សុន្ទរកថា សម្តេច​តេជោ ហ៊ុន សែន ថ្លែងក្នុងសន្និសីទអន្តរជាតិលើកទី ២៥ ស្តីពី «អនាគតអាស៊ី» នៅទីក្រុងតូក្យូ ប្រទេសជប៉ុន

112

CNV:

  • ឯកឧត្ដម លោកជំទាវ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល
  • ឯកឧត្ដម លោកជំទាវ តំណាងស្ថាប័នអន្តរជាតិ និងវិស័យ​ឯកជន
  • ឯកឧត្ដម លោកជំទាវ លោក លោកស្រី!

ថ្ងៃនេះ ខ្ញុំមានកិត្តិយស និងសេចក្ដីរីករាយជាអនេក ដោយបានចូលរួមជាមួយថ្នាក់ដឹកនាំបណ្ដាប្រទេសក្នុងតំបន់នៅក្នុងសន្និសីទនេះ ដែលក៏ជាឱកាសដ៏កម្រសម្រាប់យើងពិភាក្សា និងផ្លាស់ប្ដូរទស្សនៈលើការវិវត្តន៍នៃស្ថានការណ៍តំបន់ និងសកលលោក។ ខ្ញុំសូមសំដែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន នីកកេ (Nikkei) ដែលបានរៀបចំកម្មវិធីនេះឡើង និងអញ្ជើញចូលរួម ព្រមទាំងសូមសំដែងការអបអរសាទរចំពោះក្រុមហ៊ុននីកកេ សម្រាប់ខួបទី ២៥ នៃសន្និសីទនេះ ដែលបានចូលរួមចំណែកពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេសក្នុងតំបន់អាស៊ីយើង។

ជាការពិត ប្រធានបទនៃវេទិកាសម្រាប់ឆ្នាំនេះ «ការស្វែងរកសណ្ដាប់ធ្នាប់ពិភពលោកថ្មី៖ ការជម្នះលើភាពវឹកវរ» មានសារៈសំខាន់ និងសមស្របបំផុតនៅក្នុងបរិការណ៍បច្ចុប្បន្ន និងសម្រាប់អនាគតតំបន់យើង ដែលកំពុងជួបប្រទះនឹងបញ្ហាប្រឈមស្មុគស្មាញ និងនិន្នាការវិវត្តន៍ទៅមុខមិនប្រាកដប្រជា ដោយសារការគំរាមផ្សេងៗ និងភាពរង្គោះរង្គើនៃសណ្ដាប់ធ្នាប់ និងនិម្មាបនកម្មពិភពលោកបច្ចុប្បន្ន។ ក្នុងន័យនេះ ថ្នាក់ដឹកនាំតំបន់យើង គប្បីគិតគូរនិងមានជំហររួមគ្នា ចំពោះដំណោះស្រាយលើបញ្ហាប្រឈមធំៗ ដែលកំពុងគំរាមពិភពលោក និងតំបន់អាស៊ីយើង ក្នុងកាលៈទេសៈបច្ចុប្បន្ន ពិសេស ចរន្តគាំពារនិយម សង្រ្គាមពាណិជ្ជកម្មរវាងមហាអំណាចធំៗ និងវិបត្តិភូមិសាស្រ្តនយោបាយ។ បន្ថែមលើនេះ សម្រាប់រយៈពេលវែងទៅមុខ សកលលោកក៏ត្រូវបន្តប្រឈមនឹងបញ្ហាប្រែប្រួលរចនាសម្ព័ន្ធធំៗផ្សេងៗទៀតជាច្រើន រួមមានជាអាទិ៍៖ បញ្ហាប្រជាសាស្រ្តនៃមនុស្សចាស់ និងមនុស្សក្មេង បញ្ហាហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ សន្តិសុខថាមពល បញ្ហាទឹក និងបរិស្ថាន ព្រមទាំងការរីកចម្រើននៃបច្ចេកវិទ្យា ដែលទាមទារឲ្យយើងទាំងអស់គ្នាពួតដៃគ្នា បង្កើនកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ ដើម្បីស្វែងរកដំណោះស្រាយសមស្របផងដែរ។ ខ្ញុំជឿថា សន្និសីទពេលនេះ នឹងអាចផ្ដល់នូវគំនិតផ្ដួចផ្ដើមថ្មីៗ និងអនុសាសន៍ល្អៗ ដើម្បីរួមចំណែកស្តារស្ថានការណ៍ឲ្យប្រសើរឡើង សំដៅកសាងអនាគតតំបន់មួយត្រចះត្រចង់ ជាមួយនឹងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន នៅក្នុងវិបុលភាព សន្តិសហវិជ្ជមាន និងភាពសុខដុមរមនា តាមរយៈការកសាងទំនុកចិត្ត ការយោគយល់ និងជំនឿលើគ្នាទៅវិញទៅមក។

ឯកឧត្តម លោកជំទាវ លោក លោកស្រី!

នៅក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ យើងទទួលស្គាល់អំពីការរីកចម្រើនខ្លាំង នៃពិភពលោក ទាំងក្នុងន័យកំណើន និងវឌ្ឍនភាពសង្គម ជាពិសេស ការកាត់បន្ថយភាពក្រីក្រ ទន្ទឹមគ្នានឹងការផ្លាស់ប្ដូររចនាសម្ព័ន្ធយ៉ាងជ្រាលជ្រៅ ទាំងទិដ្ឋភាពសេដ្ឋកិច្ច ភូមិសាស្រ្តនយោបាយ សមាហរណកម្មសេដ្ឋកិច្ចតំបន់ និងសកល ក៏ដូចជាបញ្ហាប្រឈមកើតឡើងថ្មីៗ ដោយសារការប្រកួតប្រជែងដើម្បីអំណាច និងឥទ្ធិពល ទីផ្សារទំនិញ និងបច្ចេកវិទ្យា រវាងមហាអំណាចចាស់-ថ្មី និងប៉ូលនៃអំណាចតំបន់ដទៃទៀត ក្នុងក្របខណ្ឌពិភពលោកពហុប៉ូល។

ជាក់ស្ដែង ក្នុងរយៈពេលនេះ អាស៊ី តាមរយៈកំណើនសេដ្ឋកិច្ចខ្ពស់របស់ចិន និងឥណ្ឌា មិនត្រឹមតែបានក្លាយជាមជ្ឈមណ្ឌលនៃកំណើនប៉ុណ្ណោះទេ តែថែមទាំងបានក្លាយជាកម្លាំងចលករដ៏សំខាន់ សម្រាប់ស្ថេរភាពនយោបាយក្នុងតំបន់ និងសកលលោក។ បច្ចុប្បន្ន ចិនជាប្រទេសមានសេដ្ឋកិច្ចធំលំដាប់ទី ២ លើពិភពលោក ខណៈទំហំសេដ្ឋកិច្ចឥណ្ឌាបានកើនឡើងយ៉ាងលឿន គឺជាង ៣ ដង បើប្រៀបនឹងចុងសតវត្សរ៍ទី ២០ ដែលធ្វើឲ្យសេដ្ឋកិច្ចឥណ្ឌាបច្ចុប្បន្ន មានទំហំធំជាងសេដ្ឋកិច្ចកាណាដា និងរុស្ស៊ី។ ជាមួយគ្នានេះ អាស៊ានក៏បានក្លាយជាសហគមន៍សេដ្ឋកិច្ចដ៏ធំមួយ ដែលចារឹកដោយកំណើនខ្ពស់ និងការផ្លាស់ប្ដូររចនាសម្ព័ន្ធស៊ីជម្រៅ ពោលគឺ មានសេដ្ឋកិច្ចក្នុងទំហំដល់ទៅ ៣,១ ទ្រីលានដុល្លារអាមេរិក ជាសេដ្ឋកិច្ចលំដាប់ទី ៥ លើពិភពលោក និងជាតំបន់មានកំណើនខ្ពស់មួយ ដែលជំរុញដោយពាណិជ្ជកម្មសេរី និងកំណើនផលិតភាព។

ការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងលឿនរបស់អាស៊ី បានរួមចំណែកយ៉ាងសំខាន់ដល់វឌ្ឍនភាពផ្នែកសង្គម, ការកាត់បន្ថយភាពក្រីក្រ ការបង្កើនប្រាក់ចំណូល និងការលើកកម្ពស់សុខមាលភាពប្រជាជន។ ទន្ទឹមនេះ, ជាមួយនឹងតួនាទីកាន់តែសំខាន់នៅក្នុងសេដ្ឋកិច្ចសកល គួបផ្សំនឹងការរីកចម្រើនក្នុងប្រទេសនីមួយៗ អាស៊ីក៏បានរួមចំណែកយ៉ាងសំខាន់ដល់ការថែរក្សាស្ថិរភាព, សន្តិភាព និងភាពសុខដុមរមនាក្នុងតំបន់ និងសកលលោកផងដែរ។ ជារួម សមិទ្ធិផលទាំងនេះរបស់អាស៊ី គឺកើតចេញពីការប្រកាន់ខ្ជាប់នូវគោលការណ៍ នៃការបើកចំហរ និងការជំរុញសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច, ការពង្រីកសមាហរណកម្ តំបន់ និងខ្សែច្រវាក់តម្លៃ, ការលើកស្ទួយពាណិជ្ជកម្មសេរី  និងពហុភាគីនិយម ព្រមទាំងការចូលរួមក្នុងសហគមន៍ពិភពលោក និងនិម្មាបនកម្មអន្តរជាតិ ដែលបង្កើតបាននូវប្រព័ន្ធអេកូឡូស៊ីមួយអំណោយផលសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ។

ទោះបីសម្រេចជោគជ័យគួរជាទីមោទនៈយ៉ាងនេះក្តី, អាស៊ី ក៏ដូចជា ពិភពលោកទាំងមូល កំពុងតែជួបប្រឈមនឹងវិបត្តិវឹកវរមិនធ្លាប់មាន ប្រកបដោយភាពស្មុគស្មាញ និងហានិភ័យជាច្រើន ដែលមានចរិតប្រពៃណីផង និងមិនប្រពៃណីផង សម្រាប់រយៈពេលខ្លី និងរយៈពេលវែងខាងមុខ។ បញ្ហាប្រឈមទាំងនេះ អាចបន្ទុចបង្អាក់វិវឌ្ឍនភាព និងបំផ្លាញសមិទ្ធិផល ដែលប្រជាជាតិយើងខិតខំសម្រេចបានក្នុងរយៈពេល ច្រើនទសវត្សរ៍កន្លងមក ក៏ដូចជា កាត់បន្ថយសក្តានុពលសម្រាប់ការអភិវឌ្ឍនាពេលអនាគតផងដែរ។ ក្នុងន័យនេះ, យើងពិតជាមានក្តីបារម្ភអំពីសន្តិភាព, ស្ថិរភាព និងសន្តិសុខពិភពលោក ចំពោះមុខដំណើរវិវត្ត ទៅរកក្របខណ្ឌពហុប៉ូល ដោយសារការប្រកួតប្រជែងផលប្រយោជន៍ និងការកែតម្រូវតុល្យភាពអំណាចសកល ព្រមទាំងអរិភាពផ្សេងទៀត ដែលកំពុងបន្តនូវភាពមិនច្បាស់លាស់ និងភាពវឹកវរជាច្រើន ចំពោះប្រក្រតីភាព នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចអាស៊ី។

ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!

ជាមួយនឹងបរិការណ៍រួមដូចបានគូសបញ្ជាក់ខាងលើនេះ, អនុញ្ញាតឱ្យខ្ញុំយកឱកាសនេះចែករំលែកទស្សនៈមួយចំនួន ពាក់ព័ន្ធនឹងប្រធានបទរបស់យើង ដូចខាងក្រោម៖

ទី ១ ការរៀបចំដំណើរការស្ថាប័ន និងវិធានគ្រប់គ្រងសកលឡើងវិញ ដោយផ្អែកលើគោលការណ៍ស្នូល និងតម្លៃសកលជាសារវន្ត៖ ជាការពិត, ការផុសឡើងនូវប្លុក និងប៉ូលសេដ្ឋកិច្ចថ្មីៗ តម្រូវឱ្យមានការរៀបចំឡើងវិញនូវនិម្មាបនកម្មស្ថាប័ន និងវិធានគ្រប់គ្រងសកល ដើម្បីធានាតុល្យភាពអំណាច និងការបែងចែកប្រយោជន៍, ការទទួលខុសត្រូវ និងការអនុវត្តកាតព្វកិច្ចរបស់តួអង្គនីមួយៗឱ្យបានត្រឹមត្រូវ និងប្រកប​ដោយប្រសិទ្ធភាព។ ក្នុងក្របខណ្ឌពិភពលោកពហុប៉ូល, គេចាំបាច់ត្រូវបែងចែកការទទួលខុសត្រូវឱ្យបានច្បាស់លាស់, កសាងទំនុកចិត្ត និងជំរុញកិច្ចសហការក្នុងចំណោមប៉ូលអំណាចធំៗ ព្រមទាំងត្រូវបន្តផ្តល់លទ្ធភាពឱ្យមានការចូលរួមរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ក៏ដូចជា ត្រូវបន្តលើកស្ទួយតួនាទីរបស់ស្ថាប័នពហុភាគី ដើម្បីបង្កើតឡើងនូវបរិយាកាសអំណោយផល សម្រាប់ធានាឱ្យគ្រប់តួអង្គអាចចូលរួមដោះស្រាយបញ្ហាប្រឈម និងកសាងនូវនិម្មាបនកម្មថ្មីរបស់ពិភពលោក បានប្រកបដោយតុល្យភាព, បរិយាប័ន្ន និងយុត្តិធម៌។

ទី ២ ការពង្រឹងកិច្ចសប្រតិបត្តិការក្នុងក្របខណ្ឌសកលភាវូបនីយកម្ម៖ សកលភាវូបនីយកម្ម គឺជានិន្នាការពិភពលោក ដែលបានជំរុញឱ្យមានកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ និងបង្កើតលក្ខខណ្ឌមិនធ្លាប់មាន សម្រាប់ការកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ជាពិសេស នៅក្នុងប្រទេសក្រីក្រ ដូចជា កម្ពុជា។ និន្នាការប្រឆាំងសកលភាវូបនីយកម្ម ក៏កំពុងកើតមានឡើងដំណាលគ្នាផងដែរ ដោយសារគម្លាតអភិវឌ្ឍន៍ និងកម្រិតប្រាក់ចំណូល ក៏ដូចជា វិសមភាពសង្គម នៅក្នុង និងរវាងប្រទេសនីមួយៗ ដែលធ្វើឱ្យបាត់បង់ការទុកចិត្តគ្នា និងបង្កើតភាពភ័យខ្លាច ចំពោះសកលភាវូបនីយកម្មទៅវិញ។ ក្នុងនាមជាប្រទេសមានការអភិវឌ្ឍតិចតួចមួយ, កម្ពុជាមានការបារម្ភជាខ្លាំង ចំពោះការសម្រេចចិត្តជាឯកតោភាគីជាមួយ ដែលប្រាសចាកពីគោលការណ៍ និងវិធាននៃច្បាប់អន្តរជាតិ ក៏ដូចជា ការគេចវេះពីកាតព្វកិច្ចចំពោះសន្ធិសញ្ញា និងកិច្ចព្រមព្រៀងអន្តរជាតិទាំងឡាយ។ សកម្មភាពបែបនេះ បាន និងកំពុងធ្វើឱ្យ​ចុះខ្សោយនូវទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ ព្រមទាំងបង្កភាពតានតឹងនៅក្នុង​សហគមន៍អន្តរជាតិ។

ទី ៣ ការគោរពអធិបតេយ្យភាព និងជម្រើសផ្លូវដើររបស់ប្រទេសនីមួយៗ៖ យើងធ្លាប់បានដឹងហើយថា មនោគមវិជ្ជានយោបាយ, សេដ្ឋកិច្ច និងសង្គមមួយចំនួន បានកើតឡើងជាប្រតិកម្មតបទៅនឹងមនោគមវិជ្ជាធំៗ ដែលកំពុងមានអំណាចគ្រប់គ្រងលើសណ្តាប់ធ្នាប់ពិភពលោកបច្ចុប្បន្ន។ ទោះជាយ៉ាងណា, យើងត្រូវទទួលស្គាល់ថា ពុំមានមនោគមវិជ្ជាជាមួយដែលល្អឥតខ្ចោះនោះទេ។ មនោគមវិជ្ជានីមួយៗ តែងបានបង្ហាញឲ្យឃើញអំពីគុណសម្បតិ្ត និងគុណវិបត្តិរៀងៗខ្លួន។ នោះគឺដោយសារតែអ្វីដែលល្អសម្រាប់ប្រទេសមួយ ឬសង្គមមួយ មិនប្រាកដថាល្អសម្រាប់ប្រទេស ឬសង្គមមួយផ្សេងទៀតនោះឡើយ ដោយសារតែស្ថានភាពផ្សេងគ្នា និងលក្ខណៈពិសេសេរបស់ប្រទេសនីមួយៗ។ ដូច្នេះ គោលការណ៍សន្តិសហវិជ្ជមាន ការមិនជ្រៀតជ្រែក ការគោរពបែបផែននៃការរស់នៅ វប្បធម៌ ប្រពៃណី និងប្រវត្តិសាស្ត្រ របស់ផងគ្នាទៅវិញទៅមក គួរតែជាគុណតម្លៃដ៏ខ្ពស់បំផុតមួយដែលរដ្ឋទាំងអស់ ត្រូវតម្កល់ជានិយាមមិនអាចខ្វះបាន សម្រាប់ទំនាក់ទំនងអន្តរជាតិជាសកល។ ប្រសិនបើប្រជាជាតិមួយ ជ្រើសយកមាគ៌ាដ៏ល្អមួយសម្រាប់ខ្លួនឯង យើងគួរតែគោរពតាមការសម្រេចចិត្តបែបនោះ ព្រោះវាជាជម្រើសប្រកបដោយអធិបតេយ្យភាព និងជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសនោះ  ដរាបណាការសម្រេចចិត្តនោះ រួមចំណែកលើកកម្ពស់គុណភាពជីវិត និងបំពេញបន្ថែមនូវសក្តានុពល និងការអភិវឌ្ឍរបស់មនុស្សជាតិ។

ទី ៤ ការកសាង និងថែរក្សាសន្តិភាព និងសន្តិសុខ៖ សន្តិភាព និងសន្តិសុខ ក្នុងប្រទេស និងតំបន់ គឺជាមូលដ្ឋានគ្រឹះមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍ។ ដូច្នេះការកសាង និងថែរក្សាឲ្យខាងតែបាននូវសន្តិភាព និងសន្តិសុខ គឺជាអាទិភាពខ្ពស់បំផុតរបស់ប្រទេសនីមួយៗ។ សន្តិភាពមិនអាចសម្រេចបានមកដោយឯកឯងនោះទេ។ យើងទាំងអស់គ្នាដឹងឮហើយ ប្រទេសយើងខ្លះធ្លាប់រងការឈឺចាប់ឥតគណនា ចំពោះផលវិបាកជាច្រើននៃជម្លោះប្រដាប់អាវុធ និងការគំរាមមិនប្រពៃណីនានា ពិសេសបញ្ហាភេរវកម្ម។ ជាក់ស្តែង កម្ពុជាទើបតែសម្រេចបាននូវសន្តិភាព ឯកភាពជាតិ និងស្ថិរភាពនយោបាយពេញលេញ ក្នុងរយៈពេលជាង ២ ទស្សវត្សរ៍ចុងក្រោយនេះ។ សមិទ្ធផលជាប្រវត្តិសាស្ត្រនេះ សម្រេចបានមកដោយសារ គោលនយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាល ដែលបានផ្ត្តល់ផលជាកំណើនសេដ្ឋកិច្ចជាមធ្យម ៧,៧%  ក្នុងមួយឆ្នាំ និងភាពប្រសើរឡើងជាលំដាប់នៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ហេតុនេះហើយ ទើបប្រជាជាតិកម្ពុជាទាំងមូល ផ្តល់តម្លៃខ្ពស់បំផុតចំពោះការខិតខំបន្តថែរក្សាសន្តិភាព និងស្ថិរភាព ព្រមទាំងការជំរុញកិច្ចអភិវឌ្ឍប្រកប​ដោយបរិយាប័ន្ន ដែលបច្ចុប្បន្ននេះ កំពុងតែហុចផ្លែផ្កាយ៉ាងពិតប្រាកដ ជាប្រយោជន៍ជូនដល់ពលរដ្ឋកម្ពុជា នៅគ្រប់ច្រកល្ហកក្នុងផ្ទៃប្រទេស។

ឯកឧត្តម លោកជំទាវ លោក លោកស្រី!

កម្ពុជាបានក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប និងមានកំណើនរឹងមាំប្រកបដោយចិរភាព និងបរិយាប័ន្ន ពោលគឺក្នុងអត្រាមធ្យមប្រមាណ ៧,៧% ក្នុងមួយឆ្នាំ ក្នុងរយៈពេល ២ ទស្សវត្សរ៍ចុងក្រោយ ដែលបានផ្លាស់ប្តូរមុខមាត់ពីប្រទេសក្រីក្រ និងមានជម្លោះផ្ទៃក្នុងរ៉ាំរ៉ៃ​ ទៅជាប្រទេសមានកំណើនសេដ្ឋកិច្ចលឿនបំផុតមួយនៅក្នុងតំបន់អាស៊ី។ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីននៃកំណើន ខណៈរាជរដ្ឋាភិបាលដើរតួនាទីជាយុទ្ធសាស្ត្រវិទូ និងអ្នកគ្រប់គ្រងការអភិវឌ្ឍ ដើម្បីធានាបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច ពិសេស សន្តិភាព សន្តិសុខ ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច សណ្តាប់ធ្នាប់សង្គម តម្លាភាព និងភាពប្រាកដប្រជា។ រាជរដ្ឋាភិបាលតែងប្រកាន់ខ្ជាប់នូវគោលនយោបាយសកលភាវូបនីយកម្ម គោលនយោបាយបើកចំហរ និងស្វាគមន៍វិនិយោគិនទាំងអស់ ដែលមានចំណាប់អារម្មណ៍ក្នុងការវិនិយោគ ឬបង្កើតធុរកិច្ចនៅកម្ពុជា។

ក្នុងឆ្នាំ ២០១៨ ការវិនិយោគផ្ទាល់ពីបរទេសចូលមកកម្ពុជា មានការកើនឡើង ១០% ធៀបនឹងឆ្នាំមុន គឺមានទំហំជាង ៣,០ ប៊ីលានដុល្លារអាមេរិក ដែលត្រូវបានបង្ហូរទៅក្នុងវិស័យហិរញ្ញវត្ថុ ទូរគមនាគមន៍ អចលនទ្រព្យ និងទំនិញកម្មន្តសាល មិនមែនវាយនភ័ណ្ឌ។  សម្រាប់កម្ពុជា ការវិនិយោគផ្ទាល់ពីបរទេស ត្រូវបានចាត់ទុកថាជាកត្តាគន្លឹះមួយ  ជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការសម្រេចគោលេដៅអភិវឌ្ឍន៍របស់ខ្លួន។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកំពុងខិតខំរៀបចំចក្ខុវិស័យ និងដាក់ចេញនូវញគោលនយោបាយច្បាស់លាស់ ដើម្បីទាក់ទាញការវិនិយោគបរទេសបន្ថែមទៀត តាមរយៈការកែលម្អភាពប្រកួតប្រជែងរបស់ខ្លួន ជាអាទិ៍ ការពង្រីកមូលដ្ឋានផលិតកម្ម ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការកែលំអប្រព័ន្ធដឹកជញ្ជូន ទាំងផ្នែកទន់ និងរឹង ការកាត់បន្ថយថ្លៃអគ្គិសនី ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម ការអភិវឌ្ឍធនធានមនុស្ស ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ព្រមទាំងការកែទម្រង់ស្ថាប័ន និងប្រព័ន្ធគតិយុត្តិ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមអញ្ជើញវិនិយោគិនទាំងអស់ទៅទស្សនា និងធ្វើការសិក្សាអំពីឱកាស និងលទ្ធភាពវិនិយោគនៅកម្ពុជា។

ឯកឧត្តម លោកជំទាវ លោក លោកស្រី!

ជាថ្មីម្តងទៀត ខ្ញុំសូមសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា សន្និសីទនេះ នឹងចូលរួមវិភាគទានដ៏សំខាន់ដល់ការពង្រឹងសុ​ឆន្ទៈ និងសាមគ្គីភាពក្នុងចំណោមបណ្តាប្រទេស និងប្រជាជាតិនៅក្នុងតំបន់ ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាព ចំពោះបញ្ហាប្រឈមទាំងឡាយ ដែលតំបន់ និងសកលលោកយើងកំពុងតែជួបប្រទះ។ កម្ពុជាត្រៀមខ្លួនជាស្រេច សម្រាប់ការរួមចំណែក និងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធទាំងអស់ ក្នុងបរិការណ៍ពិភពលោកពហុប៉ូលថ្មី សំដៅលើកកម្ពស់សកលភាវូបនីយកម្ម ស្មារតីពហុនិយម និងប្រព័ន្ធពាណិជ្ជកម្មសេរី ដោយផ្អែកលើវិធាននៃច្បាប់ ដែលផ្តល់ផលប្រយោជន៍ប្រកបដោយសមធម៌ និងយុត្តិធម៌ ដល់គ្រប់តួអង្គដែលមានការពាក់ព័ន្ធ។ ខ្ញុំជឿជាក់ថា យើងទាំងអស់គ្នាពិតជាចង់បាននូវពិភពលោកមួយ ដែលប្រទេស និងប្រជាជាតិទាំងអស់ អាចរួមរស់ជាមួយគ្នាក្នុងសុខសន្តិភាព ស្ថិរភាព និងភាពសុខដុមរមនា គោរពអធិបតេយ្យភាព និងបូរណភាពទឹកដីគ្នាទៅវិញទៅមក ហើយប្ដេជ្ញារួមគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការ​ ដែលចែករំលែកនូវ «ស្ថានភាពឈ្នះឈ្នះ» ជាមួយគ្នា។

ក្នុងស្មារតីនេះ ខ្ញុំសូមជូនពរឲ្យសន្និសីទរបស់យើង ទទួលបាននូវជោគជ័យ ប្រកបដោយផ្លែផ្កាត្រចះត្រចង់ ដែលបម្រើដល់ផលប្រយោជន៍រួម នៃតំបន់អាស៊ីទាំងមូល។

សូមអរគុណ!