សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ស្តីពី​ពិធីផ្ទេរសាលា កុមារ ពិការ ភ្នែក និង គ ថ្លង់ ពីអង្គការ គ្រួសារថ្មី ទៅ ក្រសួងអប់រំ យុវជន និងកីឡា

23

CNV:

ឯកឧត្តម លោកជំទាវ លោក លោកស្រី កូនៗ ចៅៗ ដែលជាកុមារគ-ថ្លង់ ជាទីស្រលាញ់!

ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកជួបគ្នាសាជាថ្មីម្ដងទៀត នៅក្នុងឱកាស នៃការផ្ទេរការគ្រប់​គ្រងសាលា ពី(សាលា)កុមារពិការភ្នែក និងគ-ថ្លង់ នៃគ្រួសារថ្មី ឱ្យស្ថិតនៅក្រោមការទទួលខុសត្រូវ នៃក្រសួងអប់រំ យុវជន និងកីឡា។

អភ័យទោស ចំពោះភាពរអាក់រអួល នៃពេលវេលា

ខ្ញុំអរគុណជាមួយនឹងការចូលរួមរបស់លោកជំទាវអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំង ក៏ដូចជា អគ្គរដ្ឋទូត នៃព្រះរាជាណាចក្រថៃ និងប្រិយមិត្តបរទេសទាំងឡាយ ដែលបានមកកាន់ទីនេះ។ ខ្ញុំក៏សូមអភ័យទោសផងដែរ អំពីភាពរអាក់រអួល នៃពេលវេលារបស់ខ្ញុំ ដែលមុននេះ ខ្ញុំបានកំណត់យកថ្ងៃទី ២ កក្កដា ២០១៩ គឺជាថ្ងៃទទួល(ផ្ទេរ) គឺនៅថ្ងៃស្អែក ប៉ុន្តែ ដោយសារតែមានការជូនដំណឹងពីទីក្រុងហ្សឺណែវថា ឆ្នាំនេះកម្ពុជានឹងអានសុន្ទរកថាបើកសន្និសីទនៅក្នុងក្របខណ្ឌ នៃអង្គការពាណិជ្ជកម្មពិភពលោក។ អញ្ចឹងទេ ខ្ញុំក៏បានស្នើសុំប្ដូរកម្មវិធីនេះ ទៅថ្ងៃទី ៨ កក្កដា វិញ ប៉ុន្តែ លោក Arminjon ក៏បានបញ្ជាក់ថា មិត្តភក្តិ និងអ្នកផ្ដល់ជំនួយទាំងឡាយ ដែលមកពីបារាំង និងស្វ៊ីស គឺបានជូនដំណឹងអស់ហើយ។ ដូច្នេះ សូមឱ្យខ្ញុំជ្រើសរើសក្នុងរង្វង់ថ្ងៃ ១ ឬ ២ កក្កដា។ ដូច្នេះ ខ្ញុំក៏សម្រេចចិត្តយកថ្ងៃ ១​ មុនពេលខ្ញុំចាកចេញទៅហ្សឺណែវនៅថ្ងៃស្អែកនេះតែម្ដង។

ប្រទេសខ្លះចាត់ទុកការផ្ទេរ ជាទីបញ្ចប់នៃដំណើរការ

សង្ឃឹមថា មានវត្តមានជាច្រើន ដែលបានមកដល់ទីនេះ ហើយក៏អាចមានមួយចំនួនមកមិនទាន់ពេល ដោយសារពីពេលមុន យើងបានសម្រេចថាយកថ្ងៃ ២ កក្កដា។ តែទោះបីយ៉ាងណាក៏ដោយ កម្មវិធីថ្ងៃនេះយើងប្រព្រឹត្តទៅដោយមានរបាយការណ៍ជាក់លាក់ និងការមានការទទួលខុសត្រូវ។ ខ្ញុំសូមយកឱកាសសម្ដែងជូនការអរគុណ ចំពោះលោក Arminjon ក៏ដូចជា សប្បុរសជនទាំងឡាយ ព្រមទាំងលោកគ្រូ អ្នកគ្រូនៅក្នុងអង្គការគ្រួសារថ្មី ដែលទទួលខុសត្រូវក្នុងការបណ្ដុះបណ្ដាល គ្រប់គ្រងសាលាកុមារពិការភ្នែក និងគ-ថ្លង់ នៃអង្គការគ្រួសារថ្មី រហូតដល់ពេលដែលផ្ទេរ។ ពិតហើយ ដែលលោក Arminjon បានលើកអម្បាញ់មិញ ដែលខ្ញុំបានធ្វើការកត់សម្គាល់ ប្រទេសខ្លះ គឺចាត់ទុកថា ការផ្ទេរគឺជាការបញ្ចប់នៃដំណើរការ បានជាពុំមានថ្នាក់ដឹកនាំណាទៅចូលរួមទេ។

សម្រាប់កម្ពុជា សម្រាប់ការយល់ដឹងរបស់ខ្ញុំ ដែលចូលខ្លួនពាក់ព័ន្ធជាមួយអង្គការគ្រួសារថ្មីតាំងពីឆ្នាំ ១៩៩៥ ក្រោយភរិយារបស់ខ្ញុំអមព្រះរាជដំណើរសម្ដេចម៉ែ ដែលព្រះអង្គបានទៅសម្ពោធនៅឯច្បារអំពៅ ការដិតដាមក្នុងអារម្មណ៍របស់ខ្ញុំ ទៅលើបញ្ហាទាក់ទងជាមួយកុមារគ-ថ្លង់ និងពិការភ្នែកនេះ វាមិនមែនជាដំណើរប៉ះទង្គិចមួយគ្រានោះទេ តែយើងអាចគិតមើលតាំងពីឆ្នាំ ១៩៩៥ រហូតមកដល់ពេលនេះ គឺមានរយៈពេល ២៤ ឆ្នាំ នៅសល់តែមួយឆ្នាំទៀតគ្រប់ ២៥ ឆ្នាំហើយ។ ខ្ញុំមិនដែលបំភ្លេចនូវកិច្ចការទាំងឡាយ ដែលត្រូវធ្វើចំពោះកុមារគ-ថ្លង់ និងពិការភ្នែករបស់យើងនោះទេ។

យល់ស្របឱ្យលោក Arminjon បន្តជួយតាមដាន ដើម្បីធ្វើសវនកម្មក្នុងរយៈពេល ២ ឆ្នាំម្តង

ខ្ញុំពិតមានការកោតសរសើរ ចំពោះការខិតខំរបស់អ្នកការទទួលខុសត្រូវ នៃអង្គការគ្រួសារថ្មី ដែលមានលោក Arminjon រៀបរាប់អម្បាញ់មិញ ហើយគ្រូទាំងឡាយនៅក្នុងទីនេះ ខ្ញុំយល់ថា ដាច់ខាតមិនឱ្យដំ​ណើរថយក្រោយណាមួយកើតទេ។ ត្រូវឈានទៅមុខ។ លោក Arminjon បានលើកថា បើមានតម្រូវការ ហើយបើមានការចាំបាច់ គាត់នឹងបន្តជួយតាមដាន ដើម្បីធ្វើសវនកម្មក្នុងរយៈពេល ២ ឆ្នាំម្ដង។ ខ្ញុំយល់ស្រប ដើម្បីយើងផ្ទៀងផ្ទាត់មួយ ដើម្បីកុំឱ្យម្ចាស់ជំនួយទាំងឡាយ ដែលមានការសង្ស័យ អំពីការផ្ទេរការគ្រប់គ្រងអង្គការគ្រួសារថ្មី មកកាន់ការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាមានការដើរថយក្រោយ។ ខ្ញុំយល់ស្រប ហើយឯកឧត្តម ហង់ ជួនណារ៉ុន ក៏ត្រូវធ្វើការជាមួយ លោក Arminjon តទៅទៀត​ ដើម្បីយើងដាក់ជាកម្មវិធី ដើម្បីធ្វើការត្រួតពិនិត្យរបស់វា។ ខ្ញុំយល់ស្របអំពីចំណុចនេះ ដើម្បីកាត់បន្ថយ នៃការបារម្ភ នៃអ្នកដែលបានជួយឧបត្ថម្ភដល់គ្រួសារថ្មី ដូចដែល Arminjon និយាយអម្បាញ់មិញ អំពីបញ្ហាប្រមូលតែម្នាក់មួយដុល្លារ ហើយយកមកផ្គត់ផ្គង់សម្រាប់ជួយកុមារពិការភ្នែក-គ-ថ្លង់នៅទីនេះ ដែលបង្កើតបាននៅស្ថានភាពដ៏ល្អប្រសើរមួយ ពីជំហានមួយទៅកាន់ជំហានមួយ។

ផ្ដល់ថវិកាគ្រូនៅទីនេះច្រើនជាងគ្រូចំណេះទូទៅ ជាការបង្ហាញអំពីការគិតរបស់រាជរដ្ឋាភិបាល

ឯកឧត្តម លោកជំទាវ លោក លោកស្រី អាចយល់ហើយថា គ្រាន់តែរឿងផ្ដល់ថវិកាលើសគ្រូនៅកន្លែងទូទៅ ក៏អាចយល់បានថា ខាងផ្នែករាជរដ្ឋាភិបាល បានចាប់ផ្ដើមច្បាមយកចំណុចនេះ មកដាក់ក្រោមការទទួលខុសត្រូវរបស់ខ្លួនរួចជាស្រេចទៅហើយ គ្រាន់តែនៅពិធីផ្ទេរតែប៉ុណ្ណោះ។ ពីមុនយើងចាប់ផ្ដើម បង ប្អូនទាំងអស់នៅទីនេះ អត់ទាន់មានក្របខណ្ឌរដ្ឋទេ ជាគ្រូដែលអង្គការគ្រួសារថ្មីចិញ្ចឹមទាំងអស់។ ប៉ុន្តែក្រោយមកនៅពេលដែលខ្ញុំចុះមកទីនេះ មួយឆ្នាំយើងចុះមកជួបពីរដង លើកលែងតែឆ្នាំទៅយើងបានជួបគ្នាបានតែម្ដងទេ។ ខ្ញុំ និងភរិយាខ្ញុំបានរៀបចំម្ហូបអាហារ សម្រាប់ក្មួយៗចៅៗទទួលទានជួបគ្នានៅទីនេះ។ ជារៀងរាល់ឆ្នាំ បើគិតពីរឿងចំណាយ ចៅៗបានដើរលេងជុំគ្នាចំនួន ៣៧ លើក ដែលតា និងយាយ ត្រូវចំណាយប្រាក់អស់ ២៤៧ ៦២៥ ដុល្លារអាមេរិក គ្រាន់តែប្រាក់សម្រាប់ការធ្វើដំណើរ ៣៧ លើក មិនមែនបានសេចក្ដីថា យកឡានទាហានដឹកចៅទៅនោះទេ។ ត្រូវទទួលខុសត្រូវចំពោះបញ្ហានេះ។ យើងបានកើតឡើងដោយមានកាយសម្បទាមួយ ដែលវាលំបាកណាស់ទៅហើយ យើងមិនត្រូវមានការលំបាកបន្ថែមទៀតនោះទេ។

លោកគ្រូ អ្នកគ្រូ បង្រៀននៅចំណេះទូទៅ សូមកុំមានការច្រណែនជាមួយគ្រូនៅសាលាគ្រួសារថ្មី

ចំពោះបញ្ហាគ្រូ យើងបានបញ្ចូលក្របខណ្ឌរួចហើយ នេះគឺជាសេចក្ដីសម្រេច ដែលមានចុះហត្ថលេខា ដោយមនុស្ស ៣ នាក់នោះ គឺឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានស្នើសុំទៅខ្ញុំ ដើម្បីស្នើសុំបន្ថែមថវិកាសម្រាប់គ្រូ គឺម្នាក់បានទទួលបន្ថែម ៨០ ម៉ឺន(រៀល) បន្ថែមពីលើប្រាក់បៀវត្ស ៨០ ម៉ឺនរៀល។ គឺវាច្រើនដែរ សម្រាប់មន្ត្រីរាជការ ដែលជាគ្រូបង្រៀន ដែលទទួលខុសត្រូវនៅទីនេះ។ ឯអ្នកដែលជាប់កិច្ចសន្យា ក៏ទទួលបាន ៨០ ម៉ឺនរៀលដែរ ព្រោះស្ថានភាពនៃការគ្រប់​គ្រង ការហ្វឹកហាត់ គឺលំបាកជាងគ្រូចំណេះទូទៅ។ សង្ឃឹមថា លោកគ្រូ អ្នកគ្រូ បង្រៀននៅសាលាចំ​ណេះទូទៅ នឹងមិនមានការប្រៀបធៀបណាមួយ ឬការច្រណែនណាមួយសម្រាប់គ្រូដែលនៅទីនោះនោះទេ។ សង្ឃឹមថា លោក Arminjon គឺអាចប្រាប់ទៅម្ចាស់ជំនួយ ដែលបានផ្តល់ជំនួយ ហើយមានការកង្វល់ថា សូមកុំឱ្យមានការព្រួយបារម្ភពីសមត្ថភាពពីការទទួលខុសត្រូវរបស់កម្ពុជា​។ ខ្ញុំអាចនិយាយបានដោយជាក់លាក់ថា វាមិនមែនគ្រាន់តែជាបញ្ហាអង្គការគ្រួសារថ្មីដាច់ដោយឡែកមួយទេ។

សូមប្រទេសផ្តល់ហិរញ្ញប្បទានដល់កម្ពុជា កុំបង្កើនអត្រាការប្រាក់

សម្រាប់ចក្ខុវិស័យរបស់ខ្ញុំ សួរសមាជិករាជរដ្ឋាភិបាល ខ្ញុំថា អស់លោកទាំងឡាយត្រូវត្រៀមខ្លួនឱ្យហើយទៅ។ មជ្ឈមណ្ឌលកុមារកំព្រាខ្លះ កន្លែងដែលគេធ្លាប់ផ្តល់ជំនួយខ្លះ និងបញ្ហាទាក់ទិនជាមួយកម្មវិធីសេដ្ឋកិច្ចខ្លះ ត្រូវតែត្រៀមខ្លួន។ សូម្បីតែរឿងអត្រាការប្រាក់ សម្រាប់ដំណើរការកសាងប្រទេស បើយើងវិវត្តកាន់តែខ្ពស់ អត្រាការប្រាក់កាន់តែខ្ពស់ដែរ។ អញ្ចឹងបានឥឡូវនេះ កម្ពុជាបានឆ្លងផុតពីប្រទេសដែលមានប្រាក់ចំណូលទាប ទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប និងឈានឆ្ពោះទៅរកប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ដែលខ្ញុំនៅតែសូមឱ្យមិត្តភក្តិរបស់យើង ដូចជា៖ ចិន កូរ៉េខាងត្បូង ជប៉ុន ធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារពិភពលោក ធនាគារអឺរ៉ុប ដែលបានផ្តល់ហិរញ្ញប្បទានសម្រាប់យើង ហើយមានសាធារណរដ្ឋបារាំងដែរ សូមកុំឱ្យបង្កើនការប្រាក់ សូមរក្សាអត្រាការប្រាក់សម្រាប់កម្ពុជា។

ល្មមដល់ពេល ដែលយើងត្រូវធ្វើម្ចាស់ខ្លួនយើង

ប៉ុន្តែរឿងទទួលខុសត្រូវ ល្មមដល់ពេល ដែលយើងត្រូវធ្វើម្ចាស់ខ្លួនយើងហើយ … បើយើងមិនទាន់ផ្ទេរទទួលទេ យើងត្រូវរួមចំណែកកាន់តែធំទៅៗ ដើម្បីដល់ដំណាក់កាលណាមួយ កុំឱ្យម្ចាស់ជំនួយដកថយភ្លាម​គឺកម្មវិធីត្រូវដួលរលំ យើងមិនផ្តល់ឱកាសបែបនេះទេ។ សូម្បីតែមន្ទីរពេទ្យគន្ធបុប្ផា ទោះបីជាវេជ្ជបណ្ឌិត Richner គាត់ទទួលមរណកាលទៅហើយ តែយើងមិនអនុញ្ញាតឱ្យមន្ទីរពេទ្យគន្ធបុប្ផាដួលរលំ ឬក៏កាត់បន្ថយសេវាដែលធ្លាប់ផ្គត់ផ្គង់ នៅពេលដែលលោកវេជ្ជបណ្ឌិត Richner នៅពេលដែលគាត់ទទួលខុសត្រូវនោះទេ។ នេះជាការណែនាំជាក់លាក់ និងជាចក្ខុវិស័យច្បាស់លាស់នៅក្នុងក្របខណ្ឌ នៃការដឹក​នាំរបស់រាជរដ្ឋាភិបាលកម្ពុជា។ យើងមើលឃើញថា តើមានកម្មវិធីណាមួយ ដែលនៅពេលដែលម្ចាស់ជំ​នួយដកថយហើយ ក​ម្មវិធីនោះដួលរលំ អត់មានទេ។ ខ្ញុំមិនដឹងថា ប្រទេសផ្សេង អាហ្នឹងរឿងរបស់ប្រទេសផ្សេង ប៉ុន្តែ រឿងរបស់ប្រទេសកម្ពុជា សូម្បីតែកម្មវិធីសកម្មភាពមីន នៅពេលដែលខ្លះរអាក់រអួលនៃថវិកា ដែលគេបានផ្តល់ រហូតដល់គេជន្លយើងថា នឹងផ្តាច់ជំនួយសម្រាប់ការដោះមីន យើងក៏បានដាក់លុយយើងភ្លាម ដើម្បីដំណើរការ យើងអត់មានឱ្យថយទេ។ ក្នុងឋានៈជាម្ចាស់ប្រទេស ហើយពលរដ្ឋរបស់យើងមិនត្រូវទទួលនូវបាបកម្មណាមួយ ដែលបណ្តាលមកពីការដកថយនៃជំនួយបរទេសទេ។

អង្គការស្បៀងអាហារពិភពលោក គាត់ឃើញយើងមានការកើនហើយ គាត់នៅតែបន្តផ្តល់ជំនួយឱ្យ​យើង ក៏ប៉ុន្តែ យើងក៏ត្រូវផ្តល់ជំនួយឱ្យកម្មវិធីអង្គការស្បៀងអាហារពិភពលោកដែរ។ រឿងវាអញ្ចេះ គម្រោងរបស់កម្មវិធីស្បៀងអាហារពិភពលោក តែអង្គការស្បៀងអាហារពិភពលោក គាត់មានតម្រូវការទៅជួយសង្គ្រោះនៅខាង ស៊ីរី និងខាង លីប៊ី នៅខាង ម៉ាលី នៅខាង សូម៉ាលី នៅ ស៊ូដង់ នៅប្រទេសដទៃទៀតមានតម្រូវការច្រើនណាស់​​។ អញ្ចឹងទេ គាត់ក៏មានការកាត់បន្ថយនូវជំនួយរបស់គាត់។ ប៉ុន្តែ គាត់នៅតែផ្តល់ជំនួយ ប៉ុន្តែជំនួយនោះវាបានមកពីណា? វាបានមកពីកម្ពុជាផ្តល់ឱ្យគាត់ ហើយគាត់យកទៅផ្តល់បន្តឱ្យក្មេងយើងទៅ។ អាហ្នឹងភាពជាម្ចាស់ ដែលយើងទទួលខុសត្រូវបែបនេះ។

សូមក្រឡេកមើលទៅ ៤០ ឆ្នាំមុន តើវាយ៉ាងម៉េច? ហើយ ៤០ ឆ្នាំក្រោយ តើវាយ៉ាងម៉េច?

អញ្ចឹងទេ អម្បាញ់មិញលោក Arminjon បាននិយាយថា គាត់ជាសាក្សីរស់ នៃការដែលប្រជាជនបានទទួលផលប្រយោជន៍ពីការអភិវឌ្ឍនៅកម្ពុជាតាំងពីឆ្នាំ ១៩៩១ មក។ ខ្ញុំចង់អញ្ជើញឯកឧត្តមជិះយន្តហោះទៅជាមួយខ្ញុំ​ ព្រោះថ្ងៃទី ៤ នេះ ខ្ញុំនឹងចូលទៅអានសុន្ទរកថា នៅនឹងទីស្នាក់ការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិតែម្តង ដើម្បីបង្ហាញអំពីវឌ្ឍនភាព នៃដំណើរការសិទ្ធិមនុស្សរបស់កម្ពុជាវាយ៉ាងម៉េច? សិទ្ធិមនុស្សមិនមែននៅក្រោមគ្រាប់ផ្លោងទេណា សិទ្ធិមនុស្សមិនបាននៅក្នុងសង្គ្រាមទេណា សិទ្ធិមនុស្សមិនបាននៅក្រោមការសម្លាប់រៀងរាល់ថ្ងៃទេ។ ឥឡូវបើចង់និយាយពីវឌ្ឍនភាព​ សូមក្រឡេកមើលទៅ ៤០ ឆ្នាំមុន តើវាយ៉ាងម៉េច? ហើយ ៤០ ឆ្នាំក្រោយ តើវាយ៉ាងម៉េច? យើងត្រូវនិយាយគ្នាឱ្យច្បាស់លើរឿងនេះ។ ហើយក៏ត្រូវពិនិត្យប្រទេសដែល ៤០ ឆ្នាំមុន វាល្អ ឥឡូវ វាមិនល្អ តើវាយ៉ាងម៉េច? ប្រៀបធៀបអញ្ចេះបានវាត្រូវ។ បើមើលដើមឈើ ១ ដើមៗ វាយតម្លៃសភាពការណ៍មិនត្រូវទេ។ ឥឡូវ យើងពិនិត្យមើលប្រទេសដែល​មានវឌ្ឍនភាពផ្នែកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យកាលពី ៤០ ឆ្នាំមុន មានអ្វីកើតឡើងនៅក្នុងប្រ​ទេសទាំងនោះទៅហើយមកដល់ពេលនេះ? បានសេចក្តីថា ជាដំណើរថយក្រោយមួយ លើបញ្ហាការគោរពសិទ្ធិមនុស្ស រាប់ទាំងបញ្ហាជនភៀសខ្លួន រាប់ទាំងជនភៀសខ្លួននៅអឺរ៉ុបខ្លួនឯងតែម្តង។

សិទ្ធិមនុស្សត្រូវចាប់ផ្តើមពីសិទ្ធិរស់រានមានជីវិត

កម្ពុជាកាលពីជាង ៤០ ឆ្នាំមុន ស្លាប់រាល់ថ្ងៃ ហើយបន្ទាប់ទៅ សង្គ្រាមក៏នៅបន្ត ក៏មានមនុស្សស្លាប់តទៅទៀត។ តែជាបន្តបន្ទាប់ យើងបានឈានឡើងក្នុងជំហានដ៏ក្លាហានមួយ ការរស់រានមានជីវិតរបស់យើងឡើងវិញ។ យើងបានឃើញជាក់នឹងភ្នែក សិទ្ធិមនុស្សត្រូវចាប់ផ្តើមពីសិទ្ធិរស់រានមានជីវិត មិនមែនចាប់ផ្តើម​ពីសរសេរកាសែតទេ។ បើវាងាប់ទៅហើយ តើវាសរសេរកាសែតថាម៉េច? យើងហ៊ាននិយាយគ្នាយ៉ាងច្បាស់ដូច្នេះ។ ដូច្នេះហើយ បានជាកម្ពុជាមិនព្រមឱនក្បាលជាមួយនឹងការបង្រៀនប្រដៅរបស់អ្នកដទៃ​។ កន្លែងខ្លះ សម្លាប់មនុស្សដោយគ្រាប់បែប គ្រាប់ប្លោង បាញ់ពីលើយន្តហោះមួយថ្ងៃៗងាប់អស់ប៉ុន្មាន? តើគេមានដែលគោរពសិទ្ធិមនុស្សទេ?​ ស្គាល់សិទ្ធិមនុស្សទេ? ឥឡូវយើងបានរស់រានតាំងពីប្រជាជន ៥ លាននាក់ ឡើងដល់ប្រជាជន ១៦ លាននាក់។ កើតនោះកើត។ ប៉ុន្តែខ្ញុំមិនអាចទៅបន្ទោសអ្នកណាទេ​ ព្រោះខ្ញុំបានបំបែកឯតទគ្គកម្ម ខាងផ្នែកកូនច្រើន និងចៅច្រើន។

ចៅរបស់ខ្ញុំ មិនមែនមានត្រឹមតែ ២០ នាក់នោះទេ

មេដឹកនាំនៅលើពិភពលោកលើកលែងតែអ្នកដែលមានប្រពន្ធច្រើន ប៉ុន្តែ បើត្រឹមតែប្រពន្ធមួយដូចខ្ញុំ ហើយមានចៅរហូតដល់ ២០ នាក់ គឺមិនមែនរឿងលេងទេ។ ច្រើនណាស់។ ចៅរបស់ខ្ញុំមិនមែនមានត្រឹមតែ ២០ នាក់នោះទេ។ ចៅៗនៅទីនេះ ដែលជាជនពិការភ្នែក គ-ថ្លង់ ក៏ជាចៅរបស់ ហ៊ុន សែន ដែរ។ ហ៊ុន សែន មានភារកិច្ចទទួលខុសត្រូវ មើលការខុសត្រូវលើរឿងនេះ។ ដូច្នេះ កង្វល់ទាំងឡាយដែលមានពីមុនមក ដែល Arminjon បានលើកឡើងរៀបរាប់ ខ្ញុំអរគុណណាស់ ហើយខ្ញុំចាត់ទុកថា កម្ពុជាមានភ័ព្វសំណាងមួយ កុមារកម្ពុជាដែលពិការភ្នែក និងដែលគ-ថ្លង់ មានភ័ព្វសំណាងមួយ ដោយសារ បើនិយាយពីសម្ភារៈនិយមបដិច្ចសមុប្បាទ គេនិយាយថា សម្ភារៈកើតមុន និងគំនិតកើតក្រោយ។ អញ្ចឹងមានជនពិការភ្នែក មានអ្នកគ-ថ្លង់ ទើបចាប់ផ្តើមបងប្អូនយើង ទាំងជនជាតិបរទេស ទាំងខ្មែរយើង ធ្វើការស្រាវជ្រាវ តាំងពីអក្សរស្ទាប តាំងពីអក្សរសញ្ញា ដែលនៅតាមប្រទេសមួយចំនួន គេក៏បានចាក់ផ្សាយទៅតាមទូរទស្សន៍។

បន្តអំពាវនាវឱ្យស្ថានីយទូរទស្សន៍មានបកប្រែព័ត៌មានជាភាសាសញ្ញា

តែអភ័ព្ទនៅប្រទេសរបស់យើង ណែនាំម្តង បានម្តង ណែនាំ ២ ដង បាន ២ ដង។ មើល! អស់លោកស្ថានីយទូរទស្សន៍នានា ឥឡូវបាយ័នដូចជាបាត់ ឬនៅសល់? ព្រោះកន្លងទៅ តែពេលអានព័ត៌មានតែងតែមានអ្នកបកប្រែភាសាគ-ថ្លង់។ អញ្ចឹង សូមឱ្យទូរទស្សន៍នានានោះ ផ្តល់សិទ្ធិឱ្យអ្នកគ-ថ្លង់បានយល់ផងទៅ ហើយអ្នកធ្វើការនៅគ្រួសារថ្មីនេះ ជាអ្នកដែលនឹងត្រូវឡើងប៉ុស្តិ៍ទៅធ្វើជាសញ្ញាសម្រាប់ដើម្បីការយល់ដឹង។ មុននេះ គឺទូរទស្សន៍បាយ័នបានធ្វើច្រើនជាងគេ តែឥឡូវ ខ្ញុំដូចជាមិនដែលប្រទះឃើញ ឬក៏ខ្ញុំមើលមិនដល់ ព្រោះឥឡូវវាជក់អា Fresh News … ដល់វាសំបូរព័ត៌មាន(ជាងគេ) ដាក់តែអាប៉ុស្តិ៍ Fresh News ហ្នឹងមើលទៅ ក៏មិនសូវបានមើលបាយ័នប៉ុន្មានទេ។ ប៉ុន្តែ សង្ឃឹមថា ទូរទស្សន៍មួយៗ គប្បីរៀបចំឱ្យមានអ្នកបកប្រែ សម្រាប់ការទទួលបានព័ត៌មានរបស់ក្មួយៗចៅៗ ដែលជាអ្នកគ-ថ្លង់។

អ្នកពិការមួយចំនួន បានចូលធ្វើការតាមស្ថាប័នធំៗ

អញ្ចឹងនៅនេះ ចេះតែស្រាវជ្រាវ តាំងពីកុំព្យូទ័រ តាំងពីស្អីៗ ឥឡូវហ្នឹងរហូតទៅដល់បុគ្គលិកមួយចំនួនបានចូលធ្វើការនៅទីស្តីការគណៈរដ្ឋមន្រ្តី ចូលធ្វើការនៅក្រសួងអប់រំ យុវជន និងកីឡា នៅក្រសួងការបរទេស ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងធ្វើកិច្ចការងារមួយចំនួនផ្សេងទៀត។ អ្នកទាំងនោះពិការភ្នែកទេណា ប៉ុន្តែ ពួកគេមានលទ្ធភាពដើម្បីនឹងសរសេរចេញជាអត្ថបទ ហើយយកមកឱ្យយើងអ្នកភ្លឺភ្នែកអានថែមទៀតផង។ នោះហើយជាក្របខណ្ឌនៃការពង្រឹងសមត្ថភាព ដែលមិនមែនគ្រាន់តែអ្នកមានកាយសម្បទាគ្រប់គ្រាន់ទេ សូម្បីតែអ្នកដែលគ្មានកាយសម្បទាគ្រប់គ្រាន់ ក៏យើងបានធ្វើរឿងនេះ។

ទោះបីជាផ្ទេរមកក្រោមក្រសួងអប់រំ ការជួបជុំ/ការឧបត្ថម្ភ/ទទួលខុសត្រូវ/ដំណើរកម្សាន្តប្រចាំឆ្នាំ នៅតែបន្ត

ខ្ញុំអរគុណចំពោះសម្តេចក្រឡាហោម ស ខេង ដែលទទួលខុសត្រូវទៅលើបញ្ហាជួយមើល និងផ្តល់សម្រាប់គ្រួសារថ្មីនៅខេត្តបាត់ដំបង សម្តេចពិជ័យសេនា ទៀ បាញ់ ជួយមើល និងការទទួលខុសត្រូវទៅលើមជ្ឈ​មណ្ឌលនៅខេត្តសៀមរាប ឯកឧត្តម ខៀវ កាញ៉ាឬទ្ធិ ទទួលខុសត្រូវនៅខេត្តកំពង់ចាម។ សូមបញ្ជាក់ចៅៗទាំងឡាយ មិនមែនបន្ទាប់ពីការផ្ទេរ (និង)ទទួលនេះហើយ តាយាយ និងសម្តេចទាំង ២ បូកនឹងរដ្ឋមន្រ្តីមួយនេះ មាននាយករដ្ឋមន្រ្តីមួយធំទទួលមជ្ឈមណ្ឌលនៅភ្នំពេញ កម្មវិធីរបស់យើងជួបគ្នា ២ ដង ក្នុងមួយឆ្នាំនៅតែបន្ត។ កម្មវិធីរបស់ចៅៗដែលធ្លាប់ដើរលេង ក្នុងមួយឆ្នាំ ២ ដង ក៏នៅតែរក្សាទុក។ អ្វីដែលបានផ្តល់​រួចមកហើយ ក៏នៅបន្តផ្តល់ អត់មានដកទេ ចៅៗអត់មានបាត់បង់អីទាំងអស់។ នៅភ្នំពេញថ្មីនេះ គឺសម្រាប់តាយាយ អង្ករមួយតោន និងថវិកា ៣ លានរៀល ហើយកាកបាទក្រហមកម្ពុជាឱ្យមួយឆ្នាំ ២០ លានរៀល។ យើងនៅមានកន្លែងដទៃទៀត នៅបន្តនៅកន្លែងដទៃទៀត។ ឯកឧត្តម ម៉ក់ ពេជ្ជរិទ្ធិ រឿងថ្លៃភ្លើង​ថ្លៃស្អី ដែលធ្លាប់ចេញទាំងប៉ុន្មាន អត់មានដកថយទេណា នៅបន្ត។ ដូច្នេះ ចៅៗកុំបារម្ភ តិចថា ទេអស់ពី Arminjon ទៅ ធ្លាក់មក ហង់ ជួនណារ៉ុន ស្រាប់តែនាំគ្នាដកខ្លួនចេញអស់។ អត់ទេ។

សាងសង់វិទ្យាស្ថានជាតិអប់រំពិសេស មានកំពស់ ៤ ជាន់

មិនត្រឹមតែប៉ុណ្ណឹងទេ ថ្ងៃហ្នឹង ខ្ញុំដោះស្រាយបញ្ហាដែលជាកង្វល់របស់ឯកឧត្តម ហង់ ជួនណារ៉ុន គឺទាក់​ទិនជាមួយនឹងទីតាំងវិទ្យាស្ថានជាតិអប់រំពិសេស។ មិនទាន់មាន​នៅឡើយទេ។ ដោយបច្ចុប្បន្នកំពុងខ្ចីទីកន្លែងរបស់វិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ជាបណ្តោះអាសន្ន។ ពេលដែលខ្ញុំចុះពីឡាន ខ្ញុំបានសួរ ហើយឥឡូវ អភិ​បាលក្រុង ឃួង ស្រេង បានរកឃើញដីខាងនេះហើយ។ រៀបចំដីខាងនេះ ដាក់ឡើង ៤ ជាន់ទៅមើល។ ចាប់ផ្តើមទៅ។ ពិតមែនហើយ ឥឡូវក្រុម ខេង សាម៉េត មានកិច្ចការច្រើនណាស់ធ្វើវិទ្យាស្ថាន កំពុងសាងសង់នូវសាលាច្រើននៅទូទាំងប្រទេស ធ្វើនៅរាជបណ្ឌិតសភា ហើយឥឡូវកំពុងធ្វើនៅស្នាក់ការគណបក្សប្រជាជន។ ប៉ុន្តែ ខ្ញុំគិតថា ត្រូវតែប្រើកម្លាំងមួយផ្នែករបស់គាត់ទៀត ដើម្បីធ្វើអាហ្នឹង។ ខ្ញុំជាអ្នកទទួលខុសត្រូវដោះស្រាយថវិកា ដើម្បីធ្វើ​​ឱ្យកន្លែងហ្នឹងទៅជាមជ្ឈមណ្ឌលនៃការបណ្តុះបណ្តាលមួយជាក់លាក់។

អញ្ចឹង ពង្រឹងតាំងពីវិទ្យាល័យពិសេស ទាំង ៥ កន្លែង ហើយមានវិទ្យាស្ថានមួយសម្រាប់ការបណ្តុះបណ្តាលជាន់ខ្ពស់ថែមទៀត។ ហើយធនធានមនុស្ស យើងអាចជ្រើសរើសនៅក្នុងចំណោមអ្នកដែលរៀនចប់បរិញ្ញា ឬបរិញ្ញាជាន់ខ្ពស់នេះ យកមកបង្រៀនបន្តនៅកន្លែងនេះ ហើយការស្រាវជ្រាវស្អីៗ យើងនៅបន្តទៀត។ អញ្ចឹងចាប់ផ្តើមគូរប្លង់ ឯកឧត្តម ហង់ ជួនណារ៉ុន ជាមួយនឹងអភិបាលក្រុងធ្វើការជាមួយគ្នា ហើយហៅ ខេង សាម៉េត មករៀបចំប្លង់ បើទោះបីជាត្រូវធ្វើ ៥ ជាន់ ក៏ធ្វើ ៥ ជាន់ដែរ។ ប៉ុន្តែ ពិបាកក្មេងបន្តិច ត្រឹម ៤ ជាន់បានហើយ។ ព្រោះនេះជាដីរបស់ក្រុងដដែលទេ។ ប៉ុន្តែ វានៅកន្លែងខាងនោះ។ ប៉ុន្តែ ដីនេះបើសិនជាមានការចាំបាច់ទៅវាយអាណាមួយចេញ រួចហើយយើងសុខចិត្តទៅធ្វើអាគារកន្លែងនោះឱ្យវាខ្ពស់មាំ ព្រោះអាគារខ្លះវាចាស់ហើយ។

យើងត្រូវធ្វើបន្ថែមទៀត។ គ្មានទេ ពាក្យដែលថាដកថយនោះ។ អញ្ចឹងកង្វល់អំពី កន្លងទៅវិទ្យាស្ថាននេះ មកខ្ចីកន្លែងនេះប្រើ ឥឡូវនឹងមានទីតាំងខ្លួនឯង នៅខាងនោះ។ ប៉ុន្តែ វានៅជាប់នេះ ក្មេងដែលរៀនចប់នៅនេះ អាចចូលរៀននៅនោះបន្ត ឬធ្វើយ៉ាងម៉េចអាហ្នឹងជាការទទួលខុសត្រូវរបស់ក្រសួងអប់រំ។ ក៏ប៉ុន្តែ ខ្ញុំសម្រេចដោះស្រាយតាមរបៀបអញ្ចឹងទៅចុះ ធ្វើយ៉ាងម៉េចឱ្យផ្នែកនេះទទួលបាននូវការអប់រំកាន់តែល្អ សុខភាពរបស់កុមារ របស់យុវជន ដែលពិការភ្នែក និងគ-ថ្លង់ នៅតែបានធានា។

អនុវត្តគោលនយោបាយគាំពារសង្គមចំពោះស្ត្រីមានផ្ទៃពោះ កាត់បន្ថយបញ្ហាខ្វះអាហារូបត្ថម្ភកុមារ

ឥឡូវនេះ កម្មវិធីគាំពារសង្គមទៅលើបញ្ហាស្រ្តីមានផ្ទៃពោះ បាន និងកំពុងអនុវត្តហើយ។ ក្នងរយៈពេលតែមួយខែទេ ព្រោះខ្ញុំឱ្យវាយ(បញ្ជូន)ឱ្យខ្ញុំរាល់ថ្ងៃ អ្នកទី ១ វាយឱ្យខ្ញុំ ១ ឆ្នាំជាងហើយ គឺឯកឧត្តម អ៊ិត សំហេង បានវាយឱ្យខ្ញុំជាងមួយឆ្នាំហើយ។ ប៉ុន្តែ ចំពោះម្សិលមិញ ថ្ងៃទី ៣០ បានសេចក្តីថា ស្ត្រីដែលមកពិនិត្យផ្ទៃពោះឆ្លងទន្លេ និងអ្នកដែលមានកូនក្រោមអាយុ ២ មាន ១៨.៧២៥ ករណី។ បានសេចក្តីថា មាន ៣ ផ្នែក ដែលសុំបញ្ជាក់ពីកន្លែងហ្នឹង។ ផ្នែកទី ១ អ្នកដែលមានផ្ទៃពោះភ្លាមទៅពិនិត្យ ត្រូវទៅពិនិត្យ ៤ ដង​។ ពិនិត្យម្តង ទទួលបានប្រាក់ ពីមុន ទៅពិនិត្យ គេទារលុយ ឥឡូវទៅពិនិត្យហើយ គេឱ្យលុយមកផ្ទះ ដើម្បីធានាថា សុខភាពរបស់កុមារនោះជាផ្នែកមួយ នៃអាហារូបត្ថម្ភ មុនពេលសម្រាល របស់ម្តាយ និងទារក។ ដល់ថ្ងៃសម្រាល យើងនឹងឧបត្ថម្ភម្តងទៀត។ បន្ទាប់ពីសម្រាលរួចហើយ យើងត្រូវឧបត្ថម្ភ ៨ ដងទៀត។ ខ្ញុំគិតថា ចំនួនអ្នកដែលបានកើតឡើង ហើយដែលមានបញ្ញាខ្សោយ ឬក៏មានកាយសម្បទាមិនគ្រប់គ្រាន់ នឹងអាចកាត់បន្ថយតាមរយៈនយោបាយគាំពារសង្គមមួយនេះ។ មិនមែនជាការចៃដន្យទេ ដែលយើងចាប់យករឿងនេះយកមកអនុវត្តនោះ។ ប៉ុន្តែ យើងចង់ឱ្យពលរដ្ឋរបស់យើងមានសុខភាពល្អ នេះជារឿង ដែលយើងត្រូវទទួលខុសត្រូវចំពោះពលរដ្ឋរបស់យើង។​

រឿងអកុសលនៅក្រុងព្រះសីហនុ

ប៉ុន្មានថ្ងៃនេះ មានរឿងអកុសលកើតឡើងនៅខេត្តព្រះសីហនុ។ យើងយកការទទួលខុសត្រូវទៅលើបញ្ហានេះ។ សំណងរដ្ឋប្បវេណី​ ដែលត្រូវផ្តល់ ហ្នឹងរឿងមួយរបស់តុលាការ ហ្នឹងទុកឱ្យគេដោះស្រាយ។ ប៉ុន្តែ រាជរដ្ឋាភិបាល និងសប្បុរសជន បានចេញមុខដោះស្រាយបញ្ហានេះ។ គ្រួសារដែលស្លាប់ម្នាក់ ទីកន្លែងខ្លះបានលើសជាង ១០ ម៉ឺនដុល្លារឯណោះ។ ប៉ុន្តែ ទោះបីជា ១០ ម៉ឺនដុល្លារ វាមិនអាចប្តូរយកនូវជីវិតមនុស្សបានមកវិញទេ។​ ប្រសិនបើក្រុមគ្រួសារនោះចេះប្រើប្រាស់នូវថវិកានោះ គេមិនធ្លាក់ទៅក្នុងភាពក្រីក្រទេ។ រឿងវាមិនងាយស្រួលទេ។ សេង ទៀង ដើរប៉ុន្មានថ្ងៃនេះ។ ករណីប្តីស្លាប់ ប្រពន្ធនៅរស់ ផ្តល់លុយឱ្យទៅប្រពន្ធ វាជារឿងងាយស្រួលទេ។ ដាក់លុយនៅធនាគារ ហើយយកប័ណ្ណធនាគារយកទៅឱ្យប្រពន្ធ រួចហើយបើកលុយទៅ កុំឱ្យចោរវាលួច ព្រោះចោរអត់ស្គាល់ជនរងគ្រោះទេ។ កូនដែលមានឪពុកម្តាយ ហើយដែលបានស្លាប់ ដែលគេមិនទាន់មានប្រពន្ធ យកថវិកានោះទៅឱ្យឪពុកម្តាយ គឺមិនលំបាកទេ។ រឿងដែលលំបាក ឪពុកម្តាយស្លាប់ទាំង ២ បន្សល់ទុកនូវកូន ដូចករណីនៅខេតុ្តក្រចេះ។ កូនគ្រប់វ័យទាំងអស់ កូន ១ មានប្តី កូន ២ នៅលីវ ប៉ុន្តែ សុទ្ធតែគ្រប់អាយុទាំងអស់។ ចែកស្មើៗគ្នា។

មិនទុកឱ្យកូនដែលឪពុកម្តាយបានស្លាប់ចោលក្នុងហេតុការណ៍បាក់អាគារ មិនបានទទួលការអប់រំនោះទេ

រឿងកើតឡើងនៅកំពង់ឆ្នាំង ១ ករណី កើតឡើងនៅបាត់ដំបង ១ ករណី  ឪពុកម្តាយស្លាប់ទាំងអស់ នៅសល់កូនជាអនីតិជន។ អញ្ចឹងយើងត្រូវទទួលខុសតាមមើលរឿងហ្នឹងតទៅទៀត ដោយមិនត្រូវទុកឱ្យកូនក្មេងនេះគ្នាមិនត្រូវបានទទួលការអប់រំរៀនសូត្រនោះទេ។ អញ្ចឹងអាជ្ញាធរគ្រប់ទីកន្លែងត្រូវតាមមើលបញ្ហាទាំងអស់ហ្នឹង។ ឪពុកម្តាយរបស់គេបានស្លាប់ទៅហើយ ជួនកាលគេមិនបានប្រើលុយហ្នឹងទៅចំគោលដៅ។ យើងជួយតម្រង់ទិស។ ប៉ុន្តែ សម្រាប់អ្នកដែលគ្រប់អាយុហើយនោះ គឺគេអាចទទួលកាន់នូវប្រាក់ ព្រោះបើសិនជាឪពុកម្តាយស្លាប់ទាំង ២ នាក់ ថវិកាគ្រាន់តែសប្បុរសជនផ្តល់ជូនវាឡើងជាង ១៦ ម៉ឺនដុល្លារ បូកនឹងថវិការដ្ឋាភិបាល ២ ម៉ឺនទៀត វាឡើង ១៨ ម៉ឺនដុល្លារ និងសប្បុរសជនចូលដទៃទៀត គឺជិត ២០ ម៉ឺនដុល្លារឯណោះ។

អ្នកចូលរួមជួយសង្គ្រោះ និងរុករក នឹងទទួលបានការបំពាក់មេដាយមាស

ធ្វើកម្មករគេស្ទើរតែមួយជីវិត វាមិនបានលុយប៉ុណ្ណឹងទេ ប៉ុន្តែ យើងមិនថាច្រើនទេ។ អ្នកខ្លះចូលមក comment ថាច្រើនពេកហើយ។ អ្នកហ្នឹងហាក់ដូចជាឈ្មោះសរសេរអក្សរអាឡឺម៉ង់ ប្រហែលជា comment ពីក្រៅប្រទេស ថាច្រើនពេកហើយ។ ពេលហ្នឹងទើបតែបាន ៧ ម៉ឺនទេ ថាច្រើនពេកហើយ។ គួរតែចែកខ្លះឱ្យទៅអ្នកចូលរួមសង្គ្រោះ។ ខ្ញុំបានប្រាប់ត្រឡប់ទៅវិញថា ​អត់ទេ។ លុយខ្ញុំអំពាវនាវគេសម្រាប់អ្នកត្រូវរបួស និងអ្នកស្លាប់។ ឯអ្នកដែលគេចូល គឺតម្រង់គោលដៅតែ ២ ទេ។ ឯអ្នកដែលធ្វើបេសកកម្មសង្រ្គោះ ខ្ញុំជាអ្នកផ្តល់ជូន ដោយបុរសបានទទួល ២០០ ដុល្លារ និងស្រ្តីបានទទួល ៣០០ ដុល្លារ។ គេដាក់សួរមកទៀត ថាម៉េចបានស្ត្រីបានច្រើនជាង? ខ្ញុំក៏ឆ្លើយតបត្រឡប់ទៅវិញថា ស្ត្រីគ្នាមានការលំបាកជាង សូម្បីតែបត់ជើងតូចបត់ជើងធំ ក៏វាពិបាកដែរនៅកន្លែងហ្នឹងនោះ។ ប្រុសៗវាស្រួលទេ ជួនកាលទៅចាំងនៅជញ្ជាំងផ្ទះត្រង់ណាមួយ … ហើយគេ(ស្រ្តី)តែ ៣៥ នាក់ទេ។

ខ្ញុំនឹងធ្វើពិធីបំពាក់មេដាយមាសតែម្តង។ បងប្អូនខ្លះ comment ថា គួរមានលិខិតសរសើរសម្រាប់បំពាក់​មេដាយមាសឱ្យ ព្រោះនេះគឺជាការរួបរួមសាមគ្គីគ្នាល្អណាស់ នៅក្នុងដំណើរសង្គ្រោះនៅក្នុងខេត្តព្រះសីហនុ ពិតមែនតែសោកនាដកម្មវាបានកើតរួចទៅហើយ។ ប៉ុន្តែ រឿងបាក់អគារមិនមែនរឿងដាច់ដោយឡែករបស់កម្ពុជាឯ​ណា វាធ្លាប់បាក់នៅបង់ក្លាដេស វាធ្លាប់បាក់នៅឥណ្ឌា វាធ្លាប់បាក់នៅតៃវ៉ាន់ ធ្លាប់បាក់នៅចិន ធ្លាប់បាក់នៅប្រទេសនេះ ធ្លាប់បាក់នៅប្រទេសនោះ វាធ្លាប់មានតែហូរហែរមកអញ្ចឹង តែយើងមិនចង់ឱ្យកើតករណីហ្នឹងទេ។

អំណោយ

ហើយថ្ងៃនេះ ឯកឧត្តម ហង់ ជួនណារ៉ុន បានសួរខ្ញុំថា តើយើងធ្វើកម្មវិធីផ្លូវការ ឬពាក់កណ្តាលផ្លូវការ? បើពាក់កណ្តាលផ្លូវការ ត្រូវមានក្មេងៗទទួលទានអាហារ។ ខ្ញុំថា យកអាពាក់កណ្តាលផ្លូវការ ព្រោះបានមកជួបក្មេងហើយ ឱ្យក្មេងទទួលទានអាហារ។ ប្រមូលមកជុំគ្នាទាំងអស់ហើយថ្ងៃនេះ កុមារពិការភ្នែក គ-ថ្លង់ និងកុមារកំព្រាទាំងអស់ មាន ៨៩៦ នាក់ ថ្ងៃនេះ ចៅៗទាំងអស់បានទទួលឃីត ១ កញ្ចប់ ដែលមានស្អី​ៗនៅក្នុងហ្នឹង តាំងពីនំ ស្ករគ្រាប់​ ទឹកក្រូច ទឹកសុទ្ធ ហើយថវិកា ៥ ម៉ឺនរៀល សម្រាប់ម្នាក់ៗ សម្រាប់ចៅៗ។ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកចំនួន ២៦៥ នាក់ ក៏បានទទួលឃីតមួយដែរ ហើយនិងថវិកា ១០ ម៉ឺនរៀល។ ជូនវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី និងវិទ្យាល័យអប់រំពិសេសច្បារអំពៅ វិទ្យាល័យអប់រំពិសេសខេត្តបាត់ដំ​បង វិទ្យាល័យអប់រំពិសេសសៀមរាប និងវិទ្យាល័យអប់រំពិសេសខេត្តកំពង់ចាម ក្នុងមួយវិទ្យាល័យទទួលបាន មី ២០ កេស ត្រីខ ៥ កេស ប៊ីចេង ៥ គីឡូ ស្ករស ២៥ គីឡូ ទឹកក្រូច ២០ កេស ទឹកសុទ្ធ ២០ កេស ហើយថវិកា ៥ លានរៀលដែរ។ ជូនវិទ្យាស្ថានជាតិអប់រំពិសេស ថវិកា ១០ លាន(រៀល) ទោះបីមិនទាន់មានអាគារក៏ដោយ ក៏ប៉ុន្តែ ជូន ១០ លាន(រៀល)។ ជូនមណ្ឌលផ្កាម្លិះចិត្តសាស្ត្រសង្គម (ថវិកា) ៥ លាន(រៀល)។ ជូនមណ្ឌលកុមារកំព្រាភ្នំពេញ ៥ លាន(រៀល)ដែរ។ អ្នកដែលជាប់ជិតខាងហើយនេះ ថ្ងៃហ្នឹងក៏ហៅមកទទួលទានអាហារនៅហ្នឹងជាមួយគ្នា។ អាហារថ្ងៃនេះឡើងទៅដល់ ១២០ តុ។

បញ្ហាសិទ្ធិមនុស្ស កុំមើលឈើមួយដើម ត្រូវមើលព្រៃទាំងមូល

យើងគិតបាយនៅហ្នឹងឬអី? បាយទេ? បើថាបាយ ឱ្យគេរៀបចំនេះ? ឬក៏ទៅផ្ទះ? ព្រោះអត់ទាន់រៀបចំឥវ៉ាន់អស់ទេ។ សុន្ទរកថាអីៗព្រៀងហើយ។ ស្អែកហ្នឹងទៅដល់ម៉ោង ៤:៣០ នាទីល្ងាច យើងបានសម្រាក ១ យប់ដែរ។ ព្រឹកឡើងជួបអគ្គនាយក WTO ហើយ ឡើងថ្លែងសុន្ទរកថាបើក។ ពេលល្ងាចសកម្មភាពវប្បធម៌ ដែលកម្ពុជាធ្វើជាម្ចាស់ទៀត។ ប៉ុន្តែ ធ្វើនៅស្នាក់ការរបស់អង្គការពាណិជ្ជកម្មពិភពលោក។ ដល់ព្រឹកថ្ងៃទី ៤ ទៅអានសុន្ទរកថាមួយ ជាមួយនឹងស្នាក់ការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។ មើល! យើងនិយាយគ្នាម្តង ទាក់ទិនជាមួយនឹងបញ្ហាសិទ្ធិមនុស្សបន្តិចមើល។ តែខ្ញុំនិយាយជាក្របខណ្ឌម៉ាក្រូទេ កុំមើលឈើមួយដើមៗ មើលទាំងមូល។ សិទ្ធិរស់រានមានជីវិតរបស់កម្ពុជា តាំងពីមនុស្ស ៥ លាន(នាក់) ឡើងដល់ទៅ ១៦ លាន(នាក់) មិនមែនរឿងលេងទេ។ តាំងពីក្រ ១០០% មកនៅកម្រិតក្រីក្រត្រឹម ១០% ទទួលបានទេអាហ្នឹង? ពីដើម ឱ្យតែគ-ថ្លង់ហើយ ឱ្យតែពិការភ្នែកហើយ គឺចាត់ទុកថាអស់សង្ឃឹមហើយ។

ឥឡូវនេះ តើយើងកំពុងអនុវត្តនេះ ជាសិទ្ធិទេ? សិទ្ធិវាមិនមែនស្ថិតនៅត្រឹមអាបញ្ចេញមតិបន្តិចត្រង់នេះ ជេរ​គេត្រង់នេះ/នោះ បង្កើតរឿងនេះ/នោះទេ សិទ្ធិមានច្រើនយ៉ាងណាស់។ បើគ្រាន់តែមើលឈើមួយដើម​ៗ ជេរប្រទេចផ្តាសាទៅ ប៉ុន្តែ បើមើលទិដ្ឋភាពសង្គមទាំងមូល ដែលទទួលបាននូវសេរីភាព/សិទ្ធិ រាប់ទាំងសិទ្ធិដែលអម្បាញ់មិញនេះ បណ្តាទូរទស្សន៍ដែលមិនព្រមយកអ្នកបកប្រែ(ភាសាគ-ថ្លង់)ទៅ អ្នកឯងកំពុងកាត់សិទ្ធិ ចំពោះអ្នកគ-ថ្លង់ហើយ។ អញ្ចឹង សុំម្ចាស់ទូរទស្សន៍ទាំងឡាយអនុវត្តនូវរឿងនេះ។ ពេលដែលមានព័ត៌មាន ហៅយកទៅ កុំកាត់សិទ្ធិយល់ដឹងអំពីបណ្តាព័ត៌មានសម្រាប់អ្នកគ-ថ្លង់។ សម្រាប់អ្នកពិការភ្នែក គឺគាត់អាចស្តាប់នឹងត្រចៀកបាន ប៉ុន្តែ អ្នកដែលគ-ថ្លង់ គ្នាស្តាប់អត់បានទេ។ អញ្ចឹង ត្រូវមានសញ្ញាភាសាគនៅទីនោះ។ យើងគិតសព្វ/គ្រប់ ឯគេគិតតែពីរឿងសិទ្ធិម្យ៉ាងគត់។ វាខុសគ្នាអាកន្លែងហ្នឹង ទស្សនទានអំពីបញ្ហាសិទ្ធិមនុស្ស។

ក្នុងឋានៈជារដ្ឋឯករាជ្យ និងអធិបតេយ្យ មិនចង់ឱ្យអ្នកណាមកធ្វើគ្រូប្រៀនប្រដៅយើងនោះទេ

ខ្ញុំមិនចង់ធ្វើជាគ្រូប្រៀនប្រដៅអ្នកណាទេ តែក៏មិនចង់ឱ្យអ្នកណាមកធ្វើគ្រូប្រៀនប្រដៅសម្រាប់យើងដែរ ក្នុងឋានៈជារដ្ឋឯករាជ្យ និងអធិបតេយ្យ។ ខ្ញុំក៏មិនដឹងថា តើមានបាតុកម្មប្រឆាំងខ្ញុំ ឬអត់? តែទោះ​បីជាឡើងភ្នំភ្លើង ក៏ខ្ញុំទៅហ្សឺណែវដែរ។ ម៉ោង ៤ ល្ងាច ថ្ងៃទី ៤ ខ្ញុំនឹងជួបពលរដ្ឋខ្មែរយើងប្រមាណជា ៤០០ នាក់ ព្រោះយើងកន្លែងក៏ពិបាក ហើយម្យ៉ាងទៀតចំថ្ងៃធ្វើការ តែខ្ញុំជួបពួកនិស្សិត និងពលរដ្ឋខ្មែរយើង ដែលរស់នៅអឺរ៉ុបប្រមាណជា ៧០០ នាក់។ ទៅលើកមុន គេធ្វើបាតុកម្មពេញទីនោះ ប៉ុន្តែ ដល់ពេលខ្ញុំទៅអត់មានអ្នកណាធ្វើបាតុកម្មទៅវិញ។ វាឆ្ងល់ត្រង់នេះ? ឥឡូវ ខ្ញុំសុំអំពាវនាវពួកនៅអឺរ៉ុប ចេញមកហ្សឺណែវ តទល់ជាមួយក្រុមអ្នកទទួលទៅមើល វាយ៉ាងម៉េច? ពូកែរឿងធ្វើបាតុកម្មម្ល៉េះ? អាក្រុមមកធ្វើបាតុកម្មវាតិចជាងក្រុមមកទទួលស្វាគមន៍នាយករដ្ឋមន្ត្រីរបស់ប្រទេស។ នៅទីក្រុងប៉ារីសកាលពីជំនាន់ប្រធានាធិបតី François Hollande  ខ្ញុំទៅទស្សនកិច្ច អាបាតុកម្មរឹកៗ រួចវាយកពងមាន់ទៅគប់អ្នកមកចូលរួមទទួលខ្ញុំទៅទៀត។ វាអញ្ចឹងៗ។ ដល់អ្នកមកទទួលខ្ញុំ វាច្រើនជាង។ តែអាហ្នឹងជាសេរីភាព។ ខ្ញុំបានឱ្យព័ត៌មាននេះ ថាខ្ញុំនឹងទៅហ្សឺណែវថ្ងៃទី ២ នេះ ដូចជា ៣ អាទិត្យ មុនឯណោះ។ អញ្ចឹង ល្មមប្រមូលមនុស្សមកធ្វើបាតុកម្មបានហើយ។ បង្ករឿងឱ្យវាបានច្រើនបន្តិច អាហ្នឹងកាន់តែល្អ។ ខ្ញុំមិនឌឺឱ្យអ្នកណាទេ។

សូមប្រឹងរៀនសូត្រ យើងពិការតែរាងកាយ តែចិត្តយើងមិនពិការទេ

ប៉ុន្តែ ចៅៗ តាផ្តាំ ប្រឹងរៀនចៅ។ យើងកាយសម្បទាមិនគ្រប់គ្រាន់ និយាយតាមមួយបែបថា យើងពិការតែកាយ ចិត្តរបស់យើងអត់ពិការទេ។ តាក៏ជាជនពិការម្នាក់ដែរ សំណាងហើយនៅបានម្ខាង។ ហើយវាឆ្ងាញ់ជេរឯង អាខ្វាក់លេងទៀត។ ឥឡូវ ចៅៗរួមចំណែកជាមួយតាទេ? ចៅខូចភ្នែកទាំងពីរ និយាយថា ខ្វាក់ទាំងពីរ តាខ្វាក់តែម្ខាង វាជេរតាអាខ្វាក់ តើចៅឈឺចាប់ជាមួយតាទេ? តើពួកទាំងអស់ហ្នឹង វាគោរពសិទ្ធិមនុស្សទេ ដែលវាហ៊ានជេរមនុស្សខ្វាក់ ថាអាខ្វាក់ អាកំបុត? រឿងវាអញ្ចឹងបានជាវាមិនអាចនៅជាមួយគ្នាបាន ហើយវាព្រាត់ប្រាសទៅ។ ដល់ស្រួលបួលមានស្អី គេនៅជាមួយតើ។

គ្រូៗក្រៅពីចូលក្របខណ្ឌ និងទទួលបៀវត្សរ៍តាមកាំប្រាក់របស់គ្រូ នៅមានប្រាក់ប៉ូវបន្ថែម

ចៅៗត្រូវប្រឹង។ អ្នកគ្រូ នាង ផល្លា នៅតែនៅជាមួយកូនៗចៅៗ(ដូច)ដែលធ្លាប់បានដឹងរួចហើយ​។ គ្រូៗទាំងឡាយបានចូលក្របខណ្ឌ ហើយស៊ីប្រាក់បៀវត្សរ៍តាមកាំប្រាក់របស់គ្រូហើយ មានប្រាក់ប៉ូវថែមទៀត។ អញ្ចឹង លោកគ្រូ អ្នកគ្រូ ក៏សម្រាលការលំបាកមួយផ្នែក ជាមួយនឹងការដែលខ្លួនត្រូវលំបាកនូវក្នុងការថែទាំអ្នកពិការភ្នែក អ្នកគ-ថ្លង់។

ផ្តាំចុងក្រោយ ខ្ញុំនឹងតាមមើលគ្រប់ប៉ុស្តិ៍ម្តងនេះ។ ប៉ុស្តិ៍ណាផ្តល់សិទ្ធិឱ្យមនុស្សគ-ថ្លង់។ ប៉ុស្តិ៍ណាមិនផ្តល់សិទ្ធិ តានឹងតាមមើល ហើយនឹងទូរស័ព្ទត្រង់ទៅរកម្ចាស់ស្ថានីយ៍ទូរទស្សន៍នោះតែម្តង។ បើម្ចាស់ស្ថានីយ៍ទូរទស្សន៍ឆ្លើយថា អត់ចំណេញទេ ខាតរាល់ខែ តានឹងសួរភ្លាមថា ព័ត៌មានម្តងចំណាយលុយប៉ុន្មាន? ជួយចេញទូរទស្សន៍ទៀត ដើម្បីផ្តល់សិទ្ធិឱ្យចៅៗបានទទួលនូវព័ត៌មានជាក់លាក់ តាមរយៈមធ្យោបាយទូរ​ទស្សន៍ដែលយើងមាន។

បង្កើតឱ្យមានវិទ្យាស្ថាន ដើម្បីឱ្យអ្នកគ-ថ្លង់ អ្នកពិការភ្នែក មានលទ្ធភាពរៀនដល់ឧត្តមសិក្សា

វិទ្យាស្ថានរបស់យើងនៅតែបន្តធ្វើការស្រាវជ្រាវ ហើយលោក Arminjon នៅពេលណាដែលស្រាវជ្រាវបាននូវធាតុចូលអ្វីថ្មី សូមកុំភ្លេចកម្ពុជា។ បញ្ជូនអាហ្នឹងចូលមក ត្រូវធ្វើអាហ្នឹង។ ហើយ ២ ឆ្នាំ មករួមគ្នាធ្វើសវនកម្ម ប្រៀបធៀបនឹងពេលដែលផ្ទេរ បន្ទាប់ទៅ តើថយក្រោយ ឬទៅមុខ? ខ្ញុំសង្ឃឹមថា មិនថយក្រោយទេ យោងទៅលើការប្តេជ្ញាចិត្ត។ មិនមែនគ្រាន់តែប្តេជ្ញាមាត់ទទេនោះទេ ប្តេជ្ញាធ្វើសកម្មភាព រាប់ទាំងថ្ងៃនេះ ដោះស្រាយបានយ៉ាងហោច ៤ ជាន់ ធ្វើអាហ្នឹងឱ្យវាទៅជាវិទ្យាស្ថានមួយសមរម្យ ជាមួយនឹងវិទ្យាល័យពិសេសនៅទីនេះ វាមានវិទ្យាស្ថានមួយទៀត (វាស្មើនឹងឧត្តមសិក្សា) ដើម្បីឱ្យអ្នកគ-ថ្លង់របស់យើង​ អ្នកពិការភ្នែករបស់យើង មានលទ្ធភាពរៀនដល់ឧត្តមសិក្សា។ ហើយចៅៗ គឺមានការប្រឹង។

អរគុណអ្នកទាំងឡាយ ដែលបានចូលរួមនៅទីនេះ ហើយពិសេសប្រិយមិត្តដែលអញ្ជើញមកពីអឺរ៉ុប (ដែល)ធ្វើដំណើរមកពីចម្ងាយ។ សូមកុំបារម្ភ ខ្ញុំយកការទទួលខុសត្រូវ ហើយ ២ ឆ្នាំ ក្រោយអាចមកជាមួយ Arminjon ម្តងទៀត ដើម្បីពេលនោះធ្វើសវនកម្មរួចហើយ យើងអាចជួបជុំគ្នានិយាយអំពីថា វឌ្ឍនភាពបែបណា ដែលយើងទទួលបានបន្ទាប់ពីការផ្ទេរ? អ្នកទាំងនេះក៏មានរួមចំណែក ទោះតិច ឬច្រើន ក៏បានរួមចំណែកអមដំណើរគ្រួសារថ្មីរហូតមកដល់ដំណាក់កាលត្រូវផ្ទេរជាផ្លូវការនៅថ្ងៃនេះ។ ជូនពរអ្នកទាំងអស់គ្នា ជាពិសេស ចៅៗទាំងឡាយ ទទួលបាននូវសេចក្តីសុខ/ចម្រើន ទាំងអ្នកកាន់សាសនាព្រះពុទ្ធ ទាំងអ្នកកាន់សាសនាគ្រឹស្ត ទាំងអ្នកកាន់សាសនាឥស្លាម ទាំងហិណ្ឌូដែលមានវត្តមាននៅទីនេះ ទទួលបានសេចក្តីសុខទាំងអស់គ្នា៕