កម្ពុជា និងនេប៉ាល់ ចុះហត្ថលេខាលើឯកសារចំនួនពីរ ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ

ភ្នំពេញ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ –ឯកសារចំនួនពីរ រវាងកម្ពុជា និងនេប៉ាល់ ត្រូវបានចុះហត្ថលេខា បន្ទាប់ពីជំនួបទ្វេរភាគី​រប​ស់​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចល្រកម្ពុជា និ​ង ឯកឧត្ដម ខេ ភី សាម៉ា អូលី (The Rt. Hon’ble K. P. Sharma Oli) នាយករដ្ឋ​មន្រ្តី​នៃ​សា​ធា​រ​​ណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ នាល្ងាចថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០១៩​នៅវិមា​នសន្តិ​ភា​​​ព ក្នុងខណៈដែលឯកឧត្ដមដឹកនាំគណៈប្រតិភូជាន់ខ្ពស់​មកបំពេញទស្សនកិច្ចផ្លូវការនៅ​ព្រះ​​​​​រាជាណាចក្រកម្ពុជា។

ឯកសារទាំងនោះរួមមាន ១.កិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីពី ពាណិជ្ជកម្មនិង​ការវិ​និ​យោ​គ​ ចុះហត្ថលេខាដោយ ឯកឧត្ដម កេដា បាហាដួ អាឌីការី(Kedar Bahadur Adhikari ) រដ្ឋ​លេ​ខា​ធិ​ការ ទទួលបន្ទុកឧស្សាហកម្ម ពាណិជ្ជកម្មនិងផ្គត់ផ្គង់ នេប៉ាល់ (secretary for industry co​m​merce and supply of Nepal )និងឯកឧត្តម ប៉ាន សូរស័ក្ក រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​នៃ​ព្រះ​រា​ជាណាចក្រកម្ពុជា។ ២.អនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការ ទ្វេភាគី រវាង​ស​ភា​ពាណិជ្ជកម្ម នេប៉ាល់ និងសភាពាណិជ្ជកម្ម កម្ពុជា ចុះហត្ថលេខាដោយ ឯកឧត្ដម រ៉ាយេស កា​​ហ្ស៊ី ​ស្រេស្តា(Rajesh Kazi SHRESTA) ប្រធានសភាពាណិជ្ជកម្មណេប៉ាល់ និងឧកញ៉ា លឹ​ម​ ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។

គួរបញ្ជាក់ដែរថា ឯកឧត្ដម  ខេ ភី សាម៉ា អូលី (The Rt. Hon’ble K. P. Sharma Oli) នាយករដ្ឋមន្ត្រី​នៃ​សា​ធារ​ណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ និងលោកជំទាវ បានដឹក​នាំគ​ណៈ​ប្រតិភូជាន់ខ្ពស់ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវ​ការរយៈ​ពេ​​ល​៣ថ្ងៃ នៅព្រះរាជា​ណា​ច​ក្រ​​កម្ពុជា (ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩) ដែ​ល​ជា​ការតបតាមការ​អញ្ជើ​ញ​របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណា​ចក្រកម្ពុ​ជា​។ បើតាមកម្មវិធីដែលបានគ្រោងទុក ក្នុងអំឡុងស្នាក់អាស្រ័យ និងបំពេញ​ទស្សន​កិច្ចនៅ​កម្ពុ​ជា ឯកឧត្ដម  ខេ ភី សាម៉ា អូលី នា​យករដ្ឋមន្ត្រីនេប៉ាល់ គ្រោង​នឹងជួប​សម្តែង​ការ​គួរសម​ជា​មួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រ​ធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាផងដែរ។ ជាងនេះទៀត ឯក​ឧត្ដម  ខេ ភី សាម៉ា អូលី ត្រូវ​បា​នរំ​ពឹង​ថា នឹងថ្លែងសុន្ទរកថាគន្លឹះ​នៅក្នុងវេទិកាធុ​រកិច្ចកម្ពុ​ជា​-នេប៉ាល់ផងដែរ។

ក្នុងអំឡុងពេល​ទ​ស្ស​​នកិច្ចនេះ នាយករដ្ឋមន្ត្រីនេប៉ាល់ បានអញ្ជើញ​ដាក់​កម្រ​ង​ផ្កា​គោរពវិញ្ញាណក្ខន្ធនៅស្តូប​វិ​មា​​​ន​ឯករាជ្យ និងព្រះមណ្ឌបព្រះបរមរតនកោដ្ឋ អតីតព្រះ​មហា​ក្ស​ត្រ​កម្ពុជា ហើយឯកឧ​ត្ដ​ម​ក៏​នឹ​ង​​អញ្ជើញទៅទស្សនាទីកន្លែងសំខាន់ៗមួយចំនួននៅ​រាជធានីភ្នំ​ពេ​ញ​​ផងដែរ។ ដំណើរទស្សនកិច្ចរបស់ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហព័ន្ធប្រជាធិប​តេយ្យ​នេ​ប៉ាល់ មក​កាន់កម្ពុជានាពេលនេះ គឺដើម្បីពង្រឹងឲ្យកាន់តែរឹងមាំថែម​ទៀតនូវចំណង​មិត្ត​ភា​ព និង​លើក​តម្កើង​កិច្ចសហប្រតិបត្តិការលើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និង​វប្ប​ធម៌ រវាង​ប្រ​ទេ​សទាំងពីរឱ្យកាន់តែប្រសើរឡើងថែមទៀត៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ