ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ទទួលជួបសម្តែងការគួរសមជាមួយ​ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា

8

នៅទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​ ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០១៩នេះ ឯកឧត្តម​កិត្តិនីតិកោសល​បណ្ឌិត ប៊ិន ឈិន​ ឧបនាយករដ្ឋមន្ត្រី​ប្រចាំ​ការ​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​ បាន​ទទួល​ជួប​សម្តែង​ការ​គួរ​សម​ជាមួយ​ ឯកឧត្តម​ Eldeen Husaini BIN MOHD HASHIM ឯកអគ្គ​រាជ​ទូត​នៃ​ប្រទេស​ម៉ា​ឡេស៊ី​ ប្រចាំ​ព្រះ​រាជាណា​ចក្រកម្ពុជា​។

ក្នុង​ជំ​នួប​នោះ​ ឯកឧត្ត​ម​ Eldeen Husaini BIN MOHD HASHIM បាន​ជម្រាប​ជូន​ឯកឧត្តម​កិត្តិនីតិកោសល​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី​ប្រចាំ​ការ ថា ឯកឧត្តម ពិត​ជា​មាន​កិត្តិយស​ណាស់​ដែល​បាន​មក​បំ​ពេញ​បេសកកម្មនៅ​ក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​លើក​កម្ពស់​កិច្ច​ទំ​នាក់​ទំ​នង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា​‑ ម៉ា​ឡេស៊ី​  រួម​ទាំង​ទំ​នាក់​ទំ​នង​រវាង​ប្រជាជន​ និង​ប្រជា​ជន​ឱ្យកាន់​តែ​ប្រសើរឡើង​​។ ឯកឧត្តម​សន្យា​ថា នឹង​បង្កើន​កិច្ច​សហប្រតិបត្តិការ​ឱ្យកាន់​តែ​មាន​ភាព​រឹង​មាំ​បន្ថែម​ទៀត ជាមួយ​នឹង​ថ្នាក់​ដឹកនាំ និង​បណ្តា​ក្រសួង​ ស្ថាប័ន​នានានៃ​រាជ​រដ្ឋាភិបាល​កម្ពុជា ​រួម​ទាំង​វិស័យ​ឯកជន​ជាដើម។

ជាការ​ឆ្លើយ​តប​ ឯកឧត្តម​កិត្តិនីតិកោសល​បណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំ​ការ រដ្ឋមន្ត្រី​ទទួលបន្ទុក​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​ បាន​សម្តែង​នូវ​ការ​អប​អសាទរ និង​ស្វាគមន៍​ឯកឧត្តម Eldeen Husaini BIN MOHD HASHIM ឯកអគ្គ​រាជ​ទូត​ម៉ា​ឡេស៊ីដែល​ទើប​នឹង​ទទួល​បាន​ការ​តែង​តាំងជាឯកអគ្គ​រាជទូតម៉ាឡេស៊ី​ប្រចាំ​ព្រះ​រាជាណាចក្រកម្ពុជា​។      កម្ពុជា និង​​ម៉ា​ឡេស៊ី​ គឺ​ជា​ប្រទេស​ដែល​មាន​ទំ​នាក់​ទំ​នង​ចំ​ណង​ការទូត​​ល្អ​នឹង​គ្នា​តាំង​ពី​យូរលុងណា​ស់មក​ហើយ គឺតាំង​ពី​អំ​ឡុង​ឆ្នាំ​១៩៥៧មកម៉្លេះ ប្រទេស​ទាំង​ពីរមិន​ធ្លាប់​មាន​ភាព​សៅហ្មង​អ្វី​នឹង​គ្នាទេ គឺ​មាន​តែ​ទំ​នាក់​ទំ​នង​ល្អ​ប្រសើរ រហូតដល់បច្ចុប្បន្ន  ហើយ​សង្ឃឹមថា ឯកឧត្តម​ឯកអគ្គរាជ​ទូតនឹង​មាន​ភាព​ងាយ​ស្រួលក្នុង​ការ​បំ​ពេញ​ការងារ​របស់​ខ្លួន​  នៅ​​ព្រះ​រាជាណាចក្រកម្ពុជា​ ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បាន​បន្ថែម​ថា តាំង​ពី​ការ​បោះ​ឆ្នោតនៅ​កម្ពុជា​ឆ្នាំ​១៩៩៣មក​ ប្រទេស​ម៉ា​ឡេស៊ី​ ក៏​ចាប់​ផ្តើមបន្ត​ទំ​នាក់​ទំ​​នង​ការទូត​ឡើង​វិញ ហើយ​ក៏បាន​នាំ​មក​នូវ​អ្នក​វិនិយោគ​គិន​ជា​ច្រើន​នៅ​កម្ពុជាតាំង​ពី​អំ​ឡុង​ឆ្នាំ​២០០០មក និង​នៅ​ឆ្នាំ​២០០៧ ទុន​វិយោគផ្ទាល់​ (FDI)​របស់​ប្រទេស​ម៉ា​ឡេស៊ី​នៅ​កម្ពុជា​ បាន​ជាប់​ចំ​ណាត់​ថ្នាក់លេខ១​ដែល​មាន​ទំ​ហំ​ទឹក​ប្រាក់​រហូត​ដល់​៦០០លាន​ដុល្លារ​​អាម៉េរិក​។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ប្រចាំ​ការ ប៊ិន ឈិន ក៏បាន​ឯកភាព​ផងដែរ​ជា​មួយ​ឯកឧត្តម​អគ្គ​រាជ​ទូត​ម៉ា​ឡេស៊ីថ្មី ដែល​មាន​គោល​បំ​ណងពង្រឹង​កិច្ច​សហប្រតិបត្តិការ​ឱ្យ​កាន់​តែ​មាន​ការ​រីក​ចម្រើន​ថែម​ទៀត ជា​ពិសេសលើ​វិស័យ​វិនិយោគ​ ការផ្លាស់ប្តូរទស្សនកិច្ច ដក​បទ​ពិសោធការងារ​រវាង​មន្ត្រី​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ ​​ក៏ដូច​ជា​គោលបំ​ណង​ដែល​នឹង​បង្កើន​ទំ​នាក់​ទំ​នង​រវាង​​រដ្ឋសភា ព្រឹទ្ធសភា​នៃ​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់​តែរីកចម្រើន​ឡើង​ថែម​ទៀត​។

ឯឧត្តម​អគ្គ​រាជ​ទូតម៉ា​ឡេស៊ីថ្មី ក៏បាន​ជម្រាប​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រីផង​ដែរ អំពី​ដំ​ណើរទស្សនកិច្ចផ្លូវ​ការ​របស់​ឯកឧត្តម​បណ្ឌិត  Tun Dr Mahathir Mohamad (មហាធា មហាម៉ាត់​ ) នាយករដ្ឋមន្ត្រី​ប្រទេស​​ម៉ា​ឡេស៊ី​ នៅ​ខែ​កញ្ញា​ខាង​មុខ​ ដែលថ្នាក់​ដឹកនាំ​នៃប្រទេស​ទាំង​ពីរ កម្ពុជា‑​ម៉ា​ឡេស៊ី នឹង​មាន​ជំ​នួបពិភាក្សា​​ទ្វេភាគី ដើម្បី​ជំ​រុញ​ទំ​នាក់​ទំ​នង​បន្ថែម​ទៀត ក៏ដូច​ជា​ជំ​រុញ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ និង​កិច្ច​ព្រម​ព្រៀង​អនុស្សារណៈយោគយល់គ្នា​មួយ​ចំ​នួន​ផង។​

ឯកឧត្តម​កិត្តិនីតិកោសល​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី​ប្រចាំ​ការ​ ប៊ិន ឈិន ក៏បាន​ជូន​ពរ ឯកអគ្គ​រាជ​ទូតម៉ា​ឡេស៊ី​​ថ្មី​ សូម​ទទួល​បាន​ជោគ​ជ័យ​លើ​ការ​បំ​ពេញ​ភារកិច្ច​របស់​ខ្លួននៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ៕

អត្ថបទ៖ អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​ នៃ​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​