សម្ដេចតេជោ ហ៊ុន សែន អញ្ជើញ ធ្វើសន្និសីទ​កាសែត​ដល់អ្នក​សារព័ត៌មាន​ចិន

នៅល្ងាចថ្ងៃ១៦ ឧសភា ដដែលនេះ បន្ទាប់ពីបាន​អញ្ជើញជា​អធិបតីក្នុង វេទិកាជំរុញ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​ទេសចរណ៍ កម្ពុជា-ចិន រួចហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញ ធ្វើសន្និសីទកាសែតដល់អ្នកសារព័ត៌មានចិន នៅសណ្ឋាគារ China World ទីក្រុងប៉េកាំង ប្រទេសចិន។

នៅក្នុងសន្និសីទ​កាសែតល្ងាចនេះ សម្តេចតេជោ បានឆ្លើយបញ្ជាក់​ និងបំភ្លឺទៅសារព័ត៌មាន​ចិនអំពី ចំណុចសំខាន់ៗមួយ​ចំនួនដូច​ខាងក្រោម:

១)សារៈប្រយោជន៍នៃវេទិកា​ខ្សែក្រវ៉ាត់និងផ្លូវសម្រាប់កិ​ច្ចសហប្រតិបត្តិការអន្តរជាតិ និងផ្លូវសូត្រ​សមុទ្រ ដែ​ល​ជាគំនិត​ផ្តួចផ្តើមរបស់ លោកប្រធា​នាធិបតីចិន ស៊ីជិនពីង គឺផ្តល់នូវផលប្រយោជន៍សម្រាប់ ប្រទេសក្នុងតំបន់ទាំងអស់ រួមទាំងកម្ពុជាផងដែរក្នុងការកសាងសេដ្ឋកិច្ច និងអភិវឌ្ឍន៍ប្រទេស។

២)ទំនាក់ទំនងជាប្រពៃណីរវាងចិនកម្ពុជាគឺមានជាង២,០០០ឆ្នាំមកហើយ មានលក្ខណៈជាបងប្អូន និងជាមិត្តភ័ក្តិដែលជឿទុកចិត្តគ្នា។ ចិនបន្តគាំទ្រជួយកម្ពុជាទាំងសេដ្ឋកិច្ច និងសង្គមដែលជួយពង្រឹង ដល់ឯករាជ្យភាពនៃនយោបាយកម្ពុជាទៀតផង។ តាំងពីដើមមក គឺកម្ពុជាគាំទ្រ និងទទួលស្គាល់ចិន តែមួយ តាំងពីជំនាន់អតីត សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រទេសយើងទាំងពីរគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក។ ចំពោះបញ្ហាសមុទ្រចិនភាគខាងត្បូងគឺមិនមែនជាបញ្ហាអាស៊ាន-ចិនទេ គឺជាបញ្ហារបស់ប្រទេសដែលមានការពាក់ព័ន្ឋគ្នា ដែលត្រូវដោះស្រាយដោយសន្តិវិធី ហើយអាស៊ាន​ក៏ត្រូវយល់ដឹងរឿងនេះដែរ។

៣)ទំនាក់ទំនង​និងការតភ្ជាប់​រវាងប្រជាជន​និងប្រជាជន​គឺមានសារៈសំខាន់ណាស់ ដែលជួយអោយ ពិភពលោក​មួយមានសណ្តាប់ធ្នាប់​ល្អរស់​នៅដោយ​សុខដុមរម្យនា។ ទំនាក់ទំនងគឺអាច​ធ្វើបាន​តាម រយៈការផ្លាស់ប្តូរទស្សនៈ​កិច្ចរវាង​យុ​វជននិងយុវជន តាមរយៈបញ្ញាវ័ន្ត អ្នកសិក្សាស្រាវជ្រាវ ការផ្តល់អាហារូបករណ៍ តាមរយៈកីឡា តាមរយៈពហុវប្បធម៌ តាមរយៈវិទ្យាស្ថាន និងសាកលវិទ្យាល័យ តាមរយៈវិស័យពាណិជ្ជកម្ម និងទេសចរណ៍ជាដើម។ កម្ពុជារំពឹងថានៅឆ្នាំ ២០២០ ខាងមុខនេះ ចំនួន ទេសចរចិននឹងកើនឡើង ២លាននាក់ក្នុង មួយឆ្នាំ ហើយទំហំពាណិជ្ជកម្មអាចនឹងកើនឡើងដល់ ៦,០០០ លានដុល្លារផងដែរ។ ទន្ទឹមនឹងនោះដែរ គឺ កម្ពុជានឹងមានគម្រោងអភិវឌ្ឍន៍ ថ្មីៗបន្ថែមទៀត ដូចជា ផ្លូវល្បឿនលឿន ព្រលានយន្តហោះថ្មី និងតំបន់សេដ្ឋកិច្ចពិសេសជាដើម។

៤)តំបន់សេដ្ឋកិច្ចពិសេសនៅក្រុងព្រះសីហនុ គឺជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ដែលបានគាំទ្រ ជំរុញអោយបង្កើតឡើង។ សព្វថ្ងៃទីនេះមានក្រុមហ៊ុនជាង១០០ កំពុងវិនិយោគនៅក្នុងតំបន់ នេះ ដែលជានិមិត្តរូបដ៏ធំនៃទំនាក់ទំនងរវាង ប្រទេសទាំងពីរកម្ពុជា-ចិន ដែលបានផ្តល់ឱកាសអោយកម្ពុជា បានកសាង និងអភិវឌ្ឍន៌ប្រទេស។

៥)សម្តេចតេជោ ហ៊ុន សែន តែងតែមកចូលរួមតាំងពិព័ណ​នៅប្រទេសចិនគឺ ៨ លើកមកហើយ ជាង១០ឆ្នាំមកនេះ ជាពិសេសក្នុងពិពណ៌អាស៊ាន-ចិន នៅណាននីន។ ក្នុងពេលនោះ កម្ពុជាមានតួនា ទីជាអ្នកសម្របសម្រួលអាស៊ាន-ចិន ដែលទទួលបានការគាំទ្រទាំងស្រុង​អោយមានពិពណ៌នេះឡើងនៅ ណានីន។ សម្តេចតេជោ គឺជាពលរដ្ឋកិត្តិយសរបស់ណាននីនផងដែរ។

៦)ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន រីករាយនិង ពេញចិត្តចំពោះលទ្ឋផលនៃកិច្ចប្រជុំពិភាក្សាជាមួយ លោកប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន និង លោកប្រធានសភាតំណាងប្រជាជនចិន ជាពិសេស លោកនាយករដ្ឋមន្ត្រី លី ឃឺឈាំង ដែលយើងទាំងអស់គ្នាខិតខំជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍អោយមានសន្ទុះលឿនទៅមុខ។ ប្រទេសចិនឆ្នាំក្រោយ យល់ព្រមអោយកម្ពុជា នាំចូលអង្ករ ៣០០,០០០ តោន។ ទន្ទឹមនឹងនេះគឺកម្ពុជាទទួលបាននូវជំនួយឥតសំណងកាន់តែច្រើន ឡើងៗ ព្រមទាំងជំនួយឥណទានការប្រាក់ទាបសម្រាប់កសាងហេដ្ឋរចនាសម្ព័ន្ឋជាដើម។

៧)កម្ពុជារីករាយស្វាគមន៍អ្នកវិនិយោគិនចិនដែលមានបំណងទៅវិនិយោគនៅកម្ពុជា។ ទន្ទឹមនឹងនេះ គឺ ត្រូវយល់ដឹងអំពី នីតិវិធីច្បាប់វិនិយោគដែលមិនសាំញាំស្មុគ្រស្មាញទេ ក្រុមហ៊ុនអាចវិនិយោគគឺអាចបោះ ទុនខ្លួនឯងបាន ១០០% ។ ព័ត៌មានវិនិយោគទាំងនេះគឺអាចទទួលបានតាមរយៈស្ថានទូត អគ្គកុងស៊ុល និងវិស័យឯកជនជាដើម។ កត្តសំខាន់បំផុតនោះគឺ កម្ពុជាមានស្ថិរភាពនយោបាយ ស្ថិរភាពផ្នែកម៉ាក្រូសេដ្ឋកិច្ច ហើយកម្ពុជាមានម្ហូបអាហារចិន និងមានធនធានមនុស្សចេះភាសាចិនយ៉ាងច្រើនដែលជួយដល់ការងារវិនិយោគ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ