ប្រធានាធិបតីប្រទេសហុងគ្រីគាំទ្រកម្ពុជា សម្រាប់ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ក្នុងឆ្នាំ២០២០

ភ្នំពេញ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ –ឯកឧត្ដម យ៉ាណូស អាឌែរ (Janos Ader) ប្រធានាធិបតី នៃសាធារណរដ្ឋហុងគ្រី បានមានប្រសាសន៍គាំទ្រកម្ពុជាសម្រាប់ ការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ក្នុងឆ្នាំ២០២០ខាងមុខ។

នេះបើតាមការឱ្យដឹងពីឯកឧត្ដម កៅ គឺមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បន្ទាប់ពីជំនួបរបស់ សម្ដេចអគ្គមហា សេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម យ៉ាណូស អាឌែរ ប្រធានាធិបតី នៃសាធារណរដ្ឋ ហុងគ្រី នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ នៅទីក្រុងប៊ុយដាប៉េស សាធារណរដ្ឋហុងគ្រី។

ក្នុងជំនួបនោះ ឯកឧត្ដម ប្រធានាធិបតីហុងគ្រីបានសម្ដែងនូវការស្វាគមន៍សម្ដេចតេជោនាយករដ្ឋមន្ត្រី ហើយឯកឧត្ដម បានចាត់ ទុកដំណើរទស្សនកិច្ចរបស់ សម្តេចតេជោនាពេលនេះ គឺជាការពង្រឹងទំនាក់ទំនងសាមគ្គីភាពរវាងប្រទេសហុងគ្រី និងប្រទេស កម្ពុជាឱ្យកាន់តែប្រសើរឡើង។ ឯកឧត្ដមប្រធានាធិបតីហុងគ្រី ក៏បានមានប្រសាសន៍អរគុណដែលប្រទេសទាំងពីរ កម្ពុជា-ហុងគ្រី បានចុះកិច្ចព្រមព្រៀងលើឯកសារសំខាន់ៗជាមួយគ្នា។

ឯកឧត្ដម យ៉ាណូស អាឌែរ បានមានប្រសាសន៍បន្តថា ប្រទេសហុងគ្រី គាំទ្រប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ កិច្ចកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុបនាពេលខាងមុខ និងគាំទ្រកម្ពុជាពាក់ព័ន្ធនឹងបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ ក្នុងគោលបំណងធ្វើយ៉ាងណា ឲ្យសហភាព អឺរ៉ុបផ្តល់ភាពយុត្តិធម៌ចំពោះកម្ពុជា។ ឯកឧត្ដមប្រធានាធិបតីហុងគ្រី ក៏បានបានអរគុណសម្តេចតេជោ ក្នុងដំណើរទស្សនកិច្ចនេះ ហើយក៏បានថ្វាយព្រះពរ និងផ្តាំសួរសុខទុកតាមរយៈសម្តេចតេជោ ហ៊ុន សែន ថ្វាយដល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជាផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន ក៏បានសម្ដែងនូវការអរគុណ និងបានបញ្ជាក់ថា ប្រទេសយើងទាំងពីរធ្លាប់មាន ទំនាក់ទំនងគ្នា ក៏ប៉ុន្តែត្រូវបានកាត់ផ្ដាច់ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ហើយតាមរយៈដំណើរទស្សនកិច្ចជាលើកដំបូង ក្នុងនាមជានាយករដ្ឋមន្ត្រី សម្តេចតេជោបានឃើញពីការរីកចម្រើនរបស់ប្រទេសហុងគ្រី។ សម្តេចតេជោតេជោ បានគូស បញ្ជាក់ថា ប្រទេសហុងគ្រីធ្លាប់បានជួយប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៧៩ ក្នុងគ្រាដែលកម្ពុជាជួបប្រទះការលំបាក ដែលពេល នោះសម្ដេចនៅជារដ្ឋមន្ត្រីការបរទេសវ័យក្មេង ក្នុងការស្វែងរកជំនួយគាំទ្រពីប្រទេសហុងគ្រី។ សម្ដេចតេជោបានបន្តថា ពេល ខាងមុខប្រទេសទាំងពីរនឹងបង្កើតស្ថានទូត ដើម្បីពង្រីក និងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ ជាពិសេសតាមរយៈការចុះហត្ថលេខាលើឯកសារចំនួន៣។ ក្រៅពីនេះប្រទេសយើងទាំងពីរ ក៏បានឯកភាព និងសហប្រតិបត្តិការ លើវិស័យមួយចំនួនដូចជាវិស័យវប្បធម៌ ទេសចរណ៍  វិស័យអប់រំ ។ល។

ក្នុងជំនួបនោះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានឯកភាពក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់​តែរឹងមាំបន្ថែមទៀតជាពិសេសថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានយល់ស្របទៅនឹងការចូលរួមប្រយុទ្ធប្រឆាំងនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ ជាពិសេសការគ្រប់គ្រងធនធានធម្មជាតិ ដែលជាបញ្ហាដែលប្រទេសទាំងអស់ត្រូវ​យកចិត្តទុកដាក់ដើម្បី​ការរស់នៅ របស់ប្រជាជន៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ