សម្រង់​​ប្រសាសន៍​​​​​សម្ដេច​​​តេជោ ហ៊ុន សែន ថ្លែង​ក្នុង​ ពិធីបើកវេទិកាធុរកិច្ចកម្ពុជា-នេប៉ាល់

70

CNV:

  • ឯកឧត្តម ខេ ភី សាម៉ា អូលីK P sharma Oli )
  • នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យ នេប៉ាល់
  • ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសជាទីមេត្រី!

ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយ ដែលបានចូលរួមក្នុងវេទិការធុរកិច្ចកម្ពុជា-នេប៉ាល់ ក្នុងឱកាសដ៏សែនមនោរម្យនេះ។ ខ្ញុំសូមសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ចំពោះវត្តមានរបស់ឯកឧត្តម ខេភី សាម៉ា អូលី (K P Sharma Oli) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម និងគណៈប្រតិភូ ធុរជន និងអ្នកវិនិយោគនេប៉ាល់ ដែលបានអមដំ​ណើរមកធ្វើការសិក្សាស្វែងយល់ដោយផ្ទាល់ពីការរីកចម្រើនរបស់កម្ពុជា។ វេទិកាថ្ងៃនេះផ្ដល់ឱកាសឲ្យខ្ញុំចែក​រំលែកព័ត៌មានអំពីការវិវឌ្ឍសំខាន់ៗនៅកម្ពុជា ពាក់ព័ន្ធទៅនឹងកាលានុវត្តភាព និងសក្ដានុពលធុរកិច្ច និងវិនិយោគ ក៏ដូចជាការដាក់ចេញនូវវិធានការថ្មីៗរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ន សំដៅធ្វើឲ្យ​កាន់តែប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា។

ឯកឧត្តមនាយករដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវ លោក លោកស្រី កម្ពុជា-នេប៉ាល់ បានចាប់ផ្ដើមមានទំនាក់ទំនងជាមួយគ្នាតាំងពីឆ្នាំ ១៩៦៤ មកម្ល៉េះ ប៉ុន្តែទំនាក់ទំនងនេះត្រូវបានផ្អាកមួយរយៈ ដោយសារបញ្ហាសង្គ្រាមស៊ីវិលនៅកម្ពុជា ទំនាក់ទំនងការទូតរវាងប្រទេសយើងទាំងពីរត្រូវបានតភ្ជាប់ឡើងវិញ នៅថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ១៩៩៩។ ហើយទំនាក់ទំនងនេះមានលក្ខណៈជាមិត្តភាព កាន់តែស្និទ្ធស្នាល តាមរយៈការផ្លាស់ប្ដូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃប្រទេសយើងទាំងពីរ  គួររំលឹកផងដែរថា កាលពីខែ វិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅខ្ញុំបានដឹកនាំគណៈប្រតិភូ បំពេញទស្សនកិច្ចផ្លូវការនៅនេប៉ាល់ជាលើកទីមួយ ដែលដំណើរទស្សនកិច្ចនេះមានសារៈសំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ឲ្យកាន់តែប្រ​សើរឡើង ជាពិសេស ក្នុងចក្ខុវិស័យការទូត ពាណិជ្ជកម្ម ទេសចរណ៍ តាមរយៈការចុះហត្ថលេខាលើឯកសារចំនួនបួន រួមមាន៖

១. កិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស

២. កិច្ចព្រមព្រៀងស្ដីពីការលើកលែងទិដ្ឋាការលើលិខិតឆ្លងដែនការទូត

៣. អនុស្សារណៈនៃការយោគយល់គ្នាស្ដីពីការពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ

៤. អនុស្សារណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការវិស័យវប្បធម៌រវាងប្រទេសទាំងពីរ

បន្ថែមលើក្របខណ្ឌនៃសហប្រតិបត្តិការនេះ ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម ខេភី សាម៉ា អូលី (K P Sharma Oli) មកកម្ពុជានៅពេលនេះ បានបន្តពង្រឹងទំនាក់ទំនងប្រទេសយើងទាំងពីរ ឲ្យកាន់តែស៊ីជម្រៅថែមទៀត។ ជាក់ស្ដែង កាលពីម្សិលមិញនេះ ក្នុងអំឡុងពេលនៃជំនួបទ្វេភាគី ខ្ញុំនិងឯកឧត្តម ខេភី សាម៉ា អូលី( K P Sharma Oli )បានចូលរួមជាអធិបតី ក្នុងការចូលរួមចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន ដែលក្នុងនោះរួមមាន៖

១. កិច្ចព្រមព្រៀងក្របខណ្ឌស្ដីពីសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ រវាងក្រសួងពាណិជ្ជកម្មនៃប្រទេសទាំងពីរ។

២. អនុស្សារណៈយោគយល់គ្នាស្ដីពីកិច្ចការសហប្រតិបត្តិការទ្វេភាគីរវាងសភាពាណិជ្ជកម្មនៃប្រទេសយើងទាំងពីរ។

ឯកឧត្តមនាយករដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ លោក លោកស្រី!

ក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យមក្នុងរង្វង់ ៧,៧% ហើយបានចាកចេញពីប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ ២០១៥ ជាងនេះទៅទៀតក្នុងឆ្នាំ ២០១៨ សេដ្ឋកិច្ចកម្ពុជាមានកំណើនលើសពី​ការ​រំពឹង​ទុក ពោលគឺកើនឡើងក្នុងអត្រា​ ៧.៥% ធៀបនឹងការគ្រោងទុក ៧.១% ពីដើម​ឆ្នាំ​ ដែល​ជាមូលដ្ឋាននៃការបន្ដភាពរឹងមាំ​នៅក្នុងឆ្នាំ ២០១៩ នេះ។​ សូចនាករនេះបានបង្ហាញថា ​កម្ពុជា​កំពុងស្ថិតនៅលើគន្លងនៃការសម្រេចបាន​ឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់​ត្រឹមឆ្នាំ ២០៥០ តាមការកំណត់ក្នុងរបៀបវារៈការកំណត់គោលនយោបាយជាតិ។​

ក្នុង​ក្របខណ្ឌ​នៃ​ការវិនិយោគកម្ពុជានៅតែជាប្រទេស​គោលដៅ ​ដែលមានសក្ដានុពលសម្រាប់អ្នក​វិនិយោគ​ទាំង​ក្នុង​ស្រុក ​និងបរទេស។ ជាក់ស្ដែង ផ្អែកតាមការកត់ត្រារបស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាសម្រាប់​រយៈពេល​​​ ៥ ឆ្នាំ ២០១៤-២០១៨ ស្ថានភាពវិនិយោគក្នុងប្រទេសកម្ពុជាមានលក្ខណៈល្អប្រសើរ​ ដោយកម្ពុជា​បានអនុម័តគម្រោងវិនិយោគ ៩៥៩ គម្រោង​ ក្នុងទុនវិនិយោគសរុបប្រមាណ ២៣០០ លានដុល្លា​រ​អាមេរិក ដែលអាចបង្កើតការងារបាន ១ លានកន្លែង។ ដោយឡែកក្នុងរយៈពេល ៤ ខែ ដើមឆ្នាំ ២០១៩ នេះ​ គម្រោងវិនិយោគដែលបានអនុម័តមាន ១១៥ គម្រោង​ ក្នុងទុនវិនិយោគប្រមាណ​ ៤០០០ លានដុល្លារអាមេរិក បើប្រៀបធៀបក្នុងរយៈពេលដូចគ្នានៅក្នុងឆ្នាំ ២០១៨ ដែលមាន​ត្រឹមតែ​ ៨១​ គម្រោង ក្នុងទុនវិនិយោគប្រមាណ ៨៦៣ លានដុល្លារ​ប៉ុណ្ណោះ។

ចំណែកចំនួន​ភ្ញៀវ​ទេសចរដែលបានមកកាន់កម្ពុជាបន្ដ​កើនឡើងជាលំដាប់ក្នុងត្រីមាសទី ១ ឆ្នាំ ២០១៩ កម្ពុជាបាន​ស្វាគមន៍ភ្ញៀវទេសចរបរទេសប្រមាណជា ១.៨៨០.០០០ នាក់ ដែលមានការកើនឡើង ៩,៧% ប្រៀប​ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨។កម្ពុជារំពឹងថាចំនួនភ្ញៀវទេសចរនឹងកើនឡើងបន្ដទៀត​ក្នុងឆ្នាំបន្ដបន្ទាប់ដែលនេះ​ជាឱកាសល្អសម្រាប់អ្នកវិនិយោគនិង ធុរជន បណ្ដាក់ទុនក្នុងវិស័យនេះ​។

ឯកឧត្តម នាយករដ្ឋមន្ដ្រី ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី!

រាជរដ្ឋាភិបាលកម្ពុជា​បានដាក់ចេញ​នូវគោលនយោបាយអភិវឌ្ឍឧស្សាហកម្មកម្ពុជា ២០១៥-២០២៥ ដែលជា​យុទ្ធ​សាស្រ្ដកំណើនសេដ្ឋកិច្ចថ្មី សំដៅធ្វើពិពិធកម្មសេដ្ឋកិច្ច និងកែប្រែរចនាសម្ព័ន្ធឧស្សាហកម្ម​កម្ពុជា​ ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មផ្នែកជំនាញនៅ​ត្រឹមឆ្នាំ ២០២៥។

ជាក់ស្ដែង​គោលនយោបាយនេះបានកំណត់ប្រភេទឧស្សាហកម្មអាទិភាព​ចំនួន ៥ រួមមាន៖

១. ឧស្សាហកម្ម ឬកម្មន្ដសាលថ្មីៗ ដែលមានចរិតជាការបើកច្រកចូលទីផ្សារ​ផ្ដល់តំលៃបន្ថែមខ្ពស់​ មាន​ភាពច្នៃប្រឌិត​ និងភាពប្រកួតប្រជែងខ្ពស់។

២. សហគ្រាសធុនតូច និងមធ្យមក្នុងគ្រប់វិស័យ។

៣. ផលិតកម្មកសិឧស្សាហកម្ម ដែលបម្រើឲ្យការនាំចេញ និងទីផ្សារក្នុងស្រុក​​។

៤. ប្រភេទឧស្សាហកម្មគាំទ្រពាក់ព័ន្ធនឹងវិស័យកសិកម្ម​ ទេសចរណ៍ កាត់ដេរ​ ព្រមទាំងឧស្សាហកម្ម​ដែលបម្រើឲ្យខ្សែចង្វាក់ផលិតកម្ម​តំបន់ដែលជាឧស្សាហកម្មតភ្ជាប់ទៅទីផ្សារ​ ឬខ្សែចង្វាក់តំលៃ​សាកល​។

៥. ប្រភេទឧស្សាហកម្មដែលបម្រើអោយខែ្សចង្វាក់​ផលិតតំបន់ និងមានចរិតយុទ្ធសាស្ដ្រនា​ពេល​អនាគត។

រាជរដ្ឋាភិបាលចាត់ទុកវិស័យឯកជនជា​ក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច និងភាពជាដៃគូពិតប្រា​កដក្នុងការអភិវឌ្ឍប្រទេស​ ក្នុងន័យនេះ យើងបានបង្កើតយន្ដការសន្ទនាមួយ​ហៅថាវេទិការាជរដ្ឋា​ភិបាល-ផ្នែកឯកជន​ ដែលខ្ញុំដឹកនាំ និងដោយមានការចូលរួមពីរដ្ឋមន្ដ្រីគ្រប់ស្ថាប័ន អភិបាល​រាជ​ធានី/ខេត្ដ តំណាងផ្នែកឯកជនគ្រប់វិស័យ ឯកឧត្តម លោកជំទាវ អគ្គរដ្ឋទូតប្រចាំកម្ពុជា​ និងតំណាង​ស្ថាប័នអន្ដរជាតិមួយចំនួន។ យន្តការនេះផ្ដល់ឱកាសឲ្យផ្នែកឯកជនលើកឡើង​នូវ​បញ្ហា​ប្រឈម និងសំណូមពរ ជូនរាជរដ្ឋាភិបាលពិនិត្យ និងចាត់វិធានការ រាល់ការសម្រេច​នៅក្នុង​វេទិកានេះត្រូវបានចាត់ទុកថា​ជាការសម្រេចរបស់គណៈរដ្ឋមន្រ្ដី​​។ ជាក់ស្ដែងកាលពីថ្ងៃទី ២៩ ខែ​ មីនា ឆ្នាំ ២០១៩ កន្លងទៅនេះ ខ្ញុំបានដឹកនាំ​វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន​លើកទី ១៨ ដែលក្នុង​នោះខ្ញុំបានដាក់ចេញនូវ​វិធានការមុតស្រួចមួយចំនួនសំដៅ (១) បង្កើនភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចកម្ពុជា​ (២) កែលំអ និងលើកស្ទួយថែមទៀតនៅបរិយាកាសវិនិយោគ និងធុរកិច្ច (៣) ធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ និងការបង្កើតការងារប្រកបដោយគុណភាព​កាន់តែច្រើនថែមទៀត​សម្រាប់ប្រជាជនកម្ពុជា​។

ឯកឧត្តមនាយករដ្ឋមន្ដ្រី ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី​!

តាំងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមស្វាគមន៍រាល់ការ​សម្រេចចិត្តដ៏ឈ្លាសវៃរបស់អ្នកវិនិយោគ​ទាំងអស់ជាពិសេស អ្នកវិនិយោគនេប៉ាល់ ដែលមានបំណងជ្រើសរើសកម្ពុជា ជាគោលដៅ​វិនិយោគ​ដ៏​មានសក្ដានុពល​ខ្ពស់ក្នុងការចាប់ផ្ដើម ឬពង្រីកអាជីវកម្មខ្លួន។ ទន្ទឹមនឹងនេះ ខ្ញុំក៏សូមលើក​ទឹកចិត្តអ្នកវិនិយោគកម្ពុជាដែលមានបំណងពង្រីកអាជីវកម្មរបស់ខ្លួន​​នៅក្រៅប្រទេស​ ពិចារណាប្រទេសនេប៉ាល់ជាប្រទេសគោលដៅរបស់ខ្លួនផងដែរ​។

ឆ្លៀតក្នុងឱកាស​នេះ ខ្ញុំសូមជម្រាបជូនអ្នកវិនិយោគ និងធុរជនទាំងអស់ អំពីវិនិយោគ និងសក្ដានុពលវិនិយោគ​ និងឧត្តមភាពរបស់កម្ពុជាលើ ៤ ចំណុច៖

១. ភាពអំណោយផលនៃស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច​

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ]

ចំណុចនេះ អម្បាញ់មិញ ខ្ញុំបានស្ដាប់ដោយយកចិត្តទុកដាក់របស់ឯកឧត្តមនាយករដ្ឋមន្ដ្រី អំពីបញ្ហា​​​ទាក់​ទិនជាមួយស្ថិរភាពនយោបាយ។ យើងខ្ញុំមានបទពិសោធន៍(ថា) ​បើគ្មានស្ថិរភាពនយោបាយ ​​និងសន្ដិភាព កុំនិយាយទៅដល់បញ្ហាការទាក់ទាញវិនិយោគ និងការអភិវឌ្ឍ​ គឺត្រូវនិយាយពីការរត់ចេញ និងការបំ​ផ្លិច​បំ​ផ្លាញ។ យើងខ្ញុំអបអរសាទរជាមួយវឌ្ឍនភាពនៃការបញ្ចប់ជម្លោះនយោបាយ​ ហើយបង្កើតឡើងនូវរដ្ឋាភិបាលស្ថិរភាពមួយ ដែលនោះជាចំណុចពិសេសនៃកំណើនសេដ្ឋកិច្ចសម្រាប់ប្រទេស និងជំហានឈានទៅរកការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ បទពិសោធន៍យើងខ្ញុំ គឺប៉ុណ្ណឹងឯង។ បញ្ចប់សង្គ្រាម ស្ថិរភាពនយោបាយ ហើយនោះជាមូលដ្ឋាន ដើម្បីធានាថាការអភិវឌ្ឍមួយនឹងកើនឡើង ហើយខ្ញុំសង្ឃឹមថានេប៉ាល់នឹងមានជំហានដូចកម្ពុជាក្នុងអតីតកាលក្នុងរយៈពេល​ ២០ ឆ្នាំចុងក្រោយរបស់ខ្លួន។ ខ្ញុំសង្ឃឹមថាទៅទស្សន​កិច្ចនៅនេប៉ាល់សាជាថ្មីម្ដងទៀត និងទៅលុម្ពិនី ដើម្បីនាំពលរដ្ឋខ្មែរទៅកាន់ទីនោះ។

[បញ្ចប់សេចក្ដីអធិប្បាយ]

២. ការបើកចំហសេដ្ឋកិច្ចសម្រាប់អ្នកវិនិយោគទាំងអស់ ដោយគ្មានការរើសអើងរវាង អ្នកវិនិយោគ​កម្ពុជា និង​អ្នក​វិនិយោគបរទេស។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ]

នេះក៏ជាចំណុចដែលខ្ញុំសូមគូសបញ្ជាក់ជូនធុរជនដែលអញ្ជើញមកពីនេប៉ាល់។ កម្ពុជាគ្មានការរើសអើងសម្រាប់ការវិនិយោគពីក្រៅប្រទេសទេ។ ប្រទេសមួយចំនួនតម្រូវអោយមានភាគហ៊ុនពីដៃគូក្នុងស្រុក ប៉ុន្ដែកម្ពុជាអនុញ្ញាតឲ្យបរទេសវិនិយោគ ១០០ដោយមិនចាំបាច់មានការចាប់ដៃគូក្នុងស្រុកនោះទេ។ នេះជាចំណុចងាយស្រួលសម្រាប់ការវិនិយោគនៅកម្ពុជា។

[បញ្ចប់សេចក្ដីអធិប្បាយ]

៣. កម្លាំងពលកម្មដែលមានភាពសំបូរបែប និងវ័យក្មេង​ ដែលក្នុងនោះប្រជាជនដែលមានអាយុ​ ៣៥ ឆ្នាំ ចុះមាន​ចំនួន ៧២% នៃប្រជាជនសរុប និងប្រាក់ឈ្នួលដែលមានភាពប្រកួតប្រជែង។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ]

ចំណុចនេះស្របទៅនឹងអ្វីដែលឯកឧត្តម បានលើកឡើង(ពី) ចំនួនប្រជាសាស្ដ្រយើងគឺមានស្ថានភាពដូចគ្នា​ ដែលមានភាពងាយស្រួល​ នៅក្នុងការទាក់ទាញអ្នកវិនិយោគ។

[បញ្ចប់សេចក្ដីអធិប្បាយ]

៤. កម្ពុជាស្ថិតនៅក្នុងទីតាំងយុទ្ធសាស្ដ្រនៃតំបន់អាស៊ាន ​ដែល​តំបន់នេះបាន និងកំពុងក្លាយទៅ​ជារោងចក្រនៃអាស៊ី​។ ទំនិញ ផលិតផល កម្ពុជាអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ទីផ្សារអនុតំបន់មេគង្គ​ ទីផ្សារអាស៊ាន និងទីផ្សារសំខាន់ដទៃៗក្នុងពិភពលោក។

មុននឹងបញ្ចប់ ខ្ញុំសូមលើកទឹកចិត្តអ្នកវិនិយោគនេប៉ាល់ ដែលមិនទាន់បានមកកម្ពុជា ​អញ្ជើញមក​សិក្សាស្វែងយល់ពីសក្ដានុពល និងកាលានុវត្ដភាពវិនិយោគ ព្រមទាំងសម្រេច​ចិត្ត​វិនិយោគនៅកម្ពុជា។

ក្នុងនាមរាជរដ្ឋាភិបាល​ ខ្ញុំសូមធានាជូនអ្នកវិនិយោគគ្រប់រូបនៅបរិស្ថានគ្រប់បែបយ៉ាង​ ដែល​អនុគ្រោះ និងជម្រុញដល់ការវិនិយោគ ពិសេស​គឺសន្ដិភាព សន្ដិសុខ និងស្ថិរភាពនយោបាយ​ ក៏ដូចជាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក្របខណ្ឌច្បាប់ ដែលប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពអាចប៉ាន់ប្រមាណបាន​។

នៅទីបញ្ចប់ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រីទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ និងទទួលជោគជ័យគ្រប់ភារកិច្ចរៀងៗខ្លួន៕