រដ្ឋមន្រ្តីសហប្រតិបត្តិបត្តិការអភិវឌ្ឍន៍ និងពាណិជ្ជកម្មអន្តរជាតិហ្វាំងឡង់ បញ្ជាក់ ពីការលើកកម្ពស់ទំនាក់ទំនងជាមួយកម្ពុជាឱ្យកាន់តែប្រសើរឡើង

13

ភ្នំពេញ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ –ឯកឧត្តម Ville Skinnari រដ្ឋមន្រ្តីសហប្រតិបត្តិបត្តិការអភិវឌ្ឍន៍ និងពាណិជ្ជកម្ម​អន្តរ​ជា​តិ​ នៃប្រទេសហ្វាំងឡង់មានប្រសាសន៍បញ្ជាក់ថា ដោយទំនាក់ទំនងរវាងហ្វាំងឡង់​និងកម្ពុជា​នៅ​​មានកម្រិតនោះ ប្រទេសហ្វាំងឡង់កំពុងតែស្វែងរកកុងស៊ុលកិត្តិយស ដើម្បីលើកកម្ពស់ទំ​នា​​ក់ទំនងជាមួយកម្ពុជាឱ្យកាន់តែប្រសើរថែមទៀតនាពេលខាមុខ។

ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីបានថ្លែងដូច្នេះប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពី​ស​ម្ដេ​ច​អ​គ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត​ឱ្យ​ឯកឧត្ដម Ville Skinnari រដ្ឋមន្រ្តីសហប្រតិបត្តិបត្តិការអភិវឌ្ឍន៍ និងពាណិជ្ជកម្ម​អន្តរ​ជា​តិ​ នៃ​ប្រ​ទេសហ្វាំងឡង់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ​២០​១​៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្នុង​ខ​ណៈ​ដែលសម្ដេចដឹកនាំគណៈ​ប្រតិភូទៅចូលរួម​កិ​ច្ច​​ប្រជុំ «ត្រួត​ពិ​និ​ត្យ​ឡើង​វិញជា​ស​កល​លើជំ​នួ​​យសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០១៩»។ ជាកិច្ច​ចា​ប់​ផ្តើម​នៃកិច្ចពិភាក្សា សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណនាយករដ្ឋមន្ត្រីហ្វាំងឡង់ ដែ​​លបានលក់ម៉ាស៊ីនភ្លើងដល់ប្រទេសកម្ពុជាកន្លងទៅ ជាពិសេសការគាំទ្រដល់​វិស័យថាម​ព​ល​។

ឯកឧត្តម វិល ស្គីនណារី មានប្រសាសន៍សម្ដែងការអរគុ​ណចំពោះសម្តេចតេ​ជោ​នា​យ​ក​រដ្ឋ​​មន្ត្រី ដែលបានផ្តល់ឱកាសជួបពិភាក្សាការងារនាពេលនេះ។ ឯកឧត្តមរដ្ឋមន្ត្រី បានគូស​បញ្ជា​ក់ថា ទំនាក់ទំនងរវាងហ្វាំងឡង់ និងកម្ពុជានៅមានកម្រិត ហើយដើម្បីជំរុញការ​ងារទំនា​ក់​ទំ​នងនេះ ហ្វាំងឡង់កំពុងតែស្វែងរកកុងស៊ុលកិត្តិយស ដើម្បីជួយលើកតម្កើងដល់​ទំនាក់ទំ​ន​ង​​រវាងហ្វាំងឡង់ និងកម្ពុជានាពេលខាងមុខ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអបអរសាទរ និងកោត​សរ​សើរចំពោះកំណើនសេដ្ឋកិច្ចកម្ពុជាដែលជាកំណើនសេដ្ឋកិច្ចដ៏ល្អ ដោយឯកឧត្តមគូស​ប​ញ្ជា​​ក់ថា ឯកឧត្តមពិតជារីករាយដែលឃើញក្រុមហ៊ុនរបស់ហ្វាំងឡង់ ចុះកិច្ចព្រម​ព្រៀងលក់​ម៉ា​ស៊ីន​ភ្លើងដល់ប្រទេសកម្ពុជា ដែលជាម៉ាស៊ីនភ្លើងបញ្ចេញផ្សែងពុលកម្រិតទាបបំផុត។ ឯកឧត្តម បាន​បញ្ជាក់ទៀតថា ប្រទេសហ្វាំងឡង់អាចជួយគ្រប់គ្រងកាកសំណល់ ហើយក៏ចាប់អារម្មណ៍​លើវិស័យ​ផ្សេងៗទៀតផងដែរ។ ឯកឧត្តមយល់ថា ក្រុមហ៊ុនរបស់ហ្វាំងឡង់អាចនឹងមក​បណ្តា​ក់​​ទុនរកស៊ីនៅកម្ពុជានាពេលខាងមុខ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សម្តេចធ្លាប់បានអញ្ជើញបំពេញ​ទស្ស​ន​​កិច្ចនៅប្រទេសហ្វាំងឡង់កាលពីឆ្នាំ២០០៦ ក្នុងក្របខណ្ឌកិច្ចប្រជុំអាស៊ី-អឺរ៉ុប ដែលហ្វាំង​ឡ​ង់​​ធ្វើជាម្ចាស់ផ្ទះ។ តាមរយៈឯកឧត្តមរដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីរំពឹងថា មេ​ដឹកនាំប្រទេសហ្វាំងឡង់ នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នាឆ្នាំ២០២០ នៅ​រា​ជ​​ធានីភ្នំពេញ។ សម្តេចតេជោ ហ៊ុន សែន សង្ឃឹមផងដែរថា ប្រទេសហ្វាំងឡង់នឹងគាំទ្រកម្ពុជា​ធ្វើ​ជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ី-អឺរ៉ុបនេះ។សម្តេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ដែរថា កា​រ​​លក់ម៉ាស៊ីនភ្លើងដែលមានអាចផលិតថាមពលរហូតដល់ ២០០មេហ្គាវ៉ាត់នេះ ជាការធ្វើពាណិជ្ជ​កម្ម​មួយដ៏សំខាន់ ដោយសារកន្លងទៅកម្ពុជាខ្វះអគ្គិសនី។ អ្វីដែលកម្ពុជាចង់ជំរុញ គឺធ្វើយ៉ាង​ណា​ឱ្យការបញ្ជូនម៉ាស៊ីនភ្លើងមកដល់កម្ពុជាឱ្យបានឆាប់ៗនាពេលខាងមុខ។

សម្តេចតេជោ ហ៊ុ​ន​ សែន បានលើកឡើងអំពីការនាំចេញអង្កររបស់កម្ពុជាមកកាន់ទីផ្សារ​សហគមន៍​អឺរ៉ុប​ផង​ដែរ​ ដោយក្នុងនោះ សម្តេចបានស្នើប្រទេសហ្វាំងឡង់ គាំទ្រនូវគោលជំហររបស់កម្ពុជាក្នុង​ការ​លក់​អង្ក​រ​ ដោយសារកម្ពុជាមានអង្ករចំណាត់ថ្នាក់លេខ១នាំចេញមកអឺរ៉ុប។ សម្តេចតេជោក៏បាន​លើ​​​​​កឡើងផងដែរថា ចំពោះការយកពន្ធលើអង្ករកម្ពុជា ដោយសម្ដេចថ្លែងថា ការយកពន្ធនេះ​មិន​យុ​ត្តិធម៌សម្រាប់កម្ពុជានោះឡើយ ក្នុងការប្រកួតប្រជែងលើទីផ្សារសេរីនេះ។ សម្តេចតេ​ជោ​​នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា អាស៊ាន និងសហភាពអឺរ៉ុប ជាដៃគូយុទ្ធសាស្ត្រជា​មួយ​គ្នា​។ វាជារឿងសំខាន់ណាស់សម្រាប់តំបន់ទាំងពីរនេះក្នុងការធ្វើការជាមួយ​គ្នាទាំងពេលកន្លង​ទៅ​ ក៏ដូចជាពេលខាងមុខ។ សម្តេចតេជោ បានបញ្ជាក់ទៅរដ្ឋមន្ត្រីហ្វាំងឡង់ថា ឥឡូវនេះ​ភាគី​ទាំ​ងពីកំពុងចរចារិះរកវិធីធ្វើជំរុញការធ្វើពាណិជ្ជកម្មសេរីរវាងតំបន់ទាំងពីរ។

សម្តេចតេជោ ហ៊ុ​ន​ សែន បានស្នើហ្វាំងឡង់ ជំរុញគណៈប្រតិភូវិនិយោគមកកាន់កម្ពុជា ដើម្បីសិក្សាស្វែងយល់​លើ​វិស័យដែលអាចវិនិយោគជាមួយគ្នាបាន។ លើសពីនេះទៀតសម្តេចតេជោ ក៏បានគូសប​ញ្ជា​ក់ថា ក្រៅពីវិស័យថាមពលអាចមានវិស័យផ្សេងៗទៀត ដែលប្រទេសហ្វាំងឡង់ និងក្រុម​ហ៊ុន​របស់ហ្វាំងឡង់អាចសិក្សាវិនិយោគ រួមលើសហគ្រាសធុនតូច និងមធ្យមផងដែរ។​ សម្តេ​ច​​​តេជោ បានសង្កត់ធ្ងន់ថា សម្តេចចង់ឃើញក្រុមហ៊ុនហ្វាំងឡង់វិនិយោគនៅកម្ពុជា ដោយ​អា​ច​​កែច្នៃនៅកម្ពុជាហើយនាំចេញទៅហ្វាំងឡង់ និងប្រទេសផ្សេងៗទៀត។ សម្តេចតេជោ គូស​បញ្ជា​ក់ថា កម្ពុជាត្រូវការអ្នកវិនិយោគពីហ្វាំងឡង់ ហើយក៏ត្រូវការពង្រីកទីផ្សារជាមួយហ្វាំង​ឡ​ង់​ផងដែរ សម្រាប់ផលិតផលរបស់កម្ពុជា។ សម្តេចតេជោបានគូសបញ្ជាក់ទៀតថា នៅពេល​នេះ​ ប្រទេសកម្ពុជាបានទិញ និងនាំចូលផលិតពីហ្វាំងឡង់ច្រើនជាង ប្រទេសហ្វាំងឡង់ទិញ ឬ​នាំចូលផលិតផលរបស់កម្ពុជាទៅហ្វាំងឡង់។ សម្តេចតេជោ បានមានប្រសាសន៍ប្រា​ប់រដ្ឋ​ម​ន្ត្រី​ហ្វាំ​ងឡង់ថា សម្តេចចង់ឃើញទំហំពាណិជ្ជកម្មកម្ពុជា និងហ្វាំងឡង់មានការកើនឡើង​នា​ពេ​លខាងមុខ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងថា កម្ពុជាមានធនធានធម្មជាតិ​ដូ​ច្នេះ​ហ្វាំងឡង់ចូលរួមវិនិយោគ និងកែច្នៃសម្រាប់នាំចេញ។ ពាក់ព័ន្ធកាកសំណល់វិញ ដែល​ជា​រឿង​​រសើបមួយនៅកម្ពុជានោះ សម្តេចតេជោ បានស្នើហ្វាំងឡង់ពិនិត្យវិនិយោគប្រសិន​បើមាន​ការ​ចាប់អារម្មណ៍។

សម្តេចតេជោបានបញ្ជាក់ថា រឿងគ្រប់គ្រងកាកសំណល់មិនមែនជា​រឿង​ដា​ច់​​ដោយឡែករបស់កម្ពុជានោះទេ តែវាក៏ជារឿងក្នុងតំបន់របស់អាស៊ានផងដែរ។​សម្តេចតេ​ជោ​ ហ៊ុន សែន ក៏បានបង្ហាញពីបទពិសោធន៍របស់សម្តេចក្នុងការ​ដឹកនាំប្រទេសក្នុងនាមជា​នា​យក​រដ្ឋមន្ត្រីតាំងពីទសវត្សរ៍ឆ្នាំ៨០ ដែលមកដល់ពេលនេះមានរយៈពេលជាង ៣៤ឆ្នាំហើយ។ ស​ម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សម្តេចបានឆ្លងកាត់នូវបទពិសោធន៍យ៉ាង​ច្រើ​នពាក់ព័ន្ធកា​រវិនិយោគលើកាកសំណល់នេះ។ សម្តេចតេជោ បានបញ្ជាក់ថា ក្រុមហ៊ុនចង់​វិនិ​​យោគ​លើការគ្រប់គ្រងកាកសំណល់នេះ ត្រូវតែគោរពទៅតាមគោលនយោបាយ និងជំហ​រ​របស់​រាជរដ្ឋាភិបាលកម្ពុជា គឺមិនឱ្យមានការនាំចូលកាកសំណល់ពីក្រៅប្រទេស ហើយកាកសំ​ណល់​ក្នុងប្រទេសត្រូវផលិតទៅជាថាមពល ឬផលិតក្រដាសជាដើម។ នៅក្នុងជំនួបនេះដែរ ​ឯ​ក​​ឧត្ត​មរដ្ឋមន្ត្រីហ្វាំងឡង់ ក៏បានលើកឡើងដែរថា បច្ចុប្បន្នប្រទេសហ្វាំងឡង់មានការចាប់​អា​រម្ម​​ណ៍ខ្ពស់ទៅលើការប្រែប្រួលអាកាសធាតុ ជាពិសេសការគាំទ្រដល់បញ្ហាបរិស្ថាន។ បញ្ហាបរិ​ស្ថាន​នេះ ហ្វាំងឡង់ធ្លាប់បានជួយមកដល់ប្រទេសកម្ពុជា តាមរយៈសហភាពអឺរ៉ុបផងដែរ តែ​មិន​​ដែលបានជួយដោយផ្ទាល់នោះឡើយ៕

ចុងក្រោយនៃជំនួបពិភាក្សានេះសម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញឯកឧត្តមរដ្ឋមន្ត្រីហ្វាំងឡង់ មកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់ពីកម្ពុជា និងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ ក៏ដូចជាការវិនិយោគ៕

ដោយ ជឹម ណារី