សម្ដេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យពាណិជ្ជករកម្ពុជា-នេប៉ាល់ ពិនិត្យលទ្ធភាព​សម្រាប់ការវិនិយោគ ដោយចាប់ផ្ដើមពីវិស័យទេសចរណ៍

ភ្នំពេញ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែង​ការ​គាំទ្រ និងលើកទឹកចិត្តដល់ពាណិជ្ជករ និងវិនិយោគគិននៃប្រទេសទាំងពីរ (កម្ពុជា-នេ​ប៉ា​ល់​) ពិនិត្យមើលលទ្ធភាព និងឱកាសល្អៗជាច្រើនក្នុងការវិនិយោគ និងធ្វើពាណិជ្ជកម្មតូច ធំ ជា​ពិ​សេសគឺអាចចាប់ផ្តើមលើវិស័យទេសចរណ៍ដែលប្រទេសទាំងពីរ–មានរមណីយដ្ឋានវប្បធម៌​ប្រ​វត្តិសាស្រ្តល្បីៗជាច្រើននោះ។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ២០១៩ សម្ដេច​​តេ​ជោនាយករដ្ឋមន្ត្រីបានសរសេរថា “កាលល្ងាចម្សិលមិញ ខ្ញុំនិងភរិយាបានទទួល​ទាន​អាហារ​ពេ​លល្ងាចជាមួយ ឯកឧត្តម ខេភី សាម៉ាអូលី នាយករដ្ឋមន្ត្រីនេប៉ាល់ និង​លោកជំទាវ ហើ​យ​ក៏​បាន​ពិភាក្សាគ្នាបន្ថែម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហការ​រវាង​ប្រទេសទាំងពីរ​ឱ្យ​កា​ន់​​តែល្អរឹងមាំ និងស៊ីជម្រៅ ជាពិសេសលើវិស័យធុរកិច្ច និងវិនិយោគ ព្រោះកន្លងមកនេះ ទំ​ហំ​វិនិ​យោគនៃប្រទេសទាំង២នៅមានកម្រិតនៅឡើយ”។ សម្ដេចតេជោ​បានគាំទ្រ និងលើកទឹកចិត្តដល់​ពាណិ​ជ្ជ​ករ និងវិនិយោគគិននៃប្រទេសទាំងពីរពិនិត្យមើល​លទ្ធភាព និងឱកាសល្អៗជាច្រើន​ក្នុង​ការ​វិនិ​យោគ និងធ្វើពាណិជ្ជកម្មតូច ធំ ជាពិសេសគឺអាច​ចាប់ផ្តើមលើវិស័យទេសចរណ៍​ដែល​ប្រទេ​ស​យើងទាំងពីរមានរមណីយដ្ឋានវប្បធម៌ប្រវត្តិ​សាស្រ្តល្បីៗជាច្រើន ដែលមានការទាក់ទាញ​ហើ​យ​នាំមកនូវការងារ និងប្រាក់ចំណូលខ្ពស់។ សម្ដេចតេជោក៏សូមជូនពរបងប្អូនជនរួមជាតិជោគជ័យ​ក្នុង​ការ​ងារ និងជួបតែសេចក្តីសុខ​ទាំងអស់គ្នា។

គួរបញ្ជាក់ដែរថា បន្ទាប់ពីបានបញ្ចប់ទស្សនកិច្ចផ្លូវការរយៈពេលបីថ្ងៃនៅព្រះរាជា​ណា​ច​ក្រ​​​កម្ពុជា ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ គណៈ​ប្រតិភូជាន់​ខ្ពស់​ប្រ​ទេ​ស​នេ​ប៉ាល់ ដឹកនាំដោយឯកឧត្ដម  ខេ ភី សាម៉ា អូលី(The Rt. Hon’ble K. P. Sharma Oli) នា​យក​​​​រដ្ឋមន្ត្រី​នៃ​សា​ធារ​ណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ និងលោកជំទាវ និងធ្វើ​ដំណើរ​​ចាក​​ចេ​ញ​ពីកម្ពុជា នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ដែលក្នុងអំឡុង​ស្នាក់​អាស្រ័យ និ​ង​បំ​ពេ​ញ​ទស្សន​កិច្ចនៅ​កម្ពុ​ជា ឯកឧត្ដម  ខេ ភី សាម៉ា អូលី នា​យករដ្ឋមន្ត្រី​នេប៉ាល់ បាន​ជួប​ស​ម្តែ​ង​​​ការ​គួរសម​ជា​មួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រ​ធាន​ព្រឹទ្ធសភា សម្តេច​អគ្គ​ម​ហា​ព​ញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជួបពិភាក្សាទ្វេភាគី ជា​មួយសម្ដេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងអញ្ជើញ​ធ្វើ​ជា​សា​ក្សី​ក្នុង​ពិធីចុះហត្ថលេខាលើឯកសារចំនួនពីរ ស្ដីពីកិច្ចសហប្រតិបត្តិ​ការលើវិស័យពាណិជ្ជកម្ម និ​ង​វិ​និយោគ រវាងកម្ពុជា និងនេប៉ាល់ និងអញ្ជើញ ថ្លែងសុន្ទរកថា​គន្លឹះ​នៅក្នុងវេទិកាធុ​រកិច្ចកម្ពុ​ជា​-នេប៉ាល់ផងដែរ។  ក្នុងអំឡុងពេល​ទ​ស្ស​​នកិច្ចនេះ នាយករដ្ឋ​មន្ត្រីនេប៉ាល់ ក៏បានអញ្ជើញ​ដាក់​ក​​ម្រ​ង​ផ្កា​គោរពវិញ្ញាណក្ខន្ធនៅស្តូប​វិ​មា​​​ន​ឯករាជ្យ និងព្រះ​បរមរូប ព្រះបរមរតនកោដ្ឋ អតីតព្រះ​ម​ហា​ក្ស​ត្រ​កម្ពុជា ហើយឯកឧ​ត្ដ​ម​ក៏​បាន​​អញ្ជើញទៅ​ទស្សនាទីកន្លែងសំខាន់ៗមួយចំនួននៅ​រា​ជ​​ធានីភ្នំ​ពេ​ញ​​។ ជាមួយនឹងដំណើរទស្សនកិច្ចរបស់​នាយក​រដ្ឋមន្ត្រីនៃសាធារណរដ្ឋសហព័ន្ធប្រជាធិប​តេ​យ្យ​​​នេ​ប៉ាល់មក​កាន់កម្ពុជានាពេលនេះ ត្រូវបានគេមើលឃើញថាគឺដើម្បីពង្រឹងឱ្យកាន់​តែរឹង​មាំ​​​ថែម​ទៀតនូវចំណង​មិត្ត​ភា​ព និង​លើក​តម្កើង​កិច្ចសហប្រតិបត្តិការលើវិស័យ សេដ្ឋកិច្ច ពា​ណិ​​ជ្ជកម្ម ទេសចរណ៍ និង​វប្ប​ធម៌ រវាង​ប្រ​ទេ​សទាំងពីរឱ្យកាន់តែប្រសើរឡើងថែមទៀត៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ