ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន អញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុងអាមេរ ១ខ្សែ ប្រវែង១៧៨០០ម៉ែត្រ នៅខេត្តតាកែវ

26

ផ្លូវបេតុងអាមេ១ខ្សែ ប្រវែង១៧៨០០ម៉ែត្រ ចាប់​ពី​ភូមិ​ត្រពាំងលើក ឃុំប្រាំបីមុំ ស្រុកទ្រាំង ដល់ចំណតកំពង់ទូក កំពង់អំពិល ស្រុកបូរីជលសារ ផ្លូវខេត្តលេខ១២៩B ស្ថិតនៅអនុវិទ្យាល័យអង្គស្ពឺ ភូមិស្ពឺ ឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវ បានសម្ពោធ​ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម​កិត្តិនីតិកោសល​បណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួល​បន្ទុកទីស្តីការ​គណៈរដ្ឋមន្រ្តី ។

តាមរបាការណ៍របស់ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានឲ្យដឹងថា ផ្លូវបេតុងអាមេ១ខ្សែ ដែលត្រូវ​បើក​សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃនេះ មានប្រវែង១៧៨០០ម៉ែត្រ ដោយត្រូវឆ្លងកាត់ស្រុកចំនួន២ គឺស្រុកទាំង និងស្រុក​បូរីជលសារ ក្នុងនោះ​ស្រុកទ្រាំង មាន៣ឃុំ ស្មើនឹង៧ភូមិ ដែលមានប្រវែង៨៣០០ម៉ែត្រ និងស្រុកបូរីជលសារ មាន៣ឃុំ ស្មើនឹង​៧ភូមិ ដែលមានប្រវែង​៩៥០០ម៉ែត្រ ជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរា​ជាណា​ចក្រកម្ពុជា និងសម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈលោកឧកញ៉ា លាង ឃុន ប្រធានក្រុមអគ្គ​នាយក​ក្រុមហ៊ុន ជីប ម៉ុងហ្រ្គុប ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងការប្រកបរបរចិញ្ចឹមជីវិត របស់បងប្អូនប្រជាពលរដ្ឋ នៅមូលដ្ឋាន​ស្រុកទ្រាំង និង​ស្រុកបូរី​ជលសារ កាន់តែប្រសើរឡើងថែមទៀត។

លោកឧកញ៉ា លាង ឃុន ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុងហ្រ្គុប បានមានប្រសាសន៍ថា ផ្លូវបេតុងអាមេ១ខ្សែ ប្រវែង​១៧៨០០ម៉ែត្រ ដែលមានទទឹង៨ម៉ែត្រ និងចំណីផ្លូវសង្ខាងប្រវែង១ម៉ែត្រកន្លះ ដែលបានរៀបចំពិធីសម្ពោធ នាពេលនេះ  ជាអំណោយ​​​​​ដ៏ថ្លៃថ្លា​របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយបានចំណាយ​ថវិកាអស់​ប្រមាណ​​៧​លាន២សែនដុល្លារអាមេរិក ទទួលបន្ទុកសាងសង់ ដោយ​ក្រុមហ៊ុនជីប​ម៉ុង​ហ្រ្គុប។ នៅក្នុងឱកាសនេះ លោកឧកញ៉ា បានមានប្រសាសន៍បញ្ជាក់ថា ការចូលរួមចំណែកជាមួយនឹង​កិច្ចខិតខំប្រឹង​ប្រែង​របស់​រាជ​រដ្ឋា​ភិបាល ដែលមានសម្តេច​តេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ក្នុងការអភិវឌ្ឍន៍ហេដ្ឋា​រចនាសម្ព័ន្ធ​ក្នុង​ប្រទេស គឺជា​កាតព្វកិច្ចដ៏​ចាំបាច់របស់​យើងទាំងអស់​គ្នា​ជាខ្មែរ ក្នុងការចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុងអាមេ១ខ្សែ ប្រវែង១៧៨០០ម៉ែត្រ ស្ថិតនៅក្នុងខេត្តតាកែវ ឯកឧត្តម​កិត្តិនីតិកោសល​បណ្ឌិត ប៊ិន ឈិន បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសកម្ពុជា មានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ ក្នុងនោះលើវិស័យសាធា រណការ និងដឹកជញ្ជូន អំពីស្ថានភាពផ្លូវជាតិ ផ្លូវខេត្ត ផ្លូវក្នុងក្រុង និងផ្លូវដែកក្នុងទឹកដីខេត្តតាកែវ គិតត្រឹមឆ្នាំ២០១៩នេះ ខេត្តតាកែវ មានផ្លូវជាតិចំនួន៧ខ្សែ ជាប្រភេទផ្លូវកៅស៊ូ មានប្រវែងសរុបជាង១៦៥គីឡូម៉ែត្រ ផ្លូវខេត្តមានចំនួន២៤ខ្សែ ប្រវែងសរុបជាង​៣៨២,១៤៥គីឡូម៉ែត្រ ផ្លូវក្រុងមានចំនួន៤៧ខ្សែ ប្រវែងសរុប៦១,៦៩០គីឡូម៉ែត្រ និងផ្លូវដែក ចំនួន១ខ្សែ ឆ្លងកាត់ក្រុង ស្រុកចំនួន៥ រួមមាន ស្រុកបាទី ស្រុកសំរោង ស្រុកត្រាំកក់ ស្រុកដូនកែវ និងស្រុកទ្រាំង។ ជាក់ស្តែងរយៈពេលប្រមាណ៨ខែ បន្ទាប់ពីបានប្រារព្វពិធីបើកការដ្ឋានសាងសង់នៅថ្ងៃទី២៦​ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងមក ខេត្តតាកែវយើងទទួលបានផ្លូវ១ខ្សែ ទៀត គឺផ្លូវបេតុងអាមេប្រវែង១៧៨០០ម៉ែត្រ ចាប់ពីភូមិត្រពាំងលើក ឃុំប្រាំបីមុំ ស្រុកទ្រាំង រហូតដល់ចំណតកំពង់ទូក កំពង់អំពិល ស្រុកបូរីជលសារ ដែលត្រូវបានស្ថាបនា​រួចរាល់ជាស្ថាពរ​ដោយ​ក្រុមហ៊ុន ជីបម៉ុងគ្រុប និងត្រូវបានរៀបចំពិធីសម្ពោធ ដាក់ឲ្យ ​ប្រជា​ជន ទូទាំង ខេត្តតាកែវយើងប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ ។  ឯកឧត្តម​កិត្តិនីតិកោសល​បណ្ឌិត ប៊ិន ឈិន បានមាន​ប្រសាសន៍​បញ្ជាក់ថា ដោយ​សារ​កត្តាសុខសន្តិភាព និងការអភិវឌ្ឍន៍ ក្នុងរយៈ​ពេលពីរ​ទស្សវត្ស​កន្លងមកនេះ កម្ពុជា​​ទទួល​បាន​ភាព​រីកចម្រើន និងការអភិវឌ្ឍន៍​គួរជាទី​មោទនៈ ដោយក្នុង​នោះយើង​សម្រេចបានកំណើន​សេដ្ឋកិច្ច​ក្នុងរង្វង់៧%ជាប់គ្នា ដែល​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយជាប្រទេសដែល​សម្រេច​បាន​កំណើនសេដ្ឋកិច្ច​លំដាប់​ខ្ពស់​មួយនៅក្នុងតំបន់អាស៊ី និង​ទទួលបានការវិនិ​យោគ​សំខាន់ៗ​ជាច្រើន ហើយបានបង្កើត​ការងារបានកាន់​តែច្រើន​ឡើងជូន​ដល់ប្រជា​ពលរដ្ឋ ពិសេសសម្រាប់​ស្រទាប់​យុវជន។ ហេដ្ឋា​រចនា​សម្ព័ន្ធសំខាន់​ៗនានា ក្នុងប្រទេស ដូចជា ផ្លូវថ្នល់ កំពង់ផែ ស្ពាន និងប្រព័ន្ធធារាសាស្ត្រ សំណង់​វារី​អគ្គីសនី ផ្លូវដែក និងសំណង់​តូច​ធំ​នានា ត្រូវបាន​ស្តារឡើងវិញ និងសាងសង់​ជា​បន្តបន្ទាប់ ដើម្បី​បម្រើនូវសេចក្តីត្រូវការ​របស់ប្រជា​ពល​រដ្ឋ​ទូទាំង​ប្រទេស ព្រមទាំង​បាន​ចូល​រួមលើកស្ទួយជីវភាព និងកាត់បន្ថយ​ភាព​ក្រីក្ររបស់បង​ប្អូនប្រជាពលរដ្ឋ ជាពិសេសគោល​នយោ​បាយ​សេដ្ឋកិច្ច ហ៊ុនសែនណូមិក រ​បស់សម្តេចតេជោ បានធ្វើឲ្យកម្ពុជាប្តូរពី​ប្រទេស​ក្រីក្រ មកជាប្រទេសដែល​មាន​ចំណូល​មធ្យមកម្រិតទាប ហើយ​កំពុង​អភិវឌ្ឍ​ឈាន​ទៅជាប្រទេសមាន​ចំណូលមធ្យមក​ម្រិត​ខ្ពស់នៅឆ្នាំ​២០៣០ និងឈានទៅជា​ប្រទេស​មាន​ចំណូលខ្ពស់ នៅឆ្នាំ២០៥០។

នៅក្នុងឱកាសនេះដែរ ឯកឧត្តម​កិត្តិនីតិកោសល​បណ្ឌិត ប៊ិន ឈិន បានអញ្ជើញប្រគេន ទយ្យវត្ថុ និងបច្ច័យ ដល់ព្រះសង្ឃ ដោយក្នុង​១អង្គៗ ទទួលបានទយ្យវត្ថុ១កញ្ចប់ និងបច្ច័យ១សែនរៀល យាយជី តាជី ចំនួន១០០នាក់ ក្នុងម្នាក់ៗទទួល​បាន​ក្រណាត់ស១ដុំ និងថវិកា១ម៉ឺនរៀល លោកគ្រូ អ្នកគ្រូ ស្រុកទ្រាំង ចំនួន១៩នាក់ និងលោកគ្រូ អ្នកគ្រូ ស្រុកបូរីជលសារ ចំនួន២០នាក់ សរុបចំនួន៣៩នាក់ ក្នុងម្នាក់ៗថវិកា៣ម៉ឺនរៀល គ្រូពេទ្យ១០នាក់ ក្នុងម្នាក់ៗថវិកា៣ម៉ឺនរៀល ឧបត្ថម្ភថវិកា​ដល់​យុវជន​កាកបាទក្រហមកម្ពុជា៥០នាក់ យុវជនកាយរិទ្ធចំនួន១០០នាក់ និងសហភាពសហព័ន្ធ​យុវជន​កម្ពុជា៥០នាក់ សរុប​២០០នាក់ ក្នុងម្នាក់ៗថវិកា១ម៉ឺនរៀល សិស្សានុសិស្សអនុវិទ្យាល័យអង្គស្ពឺចំនួន២៥៥នាក់ ក្នុងម្នាក់ៗ ទទួលបានសៀវភៅ២ក្បាល ប៊ិច១ដើម និង​ថវិកា៥ពាន់រៀល។ បន្ទាប់មក ឯកឧត្តម​កិត្តិនីតិកោសល​បណ្ឌិត ប៊ិន ឈិន ក៏បានអញ្ជើញកាត់ខ្សែបូរសម្ពោធ​ដាក់ឲ្យប្រើ​ប្រាស់ជាផ្លូវការ ផ្លូវបេតុង​អាមេ១ខ្សែ ប្រវែង១៧៨០០ម៉ែត្រ ចាប់​ពី​ភូមិ​ត្រពាំងលើក ឃុំប្រាំបីមុំ ស្រុកទ្រាំង ដល់ចំណតកំពង់ទូក កំពង់អំពិល ស្រុកបូរីជលសារ ផ្លូវខេត្តលេខ១២៩B ស្ថិតនៅអនុវិទ្យាល័យអង្គស្ពឺ ភូមិស្ពឺ ឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវ ចាប់ពីពេលនេះតទៅ៕​