សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាក្នុងសន្និបាត UN-ESCAP នៅប្រទេសថៃ

នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាក្នុងសន្និបាតប្រចាំឆ្នាំរបស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP) លើកទី៧៥ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ។

ក្នុងខ្លឹមសារគន្លឹះរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារថា ៖ សម្តេចពិតជារីករាយជាអនេក ដោយបានមកចូលរួមក្នុងសន្និបាតប្រចាំឆ្នាំលើកទី ៧៥ របស់គណៈកម្មការសេដ្ឋកិច្ច និង សង្គមកិច្ច សម្រាប់ឤស៊ី និង ប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP) ក្រោមប្រធានបទ«ការផ្តល់សិទ្ធិអំណាចជូនប្រជាជន និង ការធានានូវបរិយាប័ន្ន និងសមភាព» ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ សូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំញេះ UN-ESCAP ដែលបានរៀបចំ និង អញ្ជើញសម្តេចមកចូលរួមក្នុងព្រឹត្តិការណ៍ដ៏សំខាន់មួយនេះ ។

សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំញេះតួនាទីរបស់ UN-ESCAP ក្នុងការរួមចំណែកលើកកម្ពស់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ក្នុងតំបន់ឤស៊ីប៉ាស៊ីហ្វិក, ជាពិសេស តាមរយៈការគាំទ្រដល់ការអនុវត្ត SDGs ដែលចាត់ទុកបរិយាប័ន្នជាចំណុចស្នូល និង ជាគោលដៅចម្បង ។ តួនាទីនេះ រឹតតែមានសារៈសំខាន់ថែមទៀតសម្រាប់តំបន់យើង ក្នុងកាលៈទេសៈបច្ចុប្បន្ន ដែលពិភពលោក និង សកលភាវូបនីយកម្មកំពុងត្រូវបានគម្រាមកំហែងដោយចរន្តគាំពារនិយម, សង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចធំៗ និង វិបត្តិភូមិសាស្ត្រ នយោបាយ, ក៏ដូចជាក្នុងពេលអនាគត ដែលសកលលោកត្រូវប្រឈមដោះស្រាយនូវបញ្ហាប្រែប្រួលរចនាសម្ព័ន្ធធំៗ ជាឤទិ៍ បញ្ហាប្រជាសាស្ត្រនៃមនុស្សចាស់ និង មនុស្សក្មេង, បញ្ហាហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់, សន្តិ- សុខថាមពល, បញ្ហាទឹក និងបរិស្ថាន ព្រមទាំងការរីកចម្រើននៃបច្ចេកវិទ្យា ដើម្បីកសាងអនាគតតំបន់មួយដ៏រុងរឿងស្របតាមនិន្នាការនៃបដិវដ្តន៍ឧស្សាហកម្មទី៤ ឬសេដ្ឋកិច្ចឌីជីថល ។

សម្តេចបន្តថាកម្ពុជា ទទួលបានសុខសន្តិភាព និង ការបង្រួបបង្រួមជាតិសម្រាប់ប្រទេសទាំងមូល ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួននៅចុងឆ្នាំ ១៩៩៨ ។ សង្គ្រាមដែលបានអូសបន្លាយរយៈពេលជាង៣០ ឆ្នាំ ត្រូវបានបញ្ចប់ទាំងស្រុងនៅពេលកងទ័ពខ្មែរក្រហមបានចុះចូល និង ចូលរួមជាមួយរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា ។ នេះគឺជាលទ្ធផលទទួលបានពីនយោបាយ ឈ្នះ ឈ្នះ ដែលកម្ពុជាបានដាក់ ចេញមកដោយខ្លួនឯង ដោយគ្មានការបង្គាប់បញ្ជា ឬ ជំនួយពីខាងក្រៅ ។សមាសធាតុជាមូលដ្ឋានចំនួន ៣ សំខាន់ៗ គឺ ៖
ទី១)​ ការធានាថា បុគ្គលគ្រប់រូបឤចបន្តរស់រានមានជីវិត, ទី២)​ ការធានាថា បុគ្គលគ្រប់រូបមាន ការងារ និង មុខរបរចិញ្ចឹមជីវិត
ទី៣)​ ការធានាការពារនូវទ្រព្យសម្បត្តិរបស់ពួកគេទាំងអស់គ្នា ។

ជាលទ្ធផលនៃនយោបាយនេះ សង្គ្រាម និងជម្លោះប្រដាប់ឤវុធ ត្រូវបានបញ្ចប់ទាំងស្រុង ហើយកម្ពុជាឤចដោះ
ស្រាយបាននូវបញ្ហាគ្រប់យ៉ាង តាមរយៈការកសាងទំនុកចិត្តរវាងខ្មែរ និងខ្មែរ ដែលជាប្រការនាំមកនូវសន្តិភាពដ៏រឹងមាំ ហើយចាក់ឫសកាន់តែជ្រៅក្នុងសង្គមជាតិក្នុងរយៈពេលជាង២០ ឆ្នាំចុងក្រោយនេះ ។ សន្តិភាព គឺជាបុរេលក្ខខណ្ឌដ៏ចម្បង និងសំខាន់បំផុត សម្រាប់កសាងខឿនសេដ្ឋកិច្ច និងអភិវឌ្ឍ សងម្គជាតិ។ លើមូលដ្ឋាននេះ, កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច ្ច ជាមធ្យមក្នុងរង្វង់ ៧,៧% ក្នុងមួយឆ្នាំ, ក្នុងរយៈពេលជាង២ទសវត្សរ៍ចុងក្រោយ ហើយបានប្រែក្លាយខ្លួនជាប្រទេសមួយក្នុងចំណោមប្រទេសមាន កំណើនសេដ្ឋកិច្ចលឿនបំផុតក្នុងពិភពលោក ព្រមទាំងបានឆ្លងកាត់ពីឋានៈប្រទេសចំណូលទាប មកជាប្រទេស ចំណូលមធ្យមកម្រិតទាបកាលពីឆ្នាំ២០១៥ កន្លងទៅ ។ អត្រាភាពក្រីក្រនៅកម្ពុជា បានបន្តធ្លាក់ចុះជាលំដាប់ ពីជាង ៥៣% ក្នុងឆ្នាំ ២០០៤ មកត្រឹម ១៣,៥% ក្នុងឆ្នាំ ២០១៤ ហើយត្រូវបានប៉ាន់ស្មានថា ស្ថិតនៅក្នុងរង្វង់ ១០% នាបច្ចុប្បន្ន ។ វិស័យសុខាភិបាល និង អប់រំ ក៏សម្រេចបាននូវការរីកចម្រើនគួរឱ្យកត់សម្គាល់ ទោះបីនៅ មានសេសសល់បញ្ហាប្រឈមមួយចំនួន ដែលរាជរដ្ឋាភិបាលត្រូវបន្តដោះស្រាយក៏ដោយ ។ ជាមួយនឹងសមិទ្ធ- ផលដ៏ធំធេងនេះ, កម្ពុជាមានមហិច្ឆិតាក្នុងការក្តាប់យកមកវិញនូវមោទនភាពជាតិ តាមរយៈការប្រែក្លាយខ្លួន ទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និង ជាប្រទេសចំណូលខ្ពស់ នៅឆ្នាំ ២០៥០ ។

សម្តេចតេជោក៏យកឱកាសនេះគូសរំលេចអំពីកិច្ចប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការឈានទៅសម្រេចបាននូវគោលដៅ «គ្មាននរណាម្នាក់ត្រូវបានបំភ្លេចចោល» តាមរយៈការជំរុញអនុវត្តនូវគោលនយោបាយអភិវឌ្ឍន៍ជាគន្លឹះ ចំនួន ៣ គឺ ៖
ទី១)​ ការដាក់ចេញនូវ ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម២០១៦-២០២៥ ដើម្បីបង្កើត ផែនការយុទ្ធសាស្ត្រ
ក្នុងការធានាឱ្យមានសុវត្ថិភាពប្រាក់ចំណូល និង កាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ព្រមទាំងបង្កើនសុខុមាលភាពរបស់ប្រជាជន និងពង្រឹងសាមគ្គីភាពក្នុងសង្គម ។
ទី២-ការផ្តល់សេវាថែទាំសុខភាព ដែលមានគុណភាព និងមានតម្លៃសមរម្យ តាមរយៈមូលនិធិសមធម៌សុខាភិបាល ដែលបានផ្តល់សេវាថែទាំសុខភាពដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្រ ព្រមទាំងការផ្តល់នូវ ជំនួយឧបត្ថម្ភជាសាច់ប្រាក់ដល់ស្ត្រីសម្រាលកូន ក៏ដូចជាដល់ស្ត្រីមានផ្ទៃពោះ​ និង កុមារឤយុក្រោម ២ ឆ្នាំ នៃគ្រួសារក្រីក្រ ។
ទី៣-ការដាក់ចេញនូវគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ២០១៧-២០៣០ ដែលសំដៅគាំទ្រ និងដោះស្រាយបញ្ហារបស់មនុស្សវ័យចាស់ ដោយយកចិត្តទុកដាក់លើការប្រែប្រួលនៃកត្តាប្រជាសាស្ត្រជាមួយនឹងចក្ខុវិស័យនៃការធានាថា មនុស្សវ័យចាស់ឤចចូលរួមដោយសេរី និងមានសេចក្តីថ្លៃថ្នូរ នៅក្នុងគ្រួសារ, សហគមន៍, សកម្មភាពសេដ្ឋកិច្ច, សកម្មភាពសាសនា និង សកម្មភាពនយោបាយ តាមបំណងប្រាថ្នារបស់ពួកគាត់ ហើយប្រជាជនវ័យក្មេង ក៏ត្រូវតែទទួលបានចំណេះដឹង និង ជំនាញ ដែលឤចអនុញ្ញាតឱ្យពួកគេ រស់នៅប្រកបដោយផលិតភាព, សុខភាពល្អ, មានភាពសកម្ម និង មានសេចក្តីថ្លៃថ្នូរ នៅពេលពួកគេឈានដល់វ័យចំណាស់។

សម្តេចតេជោក៏សូមសម្តែងជាថ្មីម្តងទៀត នូវការវាយតម្លៃខ្ពស់ជូនចំញេះអង្គការសហប្រជាជាតិ និង ដៃគូអភិវឌ្ឍន៍នានា ដែលបានបន្តកិច្ចសហការ និង គាំទ្រដល់ប្រទេស និងប្រជាជនកម្ពុជាក្នុងពេលកន្លងមក ហើយរំពឹងយ៉ាងមុតមាំចំញេះសុឆន្ទៈនៃការពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នេះ ឱ្យកាន់តែសកម្មខ្លាំងឡើងថែមទៀត ដើម្បីគោលដៅរួមរបស់យើងទាំងអស់គ្នា៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ