សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីបើកវេទិកាខ្សែក្រវ៉ាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ

102

នៅព្រឹកថ្ងៃទី ១៤ ឧសភា ឆ្នាំ២០១៧នេះ សម្ដេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រ​កម្ពុជា បានអញ្ជើញជាកិត្តិយសចូលរួមពិធីបើក “វេទិកាខ្សែក្រវ៉ាត់ និងផ្លូវសម្រាប់​កិច្ចសហប្រតិ​បត្តិការអន្តរជាតិ” នៅ Auditorium Hall នៃមជ្ឍមណ្ឌល​សន្និសីទជាតិចិន ទីក្រុងប៉េកាំង ប្រទេសចិន។

វេទិកានេះមានកា​រចូលរួម​ពីបណ្ដា​ប្រមុខ​រដ្ឋ ប្រមុខរ​ដ្ឋាភិបាល មកពី២៨​ប្រទេស ក្នុងទ្វីបអា​ស៊ី អឺរ៉ុប និងអាហ្វ្រិក ប្រមុខអង្គការ​សហប្រជាជាតិ ប្រធានធនាគារ​ពិភពលោក ប្រធាន​មូលនិធិរូបិយវត្ថុអន្តរជាតិ និងប្រតិភូថ្នា​ក់រដ្ឋមន្រ្តី សហគ្រិន អ្នកជំនាញខាង​កិច្ចការហិ​រញ្ញ​វត្ថុ​ចំនួន ១,២០០ រួមទាំង​អ្នកសារ​ព័ត៌មាន​អន្តរជាតិ​មកពី១១០​ប្រទេស​លើពិភព​លោក។ ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល នៃប្រទេស​ដែលបាន​ចូលរួម​ទាំងអស់ត្រូ​វបាន​ទទួល​គារវកិច្ច​ស្វាគមន៍​យ៉ាងកក់ក្តៅបំផុតពី ឯកឧត្តម ស៊ី ជីនពីង ប្រធា​នាធិបតីចិន។

នៅក្នុងពិធីបើកវេទិកា​​នេះ ឯកឧត្តម ចាង កាវលី ឧបនាយក​រដ្ឋមន្រ្តីចិន បានធ្វើការកត់សំគាល់ដោយសេចក្តី​សោមនស្ស​រីករាយ ចំពោះវត្តមាន នៃបណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ប្រមុខអង្គការ​សហប្រជាជាតិ ធនាគារពិភពលោក មូលនិធិរូបិយ​វត្ថុអន្តរជាតិ និងគណៈប្រតិភូ​ទាំងអស់ ដែលបាន​ចំណាយ​ពេលវេលាដ៏​មានតម្លៃ អញ្ជើញចូលរួមក្នុង​ពិធីបើក​វេទិកានា​ពេលនេះ។

ឯកឧត្តម ប្រធានាធិបតីចិន ស៊ី ជីនពីង បានមាន​ប្រសាសន៍ថា ការរៀបចំ​វេទិកា​នេះ​ឡើង​គឺសំដៅ​ស្វែង​រក​សម្លេង​ជាឯកច្ឆ័ន្ទ កំណត់ទិសដៅ​ធ្វើកិច្ចស​ហប្រតិបត្តិការ និងជំរុញឲ្យ​មាន​ការអនុវត្តគម្រោ​ងទាំងឡាយ ឲ្យកាន់តែប្រសើរឡើង​ថែមទៀត ហើយនិងលើកម្ពស់​ការគាំទ្រយន្តការនៃប្រព័ន្ធ​ការងារនានា។ ឯកឧត្តម​ប្រធានាធិបតី​បញ្ជាក់ថា ប្រទេសចិននិង​ប្រើប្រាស់វេ​ទិកានេះ ដើម្បីបង្កើនកិច្ច​សហប្រតិបត្តិ​ការអន្តរជាតិ​ឲ្យកាន់​តែចំហរ និងមាន​ប្រសិទ្ធភាព​ដើម្បីកសាង​បណ្តាញ​ដៃគូឲ្យកា​ន់តែ​ជិតស្និទ្ធ និងខ្លាំងក្លា​ជាងមុន ពិសេសជំរុ​ញឲ្យមានភាពត្រឹ​មត្រូវ សមហេតុផល និងតុល្យភាពកាន់​តែច្រើននៅ​ក្នុងប្រព័ន្ធ​អភិបាលកិច្ច​អន្តរជាតិ។ ក្នុងសុន្ទរកថាគន្លឹះ​របស់​ប្រធានាធិបតីចិន គឺបានគូសបញ្ជាក់​ដែរថា វេទិកានេះមានបំណងស្វែ​ងរកវិធីដោះស្រាយ​ទាំងបញ្ហា​សេដ្ឋកិច្ច​ក្នុងតំបន់ និងទាំងបញ្ហាសេដ្ឋកិច្ច​លើសកលលោក ដើម្បីបង្កើតឲ្យមានថាមពលថ្មី​ដែលអាច​ជួយ​ជំរុញ ឲ្យមានការអភិវឌ្ឍដែល​មានអន្តរ​ទំនាក់​ទំនងពី​ប្រទេសមួយ​ទៅប្រទេស​មួយ និងសំដៅធានា​ឲ្យបានថា​ គម្រោងខ្សែ​ក្រវ៉ាត់​មួយ ផ្លូវមួយ ពិតជានឹងផ្តល់ផលប្រយោជន៍យ៉ា​ងធំធេងជូន​ទៅប្រជាជន របស់ប្រទេសដែល​បានចូលរួមក្នុងកិ​ច្ចផ្តួចផ្តើមនេះ។

ឯកឧត្តមប្រធានាធិបតី​ក៏បាន​គូសបញ្ជាក់ពីការជំ​រុញការ តភ្ជាប់រវាងទ្វីបអាស៊ី អឺរ៉ុប និងអាហ្រ្វីក ជាមួយ​និងបណ្តា​ប្រទេសដែល​នៅលើ​ខ្សែក្រវ៉ាត់​មួយ និងផ្លូវ​មួយ ពិសេសបង្កើត​បណ្តាញតភ្ជាប់​លើគ្រប់វិស័យ គ្រប់ស្រទាប់ និងគ្រប់ទម្រង់ ដើម្បីជំរុញ​កំណើនសេដ្ឋកិច្ច ការបើកច្រក ទីផ្សារ ជំរុញការវិនិយោគ និងបង្កើត​ឱកាស​ការងារ។ ការពង្រឹង​ការតភ្ជាប់​ប្រជាជន និងប្រជាជន ឈរ​លើមូល​ដ្ឋានយោគ​យល់គ្នា ជឿជាក់គ្នា គោរពគ្នាទៅវិញទៅមក និងរស់នៅ​ជាមួយគ្នាប្រកប​ដោយ​វិបុលភាព សន្តិសុខ និងការអភិវឌ្ឍ​ក្នុងតំបន់ និងពិភពលោក​ទាំងមូល។ ខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ គឺជាឱកាសបើកចំហ​ដល់កិច្ចសហប្រតិ​បត្តិការផ្តោត​ជាសំខាន់លើ​មហិច្ឆិតាសេដ្ឋកិច្ច និងស្វែង​រកសន្តិភាព មិត្តភាព រវាងបណ្តាប្រទេស​ទាំងអស់ក្នុង​ពិភពលោក អង្គការតំបន់ និងអន្តរជាតិ ឈរលើកិច្ច​សហប្រតិបត្តិការ ឈ្នះ-ឈ្នះ និងការអភិវឌ្ឍរួមគ្នា ដើមបីទទួលបានផលប្រយោជន៍​ទៅវិញទៅមក និងសន្តិសហវិជ្ជមាន៕