សម្រង់​​ប្រសាសន៍​​​​​សម្ដេច​​​តេជោ ហ៊ុន សែន ថ្លែង​ក្នុង​ពិធីចែកសញ្ញាបត្រនិស្សិត នៃសាកលវិទ្យាល័យ ជាតិគ្រប់គ្រង (NUM)

64

CNV:

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះសង្ឃគ្រប់ព្រះអង្គ ជាទីសក្ការៈ!
ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា!
ដោយសារតែការចូលឆ្នាំមិនទាន់ផុតរលត់ ហើយទើបនឹងឆ្លងផុតប៉ុន្មានថ្ងៃ ក៏មិនទាន់យឺតពេល ដើម្បីឱ្យខ្ញុំព្រះករុណាខ្ញុំ ប្រគេនពរ ចំពោះព្រះសង្ឃគ្រប់ព្រះអង្គ ជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា សូមទទួលបាននូវសេចក្ដីសុខ/ចម្រើន ជាមួយនឹងពុទ្ធពរ និងពរប្រាំប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។

ការតភ្ជាប់ផ្លូវគោក និងផ្លូវដែក រវាងកម្ពុជា-ថៃ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ

ថ្ងៃនេះ ពិតជាមានការរីករាយ បន្ទាប់ពីដើមសប្ដាហ៍ ហើយក៏ជាការចាប់ផ្ដើមឆ្នាំថ្មី ដែលម្សិលមិញនេះ ខ្ញុំព្រះករុណាខ្ញុំ ប្រហែលជាបងប្អូននិស្សិតរបស់យើង ក៏ដូចជាសាស្ត្រាចារ្យបានដឹងហើយថា ម្សិលមិញនេះ មានព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់មួយ ពីការតភ្ជាប់ផ្លូវគោកផង និងផ្លូវដែកផង​ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។ នោះគឺយើងត្រូវធ្វើស្ពាន និងផ្លូវផ្សេង ដើម្បីមួយផ្នែកដោះស្រាយបញ្ហាទំនិញ មួយផ្នែកដោះស្រាយបញ្ហាទេសចរណ៍។ តែផ្លូវដែកដែលបានកាត់ផ្ដាច់ជាង ៤០ ឆ្នាំ មកហើយនោះ ក៏ត្រូវបានតភ្ជាប់ឡើងវិញដោយនាយករដ្ឋមន្ត្រីទាំងពីរ កម្ពុជា-ថៃ (និងបាន)ធ្វើដំណើររួមគ្នាទៅលើរថភ្លើងនោះ អនុ​ញ្ញាតឱ្យយើងអាចធ្វើដំណើរពីទីក្រុងភ្នំពេញឆ្ពោះទៅកាន់ព្រំដែនថៃ និងចូលទៅកាន់ប្រទេសថៃផងដែរ នៅពេលដែលយើងចុះកិច្ចព្រមព្រៀងកាលពីម្សិល។

សាកលវិទ្យាល័យជាតិគ្រប់គ្រង ជាគ្រឹះស្ថាននាំមុខមួយ​

ថ្ងៃនេះ សម្រាប់ឆ្នាំថ្មី គឺសាកលវិទ្យាល័យជាតិគ្រប់គ្រង ទទួលបានការស្វាគមន៍មុនគេ បន្ទាប់ពីឆ្នាំចាស់បានកន្លងផុត ជាមួយនឹងនិស្សិត ២ ២៧៨ នាក់ ដែលចូលរួមទទួលសញ្ញាបត្រនៅថ្ងៃនេះ។ អនុញ្ញាតឱ្យ ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ថ្លែងនូវការកោតសរសើរ ចំពោះក្រសួងអប់រំ យុវជន និងកីឡា និយាយជារួម និងនិយាយដោយឡែក គឺសាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលបានខិតខំប្រឹងប្រែងក្នុងការ​បណ្ដុះបណ្ដាលធនធានមនុស្ស។ ដូចឆ្នាំទៅ ខ្ញុំព្រះករុណាខ្ញុំ ក៏បានរំលឹកថា សាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលមុននេះហៅថាវិទ្យាស្ថានជាតិគ្រប់គ្រង ចំណុះឱ្យសាកលវិទ្យាល័យភ្នំពេញ នៅតែជាសាកលវិទ្យាល័យឈានមុខមួយ ក្នុងចំណោមសាកលវិទ្យាល័យរបស់រដ្ឋ ដែលទទួលបានការពេញនិយម និងគុណភាពនៃការបណ្ដុះបណ្ដាល ដែលនេះក៏បង្ហាញឱ្យឃើញអំពីវឌ្ឍនភាព នៃការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាសាកលវិទ្យាធិការ សាកលវិទ្យាធិការរង និងសាស្ត្រាចារ្យទាំងអស់ ដែលបានធ្វើការនៅទីនេះ។

អតីតនិស្សិតសេសសល់ពីជំនាន់ ប៉ុល ពត បានវិលមកធ្វើការផង រៀនផង

ចំនួននិស្សិតដែលបានទទួលការបណ្ដុះបណ្ដាលនៅទីនេះ ដូចដែល ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានលើកអំពីចំនួននិស្សិត ដែលបានបណ្ដុះបណ្ដាលនៅទីនេះ គឺតាំងពីទសវត្សរ៍ ៨០ រហូតមកដល់ពេលនេះ មានរហូតទៅដល់ ៤៩ ៩១៥ នាក់ ជិតនឹង ៥ ម៉ឺននាក់។ ខ្ញុំព្រះករុណាខ្ញុំ នៅចាំបានថា ក្នុងចំនួននៃនិស្សិតដែលបានសិក្សានៅទីនេះ ក៏មានអតីតរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូ ឃុន មួយដែរកាលពីពេលនោះ តាមដែលប្រវត្តិរបស់គាត់នោះ គាត់ជានិស្សិតឆ្នាំទី ២ នៃជំនាន់សាធារណរដ្ឋខ្មែររបស់ លន់ នល់ ប៉ុន្តែ ត្រូវបាន ប៉ុល ពត បំផ្លិចបំផ្លាញគ្មានការរៀនសូត្រ។ គាត់ចូលធ្វើការនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកខាងផ្នែកធារាសាស្ត្រ។ ក៏ប៉ុន្តែ នៅពេលដែលវិទ្យាស្ថានជាតិគ្រប់គ្រងរបស់យើងនេះ គឺចាប់បានបើកឱ្យមានការរៀន គឺអតីតនិស្សិត សូ ឃុន ក៏បានទៅបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យនេះ។ អញ្ចឹងទេ ពិតមែនតែគាត់មរណភាពទៅហើយ ក៏ប៉ុន្តែ អ្វីដែលយើងគួរចងចាំនោះ ជាមួយអតីតនិស្សិតដែលសេសសល់ពីការស្លាប់ជំនាន់ ប៉ុល ពត បានវិលត្រឡប់មកចូលធ្វើការផង ហើយមករៀនផង សូម្បីតែនៅលើនេះ ក៏អាចមានអតីតនិស្សិតមួយចំនួន ដែលបានបោះ​បង់ចោលការសិក្សាក្នុងសម័យសង្គ្រាម ហើយក៏បានមកបញ្ចប់ការសិក្សាវិញ ដូចឯកឧត្តម ថោង ខុន អញ្ចឹង​​គាត់ជាអតីតនិស្សិតពេទ្យ ប៉ុន្តែ គាត់ក៏ត្រូវតែមកបន្តការសិក្សា ដើម្បីយកឱ្យគ្រប់គ្រាន់ទៅថ្នាក់វេជ្ជបណ្ឌិតដូចគ្នា។

កម្ពុជាហ៊ានយកគ្រឹះស្ថានឧត្តមសិក្សារបស់រដ្ឋឱ្យនិស្សិតរៀនបង់ថ្លៃ

ដំណាក់កាលថ្មីរបស់យើង គឺយើងបានខិតខំធ្វើកិច្ចការងារនេះ ខ្ញុំព្រះករុណាខ្ញុំ នៅតែមានមោទនភាព អំពីក្របខណ្ឌគោលនយោបាយ ដែលយើងបានដាក់ចេញក្នុងរយៈពេលកន្លងទៅ ដែលក្នុងនោះ គឺការអនុ​ញ្ញាតឱ្យវិស័យឯកជនចូលរួមបណ្ដុះបណ្ដាលធនធានមនុស្ស។ នៅក្នុងវិស័យឯកជននេះ គឺផ្នែកទី ១ ពាក់ព័ន្ធជាមួយនឹងឯកជនវិនិយោគ ទាំងហេដ្ឋារចនាសម្ព័ន្ធ និងបន្ទាប់ទៅទទួលការបណ្ដុះបណ្ដាលដោយការបង់ថ្លៃរបស់និស្សិត ដែលជាការចូលរួមទាំងផ្នែកវិនិយោគផង និងទាំងសម្រាប់និស្សិតចូលរៀនបង់ថ្លៃផង​។ ប៉ុន្តែ អ្វីដែលប្រទេសមួយចំនួនមិនហ៊ានធ្វើ តែកម្ពុជាហ៊ានធ្វើ គឺនៅត្រង់ថា បើកឱកាសឱ្យគ្រឹះស្ថានឧត្តមសិក្សារបស់រដ្ឋយកមួយផ្នែក ដើម្បីឱ្យនិស្សិតរៀនបង់ថ្លៃ។ ចំណុចនេះ ប្រទេសមួយចំនួនមិនហ៊ានធ្វើទេ ប៉ុន្តែ កម្ពុជាហ៊ានធ្វើបែបនេះ។ តួយ៉ាងយើងអនុញ្ញាតមុនគេបង្អស់ គឺវិទ្យាស្ថានជាតិគ្រប់គ្រងហ្នឹងតែម្ដង ដែលយើងហ៊ានអនុញ្ញាតឱ្យយកមួយភាគរៀនបង់ថ្លៃ។ អញ្ចឹងទេ បានជាឃើញវត្តមានរបស់ខ្ញុំនៅទីនោះ គឺតាំងពីឆ្នាំ ១៩៩៦-៩៧ … តាមការកត់ត្រាទុក គឺតាំងពីឆ្នាំ ១៩៩៦ ពេលនោះ វិទ្យាស្ថានជាតិគ្រប់គ្រង របស់នៅជាផ្នែកមួយ នៃសាកលវិទ្យាល័យភ្នំពេញនៅឡើយទេ គឺបានអនុញ្ញាតឱ្យរៀនបង់ថ្លៃ។ បន្ទាប់ទៅយើងបានពង្រីកជាបណ្ដើរៗ រហូតទៅដល់អនុញ្ញាតឱ្យសាកលវិទ្យាល័យភូមិន្ទភ្នំពេញរៀនបង់ថ្លៃ សម្រាប់និស្សិតរបស់យើង។

រៀនបង់ថ្លៃជួយ (១) ដោះស្រាយប្រាក់ឧបត្ថម្ភសាស្ត្រាចារ្យ (២) ដំណើរការសាកលវិទ្យាល័យ

បើយើងមិនធ្វើបែបនេះទេ សួរថា តើរដ្ឋរបស់យើងមានលទ្ធភាពគ្រប់គ្រាន់ឬទេ? យើងមានសាកលវិទ្យាល័យ យើងមានអគារ ក៏ប៉ុន្តែ លទ្ធភាពខាងអាហារូបករណ៍ដល់ណា? តាមរយៈសកម្មភាព ដែលយើងផ្ដល់​ឱកាសឱ្យគ្រឹះស្ថានឧត្តមសិក្សារបស់រដ្ឋមានមួយផ្នែក សម្រាប់ធ្វើការសិក្សាបង់ថ្លៃ មានមួយផ្នែកជួយដោះស្រាយជាមួយនឹងបញ្ហាទាក់ទិនជាមួយនឹងប្រាក់ឧបត្ថម្ភ សម្រាប់សាស្ត្រាចារ្យផង និងមួយផ្នែកទៀតសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ សម្រាប់ដំណើរការសាកលវិទ្យាល័យផង​។ អញ្ចឹង សាកលវិទ្យាល័យនានា ដែលទទួលបាននូវការធ្វើបែបនេះ មិនពឹងផ្អែកទៅលើថវិការជាតិទាំងស្រុងនោះទេ គឺបានមកពីការចូលរួមរបស់វិស័យឯកជន ដែលក្នុងហ្នឹងសំដៅទៅលើនិស្សិតដែលចូលរៀនបង់ថ្លៃនេះឯង។

និស្សិតរៀនដោយអាហារូបករណ៍មាន ១០% ឯនិស្សិតរៀនបង់ថ្លៃមានដល់ ៩០%

ចំណុចនេះ យើង​គប្បីមានមោទនភាព អំពីភាពត្រឹមត្រូវខាងនយោបាយ។ បើសិនជាភាពមិនត្រឹមត្រូវទេ បានសេចក្ដីថា និស្សិតបដិសេធមិនចូលរៀន។ ចង់ដឹងថាត្រឹមត្រូវ ឬមិនត្រឹមត្រូវ តើគួរកំណត់វានៅកន្លែងណា? កំណត់នៅត្រង់ថា បើវាមិនត្រូវទេ និស្សិតបដិសេធមិនបង់ថ្លៃ មិនចូលរៀន ចប់តែប៉ុណ្ណឹង។​ ចង់បើកចំហយ៉ាងណាក៏ដោយ តែអត់មាននិស្សិតចូលរៀន បានសេចក្ដីថា វាបរាជ័យ។ ចង់ដឹងថាលទ្ធផលវាយ៉ាងម៉េច គឺត្រូវសម្លឹងមើលថា នៅពេលដែលយើងបើកផ្ដល់ឱកាសការរៀនបង់ថ្លៃ ក្រៅពីនិស្សិតដែលទទួលអាហារូបករណ៍របស់រដ្ឋ តើមាននិស្សិតរៀនបង់ថ្លៃចូលរៀនឬទេ? ឥឡូវនេះ នៅក្នុងចំនួននិស្សិតដែលចូលរៀននៅក្នុងសាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួននិស្សិតអាហារូបាករណ៍មានត្រឹមតែ ២៨៧ នាក់ តែប៉ុណ្ណោះ ហើយនិស្សិតដែលរៀនបង់ថ្លៃ គឺ ១៩ ៩៦១ នាក់។ អញ្ចឹង បានសេចក្ដីថា និស្សិតដែលរៀនអាហារូបករណ៍មានតែជាង ១០% ទេ និងនិស្សិតដែលរៀនបង់ថ្លៃប្រមាណដល់ ៩០%។ អញ្ចឹង នេះជាការឆ្លុះបង្ហាញឱ្យឃើញ អំពីភាពជឿជាក់នៅក្នុងក្របខណ្ឌគោលនយោបាយ ដែលយើងបានដាក់ចេញ​។

សេរីភាវរូបនីយកម្មអប់រំ លក្ខខណ្ឌកំណត់ក្នុងការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក

នៅពេលដែលកម្ពុជាកំពុងតែសកម្មចរចា ទៅលើបញ្ហាការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ពេលនោះ ខ្ញុំនៅចាំបានថា មានប្រទេសមួយដែលមិនទាន់ធ្វើសេរីភាវរូបនីយកម្មលើបញ្ហាអប់រំដូចកម្ពុជាផង បានដាក់សំណួរមកកាន់កម្ពុជា។ ព្រោះអញ្ចេះ ការចូលទៅជាសមាជិកអង្គការពាណិជ្ជកម្ម ដើម្បីចូលទៅបាន គេថា សមាជិកចាស់មានសិទ្ធិ ដើម្បីសួរមកយើង ហើយឱ្យយើងឆ្លើយទៅគេ។ កម្ពុជាជាភ័ព្វសំ​ណាង នៅត្រង់ថា ការដឹកនាំចរចាដោយ ឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ដែលពេលនោះជារដ្ឋមន្រ្តីក្រ​សួងពាណិជ្ជកម្ម។ គេដាក់ ២០០ សំណួរមកយើង។ យើងឆ្លើយ។ ដល់ទៅឆ្លើយរួចហើយ គេដាក់ ១០០ សំណួរមកទៀត។ យើងឆ្លើយ ១០០ សំណួរត្រូវ គឺនៅសល់ ៥០ សំណួរទៀត។ គេដាក់ ៥០ សំណួរមកទៀត យើងបន្តឆ្លើយទាល់តែអស់។ នេះជាភ័ព្វសំណាងរបស់កម្ពុជា។ ប៉ុន្តែ ប្រទេសខ្លះគេដាក់ ២០០ សំ​ណួរមក ឆ្លើយ ២០០ សំណួរ។ គេដាក់ ៤០០ សំណួរមកទៀត បានសេចក្តីថា ១ ជា ២។ ប៉ុន្តែ កម្ពុជា គឺស្ថានភាពផ្សេង។ ខ្ញុំព្រះករុណាខ្ញុំ នៅចាំបានថា ពេលនោះ មានប្រទេសមួយនៅតំបន់អាមេរិក ដែលគេបាន​សួរមកកម្ពុជាថា តើមានការធ្វើសេរីភាវរូបនីយកម្មលើវិស័យអប់រំហើយឬនៅ? នៅក្នុងពេលវេលា ដែលយើងមានសាកលវិទ្យាល័យឯកជន មានមតេ្តយ្យសិក្សាឯកជន បឋមសិក្សាឯកជនរួចស្រេចទៅហើយ​។ អញ្ចឹងទេ ការឆ្លើយរបស់យើងវាមិនលំបាកទេ វាស្របជាមួយនឹងគោលដៅដែលអង្គការពាណិជ្ជកម្មពិភពលោកតម្រូវផងដែរ។

ការវិនិយោគវិស័យអប់រំក្នុងស្រុក និងមកពីប្រទេសក្រៅ

អញ្ចឹងទេ បានជាការវិនិយោគនៅកម្ពុជានេះ យើងមិនមែនគ្រាន់តែមានការវិនិយោគវិស័យអប់រំ នៅអ្នកវិនិយោគក្នុងស្រុក ឬសាកលវិទ្យាល័យក្នុងស្រុកប៉ុណ្ណោះទេ ក៏ប៉ុន្តែ ក៏មានអ្នកវិនិយោគលើបញ្ហាការបណ្តុះបណ្តាលធនធានមនុស្សមកពីប្រទេសក្រៅផងដែរ រាប់ទាំងសាលាសហរដ្ឋអាមេរិក ដូចជា ISPP នោះ។ នៅកោះពេជ្រហ្នឹងដូចជាមានសាលាកាណាដាមួយដែរ ព្រោះចៅខ្ញុំចែកជាពីរក្រុម។ អាមួយក្រុមរៀននៅកោះពេជ្រនេះ ហើយអាមួយក្រុមទៀតរៀននៅ ISPP របស់អាមេរិកឯណោះ។ អញ្ចឹង បានជាងាយក្នុងការទំ​នាក់ទំនងទៅក្រៅ។ និយាយអញ្ចឹង ថាចៅលោក ហ៊ុន សែន រៀនសុទ្ធតែសាលាល្អៗ? ឥឡូវ បើយើងមានលទ្ធភាព យើងមិនផ្តល់ឱកាសសម្រាប់ការរៀនបែបនោះ សូម្បីតែអ្នកទាំងអស់គ្នានៅទីនេះ ក៏មានឱកាសរៀនបង់ថ្លៃ។ ដូច្នេះ ខ្ញុំមានចៅក៏មានឱកាសរៀនបង់ថ្លៃដែរ។ ក៏ប៉ុន្តែ បញ្ហាវាស្ថិតនៅត្រង់ថា យើងខិតខំធ្វើយ៉ាងម៉េច ដើម្បីឱ្យមនុស្សទាំងអស់ មិនថាកូនយើង ចៅយើង មិនថាអ្នកណាទេ អាចទទួលបាននូវការបណ្តុះបណ្តាលមួយប្រកបដោយគុណភាព។ ហើយបញ្ហាសេវាអប់រំនេះ វាមិនមែនគ្រាន់តែធ្វើនៅលើទីក្រុងទេ យើងធ្វើហ៊ុមព័ទ្ធនៅទូទាំងប្រទេស ដែលយើងត្រូវការធនធានមនុស្សកាន់តែច្រើនទៅៗ។

ខិតខំដោះស្រាយបញ្ហាទាក់ទងជាមួយនឹងសមភាពយេនឌ័រ

ជាមួយនឹងការកោតសរសើរ អំពីវឌ្ឍនភាពក្នុងវិស័យអប់រំ និងសាកលវិទ្យាល័យនេះ ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ ដើម្បីថ្លែងជូននូវការអបអរសាទរ ចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជាមួយនឹងនិស្សិតជ័យលាភីទាំងអស់ ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ។ យើងសង្កេតឃើញថា អ្នកដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ គឺមានកម្រិតដែលទាក់ទងជាមួយនឹងបញ្ហាការងារធ្វើ ក៏ដូចជា បញ្ហាទាក់ទងជាមួយនឹងសមភាពយេនឌ័រ ដែលខ្ញុំព្រះករុណាខ្ញុំ តែងតែមិនភ្លេចជាមួយនឹងការពិនិត្យអំពីតួលេខនោះ ដែលជាការដែលយើងត្រូវតម្រង់ទិស។ ក្នុងនោះ គឺនិស្សិត ២ ២៧៨ នាក់ ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ មាននិស្សិតជាស្ត្រី ចំនួន ១ ១៩៤ នាក់ ស្មើនឹង ៥២,៤១%។ ប៉ុន្តែ យើងបែងចែកទៅជាអញ្ចេះវិញ ចំណុចនេះ ដែលយើងត្រូវឃើញ អំពីនិន្នាការដែលវាកើនឡើង ប៉ុន្តែ វាមិនទាន់ដល់កម្រិតដែលយើងចង់បាន។

ក្នុងនោះ បែងចែកជាថ្នាក់បរិញ្ញាបត្រ មានចំនួន ១ ៩១៩ នាក់ ក្នុងនោះ មាននារី ១ ០៨២ នាក់​ ស្មើនឹង ៥៦,៣៨%។​​ អញ្ចឹង ថ្នាក់បរិញ្ញាបត្រ គឺចំនួនស្រ្តីច្រើនជាងបុរស។ អញ្ចឹង យើងពិនិត្យត្រឡប់ទៅការប្រឡងមធ្យមសិក្សាទុតិយភូមិវិញ យើងតែងតែឃើញនូវចំនួនតួលេខរបស់សិស្សស្រីជាប់ច្រើនជាងសិស្សប្រុស។ និទ្ទេស A ក៏ដូចគ្នាដែរ។ ប៉ុន្តែ ចាប់ផ្តើមចូលមួយគន្លាក់ទៀត ចូលទៅដល់បរិញ្ញាជាន់ខ្ពស់ គឺក្នុងចំនួន ៣៥៥ នាក់ ស្រ្តីមានតែ ១១២ នាក់ ប៉ុណ្ណោះ ស្មើនឹង ៣១,៥៥%។ អញ្ចឹង គឺចាប់ផ្តើមធ្លាក់តែម្តង។ ដល់ទៅថ្នាក់បណ្ឌិតវិញ គឺ ៤ នាក់ ជាបុរសទាំងអស់ គឺស្មើនឹងស្រ្តីអត់មានទេ។ អញ្ចឹង បញ្ហានេះយើងយល់ អំពីបញ្ហាទាក់ទងជាមួយនឹងទំនៀមទម្លាប់ប្រពៃណី។ ស្រ្តីនៅពេលដែលដល់វ័យហើយនោះ តម្រូវឱ្យមានគ្រួសារ ហើយទៅដល់មានគ្រួសារ ជួនកាលគ្រួសារហ្នឹងមិនអនុញ្ញាតឱ្យប្រពន្ធមករៀនមកទៀត។ តឹងតែងមិនឱ្យប្រពន្ធមករៀន។ អាហ្នឹងមួយផ្នែកទៅ។

មួយផ្នែកទៀត អាកូនហ្នឹងវាច្រើន។ ១ ឆ្នាំមួយៗ អញ្ចឹងទៅ។ ដូចកូនពៅរបស់ខ្ញុំ គឺថា ឱ្យវាទៅរៀនទៀត វាមិនទៅធ្វើអីវា​? ព្រោះកូនវាច្រើន។ ប៉ុន្តែថ្ងៃនេះ តាមដឹងមានក្មួយស្រីរបស់ខ្ញុំម្នាក់ គឺទើបនឹងឆ្លងទន្លេបានប្រ​ហែល ២ ខែ មកទទួលសញ្ញាបត្រនៅថ្ងៃនេះដែរ។ ពួកគេបានទៅស្គាល់គ្នា គេធ្វើការរៀងខ្លួន។ ដល់គេទៅរៀនៗនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង រួចហើយគេទៅត្រូវរូវគ្នានៅហ្នឹង។ ដល់គេការទៅ ថ្ងៃហ្នឹង គឺមកឃើញវាយតាម Telegram ឱ្យខ្ញុំថា គេមកទទួលសញ្ញាបត្រនៅថ្ងៃហ្នឹងដែរ។ អញ្ចឹង គេទើបមានកូន។ អាកូនហ្នឹងដាក់ឈ្មោះឱ្យត្រូវហ្នឹងសាលាហ្នឹងទៅ​ ព្រោះចាប់កំណើតនៅសាលាហ្នឹង។ ស្នេហាក៏វាចេញពីសាលាហ្នឹង វាចាប់ផ្តើមមានផ្ទៃពោះ មានកូននៅសាលាហ្នឹង។

លើកទឹកចិត្ត និងផ្តល់ឱកាស សម្រាប់ស្ត្រី ទាំងកម្រិតនយោបាយ រដ្ឋបាល និងធុរកិច្ច

អញ្ចឹងទេ ចំណុចនេះ យើងអាចប្រមើលមើលឃើញ តែយ៉ាងណាក៏ដោយ​ ចំនួនតួលេខនេះ ជាចំនួនតួលេខមានការកើនឡើងហើយ បើប្រៀបធៀបទៅហ្នឹងរយៈពេលមុន។ ហើយចំណុចនេះ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ត្រូវតាមដានឱ្យជាប់ អំពីចំណុចទាក់ទិនជាមួយនឹងកំណើន បើទោះបីជាវាមិនទាន់ស្មើភាពគ្នា ៥០% លើ ៥០% ក៏ដោយចុះ ក៏ប៉ុន្តែ ឱ្យតែមានកំណើន លើកទឹកចិត្តឱ្យមានកំណើនជាស្ត្រី ព្រោះយើងបានដាក់ចេញគោលដៅ ក្នុងការតែងតាំងមន្រ្តីជាស្រ្តី ​និងអ្នកធ្វើការងារដោះស្រាយបញ្ហាក្នុងកម្រិតនយោបាយក្តី ក្នុងកម្រិតរដ្ឋបាលក្តី និងក្នុងកម្រិតទាក់ទិនជាមួយនឹងធុរកិច្ច យើងលើកទឹកចិត្ត (និងផ្តល់)ឱកាសសម្រាប់ស្រ្តីរបស់យើង។

អញ្ចឹង ក៏ត្រូវទាក់ទាញលើកទឹកចិត្តស្វាមី ផ្តល់ឱកាសសម្រាប់ភរិយា ដើម្បីបន្តការរៀនសូត្រ។ ឪពុកម្តាយផ្តល់ឱកាសសម្រាប់កូនស្រី ដើម្បីបន្តការរៀនសូត្រ យកកម្រិតទៅថ្នាក់ខ្ពស់ជាង។ ទំនៀមទម្លាប់ប្រពៃណីរបស់យើងត្រូវបានកាត់បន្ថយជាបណ្តើរៗ​ ប៉ុន្តែ ស្ថានភាពបុរស និងស្ត្រី​ នៅតែមានវិសមភាព។ យ៉ាងណាក៏ដោយ អត្រាការកើនឡើងជាង ៣១% នេះ​ អាចចាត់ទុកថា ជាអត្រាកំណើនមួយល្អ។ រំពឹងទុកថា អត្រានៃស្រ្តីដែលជាប់ថ្នាក់បរិញ្ញាជាន់ខ្ពស់ និងថ្នាក់បណ្ឌិត មានចំនួនកាន់តែច្រើន ដើម្បីឆ្លើយតបទៅនឹងគោលដៅ ស្តីពីការអភិវឌ្ឍ សម្រាប់សមភាពយេនឌ័ររបស់យើង។

អរគុណសាកលវិទ្យាល័យ ដែលតែងផ្តល់អាហារូបករណ៍

សូមយកឱកាសនេះ ថ្លែងនូវការអបអរសាទរ ជាមួយនឹងក្រុមគ្រួសារ មាតាបិតា អាណាព្យាបាល ក៏ដូចជា ស្វាមី ភរិយា ដែលមានប្តី ឬមានប្រពន្ធ ទទួលសសញ្ញាបត្រនៅថ្ងៃនេះផងដែរ។ សម្រាប់ការងារទៀតសោត ក៏យើងបានខិតខំដោះស្រាយ នៅក្នុងទីនេះ ថ្នាក់បរិញ្ញាមានចំនួន ៨៥,៩៨% ថ្នាក់បរិញ្ញាជាន់ខ្ពស់មាន ៩១,៨៨% និងថ្នាក់បណ្ឌិតមាន ១០០% ដែលមានការងារធ្វើ។ យើងបន្តខិតខំទៅលើបញ្ហានេះ។ ខ្ញុំក៏សូមយកឱកាសនេះ អរគុណឯកឧត្តម ហោ ប៉េង ក៏ដូចជា ក្រុមប្រឹក្សាភិបាល និងគណៈដឹកនាំ ដែលផ្តល់​អាហារូបករណ៍ សម្រាប់ខ្ញុំក្នុងរយៈពេលកន្លងទៅនេះ គឺមានចំនួន ១ ១៩១ នាក់ ដែលបានផ្តល់សម្រាប់ការសិក្សា។ ថ្ងៃនេះ ក៏មានមួយចំនួនមកទទួលសញ្ញាបត្រផងដែរ។ ខ្ញុំអត់យកទៅណាទេ ផ្តល់ហើយ គឺបញ្ជូនទៅរៀនសាលាហ្នឹង មិនមែនបានសេចក្តីថា សាលាហ្នឹងផ្តល់ឱ្យ តែតម្រូវឱ្យសាលាហ្នឹងយកលុយមកឱ្យខ្ញុំ ហើយខ្ញុំទៅជួលសាលាផ្សេងឱ្យរៀនទេ​។ មិនធ្វើដូច្នោះទេ។ ពិតហើយដែលខ្ញុំនិយាយថា ក្មួយខ្ញុំ ២ នាក់ ក្មួយចូលរៀនតែម្នាក់ទេ ដល់មានប្ដីទៅ វាឡើងពីរនាក់។ គេរៀនបង់ថ្លៃរបស់គេទេ ដោយមានមួយផ្នែក ខ្ញុំក៏ជួយដើម្បីឱ្យគេមានលទ្ធភាព ដើម្បីបង់ថ្លៃសិក្សានៅសាលានេះ ព្រោះនៅពេលរកឃើញគ្នានោះ រកឃើញតាមហ្វេសប៊ុកទេ។ ស្គាល់ឪពុកម្ដាយ ទំនាក់ទំនងគ្នា បានរកឃើញ ហើយគេចប់បរិញ្ញារួចទៅហើយ។ រួចហើយក៏ចង្អុលបង្ហាញថា ក្មួយឯងគួរតែត្រូវរៀននៅសាកលវិទ្យាល័យជាតិគ្រប់គ្រងនេះទៅ។ គេក៏ចូលរៀននៅទីនេះ។

អរគុណគ្រប់ភាគីពាក់ព័ន្ធ ការពារសណ្តាប់ធ្នាប់ ក្នុងឱកាសចូលឆ្នាំកន្លងទៅ

ជាមួយនឹងកិច្ចការ ដែលខ្ញុំព្រះករុណាខ្ញុំបាននិយាយដល់សាកលវិទ្យាល័យ ទៅដល់និស្សិត ទាក់ទងនឹងវិស័យអប់រំ អនុញ្ញាតឱ្យ ខ្ញុំព្រះករុណាខ្ញុំ យកឱកាសនេះ ដោយសារតែម្សិលមិញ ពេលវេលាវាមិនគ្រប់គ្រាន់ទេ នៅក្នុងពេលដែលបើកការដ្ឋាន ដើម្បីសាងសង់អគារ ក៏ដូចជា ផ្លូវសម្រាប់ការតភ្ជាប់ពីស្ទឹងបត់ មកផ្លូវជាតិលេខ ៥ យើងមិនមានឱកាស ដើម្បីនិយាយទេ តែថ្ងៃនេះ អនុញ្ញាតឱ្យ ខ្ញុំព្រះករុណាខ្ញុំ យកឱកាសនេះ ដើម្បីកោតសរសើរ ចំពោះអាជ្ញាធរថ្នាក់ក្រោមជាតិគ្រប់ទីកន្លែង គ្រប់ស្ថាប័នជាតិ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានការពារសណ្ដាប់ធ្នាប់ បង្កបរិយាកាសឱ្យប្រជាជនសប្បាយរីករាយ ក្នុងឱកាសចូលឆ្នាំថ្មីកន្លងទៅនេះ។

ប្រើប្រាស់ពិធីចូលឆ្នាំ ពង្រឹងសមត្ថភាព សកម្មភាពវប្បធម៌ ប្រពៃណីនៅតាមសហគមន៍

ចូលឆ្នាំថ្មីនៅប្រទេសកម្ពុជារបស់យើងនេះ គ្រាន់តែមានបញ្ហាទាក់ទិន ជាមួយនឹងបញ្ហាចរាចរណ៍ប៉ុណ្ណោះ ដែលមានគ្រោះថ្នាក់ដល់អាយុជីវិតជាង ៥០ នាក់ និងរបួសជិត ៣០០ នាក់។ ប៉ុន្តែ និយាយជាទូទៅ ប្រជាជនសប្បាយរីករាយ បើទោះបីជារលកកំដៅកើនឡើងនៅក្នុងប្រទេសរបស់យើង ដោយសារការប្រែប្រួលអាកាសធាតុ បូកជាមួយនឹងកង្វះខាតអគ្គិសនី ដែលមកអំពីការបញ្ចេញថាមពលអគ្គិសនីពីវារីអគ្គិសនីបាត់ប្រមាណជាង ១ ០០០ មេហ្គាវ៉ាត់។ យើងមានកម្លាំងផលិតជាង ១ ៣០០ មេហ្គាវ៉ាត់ ប៉ុន្តែ ជាទូទៅយើងបញ្ចេញបានត្រឹមតែ ២០០-៣០០ មេហ្គាវ៉ាត់។ ជួនកាលធ្លាក់មកទៅត្រឹមតែជាង ១០០ មេហ្គាវ៉ាត់ តែប៉ុណ្ណោះ។ ប៉ុន្តែ ពេលនោះ យើងក៏បានភ្លើង(បន្ថែម) ដែលខ្ញុំបានទាក់ទងទូរស័ព្ទនិយាយគ្នាជាមួយនឹងនា​យករដ្ឋមន្រ្តីវៀតណាម ក្នុងពេលដែលគាត់ទូរស័ព្ទមកជូនពរ។ នាយករដ្ឋមន្រ្តីវៀតណាមក៏បានបញ្ជូននៅថ្ងៃទី ១៣ តែម្ដង មុនចូលឆ្នាំមួយថ្ងៃ ចំនួន ៥០ មេហ្គាវ៉ាត់បន្ថែម។ ផ្គត់ផ្គង់រួចមកហើយ ២០០ មេហ្គាវ៉ាត់ បន្ថែមដោយ ៥០ មេហ្គាវ៉ាត់បន្ថែម ដែលជួយមកដល់ទីក្រុងភ្នំពេញ។

ឯខាងប្រទេសថៃ មុនចូលឆ្នាំប្រហែលជាមួយអាទិត្យ ក៏បានបញ្ជូនចូលមកប្រមាណជា ៥០ មេហ្គាវ៉ាត់ បន្ថែមទៀត ដើម្បីជួយផ្គត់ផ្គង់ដល់ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប។ អញ្ចឹងទេ បើទោះបីមានការលំបាកខ្លះៗ ក៏ប៉ុន្តែ ប្រជាពលរដ្ឋឆ្នាំនេះ គឺសប្បាយ។ ដោយសារយើងពង្រាយសង្រ្កាន្តនៅគ្រប់ទីកន្លែងទាំងអស់ កន្លែងណាក៏មានសង្រ្កាន្តដែរ។ ប្រសិន​បើយកស្ថានភាពនៅឆ្នាំ ២០១៩ យកធ្វើជាដើមទុន ដើម្បីពង្រីកបន្ត ខ្ញុំព្រះករុណាខ្ញុំ ជឿជាក់ថា វប្បធម៌ ប្រពៃណីខ្មែររបស់យើងនឹងមិនសាបសូន្យទេ។ ប៉ុន្តែ ផ្ទុយទៅវិញនឹងត្រូវបានពង្រឹង។ គួរតែត្រូវច្បាមយកនូវចំណុចនេះ ដោយប្រើប្រាស់ឱកាសនៃពិធីចូលឆ្នាំ ដើម្បីនឹងពង្រឹងសមត្ថភាព សកម្មភាពវប្បធម៌ ប្រពៃណីនៅតាមសហគមន៍ នៅតាមតំបន់នានា តាមភូមិ/ឃុំ តាមស្រុក/ខេត្ត និងតាមតំបន់រមណីយដ្ឋានតាមដែលអាចធ្វើទៅបាន។

កត្តាធំ ៤ ធ្វើឱ្យប្រជាជនទទួលបាននូវការរីករាយ, កត្តាទី ១ មានសុខសន្ដិភាព

ប្រពៃណីធំៗរបស់យើង គឺមានពីរ៖ គឺការចូលឆ្នាំ និងភ្ជុំបិណ្ឌ។ ការភ្ជុំបិណ្ឌ ប្រជាជនយើងហាក់ដូចជាបានថែទាំបានល្អ។ តាំងពីការដាក់បិណ្ឌ បោះបាយបិណ្ឌ។ ឥឡូវនេះ គឺយើងពង្រាយសង្រ្កាន្តទៅតាមតំបន់នា​នា បន្ទាប់ពីអង្គរសង្រ្កាន្តក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ។ ប៉ុន្តែ ត្រូវដឹងឱ្យច្បាស់ថា កត្តាសន្ដិភាពបានផ្ដល់ឱ្យប្រជាពលរដ្ឋយើងទទួលនូវការសប្បាយរីករាយ។ កត្តាសំខាន់ៗ ដែលធ្វើឱ្យប្រជាជនយើងទទួលបាននូវការរីករាយ៖ ទី ១. មានសុខសន្ដិភាព។ បើគ្មានសុខសន្ដិភាពទេ កុំនិយាយទៅដល់ការរាំកម្សាន្ត និយាយពីរឿងក្រាប និយាយពីរឿងលូន និយាយពីរឿងចូលត្រង់សេ អត់ហ៊ានទៅណាទេ អាហ្នឹងកត្តាទី ១ កត្តាសន្ដិភាព​។

កត្តាទី ២ ហេដ្ឋារចនាសម្ព័ន្ធ

កត្តាទី ២. កត្តាហេដ្ឋារចនាសម័្ពន្ធតភ្ជាប់ ដែលកាលពីទសវត្សរ៍ ៩០ បើទោះបីជាពេលនោះ យើងបានរំលត់ភ្លើងសង្រ្គាមនៅឆ្នាំ ១៩៩៨ ក៏មែនពិត ក៏ប៉ុន្តែ នៅក្នុងឆ្នាំ ១៩៩៨ ឬ ១៩៩៩ ឬឆ្នាំ ២០០០ ហើយ ក៏ប្រជាពលរដ្ឋរបស់យើងមិនអាចទៅលេងស្រុកកំណើតបានដែរ។ គេអាចទៅបាន ក៏ប៉ុន្តែ គេទៅដោយលំបាក ព្រោះនៅមានព្រៃច្រើនណាស់។ អត់ស្ពាន។ មានរថយន្តហើយ ប៉ុន្តែ មិនអាចទៅដល់មូលដ្ឋានបានទេ។ ប៉ុន្តែ ប៉ុន្មានឆ្នាំក្រោយមក យើងបានខិតខំកសាងផ្លូវ/ស្ពាន ដែលជាហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ សម្រាប់ប្រជាជនធ្វើដំណើរទៅលេងកម្សាន្តនៅគ្រប់ទីកន្លែងតាមចិត្តចង់។

បើនៅតំបន់ភាគឦសានវិញ គឺមិនចាំបាច់ធ្វើដំណើរបកក្រោយទេ ចូលទៅខេត្តមណ្ឌលគិរី កាត់ទៅរតនគិរី ចេញទៅស្ទឹងត្រែង។ មុនចូលដល់មណ្ឌលគិរី ត្រូវកាត់ក្រចេះ។ ក្រចេះ គេអាចកាត់តាមពីរកន្លែងឯណោះ កាត់តាមឆ្លូង ឡើងទៅក្រចេះ កាត់តាមមេមត់ ឡើងទៅក្រចេះ គេឡើងទៅមណ្ឌលគិរី ឆ្លងទៅរតនគិរី។ គេចុះមកស្ទឹងត្រែង ហើយគេមានផ្លូវពីរទៀត ផ្លូវមួយគេចុះមកក្រចេះ ផ្លូវមួយគេទៅផ្លូវជាតិលេខ ៩។ តាមផ្លូវជាតិលេខ ៩ តភ្ជាប់រវាងខេត្តស្ទឹងត្រែងជាមួយខេត្តព្រះវិហារ។ ដល់ខេត្តព្រះវិហារហើយ គេចង់ជ្រើសរើស អាចទៅកំពង់ធំ ទៅសៀមរាប តាមចិត្តដែលគេចង់។ ស្ថានភាពនេះ វាមិនដូចពេលមុនទេ ដែលនេះហើយជាសមិទ្ធផល ដែលកើតចេញពីការខិតខំរបស់យើងទាំងអស់គ្នា បន្ទាប់ពីប្រទេសមានសន្ដិភាព។ មានសន្ដិភាពតែមួយមិនគ្រប់គ្រាន់ទេ ខ្ញុំបានចង្អុលបង្ហាញ សម្រាប់សហការីរបស់របស់ខ្ញុំ បន្ទាប់ពីអនុវត្តនយោ​បាយឈ្នះឈ្នះ ខ្ញុំបានប្រាប់ពួកគេថា បើគ្រាន់តែសមាហរណកម្មខាងនយោបាយ និងរដ្ឋបាលវាមិនគ្រប់គ្រាន់ទេ ត្រូវធ្វើសមាហរណកម្មរូបវន្ត និងសមាហរណកម្មគ្រប់ផ្នែកទាំងអស់។ ហើយដំបូងបំផុតត្រូវយកចិត្តទុកដាក់ទៅលើបញ្ហាការតភ្ជាប់ ធ្វើម៉េចឱ្យមានផ្លូវ ប្រជាជនអាចធ្វើដំណើរបានដោយងាយស្រួល។ នេះជាកត្តាទី ២ ដែលធ្វើឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរកម្សាន្តបាន ហើយគេទៅទាំងគ្រួសារ។

កត្តាទី ៣ ប្រជាជនមានមធ្យោបាយធ្វើដំណើរ

ឯចំណុចទី ៣ ប្រជាជនមានមធ្យោបាយធ្វើដំណើរ ក្នុងការធ្វើដំណើរ។ មនុស្សមួយចំនួនមានមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន សម្រាប់ការធ្វើដំណើរទៅកម្សាន្តសប្បាយនៅស្រុកកំណើត ឬនៅកន្លែងណាដែលខ្លួនចង់ទៅ។ ប៉ុន្តែ មួយផ្នែកទៀត រថយន្តក្រុង រថយន្តតាក់ស៊ី មធ្យោបាយសម្រាប់ប្រជាជនជួលជិះដើរលេងក៏មានដែរ។ ដែលឥឡូវនេះ គ្រប់ផ្លូវទាំងអស់សុទ្ធតែមានបណ្ដាញរថយន្តក្នុងការធ្វើដំណើរ។

ខ្ញុំយកឱកាសនេះ ថ្លែងនូវការកោតសរសើរ ចំពោះសាលារាជធានីភ្នំពេញ ដែលបានដាក់រថយន្ត ១២០ គ្រឿង សម្រាប់ការដឹកជញ្ជូនប្រជាពលរដ្ឋឥតគិតថ្លៃក្នុងរយៈ(ពេល ៧ ថ្ងៃ)។ ប៉ុន្តែ ថ្ងៃទី ១៤ ឡើងដល់ ១៥០ គ្រឿង ដោយសារអី? យើងដាក់ ១២០ គ្រឿងទៅ ប្រជាជនមកចាំកន្លែងចំណត ដល់ចេញទៅផុតអស់ឡាន ព្រោះឡានទៅខេត្តមានបកក្រោយទាន់ឯណា? អញ្ចឹង មានតែបញ្ចេញ ៣០ គ្រឿងបន្ថែមទៀត​។ ដឹកទាល់តែអស់។ ដឹកបានប៉ុន្មានម៉ឺននាក់ដែរ។ ប៉ុន្មានម៉ឺននាក់ហ្នឹង សុទ្ធតែអ្នកសល់លុយហើយ ព្រោះអត់មានត្រូវការបង់លុយថ្លៃឡានអីទេ។ អញ្ចឹងទេ មធ្យោបាយធ្វើដំណើរដោយផ្ទាល់ខ្លួនក្ដី មធ្យោបាយធ្វើដំណើរដោយជួលក្ដី ហើយមួយភាគជាជំនួយឧបត្ថម្ភរបស់រដ្ឋ ដើម្បីបង្កលក្ខណៈឱ្យប្រជាពលរដ្ឋបានចូលរួមបានទៅកម្សាន្តសប្បាយ ជាផ្នែកដែលយើងឃើញការកើនឡើង នៃចំនួនមធ្យោបាយដឹកជញ្ជូន។

ចំណូលពន្ធគយទទួលបានក្នុងចន្លោះប្រមាណជា ២៤០-២៥០ លានដុល្លារ/ខែ

សូមបញ្ជាក់ថា គ្រាន់តែពន្ធគយ ដែលក្នុងមួយខែ ក្នុងចន្លោះប្រមាណជា ២៤០-២៥០ លានដុល្លារ។ ក្នុងហ្នឹងយើងបានសង្កេតឃើញថា ពន្ធលើមធ្យោបាយជារថយន្ត/ម៉ូតូ គ្របដណ្ដប់ប្រមាណជាង ៣០%។ ដូច្នេះ ចំនួននាំចូលរថយន្ត/ម៉ូតូ អាបង់ពន្ធរថយន្តហ្នឹង គឺវាអត់មានថយទេ។ បានសេចក្តីថា ប្រជាជនមានលុយទិញឡាន/ម៉ូតូជិះ។ អញ្ចឹងហើយបានជាអតុល្យភាពបានកើតឡើង។ កាលពីមុនអតុល្យ​ភាព រវាងម្ខាងសេចក្តីត្រូវការនៃការធ្វើដំណើរ និងម្ខាងទៀតខ្វះមធ្យោបាយដឹកជញ្ជូន នេះកាលពីទសវត្សរ៍ ៨០ និង ៩០។ ឥឡូវនេះ អតុល្យភាពវាមិនដូចគ្នាទេ។ អតុល្យភាពរវាងរថយន្ត និងម៉ូតូច្រើនពេក ជាមួយនឹងផ្លូវតូច​។ វាទៅជាអញ្ចេះ បានជាវាកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍។ អានេះជាកត្តាទី ៣ ដែលខ្ញុំចង់និយាយ។ ប្រជាពលរដ្ឋមានមធ្យោបាយធ្វើដំណើរទាំងផ្ទាល់ខ្លួន និងការដឹកជញ្ជូនដោយអ្នករកស៊ីខាងផ្នែកដឹកជញ្ជូន​។

កត្តាទី ៤ ប្រជាពលរដ្ឋមានចំណូលសមរម្យ សម្រាប់ធ្វើបុណ្យទាន និងដើរកម្សាន្ត

ឯកត្តាទី ៤ គឺប្រជាពលរដ្ឋមានប្រាក់ចំណូលសមរម្យ ដែលអាចនឹងធ្វើបុណ្យ/ទាន និងធ្វើដំណើរកម្សាន្តសប្បាយបាន។ តាមតួលេខរបស់ក្រសួងទេសចរណ៍​ ប្រជាពលរដ្ឋខ្មែរប្រមាណជា ៩ លាននាក់ ធ្វើដំណើរកម្សាន្ត ហើយចេញក្រៅប្រទេសឆ្នាំនេះច្រើនណាស់។ តាមដែលស៊ើបសួរ Tour ទេសចរណ៍ ទៅជប៉ុនក៏មាន Tour ទេសចរណ៍ ទៅប្រទេសណាក៏មានដែរ។ ទៅក្រៅប្រទេសយ៉ាងច្រើន។ ឆ្នាំ ២០១៧ ទេសចរកម្ពុជាទៅថៃ ៩២ ម៉ឺននាក់។ ទេសចរថៃមកកម្ពុជាតែប៉ុន្មានសិបម៉ឺននាក់ទេ។ អត់ដល់កន្លះលានផង។ ម្សិលមិញខ្ញុំជួប Prayut Chan-o-Cha ខ្ញុំថា ខ្ញុំមិនទាន់បូកលេខទេ ប៉ុន្តែ ខ្ញុំជឿជាក់ថាជាង ១ លាននាក់ ទេសចរកម្ពុជាទៅថៃ។ ខ្ញុំ​ក៏បានសួរទៅកាន់ Prayut Chan-o-Cha ដែរថា ប្រទេសថៃមានព្រំដែនជាប់ជាមួយកម្ពុជា ជាប់ជាមួយឡាវ ជាប់ជាមួយម៉ាឡេស៊ី ជាប់ជាមួយនឹងមីយ៉ាន់ម៉ា តើទំហំពាណិជ្ជកម្មជា​មួយប្រទេសណាធំជាងគេ? Prayut Chan-o-Cha ថាជាមួយនឹងកម្ពុជា។ ដូច្នេះ បានជាប្រញាប់ប្រញាល់ធ្វើការតភ្ជាប់នៅក្នុងបញ្ហាទាក់ទងជាមួយនឹងពាណិជ្ជកម្ម។

អរគុណពលិកម្មរបស់នគរបាល អាវុធហត្ថ និងកម្លាំងប្រដាប់អាវុធ នាឱកាសចូលឆ្នាំខ្មែរកន្លងទៅ

ប្រាក់ចំណូលដែលប្រជាពលរដ្ឋយើងមាន គឺអនុញ្ញាតឱ្យប្រជាពលរដ្ឋរបស់យើងដើរកម្សាន្តសប្បាយ។ ខ្ញុំព្រះករុណាខ្ញុំ មិនភ្លេចថ្លែងអំណរគុណ ហើយនេះក៏ត្រូវមើលឃើញ អំពីពលិកម្មរបស់កម្លាំងប្រដាប់អាវុធ របស់អាជ្ញាធរ ដែលនៅពេលដែលបងប្អូនទទួលទេវតាឆ្នាំថ្មី និងរាំលេងសប្បាយ មន្រ្តីនគរបាល អាវុធហត្ថ និងកងកម្លាំងប្រដាប់អាវុធរបស់យើងជាកងទ័ព កំពុងស្ថិតនៅក្នុងទីតាំងដើម្បីការពារប្រជាពលរដ្ឋ។ អញ្ចឹង ខ្ញុំមិនការពារមនុស្សខូចទេ ក៏ប៉ុន្តែ ការខិលខូចរបស់បុគ្គល ១ នាក់ (ឬ) ២ នាក់ មិនត្រូវបានបំផ្លាញកិត្តិ​យសរបស់មន្រ្តីនគរបាលទូទាំងប្រទេស មន្រ្តីអាវុធហត្ថ និងកងទ័ពទូទាំងប្រទេសនោះទេ។ ប្រសិនបើគ្មានហ្មត់ចត់ តើនឹងមានអ្វីនឹងកើតឡើង? មិនត្រូវធ្វេសប្រហែសទេណា?

កុំឱ្យកម្ពុជាក្លាយជាគោលដៅ នៃការវាយប្រហារភេរវកម្ម ឬក៏ជាជម្រកនៃអំពើភេរវកម្ម

ខ្ញុំព្រះករុណាខ្ញុំ ក៏សូមឆ្លៀតយកឱកាសនេះ ធ្វើការថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះអំពើភេរវកម្មនៅស្រីលង្ការ ដែលរហូតមកដល់ពេលនេះ ចំនួនអ្នកស្លាប់ឡើងគំហុកទៅដល់ ២៩០ នាក់ សម្រាប់តែអ្នកស្លាប់ ហើយ​និងអ្នករបួសជាង ៥០០ នាក់ ទៅទៀត ដែលនេះមិនត្រូវមើលស្រាល។ ត្រង់ហ្នឹងហើយ ដែលខ្ញុំព្រះករុណាខ្ញុំ តែងតែរំលឹកដាស់តឿន ចំពោះមន្រ្តីនគរបាល មន្រ្តីអាវុធហត្ថ ជារួម កម្លាំងសមត្ថកិច្ចដែលមានភារកិច្ចទទួលខុសត្រូវលើបញ្ហាសន្តិសុខជាតិ។ ខ្ញុំព្រះករុណាខ្ញុំ តែងតែប្រាប់ពួកគេថា ឃើញទឹកស្ងប់ មិនត្រូវគិតថា នៅក្នុងទឹកគ្មានត្រី ឬគ្មានសត្វដែលមានពិសនោះទេ។ ត្រូវប្រុងប្រយ័ត្ន។ កុំឱ្យកម្ពុជាក្លាយទៅជាគោលដៅ នៃការវាយប្រហារភេរវកម្ម ឬក៏ជាជម្រកនៃអំពើភេរវកម្ម។ មិនមែនដឹកនាំ ចេះតែដឹកនាំ ចេះត្រឹមស្រែកទេ (តែត្រូវ)ចេះមានបទបញ្ជា ចេះមានបច្ចេកទេស ដើម្បីគ្រប់គ្រងសភាពការណ៍យ៉ាងណា សម្រាប់ប្រទេសយើងមានសន្តិភាព មានសេចក្តីសុខ ដែលមិនផ្តល់ឱកាសឱ្យក្រុមភេរវកម្មណាមួយវាយប្រហារបំផ្លាញជីវិតប្រជាជនយើងនោះទេ។ អ្នកឯងគ្រាន់តែនិយាយបញ្ហានេះ/នោះ ប៉ុន្តែ អ្នកឯងចេះគ្រប់គ្រងប្រ​ទេសគ្រប់គ្រាន់ហើយឬនៅ? បញ្ហាមិនមែនចេះតែនរណាក៏អាចធ្វើបាន ចង់ធ្វើក៏ធ្វើ។ ខ្ញុំមិនចង់និយាយត្រឡប់ទៅរកអ្នកណាទេ សុទ្ធតែស្អីឡើងរកចាប់ ហ៊ុន សែន។ ហ្អែងសាកមើល? មកចាប់ខ្លួនឯងតែម្តងទៅ? បានល្អមើលហើយ តែមិនហ៊ានឈានជើងមកទេ។

ខ្ញុំព្រះករុណាខ្ញុំ សូមបញ្ជាក់ ទក់ទិនជាមួយនឹងកម្ពុជា ខ្ញុំសុំថា សុខសន្តិភាពជាកត្តាកំណត់ដើម្បីឱ្យបងប្អូនដើរលេង។ ហើយនៅក្នុងពេលដែលសកម្មភាពរបស់ប្រជាពលរដ្ឋ ត្រូវបានចាប់ផ្តើមក្នុងឱកាសចូលឆ្នាំ គឺកម្លាំងប្រដាប់អាវុធបានឈរយាមយើង គេមិនបានទៅជួបប្រពន្ធ/កូនរបស់គេទេ គេនៅឈរបញ្ចៀសចរាចរណ៍។ ពិតមែនហើយ ឃើញមានការជេរតាមហ្វេសប៊ុកថា មានមន្រ្តីនគរបាលខ្លះយកលុយពីប្រជាពលរដ្ឋ។ ប៉ុន្តែ បើនិយាយៗឱ្យចំឈ្មោះ កុំនិយាយពីនគរបាលទាំងមូល ព្រោះពលិកម្មរបស់គេធំធេងណាស់ សម្រាប់សេចក្តីសុខរបស់ប្រជាពលរដ្ឋ។​ រាប់ទាំងកងកម្លាំងប្រដាប់អាវុធរបស់យើង ដែលកំពុងស្ថិតនៅក្រៅប្រទេសផងដែរ ដែលពេលនោះ ពួកគេប្រហែលជាបានត្រឹមតែទូរស័ព្ទ ឬក៏ផ្ញើសម្លេងតាម WhatsApp ឬ Telegram ឬ Line ឬ Viber មកកាន់គ្រួសាររបស់គេតែប៉ុណ្ណោះ ដែលកំពុងមានវត្តមាននៅស៊ូដង់ ស៊ូដង់ខាងត្បូង នៅម៉ាលី នៅអាហ្រ្វិកកណ្តាល នៅលីបង់។ ពិតហើយ មន្រ្តីយោធារបស់យើងនៅតំបន់ Darfur ឯណោះ។ បន្ទាប់ពីរដ្ឋប្រហារនៅស៊ូដង់ ខ្ញុំមានការបារម្ភក្រែងលោមន្រ្តីយោធារបស់យើងមាន​ជួបបញ្ហា ក៏ប៉ុន្តែ មន្រ្តីយោធារបស់យើងនៅតំបន់ Darfur ១ ពាន់គីឡូម៉ែត្រ ពី(ទីនោះ) ជាមួយនឹងអង្គការសហប្រជាជាតិឯណោះ។ ដូច្នេះ មិនបញ្ហាទេ។

តើភេរវកម្មនៅស្រីលង្ការ និងញូវហ្សីឡេន មានការទាក់ទងគ្នាឬយ៉ាងណា?

ការរៀបចំសណ្តាប់ធ្នាប់ឆ្នាំនេះ គឺល្អ។ ល្អរាល់តែឆ្នាំហ្នឹង ក៏ប៉ុន្តែ​ ខ្ញុំនៅតែរំលឹកអំពីគុណបំណាច់ ដែលមិនត្រូវមើលរំលង ចំពោះតួនាទីដ៏សកម្ម និងមានប្រសិទ្ធភាពរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ របស់កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងគ្រប់ថ្នាក់ ដែលបានចូលរួមការពារសណ្តាប់ធ្នាប់ បង្កលក្ខណៈសប្បាយរីករាយឱ្យប្រជាជន។ ខ្ញុំក៏សូមយក​ឱកាសនេះ ដូចដែលបានលើកឡើងអម្បាញ់មិញ ថ្កោលទោសចំពោះអំពើភេរវកម្មដែលបានកើតនៅស្រីលង្ការ ប៉ុន្តែ រឿងនេះ យើងកំពុងតែពិនិត្យថា តើមានទំនាក់ទំនងអ្វីជាមួយនឹងភេរវកម្មនៅញូវហ្សីឡេនឬអត់? កាលពីប៉ុន្មានខែមុន នៅណូវែលហ្សេឡង់ក៏មានការវាយប្រហារស្លាប់មនុស្សយ៉ាងច្រើន។ ពេលនោះ វាយចំព្រះវិហារឥស្លាម។ ដល់វាយនៅស្រីលង្ការ វាយទៅលើព្រះវិហារគ្រិស្តទាំងអស់​។ អញ្ចឹង តើមានទំនាក់ទំនងអ្វីទេ? យើងមិនទាន់ហ៊ានធ្វើការសន្និដ្ឋាន ដោយសារមិនទាន់មានក្រុមណាមួយចេញមុខមកធ្វើការទទួលខុសត្រូវក្នុងការវាយប្រហារ។ គ្រាន់តែតេឡេកុម្មង់ សម្រាប់បញ្ជាឱ្យផ្ទុះ រកឃើញជាង ៨០ គ្រឿង ឯណោះ។ អញ្ចឹង ជាចំនួនមួយមិនតូចទេ ដែលពួកភេរវកម្មធ្វើសកម្មភាពវាយប្រ​ហារ ដោយមនុស្សសន្ធឹកសន្ធាប់ត្រូវស្លាប់។ ២៩០ នាក់ បានស្លាប់ទៅហើយ ប៉ុន្តែ ៥០០ នាក់ ដែលត្រូវរបួសនោះ តើអាចស្លាប់បន្ថែមទេ? ជាចំនួនមួយមិនធម្មតា។ ឥឡូវ លឺថារកឃើញគ្រាប់បែកនៅកន្លែងណាមួយទៀតនោះ តាមព័ត៌មាន។ តើគេធ្វើឱ្យវាផ្ទុះរបៀបម៉េច? រហូតទៅដល់ការប្រកាសអាសន្ន។

បទពិសោធន៍នៅស្រីលង្ការ នៅញូវហ្សីឡេន​ ផ្តល់មេរៀនគ្រប់គ្រងអាវុធជាតិផ្ទុះ សម្រាប់កម្ពុជា

បទពិសោធន៍នៅស្រីលង្ការ នៅញូវហ្សីឡេន ក៏ផ្តល់មេរៀនកាន់តែច្រើន សម្រាប់កម្ពុជាយើងថា ត្រូវបន្តការគ្រប់គ្រងឱ្យបានហ្មត់ចត់ទៅលើការប្រើប្រាស់អាវុធជាតិផ្ទុះ។ សេរីភាពហួសហេតុទៅលើការប្រើអាវុធ ប្រើជាតិផ្ទុះ គឺមិនមែនជាសេរីភាព សម្រាប់សេចក្តីសុខរបស់ប្រជាពលរដ្ឋទេ។ ប្រទេសខ្លះបាញ់គ្នា បាញ់កូនសិស្ស បាញ់ស្អីៗ ក៏ដោយសារតែរឿងអាវុធហ្នឹង។ ប៉ុន្តែ កម្ពុជាសុំតឹងតែងបន្តិចហើយ។ តឹងតែងប៉ុណ្ណឹងហើយគង់មានបញ្ហា។ អ្នកខ្លះដកអាវុធភ្ជង់គេទៅ។ កើតរឿងដោយសារអាវុធហ្នឹង។ យកល្អប្រើតែធ្មេញបានហើយ បើមានរឿងអីខាំតែម្តងទៅ ធ្វើតាម Mike Tyson ខាំស្លឹកត្រចៀក Holyfield​ ហ្អែងពូកែរុលមកពេក អញខាំស្លឹកត្រចៀកអ្ហែង។ នៅចាំបានទេ រវាង Mike Tyson និង Holyfield វាយគ្នាចុះឡើងៗ ឈាមស្លឹកត្រចៀក Holyfield បាត់ Mike Tyson ខាំ។

បន្ទាប់ពីធ្វើការងារក្នុងវិស័យអប់រំ មមាញឹកក្នុងសកម្មភាពការទូត

ម្សិលមិញទាក់ទងជាមួយនឹងបញ្ហាការតភ្ជាប់សេដ្ឋកិច្ច និយាយជាក្របខណ្ឌម៉ាក្រូ គឺការតភ្ជាប់សេដ្ឋកិច្ច។ តភ្ជាប់ប្រជាជន និងប្រជាជន តាមរយៈផ្លូវដែក/ផ្លូវគោក ជម្រុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ថ្ងៃនេះ បន្ទាប់ពីធ្វើការងារក្នុងវិស័យអប់រំ និងត្រូវធ្វើការងារទូត។ ស្អែកបន្តធ្វើការងារទូត ដោយមានគណៈប្រតិភូមកពីក្រៅប្រទេស ហើយមានអគ្គរដ្ឋទូតត្រូវលា។ ដល់ទៅខានស្អែកថ្ងៃទី ២៥ ត្រូវចេញដំណើរពីភ្នំពេញទៅកាន់ប៉េកាំង ដើម្បីចូលរួមសន្និសីទ “ផ្លូវមួយ ខ្សែក្រវាត់មួយ លើកទី ២” នៅសាធារណរដ្ឋប្រ​ជា​មានិតចិន។ ថ្ងៃទី ២៩ តាមការគ្រោងទុក ជួបប្រធានាធិបតីចិនរួចហើយ និងហោះត្រង់ពីប៉េកាំងមកទីក្រុងភ្នំពេញ។ លោកជំទាវ Aung San Suu Kyi ដែលជាទីប្រឹក្សារដ្ឋ ក៏នឹងធ្វើដំណើរត្រង់ពីប៉េកាំងរហូតមកដល់ទីក្រុងភ្នំពេញ នៅថ្ងៃទី ២៩ ដើម្បីផ្តើមធ្វើទស្សនកិច្ចផ្លូវការ នៅថ្ងៃទី ៣០ មេសានេះ។ អញ្ចឹង សកម្ម​ភាពការទូតដ៏មមាញឹករបស់យើងក្នុងទំនាក់ទំនងតំបន់ មិនមែនគ្រាន់តែស្ថិតនៅក្នុងក្របខណ្ឌនយោបាយទេ ក៏ប៉ុន្តែ វាទាក់ទងជាមួយនឹងបញ្ហាសង្គម-សេដ្ឋកិច្ច សហប្រតិបត្តិការ សម្រាប់ការអភិវឌ្ឍ។

កំឡុងពេលចូលឆ្នាំ ១០ ថ្ងៃ អត់មានសកម្មភាពការងារ

មួយពេលចូលឆ្នាំនេះ ប្រហែលជា ១០ ថ្ងៃ អត់បាននិយាយអីទេ។ ស្រួលតែម្តង ដេកមួយឆ្ងាញ់។ វាយកូនហ្គោលមួយសប្បាយ។ ទើបនឹងចេញមុខពីម្សិល។ ឥឡូវ ខ្ញុំនិយាយស្អកដែរ? … ខ្ញុំមានអារម្មណ៍ថា ខ្ញុំស្អកខ្លួនឯង។ វាមកពីអញ្ចេះ ម្សិលមិញនោះ មកដល់ផ្ទះវាម៉ោងជាង ៣ បន្តិច ដោយសារតែធាតុអាកាសវាប្រែប្រួលរហ័សពេក អញ្ចឹងទេ អត់ហ៊ានទៅតាមឧទ្ធម្ភាគចក្រត្រង់ពីភ្នំពេញទៅ ដែលត្រូវហោះ ១:៤៥ នាទី អត់ហ៊ានទេ យកឧទ្ធម្ភាគចក្រទៅទុកនៅសៀមរាប ជិះយន្តហោះធំទៅចុះនៅសៀមរាប ហើយបានឡើងឧទ្ធម្ភាគចក្រជិះ ៣៥ នាទី ទៅប៉ោយប៉ែត។ ល្ងាចរដ្ឋមន្ត្រីក្រសួងធនធានទឹកថា ក្រោយម៉ោង ១ កុំឱ្យ​ហោះ ប៉ុន្តែ យើងទើបនឹងម៉ោង ១:២០ នាទី អញ្ចឹង យើងក៏ហោះ ហើយឃើញមេឃដូចជាអត់សូវស្រួលដែរ ប៉ុន្តែដោយសារតែវាអស់កម្លាំងពេកក៏(ដេក)លក់នៅលើឧទ្ធម្ភាគចក្រហ្នឹងទៅ។ រួចហើយឡើងមកមួយដំ​ណាក់ទៀត (ដេក)លក់ហ្អែងនៅលើហ្នឹងទៀត។ មកដល់ផ្ទះត្រូវធ្វើអី? សុន្ទរកថា ៤ ដែលត្រូវធ្វើការនៅចិន និងឯកសារចរចា ២ ជាមួយប្រធានាធិបតីផង ជាមួយនឹងនាយករដ្ឋមន្ត្រីផង ត្រូវពិនិត្យឱ្យរួចរាល់ និងការងារត្រូវមកទីនេះ។ បន្ទាប់ទៅដោះខោអាវរួច ស្លៀកពាក់ខោអាវហាត់ប្រាណ។ ទៅហាត់វារាងជ្រុល។ ម្សិលមិញលេងរត់ចម្ងាយនោះដល់ទៅ ៥៥ នាទីឯណោះ ផុតពី ៥៥ នាទីហើយ ធ្លាក់កាឡូរីបានទៅដល់ ៤៥៤ អត់ទាន់អស់ចិត្តទេ ត្រូវមកធាក់កង់ដើម្បីទម្លាក់កាឡូរីឱ្យឡើងទៅដល់ជិត ៦០០ ស្រាប់តែរួចហើយដូចជាហ៊ឹងត្រចៀក ព្រោះពេទ្យគេថា កុំឱ្យទម្ងន់វាឡើងខ្លាំងពេក។ អញ្ចឹងទេ ក៏ប្រឹងទប់តាមពេទ្យទៅ ប៉ុន្តែ ដូចអត់សូវស្រួល។ គិតថារក្សាទម្ងន់ក្នុងកម្រិតណាមួយវាសមល្មម។

ការហាត់ប្រាណជារឿងចាំបាច់ សម្រាប់មនុស្សម្នាក់ៗ

អ្នកខ្លះគេឃើញខ្ញុំស្គមក្នុងរយៈពេលចុងក្រោយនេះ គេថា ខ្ញុំមានជំងឺ។ អាចង្រៃ … អញកំពុងមានសុខភាពល្អ ហ្អែងសាកជាមួយអញមើល? ខ្ញុំព្រះករុណាខ្ញុំ លទ្ធភាពរត់ ៩០ នាទី ទម្លាក់ ៧០០ កាឡូរី តែម្តង។ សួរ​ថា អាក្រុមដែលថាយើងឈឺហ្នឹងវាមករត់ជាមួយបានទេ? ការហាត់ប្រាណវាជារឿងចាំបាច់ណាស់ សម្រាប់(មនុស្សម្នាក់ៗ)។ ហាត់ប្រាណមិនមែនទើបនឹងហាត់ឥឡូវនេះទេ ហាត់តាំងពីអើយ។ ថ្ងៃណាទៅវាយកូនហ្គោលព្រឹក ល្ងាចនៅហាត់ទៀត ដើម្បីឱ្យវាបែកញើស ឱ្យវាស្រួលខ្លួន ប៉ុន្តែ មានពេលខ្លះដល់វាទៅរាងជ្រុល រាងដូចជាអត់សូវស្រួលដែរ រាងដូចជាស្អកក។

បានអាប៉ប៉ាច់ប៉ប៉ោចហ្នឹងដែរ បើមិនអញ្ចឹងពួកអាចង្រៃហ្នឹងវាធ្វើឱ្យប្រទេសក្រឡាប់ចាក់បាត់ទៅហើយ

ថ្ងៃនេះ ធាតុអាកាសនៅតែក្តៅ។ ក្តៅទេអ្នកទាំងអស់គ្នា ឬក៏ក្តៅតែខ្ញុំ? ខ្ញុំបែកញើស គេត្រជាក់គ្រប់គ្នា។ បន្ទប់នេះធម្មតាយើងមកតែងតែត្រជាក់ ហើយថ្ងៃនេះម៉េចក្តៅ? ប្រហែលមកពីខ្ញុំឈរនិយាយប៉ប៉ាច់ប៉ប៉ោច។​ ប៉ុន្តែ បានអាប៉ប៉ាច់ប៉ប៉ោចហ្នឹងដែរ បើមិនមែនអាប៉ប៉ាច់ប៉ប៉ោចហ្នឹង ពួកអាចង្រៃហ្នឹងវាធ្វើឱ្យប្រទេសហ្នឹងក្រឡាប់ចាក់បាត់ទៅហើយ … ព្រះតេជព្រះគុណសុទ្ធតែបរិញ្ញា(បត្រ) ឬបរិញ្ញាជាន់ខ្ពស់? បរិញ្ញាជាន់ខ្ពស់ប៉ុន្មាន? បរិញ្ញាបត្រប៉ុន្មាន? បរិញ្ញាជាន់ខ្ពស់ ៦ អង្គ។ បន្ទាប់ពីហ្នឹងទៅព្រះតេជព្រះគុណគិតយ៉ាងម៉េច? ទេ! នេះជាសេរីភាពបុគ្គលទេ។ ព្រះតេជព្រះគុណអើយ! ជួនកាលនៅក្នុងថ្នាក់រៀនហ្នឹងបែបសម្លឹងឃើញត្រង់ណាហើយ។ ប៉ុន្តែ បើយ៉ាងម៉េចចាំមួយវស្សាហ្នឹងសិនព្រះតេជព្រះគុណ។ មិនយូរប៉ុន្មានទេចូលវស្សាហើយ ចាំធ្លាក់ខ្យល់ពីជើងចាំ(សឹក) ខែហ្នឹងក្តៅណាស់ កុំអាល។ មកពីខ្ញុំព្រះករុណាខ្ញុំជាអតីតកូនសិស្សលោក បានជាខ្ញុំព្រះករុណាខ្ញុំចូលចិត្តនិយាយអញ្ចឹងនោះ ដោយសារខ្ញុំក៏ដឹងលោកដែរ។ ធ្វើបាបនោះធ្វើបាប បើយើងយកបាយមកត្រឹមម៉ោង ១១ និយាយពីឆាន់នៅពែនភ្នែននៅហ្នឹង អត់មាននឹកដល់កូនសិស្សអីមួយម៉ាត់។ ក្រឡាប់ផែនដីទាំងអស់។ នៅឆាន់ជជែកគ្នានៅហ្នឹង។ កូនសិស្សនៅតែលេបទឹកមាត់ក្អឹកៗ មានអីប៉ះចំដូចខ្ញុំព្រះករុណាខ្ញុំអញ្ចឹង ចាំម៉ោងជិត​ ១២ ចាំយកចង្ហាន់មកដល់ មានអីគ្រឹបៗ សល់បានកូនសិស្ស។ ប៉ុន្តែ សុំកូនសិស្សលោកទាំងឡាយកុំធ្វើតាម ហ៊ុន សែន ឱ្យសោះ។ មកពីព្រះសង្ឃមិនយល់ចិត្តក្មេង ដឹងតែក្មេងឃ្លាន រួចខ្លួនឆាន់នៅតែ អេះអុញៗនៅហ្នឹង មិនព្រមទៅណា។

ពាំនាំ

ថ្ងៃនេះ ខ្ញុំក៏បាននាំមក សម្រាប់ជ័យលាភីទទួលសញ្ញាបត្រ ចំនួន ២ ២៧៨  អង្គ/នាក់ ក្នុងមួយអង្គ/នាក់ ទទួលបាន ថវិកា ៥ ម៉ឺនរៀល។ បន្ថែមជូននិស្សិតដែលពិការជើង ចំនួន ២ នាក់ ក្នុងម្នាក់ៗ ថវិកា ១ លានរៀល។ យើងលើកទឹកចិត្តឱ្យជនពិការរៀន។ ពិការដៃក៏ដោយ ពិការជើងក៏ដោយ ពិការភ្នែកក៏ដោយ រហូតដល់យើងមានអក្សរស្ទាបឯណោះ ដែលឥឡូវមន្ត្រីរបស់យើងមួយចំនួនពិការភ្នែកទេ ប៉ុន្តែ គេអាចវាយកុំព្យូទ័រ គេអាចធ្វើអីបាន។ ជូនសាស្ត្រាចារ្យ និងបុគ្គលិក ចំនួន ៣៩៦ នាក់ ក្នុងម្នាក់ៗ ថវិកា ១០ ម៉ឺនរៀល។ ជូនសាកលវិទ្យាល័យជាតិគ្រប់គ្រង ថវិកា ៥ លានរៀល។ ជាមួយនឹងការអបអរនូវនឹងវឌ្ឍនភាពក្នុងវិស័យអប់រំ ជាពិសេស វឌ្ឍនភាពនៅក្នុងសាកលវិទ្យាល័យជាតិគ្រប់គ្រង និងជាមួយនឹងការអបអរសាទរ ចំពោះជ័យលាភី ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ ជាថ្មីម្តងទៀត ខ្ញុំព្រះករុណាខ្ញុំ សូមប្រគេនពរ ចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជូនពរ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា សូមទទួលបាននូវសេចក្តីសុខ/ចម្រើន ជាមួយនឹងពុទ្ធពរ និងពរទាំងប្រាំប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕