រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេស្នើឱ្យកម្ពុជាគាំទ្រខ្លួនជាសមាជិកអាស៊ាន និងជាសមាជិកមួយចំនួនទៀតក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ

15

ភ្នំពេញ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ — រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យ ទីម័រឡេស្តេ​បានស្នើ​ឱ្យភាគីកម្ពុជាដែលជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា ASEAN  ទទួល ស្គាល់ទីម័រឡេស្តេ ជាសមាជិកអាស៊ានថ្មី និងជាសមាជិកស្ថិតក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិនៃ​អង្កការអន្តរជាតិផ្សេងៗទៀត។ ការស្នើសុំរបស់ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងការបរទេសទីម័រ​ឡេស្តេ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន​រដ្ឋសភាកម្ពុជា កាលពីព្រឹកថ្ងៃទី០៤ខែមិថុនា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា។

ឯកឧត្ដម កែវ ពិសិដ្ឋ នាយករដ្ឋខុទ្ធកាល័សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រាប់​អ្នកសារព័ត៌មានក្រោយពីជំនួបថា ឯកឧត្តម ឌីយ៉ូនីស្យូ ដា កូសតា បាបូ សូរេស (Dionisio da Costa Babo Soares)រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិប​តេយ្យ ទីម័រឡេស្តេ​ បានគូសបញ្ជាក់ថា “ខ្ញុំស្នើសុំសម្តេចប្រធានរដ្ឋសភាគាំទ្របេក្ខភាពជា​សមាជិកអាស៊ាន (សមាជិកទី១១) ក៏ដូចជាចូលជាសមាជិកក្នុងក្របខ័ណ្ឌនីតិប្បញ្ញតិ អាយប៉ា”។ ឯកឧត្ដមបានសរសើកម្ពុជា ពិសេសនោះសម្តេចតេជោ ហ៊ុន សែនដែលតែងតែ​គាំទ្រទីម័ររាល់គ្រប់ពេលវេលាកន្លងមក។ ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្ត្រីបានអប​អរសាទរ​ចំពោះការរីកចម្រើនរបស់កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋ​មន្ត្រី ហើយប្រទេសទីម័រឡេស្តេ នឹងយកគំរូ និងរៀនសូត្រសម្រាប់ការ​អភិវឌ្ឍប្រទេសខ្លួន​ផងដែរ។ ឯកឧត្ដមបានបន្ដទៀតថា ទស្សនកិច្ចនៅកម្ពុជានេះ​ក៏ជំរុញ​ភាគី​កម្ពុជា និងទីម័រ​ឡេស្តេឱ្យមានការរីកចម្រើនបន្ថែមទៀតផងដែរ។ ឯកឧត្ដមរដ្ឋមន្ត្រីក៏បានសន្យាថា នឹងខិត​ខំជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា និងទីម័រឡេស្តេឱ្យ​កាន់តែប្រសើរ​ឡើងដើម្បី​នាំមក​នូវផលប្រយោជន៍ សម្រាប់ប្រទេសជាតិ ទាំងសងខាង។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន​រដ្ឋសភាកម្ពុជាសម្តែងការគំាទ្រ​ចំពោះ​បេក្ខភាពរបស់ទីម័រឡេស្តេចូលជាសមាជិកអាស៊ាន និងចូលជាសមាជិកសភាអាយប៉ា​ផងដែរ។​ សម្តេចប្រធានបានបញ្ជាក់ថា សម្រាប់តួនាទី និងសកម្មភាពសំខាន់ៗរបស់​ទីម័រនាពេលកន្លងមកនេះ ទីម័រឡេស្តេ គប្បីទទួលបានជាសមាជិកក្របខ័ណ្ឌ នៃសមាជិក អាស៊ាន និងក្របខ័ណ្ឌ អង្កការនីតិប្រតិបត្តិដទៃទៀតនៅក្នុងតំបន់និងសកលលោកផងដែរ។

សម្តេចប្រធានរដ្ឋសភាកម្ពុជា ក៏បានចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្ដមរដ្ឋមន្ត្រីការបរ ទេស​ទីម័រឡេស្តេ​បានចូលរួមចំណែកក្នុងការពង្រឹងពង្រីកលទ្ធភាពនូវកិច្ចសហប្រតិបត្តិការ​នៃ ប្រទេសទាំងពីរដែលមានឱ្យកាន់តែប្រសើរថែមទៀត។ ជាមួយគ្នានេះដែរ ចំណងមិត្តភាព​ជា​មួយទីម័រឡេស្តេពិតជាមានសារៈសំខាន់ណាស់ក្នុងកាលៈទេសៈនាពេលបច្ចុប្បន្ននេះ ព្រោះថា សភាពការណ៍នៃការវិវត្តសកលលោក មានការប្រែប្រួល និងវិវត្តន៍ឥតឈប់ឈរ។

សម្ដេចប្រធានបានបន្ដថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងទីម័រឡេស្តេ កន្លងមក​បានគាំទ្រគ្នាទៅវិញទៅមក ទាំងនៅក្នុងក្របខ័ណ្ឌតំបន់ និងសកលលោក។ លើសពីនេះទៀត មិនត្រូវតែផ្តល់ផលប្រយោជន៍សម្រាប់ប្រទេសជាតិប៉ុណ្ណោះទេ ក៏បានចូលរួមក្នុងការរក្សា​សន្តិ​សុខស្ថិរភាពដែលកំពុងវិវត្តន៍នៅក្នុងសកលលោកផងដែរ។  សម្តេចប្រធានរដ្ឋសភាកម្ពុជាក៏បានគាំទ្រចំពោះកិច្ចសហប្រតិបតិ្តការរវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរទាំងនៅក្នុងក្របខ័ណ្ឌវិស័យនយោបាយ  ការទូត កសិកម្ម អប់រំ និងថាមពល ជាដើម៕

ដោយ ប៊ុនរិទ្ធ