សម្ដេចតេជោ ស្នើឱ្យរៀបចំពង្រឹងកម្លាំងសមត្ថភាពជំនាញបន្ថែមទៀត ដើម្បីត្រៀមធ្វើប្រតិបត្តិការសង្គ្រោះក្នុងករណីដែលកើតឡើងជាយថាហេតុ

ភ្នំពេញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩– ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនា​បតី​​តេជោ ហ៊ុន សែន ថ្លែងថា នៅពេលខាងមុខ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវពង្រឹងសមត្ថភាពជំនាញបន្ថែមទៀតដល់កងអន្តរាគមន៍សង្គ្រោះបន្ទាន់ ហើយពង្រាយនៅតាមអង្គភាពកងទ័ព កងរាជអាវុធហត្ថ និងកងនគរបាលជាតិ ដើម្បីត្រៀមធ្វើប្រតិបត្តិការសង្គ្រោះក្នុងករណីដែលកើតឡើងជាយថាហេតុ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅខេត្តព្រះសីហនុ កាលពីល្ងាចថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ សម្ដេចតេជោ មានប្រសាសន៍ថា ទៅថ្ងៃខាងមុខយើងក៏ត្រូវរៀបចំកម្លាំងបន្ថែមទៀត ឱ្យមានតាមអង្គភាពដែលមានកម្លាំងជំនាញ ដើម្បីត្រៀមធ្វើប្រតិបត្តិការសង្គ្រោះទៅលើករណី ដែលកើតឡើងជាយថាហេតុ មិនមែនគ្រាន់តែបញ្ហាបាក់អគារនោះទេ គឺបញ្ហាទាក់ទងទៅនឹង ការធ្លាក់យន្តហោះ ការលិចនាវា ជាដើម។ល។ ថាតើត្រូវសង្គ្រោះរបៀបម៉េច យើងត្រូវពង្រឹងសមត្ថភាពបន្ថែមទៀតនៃកងអន្តរាគមន៍សង្គ្រោះបន្ទាន់ ហើយដែលពង្រាយនៅតាមអង្គភាពកងទ័ព កងរាជអាវុធហត្ថ និងកងនគរបាលជាតិ នេះជាកម្លាំងដែលយើងត្រៀមរៀបចំនាពេលខាមុខ។

ពាកព័ន្ធនឹងសំណួរពី ការវិនិយោគរបស់ចិន នៅខេត្តព្រះសីហនុ សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា បញ្ហានេះវាបានក្លាយទៅជាបញ្ហានយោបាយរបស់ពួកប្រឆាំង អស់លោកគិតមើល ចិន ឬ អាម៉េរិក ឬ អង់គ្លេស ឬ បារាំង មកវិនិយោគ បើសិនជាមាន ឧបទ្ទវហេតុ វាដូចតែគ្នាទេ ដូច្នេះសុំកុំចោទជាតិណា ឬ ជាតិណា គឺ បញ្ហាធំ យើងត្រូវប្រមូលអ្នកវិនិយោគទាំងអស់ចូលក្នុងប្រទេសកម្ពុជា ប៉ុន្តែត្រូវអនុវត្តតាមច្បាប់របស់កម្ពុជាតែប៉ុណ្ណឹងទេ។ អីចឹងទេខ្ញុំ បានស្តាប់ឮច្រើនពេកហើយ ដែលថាចិន មកដាក់អាណានិគម តាមរយៈការដាក់វិនិយោគ ក៏ប៉ុន្តែសូមបញ្ជាក់អ្នកទាំងអស់គ្នាថា  ឥឡូវពិភពលោកកំពុងត្រូវការអ្នកវិនិយោគចិនចូលទៅវិនិយោគ នៅក្នុងប្រទេសរបស់គេ តែយើងមានភព្វសំណាង ដែលយើងបានទាញអ្នកវិនិយោគចិន ចូលក្នុងប្រទេសរបស់យើង ។ ប៉ុន្តែអ្នកដែលមិនចង់ឱ្យយើងមានការរីកចម្រើន គេថានេះ គឺជាអន្ទាក់បំណុលរបស់ចិន នេះជាអាណានិគមរបស់ចិន នេះជាកន្លែងលក់ដីឱ្យចិន។ ប៉ុន្តែ ខ្ញុំសូមគូសបញ្ជាក់ថា អ្នកដែលនៅក្រុងព្រះសីហនុ បានទទួលផលប្រយោជន៍ប៉ុណ្ណាពីការវិនិយោគ។ ពិតមែនហើយ នៅពេលដែលចាប់ផ្តើមការសាងសង់ មានការខូចផ្លូវ ប៉ុន្តែនៅពេលដែលមានការសាងសង់រួចហើយ ទីក្រុងព្រះសីហនុ វានឹង ក្លាយទៅទីក្រុងដ៏ធំ ដែលមិនដូចការគិត។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៍បានថ្កោលទោសជាសាធារណៈ ទៅលើបញ្ហាទាក់ទងនឹងការយកបញ្ហាវិនិយោគរបស់ចិនមកធ្វើការចោទប្រកាន់រាជរដ្ឋាភិបាលថា ជាអាយ៉ងរបស់ចិន លក់ដីឱ្យចិន ។ សម្តេចតេជោក៏បានឱ្យដឹងដែរថា តុល្យការអ្នកស្លាប់ដោយសារការបាក់អគារ ចំនួន២៨នាក់ និងរបួស២៦ នាក់ ដោយក្នុងនោះមនុស្សប្រាំមួយនាក់ត្រូវបានសង្គ្រោះចេញពីគំនរបាក់បែក ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា សាកសពមួយទទួលបានប្រាក់ឧបត្ថម្ភមិនតិចជាង ៦ ម៉ឺន ដុល្លារទេ ។ សម្តេចតេជោ បានលើកឡើងថា លោក យន្ត មីន បានទទួលស្គាល់កំហុស សុំលាលែងពីតំណែង បង្ហាញពីការទទួលខុសត្រូវ ។

សម្តេចបានបញ្ជាក់ថា ការរុករកមនុស្សបានបញ្ចប់ នៅតែការសម្អាតការដ្ឋាន ការរុករកបានបញ្ចប់តែត្រូវស្រាវជ្រាវ ដើម្បីរកឱ្យឃើញ ការទទួលខុសត្រូវ សំណង់មានច្បាប់ ឬ មិនមានច្បាប់អនុញ្ញាត ។ សម្តេចចង់ឱ្យអ្នកនៅពីក្រោយខ្នងការដ្ឋានសំណង់ខុសច្បាប់ចេញមក ដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់។ សម្ដេចតេជោក៏បានមានប្រសាសន៍ថ្លែងនូវការអរគុណចំពោះការចូលរួមរបស់គ្រប់កម្លាំង ទាំងសប្បុរសជន និងប្រជាពលរដ្ឋគ្រប់ស្រទាប់ជាន់ថ្នាក់ និងបណ្ដាបក្សនយោបាយ ដែលបានចូលរួមចំណែកក្នុងប្រតិបត្តិការសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារការបាក់អាគារនេះ ដែលប្រតិបត្តិការសង្គ្រោះបែបនេះបានកើតជាលើកដំបូង នៅក្នុងប្រទេសរបស់យើង ដែលជារឿងគួរឱ្យសោកស្ដាយ ហើយសោកនាដកម្មលើកនេះបានផ្ដល់មេរៀន និងបទពិសោធន៍ សម្រាប់យើងផងដែរ។

គួរបញ្ជាក់ដែរថា អគារដែលបានបាក់រលំ កាលពីទៀបភ្លឺ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ មានកម្ពស់ ៧ជាន់ កំពុងសាងសង់ ស្ថិតនៅក្រុម១១ ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ