សម្រង់​​ប្រសាសន៍​​​​​សម្ដេច​​​តេជោ ហ៊ុន សែន ថ្លែង​ក្នុង​ពិធីចែកសញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ

115

CNV:

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកជួបជាមួយនឹងនិស្សិតសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញសាជាថ្មីម្ដងទៀត។ ជារៀងរាល់ឆ្នាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏ដូចជាសាកលវិទ្យាល័យដទៃទៀត បានអញ្ជើញខ្ញុំផ្ដល់ជាកិត្តិយស សម្រាប់ចែកសញ្ញាបត្រជូនជ័យលាភី ហើយដែលថ្ងៃនេះមានចំនួន ៣ ១៦១ នាក់ ដែលជាចំនួនមួយច្រើន ក្នុងការខិតខំរួមចំណែកការបណ្ដុះបណ្ដាលធនធានមនុស្ស។

បន្តិចទៀតនឹងក្លាយទៅជាគ្រូបង្ហាត់របៀបហាត់ប្រាណ

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ រាងស្អកកបន្តិច ដោយសារតែម្សិលមិញនេះ ពេលព្រឹកមេឃស្រឡះល្អពេក ក៏ចាប់ផ្ដើមដើរហាត់ប្រាណ។ ហាត់ប្រាណរយៈពេល ២ ម៉ោងកន្លះ។ ចេះតែដើរអញ្ចឹងទៅ។ ស្រាប់តែវាមិននឹកស្មានថាធ្លាក់ដល់ ២ គីឡូក្រាម។ ម្សិលមិញពេលដែល ឯកឧត្តម ឆៃ ស៊ីណារិទ្ធ ទូរស័ព្ទមក និយាយទៅស្ដាប់លឺដែរ? តិចៗ។ ស្អកក។ ខ្ញុំព្រះករុណាខ្ញុំ បន្តិចទៀតនឹងក្លាយទៅជាគ្រូបង្ហាត់របៀបហាត់ប្រាណ។របៀបហាត់ប្រាណយ៉ាងណា ដើម្បីរក្សាសុខភាព។ របៀបហាត់ប្រាណយ៉ាងណា ដើម្បីទម្លាក់សម្រកគីឡូ។ របៀបហាត់ប្រាណយ៉ាងណា ដើម្បីឱ្យវាស្រកក្បាលពោះ។ ឥឡូវ កំពុងតែស្រាវជ្រាវ ព្រោះមានរបៀបច្រើនប្រភេទណាស់។ ប៉ុន្តែ មនុស្សមិនដូចគ្នាទេ។ ខ្ញុំព្រះករុណាខ្ញុំ បានមើលឃើញថា កាលពីទៅជប៉ុន ចេញទៅ ៧៤ គីឡូក្រាមទេ ត្រឡប់មកវិញ ៧៧ គីឡូក្រាម បានសេចក្ដីថា ឡើង ៣ គីឡូក្រាម។ ប៉ុន្តែ អត់បានប្រើវិធីរត់ និង(ជិះ)កង់អីទេ។ យប់ថ្ងៃ សុក្រ មកដល់ ព្រឹកថ្ងៃ សៅរ៍ វាយកូនហ្គោល ធ្លាក់ ២ គីឡូក្រាម ហូបបាយឡើង ១ គីឡូវិញ។ ម្សិលមិញដើរធ្លាក់ទៅដល់ ៧៣,៣ គីឡូក្រាម តាំងពី ៧៧ គីឡូ ធ្លាប់មកដល់ ៧៣.៣ គីឡូក្រាម។

ព្រឹកនេះ ដោយសារទទួលអាហារថ្ងៃត្រង់ផង ហើយល្ងាចទៅស្រាយបួសដាក់មួយឆ្ងាញ់នៅបឹងកក់ជា​មួយបងប្អូនឥស្លាម ព្រឹកមិញនេះនៅ ៧៣,៩ គីឡូក្រាម ប៉ុន្តែ ហូបបបរអីទៅប្រហែលជាឥឡូវនេះស្ថិតក្នុងចន្លោះ ៧៤,៥ គីឡូក្រាម។ ទម្ងន់ខ្ញុំព្រះករុណាខ្ញុំ ដែលល្អជាងគេ ៧៤,៥ គីឡូក្រាម ទៅ ៧៧ គីឡូក្រាម។ លើសពីហ្នឹង គឺលំបាកវិញ។ ធ្លាក់ពីហ្នឹង គឺស្អកក (និង)ហ៊ឹងស្លឹកត្រចៀក។ ចាំថ្ងៃក្រោយចាំខ្ញុំព្រះករុណាខ្ញុំនិយាយប្រាប់ថា វិធីដើរនៅលើម៉ាស៊ីនយ៉ាងម៉េច វិធីដើរក្រោមកំដៅថ្ងៃយ៉ាងម៉េច វិធីដើរក្រោមមេឃស្រទុំយ៉ាងម៉េច ភ្លៀងរលឹមយ៉ាងម៉េច ធ្លាក់ប៉ុន្មានកាឡូរី ព្រោះសុទ្ធតែវាស់។ ម្សិលមិញដើរចម្ងាយ ៩ ៨០០ ម៉ែត្រ បានសេចក្ដីថា ជិត ១០ គីឡូម៉ែត្រ វាធ្លាក់ខ្លាំងណាស់ ធ្លាក់រហូតដល់ស្អកក។ តែមិនអីទេ។ ស្អកករបស់ខ្ញុំព្រះករុណាខ្ញុំ ដកក្បាលមេក្រូចេញនៅតែនិយាយលឺ។

ធនធានមនុស្សនៅតែជាអាទិភាពទី ១

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ហើយសូមអបអរសាទរ។ ខ្ញុំព្រះករុណាខ្ញុំ បានស្ដាប់យ៉ាងយកចិត្តទុកដាក់នូវរបាយការណ៍របស់ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា​ ទាក់ទងទៅនឹងវិស័យអប់រំរបស់យើង​។ ដូចដែលយើងទាំងអស់គ្នាបានជ្រាបហើយថា ធន​ធានមនុស្សនៅតែជាអាទិភាពទី ១ មិនមែនគ្រាន់តែកម្ពុជាទេ ប្រហែលជាពិភពលោកទាំងមូលនេះ បញ្ហាទាក់ទងជាមួយនឹងការកសាងសមត្ថភាព នៅតែជាបញ្ហា​សំខាន់របស់គេ ហើយវាកាន់តែសំខាន់សម្រាប់យើងដែលជាប្រទេសអភិវឌ្ឍន៍តាមក្រោយ។ ក្នុងន័យនេះហើយ យើងបានបង្កើនថវិកាក្នុងវិស័យអប់រំពីមួយឆ្នាំទៅមួយឆ្នាំ។ ពិនិត្យអំពីស្ថានភាព នៃការបណ្ដុះបណ្ដាលក្នុងវិស័យអប់រំរបស់យើង ក្រោយពីបញ្ចប់សម័យ ប៉ុល ពត (ដោយបាន)ឆ្លងកាត់ពីដំណាក់កាលមួយទៅកាន់ដំណាក់កាលមួយ ការឈានទៅធ្វើទំនើបភាវូបនីយកម្ម គឺកាន់តែខ្លាំង ក្នុងហ្នឹង ទាក់ទងជាមួយឧត្តមសិក្សា។ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានធ្វើការកែទម្រង់ជាបន្តបន្ទាប់ ហើយការកែទម្រង់នោះហើយ ដែលនាំឆ្ពោះទៅដល់វឌ្ឍនភាព នៃការដោះស្រាយបញ្ហាក្នុងក្របខណ្ឌឧត្តមសិក្សារបស់យើង។​

បើកឱកាសឱ្យវិស័យឯកជនចូលរួមបណ្ដុះបណ្ដាលធនធានមនុស្ស ជាការសម្រេចចិត្តដ៏ត្រឹមត្រូវ

ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការពេញចិត្តជាមួយនឹងការសម្រេចចិត្តដ៏ត្រឹមត្រូវ ដែលខ្ញុំព្រះករុណាខ្ញុំបានធ្វើតាំងពីមុនកិច្ចព្រមព្រៀងទីក្រុងប៉ារីសឯណោះ គឺនៅត្រង់ថា បើកឱកាសឱ្យវិស័យឯកជនបានចូលរួមនៅក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស។ សូម្បីតែបញ្ហាទាក់ទងជាមួយការរៀនគួរដែលគ្រូៗធ្វើ នៅក្នុងសៀវភៅ ១០ ឆ្នាំ នៃដំណើរកម្ពុជា ក៏មាននិយាយដល់ អំពីការផ្ដល់ឱកាសសម្រាប់កូនសិស្សរៀនបន្ថែមជាមួយគ្រូ។ ប៉ុន្តែ សូមអធ្យាស្រ័យដល់កូនសិស្សដែលក្រីក្រ។ ស្ថានភាពបានវិវដ្ដបណ្ដើរ។ យើងបានអនុ​ញ្ញាតឱ្យសាលាឯកជនគ្រប់កម្រិត រាប់ទាំងឧត្តមសិក្សា ក្រោយមកទៀតខ្ញុំព្រះករុណាខ្ញុំនៅចាំបានថា សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ នេះឯង គឺសាកលវិទ្យាល័យក្រោយគេ ដែលយើងអនុញ្ញាឱ្យយកសាកលវិទ្យាល័យរបស់រដ្ឋមួយផ្នែករៀនដោយអាហារូបករណ៍របស់រដ្ឋ និងមួយផ្នែករៀនដោយបង់ថ្លៃ។ មុននេះ នៅក្នុងផ្នែកសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ មានតែសាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលជាផ្នែកមួយ នៃសា​កលវិទ្យាល័យភ្នំពេញ កាលពីពេលនោះយើងអនុញ្ញាត។ ប៉ុន្តែ ក្រោយមកយើងអនុញ្ញាតទាំងអស់ ដូច្នេះ តួលេខនៅទីនេះ អាហារូបករណ៍តែ ៦២៨ នាក់ទេ ក្នុងចំណោមចំណោមនិស្សិត ៣ ១៦១ នាក់ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ ក្រៅពីនោះ គឺ ៣ ០១៧ នាក់ទៀត គឺរៀនបង់ថ្លៃ។

រួមគ្នាកសាងសង្គមជាតិមួយ លូតលាស់ខាងបញ្ញា

យើងបានឃើញថា ប្រជាជនរបស់យើង គឺពិតជាមានការចង់ចេះ/ដឹង ស្រេកឃ្លាន(ចំណេះដឹង)ខ្លាំងណាស់ ខិតខំមួយផ្នែកអ្នកដែលបានប្រឡងជាប់ទទួលអាហារូបករណ៍ ក៏ប៉ុន្តែ មួយផ្នែកទៀត​យើងក៏បានទទួលនូវការចូលរួមពីសំណាក់កូនសិស្សផ្ទាល់ ពីសំណាក់មាតាបិតា ប្រឹងប្រែងរកថវិកា ដើម្បីជូនឱ្យកូនរៀន ឬក៏ប្រពន្ធខិតខំឱ្យប្ដីបន្តរៀន។ ប្ដីខិតខំឱ្យប្រពន្ធបន្តរៀន។ នោះហើយ គឺជាចំណុចល្អនៅក្នុងចំ​ណោមជាតិសាសន៍របស់យើង ដែលយើងគប្បីគួរមានមោទនភាព ហើយរួមគ្នាដើម្បីកសាងសង្គមជាតិមួយមានការលូតលាស់ខាងបញ្ញា។​ ខ្ញុំព្រះករុណាខ្ញុំ ធ្លាប់បាននិយាយហើយថា ការកាត់បន្ថយគម្លាត គឺយើងពិបាកធ្វើណាស់ អំពីបញ្ហាការកាត់បន្ថយគម្លាត រវាងអ្នកមាន និងអ្នកក្រ អំពីទ្រព្យសម្បត្តិ វាមិនអាចធ្វើទៅរួចទេ។ យើងជាប្រទេសក្រីក្រ ឱ្យមានប្រាក់ចំណូលស្មើជាមួយនឹងប្រទេសគេអ្នកមាន ដែលសព្វថ្ងៃប្រាក់ចំណូលគេម្នាក់ គិតជាមធ្យមភាគទៅប៉ុន្មានៗឯណោះ គឺវាច្រើនណាស់។ បើនិយាយពីប្រទេសដែលខ្ពស់ជាងគេនោះ គឺប្រទេសកាតា។

ប៉ុល ពត លុបបំបាត់កម្មសិទ្ធិខាងសម្ភារៈ និងចុងក្រោយកាត់ផ្ដាច់មនោសញ្ចេតនា

សូម្បីតែនៅក្នុងប្រទេសមួយៗ ប្រទេសអ្នកមានដែលយើងស្គាល់ សហរដ្ឋអាមេរិក Bill Gates ជាអ្នកមានម្នាក់ ប៉ុន្តែ សួរថា អាចឱ្យប្រជាជនអាមេរិកទាំងប៉ុន្មានរយលាននាក់នោះមានទ្រព្យសម្បិត្តស្មើនឹង Bill Gates ទេ? វាពិតជាមិនអាចទៅរួចទេ​។ ដូចគ្នានេះដែរ នៅក្នុងប្រទេសកម្ពុជារបស់យើង … នោះហើយជាបញ្ហាគ្រប់តែប្រទេសទាំងអស់។ មានតែ ប៉ុល ពត មួយទេ ដែលមានលទ្ធភាពអាចធ្វើឱ្យមនុស្សរស់នៅបានដូចគ្នា ព្រោះវិធីរបស់ ប៉ុល ពត គឺកាត់ផ្ដាច់នូវទ្រព្យសម្បត្តិ កម្មសិទ្ធិខាងសម្ភារៈ តាមរយៈការជម្លៀសប្រជាជនចេញពីកន្លែងមួយ ទៅកាន់កន្លែងមួយ ដើម្បីផ្ដាច់កម្មសិទ្ធិ។ ការបញ្ឈប់ការចាយវាយប្រាក់ ការបញ្ឈប់នូវសកម្មភាពទាំងឡាយ ដែលសង្គមធ្លាប់មាន រហូតដល់ចុងក្រោយ ប៉ុល ពត ឈានទៅកាត់ផ្ដាច់មនោសញ្ចេតនា។ បុរស និងស្រ្តីមិនអាចស្រលាញ់គ្នាបាន គឺត្រូវផ្សំផ្គុំដោយអង្គការ អាហ្នឹងហើយគេហៅមនោសញ្ចេតនា។ ឪពុកម្ដាយមិនអាចរស់នៅជាមួយកូន នោះហើយ គឺការកាត់ផ្ដាច់មនោសញ្ចេតនា។ ប៉ុល ពត អាចធ្វើបាន។ ប៉ុន្តែ ក្រៅពីនោះ សង្គមផ្សេង រវាងការកាត់បន្ថយគម្លាតអ្នកមានទ្រព្យសម្បត្តិ ជាមួយនិងអ្នកគ្មានទ្រព្យសម្បត្តិ ប៉ុន្តែ យើងត្រូវខិតខំធ្វើយ៉ាងម៉េចឱ្យប្រាក់ចំណូលរបស់ប្រជាពលរដ្ឋក្រីក្រកាន់តែមានការកើនឡើង ដើម្បីកាត់បន្ថយគម្លាតនេះ។

កាត់បន្ថយគម្លាតខួរក្បាល តាមរយៈការផ្ដល់​ឱកាសដូចគ្នា

វណ្ណៈកណ្ដាលក្នុងប្រទេសរបស់យើងកើនឡើងខ្លាំងណាស់ ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ។ វណ្ណៈកណ្ដាលនេះហើយ ដែលជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសរបស់យើង ជាមួយនឹងអ្នកមានៗមួយ​ចំនួន។ អ្នកមានៗនោះហើយ ដែលបង់ពន្ធយ៉ាងច្រើន សម្រាប់សេដ្ឋកិច្ចជាតិរបស់យើង។ វណ្ណៈកណ្តាលក៏បានរួមចំណែកទ្រទ្រង់នូវស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេស ធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសរឹងមាំ។ បើទោះ​បីវណ្ណៈកណ្ដាល ឬវណ្ណៈអ្នកមាន ឬវណ្ណៈអ្នកក្រ អ្នកមានប្រាក់ចំណូលទាប/មធ្យម/ខ្ពស់ គឺខុសៗគ្នា​ ប៉ុន្តែ អ្វីដែលយើងអាចធ្វើទៅរួច គឺការកាត់បន្ថយគម្លាតលើបញ្ហាខួរក្បាលហ្នឹងតែម្ដង។ រឿងនេះអាចធ្វើទៅរួច ព្រោះមនុស្សកើតឡើង គឺស្រាតដូចតែគ្នាទេ មិនថាកើតក្នុងគ្រួសារអ្នកក្រ កើតនៅក្នុងគ្រួសារអ្នកមានមធ្យម កើតនៅក្នុងគ្រួសារអ្នកមាន កើតនៅក្នុងគ្រួសារមន្រ្តី កើតនៅក្នុងគ្រួសារស្អី គឺដូចតែគ្នាទេ។ អញ្ចឹង ប្រសិន​បើយើងផ្ដល់​ឱកាសដូចគ្នា ហើយមានសាលារៀននៅគ្រប់ទីកន្លែង កូនអ្នកក្រ និងកូនអ្នកមានរៀននៅក្នុងកម្មវិធីដូចគ្នា។ ហើយយើងបានឃើញរួចមកហើយ នៅពេលដែលមានការប្រឡងមធ្យមសិក្សាទុតិយភូមិ យើងតែងឃើញថា មានកុមារា កុមារី យុវជន យុវនារីរបស់យើង ដែលជាកូនអ្នកក្រីក្រប្រឡងជាប់និទ្ទេស A ច្រើនទៀត។ បើគិតជាភាគរយ គឺមានច្រើនជាងចំនួនកូនអ្នកដែលមានលទ្ធភាពទៅទៀត​។

អ្នកបានកើតក្នុងប្រទេសអ្នកមាន តែមិនប្រាកដថាវ័យឆ្លាតជាងពលរដ្ឋកម្ពុជា

ខ្ញុំព្រះករុណាខ្ញុំ តែងនិយាយថា មានពេលខ្លះនិយាយដោយត្រង់ៗចំពោះមុខភ្ញៀវតែម្ដង។ (មានអ្នកខ្លះ)និ​យាយចុះនិយាយឡើង ហាក់ដូចជាមកប្រដៅយើង។ បានខ្ញុំចង្អុលថា មិនប្រាកដទេ។ អ្នកគ្រាន់តែមានសំណាងកើតនៅក្នុងប្រទេសអ្នកមានតែប៉ុណ្ណោះ អ្នកមកប្រដៅខ្ញុំ។ ប៉ុន្តែ មិនទាន់ប្រាកដទេថា ចំណេះដឹងរបស់អ្នកខ្ពស់ជាងពលរដ្ឋរបស់ខ្ញុំ។ ពាក្យដែលថាជំនួយបច្ចេកទេស technical assistance គឺជួនកាលមកយកគម្រោងសិក្សារបស់ពលរដ្ឋរបស់យើងទៅវិញទេ រួចហើយកាត់ក្បាលកាត់កន្ទុយ ទៅបង្កើតជាគម្រោង រួចហើយយកលុយ។ ឧទាហរណ៍ថា មកសិក្សាអំពីគម្រោងធារាសាស្រ្តមួយឱ្យយើង គេមកត្រឹមតែមួយអា​ទិត្យ ឬពីរអាទិត្យ បែរទៅជាគេអាចនឹងសិក្សាបានពីតំបន់នេះ។

ឧទាហរណ៍ថា គម្រោងត្រូវធ្វើទំនប់កន្លែងហ្នឹងមួយ គេអាចដឹងបាននៅក្នុងពេលដែលគេមកក្នុងរដូវប្រាំង ប៉ុន្តែ គេអាចដឹងបានថា ទឹកក្នុងមួយវិនាទីដូចបានប៉ុន្មានម៉ឺនម៉ែត្រគូប។ អញ្ចឹង គាត់មិនទាំងស្គាល់កន្លែងហ្នឹងច្បាស់ផង? គាត់មកក្នុងត្រឹមពីរអា​ទិត្យ តែគាត់អាចសិក្សាបាន តើគាត់យកពីណា? គាត់យកពីទិន្ន​ន័យសិក្សាពីកូនខ្មែររបស់យើង រួចហើយគាត់ទៅផ្គុំរៀបចំធ្វើជាគម្រោងសិក្សារបស់គាត់។ គាត់យកលុយពីស្ថាប័នហិរញ្ញវត្ថុ ឬក៏ប្រទេសផ្ដល់ជំនួយឱ្យយើង។ ចំណុចនេះ យើងត្រូវឃើញ។ ប្រទេសខ្លះ អ្នកខ្លះ យើងមិនមើលស្រាលគេទេ ប៉ុន្តែ នៅពេលដែលគេនិយាយស្ដី​ចេញមក យើងគ្រាន់តែគិតថា ឯងប្រហែលជាមានសំណាងកើតនៅក្នុងប្រទេសអ្នកមានតែប៉ុណ្ណោះ ប៉ុន្តែ ត្រង់ភាពវ័យឆ្លាតរបស់អ្នក​ឯងក៏មិនប្រាកដថា ប្រ​សើរជាងពលរដ្ឋកម្ពុជានោះទេ។

ទីម័រលេស្ដ ប្រឹងប្រែងបណ្តុះបណ្តាលធនធានមនុស្ស ត្រៀមចូលអាស៊ាន

ខ្ញុំព្រះករុណាខ្ញុំ ចេញពីទីនេះ ទៅជួបរដ្ឋមន្រ្តីការបរទេសទីម័រលេស្ដ ដែលមុនយើងហៅថាទីម័រខាងកើត ទាក់​ទងនឹងការចូលអាស៊ាន។ នៅនៅប៉ុន្មានខែខាងមុខ គឺនឹងមានក្រុមបេសកកម្មស្រាវជ្រាវការពិតមួយនៅទីម័រខាងកើត ដើម្បីពិនិត្យមើលថា ទីម័រខាងកើតបានកសាងគ្រប់លទ្ធភាព ដើម្បីចូលជាសមាជិកអាស៊ានហើយឬនៅ? តែខ្ញុំព្រះករុណាខ្ញុំបានទស្សនកិច្ចនៅទីម័រខាងកើតរួចហើយ កាលពីពេលមុន។ បើមិនទាន់លោតទឹកទេ ហេតុអ្វីបានជាយើងអាចនិយាយបានថា មិនចេះហែលទឹក។ ទាល់តែលោតទៅក្នុងទឹក ទើបហែលទឹកបាន។ យើងធ្លាប់មានបញ្ហា ហើយយើងធ្លាប់ចូលអាស៊ានក្រោយគេ (ហើយ)ឆ្នាំនេះ ជាខួបទី ២០ នៃការចូលអាស៊ាន។ យើងក៏ធ្លាប់ធ្វើជាប្រធានអាស៊ាន ២ ដងដែរ។ ទីម័រខាងកើត ឬទីម័រលេស្ដ មានលទ្ធភាពដើម្បីនឹងចូលជាសមាជិកអាស៊ានហើយ។ មិនគប្បីមើលស្រាលទៅលើទីម័រលេស្ដ។ ហើយបញ្ហាធនធានមនុស្ស គេក៏បានប្រឹងប្រែងបណ្ដុះបណ្ដាលដូចយើងដែរ។ ដូចប្រទេសដទៃទៀតដែរ។

កាត់បន្ថយគម្លាត រវាងអាស៊ានចាស់/ថ្មី ជម្រុញ និងពង្រឹងសមត្ថភាពទៅជាមួយគ្នា

គម្លាត រវាងអាស៊ានចាស់/ថ្មី ត្រូវបានកាត់បន្ថយ តាមរយៈការធ្វើគំនិតផ្ដួចផ្ដើមសមាហរណ​កម្ម​កាត់បន្ថយគម្លាត រវាងអាស៊ានចាស់/ថ្មី។ ប្រសិនបើបញ្ចូលទីម័រលេស្ដមកទៀត ក៏វាស្ថិតនៅក្នុងសំណុំ រវាងអាស៊ាន ចាស់/ថ្មី។ ខ្ញុំព្រះករុណាខ្ញុំគិតថានឹងអាចលើកមតិនៅក្នុងចំ​ណោម​មេដឹកនាំអាស៊ានថា មិនមានការចាំបាច់ធ្វើពីរ(ឬ)បីតង់ទេ។ អាស៊ានចាស់/ថ្មី បូកនឹងអាស៊ានទីម័រលេស្ដមួយទៀត គេហៅថា ២ plus ១ មិនចាំបាច់អញ្ចឹងទេ។ ពីមុននេះ ១ plus ១ បានសេចក្ដីថា អាស៊ានចាស់/ថ្មី។ ឥឡូវបើដាក់មួយមកទៀត វានឹង ១ plus ១ plus ១ មួយបីដងមិនបាច់ទេ ឬក៏ ២ plus ១  មិនបាច់ទេ។ យើងទៅមួយតែម្ដង ដើម្បីជម្រុញ (និង)ពង្រឹងសមត្ថភាពទៅជាមួយគ្នា។

គ្រូមិនអាចក្លាយជាសេដ្ឋី តែបង្រៀនកូនសិស្សឱ្យក្លាយជាសេដ្ឋី

ខ្ញុំព្រះករុណាខ្ញុំ វិលត្រឡប់មកអំពីការកាត់បន្ថយគម្លាតនៅក្នុងខួរក្បាល រវាងអ្នកមាន/ក្រ យើងអាចធ្វើទៅរួច​។ សុំទោសលោកគ្រូ អ្នកគ្រូ សាស្រ្តាចារ្យរបស់យើង។ សាស្រ្តាចារ្យរបស់យើងជាទូទៅក្នុង ១ ០០០ នាក់ អាចថាមាន ១០ នាក់ ក្លាយទៅជាអ្នកមាន។ ប៉ុន្តែ ភាគច្រើនកូនសិស្សរបស់សាស្រ្តាចារ្យទេ ក្លាយទៅជាអ្នកមានពិតប្រាកដ។ យើងពិនិត្យមើល។ គ្រូបានត្រឹមចែករំលែកចំណេះដឹងទៅឱ្យកូនសិស្សៗយកចំណេះដឹងនោះទៅពង្រីកមុខរបរ ក្លាយទៅជាអ្នកមាន។ ប៉ុន្តែ គ្រូមិនដែលច្រណែនជាមួយសិស្ស​នោះទេ។ នេះជាកាតព្វកិច្ចដែលយើងមានភារកិច្ចត្រូវធ្វើ។ យើងមើលអ្នកមានៗបច្ចុប្បន្ន ភាគច្រើនគេមិនដែលធ្វើជាសាស្រ្តាចារ្យទេ ប៉ុន្តែ គេបានទទួលចំណេះដឹងពីសាស្រ្តាចារ្យរបស់យើង ហើយគេក្លាយទៅជាអ្នកមាន ាគច្រើនកូនសិស្សរបស់សាស្រ្តាឺនម៉ែក្នុងជោគជ័យមុខរបររបស់គេ។ អ្នកស្រាវជ្រាវខាងសេដ្ឋកិច្ចខ្លះ យល់ដឹងពីសេដ្ឋកិច្ច គាត់មិនធ្វើសេដ្ឋកិច្ចខ្លួន​ឯង ប៉ុន្តែ គាត់ស្រាវជ្រាវអំពីសេដ្ឋកិច្ច គាត់ស្រាវជ្រាវអំពីបញ្ហាទាក់ទងជាមួយនឹងទីផ្សារអចលនទ្រព្យ បញ្ហាហិរញ្ញវត្ថុ បញ្ហាពាណិជ្ជកម្ម បញ្ហាកសិឧស្សាហកម្ម ឬបញ្ហាស្អីដទៃទៀត ប៉ុន្តែ គាត់មិនបានធ្វើអាជីវកម្មខ្លួនឯងទេ គាត់យកចំណេះដឹងទាំងនោះទៅចែករំលែកឱ្យសិស្សរបស់គាត់។  ឯសិស្សរបស់គាត់ក្លាយទៅជាអ្នកមាន​។​ ត្រង់ហ្នឹងហើយដែលយើងធ្វើទិវាគុណគ្រូ គឺវាសមរម្យណាស់។ ១ ឆ្នាំ ធ្វើម្ដង ដើម្បីរំលឹកគុណគ្រូ គឺវាជាការប្រសើរ។

សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ នៅតែជាសាកលវិទ្យាល័យឈានមុខ

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ជាមួយនឹងជោគជ័យរួមរបស់យើង ក៏សុំកោតសរសើរ ចំពោះសាកលវិទ្យាល័យ ភូមិន្ទ​ភ្នំពេញ នៅតែជាសាកលវិទ្យាល័យឈានមុខនៅក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សរបស់យើង។ សាកលវិទ្យាល័យរបស់យើងក៏មានប្រវត្តិវែងឆ្ងាយ ប៉ុន្តែ ក៏ត្រូវបានបំផ្លិចបំ​ផ្លាញ (និង)បិទចោលនៅក្នុងដំណាក់កាល ប៉ុល ពត ដែរ។ ឥឡូវ យើងបន្ដជាមួយនឹងសាកលវិទ្យាល័យនេះតទៅទៀត ដោយការខិតខំរបស់យើង។ ជាធម្មតា ក្មួយៗនិស្សិតដែលប្រលងចូលធ្វើជាសាស្រ្តាចារ្យ តាមរយៈ បរិញ្ញា+១ ត្រូវបន្តទៅរៀននៅវិទ្យាស្ថានជាតិអប់រំ។ អញ្ចឹង ក្មួយៗទាំងនេះ ដែលចេញទៅធ្វើជាសាស្រ្តាចារ្យ ជាសាស្រ្តាចារ្យនៅឧត្តមសិក្សា ឬជាសាស្រ្តាចារ្យនៅតាមវិទ្យាល័យ គឺសុទ្ធតែមានសំ​ណាងជួបពូបាន ២ ដង។ ម្ដងគឺជួបនៅពេលទទួលសញ្ញាបត្រនេះ ហើយម្ដងទៀតជួបនៅពេល ដែលទទួលសញ្ញាបត្រមុនពេល ដែលចេញទៅបង្រៀន​។

អបអរសាទរ ចំពោះជ័យលាភីគ្រប់កម្រិត

សូមអបអរសាទរ ចំពោះជ័យលាភីទាំងអស់ ដែលបានទទួលសញ្ញាបត្រនៅថ្ងៃនេះទាំងគ្រប់កម្រិត។ ក្នុងនោះ បរិញ្ញាបត្រ ចំនួន​ ៣ ០១៧ នាក់, នារីមាន ១ ៤៣៩ ស្មើនឹង ៤៧,៧០%។ បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ១៤៤ នាក់ ក្នុងនោះ នារីមាន ៤៩ នាក់ ស្មើនឹង ៣៤,០៣%។ ក្នុងនោះ ក៏មាននិស្សិតពិការភ្នែក ចំ​នួន ៣ នាក់ ផងដែរ។ ក្នុងចំណោមជ័យលាភីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ២៦ នាក់ ដែលជាអាហារូបករណ៍របស់និស្សិត ដែលផ្ដល់ឱ្យខ្ញុំ ក្នុងនោះ និស្សិតពិការ ចំនួន ១២ នាក់ នារី ៦ នាក់ ពិការភ្នែក ៣ នាក់ នារី ១ នាក់ និងពិការកាយសម្បទា​ ៩ នាក់ នារី ៥ នាក់។

ដំឡើងពីប្រាក់ពី ៤ លានរៀល ទៅ ៥ លានរៀល/ខែ សម្រាប់បណ្ណាល័យ

ហើយឯណាបណ្ណាល័យ? យើងចរចាគ្នារៀងរាល់ឆ្នាំ។ ឯណានាយក? បុគ្គលិកប៉ុន្មានសម្រាប់មួយថ្ងៃៗ? ២៨ នាក់។ អ្នកធ្វើការ និងអ្នកស្ម័គ្រចិត្ត។ ឥឡូវ យើងទទួលបាន ៤ លានរៀល/ខែ។ ឥឡូវ ខ្ញុំយកការសម្រេចមួយទៀត គឺបង្កើនដល់ ៥ លានរៀល/ខែ។ ខ្ញុំមានកង្វល់ដែរ គឺកង្វល់ក្រែងលោគេរត់ចោលបណ្ណាល័យខ្ញុំ។ មូលហេតុអីទៅ? មូលហេតុត្រង់ថា ឥឡូវ អ្នកទាំងអស់គ្នាឡើងប្រាក់ខែអស់ហើយ តែឡើងប្រាក់​ខែហើយ ថាទេ អញត្រូវការសម្រាក ថ្ងៃសៅរ៍-អាទិត្យ អញមិនខ្វល់ជាមួយបណ្ណាល័យហ្នឹងទេ បានលុយប៉ុណ្ណឹងតិចពេក។ អញ្ចឹង ចោលបណ្ណាល័យទៅ។ ឆ្នាំទៅដំឡើងពី ៧៥០ ដុល្លារ ទៅ ១ ០០០ ដុល្លារ ស្មើនឹង ៤ លានរៀល។ ឥឡូវ ឡើងទៅ ៥ លានរៀល ហើយចាំចរចាគ្នាតទៅទៀតលើស្ថានភាពទីផ្សារ ព្រោះការព្យាយាមរៀន ការមើល (និង/ឬ)ការអាន ត្រូវខិតខំស្រវាស្រទេញ។

បច្ចេកទេសកាន់តែទំនើប ធ្វើឱ្យមនុស្សកាន់តែខ្ជិលចូលបណ្ណាល័យអានសៀវភៅ

ខ្ញុំព្រះករុណាខ្ញុំ កំពុងតែបារម្ភ។ បន្តិចទៀតមនុស្សលែងខ្ចីសរសេរ វចនានុក្រមលែងត្រូវការតែម្តង ព្រោះអី? ឥឡូវ កម្មវិធីថ្មីដែលចេញប្រហែលជា ១ អាទិត្យចុងក្រោយនេះ ពីមុនមានតែ Huawei មានតែ Samsung ប៉ុន្តែ Iphone ក៏មានដែរ ក៏ប៉ុន្តែ គឺវារអាក់រអួល។ ប៉ុន្តែឥឡូវ Iphone គឺថា និយាយបញ្ចូលក្នុង WhatsApp បញ្ចូលក្នុង Telegram និយាយរួម កម្មវិធីអីទាំងអស់ រាប់ទាំង Note របស់យើង និយាយឱ្យតែច្បាស់ ហើយ​អាចចូលកែមួយៗតែប៉ុណ្ណឹង។ ដល់និយាយអញ្ចឹងទៅ វាផ្ទៀងគ្នាវាត្រូវពេក។ ដល់អញ្ចឹងទៅមនុស្សខ្ជិលតែម្តង ឧទាហរណ៍៖ ទាញអញ្ចឹងមក WhatsApp និយាយអញ្ចឹងទៅ ត្រូវហើយចុចទៅតែម្តង មានចាំ​បាច់ចុចឯណា? ព្រោះភ្នែកយើងវារាងអន់បន្តិចដែរ ចាប់ចុចទៅវាលោតមកហ្នឹង។ វាត្រូវហើយបញ្ជូនទៅតែម្តង។ ដល់ទំនើបខ្លាំងពេក ក្រែងលោមនុស្សវាចេះតែខ្ជិល។ ឥឡូវនេះ និយមការស្តាប់ជំនួសឱ្យការមើល។

កសាងបណ្ណាល័យ សំដៅធ្វើឱ្យការអានក្លាយទៅជាចំណាប់អារម្មណ៍របស់មនុស្ស

ខ្ញុំព្រះករុណាខ្ញុំ ចង់ឱ្យបណ្ណាល័យនេះនៅតែបន្តដើរតួនាទី។ អំពាវនាវឱ្យគ្រប់សាកលវិទ្យាល័យ គ្រប់ទីកន្លែង ហើយវិទ្យាល័យ ឬសាលា ដែលខ្ញុំព្រះករុណាខ្ញុំកសាងនៅឯមូលដ្ឋាន មិនដែលគ្មានបណ្ណាល័យទេ សុទ្ធតែមានបណ្ណាល័យទាំងអស់ សំដៅធ្វើឱ្យការអាននេះក្លាយទៅជាចំណាប់អារម្មណ៍ ក្លាយទៅជាចំណីរបស់មនុស្ស។ មិនបានអានសៀវភៅ គឺមិនអស់ចិត្ត។ ខ្ញុំព្រះករុណាខ្ញុំ រាល់ថ្ងៃនេះ គឺនៅតែអាន។ សូម្បីតែសៀវភៅដែលខ្ញុំព្រះករុណាខ្ញុំសរសេរផ្ទាល់ មកដល់ពេលនេះជាង ៣០ ឆ្នាំមុន ក៏នៅតែយកមើលចុះមើលឡើង​វិញដែរ។ មានសៀវភៅដែលសរសេរកាលពីឆ្នាំ ១៩៩១ មានអាឆ្នាំ ១៩៨៩ មានឆ្នាំ ១៩៩៩ ក៏យកមកមើលឡើងវិញដែរ។ សៀវភៅមួយចំនួនកន្លងទៅនេះ ក៏បានជួយឱ្យ លោក ឆាយ សុផល ជាសាស្ត្រាចារ្យសារព័ត៌មាននៅសាកលវិទ្យាល័យភ្នំពេញ ដើម្បីមានឱកាសដើម្បីពង្រីកបណ្ណាល័យអីរបស់គាត់។ ជួយជ្រោមជ្រែងឱ្យគាត់មានលទ្ធភាពធ្វើបែបនោះ សំដៅឱ្យប្រជាពលរដ្ឋរបស់យើងមានទម្លាប់អាន និងការស្រាវជ្រាវ តាមរយៈការអាននេះ។​​ អញ្ចឹង បានជាការកសាងដំបូងគេ គឺបណ្ណាល័យនៅឯសាកលវិទ្យាល័យ ភ្នំពេញ ហើយជំនាន់នោះធ្វើអស់មិនដល់ ៤០ ម៉ឺនដុល្លារទេ ប៉ុន្តែ បណ្ណាល័យនោះធំ កាលពីជំនាន់នោះសម្ភារៈសំណង់វាថោក ឥឡូវនេះ អត់បានទេ កសាងប៉ុណ្ណឹង គឺតម្លៃច្រើនជាងហើយ។ អញ្ចឹងទេ ខ្ញុំព្រះករុណាខ្ញុំ គឺថាដោះស្រាយទៅលើកិច្ចការងារនេះ។

ផុតកង្វល់អំពីបញ្ហាខ្វះទឹកប្រើប្រាស់

មានបញ្ហាមួយចំនួន ដែលគួរតែត្រូវបានលើកយកមកនិយាយ។ ឥឡូវនេះ រដូវប្រាំងបានបញ្ចប់។ រដូវវស្សាបានចូលមកដល់ប្រមាណ ២ អាទិត្យហើយ។ យើងផុតកង្វល់អំពីបញ្ហាខ្វះទឹកប្រើប្រាស់ ដែលមុននេះមានការកង្វល់ខ្លាំងណាស់។ យើងបានដោះស្រាយបញ្ហានោះ តាមរយៈការខិតខំនៅទីកន្លែងខ្លះខ្វះទឹក បានជួយ​យកទឹកទៅផ្តល់ឱ្យប្រជាពលរដ្ឋ និងជីកបន្ថែមអណ្តូងទឹកនៅទីនោះ ដោយសប្បុរសជនក្តី ដោយអង្គការក្រៅរដ្ឋាភិបាល ដោយបណ្តាបក្សនយោបាយ ដែលមានលទ្ធភាព។ អញ្ចឹងទេ​ បញ្ហាការខ្វះខាតទឹក សម្រាប់ការប្រើប្រាស់ត្រូវបានបញ្ចប់ហើយ។ ប៉ុន្តែ យើងនៅមានបញ្ហាទាក់ទិនជាមួយនឹងការខ្វះខាតទឹកទៅលើបញ្ហាការប្រើប្រាស់វារីអគ្គិសនី ដែលធ្វើឱ្យអគ្គិសនីរបស់យើងគ្មានស្ថិរភាពនៅក្នុងការផ្គត់ផ្គង់។

បទពិសោធន៍ខ្វះអគ្គិសនីឆ្នាំនេះ ត្រូវរកវិធីដោះស្រាយ កុំឱ្យជួបបញ្ហាច្រំដែលនៅឆ្នាំខាងមុខ

ឆ្នាំនេះជាបទពិសោធន៍ ផ្តល់មេរៀនឱ្យយើងច្រើន ដែលយើងត្រូវខិតខំរកវិធីដោះស្រាយ ដើម្បីកុំឱ្យជួបបញ្ហាច្រំដែលនៅឆ្នាំខាងមុខ។ វារីអគ្គិសនីរបស់យើងមានកម្លាំងប្រមាណជិត ១ ៤០០ មេហ្គាវ៉ាត់ ក៏ប៉ុន្តែ ផលិតថ្ងៃខ្លះបានត្រឹមតែ ១០០ មេហ្គាវ៉ាត់ ឬ ២០០ មេហ្គាវ៉ាត់ទេ។ យប់មិញ ឃើញថាបានទៅដល់ ៦០០ មេហ្គាវ៉ាត់ ឃើញថាបានគ្រាន់បើបន្តិច។ ប៉ុន្តែ ៦០០ មេហ្គាវ៉ាត់នេះ មិនមែនជា ៦០០ មេហ្គាវ៉ាត់ បានគ្រប់ម៉ោងនោះទេ បានតែប៉ុន្មានម៉ោងទេវារីអគ្គិសនីខ្លះ។ ម្សិលមិញនេះបានពី ១៩ ទៅ ៦០៥ មេហ្គាវ៉ាត់។ វារីអគ្គិសនីគិរីរម្យ ១ សូន្យ​តែម្តង។ កម្លាំង ១២ មេហ្គាវ៉ាត់ ប៉ុន្តែ អត់ដើរបានទេ។ គិរីរម្យទី ៣,១៨ មេហ្គាវ៉ាត់ ដើរបាន ១៧ មេហ្គាវ៉ាត់ ប៉ុន្តែ បានតែ ៧ ម៉ោងទេ។ កំចាយ ១៩៤ មេហ្គាវ៉ាត់ បានពី ៣៥ ទៅ ៤៥ មេហ្គាវ៉ាត់ ហើយបានតែពីម៉ោង ៧:១៨ នាទី ដល់ម៉ោង ៨:៤៣ នាទី និងពីម៉ោង ១០:១៣ នាទី ដល់ម៉ោង ១២ យប់។ អាតៃបាន ២៤ ទៅ ១០០ មេហ្គាវ៉ាត់ កម្លាំង គឺ ១២០ មេហ្គាវ៉ាត់ បានតែ ១៥ ម៉ោងទេ។ ឫស្សីជ្រុំ ៣៣៨ មេហ្គាវ៉ាត់ សូន្យ។ អត់បញ្ចេញបានសូម្បីតែ ១ មេហ្គាវ៉ាត់។ តាតៃ ចំនួន ៤៤៦ មេហ្គាវ៉ាត់ ចេញបានតែ ២០ ទៅ ១៣៥ មេហ្គាវ៉ាត់ទេ ហើយបានតែ ១៥ ម៉ោង។ សេសាន គឺបានតែ ២០ ទៅ ៣០៥ មេហ្គាវ៉ាត់ គឺបាន ២៤ ម៉ោងពេញ ប៉ុន្តែកម្លាំងដល់ទៅ ៤០០ មេហ្គាវ៉ាត់​ឯណោះ …​ ចំនួននេះ គឺជាចំនួនមិនគ្រប់ទេ។ យើងបានប្រឹងប្រែងឱ្យអស់លទ្ធភាព ដើម្បីនឹងប្រមូលនូវការកាត់បន្ថយអគ្គិសនី។ ជាសំណាងរបស់ខេត្តព្រះវិហារ និងខេត្តកំពង់ធំទៅវិញទេ ដែលយើងយកភ្លើងពីឡាវ ១៨ មេហ្គាវ៉ាត់ រុញឱ្យកំពង់ធំ និងព្រះវិហារ​ មិនដែលកាត់អគ្គិសនីទេ។ ប៉ុន្មានកន្លែង កន្លងទៅនេះ ធ្លាប់មានកាត់ផ្ទះប្រជាពលរដ្ឋ កាត់អូតែលខ្លះ។

ករណីកើតឡើងនៅឯពេទ្យលោកសង្ឃ មិនមែនករណីកាត់ភ្លើងទេ

ខ្ញុំសូមបញ្ជាក់ថា​ កន្លងទៅមានករណីកើតឡើងនៅឯពេទ្យលោកសង្ឃ មិនមែនករណីកាត់ភ្លើងទេ តែវាដាច់ខ្សែកាប្លិ៍។ នាំគ្នាទៅកាយដី វាដាច់ខ្សែកាប្លិ៍ផ្គត់ផ្គង់អគ្គិសនីនៅក្នុងមន្ទីរពេទ្យ បានជាបង្កើតរឿងគេថា កាត់ភ្លើងចេញពីមន្ទីរពេទ្យ។ កន្លែងអាទិភាពរបស់យើង គឺផ្គត់ផ្គង់មន្ទីរពេទ្យ។ មិនអាចមន្ទីរពេទ្យមួយកំពុងតែដំណើរការវះកាត់ ឬសង្គ្រោះជីវិតមនុស្ស បែរជាដាច់ភ្លើង។​ អត់ទេ។ កន្លែងខ្លះមានម៉ាស៊ីនរបស់ខ្លួនទៀតផងទៅទៀត។ បទពិសោធន៍ឆ្នាំនេះ ផ្តល់មេរៀនឱ្យយើង។ ដូច្នេះហើយការដែលយើងត្រូវរៀបចំសម្រាប់ឆ្នាំក្រោយ តាមឯកឧត្តម ស៊ុយ សែម វាយមកឱ្យខ្ញុំ គឺថា ឥឡូវនេះ គឺដើរដោយធ្យូងថ្ម ចំនួន ៣៧០ មេហ្គាវ៉ាត់ បានដើរហើយ នៅសល់ម៉ាស៊ីន ១ ទៀត។ ៣ ម៉ាស៊ីន បានដើរហើយ។ កម្លាំង ៣៧០ មេហ្គាវ៉ាត់ និងមានរោងចក្រមួយទៀត ស្មើនឹង ១៣៥ មេហ្គាវ៉ាត់ ដែលខិតខំដាក់ឱ្យដំណើរការក្នុងថ្ងៃនេះ។

ឆ្នាំក្រោយទីក្រុងភ្នំពេញលែងមានការកាត់ផ្តាច់អគ្គិសនីទៀតហើយ

សូមបញ្ជាក់ជូនថា ទីក្រុងភ្នំពេញត្រូវតែត្រៀម ៤០០ មេហ្គាវ៉ាត់ ទុកនៅក្បែរដៃតែម្តង។ ឥឡូវ បានអនុម័ត​ថវិកា ហើយក៏បានចាប់ផ្តើមបញ្ជាទិញ។ ធ្វើម៉េចខែ តុលា ឱ្យហើយ។ ៤០០ មេហ្គាវ៉ាត់, ២០០ មេហ្គាវ៉ាត់ ទិញពីហ្វាំងឡង់, ២០០ មេហ្គាវ៉ាត់ ទៀតទិញពីអាល្លឺម៉ង់ យកមកដំឡើងត្រៀមទុកតែម្តង។ ពេលវារីអគ្គិសនីបញ្ចេញភ្លើងមិនគ្រប់​ គឺអានេះបុកចូលទីក្រុងភ្នំពេញតែម្តង។ ឆ្នាំក្រោយ គឺភ្នំពេញគ្មានហេតុផលថាខ្វះអគ្គិសនី ហើយត្រូវកាត់ទេ។ ម៉ាស៊ីននឹងដាក់ឱ្យដំណើរការជាបន្តបន្ទាប់។ ម៉ាស៊ីនខ្លះកំពុងដំឡើង ដូចជាក្រុមហ៊ុនមកពីម៉ាឡេស៊ី កំពុងដំឡើងនៅឯក្រុងព្រះសីហនុ ១៣៥ មេហ្គាវ៉ាត់ ហើយដោយយកម៉ាស៊ីនពីក្រុមហ៊ុន ហ្សីអ៊ី របស់អាមេរិកយកមកដំឡើង ហើយក្រុមហ៊ុនដែលតម្លើង គឺក្រុមហ៊ុនជប៉ុន តូហ្សីបា។ យើងនឹងបង្កើនសមត្ថភាពផលិតដើរដោយធ្យូងថ្ម​។

ស្នើឱ្យជប៉ុនជួយផ្តល់ហិរញ្ញប្បទាន ដើម្បីបន្តតង់ស្យុងខ្ពស់ពីឡាវមកភ្នំពេញ

ទៅជប៉ុនក៏បានពិភាក្សាជាមួយ អាបេ ដើម្បីឱ្យគាត់ជួយទៅលើដំណើរការទាក់ទិនជាមួយនឹងបញ្ហាអគ្គិសនី ក្នុងហ្នឹងសូមឱ្យគាត់ផ្តល់នូវហិរញ្ញប្បទាន ដើម្បីបន្តចរន្តតង់ស្យុងខ្ពស់នោះ ពីព្រំដែនឡាវមកទល់នឹងភ្នំពេញ​។​​ យើងបានចរចាជាមួយឡាវហើយ។ ថ្ងៃនោះក៏ពេលដែលទទួលទានអាហារហ្នឹង ខ្ញុំ និង អាបេ អង្គុយកណ្តាលអញ្ចឹង។ ខ្ញុំអង្គុយខាងស្តាំ មហាធៀ អង្គុយឆ្វេង។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ នាយករដ្ឋមន្ត្រីឡាវអង្គុយខាងមុខ ហើយនាយករដ្ឋមន្ត្រីបង់ក្លាដេសអង្គុយខាងមុខ។ អញ្ចឹងទេ ក៏ឆ្លៀតពិភាក្សាជាមួយនឹងនាយករដ្ឋមន្ត្រីឡាវ។ ឡាវមានអគ្គិសនី ក៏ប៉ុន្តែ ឡាវក៏គ្មានទីផ្សារនាំចេញដែរ។ អញ្ចឹង យើងខិតខំកសាងបណ្តាញភ្ជាប់ពីឡាវចូលមកកាន់កម្ពុជារបស់យើង មកដល់ទីក្រុងភ្នំពេញ តង់ស្យុងខ្ពស់ មកដល់ ២០០ គីឡូវ៉ុល ដែលមានចម្ងាយ ៣៥០ គីឡូម៉ែត្រ។ វ៉ារីអគ្គិសនីដនសាហុង ដែលនៅមិនឆ្ងាយពីព្រំដែនកម្ពុជា ឡាវនឹងលក់ឱ្យកម្ពុជា។ យើងចង់បាន ដោយសារឡាវមានធ្យូងថ្មមួយកន្លែងនៅក្នុងប្រទេសឡាវតែម្តង ហើយគាត់ទៅដាក់អគ្គិសនីនៅកន្លែងហ្នឹង ១ ៧០០ មេហ្គាវ៉ាត់ ហើយលក់ឱ្យយើងទាំងអស់។ អញ្ចឹង វាមានតម្លៃស្ថិរភាព ព្រោះនៅក្នុងប្រទេសរបស់យើង ធ្យូងថ្មមិនទាន់មានលទ្ធភាព ដើម្បីផលិតអគ្គិសនីនោះទេ ហើយកន្លែងដែលផលិតអគ្គិសនី ក៏យើងមិនអាចមានប្រភពផ្សេងពីណា។

ផែនការអគ្គិសនីត្រូវតែរៀបចំឡើងវិញឱ្យទាន់ជាមួយការលូតលាស់របស់ប្រទេស

ពិតហើយ យើងបង្កើនការផលិតជាមួយនិងអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ប៉ុន្តែ ខ្ញុំព្រះករុណាខ្ញុំ ក៏ទើបតែដឹងដែរថា អាគាត់នេះ កាលណាតែមេឃស្រទុំវាធ្លាក់ឯងតែម្តង កាលណាតែមេឃក្តៅវាបញ្ចេញភ្លើងឱ្យយើង​។ បើភ្លៀងមកទៀត អាហ្នឹងចប់។ យប់ទៅទៀត អាហ្នឹងវាចប់។ បើអញ្ចឹងយើងត្រូវតែមានដើរដោយទឹក ប្រើដោយរដូវវស្សា។ ខែប្រាំងបូកដើរដោយវារីអគ្គិសនីផង ធ្យូងថ្មផង ដោយហ្គាសផង ដើរដោយប្រេងខ្មៅ។ យើងយកមកដាក់នៅទីក្រុងភ្នំពេញ ៤០០ មេហ្គាវ៉ាត់ មកពីអាល្លឺម៉ង់ និងមកពីហ្វាំងឡង់នេះ ដោយប្រើប្រេងខ្មៅ។ ផែនការអគ្គិសនី ដែលមុននេះភ្នំពេញយើងប្រើតែ ៣០ មេហ្គាវ៉ាត់ ឥឡូវឡើង ១ ០០០ មេហ្គាវ៉ាត់។ វាជាចំនួនមួយកើនឡើងខ្លាំងណាស់។ ផែនការអគ្គិសនីត្រូវតែរៀបចំឡើងវិញឱ្យទាន់ជាមួយការលូតលាស់របស់ប្រទេស។

សុំការអធ្យាស្រ័យពីប្រជាពលរដ្ឋ ដែលកន្លងទៅមានការកាត់ភ្លើងនៅកន្លែងនេះ/នោះ

ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះជាថ្មីម្តងទៀត សុំការអធ្យាស្រ័យពីប្រជាពលរដ្ឋរបស់យើង ដែលកន្លងទៅមានការកាត់ភ្លើងនៅកន្លែង/នោះ ប្រជាពលរដ្ឋរបស់យើងជួបការលំបាក ប៉ុន្តែឥឡូវតាមរយៈការខិតខំរបស់យើង ឆ្នាំក្រោយមិនមានរឿងច្រំដែលកើតឡើងអំពីស្ថានភាពនេះទេ។ បើទោះបីវារីអគ្គិសនីដើរមិនបាន ក៏ប៉ុន្តែ ដើរដោយធ្យូងថ្ម ដើរដោយហ្គាស និងដើរដោយប្រេងឥន្ទនៈ នឹងត្រូវបញ្ឆេះ ដើម្បីបំពេញឱ្យការខ្វះខាត ហើយវាងាយស្រួលត្រង់អញ្ចេះ យើងបញ្ឆេះម្តងមិនចាំបាច់បញ្ឆេះទាំង ២០០ មេហ្គាវ៉ាត់ទេ ព្រោះអាហ្នឹង ២០០ មេហ្គាវ៉ាត់ មួយដុំវាមាន ២០។ អញ្ចឹងទេ បើខ្វះ ២០ មេហ្គាវ៉ាត់ យើងបញ្ឆេះ ២០ មេហ្គាវ៉ាត់ រួច បញ្ចូលមកបង្គ្រប់។ នេះជាបញ្ហាអគ្គិសនី ដែលសុំបញ្ជាក់ជូនថា ផ្តល់មេរៀនឱ្យយើងច្រើន សម្រាប់ឱ្យយើងគិតគូរពិចារណាអំពីផែនការអគ្គិសនី សម្រាប់ពេលអនាគតរបស់យើង។ អគារធំៗគេធ្វើច្រើនណាស់ ហើយអគារខ្លះត្រូវការ ១០ (ឬ) ២០ មេហ្គាវ៉ាត់ ឯណោះ។ ឥឡូវនេះ សូម្បីតែតំបន់កោះពេជ្រនេះ ប្រហែលជាប្រើប្រាស់ច្រើនជាងទីក្រុងភ្នំពេញកាលពីជំនាន់ទសវត្សរ៍ ៩០ គ្រាន់តែមួយតំបន់កោះពេជ្រនេះអាចប្រើប្រាស់ប្រហែលជាចូលដល់រយមេហ្គាវ៉ាត់។ អញ្ចឹងទេ បានជាយើងត្រូវរៀបចំផែនការនេះ ។

នយោបាយគាំពារសង្គម សម្រាប់ស្ត្រីក្រីក្រមានផ្ទៃពោះរហូតកូនអាយុ ២ ឆ្នាំ ចាប់ផ្តើមអនុវត្តហើយ

មួយទៀត ខ្ញុំព្រះករុណាខ្ញុំ ប្រហែលជាត្រូវជម្រាប ទូលប្រគេនចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ដែលគង់នៅទីនេះ ក៏ដូចជា ប្រជាពលរដ្ឋរបស់យើង អ្វីដែលខ្ញុំព្រះករុណាខ្ញុំបានប្រកាសនៅក្នុងយុទ្ធ​នាការ(ឃោសនា)បោះឆ្នោតឆ្នាំ ២០១៨ យើងបានចាប់ផ្តើមតាំងពីថ្ងៃទី ១ មិថុនា បានសេចក្តីថា ពីថ្ងៃ សៅរ៍ និងថ្ងៃ អាទិត្យ។ ថ្ងៃនេះថ្ងៃ ច័ន្ទ តួលេខដែលយើងពិនិត្យមើល អំពីបញ្ហាទាក់ទងស្ត្រីមានផ្ទៃពោះ (និង)ឆ្លងទន្លេ ហើយនឹងរហូតដល់កូន ២ ឆ្នាំ គឺក្នុងក្របខណ្ឌគោលនយោបាយគាំពារសង្គម បានចាប់ផ្តើមអនុវត្តហើយ ក្រសួងសុខាភិបាលទទួលបន្ទុកទៅលើបញ្ហានេះ។

យើងពិនិត្យឃើញថា នេះជាការចាប់ផ្តើមរបស់យើង ក្នុងចំនួនត្រឹមម៉ោង ៦ ម្សិលមិញនេះ ស្រ្តីមកពិនិត្យផ្ទៃពោះមុនសម្រាលមាន ៦៣ ករណី។ យើងបានឧបត្ថម្ភសាច់ប្រាក់ចំនួន ២ លាន ៥ សែន ២ ម៉ឺនរៀល  មានន័យថា ចូលមកពិនិត្យមានផ្ទៃពោះហើយ។ យើងមិនត្រឹមតែមិនយកលុយហើយ យើងឱ្យលុយគាត់ទៅទៀត ព្រោះម្នាក់បានទទួល ៤ ម៉ឺនរៀល ពិនិត្យផ្ទៃពោះត្រូវពិនិត្យ ៤ ដង មុនពេលឆ្លងទន្លេ។ ឯសម្រាប់អ្នកសម្រាលកូន មានចំនួន ១០៦​ ឧបត្ថម្ភប្រាក់អស់ ២១ លាន ២ សែន ព្រោះស្ត្រីដែលមកឆ្លងទន្លេៗហើយយើងផ្តល់ឱ្យគាត់ ២០ ម៉ឺនរៀល។ សម្រាប់ស្ត្រីក្រីក្រ មិនមែនស្ត្រីទូទៅទេ។ ស្ត្រីមកពិនិត្យក្រោយសម្រាល និងកុមារអាយុក្រោម ២ ឆ្នាំ មាន ១៤ ករណី ឧបត្ថម្ភសាច់ប្រាក់អស់ ៧៦ ម៉ឺន បានសេចក្តីថា យើងមាន ៣ ករណី មួយពិនិត្យមុនមានផ្ទៃពោះ មួយទៀតពេលឆ្លងទន្លេ មួយទៀតកូនមិនទាន់ដល់អាយុ ២ ឆ្នាំ ឱ្យតែយកមកពិនិត្យ គឺត្រូវផ្តល់លុយបន្ថែម។

គោលនយោបាយគាំពារសង្គមសម្រាប់ស្ត្រីក្រីក្រមួយ និងជាកម្មករមួយ

យើងចាប់ផ្តើមហើយ។ នេះអត់ទាន់គិតទៅដល់កម្មករទេ។ រឿងកម្មករ គឺជារឿងមួយផ្សេង។ ហ្នឹងគឺបានឧបត្ថម្ភតែម្តងទេ។ ឯកឧត្តម អ៊ិត សំហេង គាត់បានរាយការណ៍រាល់ថ្ងៃ ហើយដែលទាក់ទិនជាមួយស្ត្រីឆ្លងទន្លេរបស់យើង។ ម្សិលមិញនេះ មានចំនួនឆ្លងទន្លេចំនួន ២០៥ នាក់ ចំនួនកូន ២០៥ នាក់ដែរ បានសេចក្តីថា អត់មានភ្លោះទេម្សិលមិញនេះ ឧបត្ថម្ភប្រាក់អស់ ៨២ លាន បានសេចក្តីថា ម្នាក់ ៤០ ម៉ឺនរៀល។ គិតចាប់តាំងពីថ្ងៃ ១ មករា មកដល់ថ្ងៃ ២ មិថុនា កម្មការិនីឆ្លងទន្លេមាន ៣១ ៦១០ នាក់ កូនមាន ៣១ ៨១២ នាក់ បានសេចក្តីថា មានភ្លោះមួយចំនួន។ ឧបត្ថម្ភប្រាក់អស់ ១២ ពាន់ ៧២៤ លាន ៨ សែន។ អាហ្នឹងគោលនយោបាយសង្គម ដែលយើងចាប់យកចំពោះស្រ្តីមានផ្ទៃពោះ និងស្ត្រីឆ្លងទន្លេមុនគេ។​ នេះក៏អត់ទាន់គិតទៅដល់ក្នុងក្របខណ្ឌមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធជាស្រ្តីនោះទេ។ តែនេះក៏មានចំនួនច្រើនប៉ុន្មានដែរទេ។ នេះជាវិធានការណ៍ដែលយើងត្រូវបន្ត។

អំពាវនាវឱ្យស្ត្រីដែលទទួលបាននូវប័ណ្ណទាំងនេះ មកពិនិត្យព្យាបាលឱ្យបានទៀងទាត់ ហើយក៏សុំក្រុមគ្រូពេទ្យទាំងឡាយ ដែលទទួលកិច្ចការងារនេះ ធ្វើការឱ្យបានហ្មត់ចត់។ សម្រាប់ខាងផ្នែកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គេបានធ្វើការងារល្អហើយ មិនដែលមានបញ្ហាទេ។ សង្ឃឹមថា វាក៏នឹងមិនមានបញ្ហាក្នុងចំណោមការអនុវត្តនយោបាយគាំពារសង្គម សម្រាប់ស្ត្រីក្រីក្រ ដែលមានផ្ទៃពោះឆ្លងទន្លេ និងមុនពេលកូនអាយុ ២ ឆ្នាំ យើងត្រូវបន្តការងារនេះបន្តទៀត។

គិតត្រឹម ៥ ខែ ពន្ធផ្ទៃក្នុងប្រមូលបាន ៥៨% និងពន្ធគយប្រមូលបាន ៥៤% នៃផែនការឆ្នាំ

ក៏សុំបញ្ជាក់ជូនថា ចំណូលរយៈពេល ៥ ខែ គឺជាចំណូលដ៏ល្អ។ ពន្ធផ្ទៃក្នុង ៥ ខែ សម្រេចរហូតទៅដល់ជាង ៥៨% នៃផែនការឆ្នាំ។ ឯពន្ធគយសម្រេចរហូតទៅដល់ជាង ៥៤% នៃផែនការឆ្នាំ គឺត្រឹមតែ ៥ ខែទេ សង្ឃឹមថា ឆ្នាំនេះ ទោះបីជាយើងបង្កើនពិដានប្រាក់ចំណូល ក៏យើងនៅតែធានាថា ផែនការនឹងត្រូវលើស។ វប្បធម៌បង់ពន្ធនៅក្នុងចំណោមប្រជាពលរដ្ឋរបស់យើងកាន់តែល្អប្រសើរ។

បញ្ហាផ្ទេរឈ្មោះរថយន្ត

ប៉ុន្តែ មានបញ្ហាសាំញ៉ាំខ្លះ តែរឿងនេះដូចជាបានដោះស្រាយហើយ ដូចជាដើមឆ្នាំ ២០១៦-២០១៧ គឺរឿងផ្ទេរឈ្មោះឡាន។ កាលហ្នឹងដូចជាបានណែនាំហើយ តែឥឡូវដូចជាយ៉ាងម៉េចទៅវិញ។ ចាប់ពីមានរឿងបញ្ហាកុមារីម្នាក់បុកនិស្សិតស្លាប់ ឈ្មោះឡានអត់ទាន់បានផ្ទេរ ហើយសួរទៅ ថាមូលហេតុអី? ថាផ្ទេរគេឱ្យផ្ទេរពីដើមដល់ចប់។ តែបើអញ្ចឹងវាខុសពីការណែនាំមុនហើយ … អញ្ចឹង បើសិនមានករណីហ្នឹងមែន ត្រូវដោះស្រាយឱ្យឆាប់ … ទីចុងបំផុត បុកគេងាប់ហើយ រកម្ចាស់អត់ឃើញ។ ទៅជាប់គុកអាអ្នកលក់ឡានតាំងពី ១០ ឆ្នាំមុន … អញ្ចឹងទេ បើសិនជាមានរឿងហ្នឹង ក៏ត្រូវខិតខំដោះស្រាយ ដើម្បីឱ្យផ្ទេរ។ តែទៅទិញលក់ជា​មួយគ្នា គឺកាត់ឈ្មោះចេញតែម្តង ហើយតម្លៃឱ្យវាសមរម្យ ហើយនិងភាពរហ័សរហួន ហើយកុំទាមទារឱ្យមានការផ្ទេរច្រើនដំណាក់ពេក។ បញ្ចប់កាត់សេចក្តីឱ្យវាចប់ត្រឹមហ្នឹងទៅ។

នំបញ្ចុកទៅជារឿងនយោបាយ

មានរឿងមួយ ខ្ញុំព្រះករុណាខ្ញុំ គួរតែត្រូវនិយាយហើយថ្ងៃនេះ រឿងនំបញ្ចុក។ ហេតុអ្វីបានជានំបញ្ចុកក្លាយទៅជារឿងនយោបាយទៅវិញ? មិនយល់? នំបញ្ចុកក្លាយទៅជានយោបាយហើយ។ ឥឡូវ វាទៅជាការប្រ​កាសកើតទិវានំបញ្ចុក ទៅជាស៊ីនំបញ្ចុកស្នេហាជាតិ … ម៉េចបានជាគេចង់ប្រែក្លាយបញ្ហានំបញ្ចុកឱ្យទៅជារឿងនយោបាយមួយ (ដោយអះអាង)ថា នរណាស៊ីនំបញ្ចុក គឺសុទ្ធតែជាពួកគាំទ្រគេ ហើយត្រូវនគរបាល (ឬ)សមត្ថកិច្ចតាមដាន ធ្វើឱ្យអ្នកលក់នំបញ្ចុកមួយចំនួនមានការភ័យខ្លាចទៅទៀត។ នេះដូចល្បិច អាពត គេថា ច្រេះស៊ីដែក។ តែវាដែលឈ្នះពូថៅរបស់ ហ៊ុន សែន ឯណា? បើអ្ហែងពូកែច្រេះពេក អញយកអ្ហែងទៅដុតភ្លើង វាយអ្ហែងនឹង(ញញួរ)ធ្វើកាំបិតបណ្តោយ។ ចប់។ នយោបាយឈ្នះឈ្នះ។

សមាជិក/ជិកា អ្នកគាំទ្រគណបក្សប្រជាជននាំគ្នាហូបនំបញ្ចុក

ខ្ញុំសូមប្រកាសជូនប្រជាពលរដ្ឋកម្ពុជា ជាពិសេស ចំពោះសមាជិក/ជិកា និងអ្នកគាំទ្រគណបក្សប្រជាជន សូមទទួលទាននំបញ្ចុកទាំងអស់គ្នា​។ លឺគេថា យកថ្ងៃ ៩ នេះ ធ្វើជាទិវានំបញ្ចុក។ ថ្ងៃ ៩ នេះ សមា​ជិក/ជិកា គណបក្សប្រជាជន ថ្នាក់ដឹកនាំតាមខេត្ត គណៈពង្រឹង នាំគ្នាចុះមូលដ្ឋានរៀបចំនំបញ្ចុកឱ្យសមាជិកគណ​បក្សប្រជាជនស៊ី។ នេះមិនមែនយកបន្លាជួសបន្លាទេ យកពូថៅដកបន្លាហ្នឹងគ្រវាត់ចោលបណ្តោយ កុំឱ្យវាចង្រៃពេក។ ថ្ងៃក្រោយអ្ហែងប្រកាសស៊ីនំគ្រក់ អញក៏ស៊ីនំគ្រក់ អ្ហែងប្រកាសស៊ីបាញ់ឆែវ អញស៊ីបាញ់ឆែវ លើកលែងតែអ្ហែងប្រកាសស៊ីដំថ្ម … លេងកុំខូចពេកទៅមើល? ល្បិចប៉ុណ្ណេះវាស្តួចស្តើងណាស់ … បើគេយកថ្ងៃ ៩ មិថុនា ធ្វើទិវានំបញ្ចុក យើងក៏ប្រកាសយកថ្ងៃ ៩ ហ្នឹងស៊ីនំបញ្ចុក។ ស៊ីឱ្យព្រាត ហើយបើពួកផ្កាប់មុខវាខ្វះនំបញ្ចុកស៊ី ហៅវាមកចូលស៊ីមក។ បើវាហៅយើងៗទៅចូលស៊ីជាមួយវាទៅ។ នំបញ្ចុកសាមគ្គី​ជាតិ មិនមែននំបញ្ចុកបំបែកបំបាក់ជាតិទេ។

មុននេះ ខ្ញុំសិក្សាថាម៉េចរឿងស្អីនំបញ្ចុកនេះ? ដល់ក្រោយមក ទេ! អានេះមានបំណងអីមួយហើយ។ បើអញ្ចឹងអត់ទេ នំបញ្ចុកមិនអាចក្លាយទៅជាការបំបែកបំបាក់ជាតិទេ។ នំបញ្ចុកជារបស់ខ្មែរ ហើយប្រទេសនា​នា​ដូចជាមិនមាននំបញ្ចុកទេ មានតែខ្មែរហ្នឹង។ នំបញ្ចុកនេះតភ្ជាប់ពីរឿងធនញ្ជ័យទៅជាប់គុកនៅស្រុកចិនឯណោះ។ ហេតុអីបានជានំបញ្ចុក? ហើយចោទថាអាជ្ញាធរហាមឃាត់មិនឱ្យស៊ីនំបញ្ចុក។ ឥឡូវ វាប្រ​កាស​យកថ្ងៃ ៩ ហ្នឹង។ ទៅនាំគ្នាស៊ីនំបញ្ចុកថ្ងៃ ៩ ហ្នឹង ទៅនាំគ្នាស៊ី។ តែកុំចាំដល់ថ្ងៃ ៩ ឃ្លានថ្ងៃហ្នឹង ស៊ីថ្ងៃហ្នឹងទៅ។ អាហ្នឹងជាម្ហូបរបស់ប្រជាពលរដ្ឋខ្មែរ។

ប្រកាសចាប់ ហ៊ុន សែន ជាបទល្មើសទាក់ទិននឹងការកសាងបណ្តាញឧទ្ទាមក្រៅច្បាប់

ប៉ុន្តែ រឿងបញ្ហាបទល្មើសទាក់ទិននឹងការកសាងកម្លាំងបណ្តាញ គេហៅថា បណ្តាញឧទ្ទាមក្រៅច្បាប់ គឺជារឿងមួយផ្សេង។ រឿងនំបញ្ចុកវាមិនមែនជាហេតុផលទេ។ សេរីភាពរបស់មនុស្ស នរណាចង់ស៊ីអីស៊ីទៅ លើក​លែងតែអ្នកឯងប្រកាសស៊ីដុំថ្ម អាហ្នឹងសូមអញ្ជើញស៊ីខ្លួនឯងទៅ។ ក្រុមយើងមិនចេះស៊ីដុំថ្មទេ។ ដុំថ្មសម្រាប់តែយកមកធ្វើផ្លូវ/ផ្ទះ ធ្វើអីហ្នឹង បើអ្នកឯងប្រកាសស៊ីដុំថ្ម ឬលាមក អាហ្នឹងឱ្យក្រុមវាស៊ីទៅ។ រឿងវាដូចជាជ្រុលពេក។ អាម្សៀរនេះវាចង់ឱ្យខ្ញុំតប។ ខ្ញុំមានចេតនានិយាយនៅតូក្យូតែម្តង។ ប្រកាសចាប់ ហ៊ុន សែន។ ពាក្យថា ប្រកាសចាប់ ហ៊ុន សែន មានន័យថាម៉េច? មានន័យថា ប្រកាសសង្គ្រាម។ អញ្ចឹង បានខ្ញុំថា អាឆ្កែមួយក្បាលនេះ ខ្ញុំកំដរដល់ទីបញ្ចប់។ សូមអញ្ជើញមក។ គេចលនាឱ្យកងទ័ព ប្រជាពលរដ្ឋចាប់ ហ៊ុន សែន (ពេលដែល) ហ៊ុន សែន នៅក្នុងឋានៈជានាយករដ្ឋមន្រ្តី។ តើចាប់ហ្នឹងមានតម្លៃស្មើអី? ស្មើរដ្ឋប្រហារ។ ស្មើការប្រកាសធ្វើសង្គ្រាម។

តើឆ្កែមួយក្បាលនេះ មានលទ្ធភាពអីធ្វើចំពោះ ហ៊ុន សែន?

វាឱ្យកូនខ្ញុំមកសងសឹកខ្ញុំទៅទៀត។ អាឆ្កែមួយក្បាលនេះ។ កាលពីមុនស្រួលប្រើមែនទែន ប្រើឱ្យជួយកែរដ្ឋធម្មនុញ្ញពី ២/៣ មក ៥០+១។ ប៉ុន្តែ អាឆ្កែមួយក្បាលនេះក្បត់ម្ចាស់រហូត។ ដូចឪវាអញ្ចឹង។ (វា)បានវិទ្យុមួយគ្រាន់សម្ភាសន៍។ (អញ្ចឹង)ពីថ្ងៃនេះទៅអញហៅអ្ហែងថាអាឆ្កែ។ អាឆ្កែកូនអាក្បត់ជាតិ។ អ្ហែងចេះជេរអញ​ៗក៏ចេះជេរអ្ហែងដែរ។ (រួចតាំង)ថារឿងបុគ្គល។ អត់(មែន)ទេ។ អ្ហែងចលនាប្រជាពលរដ្ឋ កម្លាំងប្រដាប់អាវុធ ឱ្យមកប្រឆាំង(រាជ)រដ្ឋាភិបាល អាហ្នឹងស្អីទៅ? បើ ហ៊ុន សែន នៅជាប្រជាជនធម្មតាអាហ្នឹងរឿងផ្សេង​(តែ)នេះកំពុងដឹកនាំរដ្ឋ។ ខ្ញុំព្រះករុណាខ្ញុំ មិនចង់ប្រើពាក្យអសុរោះទេ ក៏ប៉ុន្តែ អាឆ្កែមួយក្បាលនេះវាអាក្រក់ពេក … ខ្ញុំរង់ចាំមើល ឆ្កែមួយក្បាលហ្នឹងវាមានលទ្ធភាពដើម្បីនឹងធ្វើអី ហ៊ុន សែន?

ឱ្យតែចូលមកដល់ដែនអាកាសកម្ពុជា ដឹងតែមិនឱ្យរួចខ្នោះនោះទេ

មានម្នាក់ នៅគណបក្សនយោបាយមួយ បានវាយ(សារ)មកសួរខ្ញុំព្រះករុណាខ្ញុំ សួរថា មានការគិតគូរមួយ គេថា អាឆ្កែមួយក្បាលហ្នឹងនឹងជិះយន្តហោះមកក្រឡឹងលើកម្ពុជា រួចហើយគេចុះចត។ ហើយគេឡើងត្រឡប់ទៅវិញ តើសម្តេចយល់យ៉ាងម៉េច? ខ្ញុំព្រះករុណាខ្ញុំ អត់បាននិយាយថាម៉េចទេ គ្រាន់តែដាក់ចេញជាសំណួរថា តើឆ្កែមួយក្បាលនេះវាមានយន្តហោះខ្លួនវា សម្រាប់មកហោះពីលើដែនអាកាសកម្ពុជាមែនទេ? ហ្នឹងជាសំណួរទី ១។ សំណួរទី ២ បើមានយន្តហោះបរទេស ហើយអាឆ្កែមួយក្បាលនេះជិះលើយន្តហោះបរទេសនេះ ហើយមកហោះលើដែនអាកាសកម្ពុជាដោយមិនសុំច្បាប់ តើអាចធ្វើទៅរួចទេ? តើកងកម្លាំងការពារដែនអាកាសរបស់កម្ពុជាមានលទ្ធភាព ដើម្បីបាញ់ទម្លាក់យន្តហោះ ដែលមកហោះលើដែនអាកាសកម្ពុជាដោយមិនបានសុំច្បាប់ទេ?

គេថា ចុះដល់ដី ប៉ុន្តែ ដោយសារអាជ្ញាធរមិនឱ្យចូល។ អញ្ចឹង គេហោះត្រឡប់ទៅវិញ … ប៉ុន្តែសួរថា បើចុះដល់ដីហើយ តើសមត្ថកិច្ចកម្ពុជាអាចបើកទ្វារយន្តហោះហ្នឹង ដើម្បីចាប់ខ្លួនអាឆ្កែមួយក្បាល ដែលតាមដី​កាចាប់ខ្លួននេះឬទេ? វាមិនដែលនរណាចុះដល់ដីហើយ ភ្ញៀវចុះអស់ហើយ ​ឯងមិនព្រមចេញ។ ឱ្យតែចូលមកដល់ដែនអាកាសកម្ពុជា គឺបានដៃហើយ ព្រោះយន្តហោះត្រូវមកចុះចតនៅព្រលានណាមួយ។ យន្តហោះវាមានដំណាក់កាលផ្ទេររបស់វា ឧទាហរណ៍៖ បើមកពីអឺរ៉ុប យើងឆ្លងកាត់ប្រទេសចិន។ ចិនហើយបានមកភូមា ឬឡាវ ច្រើនតែអញ្ចឹង។ តែកាលណាចូលដែនអាកាសចិនៗត្រូវកុងត្រូលទាំងអស់ ពេលដែលហោះចេញមក។ កាលណាខាងភូមាភ្ជាប់ទំនាក់ទំនងជាមួយយន្តហោះនេះបាន គេផ្ទេរឱ្យភូមាទទួលខុសត្រូវ។ ពេលផុតភូមាចូលមកដីឡាវៗត្រូវទទួលខុសត្រូវ គ្រប់គ្រងដែនអាកាសរបស់គេ ទំនាក់ទំ​នងជាមួយយន្តហោះ ភូមាអស់ភារកិច្ច។ ដល់ចូលមកដល់ព្រំដែនរបស់យើង គឺភ្ជាប់ទំនាក់ទំនងជាមួយយើងបាន គឺឡាវលែងទទួលខុសត្រូវ ដល់យើងហើយ។

នៅរហូតដល់ ២០៣៥ ក៏នៅដែរ ដើម្បីកំដរឆ្កែមួយក្បាល

អញ្ចឹង បើយើងចង់បញ្ជា គោលដៅមកភ្នំពេញ តែយើងបញ្ជាឱ្យទៅចុះសៀមរាប ឬចុះនៅកំពង់សោម គឺជាសិទ្ធិអំណាចរបស់យើង។ ហើយខ្លះថា មានពួកបរទេសជូនមក។ បានតើ! ខ្ញុំអត់វាយខ្នោះពួកបរទេសទេ ខ្ញុំវាយខ្នោះអាណាដែលមានដីការបស់តុលាការតែប៉ុណ្ណឹង គឺអាឆ្កែមួយក្បាលហ្នឹង។ យកអ្ហែងចូលគុកទាល់តែរួច។ អ្ហែងចាំទៅ។ ប្រុងថ្ងៃ ១៩ កក្កដា មកឬ? អញចាំថ្ងៃនោះ។ រង់ចាំរហូត។ បើអាឆ្កែមួយក្បាលហ្នឹងវាមិនទាន់ទៅណា ខ្ញុំក៏មិនទាន់ទៅណាដែរ នៅហ្នឹងរហូតដល់ឆ្នាំ កុំថាត្រឹម ២០២៨ នៅដល់ ២០៣៥ ក៏នៅដែរ កំដរលេងជាមួយឆ្កែមួយក្បាលហ្នឹង។ អញ្ចឹង បានជាហាត់ប្រាណឱ្យស្រួល ដើរត្រឹម ២ ម៉ោងកន្លះអី ដើរមិនបាច់សម្រាក។ ថ្ងៃមុនបង្ហោះហ្វេសប៊ុកលេង ព្រោះ drivers ចេញទៅ​ ៥៥ ផុតបង្គោល ២៥០ អញ្ចឹង ដាក់ថា “គេថាខ្ញុំចាស់ ពាក្យច្រើនណាស់មកពីខាងស្រីៗ” មិនទាន់ចាស់ទេ។ នៅវាយកូនហ្គោលដូចយុវជនអាយុ ២៥ ឆ្នាំ អញ្ចឹង។ ៥០០ យ៉ាត យើងវាយទៅដល់បង្គោល ២៥០ អញ្ចឹង យើងវាយបាន ២៥០ យ៉ាតដែរ។ នៅកម្លាំងគួរសមដែរ។

មិនចង់ប្រើពាក្យអសុរោះ ដោយសារតែវាព្រហើនពេក

ខ្ញុំព្រះករុណាខ្ញុំ មិនចង់ប្រើពាក្យអសុរោះណាមួយទេ ក៏ប៉ុន្តែ វាព្រហើនពេក។ ឥឡូវ វាដល់កម្រិតនេះ វាបង្ហោះ វាថាខ្ញុំព្រះករុណាខ្ញុំសម្លាប់ ហុក ឡងឌី។ ឥឡូវកូន ហុក ឡងឌី ដែលជាកូនប្រសាររបស់ខ្ញុំកំពុងរកវិធីសងសឹកជាមួយខ្ញុំព្រះករុណាខ្ញុំ ដោយសហការជាមួយ ស ខេង។ ឥឡូវអ្ហែងហ៊ានស្បថឱ្យរន្ទះបាញ់ទេ? ពួកអ្ហែងអត់ហ៊ានស្បថទេ ព្រោះអ្ហែងនិយាយមិនពិត។ កន្លងទៅសុទ្ធតែសម្តេច ស ខេង ថាអញ្ចេះ/អញ្ចុះ។ អ្ហែងហ៊ានស្បថថា សម្តេច ស ខេង និយាយអញ្ចឹងមែនទេ? អ្ហែងបញ្ចេញតាមហ្វេសប៊ុកមក។ បើអ្ហែង​ហ៊ានស្បថ អញហ៊ានស្បថដាក់ជីវិត និងក្រុមគ្រួសាររបស់អញទាំងមូល (បើឯងថា)កូនប្រសារអញកំពុងតែសងសឹកឪពុកក្មេក ដោយសារខ្ញុំនេះជាដន្លងសម្លាប់ដន្លងខ្លួនឯង ហុក ឡងឌី។ បើសិនជារឿងអញ្ចឹងពិតមែន អ្ហែងហ៊ានស្បថឱ្យងាប់ទាំងពូជរបស់ពួកអ្ហែងទេ? ពួកអានេះបបួលភ្នាល់ វាភ្នាល់ចាញ់ឯង។ កាលហ្នឹងបើដាក់ចំណងមួយថា សុខចិត្តភ្នាល់ បើសិនអ្នកឯងមិនគោរព ឱ្យងាប់ទាំងពូជ។ ប៉ុន្តែ យើងអត់បានដាក់អាហ្នឹង វាភ្នាល់ចាញ់ឯង។

ចលនាឧទ្ទាមទីក្រុងមិនអនុញ្ញាតដាច់ខាត

ថ្ងៃបុណ្យជាតិគួរតែត្រូវបានសម្រាក វាបែរជាមកបបួលឯងភ្នាល់។ រួចថ្ងៃពិសាខបួជាកន្លងទៅនេះ ថ្ងៃហ្នឹងគួរមានតំណម តែអាចង្រៃមួយនេះអត់ទុកពេលឱ្យយើងទេ។ សូម្បីតែថ្ងៃពិសាខបូជា អាឆ្កែមួយក្បាលនេះ អត់យោគយល់ទេ។ ជេរប្រទេចផ្តាសាពេញហ្នឹង។ អ្ហែងនាំគ្នានិយាយទៅ ប៉ុន្តែ អ្ហែងកុំភ្លេចណា ក្រុមជ្រុល និយមនៅក្នុងស្រុកពិបាកទៅវិញទេ។ អ្ហែងកុំច្រឡំឱ្យសោះ។ ចលនាឧទ្ទាមទីក្រុងមិនអនុញ្ញាតដាច់ខាត។ ដំណើរការប្រជាធិបតេយ្យនៅតែធ្វើ។ មានអាមួយនោះគេចេញមកវិភាគ។ (តាមពិត គឺ)ខ្ញុំមានចេតនានឹងនិយាយ មិនមែនបាត់កុងត្រូលទេ។ សូមកុំច្រឡំឱ្យសោះ។ រឿង ហ៊ុន សែន អត់មានការបាត់កុងត្រូលខ្លួនឯងទេ។ (ខ្ញុំមាន)ចេតនានឹងនិយាយនៅទីក្រុងតូក្យូ សំដៅឱ្យសារទៅច្បាស់លាស់ ថាអ្នកឯងកំពុងប្រកាសសង្គ្រាម រឿងអីខ្ញុំទៅនិយាយអីផ្សេង។ សំដីពាល សំដីបាតផ្សារអ្ហែងហ្នឹងហើយ អាឆ្កែ។ ឆ្នាំ ២០០៣ អ្ហែងនៅចាំទេ ចុះពីលើឡានមក អា ៣ នាក់ អាចោរលក់ជាតិ អាកណ្តាលខូចជាងគេ។ ៣ នាក់ មានពីណា សម្តេច ហេង សំរិន, សម្តេច ជា ស៊ីម (និង)ខ្ញុំព្រះករុណាខ្ញុំ។ អញ្ចឹង បានជាតុលាការពេលនោះកាត់ទោសឱ្យវាសងអស់ ១០ លាន។ វាគ្រប់គ្រាន់ហើយ អានេះពូកែណាស់ ឡើងដើមឈើ ជេរគេក៏ឡើងដែរ។ មើលរូបភាពមួយចំនួនដែលវាធ្វើកាលដឹកនាំបាតុកម្ម វាឡើងដើមអំពិលក៏វាចេះដែរ រួចហើយវាតាំងខ្លួនវាអ្នកមានសុជីវធម៌ណាស់។

ចោទគេថោកទាប អ្នកឯងអន់បំផុតឱ្យមនុស្សថោកទាបប្រើក្បាលបាន

ឆ្នាំ ២០០៦ ចោទខ្ញុំព្រះករុណាខ្ញុំសម្លាប់វា សម្លាប់ស្តេចក្រុមឃុន សម្លាប់អ្នកនេះ/នោះ ទីចុងបំផុតសរសេរ សំបុត្រសុំទោស។ បើអ្ហែងចោទអញថាថោកទាប ឯងហ្នឹង គឺកូនអាថោកទាប ព្រោះអី? ព្រោះអញប្រើក្បាលឯងបាន។ ឯងអន់ពេកហើយ បណ្តោយឱ្យមនុស្សថោកទាបប្រើក្បាលបាន … ប្រើចំអាកន្លែងឯងងាប់ទៅទៀត ព្រោះពេលនោះហ្វ៊ុនស៊ិនប៉ិចអត់មានប្រឹងអីទាំងអស់។ គាត់ចេះតែពីរទេហ្វ៊ុនស៊ិនប៉ិចនោះ និយាយឱ្យពិតទៅ។ សុំទោសសម្តេចក្រុមព្រះ ព្រះអង្គកំពុងតែប្រឈួន។ ថ្ងៃមុនដួលហើយត្រូវវះកាត់ផង​។ ហ្វ៊ុនស៊ិនប៉ិចចេះតែពីរទេពេលនោះ ទី (១) បងប្អូនណាស្រឡាញ់សម្តេចឪ បោះ(ឆ្នោត)ឱ្យហ្វ៊ុនស៊ិនប៉ិច អាហ្នឹងចេះទី ១។ ទី (២) ចេះប្រើប្រិ៍ិ៍ប្រព័ន្ធ ២/៣ ដើម្បីទារអំណាច រាប់ទាំងសហរដ្ឋមន្ត្រីមហាផ្ទៃ សហរដ្ឋមន្ត្រីការពារជាតិ ទារនេះ/នោះ ទារគ្រប់។

អញ្ចឹងទេ វាល្មមដល់ពេលត្រូវកែរដ្ឋធម្មនុញ្ញហើយ តែអាឆ្កែមួយនេះប្រើវាបានស្រួលណាស់ ហើយថ្ងៃនោះចំថ្ងៃមាឃបូជាទៀត។ ហៅទូរស័ព្ទទៅ បាទ! សម្តេច។ ខ្ញុំទៅៗ ខ្ញុំចេញពីភ្នំអដ្ឋរស្ស(ភ្នំព្រះរាជទ្រព្យ)ទៅ។ ប្រើតែ ២ ម៉ោង សំបុត្រមកដល់។ សំបុត្រផ្ញើទៅប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រី។ ស្រួលប្រើជាងអីទៅទៀត​។ បើឯងបានជាជ្រុលនិយាយអញ្ចឹងហើយ អញត្រូវតែនិយាយឱ្យអស់ថែមមួយកម្រិតទៀត ឯងអ្នកលើកអញឱ្យកាន់អំណាចបានយូរអង្វែង។ ម្តងៗទៅសុំហ្វ៊ុនស៊ិនប៉ិចទៅប្រជុំសភា ព្រោះយើងវាមាន តែ ៧៣ កៅអី។ កាលមុនមាន ៦៤ (កៅអី) ក៏ត្រូវទៅសុំ។ មាន ៧៣ កៅអីហើយក៏ត្រូវទៅសុំ រហូតទៅដល់សមាជិកសភាហ្វ៊ុនស៊ិនប៉ិចខ្លះពេបជ្រាយថា បើខ្លាំងណាស់ម៉េចចាំបាច់មកសុំគេប្រជុំសភា? ព្រោះយើងកាលពេលនោះកូរ៉ុមស្មើនឹង ៣/៤ អញ្ចឹង សម្លេងអនុម័តស្មើនឹង ៨២ ប៉ុន្តែ កូរ៉ុមត្រូវច្រើនជាងនោះ។

ឯងត្រូវយល់ អញប្រើក្បាលឯងវាស្រួល ហើយម៉េចក៏មកដល់ថ្ងៃនេះ ឯងថាអញជាជនពាល? ឯងថាអញ ជាមនុស្សបាតផ្សារ។ អញ្ចឹង អ្ហែងនៅក្រោមបាតផ្សារទៅទៀត។ អាឆ្កែមួយក្បាលនេះបង្ករឿងរហូត តាំងពីឪវា តាំងពីជីតាវា អញដៀលពូជអ្ហែង។ ចាប់ផ្តើមមាន comment ហើយថា គេបង់លុយរៀនអស់គគោក មកអង្គុយស្តាប់លោកឯងជេរ។ អញជេរជានយោបាយ។ អញប្រាប់មនុស្សទាំងអស់។ និយាយឯណាខ្លាំងជាងនិយាយ(នៅនឹង)មុខបញ្ញាវន្តទៅទៀត? វេទិកានេះបានវាត្រឹមត្រូវ។ ឥឡូវ កំពុង Live ផ្ទាល់នៅខាងក្រៅ យ៉ាងហោចណាស់ក៏ពីរ(ដែរ) មួយនៅ Fresh News មួយនៅផេករបស់នាយករដ្ឋមន្ត្រី។

គណបក្សប្រជាជន គ្មានទម្លាប់ជម្លោះដណ្តើមអំណាចគ្នា

មកពីអ្ហែងបង្ករឿងពេកបានគេហៅថាឆ្កែ។ ព្រុសមិនចេះឈប់ ហើយព្រុសក្រៅរបងផ្ទះ អត់ហ៊ានចូលទេ។ វាឆ្លាតត្រង់ប៉ុណ្ណេះ វាឱ្យ សម្តេច ស ខេង ធ្វើបក្សប្រហារ។ បក្សប្រហារ មានន័យថា គាត់ជាអនុប្រធានបក្ស ផ្តួលប្រធានបក្ស ឡើងធ្វើជាប្រធានបក្សខ្លួនឯង។ អាហ្នឹងគេហៅថា បក្សប្រហារ ក្នុងពេលដែលគណបក្សប្រជាជនបានប្រកាសមិនចេះចប់/ហើយ អំពីតួនាទីរបស់ ហ៊ុន សែន ទៅលើការដឹកនាំ (និង) គ្រប់គ្រងប្រ​ទេស។ ប៉ុន្តែ អ្វីដែលធ្ងន់ធ្ងរ ឧបនាយករដ្ឋមន្ត្រីធ្វើរដ្ឋប្រហារទម្លាក់នាយករដ្ឋមន្ត្រី គឺវាធ្ងន់ពេក ហើយប្រ​ទេស​នឹងមានសង្គ្រាម។ អ្នកឯងនិយាយបានន័យថាម៉េច? សម្តេចក្រឡាហោម គាត់ភ្លើខ្លាំងណាស់ទៅអី? ពេលដែលខ្ញុំព្រះករុណាខ្ញុំចេញទៅបាត់ សម្តេចក្រឡាហោម នាយករដ្ឋមន្ត្រីស្តីទីបាត់ទៅហើយហ្នឹង។ នៅក្នុងគណបក្សប្រជាជន គ្មានទម្លាប់ជម្លោះគ្នាដណ្តើមអំណាចរបៀបនេះទេ។ ប៉ុន្តែ អានេះ ពូកែញុះញង់។

ឆ្នាំនេះទស្សនកិច្ចនៅក្រៅប្រទេសច្រើន

ឆ្នាំនេះ ខ្ញុំព្រះករុណាខ្ញុំ ធ្វើដំណើរទៅក្រៅប្រទេសច្រើន។ ថ្ងៃទី ១៣ នេះ ចេញទៅទស្សនកិច្ចនៅហុងគ្រី បានតែ ១ យប់ នឹង ១ ព្រឹក រួចហើយត្រូវហោះមក Tajikistan សម្រាប់សន្និសីទ ស្តីពីការកសាងទំនុកចិត្តនៅអាស៊ី។ អាហ្នឹងជាកម្មវិធីទី ១។ មកដល់ផ្ទះវិញត្រូវចេញទៅប្រជុំអាស៊ាននៅបាងកក។ ឆ្នាំនេះជាកិត្តិយសរបស់កម្ពុជា ដែលអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក ស្នើឱ្យខ្ញុំព្រះករុណាខ្ញុំទៅអានសុន្ទរកថាគន្លឹះ សម្រាប់ចែករំលែកបទពិសោធន៍នៅហ្សឺណែវ ក្នុងការប្រជុំនៃបណ្តាប្រទេសជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក។ ត្រូវចេញពីភ្នំពេញ នៅថ្ងៃទី ២ កក្កដា ទៅអានសុន្ទរកថាថ្ងៃទី ៣ កក្កដា និងថ្ងៃទី ៥ កក្កដា ត្រឡប់មកវិញ។ សុំប្រាប់ទៅបងប្អូននៅអឺរ៉ុប ទាំងអ្នកដែលត្រៀមធ្វើបាតុកម្មប្រឆាំង និងអ្នកដែលត្រៀមមកទទួល។ មកធ្វើបាតុកម្មទៀតទៅ អញទៅជាន់ទឹកដីអឺរ៉ុប ទាំងអឺរ៉ុបនៅហុងគ្រី ប៊ូដាប៉េស្ត និងអឺរ៉ុបនៅហ្សឺណែវ។ ប្រាប់ទាំងថ្ងៃទៀត ថ្ងៃទី ១៣ មិថុនា នេះ ទៅដល់ប៊ូដាប៉េស្តហើយ។ ថ្ងៃទី ០២ កក្កដា រហូតដល់ថ្ងៃទី ០៥ កក្កដា នៅហ្សឺណែវ។ អញ្ចឹង ត្រៀមធ្វើបាតុកម្មឱ្យហើយទៅ។

នៅថ្ងៃទី ៩ សូមកុំភ្លេចទទួលទាននំបញ្ចុកទាំងអស់គ្នា

សូមកុំភ្លេចទទួលទាននំបញ្ចុកទាំងអស់គ្នា។ នំបញ្ចុកសាមគ្គីភាព និងឯកភាពជាតិ មិនមែនជានំបញ្ចុកបំបែកបំបាក់ទេ។ ក្រុមការងារទាំងឡាយចុះទៅ មានលុយកាក់ចែករំលែកឱ្យទៅមូលដ្ឋាន ធ្វើនំបញ្ចុកស៊ី ហៅគ្នាស៊ីទៅ ថ្ងៃទី ៩។ ចាំមើលគេថាម៉េច? គេថា រត់តាមគេទេ។ អញមិនចង់ឱ្យបែកបាក់ជាតិ អញចង់ឱ្យមានឯកភាពជាតិ បានអញសុខចិត្តយកថ្ងៃដែលឯងកំណត់ហ្នឹង។ អញអត់ខ្លាចទេ ឱ្យឃើញថាវាមានសេចក្តីសុខ អាហ្នឹងអញធ្វើ។ អញ្ចឹង ថ្ងៃក្រោយអ្ហែងកំណត់ស៊ីនំគ្រក់ថ្ងៃណា អញស៊ីថ្ងៃនោះដែរ។ យុទ្ធសាស្ត្រច្រេះស៊ីដែកគង់ ហ៊ុន សែន វាយបំបាក់ចោល។ អាបន្លាប៉ុណ្ណឹងដាក់អ្ហែងមួយព្រនង់ទៅ កុំយកបន្លាជួសបន្លា យកខ្នងពូថៅវាយបន្លា។

អំណោយកំដរដៃ

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ បាននាំមកសម្រាប់ជ័យលាភីទទួលសញ្ញាបត្រ ៣ ១៦១ អង្គ/នាក់ ក្នុងម្នាក់ៗ ថវិកា ៥ ម៉ឺនរៀល។ បន្ថែមជូននិស្សិតពិការ ចំនួន ១២ នាក់ ក្នុងម្នាក់ៗ ថវិកា ១ លានរៀល។ ជូនសាស្ត្រាចារ្យ និងបុគ្គលិក ចំនួន ១ ០៣៧ នាក់ ក្នុងម្នាក់ៗ ថវិកា ១០ ម៉ឺនរៀល។ ជូនសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ថវិកា ៥ លានរៀល។ ជាមួយនឹងការអបអរសាទរ សម្រាប់វឌ្ឍនភាព នៃសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ក៏ដូចជា វិស័យអប់រំ ព្រមទាំងការអបអរសាទរ ចំពោះជ័យលាភី ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ ក៏ដូចជា ក្រុមគ្រួសារជ័យលាភី ខ្ញុំព្រះករុណាខ្ញុំ សូមប្រគេនពរ ចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជូនពរ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា សូមប្រកបដោយពរ និងពុទ្ធពរទាំងប្រាំប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕