ព្រះរាជពិធីច្រត់ព្រះនង្គ័ល ជាការប្រកាសប្រាប់កសិករនៅក្នុងប្រទេសថា រដូវធ្វើស្រែចម្ការ មកដល់ហើយ

90

ភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ –ជារៀងរាល់ឆ្នាំ នៅថ្ងៃទី៤ រោច ខែពិសាខ ព្រះរាជាណាចក្រកម្ពុជា តែងតែប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលជាប្រពៃណី​ទំនៀមទម្លាប់មួយ និងដើម្បី ជាសារប្រកាសប្រាប់បណ្តាប្រជាកសិករខ្មែរ ឱ្យដឹងអំពីរដូវកាលនៃការធ្វើស្រែវស្សា និងដំណាំ​ដាំដុះផ្សេងៗ។

ព្រះ​រាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល បាន​ចាក់​ឫស​យ៉ាង​ជ្រៅ​ក្នុង​ទំនៀម​ទម្លាប់​ខ្មែរ បើតាម​ប្រវត្តិសាស្ត្រ និង​ចម្លាក់​នានា។ បើទោះបីជាមិន​មាន​ឯកសារ​ណា​បញ្ជាក់​ច្បាស់​ពី​ប្រវត្តិ​ នៃ​ព្រះ​រាជពិធី​ច្រត់​ព្រះ​នង្គ័ល​នេះក្តី ក៏​ប្រភព​មួយ​ចំនួន​បង្ហាញ​ថា ព្រះរាជពិធីនេះ​មាន​លក្ខណៈ​ព្រហ្មញ្ញ​សាសនា​ផង និងពុទ្ធសាសនា​​ផង។

ចូល​មក​ដល់​សម័យ​សង្គមរាស្ត្រនិយម ពិធី​មួយ​នេះ​បាន​ប្រារព្ធ​ឡើង​ជា​ប្រចាំ ប៉ុន្តែ​ត្រូវ​អាក់​ខាន​ទៅ​វិញ នៅ​សម័យ​សាធារណរដ្ឋ​ខ្មែរ រហូតដល់ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) ព្រះអង្គបានរៀបចំ​ព្រះរាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល​នេះ​ឲ្យ​មាន​វត្តមាន​ជា​ថ្មី​នៅ​ឆ្នាំ​១៩៩៤ និង​បន្ត​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។

ប្រជាកសិករនៅទូទាំងប្រទេសកម្ពុជា ចាត់ទុកព្រះរាជពិធីច្រត់ព្រះនង្គ័ល ជាការពញ្ញាក់សា្មរតីពួកគេ ឱ្យត្រៀម ស្រូវពូជ ​និង​គ្រាប់ពូជដំណាំផ្សេងៗ គោ​ក្របី រទេះ ឧបករណ៍សម្រាប់ធ្វើកសិកម្ម កម្លាំងពលកម្ម កូនចៅ អ្នកភូមិផងរបងជាមួយសម្រាប់​ប្រវ៉ាស់ដៃគ្នា ក្នុងការធ្វើស្រែចម្ការ ព្រោះថាវស្សារដូវចូលមកដល់ហើយ។

កសិករមួយរូប ដែលរស់នៅព្រែកជ្រូក ស្រុកពារាំង ខេត្តព្រៃវែង លោក ហួត ចន្ថា បានឱ្យដឹងថា៖ « ព្រះរាជពិធីច្រត់ព្រះនង្គ័ល ពិតជាបានឱ្យយើងជាកសិករដឹងថា ការចាប់ផ្តើមធ្វើស្រែចម្ការមកដល់ហើយ ដូចនេះឱ្យតែចំពេលនេះ យើងតែងត្រៀម​ទុកដាក់​ឱ្យរួចរាល់ នូវគ្រាប់ពូជស្រូវ គោក្របី សម្រាប់ដាស់ដីធ្វើស្រែ ចៀសវាងការខាតបង់ប្រាក់កាសដែលយើងមិនដឹងជាមុននោះ »។

ទោះបីជាសព្វថ្ងៃវិទ្យាសាស្រ្តមានភាពជឿនលឿន ហើយប្រទេសកម្ពុជា ក៏ជឿនលឿន តាមគោលការណ៍ទាក់ទាញ និងលើក​ទឹកចិត្តវិនិយោគិនបរទេសមកបណ្តាក់ទុន បង្កើតជា រោងចក្រ សហគ្រាស ទាំងតូច មធ្យម គ្រប់ប្រភេទ ក៏ពិតមែន ប៉ុន្តែវិស័យ​កសិកម្មនៅតែជាវិស័យអាទិភាពមួយ ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ ដោយវិស័យនេះបានបន្តរួមចំណែក​ប្រមាណជា​៤០ភាគរយ នៃផលិតផលនៅក្នុងស្រុកសរុប។​

លោក ហួត ចន្ថា បាននិយាយបន្តថា ទោះបីជាសព្វថ្ងៃយើងដឹងអំពីអាកាសធាតុតាមរយៈការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម​ តាមទូរទស្សន៍ និងកាសែតនានា ជាពិសេសបរិមាណទឹកភ្លៀង ក្នុងការធ្វើស្រែ តែយ៉ាងណាក៏ដោយ​ក៏យើងនៅតែ​តាមដានការផ្សងតាមរយៈ ការបរិភោគអាហារទាំងប្រាំពីរមុខ របស់គោឧសភរាជ ដើម្បីយើងធ្វើការដាំដុះដំណាំ​ទៅតាមអ្វីដែល​គោឧសភរាជបានបរិភោគ។

លោកបានបញ្ជាក់ថា វិទ្យាស្រាស្តរីកចម្រើន ហើយឧត្តុនិយមក៏ព្យាករណ៍កាន់តែសុក្រឹត តែលោកក៏នៅតែមានជំនឿលើពិធីនេះ ហើយតែងតែអនុវត្តការងារស្រែចម្ការរបស់លោកតាមទំនាយនៅក្នុងពិធីនេះជាដរាបមក។

កំពុងអង្គុយអុំស្រូវ ក្នុងផ្ទះដែលស្ថិតនៅក្នុងភូមិជ្រោយជ្រែ ស្រុកពារាំង ខេត្តព្រៃវែង ដដែល កសិករម្នាក់ទៀត លោក ចិត្ត លាក់ បាននិយាយថា៖ «ខ្ញុំអាចដឹងថារដូវវស្សាមកដល់នៅពេល ដែលគេប្រារព្ធព្រះរាជពិធីច្រត់ព្រះន័ង្គល។ បន្ទាប់ពីពិធីនេះទៅ ខ្ញុំនឹងចាប់ផ្តើមទឹមគោដាស់ដីដើម្បីធ្វើស្រែវស្សាហើយ ព្រោះភ្លៀងនឹងធ្លាក់មកជាមិនខាន »។

កសិករវ័យជាង ២០ឆ្នាំ រូបនេះ បន្តថា តាមចំណាំឱ្យតែដល់ពេលគេប្រារព្ធពិធីច្រត់ព្រះនង្គ័ល នោះ គឺភ្លៀងនឹងធ្លាក់មកដែរ នោះយើងជាអ្នកស្រែចម្ការនឹងទឹមគោ ក្របី ហើយឥឡូវនេះវាទំនើប គឺកាន់តែគោយន្តទៅកាន់វាលស្រែដើម្បីដាស់ដី ធ្វើស្រែវស្សាបានហើយ ។

« បើតាមខ្ញុំចំណាំបាន តៗពីម្តាយឪពុកមក គឺបើកាលណាគេច្រត់ព្រះន័ង្គលហើយ យើងទៅភ្ជួរស្រែ ដាស់ដី បាចជី សម្រាប់​ធ្វើស្រែវស្សាភ្លាម ព្រោះរំលងប្រហែលពីមួយទៅពីរ អាទិត្យ មេឃនឹងធ្លាក់ភ្លៀងជាបន្តបន្ទាប់ហើយ ដូច្នេះសំណាបនឹងដុះល្អ » នេះបើតាមលោក ចិត្ត លាក់ បានបញ្ជាក់បន្ថែម។

អ្នកស្រី ចិត្ត ភត្រ្ត កសិករមានវ័យជាង ៤០ឆ្នាំ បាននិយាយថា មុននឹងលោកស្រី និងគ្រួសារធ្វើស្រែ ជាទូទៅ លោកស្រីច្រើន​តាមដានទៅលើការផ្សងក្នុងពិធីច្រត់ព្រះនង្គ័ល។

លោកស្រីបានបញ្ជាក់ថា « បើគោ (គោឧសភរាជ) ស៊ីស្រូវ នោះយើងធ្វើស្រែច្បាស់ជាបានផលច្រើនជាមិនខាន បើតាម​ជំនឿតៗ​ពីដូនតាមក គាត់ឱ្យយើងមើលលើគោស៊ីអ្វី និងផឹកអ្វីច្រើន។​ បើយើងដឹងច្បាស់ យើងធ្វើស្រែចុះ​មិនខុសទេក្នុងឆ្នាំហ្នឹង » ។

នៅក្នុង​រឿង​រាមកេរ្តិ៍ នៅ​ក្នុង​ព្រហ្មញ្ញ​សាសនា ត្រង់ឈុត​មួយ​ដែល​និយាយ​ពី​ព្រះ​រាជពិធី​ច្រត់​ព្រះ​នង្គ័ល គឺ​ត្រង់​ព្រះ​រាម​ទៅ​ច្រត់​ព្រះនង្គ័ល​រក​នាង​សេដា ដែល​គេ​ផ្ញើ​នឹង​ព្រះធរណី​នៅ​ក្នុង​ដី។ ចំណែក​នៅ​ក្នុង​ព្រះ​ពុទ្ធសាសនា​វិញ គឺ​ត្រង់​កន្លែង​មួយ ព្រះពុទ្ធអង្គ​ប្រសូត​មក មាន​ពិធី​ច្រត់​នង្គ័ល គេ​យក​ព្រះ​អង្គ​ទៅ​ចូល​រួម​ដែរ ហើយ​ពេល​នោះ ព្រះ​អង្គ​ពិចារណា​រឿង​គោ​ដែល​ហត់​នឿយ​ក្នុង​ការ​ភ្ជួរ​ស្រែ។

តាមការកត់ត្រាកន្លងមក បានឲ្យដឹងថា អត្ថន័យពិតប្រាកដក្នុងព្រះរាជពិធីច្រត់ព្រះន័ង្គលគឺមាន០៤ចំណុចសំខាន់ៗ ដែល នៅក្នុងនោះទី ១. ប្រាប់​កសិករ​ថា​ ដល់​រដូវ​ធ្វើ​ស្រែ​ហើយ ទី២. ផ្សង​ការ​បរិភោគ​របស់​គោ​ឧសភរាជ​ និង​ការ​បួង​សួង​សុំ​ទឹក​ភ្លៀង​ និង​ទិន្នផល​ដំណាំ ទី៣. ការ​ដឹង​គុណ​ សំដៅ​ដល់​ការ​ដឹង​គុណ​របស់​ប្រជានុរាស្ត្រ​ចំពោះ​អាទិទេព​ ក៏​ដូចជា​មេឃ​ ដែល​បាន​បង្អុរ​ភ្លៀង និងទី ៤. គេ​ជឿ​ជាក់​ថា​ ស្ដេច​មេឃ គឺ​ជា​មនុស្ស​ដែល​មាន​ឥទ្ធិពល​លើ​ការ​គ្រប់គ្រង​ ឬ​បញ្ជា​ធរណី​ និង​មេឃ​បាន​។

សម្រាប់ឆ្នាំនេះ តាមការគ្រោងទុក ព្រះរាជពិធីនេះ​នឹងត្រូវប្រារព្ធធ្វើនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ក្នុងក្រុងដូនកែវ ខេត្តតាកែវ។

ដោយ ផល សុផានិត