សម្ដេចតេជោ ហ៊ុន សែន៖ ពហុកីឡាដ្ឋានជាតិមរតកតេជោបានបង្ហាញពី​កិច្ច​ស​ហ​ប្រតិបត្តការ​រវាងកម្ពុជា-ចិន កាន់តែរឹងមាំថែមទៀត

76

ភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ -ក្នុងខណៈអញ្ជើ​ញ​​ពិនិត្យការដ្ឋានសាងសង់ពហុកីឡាដ្ឋានជាតិមរតកតេជោ សម្រាប់​​ពិធី​ផ្គុំ​កៅអី និង​ផ្គុំ​អគារ​ទាំងមូល​ក្នុង​បរិវេណ​ត្រូវបាន​សម្រេច​រួចរាល់​តាម​ផែនការ​ដំណា​​ក់កា​ល​​ទី​២​ ដែលមាន​ទីតាំ​ងស្ថិតនៅស​ង្កា​ត់​ព្រែក​តាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នា​ព្រឹ​កថ្ងៃចន្ទ ១៣​រោ​ច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងទី២៩ ខែកក្កដា ឆ្នាំង​២០​១៩ និងដោយមានការអញ្ជើញ​ចូល​រួម​របស់មន្ត្រី​ជាន់ខ្ពស់ជាច្រើនរូប រួមទាំងឯកអគ្គរដ្ឋទូតចិន​ប្រចាំកម្ពុជាផងនោះ ​ប្រ​មុ​ខរាជ​រដ្ឋា​ភិបាល​កម្ពុ​ជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ព​ហុ​កី​ឡា​ដ្ឋា​នជាតិ​មរត​កតេជោ បានបង្ហាញពី​កិច្ច​ស​ហ​ប្រតិបត្តិការ ​រវាងកម្ពុជា-ចិន កាន់តែរឹង​មាំ​​ថែម​ទៀត​ ក្រោ​ម​​​គំនិតផ្ដួចផ្ដើមកិច្ច​ស​ហ​ប្រតិបត្តិការ ខ្សែក្រវាត់ និងផ្លូវ។​

នៅ​លើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ សម្ដេច​តេ​ជោ​បានសរសេរថា ពហុកីឡដ្ឋានជាតិមរតកតេជោ  ត្រូវបានសាងសង់ លើផ្ទៃដីទំហំជា​ង​ ៨៥ ហិ​កតា ក្នុងតំបន់អភិវឌ្ឍន៍របស់លោកឧកញ៉ា លី យ៉ុងផាត់។ សំណង់ពហុកី​ឡា​ដ្ឋា​នជា​តិម​រត​ក​​​តេជោត្រូវបានសាងសង់ជា៣ ដំណាក់កាល  ដោយមាន​រចនា​សម្ព័​ន្ធ​កី​ឡា​​សំខាន់ៗដូចជា ម​​ណ្ឌ​​លកីឡាក្នុងសាល មណ្ឌលកីឡាហែលទឹក សាល​ហាត់កីឡាប្រយុទ្ធ, អគារស្នាក់នៅ អាហារដ្ឋាន ទីលានហ្វឹកហាត់ក្រៅអាគារ សាលវេជ្ជសាស្ត្រវិទ្យាសាស្ត្រកីឡា សាលហា​ត់​សា​​​ច់​ដុំ សាលកាយសម្ព័ន្ធ សាលកីឡាបាញ់កាំភ្លើង មជ្ឈមណ្ឌលកីឡាហុកគី និងសាលកី​ឡា​ប្រ​ពៃណីផងដែរ។

ពហុកីឡាដ្ឋានជាតិមរតកតេជោ បានស្ថាបនាឡើងក្រោមជំនួយឥតសំណងរបស់សា​ធា​​រ​​ណរដ្ឋប្រជាមានិតចិន ចំនួនជិត១៦០លានដុល្លារអាម៉េរិក ដែលមកដល់ពេល​នេះ​សម្រេ​ច បាន៦០ភាគរយហើយ  ដោយចាប់ផ្តើមការដ្ឋានសាងសង់តាំងពីឆ្នាំ២០១៣ និងបែង​ចែក​ជា​​ ៣ដំណាក់កាល ដោយ​គ្រោងនឹងចំណាយពេលប្រមាណ៧ឆ្នាំ ដើម្បីបញ្ចប់ការ​សាង​ស​ង់​រហូត​ដល់ឆ្នាំ២០២០ជាបញ្ចប់ជាស្ថាពរ។ នៅក្នុងបរិវេណពហុកីឡាដ្ឋាននេះ មានកន្លែងស្នាក់​នៅ​​របស់កីឡាករ ទីលានបាល់ទាត់ ទីលានអត្តពលកម្ម សាលបាល់បោះ សាលបាល់ទះ សា​ល​​ហាត់សាច់ដុំ មណ្ឌលកីឡាហែលទឹក កន្លែងបាញ់កាំភ្លើង និងបាញ់ធ្នូជាដើម។ លើស​ពីនេះ​ទៅ​ទៀត ពហុកីឡាដ្ឋានមរតកតេជោ ក៏មានទីធ្លាសម្រាប់កម្មវិធីជាតិដូចជា ការតាំងពិព័រណ៍​ផ្សេ​ងៗ ការប្រគុំតន្រ្តី ការិយា​ល័យ​ ហើយហ៊ុំព័ទ្ធដោយអគារស្នាក់នៅ អាហារដ្ឋាន សណ្ឋាគារ​ខ្នា​ត​យក្ស សួនទឹកកម្សាន្ត។

គួរបញ្ជាក់ដែរថា គម្រោងពហុកីឡាដ្ឋានជាតិមរតកតេជោ​ ស្ថិតនៅសង្កាត់ព្រែកតាសេ​ក ​ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលកំពុងសាងសង់នៅលើផ្ទៃដីជាង៨៥ហិកតានេះ គឺ​ដើ​ម្បីត្រៀមសម្រាប់រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ នៅ​ឆ្នាំ​   ២​០​​២៣ខាងមុខនេះដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ហើយពហុកីឡដ្ឋានជាតិមរតកតេជោនេះ ក៏អាច​ផ្ទុ​ក​​អ្នកទស្សនាបានរហូតដល់ប្រមាណជា៧ម៉ឺននាក់៕

ដោយ ជឹម ណារី