ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អំពាវនាវដល់បណ្ដារដ្ឋជាសមាជិក និង​ដៃគូអភិវឌ្ឍ​ន៍ទាំងអស់ ពិចារណាឱ្យបានដិតដល់ មុននឹងដាក់វិធានការព្យួរ ឬដកចេញនូវភាពអនុគ្រោះពី ប្រទេសអភិវឌ្ឍន៍តិចតួច

ភ្នំពេញ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បា​នអំពាវនាវដល់បណ្ដារដ្ឋជាសមាជិក និងដៃគូអភិវឌ្ឍន៍ទាំងអស់ធ្វើការ​ពិចារណាឱ្យបាន​ដិ​ត​ដ​ល់ មុននឹងដាក់វិធានការព្យួរ ឬដកចេញនូវភាពអនុគ្រោះពីប្រទេសអភិវឌ្ឍន៍តិចតួច ព្រោះ ការ​ព្យួ​រ និងការដកនេះ នឹងធ្វើឱ្យប្រទេសទាំងនោះ មិនអាចជួយពិភពលោក​ឱ្យសម្រេច​បាន​នូវ​គោ​ល​ដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងមិនអាចជួយពួកគេឱ្យចាកចេញពីឋានៈជាប្រទស​អភិ​វ​ឌ្ឍ​​ន៍តិចតួចបានឡើយ។

ក្នុងសុន្ទរកថា ដែលផ្សាយបន្តផ្ទាល់ពីទីក្រុងហ្សឺណែវ ប្រទេសស៊្វីស ក្នុងកិច្ចប្រ​ជុំ​លើ​ក​ទី​៧ «ត្រួតពិនិត្យឡើងវិញជាសកលលើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០​១៩» នាព្រឹកថ្ងៃទី០ ៣ ខែ​​​កក្កដា ឆ្នាំ២០១៩ ទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក សម្ដេចតេជោ ហ៊ុន សែន មា​ន​ប្រ​សាសន៍ថា សម្រាប់កម្ពុជា ចក្ខុវិស័យរបស់យើងគឺការប្រែក្លាយកម្ពុជា​ឱ្យទៅជាប្រទេស​ ដែ​ល​មា​នចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូល ខ្ពស់នៅឆ្នាំ២០៥០ ដើ​ម្បីឱ្យកម្ពុជាសម្រេចបាននូវគោលដៅនេះ ក៏ដូចជាជួយដល់ប្រទេស អភិវឌ្ឍន៍តិចតួច​ឱ្យចាក​ចេ​ញពីភាពក្រីក្របានឆាប់រហ័ស ស្របតាមគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពឆ្នាំ២០៣០ ខ្ញុំ​សូមអំពាវនាវដល់បណ្ដារដ្ឋជាសមាជិក និងដៃគូអភិវឌ្ឍន៍ទាំងអស់ ពិចារណាផ្ដល់ការ​ឧបត្ថ​ម្ភ​គាំ​ទ្របន្តទៀតតាមវិស័យសំខាន់ មួយចំនួនដូចជា៖ ទីមួយៈ ការពង្រឹងភាពប្រកួតប្រជែង​របស់​ប្រ​ទេសអភិវឌ្ឍតិចតួច និងជួយគាំទ្រដល់កម្មវិធី និងដំណើរការចាកចេញពីប្រទេស​អភិវឌ្ឍ​ន៍តិ​ច​​តួច។ ទីពីរៈ ការបន្ត និងបង្កើនការផ្ដល់ភាពអនុគ្រោះនានា តាមរយៈប្រព័ន្ធពាណិជ្ជកម្ម​ពហុ​ភា​គី ឬ ឯកតោភាគី ហើយសូមធ្វើការពិចារណាឱ្យបានដិតដល់ មុននឹងដាក់វិធានការព្យួរ ឬ​ដក​ចេញនូវភាពអនុគ្រោះពីប្រទេសអភិវឌ្ឍន៍តិចតួច ព្រោះការព្យួរ និងការដកនេះ នឹង​ធ្វើ​ឱ្យ​ប្រទេ​សទាំងនោះ មិនអាចជួយពិភពលោកឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកប​ដោយ​ចីរ​ភាព និងមិនអាចជួយពួកគេឱ្យចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចបានឡើយ។ ដែល​ចលនានេះគឺជាដំណើរផ្ទុយទាំងស្រុងទៅនឹងគោលការណ៍របស់អង្គការសហប្រជាជាតិ និងអង្គការពាណិជ្ជកម្មពិភពលោក។ ទីបីៈ ការកសាងសមត្ថភាព ដើម្បីទាញយកប្រយោជន៍​ពីប្រ​ភ​ពកំណើនថ្មី ជាពិសេសផ្នែកសេវា និងការទទួលយកបដិវត្តឧស្សាហកម្មទី៤ និងដើម្បី​ទា​ញ​យកផល​ប្រយោជន៍ដែលអាចទទួលបានពីសេដ្ឋកិច្ចឌីជីថល។ ទីបួនៈ ការរៀបចំយុទ្ធ​សា​​ស្ត្រធ្វើពិពិធកម្មសេដ្ឋកិច្ច និងផលិតផលចម្រុះសំដៅបង្កើនការនាំចេញ ដែលជាប្រភពចំ​ណូ​ល​សម្រាប់លើកកម្ពស់សុខុមាលភាព និងការងារដល់ស្ត្រី។ ទីប្រាំៈ ការតភ្ជាប់គោល​ន​យោ​​​បាយ​យុទ្ធសាស្ត្រ និងចក្ខុវិស័យនានារបស់ប្រទេសអភិវឌ្ឍន៍តិចតួច ជាមួយនឹងការវិវត្ត​សេដ្ឋ​កិច្ចតំបន់ និងពិភពលោក។ ទីប្រាំមួយៈ ការបង្កើននិវានុវត្ត និងជំរុញ​លើកកម្ពស់​ការ​អនុ​វត្ត​ថ្មីៗ តាមរយៈការកៀរគរហិរញ្ញប្បទានបន្ថែមពីដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ក្រោមក្រប​ខ័​ណ្ឌ​នៃកិច្ចប្រជុំនេះ និងកិច្ចប្រជុំផ្សេងៗទៀត។ ទីប្រាំពីរៈ ការបន្តផ្ដល់ជំនួយនានា​សម្រា​ប់​កែ​ទ​ម្រង់ និងសម្រាប់គាំទ្រដល់ការអនុវត្តកិច្ចព្រមព្រៀងសម្រួលពាណិជ្ជកម្ម ពិសេសលើការកែ​ទ​ម្រង់​​លិខិតបទដ្ឋានគតិយុត្តនានា។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ វាយតម្លៃខ្ពស់ និងកោតសរសើ​រដល់​អង្គ​ការពាណិជ្ជកម្មពិភពលោក ព្រមទាំងដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិនានា ដែលបាន​ផ្ដល់​នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អ ក្នុងការចូលរួមចំណែកជួយប្រទេសអភិវឌ្ឍតិចតួច រួម​ទាំ​ង​​កម្ពុជាផងដែរ ចាប់ផ្ដើមតាំងពីការចរចាចូលជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក រហូ​​ត​មកដល់បច្ចុប្បន្ននេះ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ