សម្រង់​ប្រសាសន៍ សម្តេច​តេជោ ហ៊ុន សែន ក្នុង​ពិធី​ពិសារ​អាហារ​ស្រាយ​បួស វិហារ​ច្រាំង​ចំរេះ

90

CNV:

សាងសង់អគារសម្រាប់គណៈចាងហ្វាង

… អម្បាញ់មិញ ខ្ញុំពិគ្រោះជាមួយគណៈចាងហ្វាង ពិគ្រោះជាមួយឯកឧត្តម អូស្មាន់ ហាសាន់ ចាងហ្វាងចៅអធិការនៅនេះ ហាកឹម … ខ្ញុំគិតថាយើងគួរតែមានទីកន្លែងគណៈចាងហ្វាងឲ្យបានច្បាស់លាស់ ហើយឲ្យបានល្អ ដើម្បីការលើកមុខមាត់នៃបងប្អូនសាសនិកឥស្លាមផងដែរ។ គណៈចាងហ្វាង គឺបើនិយាយពីតួនាទីមិនខុសពីសម្តេចសង្ឃរាជខាងព្រះពុទ្ធសាសនាទេ  ដូច្នេះយើងគួរតែមានកន្លែងមួយដែរ។ អញ្ចឹងនៅពេលដែលយើង​កសាងអគារសិក្សា ៤ ជាន់ ២៤ បន្ទប់នៅខាងនេះ ប្រើដីនៅសល់ខាងនេះ អគារចាស់នោះយើងនឹងវៃវាចោល ហើយពេលដែលវៃវាចោលហើយ យើងនឹងធ្វើអគារសម្រាប់គណៈចាងហ្វាង។ ធ្វើនេះមិនមែនសម្រាប់ តែ​ត្រឹមឧកញ៉ា សុខ នី ទេ ក៏ប៉ុន្តែសម្រាប់តជំនាន់ទៅថ្ងៃក្រោយ ថាមានទីតាំងមួយសម្រាប់គណៈចាងហ្វាងធ្វើការ …

ខ្ញុំស្នើសុំអញ្ចេះ ប្រមូលបងប្អូនបញ្ញវន្ត័ និងនិស្សិតឥស្លាមទាំងអស់នាំគ្នាគូរប្លង់ ដើម្បីធានាថា ប្លង់នេះគឺត្រូវបានគូរដោយបញ្ញវ័ន្ត និងនិស្សិតរបស់ឥស្លាមកម្ពុជា ដែលទទួលបាននូវការបណ្តុះបណ្តាល ទទួលបាននូវផលប្រ​យោជន៍​ពីសុខសន្តិភាពដែលគណបក្សប្រជាជនផ្តល់ជូនបងប្អូន។ តាម(ការអោយដឹងពី)ឯកឧត្តម ហ្សាការីយ៉ា អាដាម ថា កំពស់ប្រហែល ៤ ជាន់ដូចគ្នា។ ឥឡូវ ប៉ុន្មានជាន់ខ្ញុំអត់ដឹងទេ ចំណាយប៉ុន្មានខ្ញុំអត់ដឹងទេ ខ្ញុំដឹងថា គូរប្លង់ឲ្យហើយស្រេច … ជាងរបស់ខ្ញុំនឹងចូលមកធ្វើ វាមានបន្ទប់ទឹក មានស្អីៗសព្វមុខ បន្ទប់ប្រជុំអីណាគ្រប់សព្វ ជួនកាលយើងប្រមូលផ្តុំមេដឹកនាំតាមខេត្តមក … ថាមានប៉ុន្មានបន្ទប់អីប៉ុន្មានបន្ទប់ រចនាបទអីយ៉ាងម៉េច អីយ៉ាងម៉េច គឺទុកឲ្យបងប្អូនអ្នកគូរប្លង់ខ្លួនឯង។ ឯអ្នកសាងសង់ គឺជាងរបស់ខ្ញុំចូលសាងសង់ គោរពទៅតាមរចនាបទដែលបងប្អូនចង់បាន តាមរបៀបខាងសាសនាឥស្លាម។

ប៉ុន្តែខាងផ្នែកសាលា គឺអាហ្នឹងអត់អីទេ ប្លង់តែមួយ ៦x៤ គឺ ២៤។ ដូច្នេះនៅតំបន់នេះគឺថា យើងមានអគារព្រះវិហារកន្លែងនេះ យើងមានកន្លែងសិក្សានៅកន្លែងនេះ ហើយខាងនោះគណៈចាងហ្វាងធ្វើការនៅកន្លែង​ហ្នឹង។ កុំភ្លេចថា អាគារនេះជាទីកន្លែងដែលខ្ញុំបានមកសម្ពោធមុនគេពីឆ្នាំ ១៩៩៧។ មិនមែនជាលើកដំបូងទេ ប៉ុន្តែដោយឡែកទីក្រុងភ្នំពេញនេះ កន្លែងនេះមានព្រះវិហារធំណាស់ គឺសម្ពោធមុនគេ។

… អរគុណដែលបានផ្តល់ឲ្យខ្ញុំនូវការអញ្ជើញឲ្យខ្ញុំទទួលទានអាហារ(ស្រាយ)ល្ងាចនេះ ហើយសម្រាប់ផ្នែកជំនួយទៅលើព្រះវិហារ ការចាត់ចែងនានា ខ្ញុំសូមផ្តល់ជូន ៥០ លានរៀល … ជូន ហាកឹម តែម្តង ដើម្បីចាត់ចែងអី​ថ្ងៃក្រោយបន្តទៅទៀត។ បើថាថ្ងៃហ្នឹងមានអ្នកគេចេញម្ហូបហើយ ក៏ចេញទៅ។ ថ្ងៃក្រោយ មានតម្រូវការអីផ្សេងទៀត យើងមានទុនមួយក្នុងដៃ។ (រីករាយណាស់បាន)ឆ្លៀតមក (ហើយជូន)បានសាលា ៤ ជាន់នឹងគេនឹងឯង ថែមទាំងទីតាំងលោកតា … អរគុណណាស់ ខ្ញុំសូមតែប៉ុណ្ណឹងទេ ហើយព្រះអាឡោះជួយយើងទាំងអស់គ្នាឲ្យទទួលបាននូវសេចក្តីសុខគ្រប់ៗគ្នា សូមអរគុណ។

ចែករំលែក