកាសស្ដេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបុណ្យរុក្ខទិវា នៅភូមិក្រាំង​ក្រូ​ច ឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្ដាល នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៧ ព្រះករុ​ណា​ ​ព្រះមហាក្រត្រ មានព្រះរាជឱង្ការថា អាស្រ័យដោយការប្រែប្រួលធាតុអាកាស ពិភព​លោក​តែងជួបប្រទះនឹងគ្រោះរាំងស្ងួត ទឹកជំនន់ ភាពរិចរិលនៃដីកសិកម្ម ការរីករាលដាល​នៃ​ជម្ងឺ​ឆ្លង​លើសត្វ និងសត្វល្អិតលើដំណាំគ្រប់ប្រភេទ ហើយនៅកម្ពុជាយើងក៏ទទួលរងសម្ពាធនេះ​ជា​ញឹក​​ញាប់ផងដែរ។ យើងទទួលស្គាល់ថា ព្រៃឈើមានទំនាក់ទំនងជាសារវន្ត ជាមួយជីវិតរស់​នៅ​លើភពផែនដីនេះ មូលហេតុចម្បងដែលនាំឱ្យយើងជួបវិបត្តិធម្មជាតិទាំងអស់នេះ គឺការ​បាត់​បង់ និងរិចរិលព្រៃឈើ ដូច្នេះយើងទាំងអស់គ្នាត្រូវចូលរួមដោះស្រាយឱ្យបានជាអតិបរិមា ដើម្បីការពារជីវិតមនុស្ស សត្វ និងធនធានធម្មជាតិដ៏មានតម្លៃនៅកម្ពុជា និងនៅលើផែនដី​យើង​នេះតាមរយៈការថែរក្សា ការពារ និងដាំដើមឈើឡើងវិញឱ្យបានជា​អតិបរិមា។ ម្យ៉ាង​ទៀត ​ព្រៃឈើមិនត្រឹមតែមានតម្លៃខាងសេដ្ឋកិច្ច និងសង្គមប៉ុណ្ណោះទេ ប៉ុន្តែបាន​ជួយថែរ​ក្សា​លំ​នឹង​បរិស្ថានធម្មជាតិ ធ្វើឱ្យធាតុអាកាសមានភាពល្អបរិសុទ្ធ រក្សានិយ័តភាពប្រភពទឹក ការពារ​ទីជម្រាល និងការពារជីវៈចម្រុះទៀតផង។ ស្ថិតក្នុងបរិបទនេះ ព្រះករុ​ណា​ ព្រះមហាក្សត្រ ស្នើឱ្យបងប្អូន​ជនរួមជាតិ​នៅ​គ្រប់​មជ្ឈដ្ឋាន មេត្តារួមគ្នាការពារភ្លើងឆេះព្រៃ បញ្ចប់ការកាប់រានដីព្រៃឈើធ្វើជាកម្មសិទ្ធ ការ​កាប់​ឈើខុសច្បាប់ ការបរបាញ់ ការដាក់អន្ទាក់ចាប់សត្វព្រៃ និងចូលរួមដាំដើមឈើ​ឱ្យ​បាន​ច្រើន​ជាអតិបរិមា ដើម្បីបង្កើនគម្របព្រៃឈើឡើងវិញ ការចូលរួមរបស់បងប្អូនជនរួមជាតិនេះ បានបង្ហាញពីស្មារតីទទួលខុសត្រូវលើជោគវាសនាអនាគតនៃធនធានព្រៃឈើយើង ដើម្បីកូន​ចៅ​យើងជំនាន់នេះ និងជំនាន់ក្រោយៗទៀត។

ព្រះអង្គបានមានព្រះរាជឱង្ការរំលឹកដែរថា ពិធីបុណ្យរុក្ខទិវា គឺកើតមានតាំងពីសម័យ​សង្គម​រាស្ត្រនិយម នៅក្នុងឆ្នាំ១៩៥២ ដែលកាលនោះ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះ​បិតា​ឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គតែងតែ​ប្រោ​ស​​ព្រះរាជទានលើកទឹកចិត្ត និងយាងចូលរួមជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិ​ធីបុ​ណ្យ​រុក្ខ​ទិវានៅតាមបណ្ដាខេត្តនានា។ ព្រះករុណា ព្រះមហាក្សត្រ ក៏បានអំពាវនាវដល់ព្រះថេរានុថេរ គ្រប់ព្រះអង្គ គ្រប់ទីវត្តអារ៉ាម មន្ត្រីរាជការ ក្រសួងស្ថាប័ននានា អាជ្ញាធរមូលដ្ឋាន​គ្រប់​លំដាប់​ថ្នា​ក់ សិស្សានុសិស្ស គ្រប់គ្រឹះស្ថានសិក្សា បងប្អូនជនរួមជាតិទូទាំងប្រទេស បន្តប្រពៃណី​ដាំ​កូន​ឈើឱ្យបានសកម្ម នៅគ្រប់ទីកន្លែងថែមទៀត ព្រមទាំងបង្កើតឱ្យមានសួនដាំឈើ ដើម្បី​ឱ្យ​បងប្អូនប្រជាពលរដ្ឋរបស់យើង ចូលរួមដាំឈើ និងរុក្ខជាតិគ្រប់ប្រភេទ សម្រាប់ជីវិតរស់​នៅដ៏​សុខសាន្ត និងបានស្ថិតស្ថេរយូអង្វែងដល់កូនចៅរបស់យើង​ជំនាន់ក្រោយៗទៀត។ ការដាំឈើ និងរុក្ខជាតិគ្រប់ប្រភេទនេះ ពិតជាផ្ដល់នូវបុណ្យកុសលដ៏ប្រពៃ ដល់មនុស្សជាតិគ្រប់ៗរូប ហើ​យ​ធ្វើឱ្យមូលដ្ឋានភូមិ ឃុំ មានទេសភាពពណ៌បៃតង និងរស់រវើកគ្រប់រដូវកាល។ ព្រះអង្គក៏​បាន​អំពាវនាវដល់អង្គការជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍន៍ទាំងអស់ សូមមេត្តាបន្តជួយ​ឧប​ត្ថ​ម្ភ​​គាំទ្រតាមគ្រប់រូបភាព ដល់ការគ្រប់គ្រង ការអភិវឌ្ឍន៍ និងការកែទម្រង់វិស័យព្រៃឈើនៅ​កម្ពុ​ជា។

ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ស​ម្រា​ប់ឆ្នាំ២០១៧នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានកិច្ចសហការ​ល្អ​ប្រសើរ ជាមួយក្រសួងព្រះបរមរាជវាំង អាជ្ញាធរខេត្តកណ្តាល បានកំណត់យកទីតាំង​ស្ថិត​នៅ​ភូមិ​ក្រាំងក្រូច ឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្តាល ប្រារព្ធពិធីរុក្ខទិវាលើកទី២៧ នៅលើផ្ទៃដីទំហំ១០ហិកតា ហើយកូនឈើដែលត្រូវយកមកដាំ នៅក្នុងពិធីនេះ រួមមាន​ប្រភេទ​ឈើ​ក្រញូង ធ្នង់ និងគីនីន សរុបចំនួន៨.៨៣០ដើម។ ឯកឧត្ដមរដ្ឋមន្ត្រីគូសបញ្ជាក់ថា គោល​បំណង​សំខាន់នៃពិធីរុក្ខទិវានេះ គឺដើម្បីបំផុសស្មារតីចូលរួមស្តារ និងដាំដើមឈើឡើងវិញ ធ្វើ​ឲ្យ​ប្រសើរឡើងនូវសោភ័ណភាព ទេសភាពធម្មជាតិ បរិស្ថាន រក្សានិយ័តភាពប្រភពទឹក ការ​ពារ​ទីជម្រាល និងជីវចម្រុះ ព្រមទាំងចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នទៅបរិយាកាស និង​ជួយទ្រទ្រង់ជីវភាពរស់នៅ សម្រាប់ប្រជាពលរដ្ឋរាប់លាននាក់ ដែលពឹងអាស្រ័យទៅលើផល​អនុ​ផលព្រៃឈើ។ ធនធានព្រៃឈើបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ស​ង្គ​ម និងបរិស្ថាន ជាពិសេសបានផ្តល់សារប្រយោជន៍ជាច្រើនដល់សង្គមជាតិយើងតាំងពីដើម រហូ​ត​ដល់បច្ចុប្បន្ន និងអនាគត។ ដូច្នេះ ពលរដ្ឋគ្រប់រូបមានភារកិច្ចថែរក្សាការពារប្រភព​ទ្រ​ទ្រង់​​ជីវិតនេះ ដោយត្រូវចូលរួមថែរក្សាការពារអភិរក្ស និងអភិវឌ្ឍព្រៃឈើ ឲ្យមានប្រសិទ្ធិភាព និងនិរន្តរភាព ដើម្បីជាប្រយោជន៍ដល់មនុស្សជាតិយើងជំនាន់បច្ចុប្បន្ន និងជំនាន់​ក្រោយៗ​ទៀត​៕

ដោយ ជឹម ណារី

ចែករំលែក