សម្តេចតេជោនាយករដ្ឋមន្រ្តី បើកវេទិកាជំរុញផ្សព្វផ្សាយពាណិជ្ជកម្ម និងទេសចរណ៍ កម្ពុជា ចិន ឆ្នាំ២០១៧

71

វេទិកាស្តីពីការ​ជំ​រុញ​ការ​ផ្សព្វផ្សាយពាណិជ្ជកម្ម និងទេសចរណ៍ កម្ពុជា-ចិន ឆ្នាំ២០១៧ បានប្រារព្វពិធីបើក ជាផ្លូវការនៅទីក្រុងប៉េកាំង​សធារណរដ្ឋប្រជាមានិតចិន ដោយបានការអញ្ជើញជា​អធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម វ៉ាង ចែរ៉ុយ អនុប្រធានព្រឹទ្ធសភា នៃ សាធារ​ណរដ្ឋ​ប្រជាមានិតចិន។ ពិធីដ៏មានអត្ថន័យនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ជាឥស្សរជនជាន់ខ្ពស់ នៃប្រទេសទាំងពីរកម្ពុជា ចិន ពិសេសផ្នែកធុរកិច្ចនៃប្រទេសចិន កម្ពុជា ជាច្រើនរូប។

ឯកឧត្តម ប៉ាន់ សូរស័ក្ត រដ្ឋមន្រ្តីក្រសួង​ពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា កាលពីឆ្នាំ២០១៦កន្លងទៅ ក្រសួងពាណិជ្ជកម្មក​ម្ពុជា និងក្រសួងពាណិជ្ជកម្មចិន ធ្លាប់បាន​សហការគ្នា​រៀបចំ​វេទិការ​បៀប​នេះម្តង​រួចមកហើយ នៅទីក្រុង​ណាន់នីង ខេត្តក្វាងស៊ី ប្រទេសចិន ដែលទទួលបាននូវការ​ចូលរួមគាំទ្រ​យ៉ាងពេញ​ទំហឹង ពីពាណិជ្ជករ វិនិ យោគិន​កម្ពុជា-ចិន ប្រមាណ​៣៨០នាក់ ដោយឡែកវេទិកាលើកនេះមានការ​ចូលរួមជាង៤០០នាក់។ ឯកឧត្តមបន្ត​ថា ក្នុងឆ្នាំ២០១៧នេះ វេទិកាស្តីពីកិច្ចសហប្រតិ​បត្តិការពាណិជ្ជកម្ម និងទេសចរណ៍ កម្ពុជា-ចិន បានកើតឡើងជាថ្មី ម្តងទៀត ដែលស្តែងអំពីសក្ខីភាពបញ្ជាក់ពីកិច្ចសហប្រតិបត្តិការដ៏ល្អ និងនិរន្តរភាព រវាងក្រសួងពាណិជ្ជកម្មនៃប្រ ទេសទាំងពីរ។ សកម្មភាពទាំងនោះសំដៅលើគោលបំណង​ក្នុងការជំរុញសកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍ ឲ្យ មានការកើនឡើងបន្ថែម​ទៀត ហើយក៏ជាយន្តការនៃការជំរុញកំណើនសេដ្ឋកិច្ចជាតិ នៃប្រទេសទាំងពីរកម្ពុជា-ចិន។

ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ មានប្រសាសន៍ថា នៅឆ្នាំ២០១៦កន្លងទៅ កម្ពុជាបានទទួល​ទេសចរអន្តរជាតិជាង៥លាននាក់ ក្នុងកំណើន៥% ក្នុងនោះទេសចរណ៍ចិន​មានចំនួនជាង ៨៣ម៉ឺននាក់ ក្នុងកំណើន ២០% ហើយក្នុងរយៈពេល៣ខែដើមឆ្នាំ២០១៧នេះ កម្ពុជាទទួលបានទេសចរណ៍​ចិនចំនួនជាង​២៧ម៉ឺននាក់ កើនបាន ២៥,៧% ឈរ​លំដាប់ទី១ ហើយរំពឹងថា នៅឆ្នាំ២០១៧នេះ កម្ពុជានឹងទទួលបានទេសចរណ៍​ចិនប្រមាណ ១លាននាក់ និងកើនដល់២​លាននាក់នៅឆ្នាំ២០២០ ក្នុងចំណោមទេសចរណ៍​អន្តរជាតិសរុប ៧លាននាក់។ ឯកឧត្តមរដ្ឋមន្រ្តីមាន​ប្រ​សាសន៍បន្តថា មកដល់​បច្ចុប្បន្ននេះ​មានក្រុមហ៊ុនអាកាសចរណ៍​ចំនួន១២ហើយ ដែលបានធ្វើប្រតិបត្តិការហោះហើរ ប្រមាណ១២០ជើងក្នុង​មួយសប្តាហ៍ ពីចិនមកកម្ពុជា ​និងពីកម្ពុជា​ទៅចិន ទាំងនៅខេត្ត​សៀមរាបអង្គរ រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ ឯកឧត្តមបន្តថា ជាយុទ្ធសាស្រ្តរបស់យើង គឺបន្តអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ជាគោលដៅ​ទេសចរណ៍ស្អាត និងបៃតង ផ្តល់សេវាប្រកបដោយ​គុណភាព និងភាពកក់ក្តៅដល់ភ្ញៀវទេសចរ ដោយឈរលើ​គោល​ការណ៍នៃការអភិវឌ្ឍប្រកប​ដោយនិរន្តរភាព ការទទួលខុសត្រូវ និងបរិយាប័ន្ន លើមូលដ្ឋាននៃអច្ឆរិយៈភាព​ប្រាសាទ អង្គរ ប្រាសាទព្រះវិហារ សម្បត្តិបេតិកភណ្ឌ​ទាំងរូបី និងអរូបី សម្បត្តធនធាន​ធម្មជាតិ ឆ្នេរសមុទ្រដ៏ស្រស់​ស្អាត សម្រាប់ទន្លេ​មេគង្គ ម្ហូបអាហារ ប្រពៃណី​រស់នៅប្រកបដោយ​ភាពញញឹម​រួសរាយរាក់​ទាក់ពីធម្មជាតិ របស់ប្រជាជន​​កម្ពុជា ស្របនិងការ​ប្រសិទ្ធនាម កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយះ ប្រកបដោយភាពកក់លក្តៅ។

ឯកឧត្តម វ៉ាង ចែរ៉ុយ អនុប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋប្រជាមានិតចិន មានប្រសាសន៍​សំដែងនូវ​ការវាយ តម្លៃខ្ពស់និង​កោតសរ​សើរដល់គ​ណះកម្មាធិការ​ចម្រុះ នៃប្រទេសទាំង​ពីរកម្ពុជា ចិន ដែលបាន​ខិតខំប្រឹង​ប្រែងយ៉ាង អស់ពីសមត្ថភាព ក្នុងការអនុវត្តនូវ​ស្មារតីនៃការណែនាំ​របស់មេដឹកនាំទាំងពីរ លើការអនុវត្តយុទ្ធសាស្រ្ត​គ្រប់ជ្រុង​ជ្រោយ ឲ្យកាន់តែមាន​ប្រសិទ្ធភាពខ្ពស់ថែមទៀត ពិសេសការស្វែងរកនូវ​ចំណុចវិជ្ជាមាននានា ដើម្បីឈានទៅសម្រេច​ បាននូវភាព​ជោគជ័យថែមទៀត លើការអនុវត្ត​យុទ្ធសាស្រ្តគ្រប់​ជ្រុងជ្រោយ ឲ្យកាន់តែមាន​ប្រសិទ្ធភាពទ្វេឡើ​ងថែម​ទៀត។ ឯកឧត្តមអនុប្រធាន​ព្រឹទ្ធសភាក៏បានគូស​បញ្ជាក់ពីការខិតខំប្រឹង​ប្រែង របស់ឯកឧត្តមប្រធា​នាធិបតីចិន ស៊ី ជិនពីង ក៏ដូចជាថ្នាក់​ដឹកនាំចិន ក្នុងការដាក់​ចេញនូវយុទ្ធសាស្រ្តខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ ដែលជាក្របខណ្ឌនយោ​បាយ ឈ្នះ ឈ្នះ របស់រដ្ឋាភិបាល​ចិន គ្រប់ដណ្តប់លើកិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ចផ្លូវសូត្រ និងកិច្ចសហប្រតិបត្តិការ ផ្លូវសូត្រសមុទ្រសតវត្សទី២១ ដែលនឹងជួយជំរុញដល់ការ​អភិវឌ្ឍវិស័យទេសចរណ៍ នៅតាមបណ្តាប្រទេសបណ្តោយ ផ្លូវសូត្ររួមទាំងអាស៊ាន និងព្រះរាជាណាចក្រកម្ពុជាផងដែរ។

ចែករំលែក