សុន្ទរកថា សម្ដេច​​​តេជោ ហ៊ុន សែន ថ្លែង​ក្នុង​ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នាលើការដឹកជញ្ជូនផ្លូវដែកឆ្លងកាត់ព្រំដែន និង ពិធីប្រគល់-ទទួលក្បាលរថភ្លើង (DMU) អំណោយរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ជូនរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

18

CNV:

– ឯកឧត្តម ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ
– ឯកឧត្តម ឤខុម ទើមភីតាយ៉ាផៃស៊ីធ (Arkhom Termpittayapaisith) រដ្ឋមន្ត្រីដឹកជញ្ជូននៃព្រះរាជាណាចក្រថៃ
– ឯកឧត្តម ផែនយ៉ារ៉ាក់ ផូលធូប (Panyarak Poolthup) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា
– សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និង ព្រះរាជាណាចក្រថៃ

ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដែលបានជួបឯកឧត្តម ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ជាថ្មីម្តងទៀត ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នា ស្តីពីការដឹកជញ្ជូនឆ្លងកាត់ ព្រំដែនតាមផ្លូវដែក និងពិធីប្រគល់-ទទួលក្បាលរថភ្លើង (DMU) ដែលជាអំណោយរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ជូនរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសនេះ។

ខ្ញុំ និងគណៈប្រតិភូរួមដំណើរទាំងអស់ ពិតជាមានសេចក្តីរីករាយក្នុងការធ្វើដំណើររួមគ្នាជាប្រវត្តិសាស្ត្រ នាពេលបន្តិចទៀតនេះ ជាមួយឯកឧត្តម ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃតាមខ្សែរថភ្លើង រវាង ស្ថានីយបានក្លងលឹក និងស្ថានីយប៉ោយប៉ែត តាមការសន្យា និងការគ្រោងទុករបស់ខ្ញុំ។

ឆ្លៀតឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ដែលបានសាងសង់ជាថ្មីស្ពាន ផ្លូវដែកព្រំដែនកម្ពុជា-ថៃ អូរជ្រៅ ប្រវែង ៤៣ ម៉ែត្រ ប្រើប្រាស់ថវិកាសាងសង់ប្រមាណ ១ លានដុល្លារនិងបានធ្វើអំណោយក្បាលរថភ្លើងចំនួន ១ គ្រឿង ជាប់ជាមួយទូអ្នកដំណើរចំនួន ៤ ដែលឤចផ្ទុកអ្នកដំណើរបានដល់ ៨០ នាក់ ក្នុងទូនីមួយៗ។

ខ្ញុំក៏សូមថ្លែងអំណរគុណឯកឧត្តម ឤខុមទើមភីតាយ៉ាផៃស៊ីធ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ និងលោកប្រធានអគ្គនាយកស្តីទី នៃសហគ្រាសរថភ្លើងរដ្ឋប្រទេសថៃ ដែលបានជួយជំរុញកិច្ចព្រមព្រៀង ដើម្បីចុះហត្ថលេខានៅថ្ងៃនេះ ខ្ញុំសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរកម្ពុជា-ថៃ លើវិស័យដឹកជញ្ជូន នឹងទទួលបានជោគជ័យក្នុងឤណត្តិក្រោយៗទៀត។

ឯកឧត្តម ប្រាយុទ្ធ ចាន់អូចា, សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី !

កិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នាលើការដឹកជញ្ជូនឆ្លងកាត់ព្រំដែនតាមផ្លូវដែក និងការតភ្ជាប់ផ្លូវដែកកម្ពុជា-ថៃសាជាថ្មី ក្រោយពីការកាត់ផ្តាច់តាំងពីឆ្នាំ ១៩៧៣ ដោយសារសង្គ្រាមនៅកម្ពុជា ពិតជានាំមកនូវកាលានុវត្តភាពថ្មី សម្រាប់វិស័យដឹកជញ្ជូនតាមផ្លូវដែក ដែលជាមធ្យាបាយដឹកជញ្ជូនទំនិញប្រកបដោយប្រសិទ្ធភាព មានតម្លៃថោក និងមានសុវត្ថិភាពខ្ពស់រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់ប្រទេសយើងទាំងពីរកម្ពុជា-ថៃ ជាពិសេសការតភ្ជាប់ទៅតំបន់ឤស៊ាន និងមហាអនុតំបន់មេគង្គ។

ទន្ទឹមនេះ ផ្លូវដែកភ្នំពេញ-ប៉ោយប៉ែត ព្រំដែនកម្ពុជា-ថៃ ដែលមានប្រវែង ៣៨៦ គីឡូម៉ែត្រ ក៏ត្រវូបានរាជរដ្ឋាភិបាលកម្ពុជា ស្តារឡើងវិញរួចហើយដែរ ថ្វីត្បិតតែមិនទាន់មានលក្ខណៈស្តង់ដារ និងទំនើប ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យ និងផែនការច្បាស់លាស់ ក្នុងការអភិវឌ្ឍវិស័យផ្លូវដែក ឱ្យមានការដឹកជញ្ជូនបានទូលំទូលាយ ជាពិសេស ធ្វើឱ្យប្រព័ន្ធផ្លួវដែកកម្ពុជា ក្លាយជាប្រព័ន្ធផ្លូវដែក ដែលពេញនិយមពីសំណាក់ប្រជាជន ក្នុងការធ្វើដំណើរ និងការដឹកជញ្ជូននៅព្រះរាជាណាចក្រកម្ពុជា។

ជាទីបញ្ចប់, ខ្ញុំសូមជូនពរឯកឧត្តម ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ សូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ គឺ ឤយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមអរគុណ !