ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៦​ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

89

(FN)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា រួមនិងសមាជិក សមាជិកាប្រមាណ ៥ម៉ឺននាក់ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧នេះ រួមគ្នាធ្វើពិធីអបអរសាទរខួបគម្រប់៦៦ឆ្នាំ ថ្ងៃកំណើតបក្ស។ ពិធីអបអរសាទរនេះធ្វើយ៉ាងមហោឡារឹកនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងរយៈពេលជាង៣៨ឆ្នាំក្រោយការវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត, CPP នៅតែបន្តដឹកនាំ និងអភិវឌ្ឍន៍ប្រទេសកម្ពុជាទៅលើមាគ៌ាមួយដ៏ល្អប្រសើរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជនកម្ពុជា គឺរបងការពាររបបរាជានិយមដ៏រឹងមាំ មិនអនុញ្ញាតឲ្យពួកប្រតិកិរិយាដ៏អសិរពិសណាមួយមកផ្តួលរំលំរបបរាជានិយមដូចឆ្នាំ១៩៧០នោះឡើយ។

– សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សនយោបាយដែលបានហែលឆ្លងនូវឧបសគ្គគ្រប់បែបយ៉ាង ហើយតែងឈរនៅជាប់ជានិច្ចជាមួយប្រជាជន ព្រមទាំងបានពុះពារផ្តួលរំលំរបបប្រល័យពូជសាសន៍នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ នាំមកវិញនូវពន្លឺជាថ្មីសម្រាប់ជាតិ និងប្រជាជន។

– សម្តេចប្រមុខគណបក្សប្រជាជនកម្ពុជា បានបន្តថា ក្នុងរយៈជាង ៣៨ឆ្នាំក្រោយការផ្តួលរំលំរបប ប៉ុល ពត គណបក្សប្រជាជនកម្ពុជា បានប្រឹងប្រែងជម្នះឧបសគ្គបែបយ៉ាង ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ ទាំងការហ៊ុមព័ទសេដ្ឋកិច្ចពីខាងក្រៅ។ សម្តេចបន្តថា ទោះមានឧបសគ្គធំៗយ៉ាងណា ក៏គណបក្សប្រជាជនប្រឹងប្រែងទប់ស្កាត់មិនឲ្យរបបប្រល័យពូជសាសន៍វិលមកវិញ។

– សម្តេចតេជោ បានបន្ថែមថា បើគ្មានគណបក្សប្រជាជនកម្ពុជា ជាកម្លាំងស្នូលប្រឹងប្រែងបង្រួមបង្រួមជាតិទេនោះ គ្មានថ្ងៃចរចារសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ នោះឡើយ ហើយក៏គ្មានរដ្ឋធម្មនុញ្ញនោះដែរ ដែលនេះជាសច្ចភាពប្រវត្តិសាស្ត្រ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្តើមចេញកិច្ចចរចាសន្តិភាពនេះ គណបក្សប្រជាជនកម្ពុជា តាមរយៈសម្តេចផ្ទាល់បានដាក់ចេញនយោបាយឈ្នះឈ្នះ ឈានទៅបញ្ចប់ភ្លើងសង្រ្គាមទាំងស្រុងនៅចុងឆ្នាំ១៩៩៨ នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍ សម្រាប់ជាតិ និងប្រជាជន។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាកំពុងក្លាយពីប្រទេសមានចំណូលកម្រិតទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ហើយនឹងវិវឌ្ឍន៍ទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០។

– សម្តេចប្រមុខបក្សកាន់អំណាច បានប្រកាសប្តេជ្ញារក្សាសុខសន្តិភាព ដោយមិនឲ្យកម្លាំងនយោបាយអមិត្តទាំងឡាយណា មកបំផ្លាញនោះឡើយ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលកន្លងទៅនេះ បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយប្រជាពលរដ្ឋបាននាំគ្នាទៅបោះឆ្នោតដោយសេចក្តីថ្លៃថ្នូរ។ សម្តេចបន្តថា ការបោះឆ្នោតនេះ ត្រូវបានអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ វាយតម្លៃថា ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តធម៌។ សម្តេចតេជោថ្លែងថា ការបោះឆ្នោតនេះ គឺជាជោគជ័យជាប្រវត្តិសាស្រ្តរបស់កម្ពុជា នៃដំណើរការតាមរបបកម្ពុជាប្រជាធិបតេយ្យ សេរី ពហុបក្ស។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាមរយៈជោគជ័យនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ គឺបានឆ្លុះបញ្ចាំងឲ្យឃើញថា គណបក្សកាន់អំណាចមួយនេះ នឹងនៅតែបន្តឈ្នះឆ្នោតដឹកនាំប្រទេសកម្ពុជានៅឆ្នាំ២០១៨ ហើយក៏បានធ្វើឲ្យបរាជ័យនូវបំណងអាក្រក់របស់អ្នកចង់ផ្តួលរំលំគណបក្សប្រជាជនកម្ពុជា។

– សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា គណបក្សប្រជាជនកម្ពុជា ប្រកាន់ខ្ជាប់នូវគោលនយោបាយបង្រួបបង្រួមជាតិ ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ និងសាសនា ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចម្រើន។

– សម្តេចតេជោ បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាបន្តរក្សាជំហរនិងការប្តេជ្ញាដ៏រឹងមាំក្នុងការថែរក្សាសុខសន្តិភាព ដែលជាឃឿនសម្រាប់សេចក្តីសុខ និងការអភិវឌ្ឍប្រទេសជាតិ។ សម្តេចតេជោ បានថ្លែងថា គណបក្សប្រជាជនកម្ពុជា ប្រឆាំងដាច់ខាតនូវការលាបពណ៌ ជេរប្រមាថមកលើគណបក្សប្រជាជនកម្ពុជា ដែលជានាំឲ្យប្រទេសជាតិឈានទៅរកជម្លោះ និងការបែកបាក់។

– សម្តេចតេជោ ហ៊ុន សែន ថា គណបក្សប្រជាជនកម្ពុជា នឹងបន្តសហការជាមួយគណបក្សនយោបាយ និងអង្គការដៃគូជាតិ អន្តរជាតិ ដែលមានសុច្ចរិតភាព ដើម្បីរក្សានូវបរិយាកាសនៃការបោះឆ្នោតជាតិឆ្នាំ២០១៨ និងបង្កើនការជឿទុកចិត្តដល់អ្នកវិនិយោគ។

– សម្តេចតេជោ ក៏សង្ឃឹមថា អង្គការអន្តរជាតិដទៃនឹងមិនជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជា ដើម្បីរក្សាបាននូវមិត្តភាព ភាតរភាព និងកិច្ចសហប្រតិបត្តិការ ដែលជាបំណងប្រាថ្នារបស់ពលរដ្ឋកម្ពុជា។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវដល់សមាជិក សមាជិកាទាំងអស់ត្រូវរួបរួមសាមគ្គី និងការពារនូវសមិទ្ធិផលនាពេលបច្ចុប្បន្នដែលកើតចេញ ពីសុខសន្តិភាព។ សម្តេចបានរំលឹកសមាជិក សមាជិកាថា ការបែកបាក់ជាតិ និងសង្រ្គាមរ៉ាំរ៉ៃ ពីអតីតកាល គឺបណ្តាលមកពីកំហុសធ្ងន់ធ្ងរធំបំផុតផ្នែកនយោបាយ ដែលគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន មិនគិតពីប្រយោជន៍ជាតិ ហើយត្រូវចងចាំមិនគន្លងប្រវត្តិសាស្រ្តដ៏​ឈឺចាប់នេះវិលមកវិញនោះឡើយ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីឆ្លើយតបការគាំទ្ររបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត សមាជិក សមាជិកាទាំងអស់ត្រូវផ្តល់ជូនប្រជាជនវិញ នូវការទទួលខុសត្រូវ និងការលើកកម្ពស់ជីវភាពរបស់ពួកគាត់ ហើយមន្រ្តីគណបក្សគ្រប់រូប ត្រូវធ្វើសកម្មភាពព្រមៗគ្នា ដើម្បីឈានឆ្ពោះទៅមុខ មិនអាចនៅរង់ចាំស៊ីកេរ្តិ៍ដ៏មោទនភាពពីអតីតកាលនោះទេ។

– សម្តេចតេជោ បានរំលេចថា សុខសន្តិភាព និងវឌ្ឍនភាពនាពេលបច្ចុប្បន្ន គឺបានកើតចេញពីកិច្ខខិតខំប្រឹងប្រែង​របស់គណបក្សប្រជាជនកម្ពុជា ដោយបានយកជីវិតធ្វើជាដើមទុន និងពុះពារគ្រប់ឧបស័គ្គទាំងអស់។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យុវជនសម័យនេះ មានឱកាសច្រើនជាងយុវជនជំនាន់ ដែលស្គាល់តែភ្លើងសង្រ្គាម និងស្លាប់បាត់បង់ជីវិតដោយសារសង្រ្គាម។

– សម្តេចតេជោថា ប្រវត្តិសាស្រ្ត គឺអ្នកឈ្នះជាអ្នកសរសេរ ដូច្នេះមិនអនុញ្ញាតឲ្យអ្នកដទៃឈ្នះមកសរសេរ​ប្រវត្តិសាស្រ្តនោះឡើយ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម័យសង្គមរាស្រ្តនិយមសម្តេច នរោត្តម សីហនុ ជាអ្នកសរសេរប្រវត្តិសាស្ត្រ តែក្រោយរបបសាធារណរដ្ឋរបស់លោក លន់ នល់ គឺជាអ្នកសរសេរប្រវត្តិសាស្រ្ត ហើយចោទសម្តេចព្រះបិតាឯករាជ្យជាតិ ជាជនក្បត់ជាតិ។

– សម្តេចតេជោថា តាមតឹកតាងប្រវត្តិសាស្រ្តនេះ គឺបានបង្ហាញថា អ្នកឈ្នះ គឺជាអ្នកសរសេរប្រវត្តិសាស្រ្ត ដូច្នេះមិនឲ្យអ្នកដទៃឈ្នះឆ្នោតដើម្បី សរសេរប្រវត្តិសាស្រ្តនោះឡើយ។ សម្តេចថា បើអ្នកដទៃមានឱកាសសរសេរប្រវត្តិសាស្រ្ត គេឡើងតម្កើង សម សារី និងសឹង ងុកថាញ់ ដែលជាជនដែលសម្តេច នរោត្តម សីហនុ ថា ជាជនក្បត់ជាតិនោះ នឹងក្លាយជាវីរបុរសជាតិ និងស្នេហាជាតិ ហើយសម្តេចនរោត្តម សីហនុ នឹងក្លាយជាជនក្បត់ជាតិជាថ្មីមិនខាន។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវឲ្យក្រសួងមហាផ្ទៃចាត់វិធានការទៅលើអង្គការសង្គមស៊ីវិល នៃបន្ទប់តាមដានស្ថានការណ៍នៃការបោះឆ្នោត ដែលបានធ្វើការវាយប្រហារទៅលើស្ថានការណ៍បោះឆ្នោត និងគណៈកម្មាធិការជាតិបោះឆ្នោត។

– សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យពិនិត្យថា តើអ្នកមានទោសទណ្ឌអាចផ្សារភ្ជាប់ខ្លួនជាមួយ​គណបក្សនយោបាយ​បានដែរឬទេ? សម្តេចស្នើឲ្យសមាជិកសភាធ្វើវិសោធនកម្មស្តីពីគណបក្សនយោបាយពិនិត្យទៅលើបញ្ហានេះផងដែរ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អង្គការសង្គមស៊ីវិលនៃបន្ទប់ស្ថានការណ៍នៃការបោះឆ្នោត គឺដើរស្របគ្នាជាមួយគណបក្សប្រឆាំង។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងរិះគន់ខ្លាំងៗដល់គណបក្សសង្រ្គោះជាតិ ដែលម្ខាងប្រកាសទទួលស្គាល់លទ្ធផល​បោះឆ្នោត និងម្ខាងបែរជាខោកក្បាលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងនឹងស្មានមិនដល់ថា គណបក្សសង្រ្គោះជាតិ ដែលមិនទាន់ទាំងបានឈ្នះឆ្នោតផង បែរជាមើលងាយដល់គណបក្ស នយោបាយតូចៗ។ សម្តេចអំពាវនាវដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា មិនត្រូវមើលងាយទៅដល់គណបក្សតូចៗនោះឡើយ។

– សម្តេចតេជោ ហ៊ុន សែន ថ្លែងថា គណបក្សប្រជាជនកម្ពុជា មិនទាន់បានបំពេញគ្រប់គ្រាន់តាមបំណងប្រាថ្នា​របស់ប្រជាជន ហើយមន្រ្តីក៏មិនទាន់ល្អទាំងអស់នោះដែរ ព្រោះហេតុនេះហើយទប់បក្សដាក់ចេញនូវគោលនយោបាយ និងការធ្វើកំណែទម្រង់ជាច្រើន។ សម្តេចតេជោ បានរិះគន់គណបក្សប្រឆាំងថា មិនមើលឃើញពីការប្រឹងប្រែង និងខិតខំរបស់គណបក្សប្រជាជនកម្ពុជានោះទេ តែប្រឹងតែប្រមូលផ្តុំនូវកំហុសឆ្គងរបស់បក្ស។ សម្តេចតេជោ អំពាវនាវដល់សមាជិកទាំងអស់ មិនត្រូវឲ្យគេមកបំផ្លាញសន្តិភាពកម្ពុជាបាននោះឡើយ។

– សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង៨៖២០នាទីព្រឹកថ្ងៃដដែលនេះ

 

ចែករំលែក