គណៈ​កម្មា​ធិការ​បេតិក​ភណ្ឌពិ​ភពលោក «UNESCO» សម្រេច​ដាក់ប្រាសាទសំបូរព្រៃគុក​កម្ពុជា ជាសម្បត្តិបេតិក​ភណ្ឌពិភព​លោក

64

គណៈកម្មាធិការបេតិកភណ្ឌពិភពលោកដែលហៅកាត់ថា (UNESCO) បានសម្រេចដាក់ប្រាសាទសំបូរព្រៃគុក របស់កម្ពុជា ជាសម្បត្តិបេតិកភណ្ឌពិភពលោក ខណៈប្រាសាទវ័យជាង១៤០០ឆ្នាំនេះ អាចទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិបានក្នុងមួយឆ្នាំៗ ជាងពីរសែននាក់នោះ។
ប្រាសាទសំបូរព្រៃគុកគឺជាប្រាសាទទីបីហើយ ដែលអង្គការ UNESCOសម្រេចចុះបញ្ជីជាសម្បតិ្តបេតិកភណ្ឌពិភពលោក ដែលលើកទី១ គឺប្រាសាទអង្គរវត្ត ទី២ប្រាសាទព្រះវិហារ និងទី៣ប្រាសាទសំបូរព្រៃគុកនេះតែម្តង។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានចេញនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ក្នុងកិច្ចប្រជុំលើកទី៤១ នៅទីក្រុងក្រាកូវ (Krakow) ប្រទេសប៉ូឡូញ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានពិនិត្យ ពិភាក្សានិងវាយតម្លៃថា «តំបន់ប្រាសាទសំបូរព្រៃគុក» មានគុណតម្លៃលេចធ្លោជាសកល ហើយតាមរយៈកិច្ចប្រជុំនេះ គណៈកម្មាធិការបានសម្រេចចុះ «តំបន់ប្រាសាទសំបូរព្រៃគុក» ទៅជាបញ្ជីបេតិកភណ្ឌពិភពលោក។
សេចក្តីជូនដំណឹងដដែល បានបន្តទៀតថា ការសម្រេចនៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូនីស្កូនេះ គឺជាមោទនភាពជាតិដ៏ធំធេងថ្មីមួយទៀត ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដោយគតិបណ្ឌិត តែងតែយកចិត្តទុកដាក់លើកិត្តិយសជាតិនៅលើឆាក់អន្តរជាតិ ក៏ដូចជាឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់រាជដ្ឋាភិបាល ក្នុងការគ្រប់គ្រងការងារអភិរក្ស បេតិកភណ្ឌប្រកបដោយចីរភាព។
ប៉ុន្មានម៉ោងក្រោយពីគណៈកម្មាធិការបេតិកភណ្ឌពិភពលោកសម្រេចដាក់ប្រាសាទសំបូរព្រៃគុករបស់កម្ពុជាទៅជាសម្បត្តិបេតិកភណ្ឌពិភពលោកនោះសម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហោះ​តាមសង្គមហ្វេសបុក សម្តេចផ្ទាល់ អបអរសាទរ ចំពោះព្រឹត្តិការណ៍ ដ៏ប្រវត្តិសាស្ត្រមួយនេះផងដែរ។
ក្នុងហ្វេសប៊ុកសម្តេចតេជោ នាយករដ្ឋមន្ត្រីដែលបានបង្ហោះនៅថ្ងៃទី៩ ខែកក្កដានេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «កម្ពុជាអបអរសាទរប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក»។ នេះជាមោទនភាពជាតិថ្មីមួយទៀតដែល «ប្រាសាទសំបូរព្រៃគុក» ត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោកហើយនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការ បេតិកភណ្ឌពិភពលោក នៅទីក្រុង Krakow ប្រទេសប៉ូឡូញ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ យប់មិញនេះ។
ជាមួយគ្នានោះសម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរអរគុណ ដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងគ្រប់មន្ទីរស្ថាប័នពាក់ព័ន្ធ រួមជាមួយមន្ត្រី និង អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដែលបានចូលរួមខិតខំប្រឹងប្រែងក្នុងការថែរក្សាការពារអភិរក្ស និងបញ្ចូលប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោកជាស្ថាពរកាលពីយប់មិញនេះផងដែរ។
សូមរំលឹកថា ប្រាសាទសំបូរព្រៃគុកនេះ គឺស្ថិតនៅភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ដែលមានចម្ងាយ ៣៧គីឡូម៉ែត្រពីទីរួមខេត្តកំពង់ធំ ដោយសង់លើដីរាបស្មើមានទំហំ៣,០០០ ហិកតា។ ប្រាសាទវ័យជាង១៤០០ឆ្នាំនេះ គឺបានសាងឡើងនៅរជ្ជកាល ស្តេចឥសានវរ្ម័ន ទី១ នៅក្នុង សត ទី៧ (គ.ស. ៦១៦–៦៣៥) នាសម័យចេនឡា។
ក្រុមប្រាសាទសំបូរព្រៃគុកនេះ គឺជារាជធានីចាស់ឈ្មោះថា ឥសានបុរៈ ពីសម័យនោះជាមជ្ឈមណ្ឌលនៃ សាសនា ឧទ្ទិសថ្វាយសវៈនិយម។ ក្រុមប្រាសាទនេះសាងសង់អំពីឥដ្ឋ តាន់ និង ថ្មបាយក្រៀមលំអរទៅដោយចម្លាក់ពីលើឥដ្ឋ ចាក់ពុម្ពដោយបាយអជាផ្ទាំងៗ អំពីឥដ្ឋ តែបច្ចុប្បន្នត្រូវបានប្រេះអស់។
តែយ៉ាងណាក៏ដោយប្រាសាទសំបូរព្រៃគុកនេះ បានក្លាយទៅជារមណីយដ្ឋាន ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិប្រមាណជាងពីរសែននាក់ក្នុងមួយឆ្នាំៗ ជាក់ស្តែងកាលពីឆ្នាំ២០១៦ កន្លងទៅ មានអ្នកទេសចរជាតិ និងអន្តរជាតិប្រមាណ១២៥.០០០នាក់ ទៅទស្សនាប្រាសាទសំបូរព្រៃគុកក្នុងនោះភ្ញៀវជាតិ១០៨.៨៨៥នាក់ និងភ្ញៀវអន្តរជាតិ១៦.៣០១នាក់។ នេះបើតាមការឱ្យដឹងពីលោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ កាលពីកន្លងទៅ៕

ចែករំលែក