សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យមានកិច្ចសហការ ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងព័ត៌មានក្លែងបន្លំ និងឧក្រិដ្ឋកម្ម ព័ត៌មានវិទ្យាទ្វេឡើងថែមទៀត

29

សៀមរាប ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ ជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ រួមគ្នាបង្កើននូវកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធថែមទៀត ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ក្របខ័ណ្ឌក្នុងតំបន់ និងសកលលោក ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងព័ត៌មានក្លែងបន្លំ និងឧក្រិដ្ឋកម្ម ព័ត៌មានវិទ្យា។

ក្នុងពីធីបើកកិច្ចប្រជុំកំពូលសារព័ត៌មានអាស៊ី លើកទី១៦ (AMS) ដែលប្រព្រឹត្តទៅ នៅសណ្ឋាគារសុខា ខេត្តសៀមរាប នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ក្រោមប្រធាន បទ«ប្រព័ន្ធផ្សព្វផ្សាយឌីជីថល-អភិវឌ្ឍន៍ទីផ្សារ» ដែលមានគណៈប្រតិភូជាថ្នាក់ដឹកនាំ និងតំណាងស្ថាប័នរដ្ឋាភិបាល ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិចូលរួម  ប្រមាណ៥០០នាក់ មកពីបណ្ដាប្រទេសជាង៤០ នៅក្នុងតំបន់និងពិភពលោកនោះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ទន្ទឹមនឹងផលវិជ្ជមាននេះ បច្ចេកវិទ្យា ឌីជីថល នៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន បានផ្តល់គុណវិបត្តិផ្សេងៗ ដែលធ្វើឱ្យសកលលោក កំពុងប្រឈមទៅនឹងព័ត៌មានក្លែងបន្លំ ការញុះញង់បញ្ឆេះ កំហឹង ការជេរប្រមាថ ដោយការស្អប់ខ្ពើម និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា ដូចជាការហែកចូលបំផ្លាញឯកសារ សាធារណៈ ការជំរិតទារប្រាក់ តាមប្រព័ន្ធអនឡាញ ការរំលោភលើសិទ្ធិបុគ្គលជាដើម បាននិង កំពុងគំរាមដល់សន្តិសុខតំបន់ និងសកលលោក ទាំងមូល។

សម្ដេចតេជោ ក៏បានសម្ដែងនូវការកោតសរសើរចំពោះវិទ្យាស្ថានអភិវឌ្ឍប្រព័ន្ធ ផ្សព្វផ្សាយឤស៊ីប៉ាស៊ីហ្វិក ដែលបានខិតខំ ជំរុញការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ឤស៊ីឱ្យដើរទាន់ការរីកចម្រើននៃបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ន និងលើកកម្ពស់ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឱ្យកាន់តែមានសក្តានុពល ព្រមទាំងជំរុញ ការអភិវឌ្ឍទីផ្សារ ប្រព័ន្ធផ្សព្វផ្សាយ ឌីជីថល ឆ្លើយតបទៅនឹងការប្រកួតប្រជែងទីផ្សារលើវិស័យសារព័ត៌មាន រវាងសារព័ត៌មាន ប្រពៃណីជាមួយសារព័ត៌មាន ឌីជីថល ក៏ដូចជាការប្រកួតប្រជែង ជាមួយបណ្តាញទំនាក់ទំនងសង្គម ដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន។

សម្ដេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា កម្ពុជាពិតជាមានកិត្តិយស ដ៏ឧត្តុង្គឧត្តមក្នុងការធ្វើជាម្ចាស់ ផ្ទះរៀបចំសន្និសីទកំពូលសារព័ត៌មានលើកទី១៦  ដើម្បីផ្លាស់ប្តូរមតិស្តីពីវិទ្យាសា្រស្ត និងការវិវត្តបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ន សម្រាប់យុទ្ធសាស្ត្រអភិវឌ្ឍវិស័យព័ត៌មាន ព្រមទាំងចក្ខុវិស័យរយៈ ពេលវែងទៅអនាគត ដើម្បីប្រែក្លាយបច្ចេកវិទ្យាឌីជីថល ភ្ជាប់ជាមួយបដិវត្តឧស្សាហកម្មទី៤ ក្នុងគោលដៅ ជំរុញការធ្វើ ឌីជីថលបូនីយកម្ម ប្រព័ន្ធផ្សព្វផ្សាយ ទៅក្នុងទីផ្សារឱ្យកាន់តែមានសក្តានុពល ថែមទៀត និងបង្កើនកិច្ចសហប្រតិបត្តិការឱ្យបាន ជិតស្និទ្ធ ដើម្បី ផ្លាស់ប្តូរព័ត៌មានអំពីការវិវត្តន៍បច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងបន្លំ និងឧក្រិដ្ឋកម្មបច្ចេកវិទ្យាព័ត៌មាន ដែលកំពុងគរាំមនិង បង្កហានិភ័យយ៉ាងធ្ងន់ធ្ងរ លើសិទ្ធិបុគ្គល និងសន្តិសុខក្នុងតំបន់ ក៏ដូចជានៅលើសកលលោកទាំងមូល។

សម្ដេចតេជោគូសបញ្ជាក់ថា ចរន្តនៃការរកីចម្រើនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ទំនើប បានប្រែក្លាយឌីជីថលឆ្ពោះទៅកាន់បដិវត្តន៍ឧស្សាហកម្មទី៤ ដែលជាកត្តាគន្លឹះក្នុងការ អភិវឌ្ឍបច្ចេកវិទ្យា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងវិស័យផ្សេងៗទៀត ជាមួយនឹងការបង្កើត ឡើងនូវកាលានុវត្តភាព និងអត្ថប្រយោជន៍ ដូចជា បច្ចេកវិទ្យាឌីជីថលបានជំនួស ការប្រើប្រាស់បច្ចេកវិទ្យា ឤណាឡូក ប្រកបដោយសក្តានុពល ដើម្បីបង្កើនគុណភាព ប្រសិទ្ធភាព ដូចជាសំឡេង រូបភាព ល្បឿន នៃការបញ្ជូនទិន្នន័យ ការរក្សាទុកទិន្នន័យ ការសន្សំសំចៃនៃការប្រើប្រាស់ រលកឤកាសវិទ្យុ ការកាត់បន្ថយចំណាយផលិតកម្ម ការបង្កើនផលិតភាព សំបូរបែប ក្នុងវិស័យ ឧស្សាហកម្ម ប្រព័ន្ធផ្សព្វផ្សាយ ការកម្សាន្ត ការចែករំលែក និងការទទួល ព័ត៌មាន តាមមធ្យោបាយដ៏សម្បូរបែប។

ជាមួយគ្នានេះ កម្ពុជាបាន និងកំពុងរៀបចំធ្វើការផ្លាស់ប្តូរប្រព័ន្ធផ្សាយទូរទស្សន៍ ពីឤណាឡូក ទៅឌីជីថល ដែល គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៣ ដើម្បីសម្របខ្លួនទៅនឹង ស្ថានភាព នៃការវិវត្តន៍ប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ ឌីជីថល ក្នុងតំបន់ និងសកលលោក ព្រមទាំងការសិក្សា ដើម្បីបញ្ចៀសផលប៉ះញល់ផ្សេងៗ និងកិច្ចសហប្រតិបត្តិការជាមួយ ប្រទេសជិតខាង ដើម្បីដោះស្រាយបញ្ហាដែលកើតចេញពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះ។

ទន្ទឹមនេះ បច្ចេកវិទ្យាឌីជីថលបាន រួមបញ្ចូល គ្នារវាងវិស័យ ទូរគមនាគមន៍ និងប្រព័ន្ធ ផ្សព្វផ្សាយ ហើយបង្កើតបាននូវសក្តានុពល លើប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ឌីជីថល និង បណ្តាញទំនាក់ទំនង ជាសកលតាមប្រព័ន្ធ អនឡាញ និងប្រព័ន្ធផ្សព្វផ្សាយ តាមបណ្តាញ  ទំនាក់ទំនងសង្គមមាន ហ្វេសប៊ុក(Facebook) យូធូប(YouTube) វីឆាត(WeChat) តេឡេក្រាម (Telegram) ធ្វីតធ័រ(Twitter) ជាដើម ដែលបង្កើនសក្តានុពលប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និង ការតភ្ជាប់បណ្តាញទំនាក់ទំនងរវាងមនុស្ស និងមនុស្ស សម្រួល ដល់ការធ្វើពាណិជ្ជកម្ម កាត់បន្ថយរបាំងទីផ្សារ បង្កើតឱកាសឱ្យវិស័យឯកជន និងសហគ្រិនដើម្បីមានលទ្ធភាព ច្នៃប្រឌិតនូវធុរកិច្ចថ្មីៗ។

សម្ដេចតេជោបានបន្ថែមថា បច្ចេកវិទ្យា ឌីជីថល បានធ្វើឱ្យការគ្រប់គ្រងប្រទេស ក្លាយទៅជារដ្ឋាភិបាល ឌីជីថល ក្នុងការបង្កើនសកម្មភាពសេដ្ឋកិច្ច ឌីជីថល ការលើកកម្ពស់ គុណភាព ប្រសិទ្ធភាពនៃ សេវាសាធារណៈ ប្រកបដោយគណនេយ្យភាព តម្លាភាព និងការតភ្ជាប់បណ្តាញទំនាក់ទំនងផ្ទៃក្នុង និងសកលលោកទាំងមូល៕

ដោយ ជឹម ណារី