សម្រង់ប្រសាសន៍ សម្តេច​តេជោ ហ៊ុន សែន ថ្លែង​​​ក្នុង​ពិធីប្រារព្ធខួបទី១០ ទិវាអតីតយុទ្ធជនកម្ពុជា

33

CNV: 

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ។

បងប្អូនអតីតយុទ្ធជនទាំងអស់ជាទីមេត្រី។

ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខ្ញុំសូមសំដែងនូវសេចក្ដីរីក រាយ និងអបអរសាទរក្នុងទិវាខួបលើក​ ១០ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ដែលត្រូវបានប្រារព្ធឡើង យ៉ាងអធិកអធមនាពេលនេះ។ ទិវានេះ ពិតជាមានអត្ថន័យជ្រាលជ្រៅសម្រាប់ប្រជាជាតិខ្មែរ ដើម្បីសំដែង នូវការអរគុណចំពោះបងប្អូនអតីតយុទ្ធជន និងបងប្អូនវីរអ្នកស្នេហាជាតិយើង ដែលបានបូជាសាច់ស្រស់​ឈាមស្រស់ ពលីកម្មគ្រប់បែបយ៉ាង ក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាជានកម្ពុជាយើងនៅគ្រប់​ដំណាក់កាល។

ក្នុងឱកាសជាប្រវត្តិសាស្រ្តនេះ ខ្ញុំសូមលម្អោនកាយគោរពចំពោះវិញ្ញាណក្ខន្ធបងប្អូនអតីតយុទ្ធជន ដែល បានធ្វើពលីកម្ម ដើម្បីបុព្វហេតុរំដោះជាតិ រំដោះអាយុជីវិត រំដោះសិទ្ធិសេរីភាព ការពារជាតិមាតុភូមិ ជាទី សេ្នហារបស់យើង និងសូមផ្ដាំផ្ញើការសាកសួរសុខទុក្ខដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្រប់លំដាប់ ថ្នាក់ ដែលបាននិងកំពុងបំពេញបេសកកម្មដ៏ឧត្តុងឧត្តមក្នុងបុព្វហេតុជាតិមាតុភូមិនៅទូទាំងប្រទេស និងកំ ពុងបេសកកម្មថែរក្សាសន្ដិភាព ក្នុងគោលដៅមនុស្សធម៌ ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ រហូតចប់]

សំដែងនូវទុក្ខក្រៀមក្រំក្នុងការបាត់បង់ឯកឧត្តម មាស ក្រូច និងទាហាន ៤ នាក់ នៅអាហ្វ្រិកកណ្ដាល

ជាមួយនឹងការរីកររាយរបស់យើងនៅថ្ងៃនេះ យើងក៏មានការក្រៀមក្រំចំពោះការបាត់បង់ឯកឧត្តម មាស ក្រូច ដែលពេលនេះ កំពុងធ្វើពិធីបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា។ ឯកឧត្តម មាស ក្រូច គឺជាអ្នករួម ចំណែកដ៏សំខាន់មួយនៅក្នុងការរំដោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ការជួបគ្នា រវាងខ្ញុំ និងឯកឧត្តម មាស ក្រូច នៅក្នុង ខែ វិច្ឆិកា ឆ្នាំ ១៩៧៧ ហើយបន្ទាប់មក ក្លាយខ្លួនទៅជាអនុ ប្រធានសេនាធិការទទួលបន្ទុកកំណែន។ ពេលនោះ យើងក៏បានកសាងកងទ័ពមួយរៀបរយ ដែលមាន​រហូត​ទៅ​ដល់ ២៣ កងវរសេនាតូច និង ១០០ ក្រុមប្រតិបត្តិការប្រដាប់អាវុធ សម្រាប់ចូលរួមចំណែក​ក្នុង​ការ​រំដោះ​ជាតិ។ ឆ្នាំទៅ ឯកឧត្តម មាស ក្រូច បានមកចូលរួមជាមួយយើងនៅទីនេះ ក៏ប៉ុន្តែថ្ងៃនេះ គាត់​មិន​បាន​ចូល​រួម​​ជាមួយយើងទៀតទេ។ យើងសំដែងនូវការសោកស្ដាយចំពោះមិត្តរួមអាវុធ ដែលបានរួម​ចំណែក​ពីដើមទី រហូតដល់ទីបញ្ចប់របស់ខ្លួន។

ជាមួយគ្នានេះ យើងក៏មានការបាត់បង់មួយទៀត ដែលចាប់ផ្ដើមពីម្សិលមិញ។ ម្សិលមិញ ព័ត៌មានបឋម កង​កម្លាំងរបស់យើងដែលនៅប្រទេស(សាធារណរដ្ឋ)អាហ្វ្រិកកណ្ដាល គឺគ្រាន់តែត្រឹមពលីតែម្នាក់ និង​បាត់​ខ្លួន ៣ នាក់។ ប៉ុន្តែមកដល់ពេលនេះ យើងបានទទួលព័ត៌មានជាក់លាក់ និងបានទទួលនូវសាកសព​រួច​មកហើយ។ កងទ័ពដែលបាត់ខ្លួនទាំង ៣ នាក់នោះ បានពលីរួចទៅហើយ។ ជន​ជាតិកម្ពុជា​ធ្វើ​សកម្ម​ភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិក្នុងគោលដៅមនុស្សធម៌ បានពលីជីវិតដោយកិតិ្តយស និង​សេច​ក្ដី​ក្លា​ហាន នៅលើទឹកដីនៃអាហ្វ្រិកកណ្ដាល។ អនុសេនីយទោ អ៊ឹម សំ, ព្រិន្ទបាលទោ ស៊ាង នរិន្ទ​, ព្រិន្ទ​បាលទោ មុំ តុលា និងអនុសេនីយឯក ម៉ៅ អេង បានពលីដោយសារការវាយប្រហារពីក្រុមឧទ្ទាម។ សម្រាប់​អនុសេនីយឯក ធុន គឹម កំពុងត្រូវរបួសដៃឆ្វេង។ នេះជាការបាត់បង់មួយសម្រាប់កងទ័ព និង​ប្រជា​ជន​កម្ពុជា ដែលខ្ញុំសូមអញ្ជើញឯកឧត្តម លោកជំទាវ អស់លោក លោកស្រីទាំងអស់ ងើបឈរឡើង​​ដើម្បី​ចូល​រួម​គោ​រពវិញ្ញាណ​ក្ខន្ធចំពោះឯកឧត្តម មាស ក្រូច និងចំពោះវីវនាយទាហាន និងនាយទាហានរង​របស់​យើង ដែលបានពលីកម្មកាលពីម្សិលមិញ។

ថ្កោលទោស និងស្វែករកម្ចាស់ផេកហ្វេសប៊ុក ឡុង ឌីម៉ង់ (Long Dimanche)

ក្នុងឱកាសដ៏ក្រៀមក្រំនេះ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមប្រធានសមាគមអតីតយុទ្ធជន ក៏ដូចជាខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំសូមចូលរួមមរណទុក្ខចំពោះគ្រួសារនៃសព ហើយសូមឧទិ្ទសនូវការងារនេះ​ជាកិត្តិយសសម្រាប់​ជាតិ​ទាំង​មូល ហើយខ្ញុំសូមស្នើអោយរកហ្វេសប៊ុកឈ្មោះ ឡុង ឌីម៉ង់ (Long Dimanche) អោយធ្វើការកែ​ ជា​បន្ទាន់នៅក្នុងការបង្ហោះហ្វេសប៊ុកបែបនេះ (ទាហានខ្មែរត្រូវបានកាត់ក្បាលដោយក្រុម ISIS)។ នេះជា​ការ​បង្ហោះមួយដែលបំផ្លិចបំផ្លាញដល់កិត្តិយសរបស់កងទ័ព។ លោក ឡុង ឌីម៉ង់(នេះ) ដែលមិនមែនជា​លោក ឡុង ឌីម៉ង់ អគ្គរដ្ឋទូតនៅកូរ៉េខាងត្បូងទេ។ ខ្ញុំបញ្ជាអោយក្រសួងមហាផ្ទៃតាមជាបន្ទាន់ ធ្វើកិច្ចការ​នេះ​ (ស្វែងរកម្ចាស់ផេកហ្វេកប៊ុក Long Dimanche) … វាមានតម្លៃស្មើនឹងការប្រកាស​សង្រ្គាមជាមួយនឹង​កង​ទ័ព​កម្ពុជាទាំងមូល។

យើងមិនអាចអត់អោនអោយពួកភេរវករដែលបានវាយប្រហារ​សម្លាប់ជនរួមជាតិ និងទាហានរបស់​យើង​ដែល​កំពុងប្រតិបត្តិការនៅក្រៅប្រទេសនោះទេ។ យើងបន្ត​ប្រយុទ្ធប្រឆាំងនឹងភេរវកម្ម ប៉ុន្តែអ្នកបង្ហោះហ្វេស​ប៊ុក​ដោយ​រូប​ភាព​កាត់តបែបនេះ គឺត្រូវទទួលខុសត្រូវ។ ប្រសិនបើជាការដកចេញនូវរូបភាពនេះ យើងអាច​យោគ​យល់បាន ប៉ុន្តែបើសិនជាអ្នកបង្ហោះមិនដករូបភាព​នេះចេញទេ យើងនឹងស្វះស្វែងរកមនុស្សនេះ ដើម្បី​ផ្ដន្ទាទោស ហើយអ្នកនឹងក្លាយទៅជាសត្រូវរបស់កងកម្លាំងប្រដាប់អាវុធ។ ប្រសិនបើអ្នកជាសមាជិក​បក្ស​នយោបាយផ្សេងដែលមានចេតនា បក្សនោះក៏ក្លាយទៅជាសត្រូវ នៃកងកម្លាំងប្រដាប់អាវុធផងដែរ។ សូម​អោយមានការស្រាវជ្រាវ ក្រែងលោមានការជ្រុលជ្រួសយ៉ាងណាមួយ លោក ឡុង ឌីម៉ង់ ត្រូវតែបញ្ចប់ ដក​ចេញភ្លាម។ នេះអាចរួចខ្លួន …។

សុំសេនាធិការកងទ័ពអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្ដាល ពិនិត្យ និងរៀបចំកម្លាំងការពារបន្ថែម

សម្រាប់ការបាត់បង់របស់យើងនេះ យើងអំពាវនាវអោយអង្គការសហប្រជាជាតិ ជាពិសេសផ្នែកសេនាធិ​ការ​នៃកងទ័ពរបស់អង្គការសហប្រជាជាតិ ដែលកំពុងប្រតិបត្តិការនៅអាហ្វ្រិកកណ្ដាល ចាត់ចែងកម្លាំង ឬ​ រៀប​ចំកម្លាំងបន្ថែមទៀត ព្រោះថាការថ្លោះធ្លោយនៃការរៀបចំដោយសេនាធិការរបស់អង្គការសហ​ប្រជា​ជាតិ វាអាចនាំមកនូវគ្រោះថ្នាក់សម្រាប់កងទ័ពនៃប្រទេសនានា ដែលយើង និងប្រទេសម៉ារ៉ុក សុទ្ធតែមាន​​ការ​បាត់​បង់​ដូចគ្នា ប៉ុន្តែម៉ារ៉ុក ត្រឹមតែរងរបួស និងបាត់ខ្លួន។ ប្រហែលជាប្រជាជនម៉ារ៉ុក គេចេះភាសា​នៅ​​ទី​នោះ។ ម៉ារ៉ុក ក៏និយាយភាសាបារាំង ហើយនៅអាហ្វ្រិកកណ្ដាលក៏និយាយភាសាបារាំង ប៉ុន្តែបងប្អូនយើង​អាច​ពេលនោះ តាមការស្មានរបស់ខ្ញុំជាមួយនឹង​ឯកឧត្តម ទៀ បាញ់ យប់មិញនេះ ដោយសារសាកសព​បាន​​រកឃើញនៅចម្ងាយប្រមាណជា ២ គីឡូម៉ែត្រ ពីកន្លែងប្រយុទ្ធដំបូង។ ដូច្នេះ បងប្អូនរបស់យើងនេះ អាចនឹងត្រូវចាប់ខ្លួន ហើយសម្លាប់ជាក្រោយ រួចហើយយកទៅកប់។ យើងបានចរចាជាមួយនឹងព្រះវិហារ​កាតូលិក ដើម្បីនឹងយកសាកសពនេះ។

កម្ពុជានឹងបញ្ជូនក្រុមមួយពីការពារជាតិ ទៅសង្កេតមើល និងពិនិត្យការរៀបចំនៅអាហ្វ្រិកកណ្ដាល

ខ្ញុំគិតថា ត្រូវចាត់តាំងក្រុមមួយពីក្រសួងការពារជាតិ ដើម្បីទៅកាន់អាហ្រ្វិកកណ្ដាល ហើយសង្កេតមើល​អំពី​ការ​រៀបចំកម្លាំងមុនការកើតហេតុនេះ ព្រោះយើងក៏សុទ្ធតែជាទាហានដែរ ហើយនៅក្នុងទីនេះ ក៏សុទ្ធតែ​ទា​ហានដែលធ្លាប់ច្បាំង ហើយមួយភាគធំក៏សុទ្ធតែអ្នកដែលធ្លាប់រៀនសេនាធិការ។ យើងមិនស្ដី​បន្ទោស​ចំ​ពោះ​សេនាធិការរបស់អង្គការសហប្រជាជាតិនោះទេ ក៏ប៉ុន្តែយើងអំពាវនាវចំពោះសេនាធិការកងទ័ពរបស់​អង្គ​ការ​សហប្រជាជាតិនៅអាហ្វ្រិកកណ្ដាល ពិនិត្យទៅលើការរៀបចំកម្លាំងឡើងវិញ ដើម្បីជៀសវាងនូវ​ឧបទ្ទវហេតុ(ដូចនេះ) ព្រោះថាកម្លាំងរបស់កម្ពុជាដែលបញ្ជូនទៅនេះ មិនមែនជាកម្លាំងទៅដើម្បីប្រយុទ្ធ​នោះ​ទេ។ … កម្លាំងរបស់យើងសុទ្ធតែជាកម្លាំងវិស្វកម្ម ដែលត្រូវធ្វើការដោះមីនផង និងធ្វើការសាងសង់ជួស​ជុល​ផ្លូវរហូតទៅដល់ព្រលានយន្ដហោះ។

ខ្ញុំសូមអោយមានការរៀបចំ ដើម្បីទៅពិនិត្យមើលអំពីបញ្ហានេះ ហើយស្នើសុំនូវផែនទីរៀបចំកម្លាំងនៅតំបន់ ដើម្បីធ្វើជាមូលដ្ឋាននៃការសិក្សារបស់យើង តើការរៀបចំកម្លាំងនេះ វាត្រូវ​ ឬទេ? ព្រោះយើងនៅទីនេះ មិន​មែន​ជាទាហានលំអរទីក្រុងទេ តែយើងសុទ្ធតែជាអតីតទាហាន ដែលធ្លាប់ឆ្លងកាត់នូវការប្រយុទ្ធរាប់សិប និង​ដល់រយលើក។ យើងស្គាល់នូវរបៀបរៀបចំកម្លាំង។ យើងជាសមាជិកអង្គការសហប្រជាជាតិ យើងមាន​សិទ្ធិផ្ដល់មតិជូនដល់អង្គការសហប្រជាជាតិ ទៅលើការជ្រើសរើសទា​ហានចេញពីប្រទេសណា​ទៅធ្វើជា​សេ​នាធិការ ឬធ្វើមេបញ្ជាការ​។

កម្ពុជា នឹងបង្កើនការខិតខំបញ្ជូនកម្លាំងបន្តទៅជួយបណ្តាប្រទេសជាមិត្ត

នេះក៏ជាផ្នែកមួយនៃការទទួលខុសត្រូវរបស់យើង ចំពោះសភាពកាណ៍ ដែលបានកើតឡើងរួចមកហើយ កុំអោយវាកើតឡើងសាជាថ្មីម្ដងទៀត។ សង្ឃឹមថា កម្លាំងដែលកំពុងឈរជើងនៅអាហ្វ្រិកកណ្ដាលក្ដី នៅ​ម៉ា​លីក្ដី នៅស៊ូដង់ខាងត្បូង​ ក៏ដូចជានៅលីបង់ មិនតក់ស្លុតចំពោះសភាពការណ៍នេះនោះទេ ហើយបងប្អូន​ប្រ​​ជា​ជនកម្ពុជា ១៥ លាននាក់, កងទ័ពប្រមាណ ១១ ម៉ឺននាក់ នគរបាលប្រមាណជាង ៦ ម៉ឺននាក់ ឈរ​ពី​ក្រោយ និងត្រៀមខ្លួនជាស្រេច ដើម្បីចេញប្រតិបត្តិការរក្សាសន្តិភាពជាបន្ត។ យើងមានកម្លាំង យើងកំពុង​ត្រៀម​រៀប​ចំដើម្បីប្តូរវេន រាប់ទាំងការទិញសម្ភារៈថ្មីៗ បំពាក់ឲ្យកម្លាំងរបស់យើងនៅក្រៅប្រទេស។ យើង​មិន​ថយក្រោយ ហើយសម្រេចចិត្តឈប់ចូលរួមប្រតិបត្តិការរក្សាសន្តិភាពនោះទេ។

ផ្ទុយទៅវិញ ខ្ញុំយកឱកាសនេះបញ្ជាក់ទៅអង្គការសហប្រជាជាតិថា កម្ពុជានឹងបង្កើនការខិតខំរបស់ខ្លួន ដើម្បី​បញ្ជូនកម្លាំងបន្តទៅជួយបណ្តាប្រទេសជាមិត្ត មិនចុះចាញ់ជាមួយនឹងការរំលោភបំពានណា​ក៏ដោយ​ចុះ ព្រោះថា(ក្នុងការអនុវត្ត)កិច្ចព្រមព្រៀងឈប់បាញ់ សភាពការណ៍នេះក៏ធ្លាប់បានកើតនៅកម្ពុជា ពេល​នោះ​កម្លាំងខ្មែរក្រហម ដែលមិនអនុវត្តនូវកិច្ចព្រមព្រៀងទីក្រុងបារីស ក៏បានលបវ៉ៃឆ្មក់ទៅលើទាហាន​​នៃប្រ​ទេស​មួយចំនួន រាប់ទាំងក្រុមនគរបាលរបស់ប្រទេសជប៉ុនផងដែរ។

កម្ពុជារំដោះខ្លួនចេញ និងទប់ស្កាត់ការវិលត្រឡប់ នៃរបបប្រល័យពូជសាសន៍

កម្ពុជាមិនតក់ស្លុតជាមួយនឹងបញ្ហានេះនោះទេ។ ថ្ងៃនេះ យើងមានការបាត់បង់ តែយើងក៏មានមោទនភាព​ថា កម្ពុជាសម័យនេះ គឺកម្ពុជាមិនគ្រាន់តែងើបឈរឡើង ដើម្បីរំដោះខ្លួនចេញពីរបបប្រល័យពូជសាសន៍ កម្ពុជា​ទប់ស្កាត់ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍ ដំណើរការសន្តិភាព និងការអនុវត្តនយោ​បាយ​​ឈ្នះ-ឈ្នះ នាំមកនូវការបញ្ចប់សង្រ្គាមទាំងស្រុង ដែលថ្ងៃនេះ បងប្អូនទាំងឡាយនៅទីនេះ បានរបួស​ ពិការ​… ពិតណាស់ហើយ បងប្អូនយើង(ធ្វើ)ពលីកម្ម (ទាំង)យុទ្ធមិត្តរបស់យើងនៅទីនេះក្តី និងអ្នកមិននៅទីនេះ​ក្តី (បាន)នាំមកនូវសេចក្តីសុខថ្ងៃនេះសម្រាប់ប្រជាជនកម្ពុជាទាំងមូល រាប់ទាំងសម្រាប់បក្សនយោបាយ​នា​នា ដែលមុននេះ មិនដឹងថានៅឯណាផងទេ ប៉ុន្តែពេលនេះចេញមុខធ្វើជា “អ្នកសាងគ្រោះ” ឲ្យជាតិ​។ ពេល​សភាពការណ៍អាសន្ន ដែលប្រទេសជាតិត្រូវការសង្រ្គោះ តើពួកគេនៅឯណា? … បន្ទាប់ពីការរត់ក្រោម​គ្រាប់​​បែក គ្រាប់ផ្លោង ក្រោមត្បូងចប ពលិកម្មនេះ បាន​ផ្តល់​សេចក្តីសុខសម្រាប់ប្រជាជនយើង។ (យោង​តាម​ពាក្យ​សម្តី​ក្នុងហ្វេសប៊ុក) ខ្ញុំនៅតែអះអាងដាច់ខាតលើកនេះ សង្គ្រាមវានឹងកើត ប្រសិនបើគណបក្ស​ប្រជា​ជន​មិន​​បន្តការ​គ្រប់គ្រងអំណាចនោះ។

យើង(យុទ្ធមិត្ត)បានខិតខំធ្វើអោយប្រទេសកម្ពុជាផ្លាស់ពីតំបន់ត្រួតត្រាច្រើន មកក្លាយជាតំបន់ត្រួតត្រាមួយ

ខ្ញុំមិននិយាយតាមសុន្ទរកថាទៀតទេ បានជាជ្រុលប៉ុណ្ណេះហើយ គឺឈប់និយាយតាមសុន្ទរកថាហើយ។ ខ្ញុំ​ត្រូវ​​តែនិយាយឲ្យបានច្បាស់ ជាមួយនឹងយុទ្ធមិត្តទាំងអស់ដែលបានបូជាសាច់ស្រស់ឈាមស្រស់ សម្រាប់​ជាតិមាតុភូមិដ៏កំសត់មួយនេះ។ រយៈពេលកន្លងទៅ ការខិតខំរបស់យើងបាននាំមកនូវសមិទ្ធផលសម្រាប់​សង្គម​ជាតិ។ មានអ្នកខ្លះគេជេរយើង គេលាបពណ៌យើង តែគេមិនបានដឹងថា ក្បាលរបស់គេបានរស់​ដោយ​សារពលិកម្មរបស់យើងនោះទេ។ អ្នកខ្លះកើតមិនទាន់ តែយើងក៏បានសង្រ្គោះឪពុកម្តាយ និងជីដូន ជីតារបស់ពួកគេ ប៉ុន្តែ បែរជាត្រូវមនោគមវិជ្ជាមួយគ្របដណ្តប់។ មិនហ៊ាននិយាយទេ ទៅលើបុព្វហេតុនៃ​ការ​រំដោះជាតិ នៃការនាំមកនៃសន្តិភាពពិតប្រាកដមួយ។ ប្រទេសកម្ពុជាដែលអតីតកាលរបស់ខ្លួន ជាប្រ​ទេស​មួយ ធ្លាប់មានតំបន់ត្រួតត្រាច្រើន និងកម្លាំងប្រដាប់អាវុធច្រើន … ធ្លាប់មានតំបន់ត្រួតត្រាច្រើន និង​រដ្ឋា​​ភិបាល ២ យើងបានខិតខំធ្វើកិច្ចការងារនេះ ដើម្បីនាំមកនូវប្រទេសកម្ពុជាមួយ តំបន់ត្រួតត្រាមួយ រដ្ឋធម្មនុញ្ញមួយ ព្រះមហាក្សត្រតែមួយ រាជរដ្ឋាភិបាលតែមួយ និងកងកម្លាំងប្រដាប់អាវុធតែមួយ មិនមែន​ជា​បញ្ហាលេងសើចទេ ហើយក៏មិនមែនទេវតាប្រទានឲ្យយើងដែរ គ្មានបរទេសណាផ្តល់ឲ្យយើង​នៅនាទីចុង​ក្រោយ​​ដែរ។ អ៊ុនតាក់ បានចាយលុយអស់ ២០០០ លានដុល្លារសហរដ្ឋអាមេរិក យើងទទួលស្គាល់នូវ​តួនាទី​របស់អ៊ុនតាក់ ដែលនាំមកនូវការស្រុះស្រួលរវាងភាគី ៣ ហើយដំណើរការបោះឆ្នោតដែលរៀបរៀង​ដោយ អ៊ុនតាក់ ប៉ុន្តែ អ៊ុនតាក់ខ្លួនឯង និងសហប្រជាជាតិខ្លួនឯង ក៏មិនត្រូវភ្លេចថាពេលដែល​ដកត្រ​​ឡប់​ទៅ​វិញ ទុកឲ្យកម្ពុជាមានតំបន់ត្រួតត្រា ២ មានរដ្ឋាភិបាល ២ ក្នុងចន្លោះឆ្នាំ ១៩៩៣ ដល់ ឆ្នាំ ១៩៩៨ …។

នយោបាយឈ្នះឈ្នះ មិនបង្កើតឲ្យអ្នកណាមួយរងគ្រោះទេ

នយោបាយឈ្នះឈ្នះ​របស់យើងបាននាំមកសន្តិភាព និងការបង្រួបបង្រួមជាតិ និងជាការឯកភាពលើកដំ​បូង​នៅ​ក្នុងប្រវត្តិសាស្រ្តរាប់សិប ឬដល់រាប់រយឆ្នាំ បើគិតតាំងពីដំណាក់កាលដែលព្រះស្រីរាជាគ្រងរាជ្យ នៅ​ឆ្នាំ ប្រមាណជាង ១៤៧០ ខ្មែរ។ ឃើញតែទាស់គ្នា បែកបាក់គ្នា កម្លាំងប្រដាប់អាវុធមាននៅ​តាមក្រុម​ផ្សេងៗ​គ្នា ជាខ្មែរក្រហម ជាខ្មែរស ជាខ្មែរខៀវ ជាខ្មែរស៊ីជម្ពូ និងខ្មែររដ្ឋាភិបាល។ ឆ្នាំ ៧០-៧៥ ប្រ​ទេស​កម្ពុជាមួយបែងចែកជាតំបន់ត្រួតត្រា ២ និងរដ្ឋាភិបាល ២ មិនគ្រាន់តែប្រយុទ្ធគ្នានៅផ្ទៃក្នុងប្រទេសទេ ក៏​ប៉ុន្តែបានប្រយុទ្ធគ្នា នៅតាមវេទិកាអន្តរជាតិ អង្គការសហប្រជាជាតិ។ (វេទិកាទាំងនោះ) ត្រូវកាន់កាប់​ដោយ​ពួក លន់ នល់ ដែល​ធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ ដោយមានការគាំទ្រពីសហ​រដ្ឋ​អា​មេ​រិក។ គេបានបន្តកាន់កាប់អាសនៈ នៅអង្គការសហប្រជាជាតិ ចលនាមិនចូលបក្សសម្ព័ន្ធ ត្រូវកាន់កាន់​ដោយ​រណសិរ្សរួបរួម​ជាតិកាន់កាប់ដោយសម្តេច នរោត្តមសីហនុ។ នោះហើយជាលទ្ធផលនៃការផ្លាស់ប្តូរ វា​​ជា​លទ្ធផលនៃនយោបាយជំរុញឲ្យមានជម្លោះ។

បន្តមកទៀត របបប្រល័យពូជសាសន៍បានធ្លាក់មកលើប្រជាជនកម្ពុជា។ យើងបានប្រឹងប្រែងរួមគ្នា បើ​ទោះ​បី​ជា​អ្នកមិនបានចូលរួមនៅក្នុងកងទ័ពក៏ដោយចុះ។ ប្រជាជនកម្ពុជាពេលនោះ បានប្រឹងងើបឈរ​ឡើងជា​ផ្នែកដ៏សំខាន់នៃការរំដោះប្រទេសដ៏ឆាប់រហ័ស។ ទំនាក់ទំនងផលិតកម្មបែបផែនផលិតកម្ម​ធ្វើរួម​ស៊ី​រួមរបស់ ប៉ុល ពត បានជំរុញឲ្យប្រជាជនកម្ពុជាងើបឡើងផ្លាស់ប្តូរនូវបែបផែនផលិតកម្ម និងទំនាក់ទំនង​ផលិតកម្ម​ដោយចែកចាន ចែកឆ្នាំងគ្នាត្រឡប់ទៅវិញ។ នេះជាផ្នែកដ៏សំខាន់មួយដែលជួយទៅដល់​រដ្ឋាភិ​បាល​ពេល​នោះដើម្បីដោះស្រាយបញ្ហា ជាផ្នែកមួយនៃការតស៊ូរបស់ប្រជាជន។ ប៉ុន្តែសង្រ្គាមនៅបន្ត​​ទៀត។ ជាថ្មីម្តង​ទៀត កម្ពុជាបានវិលត្រឡប់ទៅមានតំបន់ត្រួតត្រា ៤ យើងបានប្រឹងប្រែងរួមចំណែកដ៏ធំសំបើម នៅ​ក្នុងការ​ស្វែងរកសន្តិភាពដើម្បីឈានទៅដល់កិច្ចព្រមព្រៀងទីក្រុងបារីស។

កម្លាំង​ប្រ​ដាប់អាវុធ ត្រូវចូលរួមការពារសន្តិភាពឲ្យបាន

សព្វថ្ងៃមានមនុស្សខ្លាំងដែលមិនដឹងថាកិច្ចព្រមព្រៀងទីក្រុងប៉ារីសបែរមុខទៅណា ចាប់ផ្តើមពីណាទៅណា ធាតុវាជាអ្វី ប្រឹងប្រែងនិយាយលើសពីអ្នកដែលបានធ្វើកិច្ចការងារនេះដោយផ្ទាល់ទៀតផង។ វត្តមានអង្គ​​ការ​​សហប្រជាជាតិ តាមរយៈ អ៊ុនតាក់ ដែលហៅថាអាជ្ញាធរ បណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិ អន្តរកាលនេះ ក៏បានរួមចំណែកធំធេងសម្រាប់សន្តិភាពរបស់កម្ពុជា តែនៅដំណាក់កាលចុងក្រោយ យើង​ត្រូវ​លះបង់បន្ថែមទៀត។ ការលះបង់លើកនេះ វាមានតំលៃធំធេងរបស់វា។ សន្តិភាពតាមរយៈនយោបាយ​ឈ្នះ​ឈ្នះ គឺមិនបង្កើតឲ្យអ្នកណាមួយរងគ្រោះនោះទេ។ សូម្បីគ្រាប់កាំភ្លើងមួយគ្រាប់ ក៏យើងមិនបាន​ប្រើ​ផង។ ប៉ុន្តែ ដោយសា្មរតីស្រឡាញ់សន្តិភាព និងការបង្រួបបង្រួមជាតិ យើងបានចូលរួមទាំងអស់គ្នា ទាំង​កម្លាំង​គ្រប់ភាគី ជាពិសេស ភាគីកម្ពុជាប្រជាធិបតេយ្យក៏បានវិលមក។ ឥឡូវតំបន់ទាំងអស់នៅទូទាំង​ប្រ​ទេស​មានការអភិវឌ្ឍប្រហាក់ប្រហែលគ្នា។

សូមសម្លឹងមើល នៅពេលដែលសិស្សប្រឡងមធ្យមសិក្សាទុតិយភូមិ គេបានឃើញថា សិស្សនៅតាមខេត្ត​ដាច់​ស្រយាលកាលពីពេលមុន ក៏បានជាប់ច្រើន ហើយក៏មានអ្នកជាប់និទ្ទេស A នៅតំបន់ឆ្ងាយៗផងដែរ។ នោះហើយគឺជាលទ្ធផលនៃសន្តិភាពដែលយើងរកបានដោយលំបាក។ ដូច្នេះ ទាំងកងទ័ពបច្ចុប្បន្ន កម្លាំង​ប្រ​ដាប់អាវុធបច្ចុប្បន្ន ទាំងកងទ័ពដែលបានចូលនិវត្តន៍ ត្រូវចូលរួមដើម្បីការពារសន្តិភាពនេះឲ្យបាន។ យើង​ដាច់​ខាតមិនឲ្យនរណាម្នាក់បំផ្លាញសន្តិភាពនេះទេ ទោះបីអ្នកឯងនិយាយថា អ្នកឯងគ្មានអាវុធទេ ប៉ុន្តែ សង្គ្រាម​ មិនមែនកើតឡើងតែប្រើអាវុធទេ សង្គ្រាមវាអាចកើតឡើងដោយសារមាត់របស់​អ្នកឯងតែ​ម្តង …​។ ប្រ​សិនបើមានចេតនារក្សាសន្តិភាពពិតប្រាកដ អប់រំផ្នែកខាងក្រោម ឈប់ជេរ ឈប់បញ្ចោរគ្នាទៅ។ នេះគឺ​ជា​រឿង​ដែលគួរធ្វើ …។

សូមខិតខំបោះមេដាយ ដើម្បីបំពាក់ជូនយុទ្ធជន

… ខ្ញុំសុំអរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំនៃអតីតយុទ្ធជន ជាពិសេស ឯកឧត្តម នាយឧត្តម​​សេនីយ គន់ គីម ដែលបានប្រឹងប្រែងពាំនាំនូវការសួរសុខទុក្ខរបស់ខ្ញុំ និងអំណោយរបស់ខ្ញុំទៅកាន់​បងប្អូន​អតីតយុទ្ធជន នៅតាមមូលដ្ឋាននានា ហើយអម្បាញ់មិញ និយាយពីបញ្ហាខ្វះមេដាយ។ ឯកឧត្តម ប៊ិន ឈិន ត្រូវខិតខំបោះមេដាយ ដែលជាតម្រួវការ ព្រោះអារឿងមេដាយ គឺវាមិនលំបាកទេ ហើយរឿងស៊ីញ៉េឲ្យ​មេ​ដាយ វាមិនពិបាកទេ ក៏ប៉ុន្តែ ការផលិតមេដាយនោះត្រូវឲ្យគ្រប់ ដើម្បីបំពាក់ជូនបងប្អូនគ្រប់ៗគ្នា។ យ៉ាង​ណា​ក៏ដោយ ក្នុងមួយជីវិតរបស់យើង ក៏បានទទួលស្គាល់ពីសំណាក់រាជរដ្ឋាភិបាល ដើម្បីផ្តល់ជូននូវ​មេ​ដាយ​ទាំងអស់នេះ។

កំពុងខិតខំរំកិលឡើងនៃប្រាក់សោធននិវត្តន៍ របស់អ្នកចូលនិវត្តន៍មុនៗ

ខ្ញុំក៏សូមជម្រាបជូនចំពោះយុទ្ធមិត្តទាំងឡាយថា ពេលនេះ រាជរដ្ឋាភិបាលក្នុងនោះក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ និងក្រសួងមុខងារសាធារណៈ កំពុងតែខិតខំធ្វើរំកិលឡើងនៃប្រាក់សោធននិវត្តន៍ មិនគ្រាន់តែកង​កម្លាំង​ប្រដាប់អាវុធ ជាកងទ័ព នគរបាល អាវុធហត្ថ ប៉ុណ្ណោះទេ ក៏ប៉ុន្តែ មន្រ្តីរាជការ ដែលចូល​និវត្តន៍​(ផង​ដែរ) ព្រោះអ្នកដែលចូលនិវត្តន៍មុនគឺប្រាក់ខែតិច ដល់ទៅអ្នកចូលនិវត្តន៍ក្រោយប្រាក់ខែច្រើន។ យើងត្រូវរំ​កិលអ្នកដែលបានចូលនិវត្តន៍មុន ក្នុងពេលដែលប្រាក់បៀវត្សរ៍ទាបឲ្យឡើងបន្តិចម្តងៗ។ យើងកំពុងធ្វើនៅ​ក្រប​ខណ្ឌទូទាំងប្រទេស ហើយខ្ញុំអំពាវនាវឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមុខងារសាធារណៈ ជាមួយនឹងក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន រុញនូវ(ការរំកិល)ប្រាក់សោធននិវត្តន៍នេះឲ្យបានលឿន។ សំ​​ខាន់អ្នកដែលបានចូលនិវត្តន៍នៅពេលដែលមានប្រាក់ខែទាបនោះ (សូមរុញ)ឲ្យបានលឿនបន្តិច ព្រោះ​ឥឡូវ​ប្រាក់ខែខ្លះគាត់ ១ លាន ដល់ទៅចូលនិវត្តន៍នៅសល់ ៨០% ស្មើនឹង ៨០ ម៉ឺនរៀល តែកាល​ដែល​ពេល​បងប្អូនយើងចូលនិវត្តន៍មុន ប្រាក់ខែត្រឹម ៤០ ម៉ឺន ដល់ចូលនិវត្តន៍ទៅ វានៅសល់ត្រឹម ៣០ ម៉ឺនរៀល​ប៉ុណ្ណឹង។ ដូច្នេះ ត្រូវជម្រុញល្បឿននៃការធ្វើកិច្ចការនេះជាបន្តទៅទៀត។

បន្តដោះស្រាយដីសម្បទានសង្គមកិច្ចជូនអតីតយុទ្ធជន

សូមឲ្យឯកឧត្តម ជា សុផារ៉ា និង ឯកឧត្តម គន់ គីម ធ្វើការជាមួយគ្នាឲ្យបាន​ជិតស្និទ្ធទៅ​លើ​ការ​ដោះ​ស្រាយ​ដីសម្បទានសង្គមកិច្ច ជូនចំពោះអតីតយុទ្ធជនរបស់យើង។ ឯកឧត្តម ជា សុផារ៉ា បានប្រាប់ខ្ញុំអំពី​​ការ​ប្រ​គល់ដីធ្លីនោះទៅឲ្យខេត្ត។ ដូច្នេះ ទន្ទឹមនឹងធ្វើការងារជាមួយថ្នាក់ជាតិ យើងក៏ត្រូវធ្វើការងារជាមួយ​ថ្នាក់​ក្រោមជាតិ គឺនៅថ្នាក់ខេត្ត ដើម្បីផ្តល់នូវដីធ្លីជូនចំពោះអតីតយុទ្ធជនរបស់យើង។ អ្វីដែលខ្ញុំស្នើសុំ នៅ​​ពេល​​ដែលបងប្អូនបានដីហើយ សូមកុំលក់ ទុកជាកេរអាករ ប្រើប្រាស់វា ដើម្បីបង្កបង្កើនផល ប្រើ​ប្រាស់​វា​ជា​កេរមត៌ក ដែលរាជរដ្ឋាភិបាលផ្តល់ឲ្យសម្រាប់យើងផង និងសម្រាប់តកូន តចៅរបស់យើងផង។ ខ្ញុំពិត​ជា​មានមោទនភាព ដោយសារកន្លងទៅ ខ្ញុំសង្កេតឃើញថា អតីតយុទ្ធជនរបស់យើង និងយុទ្ធជន​របស់​យើង ក្រៅពីការខិតខំបម្រើជាតិតាំងពីវ័យក្មេង ទោះបីជានៅក្នុងក្របខណ្ឌទាហានបច្ចុប្បន្ន កងទ័ពបច្ចុប្បន្ន ឬក៏ធ្លាក់ខ្លួនពិការក៏ដោយចុះ ក៏ប៉ុន្តែបានប្រឹងប្រែងដើម្បីបណ្តុះបណ្តាលកូនរបស់ខ្លួន ឲ្យក្លាយទៅជា​បញ្ញា​វ័ន្ត ដែលជាសេចក្តីត្រូវការរបស់ប្រទេសជាតិ។ កូនក្មួយទាំងនោះ មួយភាគបានទទួលយក​អាហា​រូបករណ៍​របស់ខ្ញុំ។ ខ្ញុំគិតឃើញថា អតីតយុទ្ធជនរបស់យើង គឺបានគិតគូរជាមួយនឹងការបណ្តុះបណ្តាលរបស់កូន​ចៅ​ខ្លួន ហើយក៏ជាផ្នែកដ៏សំខាន់មួយ នៃការគ្រប់គ្រងសណ្តាប់ធ្នាប់សង្គម ភូមិ ឃុំ មានសុវត្ថិភាព តាម​រយៈ​បងប្អូនអតីតយុទ្ធជន ឬុយុទ្ធជនពិការរបស់យើង។

ប្រពន្ធ និងកូន កុំអន់ចិត្ត ដែលមានប្តី និងឪពុកជាយុទ្ធជនពិការ តែត្រូវមានមោទនភាព

កាលពីថ្ងៃទី ១៣ មេសា មុនចូលឆ្នាំ ទៅ ៣១៧ គូលេន ខ្ញុំក៏បាននិយាយថា សុំប្អូនស្រី ក្មួយស្រី កុំតូច​ចិត្ត​ថា​​បានប្តីជាជនពិការ។ ប៉ុន្តែ ចេញមកស្រាប់តែជួបជាមួយនឹងអនុសេនីយទោម្នាក់ ដែលប្រពន្ធទើប​នឹងរត់​ចោល។ នេះជារឿងដែលមិនគួរមានទេ។ សូមក្មួយៗ ដែលជាកូនរបស់យុទ្ធជនពិការ កុំតូចចិត្តជាមួយ​នឹង​​ឪ​ពុក ឬម្តាយរបស់ខ្លួន ដែលបានក្លាយខ្លួនទៅជាជនពិការឲ្យសោះ ផ្ទុយទៅវិញ នោះគឺជាមោទនភាព​ដែល​ឪពុក​ម្តាយរបស់ខ្លួន ឬរហូតដល់ជីដូនជីតារបស់ខ្លួន ដែលធ្លាក់ខ្លួនពិការដោយសារប្រទេសជាតិ។

គណបក្សប្រជាជន កសាងសន្តិភាព និងអភិវឌ្ឍ

យើងបានធ្វើកិច្ចការច្រើន ហើយសង្ឃឹមថា យើងនឹងបន្តធ្វើកិច្ចការទាំងនេះតទៅទៀត។ យើងបានធ្វើច្រើន​​ដំ​ណាក់កាល តជំនាន់។ យើងរួមគ្នាតាំងពីស៊ីអត់ស៊ីឃ្លានរស់នៅជាមួយគ្នា។ បើនិយាយពីក្រប​ខណ្ឌ​គណ​បក្ស មានតែគណបក្សប្រជាជនមួយគត់ ដែលបានកសាងសន្តិភាពនៅប្រទេសនេះ ហើយក៏មានតែ​គណ​បក្ស​ប្រជាជនតែមួយគត់ដែលបានកសាង និងអភិវឌ្ឍឲ្យមានការរីកចម្រើនរហូតសព្វថ្ងៃ។ គណបក្សដទៃ ក្រៅពីការបំផ្លាញក្នុងដំណាក់កាលនៃការរស់រានឡើងវិញរបស់ប្រជាជន ក្រោយពេលរំដោះពីរបប ប៉ុល ពត ពួកគេបានរួមដៃគ្នាដើម្បីប្រឆាំងនឹងការរស់ឡើងវិញរបស់ប្រជាជន។

បក្សប្រឆាំងមិនបានជួយ ហើយធ្វើឲ្យខាតបង់ប្រយោជន៍របស់កម្មករ-កម្មការិនី មន្រ្តីរាជការ

ពេលដែលយើងកសាងប្រទេស ជាពេលដែលគេបានទៅសុំឲ្យបរទេសផ្តាច់ជំនួយ គេទៅសុំបរទេសកុំឲ្យ​មក​វិនិ​យោគ​នៅ​កម្ពុជា គេក៏ទៅសុំបរទេសថាកុំឲ្យមកវិនិយោគនៅកម្ពុជា គេក៏ទៅសុំបរទេសកុំឲ្យបញ្ជាទិញ​ទំ​និញ​ពីកម្ពុជា។ ក្មួយៗ កម្មករ កម្មការិនីរោងចក្រទាំងឡាយ ការងារដែលមានសព្វថ្ងៃ​មិនបានកើត​មកពី​បក្ស​ប្រឆាំងទេ។ ផ្ទុយទៅវិញ បក្សប្រឆាំងប៉ុនប៉ង ធ្វើសកម្មភាពរហូតទៅដល់អឺរ៉ុប ដើម្បីកុំឲ្យបញ្ជាទិញ សំ​លៀក​បំពាក់ពីកម្ពុជា។ តើនេះ ជាការកសាងជាតិ ឬការបំផ្លិចបំផ្លាញរបស់ពួកគេ? វាគ្រប់គ្រាន់​ដើម្បីឲ្យ​យើង​យល់ថា ប្រសិនបើគណបក្សប្រជាជន មិនខិតខំ និងមិនបន្តកាន់អំណាច គ្រោះថ្នាក់នឹងមកដល់​សា​ជា​ថ្មី។

ពេលដែលយើងតម្លើងបៀវត្សឲ្យមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សុំចាក់ឡើងវិញនូវការដេញដោល​ក្នុង​សភា (គណបក្សប្រឆាំង)គេមិនបានបោះឆ្នោតគាំទ្រនូវច្បាប់ថវិកានោះទេ ប៉ុន្តែ ឥឡូវនេះគេដើរឃោសនាថា ការតម្លើងបៀវត្សឲ្យមន្រ្តីរាជការ កម្លាំងប្រដាប់អាវុធ គឺដោយសារការទាមទាររបស់ពួកគេទៅវិញ។ តើវាត្រឹម​ត្រូវ​ឬទេ ដែលនិយាយ(ថារាជរដ្ឋាភិបាលធ្វើ)តាមការទាមទាររបស់ខ្លួន​ក្នុងពេលដែលខ្លួនមិនបានបោះ​ឆ្នោត​គាំទ្រច្បាប់ថវិកា ដែល ៥០ ភាគរយ នៃចំណាយចរន្ត បានប្រើប្រាស់ទៅលើបន្ទុកបុគ្គលិក គឺបៀវត្ស​មន្រ្តី​រាជ​ការ និងកងកម្លាំងប្រដាប់អាវុធ និងអ្នកចូលនិវត្តន៍នោះឯង។ តើនេះឬជាការទាមទាររបស់អស់លោកអ្នក? ខ្ញុំ​​មិនមែនយកវេទិកានេះដើម្បីធ្វើការឃោសនាបោះឆ្នោតទេ ក៏ប៉ុន្តែ ខ្ញុំសុំនិយាយការពិតចេញមក មិនមែន ជារឿងមួលបង្កាច់អ្នកណានោះទេ។ … រាប់ទាំង CG តូក្យូ នៅពេលនោះ គេបានទៅទប់​ស្កាត់​កុំ​ឲ្យ​ផ្តល់​ជំនួយ​ឲ្យកម្ពុជា។ ក្រោយមក ជាបន្តបន្ទាប់ ហើយចុងក្រោយទៅដល់សហគមន៍អឺរ៉ុប ទាមទារកុំឲ្យមានការ​បញ្ជា​ទិញសំលៀកបំពាក់ពីកម្ពុជា ដែលជាការសម្លាប់កម្មករ/ការិនី ហើយក៏ជាការសម្លាប់កូន​​ចៅ​របស់​ប្រជា​​ពលរដ្ឋជាកសិករនៅឯមូលដ្ឋាន។ នេះឬជាការចង់បានឲ្យកម្មករ ឲ្យមនុស្សមានការងារធ្វើ? …។

បើគណបក្សប្រជាជនបាត់បង់ការប្រុងប្រយ័ត្នតែបន្តិច សង្រ្គាមវាមកដល់ភ្លាម

បើសិនជាសព្វថ្ងៃនេះ អ្នកណាក៏បានឲ្យតែស្រលាញ់ និងបោះឆ្នោតឲ្យគណបក្សប្រជាជន​សុទ្ធតែជាអាយ៉ង​របស់​បរទេស ជាជនក្បត់ជាតិ។ នេះជាការប្រមាថដ៏ធំ ចំពោះអ្នកបោះឆ្នោតឲ្យ​គណបក្សប្រជាជន​ដែលមាន​ចំនួន​ច្រើនលើសលប់ ហើយជាអ្នកដែលឈ្នះឆ្នោតជាបន្តបន្ទាប់។ យើងឈ្នះ យើងកាន់អំណាច យើង​ផ្តល់​ឲ្យពួកគេនូវសេរីភាព នៃការធ្វើសកម្មភាពទាំងអស់តាមច្បាប់របស់កម្ពុជា ប៉ុន្តែ ទង្វើដែលគេកំពុងធ្វើ​តាម​រយៈ​នៃ​ការ​លាបពណ៌ ការជេរប្រទេច និងសកម្មភាពដទៃទៀត តើវាជាទង្វើស្អី? ប្រសិនបើគណ​បក្ស​ប្រជា​ជនបាត់បង់ការប្រុងប្រយ័ត្នតែបន្តិច សង្រ្គាមវានឹងមកដល់ភ្លាម។ ខ្ញុំសូមបញ្ជាក់ សូម្បីតែវីរៈកីឡា​ការិនី ស៊ន សៀវម៉ី ទទួលបានពានរង្វាន់អាស៊ី តើដែលឃើញបក្សប្រឆាំង ធ្វើការអបអរសាទរទេ? កញ្ញា អ៊ុក ស្រីមុំ ដែលប៉ុន្មានថ្ងៃកន្លងទៅនេះ។ ឥឡូវដូចជា វរសេនីយត្រីហើយ កងទ័ព វរសេនីយត្រី អ៊ុក ស្រីមុំ ក៏ចេញពីកងទ័ពដែរ ប្រកួតយកមេដាយមាសពិភពលោក ផ្នែកកីឡាប៉េតង់ នៅប្រទេសបែលហ្ស៊ិក សួរថា តើ​បក្សប្រឆាំងបានអបអរសាទរមួយម៉ាត់ទេ? … សួរថាបក្សប្រឆាំងហ៊ានទេ? គេមិនហ៊ានទេ ព្រោះបើ​សសើរ វាដូចជាសសើរគណបក្សប្រជាជន។ តើនេះឬ ជាចរិតនៃការរួបរួមជាតិ? ពេលដែលមានទង្វើអាក្រក់ គេ​ផ្សាយភ្លាម ប៉ុន្តែពេលដែលមានចំណុចវិជ្ជមាន គេមិនដែលនិយាយមួយម៉ាត់ទាល់តែសោះសួរថា? តើ​នេះ​ឬជាចរិតនៃបក្សនយោបាយ  ឬបុគ្គលដែលមានការទទួលខុសត្រូវក្នុងការបង្រួបបង្រួមជាតិទេ?

មិនភ្លេចនូវកាយវិការរបស់មន្រ្តីបក្សប្រឆាំងមួយចំនួន

សូមឲ្យប្រជាជនពិនិត្យ ពិចារណាឲ្យបានច្បាស់ ថោកអីនឹងដៃ ថ្លៃអីនឹងមាត់ ពេលដែលសម្តេចវិបុលបញ្ញា សុខ អាន ទទួលមរណភាព សូម្បីតែសារមួយបន្ទាត់ ក៏គ្មានផង ថែមទាំងប្រើប្រាស់ពាក្យពេជន៍មិនត្រឹមត្រូវ​ស្ទើរ​តែមានបាតុកម្មរបស់យុវជន ទើបសារលិខិតសុំទោសបានមកដល់។ នេះដោយសារ សីហា វាចេះចាប់​សម្លេង​ពីត្រង់ណាបានយកទៅផ្សាយ តើនេះឬជាចរិតនៃការរួបរួមជាតិ? ពេលឯកឧត្តម ប៉ែន សុវណ្ណ ទទួល​មរណភាព មន្រ្តីគណបក្សប្រជាជន ថ្នាក់ការិយាល័យនយោបាយ គណអចិន្រ្តៃយ៍ និងសមាជិក​សភា អនុប្រធានសភា បានទៅគោរពវិញ្ញាណក្ខ័ន្ធដល់កន្លែង។ ពេលដែលម្តាយក្មេក ម្តាយរបស់លោក​ជំ​​ទាវ ជូឡុង សូមូរ៉ា ទទួលមរណភាព ខ្ញុំបានទូរស័ព្ទទៅលោកជំទាវ ជូឡុង សូមូរ៉ា បន្ទាប់ទៅ ខ្ញុំក៏បាន​ចេញ​សារ​រំលែកទុក្ខ ហើយក៏បានបញ្ជូនកូនប្រុសទៅចូលរួមមរណទុក្ខ។

កាយវិការផ្ទុយគ្នាស្រលះបែបនេះ តើ​យក​ជាគ្នាបានឬអត់? នេះជាសំនួរសម្រាប់ប្រជាពលរដ្ឋថ្លឹងថ្លែង​ទៅ​ចុះ។ តើទាស់ខុសអីគ្រាន់តែអបអរសាទរកញ្ញា អ៊ុក ស្រីមុំ ដែលបានទទួលមេដាយមាស តើទៅថោកអី? លោកស្រី កែ ឡេង ដែលទទួលមេដាយមាស កញ្ញា ស៊ន សៀវម៉ី ដែលទទួលមេដាយមាស តើវាទាស់​ខុស​អីនៅពេលដែលកីឡាបាល់ទាត់កម្ពុជាយកឈ្នះទៅលើប្រទេសមួយចំនួន។ ប្រជាជនគួរត្រូវបានពិចារ​ណា​ទៅ​លើទង្វើអស់ទាំងនេះ។ កីឡាអត់មាននយោបាយទេ  ហេតុអ្វីបានគេមិនធ្វើ តែខ្ញុំក៏មិនភ្លេចនូវ​កាយ​វិការ​របស់មន្រ្តីបក្សប្រឆាំងមួយចំនួន ដែលនៅថ្ងៃបូជាសពសម្តេចវិបុលបញ្ញា ក៏បានមកចូលរួមនៅក្នុង​ពិធី​នោះផងដែរ អាចចាត់ទុកថាជាកាយវិការផ្ទុយពីមេបក្សរបស់ខ្លួន …។

ខ្ញុំមិនមែនជាទាហាន ត្រឹមតែលម្អទីក្រុងទេ

សុំបញ្ជាក់ថា កងទ័ពដូចជារូបខ្ញុំនេះ មិនមែនព្រះមហាក្សត្រព្រះអង្គចេះតែប្រទាននោះទេ។ ងារតេជោ គោ​រម​ងារ​ជា​សម្តេច ដែលព្រះបរមរតនកោដ្ឋ បានព្រះប្រទាន បន្ទាប់ទៅងារសម្តច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ មិនមែនចេះតែបំពាក់នោះទេ។ ប៉ុន្តែច្បាស់ណាថា គោរមងារទាំងនេះ គឺជាការទទួលស្គាល់នៅក្នុងព្រះរាជក្រឹត្យរួចស្រេចទៅហើយ(ថា) ខ្ញុំមិនមែនជាទាហាន ដែល​​ត្រឹមតែលម្អទីក្រុងទេ។ ព្រឹត្តិការណ៍កើតឡើង អស់លោកនាយទាហាន ពលទាហាន សុទ្ធតែបាន​ដឹង​នូវ​ការរៀបចំរបស់ខ្ញុំ។ ឥឡូវ ពេលវេលាចែកអាវភ្លៀងបានមកដល់។ រៀបចំឲ្យបានស្រូត ឆ្នាំនេះ​ភ្លៀង​ធ្លាក់ពីដើមឆ្នាំ ត្រូវបញ្ជូនអាវភ្លៀងបន្ទាន់ ទៅកាន់គ្រប់គោលដៅដែលយើងធ្លាប់បានផ្តល់រួចមកហើយ។ ខែរងាគឺត្រូវផ្តល់អាវរងា ខែភ្លៀងត្រូវផ្តល់អាវភ្លៀង ដែលអស់លោកប្រសិទ្ធនាមឲ្យខ្ញុំថា អគ្គភស្តុភាជាន់ខ្ពស់​នោះ​អី  ការគិតសព្វគិតគ្រប់ តាំងពីក្បាលដល់ចុងជើង ព្រោះខ្លួនខ្ញុំផ្ទាល់ដែលជាអ្នកធ្លាប់ដេក​ក្នុងលេណ​ដ្ឋាន ជាអ្នកធ្លាប់ចងអង្រឹងដេក ជាអ្នកផ្អែកដើមឈើដេក។ គ្រប់រសជាតិ ខ្ញុំបានស្គាល់ ហើយ(ភាព)របួស​ពិការ … កាន់តែលើកទឹកចិត្តអោយខ្ញុំរួមចំណែករំដោះប្រទេស នំាមក និងរក្សាសន្តិភាពជាបន្ត។

ដើម្បីការពារសន្តិភាព និងសមិទ្ធផល គណបក្សប្រជាជនត្រូវតែឈ្នះឆ្នោតគ្រប់ការបោះឆ្នោតទំាងអស់​

ទោះអ្នកនិយាយថាយ៉ាងម៉េចក៏ដោយចុះ ហោចណាស់ អ្នកត្រូវបើកភ្នែកអោយឃើញថា ស្ពានធំៗ ដែល​ឆ្លង​កាត់ទន្លេ បានកើតនៅក្នុងដំណាក់កាលនៃការដឹកនំារបស់ តេជោសែន នេះឯង។ អគ្គិសនី ផ្លូវថ្នល់ ប្រ​ឡាយ​ទឹក។ ពិតមែនតែវាមិនទាន់គ្រប់គ្រាន់ទេ យើងចាប់ផ្តើមពីបាតដៃទទេ ពីទីក្រុងភ្នំពេញដែល​គ្មាន​មនុស្ស​នៅ ឥឡូវក្រុងភ្នំពេញកកស្ទះទៅដោយយានយន្តគ្រប់ប្រភេទ។ អ្វីៗបានកើតក្នុងដំណាក់កាលនេះ សង្ឃឹមថា ប្រជាពលរដ្ឋរបស់យើងនឹងយល់ ហើយសង្ឃឹមថា នេះជាក្តីមោទនភាពនៃអតីតយុទ្ធជន និង​​យុទ្ធ​ជនពិការរបស់យើង ក៏ដូចជាបងប្អូនមន្ត្រីរាជការ ដែលបានចូលនិវត្តន៍ទៅហើយ ៣៨ ឆ្នំាបានកន្លងផុត ជាមួយនឹងការខិតខំរបស់យើងទំាងអស់គ្នា។ ដូច្នេះ ដោយតម្លៃណាក៏ដោយ ត្រូវតែការពារអោយបាន។ ដើម្បី​ការពារបានគណបក្សប្រជាជនត្រូវតែឈ្នះឆ្នោតគ្រប់ការបោះឆ្នោតទំាងអស់។

សូមកុំភ្លេច ថ្ងៃ ២៨ ខែកក្កដា មិនទាន់ដឹងលទ្ធផលផ្លូវការផង ឆេះឡានអស់ប៉ុន្មាននៅស្ទឹងមានជ័យ។ អ្នក​ឯង​ធ្វើសកម្មភាពច្រើនទីកន្លែង មិនអោយពលរដ្ឋចូលបោះឆ្នោត តែដើម្បីថ្នាក់ថ្នមសភាពការណ៍ យើងអត់​ធ្មត់​មិន​​ធ្វើសកម្មភាព។ កុំភ្លេចថា ២០១៧ និង ២០១៨ បើសកម្មភាពរបស់ពួកអ្នកឯងរបៀបនេះ កម្លំាង​ប្រដាប់​អាវុធ​ត្រូវ​ចេញបង្ក្រាបភ្លាម … អត់មានទុកអោយមកដុតឡានបំផ្លាញសណ្តាប់ធ្នាប់សាធារណៈទេ។ មិន​ទាន់​​នឹងឈ្នះផង បែរជាទាមទារ បែរជាបង្ករហេតុទៅហើយ។ បន្ទាប់ពីនោះ ធ្វើបាតុកម្ម ហ៊ុន សែន អើយ ​ចុះ​​ចេញទៅ ហ៊ុន សែន អើយ ចុះចេញទៅ។ ខ្ញុំបាននិយាយជាមួយ កឹម សុខា ផ្ទាល់នៅនឹងរដ្ឋសភា ខ្ញុំ​ថា​ម៉េច​ឯកឧត្តមថា បើមិនចុះមានតែអង្រួនអោយចុះ។ ខ្ញុំបានចង្អុលមុខគាត់ ពេលនោះឯកឧត្តម ងួន ញ៉ិល គាត់​នៅជិតខ្ញុំថា ឯកឧត្តម បើសិនជាឯកឧត្តមសម្រេចធ្វើ ថ្ងៃនេះគឺជាថ្ងៃបុណ្យខ្មោចឯកឧត្តមទេ។

សូមកុំ​ព្រ​ហើន អ្នកឯងមិនទាន់ឈ្នះ អ្នកឯងទៅប្រកាសនៅស្រុកស្អាង បោះឆ្នោតរួចហើយ ដឹងហើយលទ្ធ​ផល អ្នកណាប៉ុន្មាន អ្នកណាប៉ុន្មាន? ហេតុអ្វីក្រោយការបោះឆ្នោតគេប្រើពាក្យថា វាជាឱកាសល្អបំផុត​សម្រាប់​ការផ្លាស់ប្តូរនៅឆ្នំា ២០១៣ នេះ។ មានន័យដូចម្តេចទៅ។ សូមកុំភ្លេច headquarters របស់​អ្នក​ឯង មិនអាចទប់ទល់ជាមួយនឹងកម្លំាងដ៏ស្មោះត្រង់របស់រាជរដ្ឋាភិបាលស្របច្បាប់នោះទេ។ ហើយក៏បាន​ឃើញ​អ្នក​ឯង​រត់ទៅសម្ងំលាក់ខ្លួន នៅពេលដែលអ្នកឯងធ្វើសកម្មភាពជ្រុលហួស។ សូមព្រមានទុកអោយ​ហើយ​កុំអោយសភាពការណ៍ឆ្នំា ២០១៣ វិលវិញ ទំាងមុនបោះឆ្នោត និងក្រោយបោះឆ្នោត។ … ធម្មតា​កង​​ទ័ព​អត់និយាយថា លោកម្ចាស់សូមនៅអោយស្ងៀម។ អត់ទេ។ ទាហានអត់និយាយអញ្ចឹងទេ។ បើទាហាន West Point វិញ អាឆ្នំាទីមួយគេអោយដើរអោយលឿន … ខ្ញុំទៅដល់សាលា។ ឆ្នំាទីមួយ​គេអោយ​ដើរ​អោយ​លឿន។ ឆ្នំាទីពីរ គេបង្រៀនស្រែកអោយខ្លំាងៗ ព្រោះមេទ័ពទៅបញ្ជា … បើមិនអញ្ចឹងៗ មានអ្នក​ណា​ស្តាប់ ទាហានគេនិយាយខ្លំាង។

ប្រើប្រព័ន្ធបច្ចេកវិទ្យា ដើម្បីកំណែទម្រង់រដ្ឋក្នុងការបើកប្រាក់បៀវត្ស

យើងបន្តការខិតខំបន្តទៅ​ទៀត តាមរយៈនៃការជម្រុញនៃកិច្ចការទំាងឡាយ ដែលត្រូវធ្វើសម្រាប់បងប្អូន​របស់​យើង ក្នុងនោះបញ្ហាបេឡាជាតិអតីតយុទ្ធជន ប្រឹងប្រែងធ្វើម៉េចអោយកិច្ចការងារនេះដំណើរការបាន​ស្រូត បានល្អ … កន្លងទៅ ឯកឧត្តម វង្ស សូត្រ បានរាយការណ៍អោយខ្ញុំ មិនចំាបាច់ធ្វើដំណើរ​ឆ្ងាយ​មក​បើក​លុយនោះទេ មានតែកាត ATM បើកលុយក្បែរផ្ទះនោះទៅ …។ នេះហើយជាការកែទម្រង់រដ្ឋ ដែលមក​ទល់​បច្ចុប្បន្ននេះ មន្ត្រីរាជការស៊ីវិលរបស់យើង ទន្ទឹមនឹងការឡើងបៀវត្ស ក៏បានបើកប្រាក់ទៅតាម​ធនាគារ​អស់ហើយ។ នគរបាលក៏បានធ្វើជិតអស់ហើយ។ ឯអ្នកដែលមិនទាន់បានបើក ក៏គ្រាន់តែមិន​​ទាន់បាន​ប្រើ​ប្រាស់។ កងទ័ពមួយផ្នែកក៏បានធ្វើហើយ។ យើងប្រើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីជម្រុញកំណែទម្រង់ ដូច​ជាបើកផ្តល់បៀវត្ស ដោយមិនចំាបាច់ដឹកសាច់ប្រាក់ទំាងឡានៗចេញ ពីទីក្រុងភ្នំពេញទៅកាន់បណ្តា​ខេត្ត ឬបណ្តាយុទ្ធភូមិភាគ ឬកងពលនោះទេ នេះជាវិធីដែលរាជរដ្ឋាភិបាលដឹកនំាដោយគណបក្សប្រជាជន បន្តការខិតខំ។

ផ្តល់ដីសម្បទានអោយអតីតយុទ្ធជន និងយុទ្ធជន

ខ្ញុំស្នើទទូចអោយបន្តការខិតខំពិនិត្យរៀបចំការផ្តល់ដីសម្បទាននេះ សម្រាប់អោយបងប្អូនរបស់យើងមាន​ដីធ្លី​សម្រាប់បង្កបង្កើនផលតាមខេត្ត លើកលែងតែទីក្រុងភ្នំពេញគ្មានដីទេ ខេត្តកណ្តាលគ្មានដីទេ ប៉ុន្តែខេត្ត​(ផ្សេង)​មានដីនោះ ហើយធ្វើម៉េចអោយបានដល់ដៃអតីតយុទ្ធជន និងយុទ្ធជនធ្វើការពិតប្រាកដ។ ខ្ញុំសូម​អរគុណ​ចំពោះដៃគូនេះ ដែលបានផ្តល់ជំនួយ ក្នុងរយៈពេលកន្លងទៅ ដូចជាការធ្វើជើងសិប្បនិម្មិត្ត ឬការ​ស្តារ​ឡើងវិញនូវកាយសម្បទា ការបណ្តុះបណ្តាលវិជ្ជាជីវៈជូនបងប្អូនអតីតយុទ្ធជន ឬយុទ្ធជនពិការ។ អរ​គុណ​​សប្បុរសជននានានៅក្នុងប្រទេស ដែលបានចែករំលែកថវិការបស់ខ្លួន ដើម្បីផ្តល់ជួយទៅដល់យុទ្ធ​ជន​ពិការ តាមរយៈការផ្តល់ថវិកា ដើម្បីកសាងនៅផ្ទះជូនយុទ្ធជនពិការ។ នៅពេលមានសភាព​ការណ៍​​នៅ​តាមព្រំដែន ប្រជាជនយើងទោះតិចទោះច្រើនបានគំាទ្រនៅយុទ្ធជននៅព្រំដែន។ នេះជាកាយវិការដែល​បញ្ជាក់​ច្បាស់ថាកងទ័ព ជាកងទ័ពរបស់ប្រជាជន កើតចេញពីប្រជាជន ដើម្បីប្រជាជន មិនមែនជា​មនុស្ស​ដាច់ដោយឡែក ហើយដែលត្រូវបក្សប្រឆាំងជេរបញ្ចោរនោះទេ។

នយោបាយបោកប្រោស់ប្រជាភិថុតិ បញ្ញើក្អែក មិនមែនជាជម្រើស

សេចក្ដីសុខរបស់អ្នកបានមកពីញើសឈាមរបស់អតីតយុទ្ធជន និងយុទ្ធជនបច្ចុប្បន្ន ដែលកំពុងឈរការ​ពារ​នៅគ្រប់ទីកន្លែង។ ដើម្បីសេចក្ដីសុខរបស់អ្នក សុំអ្នកកុំប្រមាថឲ្យសោះ។ អ្នកកំពុងសប្បាយរីករាយ អ្នក​កំ​ពុង​តែប្រជុំដាក់ផែនការដើម្បីបំផ្លាញរាជរដ្ឋាភិបាល។ តែកំលាំងរាជរដ្ឋាភិបាលក៏​កំពុងការពារនៅទីកន្លែង​របស់​អ្នកដែរ។ អ្នកត្រូវយល់ឲ្យច្បាស់។ … នយោបាយបោកប្រោស់ប្រជាភិថុតិ និងរបៀបបញ្ញើក្អែក វាមិន​មែន​ជាជម្រើសដែលត្រូវជ្រើសរើសយកធ្វើជាមេដឹកនាំទេ មិនថាមេដឹកសម្រាប់ប្រទេស សូម្បីតែមេដឹក​នាំ​ថ្នាក់​ខេត្ត ឬស្រុកក៏វាមិនសក្តិសមផង។

នយោបាយដ៏ត្រឹមត្រូវ នាំមកនូវវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ាន

… ខ្ញុំដឹង មុននេះត្រៀមបម្រុងទុកថា ល្ងាចនេះយើងនឹងបាយជាមួយគ្នា។ ក៏ប៉ុន្តែ ជាអកុសល ដោយសារ​តែ​យើង​ត្រូវធ្វើវេទិកាសេដ្ឋកិច្ចពិភពលោក ដែលនឹងចាប់ផ្ដើមនៅថ្ងៃស្អែក ថ្ងៃនេះនាយក​រដ្ឋមន្រ្ដី​ឡាវនឹង​មក​ដល់ ខ្ញុំត្រូវជួបជាមួយនាយករដ្ឋមន្រ្ដីឡាវ បន្តទៅជួបជាមួយនឹងគណៈប្រតិភូនានា ដែលជាលើក​ដំបូង​បន្ទាប់​ពីការបង្កើតឡើង នៃធនាគារវិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ាន។ យប់នេះដែរ បើសិនជាគ្មានការ​ប្រែ​ប្រួលទេ ប្រធានាធិបតីហ្វីលីពីននឹងមកដល់កម្ពុជា បន្ទាប់មកទៀតគឺនាយករដ្ឋមន្រ្ដីវៀតណាម។ ឥស្សរជន​យ៉ាង​ច្រើនជាថ្នាក់រដ្ឋមន្រ្ដីបានមកកាន់ប្រទេសកម្ពុជា។ អ្នកវិនិយោគធំៗ ពីអាមេរិក ពីអឺរ៉ុប និងអាស៊ី ប្រ​មាណ​ជាជិត ៨០០ នាក់ មកដល់កម្ពុជា។ វាជាកិត្តិយសនៃប្រទេសមួយដែលចេញពីការបែកបាក់ ចេញពី​ភាព​ខ្ទេចខ្ទាំ បានចូលរួមដើរតួនាទីក្នុងក្របខណ្ឌនៃអង្គការសហប្រជាជាតិ ក្នុងក្របខណ្ឌនៃវេទិកាតំបន់ ដែល​លើកនេះយើងធ្វើវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ាន។

នេះជារឿងមិនចៃដន្យទេ ក៏ប៉ុន្តែវាបានមកពីនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជន ទាំងនយោបាយ​ក្នុង​ប្រ​ទេស និងនយោបាយក្រៅប្រទេស។ យើងបានធ្លាប់ធ្វើប្រធានអាស៊ានពីរដងរួចមកហើយ តើនេះវា​មិន​មែនជាមោទនភាពរបស់អតីតយុទ្ធជន ឬយុទ្ធជនបច្ចុប្បន្ននេះឬទេ? តើនេះមិនមែនជាមោទនភាពរបស់​ប្រ​ជាជនកម្ពុជាទេឬ? ហើយជាពិសេស តើនេះវាមិនមែនជាមោទនភាពនៃអ្នកបោះឆ្នោតឲ្យគណបក្ស​ប្រជា​ជន​ទេឬ? ត្រូវចាប់ឲ្យជាប់ រក្សាឲ្យបាននូវមោទនភាព ដែលខ្លួនបានចូលរួមចំ​ណែកខិតខំ ដើម្បីងើបឈរ​ឡើង​ពីភាពខ្ទេចខ្ទាំមកកាន់ឋានៈជាប្រទេសមួយ ដែលមានសុខសន្ដិភាពពេញលេញ គ្មានតំបន់អបគមន៍ ការអភិវឌ្ឍសេដ្ឋកិច្ចដែលមានអត្រា ៧.៧% ក្នុងរយៈកាល ២០ ឆ្នាំជាប់គ្នា ហើយបន្តមកទៀតគឺ ៧% ជា​រៀងរាល់ឆ្នាំ។ កំណើនប្រាក់បៀរវត្សរបស់កងទ័ព នគរបាល មន្រ្ដីរាជការរបស់យើងគឺកាន់តែមានការ​កើន ហើយមិនមែនបានមកពីអ្នកប្រឆាំងទាមទារដូចដែលគេដើរខ្សឹបគ្រប់ទីកន្លែងទេ …។

ឥឡូវ យើងត្រូវប្រឹងទាំងអស់គ្នា ប្រឹងដើម្បីធានានូវសន្ដិភាព និងការអភិវឌ្ឍល្អរបស់យើង។ ថ្ងៃនេះ សមា​ជិក/ជិកាអតីតយុទ្ធជនពិការ ដែលអញ្ជើញមកចូលរួមចំនួន ២៥០០ នាក់ ក្នុងម្នាក់ៗ ថវិកាចំនួន ១០ ម៉ឺន​​រៀល។ ជូនកងកិត្តិយស និងត្រែទ័ពថវិកាចំនួន ២ លានរៀល ជូនគណៈកម្មការរៀបចំកម្មវិធីចំនួន ១០ លានរៀល។ ដោយសារល្ងាចនេះខ្ញុំមិនបានចូលរួមនៅក្នុងការទទួលទានអាហារ ដូច្នេះខ្ញុំសុំបន្ថែមនូវថវិកា​សម្រាប់​ម្នាក់ចំនួន ១០ ម៉ឺនរៀលបន្ថែមទៀត។ សូមជឿទុកចិត្ត ទៅលើគណបក្សប្រជាជន ហើយសូមជឿ​​ទុក​ចិត្តទៅ​លើអ្វីដែលយើងបានរួមគ្នាធ្វើកន្លងទៅ។ ខ្ញុំមិនដែលគូសវាសយុទ្ធសាស្រ្ដនាំទៅដល់ការ​ខុស​ឆ្គង​សម្រាប់ប្រទេសជាតិនោះទេ។ ហេតុអ្វីបានជាខ្ញុំសូមសំណូមពរឲ្យមានការរៀបចំផ្នែកសេនាធិការនៅ​អាហ្វិ្រក​កណ្ដាល ហើយចាត់តាំងមន្រ្ដីយោធារបស់យើងទៅកាន់អាហ្វិ្រកកណ្ដាល ដើម្បីពិនិត្យមើលការ​រៀបចំកម្លាំង​នៅទីនោះ មុនកើតហេតុការណ៍តើវាយ៉ាងម៉េច ដើម្បីយើងដែលសុទ្ធតែជាអតីតយុទ្ធជន អតីត​ទាហាន មាន​លទ្ធភាពដើម្បីនឹងពិនិត្យមើលនូវចំណុចខ្លាំងចំណុចខ្សោយនៃការរៀបចំ …។

អរគុណឯកឧត្តម ទៀ បាញ់ ដែលបានផ្ញើសាររំលែកទុក្ខចំពោះក្រុមគ្រួសារ នៃយុទ្ធមិត្តរបស់យើង ដែល​បានពលីកម្មនៅអាហ្វិ្រកកណ្ដាល

អរគុណចំពោះការចូលរួមទាំងឡាយនៅថ្ងៃនេះ ហើយសូមអភ័យទោសចំពោះការនិយាយខ្លាំងៗរបស់ខ្ញុំ ប៉ុន្តែ​​ដូចខ្ញុំបាននិយាយអម្បាញ់មិញហើយ ជាយោធាគឺវានិយាយបែបនេះហើយ ប៉ុន្តែបើទោះបីខ្ញុំដោះ​ឯកសណ្ឋានយោធាចេញ សំលេងរបស់ខ្ញុំវាក៏ប៉ុណ្ណឹងដែរ ដោយសារតែវាជាកងទ័ពតាំងពីអាយុ ១៨ ឆ្នាំ ឯនោះ។ ដូច្នេះទម្លាប់ស្រែកលឺក្នុងការបញ្ជាទ័ព ឬក៏ធ្លាប់និយាយខ្លាំង … សូមអភ័យទោស បើសិនជា​ខ្ញុំ​មានការខ្វះខាតក្នុងការនិយាយស្ដី … សុំអរគុណឯកឧត្តម ទៀ បាញ់ ដែលបានផ្ញើសាររំលែកទុក្ខ​ចំពោះ​ក្រុម​គ្រួសារនៃយុទ្ធមិត្តរបស់យើងដែលបានពលីនៅអាហ្វិ្រកកណ្ដាល ជាពលីកម្មប្រកបដោយ​កិតិ្តយស និង​សេចក្ដីថ្លៃថ្នូរ។ សូមជួយមើលការរៀបចំពិធី តាមដានឲ្យជាប់ពីដំណើរវិលមាតុភូមិនិវត្តន៍​នៃយុទ្ធមិត្ត​របស់​យើងមកកាន់មាតុប្រទេសវិញ។ ចាត់ចែងធ្វើបុណ្យឲ្យបានល្អ។ ជាមួយនឹងការអបអរ​សាទរ​ខួបលើក​ទី ១០ ទិវាអតីតយុទ្ធជនកម្ពុជា ខ្ញុំសូមជូនពរឯកឧត្តម លោកជំទាវ អស់ លោក លោកស្រី ជាពិសេស​បងប្អូន​យុទ្ធជនពិការ អតីតយុទ្ធជន សូមជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ចែករំលែក