សុន្ទរកថា, ពិធីបើកវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីឤស៊ាន ជាផ្លូវការ ក្រោមប្រធានបទ៖ «យុវជន បច្ចេកវិទ្យា និងកំណើន ការធានាឱ្យបាននូវផលលាភបច្ចេកវិទ្យាឌីជីថល និងផលលាភប្រជាសាស្ត្ររបស់ឤស៊ាន»

143

  • ឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលរដ្ឋមន្ត្រី និងគណៈប្រតិភូ
  • ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវជាតិនិងអន្តរជាតិ
  • ប្រិយមិត្តទាំងអស់ជាទីមេត្រី !

កម្ពុជាពិតជាមានកិត្តិយសខ្ពស់បំផុត ដោយបានធ្វើជាម្ចាស់ផ្ទះ នៃវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីឤស៊ាន ក្រោមប្រធានបទ « យុវជន បច្ចេកវិទ្យា និងកំណើន ការធានាឱ្យបាននូវផលលាភបច្ចេកវិទ្យាឌីជីថល និងផលលាភប្រជាសាស្រ្តរបស់​ឤស៊ាន » នាពេលនេះ។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល រដ្ឋមន្ត្រី និងគណៈប្រតិភូ ព្រមទាំងភ្ញៀវកិត្តិយសទាំងអស់ ដែលបានអញ្ជើញមកដល់ដែនដីចំណាស់មួយនេះនៃតំបន់ឤស៊ាន។

ជាការពិតណាស់ ព្រឹត្តិការណ៍នេះបានកើតឡើងស្របពេលនឹងការប្រារព្ធខួប ៥០ ឆ្នាំ នៃការបង្កើតឤស៊ាន ដែលនឹងផ្តល់ជាវេទិកាសម្រាប់អ្នកពាក់ព័ន្ធទាំងអស់ ទាំងអ្នកនៅក្នុងប្រទេស អ្នកមកពីក្នុងតំបន់ និងអ្នកមកពីក្រៅតំបន់ ដើម្បី​ពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ អំពីនិន្នាការដែលកំពុងកើតឡើងជុំវិញប្រធានបទធំៗបីសំខាន់ គឺការប្រែប្រួលថ្មីនៃបរិការណ៍សកលលោក ការតភ្ជាប់សេដ្ឋកិច្ចឤស៊ាន និងផលលាភយុវជននៃតំបន់ឤស៊ាន។ ប្រធានបទទាំងនេះ គឺជាកត្តាកំណត់ដំណើរការអភិវឌ្ឍរបស់ឤស៊ានក្នុងពេលអនាគត។ ខ្ញុំមានសេចក្តីរីករាយ ដោយបានសង្កេតឃើញថា វេទិកាពេលនេះទទួលបានការចូលរួមពីសំណាក់អ្នករៀបចំគោលនយោបាយ នាយកប្រតិបត្តិក្រុមហ៊ុនធំៗ ធុរជន និងយុវជនគ្រប់ស្រទាប់យ៉ាងកុះករ មកពីក្នុង និងក្រៅតំបន់ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ចំពោះឤស៊ាន និយាយជារួម និងនិយាយដោយឡែកចំពោះកម្ពុជា ។ លើមូលដ្ឋាននេះ ខ្ញុំមានជំនឿថា ការពិភាក្សាយើងពិតជាមានលក្ខណៈផុលផុស និងប្រកបដោយភាពប្រាកដនិយម ហើយនឹងផ្តល់ជម្រើសនៃគោលនយោបាយ ក៏ដូចជាវិធានការ និងគម្រោងជាក់ស្តែងនានាដែលឤចអនុវត្តបានសម្រាប់ផលប្រយោជន៍រយៈពេលវែងរបស់ឤស៊ានផងដែរ ។

  • ឯកឧត្តម លោកជំទាវ លោក លោកស្រី!

ក្នុងរយៈពេល ៥ ទសវត្សរ៍កន្លងមកនេះ តំបន់ឤស៊ីអាគ្នេយ៍ បានធ្វើដំណើរឆ្លងកាត់ដំណាក់កាលដ៏ស្មុគស្មាញជាច្រើន ពីតំបន់មួយដែលត្រូវបានបែងចែកជាពីរប្លុក ពីរផ្សេងគ្នា រួមរឹតដោយជម្លោះ ទុក្ខ​លំបាកវេទនា និងភាពក្រីក្រ មកជាតំបន់មួយដែលមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ រួបរួមគ្នាជាសហគមន៍តែមួយ នៅក្រោមចក្ខុវិស័យតែមួយ គឺ «សហគមន៍ឤស៊ាន» ដែលចារឹកទៅដោយកំណើនសេដ្ឋកិច្ចខ្ពស់ និងការផ្លាស់ប្តូររចនាសម្ព័ន្ធស៊ីជម្រៅ។ លើសពីនេះ ឤស៊ានបានឆ្លើយតបជាវិជ្ជមាន​ចំពោះការដោះស្រាយបញ្ហាប្រឈមនានា ទាំងកម្រិតតំបន់ និងសកលលោក ជាពិសេសបានចូលរួមធានា​នូវសន្តិភាព សន្តិសុខ សុវត្ថិភាព និងស្ថិរភាព ជូនដល់ប្រជាជាតិនៅក្នុងតំបន់ឤស៊ី និងលើពិភពលោកទាំងមូលផងដែរ។ ទាំងអស់នេះ គឺជាសមាសធាតុផ្សំទាំងឡាយ ដែលបានជួយប្រែក្លាយឤស៊ានឱ្យទៅជាដៃគូយុទ្ធសាស្ត្រមិនឤចខ្វះបាន សម្រាប់តំបន់ផ្សេងៗ ក៏ដូចជាសម្រាប់ប្រទេស ព្រមទាំងអង្គការតំបន់ និងអង្គការអន្តរជាតិនានានៅលើពិភពលោក។

ជាការពិត និន្នាការនៃការផ្លាស់ប្តូរថ្មីនៅក្នុងបរិការណ៍ពិភពលោក ទាំងក្នុងទិដ្ឋភាពភូមិសាស្ត្រនយោបាយ ទាំងក្នុងទិដ្ឋភាពភូមិសាស្ត្រសេដ្ឋកិច្ច និងទាំងក្នុងទិដ្ឋភាពចរន្តនយោបាយ-សង្គម រួមមានការកើនឡើងនូវចរន្តប្រឆាំងសកលភាវូបនីយកម្ម និងនិន្នាការការពារនិយម គោលនយោបាយជាតិនិយម និងប្រជាភិថុតនិយម ការឡើងកម្តៅនៃវិវាទនៅតាមតំបន់មួយចំនួន ព្រមទាំងការបន្តថមថយនៃសេដ្ឋកិច្ចពិភពលោក បានបង្កើតឡើងនូវបញ្ហាប្រឈមថ្មីៗជាច្រើន សម្រាប់ដំណើការអភិវឌ្ឍរបស់យើង ទាំងក្នុងកម្រិតតំបន់ និងក្នុងកម្រិតប្រទេសនីមួយៗ។ យ៉ាងណាក៏ដោយ ប្រសិនបើប្រៀបធៀបនឹងតំបន់ផ្សេងទៀត ឤស៊ាននៅតែឤចរក្សាបានយ៉ាងរឹងមាំនូវសន្តិភាព និងសន្តិសុខ ជាមួយកិច្ចសហប្រតិបត្តិ​ការល្អប្រសើរ។ ខណៈដែលសមាហរណកម្មនៅតំបន់មួយចំនួនលើពិភពលោក កំពុងតែជួបប្រឈមនឹងដំណើរត្រឡប់ក្រោយ ឤស៊ានមានការប្តេជ្ញាចិត្តកាន់តែរឹងមាំក្នុងការបន្តដំណើរទៅមុខលើមាគ៌ាសមាហរណកម្មកាន់តែស៊ីជម្រៅ តាមរយៈការកសាងសហគមន៍អាស៊ានផ្អែកលើសសរស្តម្ភទាំងបី គឺសហគមន៍នយោបាយ-សន្តិសុខ សហគមន៍សេដ្ឋកិច្ច និងសហគមន៍សង្គម-វប្បធម៌ និងតាមរយៈការពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយនឹងគ្រប់ដៃគូសំខាន់ៗរបស់ខ្លួន​។ ពិតមែនតែឤស៊ាន គឺជាសមាគមតំបន់មួយដែលមានប្រទេស ១០ ចូលរួម ហើយប្រទេសនីមួយៗមានលក្ខណៈខុសៗគ្នា ប៉ុន្តែ បទពិសោធន៍នៃការខិតខំកសាងសហគមន៍ក្នុងរយៈពេលកន្លងមក ដោយផ្អែកលើគោលការណ៍គោរពគ្នាទៅវិញទៅមក ការមិនលូកដៃចូលកិច្ចការផ្ទៃក្នុង ការសម្រេចចិត្តដោយកុងសង់ស៊ុស និងការផ្តល់ភាពទន់ភ្លន់ ដើម្បីទាំងអស់គ្នាឤចចូលរួមបានក្នុងគ្រប់កិច្ចដំណើររបស់ឤស៊ាន ដែលត្រូវបានគេនិយមហៅថាជា «ផ្លូវឤស៊ាន» នោះបានបង្ហាញឱ្យយើងឃើញច្បាស់អំពីភាពខ្លាំង និងមូលដ្ឋានគ្រឹះនៃភាពរឹងមាំរយៈពេលយូរអង្វែងរបស់ឤស៊ាន។ លើមូលដ្ឋាននេះ យើងទាំងអស់គ្នានឹងបន្តធ្វើសកម្មភាពរួមគ្នាទៅមុខឥតងាករេឆ្ពោះទៅរកគោលដៅតែមួយនៃការកសាងសហគមន៍ឤស៊ាន ដែលមានអត្តសញ្ញាណរួមតែមួយ គឺ «ឯកភាពឤស៊ាននៅក្នុងរូបសណ្ឋានចម្រុះ»

  • ឯកឧត្តម លោកជំទាវ លោក លោកស្រី!

បច្ចុប្បន្ន ឤស៊ាន គឺជាសេដ្ឋកិច្ចលំដាប់ទី ៣ នៅទ្វីបឤស៊ី និងទី ៧ នៅលើសកលលោក ជាមួយនឹងផលិត​ផលក្នុងស្រុកសរុបប្រមាណ ២,៦ ទ្រីលានដុល្លារឤមេរិក នៅឆ្នាំ ២០១៦។ ឤស៊ានបានក្លាយជាគោលដៅវិនិយោគដែលមានកំណើនដ៏ឆាប់រហ័សនៅលើពិភពលោក ​ពោលគឺទទួលបាននូវលំហូរទុនវិនិយោគផ្ទាល់ពីបរ​ទេសប្រមាណ ១១% នៃលំហូរទុនវិនិយោគផ្ទាល់ពីបរទេសសរុបរបស់ពិភពលោកនៅឆ្នាំ ២០១៦ បើប្រៀបធៀបនឹងឆ្នាំ ២០០៧ ដែលមានត្រឹមតែប្រមាណ ៥% ប៉ុណ្ណោះ។ លើសពីនេះ ឤស៊ានក៏បានក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយរបស់ពិភពលោកផងដែរ ទាំងទេសចរណ៍វប្បធម៌ ទាំងទេសចរណ៍ធម្មជាតិ ដែលមានសុវត្ថិភាពល្អ និងបដិសណ្ឋារកិច្ច ប្រកបដោយស្តង់ដារខ្ពស់។

ដោយសម្លឹងឆ្ពោះទៅមុខ ឤស៊ានបានដាក់ចេញនូវចក្ខុវិស័យប្រកបដោយមហិច្ឆតា ក្នុងការកសាងសហគមន៍សេដ្ឋកិច្ចឤស៊ានឆ្នាំ ២០២៥ ដែលជាសេដ្ឋកិច្ចមានសមាហរណកម្ម និងសិនិទ្ធពលខ្ពស់ ៩ ហើយចរិតដោយលក្ខណៈ​សម្បត្តិ​ចម្បងៗ ៤ យ៉ាង រួមមាន៖ ទី ១ ជាទីផ្សារ និងមូលដ្ឋានផលិតកម្មរួមតែមួយ ទី ២ ជាតំបន់ប្រកប​ដោយភាព​ប្រកួតប្រជែងសេដ្ឋកិច្ចខ្ពស់ ទី ៣ ជាតំបន់ដែលមានការអភិវឌ្ឍប្រកបដោយសមធម៌ និងទី ៤ ជាតំបន់ដែលត្រូវបានធ្វើ​សមាហរណកម្ម​ពេញលេញចូលទៅក្នុង​សេដ្ឋកិច្ច​សកល។

ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ ខ្ញុំយល់ថា ឤស៊ានចាំបាច់ត្រូវបន្តផ្តោតការយកចិត្តទុកដាក់របស់ខ្លួនទៅលើរបៀបវារៈសំខាន់ៗមួយចំនួន ដូច​ខាងក្រោម៖

ទី១ ការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីធានាឱ្យបាន​នូវ​សន្តិភាព សន្តិសុខ សុវត្ថិភាព និងស្ថិរភាពយ៉ាងពេញលេញ តាមរយៈការជំរុញលើកកម្ពស់កិច្ចសន្ទនា​ជិតស្និទ្ធ ការកសាងទំនុកចិត្ត ព្រមទាំងការដោះស្រាយបញ្ហាតំបន់ដោយសន្តិវិធី និងដោយឈរលើ​គោលការណ៍នៃច្បាប់អន្តរជាតិ។

ទី២ ការបន្តធានាកំណើនសេដ្ឋកិច្ចដ៏រឹងមាំ មានតុល្យភាព ចិរភាព និងបរិយាប័ន្ន ដោយផ្តោតការយកចិត្តទុក​ដាក់ជាពិសេស លើការកាត់បន្ថយគម្លាតអភិវឌ្ឍន៍។

ទី៣ ការបន្តជំរុញអនុវត្តឱ្យបានសម្រេចតាមការគ្រោងទុកនូវ «ផែនការមេស្តីពីការតភ្ជាប់ឤស៊ាន ឆ្នាំ ២០២៥» ក្នុងគ្រប់ទិដ្ឋភាព ទាំងការតភ្ជាប់ជារូបវន្ត្ត ការតភ្ជាប់ស្ថាប័ន និងការតភ្ជាប់រវាង​មនុស្ស សំដៅលើកកម្ពស់សមត្ថភាពប្រកួតប្រជែង ភាពរីកចម្រើន បរិយាប័ន្ន និងភាពធន់​នៃសេដ្ឋកិច្ចរបស់តំបន់ទាំងមូល។

ទី៤ ការបន្តជំរុញលើកកម្ពស់តួនាទីស្នូលរបស់ឤស៊ាននៅក្នុងកិច្ចសហប្រតិបត្តិការតំបន់ និងការពង្រឹងសមត្ថភាពរបស់ឤស៊ានក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមនានា ទាំងក្នុងកម្រិតតំបន់ ទាំងក្នុងកម្រិតសកល។ ក្នុងនេះ កិច្ចការជាអាទិភាពចំពោះមុខដ៏សំខាន់មួយរបស់ឤស៊ាន គឺការខិតខំជំរុញឱ្យសម្រេចបានឆាប់រហ័សនូវ «កិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនៃតំបន់» ដែលមានប្រទេសចូលរួមចំនួន ១៦ ហើយមានឤស៊ានជាឆ្អឹងខ្នង មានទីផ្សារប្រមាណ ៣,៤ ទ្រីលាននាក់ ជាមួយនឹងទំហំសេដ្ឋកិច្ចសរុប ២២,៤ ទ្រីលានដុល្លារ ឬប្រហែលនឹង ៣០% នៃទំហំសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ ២០១៥។

ជាមួយគ្នានេះ យើងក៏ត្រូវតែធានាឱ្យបានថា ចក្ខុវិស័យ និងរបៀបវារៈកំណើនដែលត្រូវបានដាក់ចេញមកនេះពិតជាឤចឆ្លើយតបបានប្រកបដោយប្រសិទ្ធភាពទៅនឹងបរិការណ៍ថ្មី នៃការវិវត្តដ៏ឆាប់រហ័សរបស់ពិភពលោក ពិសេសគឺចរន្តដ៏ខ្លាំងក្លា នៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី ៤ ដែលឤចបង្កើតឡើងនូវជវភាព កំណើនថ្មីមួយចារឹកដោយភាពបត់បែនឆាប់រហ័ស ពឹងផ្អែកលើបច្ចេកវិទ្យាព័ត៌មាន និងទីផ្សារ តែទន្ទឹមនេះក៏ឤចបង្កផលវិបាក និងបញ្ហាប្រឈមជាច្រើនដល់សង្គមជាតិ រួមទាំងផ្នែកនយោបាយ និងសន្តិសុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ ទាំងក្នុងកម្រិតជាតិ និងកម្រិតតំបន់។

គ្មានការសង្ស័យទេថា បដិវត្តន៍បច្ចេកវិទ្យានៅក្នុងដំណាក់កាលថ្មីនេះ និងកំណត់នូវការរីកចម្រើននៃវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ទីផ្សារការងារ និងការអប់រំ រួមទាំងប្រព័ន្ធអភិបាលកិច្ច និងសន្តិសុខសង្គមផងដែរ ដែលតម្រូវឱ្យឤស៊ានចាំបាច់ត្រូវគិតគូរពីក្របខណ្ឌគោលនយោបាយសមស្រប ដើម្បីគាំទ្រដំណើរការប្រែប្រួលរចនាសម្ព័ន្ធដែលជំរុញដោយបដិវត្តន៍នេះ។ ក្នុងន័យនេះ ឤស៊ានត្រូវមានរបៀបវារៈសមាហរណកម្មមួយដែលសម្រប តាមនិន្នាការប្រែប្រួលនេះ ដើម្បីចាប់យកឱកាស និងប្រឈមដោះស្រាយផលវិបាកដែលឤចកើតមានជាយថាហេតុ ដោយផ្តោតអាទិភាព ជាពិសេសលើការលើកកម្ពស់គុណភាពនៃការអប់រំ ការបណ្តុះបណ្តាល​ជំនាញ ការដោះស្រាយបញ្ហាការងារ ការរៀបចំប្រព័ន្ធគាំពារសង្គមប្រកបដោយប្រសិទ្ធភាព ព្រមទាំងការដោះស្រាយបញ្ហាវិសមភាពសង្គម និងបញ្ហាសន្តិសុខប្រព័ន្ធអ៊ិនធឺណិតជាដើម។

ក្នុងនាមជាសមាជិកមួយប្រកបដោយស្មារតីទទួលខុសត្រូវនៅក្នុងតំបន់ កម្ពុជាត្រៀម​ខ្លួន​ជាស្រេច ដើម្បីរួមចំណែកជាមួយដៃគូពាក់ព័ន្ធទាំងអស់ ក្នុងការធ្វើកិច្ចការចាំបាច់នានា សំដៅឈានទៅសម្រេចឱ្យបាននូវ «ចក្ខុវិស័យឤស៊ាន ២០២៥ ឆ្ពោះទៅមុខទាំងអស់គ្នា» ដើម្បីសន្តិភាព សន្តិសុខ ស្ថិរភាព និង​វិបុលភាពយូរអង្វែងសម្រាប់ប្រជាជាតិទាំងអស់នៅក្នុងតំបន់។

  • ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!

កម្ពុជាជាសេដ្ឋកិច្ចតូចដែលបើកចំហ។ នេះគឺជាមូលហេតុចម្បងដែលនាំឱ្យយើងផ្តល់សារៈសំខាន់ខ្ពស់ទៅលើការធ្វើសមាហរណកម្ម និងការតភ្ជាប់ក្នុងតំបន់។ ជាលទ្ធផល កម្ពុជាត្រូវបានចាត់ទុកថា ជាសេដ្ឋកិច្ចមួយក្នុងចំណោម​សេដ្ឋកិច្ចដែលលូតលាស់ថ្មី ហើយក៏ត្រូវបានចាត់ទុកជាប្រទេសរងគ្រោះដោយសង្គ្រាម ដែលមានភាពជោគជ័យជាងគេ ដោយផ្អែកលើអត្រា​កំណើនសេដ្ឋកិច្ចរឹងមាំជាមធ្យម ៧,៦% ប្រចាំឆ្នាំក្នុងចន្លោះពីឆ្នាំ ១៩៩៤ ដល់ ២០១៦ ហើយរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច មានអត្រាអតិផរណា​ដែលឤច​គ្រប់គ្រងបាន មានការគ្រប់គ្រងបំណុល សាធារណៈល្អប្រសើរ សម្រេចបាននូវការកាត់បន្ថយភាពក្រីក្រឆាប់រហ័ស ព្រមទាំងទទួលបាននូវកំណើននៃផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗ ៤,៥ ដង ពី ២៨៨ ដុល្លារ នៅឆ្នាំ ២០០០ មកដល់ ១៣០២ ដុល្លារ នៅឆ្នាំ ២០១៦។ ជាការពិត ពាណិជ្ជកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរីកលូតលាស់នៃសេដ្ឋកិច្ចកម្ពុជាក្នុងពេលកន្លងមក។ ការចូលរួមក្នុង​សហគមន៍សេដ្ឋកិច្ចឤស៊ាន និងអង្គការពាណិជ្ជកម្មពិភពលោកបានជួយជំរុញការតភ្ជាប់កម្ពុជានៅនឹងខ្សែចង្វាក់តម្លៃ និងខ្សែចង្វាក់ផលិតកម្ម នៅក្នុងតំបន់ និងពិភពលោក។ សម្រាប់រយៈពេលមធ្យមខាងមុខ កំណើនសេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានព្យាករថា ​នឹងបន្តភាព​រឹងមាំរបស់ខ្លួន នៅក្នុងរង្វង់ ៧,០% ក្នុងមួយឆ្នាំ។ ក្នុងគោលដៅធានាសម្រេចឱ្យបាននូវទស្សនវិស័យរយៈពេលវែងរបស់ខ្លួន ពោលគឺការឈានឡើងទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ កម្ពុជានឹងបន្តជំរុញអនុវត្តដោយឥតងាករេ និងរឹតតែសកម្មឡើង ថែមទៀតនូវគោលនយោបាយសេដ្ឋកិច្ចបើកចំហ តាមរយៈការបង្កើនកិច្ចខិតខំប្រឹងប្រែងតភ្ជាប់ក្នុងគ្រប់រូបភាព និងសមាហរណកម្មខ្លួនកាន់តែស៊ីជម្រៅជាមួយសេដ្ឋកិច្ចតំបន់ និងសកលលោក ព្រមទាំងការបង្កើនល្បឿននៃការកែទម្រង់រចនាសម្ព័ន្ធ ក៏ដូចជា ការកសាងសមត្ថភាពស្ថាប័ន និងធនធានមនុស្ស។

ក្នុងដំណើរអភិវឌ្ឍទៅមុខ កម្ពុជាកំពុងសម្លឹងមើលនិន្នាការ នៃការរីកចម្រើនផ្នែកបច្ចេកវិទ្យា។ ដូចប្រទេសដទៃទៀតនៅ ក្នុងតំបន់ដែរ កម្ពុជាកំពុងទទួល និងស្រូបយកយ៉ាងឆាប​រ់ហ័ស នូវបច្ចេកវិទ្យាទំនើប ជាពិសេសក្នុងវិស័យឧស្សាហកម្មថ្មីៗ និងក្នុងចំណោមយុវជន។ នៅត្រឹមឆ្នាំ ២០១៦ ចំនួនអ្នកប្រើប្រាស់ទូរស័ព្ទលើចំនួនប្រជាជនសរុបមានជាង ១២៥% ទន្ទឹមនឹងអ្នកប្រើប្រាស​អ៊ី់នធឺណិតមានជាង ៤៧% ដែលធៀបទៅនឹងឆ្នាំ ២០០៨ អ្នកប្រើប្រាស់ទូរស័ព្ទមានតែ ២៥% និងអ្នកប្រើប្រាស់អ៊ីនធឺណិតមានតែ ០.១៣% ប៉ុណ្ណោះ។ សក​រាជថ្មីនៃបច្ចេកវិទ្យានេះ គឺជាឱកាសមាសសម្រាប់យុវជនកម្ពុជាក្នុងការជំរុញការអភិវឌ្ឍ ឱ្យមានសន្ទុះទៅមុខកាន់តែលឿនថែមទៀត។ ដោយសារហេតុនេះ រាជរដ្ឋាភិបាល​កម្ពុជាបាននិងកំពុងផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍយុវជន និងបច្ចេកវិទ្យា ពិសេសតាមរយៈគោលនយោបាយកែទម្រង់ប្រព័ន្ធអប់រំ និងការបណ្តុះបណ្តាល ដោយផ្តោតជាពិសេសទៅលើការជំរុញអភិវឌ្ឍជំនាញក្នុងផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា គួបផ្សំនឹងការលើកកម្ពស់សហគ្រិនភាព និងការបំពាក់បំប៉នជំនាញទន់ផ្នែកបំណិនជីវិតផង។ លើសពីនេះ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា​ឆ្នាំ ២០១៥-២០២៥ ក៏បានតម្រង់កិច្ចខិតខំប្រឹងប្រែង និងបើកចំហរឱ្យមានការចូលរួមពីវិស័យឯកជន ក្នុងគោលដៅជ្រោមជ្រែងដល់ការអភិវឌ្ឍវិស័យបច្ចេកវិទ្យានៅកម្ពុជាថែមទៀតដែរ។ ក្នុងស្មារតីនេះ ខ្ញុំស្នើឱ្យធុរជនទាំងអស់ ពួតដៃជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមគ្នាកសាងបរិយាកាសល្អប្រសើរសម្រាប់រៀបចំ និងកសាងវិស័យប្រកបដោយសក្តានុពលនេះ។ កម្ពុជាមាន​សុទិដ្ឋិនិយម​​ និងយល់ថា «សតវត្សរ៍ឤស៊ី » នឹងអនុញ្ញាតឱ្យឤស៊ាននាំមុខ មិនគ្រាន់តែក្នុងផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឤចនាំមុខនៅក្នុងវិស័យបច្ចេកវិទ្យាផងដែរ។

នៅចុងបញ្ចប់ ខ្ញុំសូមជូនពរវេទិកានេះឱ្យទទួលបានជោគជ័យល្អប្រសើរតាមការរំពឹងទុក និងសូមជូនពរឯកឧត្តម លោកជំទាវ លោក ​លោកស្រីទាំងអស់គ្នាទទួលបាននូវការស្នាក់នៅប្រកបដោយផាសុខភាព និងអនុស្សាវរីយ៍ល្អៗក្នុងដំណើរមកកម្ពុជាលើកនេះ។

ខ្ញុំសូមប្រកាសបើកវេទិកា​សេដ្ឋកិច្ច​​ពិភពលោកសម្រាប់ ឤស៊ានឆ្នាំ ២០១៧ ជាផ្លូវការចាប់ពីពេលនេះតទៅ !

សូមអរគុណ !