សម្ដេចតេជោនាយករដ្ឋមន្ត្រី អញ្ជើញជួបសម្តែងការគួរសមជាមួយប្រធានសភាហុងគ្រី

15

ភ្នំពេញ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ — ក្នុងខណៈដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋហុងគ្រី សម្តេ​ច​​អគ្គមហាសេនាបតីតេជោ  ហ៊ុន សែន  នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើ​ញ​ជួ​ប​សម្ដែងការគួរសមជាមួយ ឯកឧត្ដម Laszlo Kover ប្រធានរដ្ឋសភាហុងគ្រី នាព្រឹកថ្ងៃទី ១៤​ ខែមិថុនា ឆ្នាំ២០១៩ នៅទីក្រុងប៊ុយដាប៉េស សាធារណរដ្ឋហុងគ្រី។

ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានឱ្យដឹងក្រោយជំនួបនោះថា ឯកឧត្តម Laszlo Kover ប្រធានសភាហុងគ្រីបានជម្រាបសម្ដេចតេជោថា ឯកឧត្ដម​ធ្លាប់បាន​អញ្ជើ​ញមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ដោយបានជួបជាមួយ សម្ដេ​ចវិបុលសេនា​ភ​ក្តី​ សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន​រដ្ឋស​ភាផ​ង​ដែរ​។ ក្នុងពេលបំពេញទស្សនកិច្ចនោះ ឯកឧត្តមបាន​ឃើញនូវការរីក​ចម្រើន​នៅ​ក្នុង​ប្រទេសកម្ពុជា ពិសេសមានការអភិវឌ្ឍ ​ដែលប្រទេសកម្ពុជាពីមុនមកពុំធ្លាប់​មាន​។ ឯក​ឧត្ត​ម​មានប្រសាសន៍ថា ជំនួបរបស់សម្ដេចតេជោ ជាមួយនាយករដ្ឋមន្រ្តី​ហុងគ្រីគឺពិត​ប្រព្រឹ​ត្ត​ទៅ​បានជោគជ័យដែលសម្រេចបានលទ្ធផលជាច្រើន ហើយ​នៅក្នុងដំណើរទស្សនកិច្ច​លើ​ក​នេះ​​​សម្តេចតេជោមានពេលខ្លី ហើយសង្ឃឹមថាពេលក្រោយសម្ដេចនឹងមានពេលច្រើន​ជាង​នេះ​។

ជាការឆ្លើយតបសម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា សម្ដេចបានមកហុ​ងគ្រី​ជា​លើក​ដំបូងហើយក្នុងនាមជានាយករដ្ឋមន្ត្រី។ សម្ដេចក៏បានពាំនាំការជូនពរ និងការស្នើឲ្យ​ស​​ម្តេចប្រធានព្រឹទ្ធសភា និងប្រធានរដ្ឋសភាកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ច​នៅប្រទេ​ស​​​ហុ​ងគ្រី។ សម្តេចបន្តថា ឥឡូវនេះកម្ពុជា និងហុងគ្រីមានទំនាក់ទំនងការទូត​ជាមួយគ្នា​រយៈ​ពេ​ល ៦៣ឆ្នាំហើយ ដោយនៅឆ្នាំ២០២១ ប្រទេសយើងទាំងពីរនឹងប្រារព្ធខួប ៦៥ឆ្នាំនៃការ​ប​ង្កើ​ត​​ទំនាក់ទំនងការទូតជាមួយគ្នា។ ជាងនេះទៀត ប្រទេសយើងទាំងពីរ​បានឯកភាពគ្នារួច​ហើ​យ​ក្នុងការបង្កើតស្ថានទូតឡើងវិញនៅក្នុងប្រទេសទាំងពីរទៅវិញទៅមក។​ សម្តេចថ្លែងទៀត​ថា​ ទស្ស​ន​កិច្ច​របស់សម្ដេចលើកនេះគឺបន្តនូវការរីកចម្រើន បន្តពីអ្វីដែលធ្លាប់មានពីមុនមក ជាពិ​សេ​​សសម្ដេចចង់ឃើញនូវគោលដៅសំខាន់ គឺកិច្ចសហប្រតិបត្តិការពង្រឹងពាណិជ្ជកម្ម សេដ្ឋ​កិច្ច​ទេសចរណ៍ ជាដើម។

សម្ដេចតេជោក៏បានអរគុណប្រទេសហុងគ្រីផងដែរ នូវអ្វីដែល​នា​យ​ក​​រដ្ឋ​មន្រ្តី​ហុងគ្រីបានប្រកាសគាំទ្រប្រទេសកម្ពុជា និងអបអរសាទរចំពោះជោគជ័យ​នៃការបោះ​ឆ្នោត​សភាអឺរ៉ុបកន្លងទៅនេះ។ សម្ដេចតេជោនាយករដ្ខមន្ត្រី ​ក៏បានអញ្ជើញឯកឧត្តម​ប្រ​ធា​​នសភាហុងគ្រីទៅធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាសា​រជាថ្មីម្ដងទៀត ​ជាពិសេសក៏នឹងមាន​ទ​ស្ស​ន​កិច្ច​ពីប្រធានព្រឹទ្ធសភា និងប្រធានរដ្ឋសភាកម្ពុជា មកកាន់ប្រទេសហុងគ្រីផងដែរ។ ទន្ទឹម​នេះ ​សម្តេចក៏បានស្នើមានអនុស្សរណៈយោគយល់គ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ​រវាង​ស​ភានៃប្រទេសទាំងពីរ ហើយសម្ដេចក៏បានអញ្ជើញឯកឧត្តមប្រធានសភាហុង​គ្រីអញ្ជើញទៅ​ចូលរួមប្រជុំសភាអាស៊ី-អឺរ៉ុបដែលនឹងប្រព្រឹត្តទៅនៅឆ្នាំ២០២០ ក្នុងពេលកម្ពុជានឹងរៀបចំធ្វើជា​ម្ចា​ស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបនៅឆ្នាំ២០២០ នោះផងដែរ។

ឯកឧត្តមប្រ​ធាន​សភា​ហុង​គ្រី ក៏បានអរគុណចំពោះការអញ្ជើញ​ទៅធ្វើទស្សនកិច្ចនៅប្រ​ទេ​ស​កម្ពុជា​ និងចូលរួមប្រជុំ​សភា​អា​ស៊ី-​អឺរ៉ុបនៅឆ្នាំ២០២០ ហើយឯកឧត្តមក៏បាន​ថ្លែងអំណ​រគុ​ណ​សម្ដេចតេជោ ​ដែលបាន​​ប​ង្កើ​ត​នូវ​​យន្តការសភាកម្ពុជា និងសភាអឺរ៉ុប ជាពិសេសក្នុងការតា​ក់​​តែ​ង​អនុស្សរណៈកិច្ចសហ​ប្រតិ​បត្តិការរវាងប្រទេសទាំងពីរ ដើម្បី​ពង្រឹងកិច្ចសហប្រតិបត្តិ​កា​​រ​​រ​វា​​ង​ស្ថាប័ន​សភា និងសភា។​

ចំពោះទំនាក់ទំនងរវាងសហភាពអឺរ៉ុប និងកម្ពុជា ​ឯកឧត្តម​បា​ន​​គូសបញ្ជាក់​ថា ប្រទេសហុងគ្រីនឹងគាំទ្រទាំងស្រុងចំពោះប្រទេសកម្ពុជាដើម្បី​ឲ្យសហភាព​អឺ​រ៉ុប​​ផ្ដល់នូវភាពយុត្តិធម៌ ដល់ប្រទេសកម្ពុជា ហើយសង្ឃឹមថាសហភាព​អឺរ៉ុបនឹង​មិន​ដក​ប្រព័​ន្ធ​អនុគ្រោះ EBA ពីកម្ពុជាឡើយ។ ជាងនេះទៀត​ ហុងគ្រីនឹងបន្តកិច្ចសហប្រតិបត្តិការ​ផ្តល់អា​ហា​រូប​ករ​​ណ៍ដល់និស្សិតកម្ពុជាបានទៅសិក្សានៅប្រទេសហុងគ្រី ហើយសង្ឃឹមថាកម្ពុជានឹង​បញ្ជូ​ន​​និស្សិតមកសិក្សានៅប្រទេសហុងគ្រីដើម្បីក្រេបយកចំណេះវិជ្ជា ទៅធ្វើការអភិវឌ្ឍប្រទេស​ក​ម្ពុ​ជា​ផងដែរ៕

ដោយ ជឹម ណារី