សម្រង់​​ប្រសាសន៍​​​​​សម្ដេច​​​តេជោ ហ៊ុន សែន ថ្លែង​ក្នុង​ពិធីពិសាអាហារ អបអរខួបទី ១៣៣ ទិវាពលកម្មអន្តរជាតិ នៅរោងចក្រ យីដា

31

CNV:

សប្បាយទេអ្នកទាំងអស់គ្នា? កែតម្រូវអ្នកអត្ថាធិប្បាយបន្ដិចថា អត់ផ្អាកពិសាសិនទេ។ សូមក្មួយៗទទួល​ទានតាមសម្រួលចុះ។ ទទួលទានផង និងស្ដាប់ផង។ តែពូក៏មិននិយាយច្រើនដែរ ដើម្បីទុកពេលវេលាឲ្យក្មួយៗ ឡើងរាំទៀត។ តែឥឡូវសន្យាជាមួយគ្នាទេ ពូនិយាយចប់ ពូចែកស្រោមសំបុត្រឲ្យស្រ្តីមានផ្ទៃពោះ ប៉ុន្តែ ក្មួយៗទាំងអស់ឡើងរាំទៀត។ សន្យាថា រាំទាំងអស់គ្នាហើយ។ យើងធ្វើបាបអ្នកភ្លេងម្ដង។

ពូសូមអភ័យទោស ការពិតពូមកដល់(បានធ្វើឲ្យ)អាក់ខានសម្រាប់ក្មួយៗរាំ ពូបានមើលតាមទូរទស្សន៍ Fresh News បានផ្សាយបន្តផ្ទាល់តាំងពីម៉ោងជាង ៧​ ឯណោះ។ ក្មួយៗរាំស្អាតណាស់​។ ក៏ប៉ុន្តែ ពូប្រ​ហែលជាមានការ(សុំ)អធ្យាស្រ័យសម្រាប់អ្នកភ្លេង អ្នកចម្រៀងមិនសូវជាអីទេ គេអាចផ្លាស់ប្ដូរគ្នាច្រៀងបាន ក៏ប៉ុន្តែអ្នកភ្លេង គឺជួបការលំបាកបន្ដិច។ យ៉ាងណាក៏ដោយ អ្នកភ្លេង និងអ្នកចម្រៀងថ្ងៃនេះ ត្រូវតែមានការទ្រាំទ្របន្ដិចសម្រាប់ការរាំលេងកម្សាន្តរបស់ក្មួយៗនៅទីនេះ។

ឆ្នាំទី ២ នៃការចុះតាមរោងចក្រថ្ងៃ ១ ឧសភា

ថ្ងៃនេះ ពិតជាមានការរីករាយ ហើយសូមអរគុណចំពោះលោកប្រធានក្រុមហ៊ុន យីដា ដែលបានរៀបចំកម្មវិធីសំណេះសំណាល និងការជួបជុំបាយសាមគ្គី ក៏ដូចជារាំកម្សាន្តនៅក្នុងរោងចក្រ យីដា ដែលមានកម្មកររហូតទៅដល់ ៣៧០០ នាក់។ ឆ្នាំនេះ គឺជាឆ្នាំទី ២ ដែលពូបានធ្វើសកម្មភាពទៅតាមរោងចក្រនៅថ្ងៃទី ១ ខែឧសភា ដែលជាខួបលើកទី ១៣៣ នៃទិវាពលកម្មអន្តរជាតិ។ ខ្ញុំសូមអរគុណ​ចំពោះក្រុមហ៊ុន យីដា ដែលបានធ្វើកិច្ចការងារមួយនេះ ជាមួយនឹងក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាគណៈអភិបាលខេត្តកណ្ដាល។

ក្មួយៗ កម្មករចាប់ថើប អោប និងថតរូប

អរគុណសម្រាប់ក្មួយៗបានចូលរួម ហើយថ្ងៃនេះ ពិតជាសប្បាយ។ ពូមានឱកាស​នៅឆ្នាំនេះ ចូលឆ្នាំមិនបានរាំទេ ប៉ុន្តែ អម្បាញ់មិញបានរាំបន្ដិច អាចចាត់ទុកថាជាសំណាងរបស់ពូក្នុងថ្ងៃនេះ។ ប៉ុន្មានអាទិត្យមុននេះ មានអ្នកនយោបាយខ្លះ គេស្នើឲ្យកម្មករចាប់ពូ។ ថ្ងៃនេះ កម្មករពិតជាចាប់ពូមែន ចាប់ថើប ចាប់អោប និងចាប់ថតរូប។ ដូច្នេះ ស្ថានភាពនេះ ក៏បង្ហាញអំពីទំនាក់ទំនងជិតស្និទ្ធរវាងកម្មករ/ការិនីជាមួយនឹងមេដឹកប្រទេស។ ប៉ុន្តែអ្វីដែលហួសពីនេះ គឺការសាមគ្គីភាពនៅក្នុងចំណោមយើងទាំងអស់គ្នា។

អរគុណដល់រោងចក្របង្កើតកម្មវិធីកម្សាន្តសម្រាប់ទិវាពលកម្មអន្តរជាតិ

ខ្ញុំសុំយកឱកាសនេះ ក៏សូមសម្តែងជូនចំពោះរោងចក្រ ១ ២៨៧ រោងចក្រផ្សេងទៀត ដែលបានរៀបចំនូវកម្មវិធីសំណេះសំណាល និងការជួបជុំ ដើម្បីជួបជុំបាយសាមគ្គី និងរាំលេងកម្សាន្តនៅតាមរោងចក្រ។ ប្រៀបធៀបជាមួយនឹងឆ្នាំទៅ ដែលឆ្នាំនេះ មាន ១ ២៨៧ រោងចក្រ គឺកើន ៣៩៤ រោងចក្រ ដែលបានរៀប​ចំកម្មវិធីបែបនេះ។ សម្រាប់កម្មករវិញ ឆ្នាំនេះ មានទៅដល់ ៧៩ ម៉ឺន​នាក់ គឺកើន ២៦ ម៉ឺននាក់ ប្រៀបធៀបជាមួយនឹងឆ្នាំទៅ។ ខ្ញុំសូមថ្លែងពីទីនេះ អបអរសាទរជាមួយនឹងម្ចាស់រោងចក្រ កម្មករ/ការិនី ដែលបានចូលរួមនៅក្នុងពិធីកម្សាន្តនៃទិវាពលកម្មអន្តរជាតិ។ សិទ្ធិជ្រើសរើសមាន អ្នកខ្លះជ្រើសរើសមកចូលរួមបាយសាមគ្គីនៅតាមរោងចក្រ អ្នកខ្លះជ្រើសរើសនៅតាមផ្ទះ អ្នកខ្លះជ្រើសរើសទៅធ្វើការប្រមូលផ្ដុំដាក់ញត្តិទាម​ទារនេះ ទាមទារនោះ។ នោះគឺជាសិទ្ធិដែលបានអនុវត្តនៅក្នុងប្រទេសរបស់យើង។

ប្រឡងប្រុសស្អាត ស្រីស្អាត វាយនភណ្ឌ ២០១៩

ល្ងាចនេះ ក្មួយៗនៅរោងចក្រនេះ ដែលតាមពូដឹង មានបេក្ខជនប្រឡងបវរកញ្ញាវាយនភណ្ឌចំនួន ៣ រូប។ ជូនពរឲ្យក្មួយៗទទួលបានជោគជ័យក្នុងការប្រឡងនាល្ងាចនេះ។ ចាប់ពីម៉ោង ៤ កន្លះទៅ នឹងមានការផ្សាយបន្ដផ្ទាល់តាមស្ថានីយទូរទស្សន៍បាយ័ន ហើយដែលផ្សាយចេញពីស្ទឹងមានជ័យ។ ពេលនោះ យើងនឹងឃើញថា កម្មករ/ការិនីរបស់យើង ដែលនឹងក្លាយខ្លួនទៅជាប្រុសស្អាត ស្រីស្អាត នឹងចេញមកសម្រាប់ឆ្នាំ ២០១៩។ សង្ឃឹមថា យើងនឹងរៀបចំពិធីនេះនៅឆ្នាំក្រោយៗទៀត។

អំណោយ

ថ្ងៃនេះ ខ្ញុំមិនចង់រំខាននូវពេលវេលាយូរនោះទេ គ្រាន់តែបញ្ជាក់ថា ពូបាននាំ(ថវិកា)សម្រាប់ក្មួយៗចូលរួមថ្ងៃនេះ ជូនក្មួយៗទាំង ៣ ៧០០ នាក់ ក្នុងម្នាក់ៗថវិកា ៥ ម៉ឺនរៀល។ ច្រើនជាងពេលដែលយើងជួបគ្នាកាលពីពេលមុន។ កន្លែងនេះ ធ្លាប់ជួបគ្នាម្ដងហើយ តែពេលមុនទទួលបានត្រឹមតែ ២ ម៉ឺនរៀលទេ។ ថ្ងៃនេះ ជាថ្ងៃបុណ្យ គឺយើងទទួលបាន ៥ ម៉ឺនរៀល។ ឯគ្រូពេទ្យប្រចាំការបានទទួលថវិកា ៥ លានរៀល និងក្រុមតន្រ្តីសម័យបានទទួលថវិកា ១០ លានរៀល។ ប៉ុន្តែ ក្រុមតន្រ្តីសម័យត្រូវលេងឲ្យអស់ ព្រោះបន្ដិចទៀត យើងយកទីធ្លាតូចមួយសម្រាប់ចែកជូន(ថវិកា)ចំពោះស្រ្តីមានផ្ទៃពោះចំនួន ១៩៥ នាក់ ពូនឹងចែកផ្ទាល់។ ប៉ុន្តែសូមក្មួយៗរាំលេងកម្សាន្តនៅទីនេះ។ មុនពូចាកចេញទៅ បើសិនជាក្មួយៗនៅបន្តរាំ ពូនឹងរាំជាមួយក្មួយៗបានមួយបទ ឬពីរបទបន្តទៀត ឲ្យតែក្មួយ​ៗស្ម័គ្រចិត្ត។

ក្រុមហ៊ុន យីដា ឧបត្ថម្ភ ២ ម៉ឺនដុល្លារដល់គន្ធបុប្ផា

សូមអរគុណចំពោះលោកប្រធានក្រុមហ៊ុន យីដា ដែលថ្ងៃនេះ ក៏បានរួមវិភាគទានថវិកាចំនួន ២ ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីផ្ដល់ជូនចំពោះមូលនិធិគន្ធបុប្ផា។ នេះជាការចូលរួមវិភាគទានមួយក្រៅពីការចូលរួមវិភាគទានថែទាំចំពោះសុខទុក្ខរបស់កម្មករ/ការិនីនៅក្នុងរោងចក្រ។ លោកប្រធានរោងចក្រក៏មិនភ្លេចចំពោះកុមារកម្ពុជាទាំងឡាយ ដែលក្នុងនោះមានទាំងកូនរបស់កម្មករ/ការិនីនៅក្នុងរោងចក្រនេះផងដែរ។ សូមបញ្ជាក់ ម្ចាស់រោងចក្របានផ្ដល់ជូនកម្មករ/ការិនីរបស់យើងនូវសារុងមួយម្នាក់ថែមទៀត។ អរគុណលោកប្រធានរោងចក្រ ដែលបានយកចិត្តទុកដាក់ចំពោះកម្មករ/ការិនីរបស់យើង។

ជាទីចុងបញ្ចប់ សូមប្រសិទ្ធពរជូនចំពោះក្មួយៗ កម្មករ/ការិនី និងអ្នកចូលរួមទាំងអស់ នៅក្នុងឱកាសចូលឆ្នាំថ្មី ទើបនឹងកន្លងផុតទៅនេះ សូមឲ្យទាំងអស់គ្នាជួបនឹងសេចក្ដីសុខ សេចក្ដីចម្រើន ជាមួយនឹងពុទ្ធពរ និងពរទាំង ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ៕