ឯកឧត្តម ប៊ិន ឈិន សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ ពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា

79

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧នេះ បានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នៃមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ ពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។

មានប្រសាសន៍ក្នុងពិធីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន បានលើកឡើងថា មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ គឺជាចំណែកពាក់កណ្តាលនៃអគារ ដែលត្រូវបានសាងសង់ក្រោមជំនួយឥតសំណងក្រៅគម្រោងរបស់ជប៉ុន ហើយត្រូវបានបែងចែក និងប្រគល់ជូនស្ថាប័នពីរដើម្បីប្រើប្រាស់គឺគណៈមេធាវី និងមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធ នឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក)។ ជាមួយគ្នានេះ ភាគីជប៉ុនក៏បានឯកភាព នឹងគាំទ្រយ៉ាងពេញទំហឹង ឱ្យដាក់បញ្ចូលមជ្ឈមណ្ឌលនេះ ទៅជាគម្រោងសំណងក្នុងសំណុំរឿង ០០២/០២ផងដែរ។ លើសពីនេះទៅទៀត រដ្ឋាភិបាលជប៉ុនក៏បានផ្តល់ថវិកាបន្ថែម ចំនួនជាង៣៣ម៉ឺនដុល្លារអាមេរិក ដើម្បីបំពាក់ប្រព័ន្ធបច្ចេកវិទ្យា/ហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីធ្វើឱ្យមជ្ឈមណ្ឌលនេះ ដំណើរការទៅបានដោយពេញលេញ។

ឯកឧត្តម ប៊ិន ឈិន បានមានប្រសាសន៍ថា តាមច្បាប់ស្តីពីការបង្កើត អ.វ.ត.ក ដើម្បីកាត់សេចក្តីឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាល នៃរបបកម្ពុជាប្រជាធិបតេយ្យ បានចែងថា «អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ត្រូវរលាយខ្លួនជាស្វ័យប្រវត្តិ ក្រោយពេលដែលការវិនិច្ឆ័យទោសក្នុងរឿងក្តីនេះ បានចប់ជាស្ថាពរ»។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតមជ្ឈមណ្ឌលឯកសារច្បាប់ពាក់ព័ន្ធ នឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ស្ថិតនៅក្រោមទីស្តីការគណៈរដ្ឋមន្ត្រី ដែលមជ្ឈមណ្ឌលនេះ មានតួនាទីតម្កល់ឯកសារច្បាប់ និងឯកសារពាក់ព័ន្ធស្តីពីដំណើរការជំនុំជម្រះក្តី របស់ អ.វ.ត.ក និងក៏ជាទីកន្លែងសម្រាប់សាធារណជន អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិ មកសិក្សាស្វែងយល់ អំពីការការងារពាក់ព័ន្ធនឹងការកាត់សេចក្តី អតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម។ ឯកឧត្តម បន្តថា អ.វ.ត.ក បាននិងកំពុងជះឥទ្ធិពលជាវិជ្ជមាន ក្នុងសង្គមជាតិ លើផ្នែកអប់រំ ការផ្ទេរចំណេះដឹង ការកសាងសមត្ថភាព ការពង្រឹងនីតិរដ្ឋ ហើយមជ្ឈមណ្ឌលនេះ ពិតជាផ្នែកមួយយ៉ាងសំខាន់ក្នុងការចងចាំប្រវត្តិសាស្ត្រ ការអប់រំ និងការទប់ស្កាប់ការវិលត្រឡប់មកវិញ នៃរបបសម្លាប់រង្គាល និងអំពើប្រល័យពូជសាសន៍។

ប្រធានមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធ នឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា លោកស្រី ជា សាវ៉ុន បានលើកឡើងថា ប្រភេទឯកសារ ដែលមានក្នុងមជ្ឈមណ្ឌលនេះ រួមមាន៖ សំណុំឯកសារដែលផ្សព្វផ្សាយជាសាធារណៈនៃករណី កាំង ហ្គេចអ៊ាវ ហៅឌុច Hard Copy និង Soft Copy មានឯកសារសរុបចំនួន ៧០២៦ ស្មើនឹង៧០៧២៥ទំព័រ ដែលមាន៣ភាសា ភាសាខ្មែរ ភាសាអង់គ្លេស និងភាសាបារាំង។ ក្រៅពីនោះ មជ្ឈមណ្ឌល មានឯកសារប្រភេទជាសៀវភៅ ទស្សនាវដ្តី អត្ថបទសារព័ត៌មាន និងជាវីដេអូដែលនិយាយពាក់ព័ន្ធ នឹងសាលាក្តី និងសម័យកម្ពុជាប្រជាធិបតេយ្យ។

លោកស្រីបានបន្តថា មជ្ឈមណ្ឌល បានធ្វើការដាក់បម្រើដល់សាធារណជន មកសិក្សាស្រាវជ្រាវនូវសំណុំឯកសារសធារណៈនៃករណី០០១ជា Soft Copies តាមរយៈឧបករណ៍អេឡិចត្រូនិក មាន Computers និង Tablets។ ដោយប្រើប្រាស់ប្រព័ន្ធកម្មវិធី VT។ កម្មវិធី VT នេះជាកម្មវិធីតែមួយនៅកម្ពុជា និងក្នុងចំណោមកម្មវិធីទំនើបបំផុតក្នុងពិភពលោក។ ក្រៅពីនេះភ្ញៀវអាចរកឯកសារតាមរយៈបញ្ជីសំណុំរឿង និងបញ្ជីសៀវភៅផ្សេងៗទៀត ដែលមានក្នុងបន្ទប់បណ្ណាល័យ។

លោកស្រី ជា សាវ៉ុន បានបន្ថែមថា ពីថ្ងៃនេះទៅ យើងត្រៀមខ្លួនចាំទទួល និងផ្តល់សេវាកម្មដល់អ្នកស្រាវជ្រាវ ព្រមទាំងដើមបណ្តឹងរដ្ឋប្បវេណី និងសហការជាមួយ អ.វ.ត.ក ព្រមទាំងអង្គការ និងស្ថាប័នដៃគូពាក់ព័ន្ធនានា សម្រាប់ជាប្រភពរួមរក្សាទុកដល់អ្នកជំនាន់ក្រោយៗ បានសិក្សាស្រាវជ្រាវ និងយល់ដឹងពីការងារប្រវត្តិសាស្រ្តរបស់ អ.វ.ត.ក. ក្នុងការខិតខំប្រឹងប្រែងស្វែងរកយុត្តិធម៌ ដល់ប្រជាជនរងគ្រោះក្នុងអំឡុងឆ្នាំ១៩៧៥ ដល់១៩៧៩។

ក្នុងពិធីនោះ ឯកឧត្តម ប៊ិន ឈិន ក៏បានរំលឹកផងដែរពីសមិទ្ធផល ដែលសម្តេចវិបុលបញ្ញា សុខ អាន បានបន្សល់ទុកដូចជា ដំណើរការនៃការចរចាជាមួយអង្គការសហប្រជាជាតិ ដើម្បីបង្កើតសាលាក្តីខ្មែរក្រហម ក្រោមការដឹកនាំដ៏ឈ្លាសវៃ សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាការរួមចំណែកយ៉ាងសំខាន់ដល់ការបង្កើតមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់នេះ ដែលជាអត្ថប្រយោជន៍ដល់ការស្រាវជ្រាវ និងជាពុទ្ធិរបស់អ្នកសា្រវជ្រាវ និងយុវជនជំនន់ក្រោយជាក់ជាមិនខាន។ ឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមជួយសហការ គាំទ្រក្នុងការថែរក្សាសមិទ្ធផលទាំងនេះ ឱ្យបានគង់វង្សយូរអង្វែង៕



 

ចែករំលែក