ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់នូវសមទ្ធិផលនានា ក្នុងវត្តអង្គសិរិមាលី ស្ថិតនៅឃុំព្រៃខ្លា ស្រុកកោះអណ្ដែត

នាព្រឹកថ្ងៃសៅរ៍ ២កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩  ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តី​ប្រចាំការ រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តតាកែវ រួមជាមួយប្រតិភូអមដំណើរ និងប្រជាពលរដ្ឋ អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់នូវសមទ្ធិផលនានា ក្នុងវត្តអង្គសិរិមាលី ហៅវត្តសំភ្លី ស្ថិតនៅ ឃុំព្រៃខ្លា ស្រុកកោះអណ្ដែត។

បន្ទាប់ពីឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានធ្វើសេចក្ដីរាយការណ៍សង្ខេបអំពីស្ថានភាពទូទៅ ក្នុងខេត្តតាកែវ និងការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ គឺបានដើរ ទន្ទឹមគ្នា ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ​ ប៊ិន ឈិន បានមានប្រសាសន៍ថា ហេដ្ឋារចនាសម្ព័ន្ធដ៏ស្កឹមស្កៃ ក្នុងវិស័យព្រះពុទ្ធសាសនា ដែលលេចជារូបរាងនាឱកាសនេះ បានបង្ហាញពីការរីកចម្រើនវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងជាកម្លាំងចលករ ដឹកនាំក្រមចរិយាធម៌សង្គម ឲ្យមនុស្សគ្រប់រូបដើរតាមផ្លូវល្អ ធ្វើអំពើល្អ ស្គាល់បាប ស្គាល់បុណ្យ មិនតែប៉ុណ្ណោះព្រះពុទ្ធ សាសនា បានចូលរួមបំពេញកុសលទាំងឡាយ ដើម្បីជាគុណប្រយោជន៍ ដល់មនុស្សឲ្យចេះស្គាល់ខុស ស្គាល់ត្រូវ ចេះសាមគ្គីភាព រួមគ្នាថែរក្សានូវសុខសន្តិភាព ស្ថិរភាព ដើម្បីលើកស្ទួយការកសាង ជាតិឆ្ពោះទៅរកសេចក្ដីថ្លៃថ្នូរ និងការអភិវឌ្ឍ ប្រជាពលរដ្ឋបានថ្កុំថ្កើនរុងរឿងសំបូរសប្បាយ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើការកសាងប្រទេសតាំងពីបាតដៃទទររហូតដល់មានការរីកចំរើនស្មើមុខស្មើមាត់ លើឆាកអន្តរជាតិ និងនៅក្នុងសកលលោក ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ