ព្រះករុណា ព្រះមហាក្សត្រ ស្ដេចយាងនិវត្តន៍មកដល់មាតុប្រទេសវិញប្រកបដោយព្រះរាជសុវត្ថិភាព

20

ភ្នំពេញ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ — បន្ទាប់ពីបានយាងចូលរួមក្នុងវេទិកាអរិយធម៌អាស៊ីលើកទី១ ដែលប្រព្រឹត្តទៅនៅទីក្រុង​ប៉េ​​កាំ​ង ​សាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ព្រះករុណា ព្រះ​​បាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះ​រាជា​ណា​ចក្រកម្ពុជា ជា​ទី​សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យ ស្ដេចយាងមកដល់មាតុប្រទេ​ស​វិ​ញ​​ប្រកបដោយព្រះរាជសុវត្ថិភាពតាមព្រះទីនាំងយន្តហោះពិសេស។

 

យាង និងអញ្ជើញទទួលព្រះរាជដំណើរយាងនិវត្តន៍របស់ព្រះករុណាព្រះមហាក្សត្រ នៅ​​ឯព្រលានយន្ត​ហោះ​​​​​អន្តរជាតិភ្នំពេញ មានវត្តមាន សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រ​ធា​នព្រឹទ្ធសភា សម្ដេ​ច​អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គ​មហា​សេ​នា​បតី​តេជោ ហ៊ុន សែ​ន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រីក្រសួងមហាផ្ទៃ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រីក្រសួង​ការ​ពា​រ​ជាតិ ព្រមទាំងឥស្សរជនជាន់ខ្ពស់ និងនាម៉ឺនសព្វមុខមន្ត្រី រាជវង្សានុវង្ស ជាច្រើនរូបទៀត។ ដោយឡែកឯកអគ្គរដ្ឋទូត និងមន្ត្រីស្ថានទូត​ចិនប្រចាំកម្ពុ​ជា​ ក៏មានវត្តមាន​ក្នុ​ង​ឱកាសនោះផងដែរ។

គួរបញ្ជាក់ដែរថា ​​វេទិកា​អរិយធម៌​អាស៊ី​លើក​ទី​១ មានមេដឹកនាំ​មកពី​បណ្ដា​ប្រទេស​៤៧ បានអញ្ជើញ​ចូលរួម​វេទិកា​អរិយធម៌​អាស៊ី​លើក​ទី​១។ វេទិកាអរិយធម៌អាស៊ី ត្រូវបានរៀបចំផ្តួច​ផ្តើ​​ម​បង្កើតឡើងដោយឯកឧត្ដម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នៅ​​ឆ្នាំ២០១៥។ ក្នុងវេទិកាអរិយធម៌អាស៊ីជាលើកដំបូងនេះ បានពិភាក្សាដោយផ្តោតជា​សំខាន់​លើ​ប្រ​ធានបទនៃការផ្លាស់ប្តូរអរិយធម៌អាស៊ី ការយល់ដឹងពីគ្នាទៅវិញទៅមក និងសហគមន៍​រួម​វា​ស​នា។ វេទិកានេះមានគោលបំណងសំខាន់ គឺឆ្ពោះទៅមុខដើម្បីទទួលបានសមិទ្ធផលដ៏​អ​ស្ចា​រ្យ​​នៃអរិយធម៌នៅអាស៊ីនិងពិភពលោក សម្រាប់ការរៀនសូត្រពី​គ្នាទៅវិញ​ទៅ​ម​ក និងការ​អភិ​វឌ្ឍ​​ទៅវិញទៅមក បង្កើនទំនុកចិត្តលើវប្បធម៌អាស៊ី លើកកម្ពស់កិច្ចសហប្រតិបត្តិ​ការនៅ ក្នុងតំ​ប​ន់​អាស៊ីនិ​ងការជឿទុកចិត្តគ្នាទៅវិញទៅមក រួមកម្លាំងគ្នាដោយមានការយោគយល់គ្នា ក្នុង​ការ​អភិវឌ្ឍតំបន់អាស៊ី ជំរុញឱ្យមានភាពរឹងមាំនៃការបង្កើតថ្មីនៅអាស៊ី ផ្ដល់ការគាំទ្រខាងស្មារ​តី​ដល់​សហគមន៍រួមវាសនានៅអាស៊ី និងសហគមន៍រួមវាសនា របស់មនុស្សជាតិ។

ដោយឡែក​នៅ​ក្នុងព្រះរាជសុន្ទរកថាបើកវេទិការបស់ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ​កម្ពុ​ជា​ ព្រះអង្គ បានបង្ហាញទឹកព្រះទ័យជឿជាក់ថា ការជួបជុំគ្នារវាងអ្នកជំនាញការ និង​ឯក​ទេ​ស​ខាង​វិស័យវប្បធម៌ សាសនា និងអរិយធម៌ ព្រមជាមួយការបង្ហាញអត្តសញ្ញាណជាតិ វប្បធម៌​តា​ម​រយៈការហែក្បួន ការសម្តែងសិល្បៈ តាំងពិព័រណ៍ ការបង្ហាញម្ហូបអាហារ របស់ជាតិនី​មួ​យ​ៗ​ និងតាមរយៈសកម្មភាពផ្សេងៗ ទៀតនៅក្នុងឱកាសដ៏ពិសេសនេះ នឹងនាំមកនូវពន្លឺថ្មី បទ​ពិ​សោធ​ន៍ថ្មីៗសម្រាប់អ្នកសិក្សា នាសម័យបច្ចុប្បន្ន ប្រជាជនទូទៅយល់ដឹងកាន់តែជ្រាលជ្រៅ ល្អិត​ល្អន់ថែមទៀតពីប្រវត្តិ នៃទំនាក់ទំនងដ៏ល្អរវាងប្រទេសនានានៅក្នុងទ្វីបអាស៊ី និងទំនាក់​ទំន​ងអន្តរទ្វីប អតីត ជាពិសេសទំនាក់ទំនងក្នុងវិស័យវប្បធម៌ សាសនា និងពាណិជ្ជកម្ម ដែ​ល​ជា​​កាតាលីករជំរុញឱ្យប្រទេសទាំងឡាយនៅអាស៊ីមានការអភិវឌ្ឍរីកចម្រើន លូតលាស់​យ៉ា​ង​ខ្លាំងក្លាក្នុងរយៈពេលកន្លងទៅ។

ព្រះអង្គក៏បានវាយតម្លៃខ្ពស់ ប្រកបដោយការជឿជាក់ថា ល​ទ្ធ​ផលដែលទទួល បានពីវេទិកាអរិយធម៌អាស៊ីលើកទី១នេះ នឹងរួមវិភាគទានយ៉ាងធំធេង​ប្រក​ប​ដោយប្រសិទ្ធភាព និងការជំរុញឱ្យមានទំនាក់ទំនងល្អរវាងប្រជាជាតិនៅអាស៊ីនា​សម័យ​បច្ចុ​ប្ប​ន្ន ពូនជ្រុំ ការយោគយល់គ្នា ក្នុងតំបន់កាន់តែជ្រាលជ្រៅ និងលើកស្ទួយកិច្ចសហប្រតិបត្តិ​ការ​ក្នុងសន្តិភាព ភាតរភាព និងស្រឡាញ់គ្នាកាន់តែប្រសើរឡើង។ នៅក្នុងព្រះរាជសន្ទរកថា របស់ព្រះករុណា ព្រះមហាក្សត្របានបន្តថា ឈរលើការផ្តួចផ្តើមដ៏សំខាន់ខាងលើនេះ វេទិកា​ខ្សែ​​ក្រវាត់មួយ និងផ្លូវមួយ ត្រូវបានចាប់ផ្តើមឡើងដោយមានគណៈប្រតិភូ​ច្រើនប្រទេ​ស​បា​ន​ចូលរួម ពិតជាសក្ខីកម្មបង្ហាញឱ្យឃើញនូវសាមគ្គីភាពជាភាតរភាព នៃវាសនារួមគ្នា ដែល​ប្រ​ទេ​សនីមួយៗទទួលបានផលប្រយោជន៍ជាច្រើនតាមរយៈកិច្ចសហប្រតិបត្តិការខ្សែក្រវាត់មួយ និងផ្លូវមួយនេះ។

ក្នុងពេលគង់ប្រថាប់នៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីយាងចូលរួមវេទិកាអរិយ​ធ​ម៌​​​​អាស៊ីលើកទី១ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្ស​ត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា ព្រះអង្គក៏បានយាងជួបសវនាការទ្វេភាគីជាមួយ ឯកឧត្ដម ស៊ី ជីន​ពី​ង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ដែលក្នុងជំនួបសវនាការនោះ ព្រះអង្គ​ បា​ន​មា​នព្រះរាជបន្ទូលពិភាក្សាការងារជា អំពីការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហ​ប្រតិបត្តិ​ការ​នានាជាមួយប្រទេសចិន។

ព្រះមហាក្សត្របានមានព្រះរាជបន្ទូលថា ប្រជាជនកម្ពុជានឹង​ឈរយ៉ាងរឹងមាំជាមួយប្រជាជនចិននៅគ្រប់កាលៈទេសៈទាំងអស់ ហើយក៏បានបង្ហាញទឹក​ព្រះ​ទ័យគាំទ្រយ៉ាងពេញទំនឹងចំពោះគោលនយោបាយ «ផ្លូវមួយខ្សែក្រវាត់មួយ»។

ឯកឧត្ដម​ប្រ​ធា​នាធិបតីចិនបានទូលថ្វាយព្រះអង្គថា ប្រទេសចិន នឹងនៅតែបន្តគាំទ្រ យ៉ាង​ពេញទំហឹង​ដល់​ការអភិវឌ្ឍប្រទេសកម្ពុជា ស្របតាមគោលនយោបាយជាតិរបស់ខ្លួន និងបន្តកិច្ចសហ​ប្រ​តិ​ប​ត្តិការជាមួយប្រទសកម្ពុជា ដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្រ ដ៏ទូលំទូលាយរវាង​ប្រ​ទេ​ស​ចិ​ន និងប្រទេសកម្ពុជាឱ្យបានរីកចម្រើនឈានដល់កម្រិតថ្មីមួយ។

គួររម្លឹកដែរថា ព្រះករុណា ព្រះ​​បាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហា​ក្ស​ត្រនៃព្រះ​រាជា​ណា​ចក្រកម្ពុជា ព្រះអង្គបានសព្វព្រះរាជហឫទ័យស្ដេច យាងចាក​ចេញ​ពី​ប្រ​ទេ​​សកម្ពុជាទៅចូលរួមវេទិកាអរិយធម៌អាស៊ីលើកទី១ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជា​មា​​និត​ចិន កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ ដែលជាការតបតាមការ​អញ្ជើញរបស់ ឯក​ឧត្ដ​ម​ប្រ​ធា​នាធិបតីចិន៕

ដោយ ជឹម ណារី