សេចក្ដីប្រកាសព័ត៌មាន​រួមរវាងព្រះរាជាណាចក្រ​កម្ពុជា និងសាធារណ​រដ្ឋប្រជា​មានិតចិន

១. តបតាមការអញ្ជើញរបស់ឯកឧត្ដម លី ខឺឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិនពីថ្ងៃទី១៣ ដល់ ១៧ ឧសភា ២០១៧។ ក្នុងឱកាសទស្សនកិច្ចនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានជួបជាមួយឯកឧត្ដម ស៊ី ជីនពីង ប្រធានាធិបតី និងបានជួបពិភាក្សាជាមួយឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានជួបឯកឧត្តម ចាង តឺជាំង ប្រធានសភាតំណាងប្រជាជនចិន និងឯកឧត្តម យូ ជឹងស៊ឹង ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន។

២. ភាគីកម្ពុជា សូមជូនពរដោយស្មោះស្ម័គ្រចំពោះភាគីចិន សូមសម្រេចបានសមិទ្ធផលធំធេងក្នុងការខិតខំប្រឹងប្រែងអភិវឌ្ឍជាតិ ព្រមទាំងការបើក និងបិទបញ្ចប់ដោយជោគជ័យនូវសមាជជាតិលើកទី១៩ របស់បក្សកុម្មុយនីស្តចិន។ ភាគីចិនបានបញ្ជាក់ជាថ្មីពីការគាំទ្ររបស់ខ្លួនចំពោះការជ្រើសរើសមាគ៌ាអភិវឌ្ឍរបស់កម្ពុជា ដែលសមស្របទៅនឹងល័ក្ខខ័ណ្ឌរបស់ជាតិខ្លួន ហើយសូមជូនពរចំពោះប្រជាជនកម្ពុជាបន្ដសម្រេចបាននូវការរីកចម្រើនថ្មីៗ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

៣. ភាគីទាំងពីរបានឯកភាពគ្នាថា មិត្តភាពជាប្រពៃណីកម្ពុជា-ចិន គឺជាសម្បត្តិដ៏មានតម្លៃនៃប្រជា-ជនយើងទាំងពីរ ហើយចាំបាច់ត្រូវពង្រឹង និងលើកកម្ពស់បន្ថែមទៀត។ នៅក្នុងសករាជថ្មីនៃប្រវត្តិសាស្ត្រ ភាគីទាំងពីរត្រូវបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ទៅកម្រិតថ្មីមួយទៀត និងកាន់តែស៊ីជម្រៅ ដើម្បីនាំមកនូវផលប្រយោជន៍កាន់តែច្រើនសម្រាប់ប្រជាជននៃប្រទេសទាំងពីរ និងចូលរួមចំណែកកាន់តែខ្លាំងឡើងដល់ការអភិវឌ្ឍ និងវិបុលភាពក្នុងតំបន់។

៤. ភាគីទាំងពីរបានឯកភាពគ្នារក្សាការប្រាស្រ័យទាក់ទងកម្រិតខ្ពស់តាមរយៈមធ្យោបាយនានា និងរក្សាការទាក់ទងជាយុទ្ធសាស្ត្រឲ្យបានទាន់ពេលវេលាចំពោះទំនាក់ទំនងទ្វេភាគី និងបញ្ហាដែលសំខាន់ៗ។ ភាគីទាំងពីរបានឯកភាពគ្នាបង្កើនការផ្លាស់ប្ដូរទស្សនកិច្ចរវាងរដ្ឋាភិបាល សភា និងអាជ្ញាធរមូលដ្ឋាន ធ្វើការប្រាស្រ័យទាក់ទងពាក់ព័ន្ធនឹងបទពិសោធន៍អភិបាលកិច្ចឲ្យកាន់តែស៊ីជម្រៅ ព្រមទាំងលើកកម្ពស់កិច្ច-សហប្រតិបត្តិការទ្វេភាគីលើការអភិវឌ្ឍលើគ្រប់វិស័យទាំងអស់។ ភាគីទាំងពីរបានឯកភាពគ្នាប្រើប្រាស់ឲ្យបានល្អនូវគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលរវាងកម្ពុជា-ចិន ព្រមទាំងសម្របសម្រួល និងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្ដែងលើវិស័យទាំងអស់។
៥. ភាគីទាំងពីរបានឯកភាពគ្នាបន្តបង្កើនការផ្លាស់ប្ដូរ និងកិច្ចសហប្រតិបត្តិការលើកិច្ចការការបរទេស ការពារជាតិ ព្រមទាំងការអនុវត្តច្បាប់ និងសន្តិសុខ។ ភាគីទាំងពីរបានឯកភាពគ្នាអនុវត្តកិច្ចព្រមព្រៀងស្ដីពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងដំណាក់កាលថ្មីរវាងក្រសួងការបរទេសទាំងពីរ និងពង្រឹងការប្រាស្រ័យ ទាក់ទង និងការសម្របសម្រួលគ្រប់កម្រិត។ ភាគីទាំងពីរនឹងរក្សាការផ្លាស់ប្ដូរគ្រប់កម្រិតរវាងកងទ័ពនៃប្រទេសទាំងពីរ និងការសម្របសម្រួលគ្នាលើវិស័យសន្តិសុខពហុភាគី។ ភាគីទាំងពីរនឹងអនុវត្តឲ្យបាន ពេញលេញនូវយន្តការកិច្ចប្រជុំក្រុមការងារអនុវត្តច្បាប់ ដោយផ្ដោតទៅលើការពង្រឹងកិច្ចសហប្រតិបត្តិ-ការក្នុងវិស័យនានាដូចជា ការថែរក្សាសន្តិសុខក្នុងប្រទេស ការប្រឆាំងភេរវកម្ម ការប្រយុទ្ធប្រឆាំងការរត់ពន្ធ ការជួញដូរមនុស្ស បទល្មើសទារប្រាក់តាមប្រព័ន្ធទូរគមនាគមន៍ និងឧក្រិដ្ឋកម្មតាមអ៊ីនធើណេត រួមទាំងការតាមចាប់ឧក្រិដ្ឋជននៅឯក្រៅប្រទេសទៀតផង។

៦. ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ឯកភាពពន្លឿនការរួមបញ្ចូលយុទ្ធសាស្ត្រអភិវឌ្ឍន៍ អនុវត្តឲ្យបានពេញលេញនូវចំណុចគោលនៃផែនការកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីរួមគ្នាបង្កើតកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់សេដ្ឋកិច្ចផ្លូវសូត្រ និងកិច្ចសហប្រតិបត្តិការផ្លូវសូត្រសមុទ្រសតវត្សទី២១ ដែលបានចុះហត្ថលេខាក្នុងឱកាសទស្សនកិច្ចនេះ និងអនុវត្តគម្រោងអាទិភាពនៃកិច្ចសហប្រតិបត្តិការសមត្ថភាពផលិត និងវិនិយោគ។ ភាគីទាំងពីរនឹងបង្កើនវិសាលភាព និងកម្រិតនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដើម្បីឈានទៅសម្រេចទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបាន ៦ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ២០២០។ ភាគីចិនត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តផ្ដល់ជំនួយតាមសមត្ថភាពរបស់ខ្លួនដល់កម្ពុជា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា និងគាំទ្រដល់សហគ្រាសចិនដើម្បីជំរុញគម្រោងមួយចំនួនដូចជា គម្រោងផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ និងព្រលានយន្ដហោះថ្មីក្នុងខេត្តសៀមរាប ព្រមទាំងរួមគ្នាកសាងតំបន់ សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
៧. ភាគីទាំងពីរបានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបតិ្តការលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន កសិកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នាវាចរណ៍ និងទេសចរណ៍ ឲ្យកាន់តែស៊ីជម្រៅ។ ភាគីទាំងពីរនឹង អនុវត្តឲ្យបានពេញលេញនូវអនុស្សារណៈយោគយល់គ្នា ស្តីពីការពង្រឹងកិច្ចសហប្រតិបតិ្តការលើវិស័យ ហេដ្ឋារចនាសម្ព័ន្ធ និងអនុស្សារណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបតិ្តការលើការកសាងសមត្ថភាព ពាក់ព័ន្ធវិស័យដឹកជញ្ជូន ដែលបានចុះហត្ថលេខាក្នុងឱកាសទស្សនកិច្ចនេះ។ ភាគីចិននឹងផ្តល់ជំនួយដល់កម្ពុជា ក្នុងការប្រមូលផ្ដុំផែនការអភិវឌ្ឍន៍កសិកម្មទំនើប និងជំរុញកិច្ចសហប្រតិបតិ្តការក្នុងការកែច្នៃផលិតផលកសិកម្ម។ ភាគីទាំងពីរនឹងអនុវត្តឲ្យបានពេញលេញនូវឯកសារស្តីពីការបង្កើតស្ថានីយ៍សង្កេតកិច្ចការបរិស្ថានសមុទ្ររួម និងការអនុវត្តផែនការសម្រាប់អនុស្សារណៈយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិ- បត្តិការលើវិស័យទេសចរណ៍។
៨. ភាគីចិនបានបញ្ជាក់សារជាថ្មីនូវការគាំទ្រយ៉ាងម៉ឺងម៉ាត់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋា-
ភិបាលកម្ពុជា ក្នុងការការពារអធិបតេយ្យភាព ឯករាជ្យភាព និងរក្សាស្ថិរភាពនយោបាយរបស់ខ្លួន។ ភាគីកម្ពុជាបានបញ្ជាក់សារជាថ្មីនូវការបេ្តជ្ញាចិត្តរបស់ខ្លួនចំពោះគោលនយោបាយចិនតែមួយ ទទួលស្គាល់រដ្ឋា-ភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ជារដ្ឋាភិបាលចិនស្របច្បាប់តែមួយគត់ ហើយតៃវ៉ាន់ជាផ្នែកមួយដែលមិនអាចកាត់ផ្ដាច់ពីចិនបាន ប្រឆាំងចំពោះ«ការប្រកាសឯករាជ្យរបស់តៃវ៉ាន់» តាមគ្រប់រូបភាព ព្រមទាំងបន្តការគាំទ្រការអភិវឌ្ឍដោយសន្តិភាពនូវទំនាក់ទំនងចិន និងតៃវ៉ាន់ និងបុព្វហេតុដ៏ឧតុង្គឧត្តម ក្នុងការបង្រួបបង្រួមចិនដោយសន្តិភាព។ ភាគីចិនសូមវាយតម្លៃខ្ពស់ចំពោះការយោគយល់ និងគាំទ្ររបស់ភាគីកម្ពុជា។

៩. ភាគីទាំងពីរបានចាត់ទុកបញ្ហាសមុទ្រចិនខាងត្បូងមិនមែនជាបញ្ហារវាងចិន និងអាស៊ានទេ។ បញ្ហានេះគួរតែត្រូវបានដោះស្រាយតាមរយៈការពិគ្រោះយោបល់ និងការចរចាដោយរដ្ឋអធិបតេយ្យពាក់-ព័ន្ធផ្ទាល់។ ចិន និងអាស៊ាន គឺជាប្រទេសដែលមានសមត្ថភាពការពារសន្តិភាព និងស្ថិរភាពនៅសមុទ្រចិនខាងត្បូង តាមរយៈកិច្ចសហប្រតិបតិ្តការ ហើយពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រទេសនៅក្រៅតំបន់គួរដើរតួនាទីស្ថាបនា។ ចិនបានត្រៀមខ្លួនរួចជាស្រេចធ្វើការជាមួយកម្ពុជា និងបណ្តាប្រទេសអាស៊ានដទៃទៀត ដើម្បីអនុវត្តនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនៅសមុទ្រចិនខាងត្បូង (DOC) ឲ្យបានពេញលេញ និងមានប្រសិទ្ធភាព និងលើកកម្ពស់ការពិគ្រោះយោបល់ស្ដីពី «ក្រមប្រតិបតិ្តនៅសមុទ្រចិនខាងត្បូង» ដោយផ្អែកលើគោលការណ៍កុងសង់ស៊ីស ក្នុងគោលបំណងសម្រេចក្រមប្រតិបតិ្តនេះឲ្យបានឆាប់ ។

១០. ភាគីទាំងពីរបានឯកភាពគ្នាផ្លាស់ប្តូរមតិយោបល់លើបញ្ហាអន្តរជាតិ និងតំបន់ដែលជាការយកចិត្តទុកដាក់រួម និងបន្តលើកកម្ពស់ការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងវេទិកាពហុ-ភាគី ដូចជាអង្គការសហប្រជាជាតិ កិច្ចសហប្រតិបតិ្តការចិន-អាស៊ាន និងកិច្ចសហប្រតិបតិ្តការឡានឆាង-មេគង្គ។ កម្ពុជាអបអរសាទរចំពោះចិន ដែលបានរៀបចំវេទិកាខ្សែក្រវ៉ាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបតិ្តការ អន្តរជាតិបានជោគជ័យ។ ចិននឹងគាំទ្រកម្ពុជាយ៉ាងពេញទំហឹង ដើម្បីធ្វើជាប្រធានកិច្ចប្រជុំកិច្ចសហ-ប្រតិបតិ្តការឡានឆាង-មេគង្គ។

១១. ក្នុងឱកាសទស្សនកិច្ចនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបតិ្តការចំនួន ១៣ ក្នុងនោះរួមមាន៖ “ចំណុចគោលនៃផែនការកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីរួមគ្នាបង្កើតកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់សេដ្ឋកិច្ចផ្លូវសូត្រ និងកិច្ចសហប្រតិបត្តិការផ្លូវសូត្រសមុទ្រសតវត្សទី២១” “អនុស្សារណៈយោគយល់គ្នាស្ដីពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធ” “អនុស្សារ-ណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើការកសាងសមត្ថភាពពាក់ព័ន្ធវិស័យដឹកជញ្ជូន” “ការអនុ-វត្តផែនការសម្រាប់អនុស្សារណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ (២០១៧-២០២០)” និង “ពិធីសារស្ដីពីការបង្កើតស្ថានីយ៍សង្កេតកិច្ចការបរិស្ថានសមុទ្ររួម” ។ល។

១២. ភាគីទាំងពីរពេញចិត្តនឹងលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី នៅប្រទេសចិន និងមានទស្សនៈដូចគ្នាថា ដំណើរទស្សនកិច្ចនេះមានសារៈសំខាន់ណាស់សម្រាប់ការលើកកម្ពស់កិច្ចសហប្រតិបតិ្តការភាពជាដៃគូយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី សម្តែងនូវអំណរគុណដល់ភាគីចិន ចំពោះបដិសណ្ឋារកិច្ចយ៉ាងរួសរាយរាក់ទាក់ និងកក់ក្តៅ ក្នុងឱកាសទស្សនកិច្ចនេះ។

ទីក្រុងប៉េកាំង ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៧

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ