សម្រង់​​ប្រសាសន៍​​​​​សម្ដេច​​​តេជោ ហ៊ុន សែន ថ្លែង​ក្នុង​ឱកាសសម្ពោធជាផ្លូវការ សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន

CNV:

ឯកឧត្តម លោកជំទាវ លោក លោកស្រី !

ថ្ងៃនេះ ខ្ញុំមានសេចក្ដីរីករាយដោយបានចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលជាប្រវត្តិសាស្ត្រ ដំបូងបង្អស់ ដែលកម្ពុជាមានសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័នដែលហៅកាត់ថា សារមន្ទីរ ស.ស.រ នាពេលនេះ។

ខ្ញុំសូមវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះធនាគារជាតិ នៃកម្ពុជា ជាពិសេសឯកឧត្តម ជា ចាន់តូ ទេសា​ភិបាលធនាគារជាតិនៃកម្ពុជា ដែលបានខិតខំប្រឹងប្រែងរួមគ្នាកសាងសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ តាមការណែនាំរបស់ខ្ញុំ ក្នុងគោលបំណងប្រមែប្រមូលចងក្រងរាល់ឯកសារ និងវត្ថុតាងនានា ដែលពាក់ព័ន្ធប្រវត្តិសេដ្ឋកិច្ច និងរូបិយវត្ថុជាតិ ដែលបានកប់ជ្រៅក្នុងប្រវត្តិសាស្ត្រជាយូរលង់ណាស់មកហើយ សម្រាប់បង្ហាញជូន សាធារណជនជាតិ និងអន្តរជាតិ។ ពិសេស ដើម្បីឱ្យយុវជនជំនាន់ក្រោយបានសិក្សាស្រាវជ្រាវលើបញ្ហាសេដ្ឋកិច្ច និងរូបិយវត្ថុជាតិ ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងអធិប​តេយ្យជាតិយើងពីជំនាន់មួយទៅជំនាន់មួយ រហូតដល់បច្ចុប្បន្ននេះ។

ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមស្ថាបនិក ដឹកនាំដោយ លោក ហ្សង់ ដានីញែល ហ្គារឌែរ (Jean Daniel Gadere) ទីប្រឹក្សាធនាគារជាតិនៃកម្ពុជា ក្រុមអ្នកស្រាវជ្រាវបុរាណវិទ្យា ផ្នែករូបិយវត្ថុ ទាំងថ្នាក់ជាតិ និងអន្តរជាតិ អ្នករក្សាទុកកាសបុរាណ និងភាគីពាក់ព័ន្ធនានា ដែលបានរួមចំណែកធ្វើឱ្យសារមន្ទីរ លេចចេញជារូបរាង និងជាឃ្លាំងប្រវត្ដិសាស្ដ្រផ្នែកសេដ្ឋកិច្ច និងរូបិយវត្ថុដ៏ស្រស់ស្អាត និងទាន់សម័យ។ ទន្ទឹមនេះ ធនាគារជាតិ នៃកម្ពុជាក៏បានជ្រើសរើសយកទីតាំងអតីតសាលារាជធានីភ្នំពេញ មកធ្វើជាសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ដើម្បីរួមចំណែកអភិរក្សសំណង់អគារបុរាណ និងលើកសម្រស់រាជធានីភ្នំពេញឱ្យកាន់តែស្រស់ត្រកាលមួយកម្រិតថែមទៀត។

តួនាទីរូបិយវត្ថុក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាពិសេស ការពង្រឹងអធិបតេយ្យជាតិពិតជាមានសារៈសំខាន់ ដោយសាររូបិយវត្ថុក្នុងវិស័យសេដ្ឋកិច្ច គឺជាមធ្យោបាយសម្រួលដល់ការដោះដូរជាឧបករណ៍គោលនយោបាយ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច  ពង្រឹងភាពធន់ នៃសេដ្ឋកិច្ច ទៅនឹងហានិភ័យនានា ហើយរូបិយវត្ថុបានផ្សារភ្ជាប់ទៅនឹងអធបិតេយ្យជាតិ តាមរយៈគោលនយោបាយសង្គម និងសេដ្ឋកិច្ច ហើយក៏បានឆ្លុះបញ្ចាំងក្នុងប្រវត្តិសាស្ត្រជាតិ អំពីស្ថានភាពគ្រប់គ្រងប្រទេសនៅគ្រប់សម័យកាល។

ទន្ទឹមនេះ ការមើលរំលងតួនាទីរូបិយវត្ថុជាតិ ធ្វើឱ្យបាត់បង់ភាពម្ចាស់ការលើការគ្រប់គ្រងសេដ្ឋកិច្ច អធិបតេយ្យជាតិ ហើយប្រទេសជាតិនឹងមានភាពទន់ខ្សោយលើគ្រប់វិស័យ ដែលកត្តាទាំងអស់នេះបានជំរុញឱ្យព្រះមហាក្សត្រខ្មែរមួយចំនួន ព្យាយាមកសាងអធបិតេយ្យជាតិដោយបានបោះផ្សាយរូបិយវត្ថុជាតិដោយខ្លួនឯង។

កម្ពុជាធ្លាប់បានប្រើប្រាស់រូបិយវត្ថុ ដែលមានប្រភពមកពីតំបន់ផ្សេងៗ តាមរយៈការធ្វើពាណិជ្ជកម្មជាមួយបរ​ទេសតាំងពីសតវត្សរ៍ ទី ១ នៅសម័យនគរភ្នំ រហូតមកដល់សម័យអង្គរ ពេលដែលកម្ពុជាបានក្លាយជាឤណាចក្រមានការរីកចម្រើនដល់កំពូល ប៉ុន្ដែ កម្ពុជា​ពុំបានបោះពុម្ពរូបិយវត្ថុជាតិនោះទេ តែបានប្រើប្រាស់ប្រាក់​សំប៉ែតដែលនាំមកដោយជនជាតិចិន។

នៅដើមសតវត្សរ៍ទី ១៦ «ព្រះស្រីជេដ្ឋារាជរាមានាធិបតី» ហៅ «ស្តេចកន» ព្រះរាជាដំបូងគេបង្អស់របស់កម្ពុជាបានបោះផ្សាយរូបិយវត្ថុជាតិ គឺ «ប្រាក់ស្លឹង» ដើម្បីពង្រឹងអំណាចផ្នែកសេដ្ឋកិច្ច នយោបាយ និងអធិបតេយ្យជាតិ តាមរយៈការភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយបរទេស ដូចជាការដោះដូរពាណិជ្ជកម្មជាមួយអ្នក​ជំនួញ​ព័រទុយហ្គេ និងអេស្បាញ តាមរយ៖ «ប្រាក់ព៉្យាស់» និងការរៀបចំប្រព័ន្ធពន្ធដារច្បាស់លាស់ ដោយផ្អែកលើរូបិយ​វត្ថុជាតិសម្រាប់ការអភវិឌ្ឍសេដ្ឋកិច្ច និងពង្រឹងអំណាចកងទ័ពផងដែរ។

នៅសតវត្សរ៍ទី ១៩ ព្រះបាទអង្គឌួងបានបោះផ្សាយរូបិយវត្ថុជាតិ គឺ «ប្រាក់ប្រាសាទ» ដើម្បីពង្រឹងភាពខ្លាំងនៃសេដ្ឋកិច្ច និងអធិបតេយ្យជាតិ និងរំដោះប្រទេសជាតិចេញពីឥទ្ធិពលនៃប្រទេសជិតខាង។ នៅសម័យក្រោមឤណាព្យាបាលបារាំង កម្ពុជាមិនមានអធិបតេយ្យផ្នែករូបិយវត្ថុទេ ប៉ុន្តែកម្ពុជាបានប្រើប្រាស់រូបិយវត្ថុ ក្រដាស ប្រាក់ព៉្យាស់ ដែលបោះផ្សាយដោយធនាគារឥណ្ឌូចិន ដែលជាធនាគារពាណិជ្ជបារាំង​សម្រាប់ប្រទេសនៅឥណ្ឌូចិន រួមមាន កម្ពុជា វៀតណាមនិងឡាវ ដើម្បីជាមធ្យោបាយទូទាត់ សន្សំ និងខ្នាតកំណត់តម្លៃទំនិញ និងសេវារហូតដល់ឆ្នាំ ១៩៤៨។ ក្រោយមកប្រទេសទាំងបីត្រូវបានបារាំងបង្កើតឱ្យទៅជាសមាគមរដ្ឋឥណ្ឌូចិនជាមួយនឹងវិទ្យាស្ថានបោះពុម្ពប្រាក់ឥណ្ឌូចិន ដែលបង្កើតឡើងនៅឆ្នាំ ១៩៥២ មានទីស្នាក់ការកណ្តាលនៅទីក្រុងភ្នំពេញ ដើម្បីបោះផ្សាយរូបិយវត្ថុ សម្រាប់ប្រើប្រាស់ក្នុងប្រទេស ៣ គឺ កម្ពុជា ឡាវ និងវៀតណាមក្រោមការគ្រប់គ្រងរបស់បារាំង។

នៅចុងឆ្នាំ ១៩៥៤ នៅទីក្រុងប៉ារីស សហភាពរដ្ឋឥណ្ឌូចិន បានជួបប្រជុំចតុភាគី (បារាំង កម្ពុជា វៀតណាម និងឡាវ ) ដើម្បីស្វែងរកដំណោះស្រាយទាមទារឯករាជ្យផ្នែករូបិយវត្ថុសម្រាប់សមាគមរដ្ឋនីមួយៗ។ នៅថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ១៩៥៤ ប្រទេសកម្ពុជាបានទទួលឯករាជ្យផ្នែករូបិយវត្ថុ ហើយបានបង្កើតធនាគារជាតិ នៃកម្ពុជាបន្ទាបមកប្រាក់រៀលត្រូវបានដាក់ឲ្យចរាចរដោយជោគជ័យនៅខែ កញ្ញា ឆ្នាំ ១៩៥៥។

បន្ទាប់ពីកម្ពុជាទទួលបានអធិបតេយ្យផ្នែករូបិយវត្ថុមិនដល់រយៈពេល ២០ ឆ្នាំផង សង្គ្រាមស៊ីវិលចាប់ផ្តើមកើតឡើងនៅដើមទសវត្សរ៍ឆ្នាំ ១៩៧០ ប្រាក់រៀលបានធ្លាក់ថ្លៃជាលំដាប់ រហូតដល់កម្រិតមិនឤចគ្រប់គ្រងបាន ដោយសារការបាត់បង់ជំនឿទុកចិត្តពីសាធារណជន និងការហូរចូលប្រាក់ដុល្លារឤមេរិក។ ថ្លៃទំនិញកើនឡើងខ្លាំង ធ្វើឱ្យអតិផរណាកើនឡើងរហូតដល់អត្រា ២២៨% ក្នុងឆ្នាំ ១៩៧៤។ បន្ទាប់មកកម្ពុជាបានធ្លាក់ទៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅ ឆ្នាំ ១៩៧៥ ពេលនោះ ប្រាក់រៀល ប្រព័ន្ធសេដ្ឋកិច្ច និងរាល់កម្មសិទ្ធិឯកជនត្រូវបានលុបបំបាត់ចោលទាំងស្រុង។

ថ្ងៃ ៧ មករា ១៩៧៩ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានសង្គ្រោះជាតិមាតុភូមិ និងប្រជាជនទូទាំងប្រទេសបានរួចផុតពីរបបប៉ុលពត។ នៅថ្ងៃទី ១០ ខែ តុលា ឆ្នាំ ១៩៧៩ ធនាគារកណ្តាល ដែលនៅពេលនោះមានឈ្មោះថា «ធនាគារជាតិនៃប្រជាជនកម្ពុជា»ត្រូវបានបង្កើតឡើងវិញ ដើម្បីបង្ហាញពិភពលោក អំពីអធិប​តេយ្យជាតិរបស់កម្ពុជា ដែលត្រូវស្តារសេដ្ឋកិច្ចឡើងវិញពីចំណុចសូន្យ ដោយសារអគារធនាគារជាតិនៃកម្ពុជាត្រូវបានកម្ទេច គ្មានប្រភពហិរញ្ញវត្ថុ គ្មានសេសសល់មរតកធនាគារពីមុនមក ទាំងឯកសារបទពិសោធន៍ និងធន​ធានមនុស្ស។

នៅថ្ងៃទី ២០ ខែ មីនា ឆ្នាំ ១៩៨០ កម្ពុជាបានបោះផ្សាយរូបិយវត្ថុជាតិ គឺប្រាក់រៀល ហើយត្រូវបានដាក់ឱ្យធ្វើចរាចរណ៍ឡើងីវិញពេលនោះ ប្រជាពលរដ្ឋកម្ពុជា​ទូទាំង​ប្រទេសមានសេចករ្តីកីរាយ និងអបអរសាទរយ៉ាងខ្លាំង គឺជាព្រឹត្ដិការណ៍ប្រវត្ដិ​សាស្ដ្រដំបូង​​បង្អស់ ក្រោយថៃ្ងមហាជ័យជម្នះ ៧ មករា និងជាជោគជ័យរបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តគោលនយោបាយសេដ្ឋកិច្ចជាតិ។ ទន្ទឹមនេះ រដ្ឋាភិបាលបានចាប់ផ្តើមអនុវត្តគោលនយោបាយឥណទានចំពោះក្រុមសាមគ្គីបង្កបង្កើន​ផល និងសហគ្រាសរដ្ឋ ដោយធនាគារជាតិ នៃកម្ពុជាបានចូលរួមយ៉ាងសកម្ម ក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ចឡើងវិញ រួមមានការស្តារដីកសិកម្ម ការដាំដុះដំណាំកៅស៊ូ និងឈើ ការនេសាទ សិប្បកម្ម ឧស្សាហកម្ម និងពាណិជ្ជកម្ម ជាពិសេស គឺការប្រមូលទិញកសិផលដែលធ្វើឱ្យផលិត​ផលកសិកម្ម បានរីកចម្រើនជាបន្តបន្ទាប់។

នៅដើមទសវត្សរ៍ឆ្នាំ ១៩៩០ ប្រាក់ដុល្លារឤមេរិកដ៏ច្រើនសន្ធឹកសន្ធាប់បានហូរចូលក្នុងសេដ្ឋកិច្ចកម្ពុជា តាមរយៈវត្តមានឤជ្ញាធរបណ្តោះឤសន្នរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា UNTAC ធ្វើឱ្យដុល្លារូបនីយកម្មចាប់ផ្តើមមាននៅកម្ពុជា។ ដូច្នេះ បញ្ហាដុល្លារូបនីយកម្មមិនមែនចេញមកពីការសម្រេចចិត្ត ផ្នែកនយោបាយរបស់រាជរដ្ឋាភិបាលទេ ប៉ុន្តែជាការជ្រើសរើសរបស់ទីផ្សារ។ ប្រាក់ដុល្លាឤមេរិកបានបន្តហូរចូលសេដ្ឋកិច្ចកម្ពុជាតាមរយៈជំនួយ ការធ្វើពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគបរទេស ដែលជំរុញឱ្យដុល្លារូបនីយកម្មកើនឡើងក្នុងកម្រិតខ្ពស់រហូតដល់បច្ចុប្បន្ន។ ប៉ុន្តែ ទន្ទឹមនេះ ប្រាក់រៀលកម្ពុជា នៅតែជារូបិយវត្ថុសំខាន់ ពេញនិយមសម្រាប់ចំណាយប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជានៅទូទាំងប្រទេស។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ]

រូបិយប័ណ្ណដុល្លារ មានវត្តមានខ្លាំង ក្នុងដំណាក់កាល អ៊ុនតាក់

អនុញ្ញាតអោយខ្ញុំបានយកចំណុចនេះមកនិយាយបន្តិច ដើម្បីជាបទពិសោធន៍ផង ហើយក៏ដើម្បីស្វែងយល់ និងក៏រកដំណោះស្រាយសម្រាប់អនាគតរបស់យើងផង។ វត្តមាននៃរូបិយប័ណ្ណដុល្លារ គឺដែលមានខ្លាំងបំផុតនៅក្នុងដំណាក់កាល អ៊ុនតាក់។ យើងបានដឹងហើយថា អ៊ុនតាក់ បានចំណាយប្រាក់រហូតទៅដល់ប្រមាណ ២ ពាន់លានដុល្លារអាមេរិក ដើម្បីធ្វើអន្តរាគមន៍ស្វែងរកសន្តិភាពសម្រាប់កម្ពុជា។ ពេលនោះ អ៊ុនតាក់ មិនបានឆ្លងកាត់ការប្រើប្រាស់ជាប្រាក់ដុល្លារដូរជាប្រាក់រៀល ដើម្បីបើកអោយបុគ្គលិករបស់ អ៊ុនតាក់ ទេ។ អ៊ុនតាក់ បានប្រើប្រាស់នូវប្រាក់ដុល្លារបើកត្រង់ទៅអោយបុគ្គលិករបស់គេ ហើយបុគ្គលិករបស់គេក៏បានប្រើប្រាស់ប្រាក់នោះត្រង់ ទៅជាមួយនឹងប្រជាពលរដ្ឋកម្ពុជារបស់យើង។

ចំណុចនេះក៏អាចបង្ហាញអោយឃើញ អំពីការចំបាច់ដែលប្រទេសត្រូវដោះស្រាយនៅលើពិភពលោកនេះ ក្នុងពេលដែលមានវត្តមានកងទ័ពបរទេស តើត្រូវរកវិធីដោះស្រាយយ៉ាងណា? ខ្ញុំមិនទាន់បានស្រាវជ្រាវអំពីប្រ​ទេសដែលកម្ពុជាត្រូវបានទៅដល់នោះទេ ថាតើប្រទេសនោះមានស្ថានភាពយ៉ាងដូចម្តេច? សម្តេច ពិជ័យសេនា ទៀ បាញ់ ទើបត្រឡប់មកពីទីក្រុងញូវយ៉ក ដើម្បីចូលរួមប្រជុំនៃបណ្តាប្រទេសដែលបរិច្ចាគកម្លាំងទៅប្រតិបត្តិការនៅក្រៅប្រទេស ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ។ មកដល់ពេលនេះខ្ញុំក៏មិនច្បាស់ថា តើនៅប្រទេសម៉ាលី? នៅប្រទេសអាហ្វ្រិកកណ្តាល? នៅប្រទេសស៊ូដង់? ស៊ូដង់ខាងត្បូង? លីបង់? ដែលកំពុងមានវត្តមានកងទ័ពកម្ពុជានោះ តើប្រាក់រៀល និងប្រាក់ដុល្លារ ឬប្រាក់រូបិយប័ណ្ណបរទេស ដែលអង្គការសហប្រជាជាតិបានបើកអោយកងទ័ពកម្ពុជានោះ ត្រូវបានប្រើជំនួសទៅដោយរូបិយប័ណ្ណនៃប្រទេសនោះ ឬទេ?

ប្រហែលជាសំណួរនេះត្រូវបញ្ជូនអោយ សម្តេច ពិជ័យសេនា ទៀ បាញ់ ឯកឧត្តម ប្រាក់ សុខុន និង ឯកឧត្តម ប៉ុល សារឿន ធ្វើការស្រាវជ្រាវដើម្បីទទួលបានព័ត៌មានអំពីបញ្ហានេះ។ នេះជាបទពិសោធន៍មួយរបស់កម្ពុជា។ ពិតមែនហើយប្រាក់រៀលរបស់យើងនៅតែមានតួនាទីសំខាន់ ក៏ប៉ុន្តែវត្តមានប្រាក់ដុល្លារមិនអាចបញ្ឈប់បាននៅក្នុងរយៈពេលវេលានេះនោះទេ។ ចំណុចត្រង់នេះ ក៏ជាចំណុចអាចលើកជាបទពិសោធន៍សម្រាប់សកម្មភាពនៃប្រទេសដែលស្វែងរកសន្តិភាព ហើយដែលមានវត្តមាននៃកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅពេលក្រោយ ដោយកម្ពុជាបានត្រៀមរួចរាល់សម្រាប់ការចូលរួមប្រតិបត្តិការនៅប្រទេសដទៃផ្សេងទៀត មិនមែនគ្រាន់តែប្រទេស ៤ ដែលយើងកំពុងស្ថិតនៅនោះទេ។ យើងក៏ចង់ចូលរួមជាមួយនឹងដៃគូអន្តរជាតិរបស់យើង ដើម្បីចូលរួមចំណែករក្សាសន្តិភាពនៅក្នុងប្រទេសនោះ។ ក៏ប៉ុន្តែយើងក៏មិនចង់អោយប្រ​ទេសនោះ ដើរតាមគន្លងរបស់កម្ពុជា ដោយមានដាក់មកគំហុកនូវប្រាក់របស់បរទេស។

នាចុងសតវត្សរ៍ទី ២០ មិនមានប្រទេសណាបោះបង់ចោលរូបិយវត្ថុទាំងស្រុងដូចកម្ពុជាទេ

ដែលក្នុងរយៈកាលក្រោយមក ឥឡូវនេះពីឆ្នាំ ១៩៩២ ឆ្នាំ ១៩៩៣ រហូតមកដល់ពេលនេះមានរយៈពេលជាង ២០ ឆ្នាំរួចមកហើយ ក៏ប៉ុន្តែប្រាក់ដុល្លារនៅតែបន្តប្រើប្រាស់នៅលើទឹកដីកម្ពុជារបស់យើង។ តែវត្តមាននេះវាជាកត្តាសត្យានុម័ត អាចចាត់ទុកថាវាជាទីផ្សារកាត់សេចក្តី។ យើងក៏រំលឹកទៅគ្រាដើមបន្តិច នៅពេលដែលពួក ប៉ុល ពត បានបំផ្លាញរូបិយវត្ថុនៅក្នុងប្រទេសរបស់យើង តើយើងត្រូវធ្វើរបៀបម៉េច? ក្រោយពេលរំដោះពី របប ប៉ុល ពត នៅចុងសតវត្សរ៍ទី ២០ នេះ និងដើមសតវត្សរ៍ទី ២១ ជាពិសេសនៅក្នុងសតវត្សរ៍ទី ២០ មិនមានប្រ​ទេសណាមួយដូចកម្ពុជា ដែលត្រូវបោះបង់ចោលរូបិយវត្ថុទាំងស្រុងទេ។ នៅប្រទេសមួយចំនួនរបបថ្មីបានជំ​នួសដោយរបបចាស់។ ប៉ុន្តែ គេមិនបានបំបាត់ចោលនូវរូបិយវត្ថុ ឬក៏ទីផ្សារនោះទេ។ មានតែកម្ពុជាមួយគត់ ដែល ប៉ុល ពត បានធ្វើកិច្ចការនេះ។ ឧទាហរណ៍៖ នៅប្រទេសវៀតណាមខាងត្បូង កាលពីដើមវៀតណាមខាងត្បូង ពេលដែលរំដោះនៅថ្ងៃទី ៣០ ខែ មេសា តែប៉ុន្មានថ្ងៃទៀតដល់ខួបលើកទី (…) នៃការរំដោះភាគខាងត្បូងវៀតណាម។ ពេលនោះគឺវៀតណាមមិនបានផ្លាស់ប្តូរ មិនបានបោះបង់ចោលរូបិយវត្ថុទេ គ្រាន់តែបោះក្រដាសប្រាក់ថ្មីដើម្បីដូរជាមួយក្រដាសប្រាក់ចាស់។ នៅប្រទេសឡាវក៏ដូចគ្នាមិនបានបោះបង់ចោលរូបិយវត្ថុចាស់ទេ តែគ្រាន់តែបានបោះក្រដាសប្រាក់ថ្មី ដើម្បីដូរជាមួយក្រដាសប្រាក់ចាស់។ លន់ នល់ ដណ្តើមអំណាចដោយខុសច្បាប់ពីសម្តេច ព្រះនរោត្តម សីហនុ ក៏បានបោះក្រដាសប្រាក់ថ្មីដើម្បីដោះដូរជាមួយនឹងក្រដាសប្រាក់ចាស់ ដែលបោះពុម្ពនៅក្នុងសម័យ សម្តេច ព្រះនរោត្តម សីហនុ។

មធ្យោបាយទូទាត់ក្រោយរំដោះពីរបបប៉ុលពត គឺការដោះដូរទំនិញ និងទំនិញ

ចម្លែកនៅក្នុងប្រទេសរបស់យើង គឺ(ប៉ុល ពត បាន)បោះបង់ចោលអ្វីៗទាំងអស់។ ដូច្នេះមធ្យោបាយទូទាត់ នៅពេលដែលយើងរំដោះចេញពីរបប ប៉ុល ពត ចាប់ផ្តើមដំបូងគឺយើងដោះដូរដោយទំនិញ និងទំនិញ។ អ្នកនេះមានស្រូវ ទៅដូរជាមួយត្រី អ្នកមានត្រីទៅដូរជាមួយក្រមា អ្នកមានក្រមាត្រូវទៅដូរជាមួយអ្នកមានរបស់ផ្សេង។ មធ្យោបាយទូទាត់ដំណាក់កាលដំបូងរបស់យើង គឺចាប់ផ្តើមដោះដូររវាងរបស់នឹងរបស់។ នេះគឺជាការចាប់ផ្តើម ហើយការចាប់ផ្តើមបន្ទាប់នោះប្រជាពលរដ្ឋរបស់យើង ដែលសេសសល់មាសបន្តិចបន្ដួចនោះ ដែលលួចលាក់ពីជំនាន់ ប៉ុល ពត ហើយមានមួយចំនួននៅក្នុងទីក្រុងភ្នំពេញ និងតាមកន្លែងខ្លះគេក៏រើសបានមាស គេក៏ជីកបានមាស គេក៏ចាប់ផ្តើមកាត់មាស។ ពេលនោះគេកាត់មាសដូរ ១ ជី ១ តំឡឹង អីអញ្ចឹង។ គេដូរគ្នា គេប្រើមធ្យោបាយហ្នឹងមួយបែបទៅជាប្រាក់ ជាមាស កាលពីពេលនោះ។ យើងនៅចាំបានទេ? សភាពការណ៍ប្រទេសរបស់យើង វាប្លែកពីគេនៅលើពិភពលោក។

ដល់បន្ទាប់ទៅយើងបានឃើញថា នៅទិសខាងលិចចាប់ផ្តើមមានវត្តមាននៃប្រាក់បាតរបស់ថៃនៅតាមព្រំដែនកម្ពុជា-ថៃ ជាពិសេសក្នុងខេត្តកោះកុង និងខេត្តព្រះសីហនុ ក៏ចាប់ផ្តើមមានវត្តមាននៃប្រាក់បាតរបស់ថៃ។ កងទ័ពខ្មែរក្រហមមួយចំនួនដែលចូលប្រតិបត្តិការ និងកងទ័ពត្រីភាគីដែលចូលប្រតិបត្តិការនៅក្នុងផ្ទៃប្រទេស ក៏ចាប់ផ្តើមប្រើប្រាស់ប្រាក់បាតនៅទិសខាងលិច។ ឯទិសខាងកើតក៏ចាប់ផ្តើមមានវត្តមាននៃប្រាក់ដុង របស់វៀតណាម។ ឯតំបន់កណ្តាលរបស់យើងនេះ ទន្ទឹមនឹងការប្រើប្រាស់មាស ដើម្បីធ្វើការដោះដូរគ្នា ក៏ចាប់ផ្តើមមានវត្តមានដ៏ស្តួចស្តើងនៃប្រាក់ដុល្លារ និងរូបិយប័ណ្ណបរទេសផ្សេងៗទៀត។ ហើយក្នុងនោះក៏មានប្រាក់របស់រុស្សី នៅចាំបានទេផ្សារទួលទំពូង ក្រោយទៅ(ក៏ក្លាយ)ជាផ្សាររុស្សី។ ខ្ញុំគិតថា បុគ្គលិកធនាគារជាតិរបស់យើង ដែលមានវ័យចំណាស់ៗ គឺសុទ្ធតែនៅចងចាំបាន។ ប្រហែលជាបងប្រុស បងស្រី ដែលជាអតីតបុគ្គលិកធនាគារ ឬក៏រហូតដល់ពេលនេះ ក៏នៅតែបន្តជាបុគ្គលិកធនាគារ អាចនឹងនិទានរឿងនេះឲ្យកូន ឲ្យចៅ បានដឹងអំពីអ្វីទៅជាបញ្ហារបស់យើង។

បោះពុម្ពប្រាក់រៀល នៅមូស្គូ នៅអាល្លឺម៉ង់ និងបារាំង 

រហូតមកដល់ថ្ងៃទី ២០ ខែ មីនា ឆ្នាំ ១៩៨០ បានយើងចាប់ផ្តើមបោះនូវប្រាក់រៀលរបស់យើង ហើយពេលនោះនិយាយដោយត្រង់ទៅ យើងបោះប្រាក់រៀលរបស់យើងធ្វើនៅមូស្គូឯណោះ។ វេទនាណាស់។ ទម្រាំដឹកបានមួយកប៉ាល់ហោះៗ មកគឺមិនមែនជាការងាយទេ។ បោះបានប្រាក់ហើយ ក៏ប៉ុន្តែ អត់មធ្យោបាយដឹកទៅទៀត។ យើងអត់មានម៉ាស៊ីនបោះដោយខ្លួនឯងទេ។ ទើបដល់ឆ្នាំប្រហែល ១៩៨៩ ឬ ១៩៩០ យើងបានទិញម៉ាស៊ីនរបស់យើងមកដាក់នៅធនាគារចាស់ … យើងទិញមកគ្រាន់នឹងបោះក្រដាសប្រាក់តូចៗ តែប៉ុណ្ណោះ។ ក្រោយមក បន្ទាប់ពីការបោះនៅប្រទេសរុស្ស៊ី យើងចាប់ផ្តើមបោះនៅអាល្លឺម៉ង់ មានមួយរយៈបោះនៅអាល្លឺម៉ង់ ហើយបន្ទាប់មកដូចជាបោះនៅបារាំង … បន្តបន្ទាប់។ ខុសពីស្ថានភាពនៅថ្ងៃនេះ ដែលយើងអាចបោះក្រដាសប្រាក់បានដោយខ្លួនឯង ដោយមិនមានការបន្លែបន្លំបាន ដោយយើងមានម៉ាស៊ីនទំនើបៗយកមកធ្វើការប្រើប្រាស់។

ដំបូង ប្រាក់រៀល ចរាចរតែរវាងមន្រ្តីរដ្ឋការ និងអាជីវករ

ពេលនោះ វាលំបាកណាស់សម្រាប់យើង ទើបនឹងឲ្យបោះចរាចរ គ្រាន់តែចរាចរដំបូង យើងគ្រាន់តែចរាចរនៅក្នុងចំណោមមន្រ្តីរដ្ឋការរបស់យើង មិនមែនពេលនោះហៅថា មន្រ្តីរាជការទេ ដោយសារពេលនោះយើងមិនមែនជារបបរាជានិយមទេ។ ពេលនោះ សាធារណរដ្ឋប្រជាមានិតកម្ពុជា គឺយើងហៅ មន្រ្តីរដ្ឋការ ព្រោះមួយមន្រ្តីរាជការ គឺហៅក្នុងដំណាក់កាល នៃរាជានិយម។ មន្រ្តីរដ្ឋការ ហៅក្នុងដំណាក់កាលនៃរបបដែលមិនមែនរាជានិយម។ ពេលនោះ ចរាចរបានចាប់ផ្តើមជាលើកដំបូង ក្នុងចំណោមមន្រ្តីរដ្ឋការរបស់យើងតែប៉ុណ្ណោះ។ ហើយបានចាប់ផ្តើមចម្លងចូលទៅអ្នកធ្វើអាជីវកម្ម។ សូមមើលសៀវភៅ ១០ ឆ្នាំ នៃដំណើរកម្ពុជា ដែលខ្ញុំបានសរសេរនៅក្នុងឆ្នាំ ១៩៨៨ ហើយបោះពុម្ភផ្សាយនៅថ្ងៃទី ៩ ខែ មករា ឆ្នាំ ១៩៨៩ ដើម្បីគេហៅ ខួប ១០ ឆ្នាំ នៃដំណើរកម្ពុជា។ សូមមើលកន្លែងនោះ មើលត្រង់កថាខណ្ឌពាក់ព័ន្ធនឹងដំណើររូបិយវត្ថុរបស់កម្ពុជា ដែលពេលនោះ ការចាប់ផ្តើមរបស់យើង គ្រាន់តែប្រើប្រាស់រវាងមន្រ្តីរដ្ឋការ ជាមួយនឹងអ្នកលក់ដូរ ដែលមិនទាន់ទាំងស្គាល់ប្រាក់​រៀលផង។ តែដំណើរសន្សឹមៗរបស់យើង ក៏បានធ្វើឲ្យប្រាក់រៀលត្រូវបានទទួលស្គាល់ដោយទីផ្សាររបស់កម្ពុជា។ ប្រាក់រៀលនោះ បើទោះបីជាបានផ្លាស់ប្តូរមកកាន់ទ្រង់ទ្រាយដល់ពេលនេះក៏ដោយ ក៏នៅតែជាប្រភពប្រាក់រៀល ដែលបោះចេញពីជំនាន់សាធារណរដ្ឋប្រជាមានិតកម្ពុជា។

ត្រីភាគី និងខ្មែរក្រហម ទាមទារលុបចោលប្រាក់រៀល

ខ្ញុំនៅចាំបានថា ត្រីភាគី ជាពិសេស ខ្មែរក្រហម និង សឺន សាន បានទាមទារឲ្យលុបចោលនូវរូបិយបណ្ណប្រាក់រៀល មុនកិច្ចព្រមព្រៀងប៉ារីសចុះហត្ថលេខា។ បានខ្ញុំចង្អុលមុខ ខៀវ សំផន និង សឺន សាន ថាអ្នកឯងយល់យ៉ាងម៉េច? អ្នកឯងចង់ចាយ ឬមិនចង់ចាយ? ឥឡូវក្នុងពង្រៀងនៃកិច្ចព្រមព្រៀងនេះ បានបែងចែកច្បាស់​លាស់រវាងប្រភពអំណាចនៃក្រុមប្រឹក្សាជាតិជាន់ខ្ពស់ SNC និងរដ្ឋបាលនៅនឹងកន្លែង។ រដ្ឋបាលនៅនឹងកន្លែងរបស់ខ្ញុំមានប្រាក់រៀលចាយ។ លោកឯងចង់ចាយក៏ចាយ មិនចាយទេក៏អត់ទៅ។ ខ្ញុំស្ដីអោយ ខៀវ សំផន និង សឺន សាន។ ឥឡូវទៅសួរ ខៀវ សំផន នៅក្នុងមន្ទីរឃុំឃាំង តើគាត់នៅចាំ ឬអត់? លោកតា សឺន សាន គាត់មរណកាលទៅហើយ មិនអាចសួរបានទេ។ ប៉ុន្តែអាចសួរ អៀង មូលី បាន។ អាចសួរក្រុម សឺន សាន ចូលរួមចរចា។ បង ហោ ណាំហុង នៅចាំទេ កាលហ្នឹង គេទាមទារអោយយើងរំលាយចោលធនាគារជាតិ រំលាយចោលប្រាក់រៀល ព្រោះគេថា អាហ្នឹង វាមិនមែនតំណាងអោយពួកគេទេ។ បានខ្ញុំស្ដីអោយថា លោកឯងចង់ចាយចាយទៅ មិនចាយទេអត់ទៅ។

ក្នុងពង្រៀងកិច្ចព្រមព្រៀងទីក្រុងប៉ារីស គេនិយាយពីប្រភពអំណាចតែមួយគត់ ប៉ុន្តែពួកគេបានភ្លេចគិតអំពីរដ្ឋបាលនៅនឹងកន្លែង។ គួរអោយសោកស្ដាយ ដែលពួកគេមិនអាចយកឈ្នះខ្ញុំបាន។ ត្រីភាគីមិនអាចយកឈ្នះ ហ៊ុន សែន ម្នាក់បាន។ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលរៀបចំដោយប្រទេសធំ (ពួកគេមើល)ត្រឹមតែឃ្លាថា SNC ជាប្រភពអំណាចតែមួយគត់នៅក្នុងដំណាក់កាលអន្តរកាល។ គេមើលតែកន្លែងហ្នឹង។ គេផ្ដល់ការគាំទ្រដោយគ្មានបម្រុងទុកអ្វីទាំងអស់។ ប៉ុន្តែគេភ្លេចមើលឧបសម្ព័ន្ធស្ដីពីរដ្ឋបាលនៅនឹងកន្លែង។ រដ្ឋបាលនៅនឹងកន្លែង គេតម្រូវអោយអ៊ុនតាក់ធ្វើការត្រួតពិនិត្យទៅលើក្រសួង រួមមាន៖ ក្រសួងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងព័ត៌មាន និងក្រសួងវប្បធម៌ តែប៉ុណ្ណឹង។ ដូច្នេះ គេមិនបានហាមឃាត់អំពីសកម្ម​ភាពហិរញ្ញវត្ថុ និងទីផ្សារនោះទេ។

ចូលមកដល់ទីក្រុងភ្នំពេញ ពេលប្រជុំនៅព្រះបរមរាជវាំង មហាប្រាសាទខេមរិន្ទ ពេលនោះមិនទាន់ប្រជុំនៅដំណាក់ច័ន្ទទេ ខៀវ សំផន បានស្នើសុំចាត់តាំងគ្រប់ក្រសួងទាំងអស់ចតុភាគី ចៅហ្វាយក្រុងភ្នំពេញចតុភាគី។ បានខ្ញុំចង្អុលមុខ ខៀវ សំផន ថា ឯកឧត្តមលេបថ្នាំច្រឡំទេដឹង ឯកឧត្តម(បាន)មើលឧបសម្ព័ន្ធទាក់ទងនឹងរដ្ឋបាលនៅនឹងកន្លែង(ឬទេ)? ខ្ញុំអោយត្រួតពិនិត្យក្រសួង ៥ មាន៖ ក្រសួងហិរញ្ញវត្ថុ មហាផ្ទៃ ការពារជាតិ ព័ត៌​មាន វប្បធម៌។ ឥឡូវឯកឧត្តមមានអត់អាហ្នឹង ទុកអោយអ៊ុនតាក់ គេពិចារណា តែខ្ញុំដឹងថា ពួកឯកឧត្តមអត់មានទេហ្នឹង។ អាហ្នឹងរឿងរ៉ាវវាអញ្ចឹង ប៉ុន្តែអ្វីគួរអោយសោកស្ដាយ គឺពួកគេបានទាមទាររំលាយចោលនូវប្រាក់រៀលរបស់កម្ពុជា។

បោះ passport SNC សម្រាប់សមាជិក SNC តែមិនមានបោះប្រាក់ SNC

ពេលហ្នឹង អ្វីដែលពិបាកបំផុត គឺរឿង សឺន សាន ព្រោះដោយសារគាត់ធ្លាប់ធ្វើប្រធានធនាគារកាលពីមុន។ គាត់ស្នើអោយបោះលុយ SNC, passport SNC។ អញ្ចឹងបានខ្ញុំថា ឥឡូវហ្នឹង ឯកឧត្តម តើអ៊ុនតាក់ត្រូវនៅប៉ុន្មានឆ្នាំ? SNC ត្រូវនៅប៉ុន្មានឆ្នាំ? SNC បញ្ចប់វត្តមាននៅពេលដែលសភាធម្មនុញ្ញក្លាយទៅជាសភាជាតិ បង្កើតរដ្ឋាភិបាលបាន។ ដូច្នេះ តើឯកឧត្តមត្រូវការបោះលុយ SNC (សំរាប់រយៈពេលណា)? ក្នុងសំណូមពរពីរនេះ ខ្ញុំយល់ព្រមអោយតែមួយទេ គឺបោះ passport SNC ហើយប្រើប្រាស់តែក្នុងសមាជិក SNC បូកនឹងលេ​ខាធិការដ្ឋាន SNC តែប៉ុណ្ណោះ ក្រៅពីនោះ គឺនៅក្នុងតំបន់រដ្ឋបាលរបស់អ្នកណា ប្រើលិខិតឆ្លងដែនរបស់អ្នកនោះ។ អាហ្នឹងខ្ញុំនិយាយពីប្រវត្តិបន្ដិច រឿងវាយ៉ាងដូច្នេះ។

ប្រាក់រៀល ត្រូវបានបោះពុម្ពឡើងវិញលើកដំបូង នៅថ្ងៃ ​២០ មីនា ១៩៨០

ទីចុងបំផុតខ្ញុំនៅតែគូសបញ្ជាក់ថា ប្រាក់រៀលដែលយើងបានបោះផ្សាយនៅថ្ងៃទី ២០ ខែមីនា ឆ្នាំ ១៩៨០ រហូតមកដល់ពេលនេះ គឺមានអាយុ ៣៩ ឆ្នាំហើយ គឺបើទោះបីវាផ្លាស់ប្តូរទម្រង់មួយមកកាន់ទម្រង់មួយ តែប្រភពកំណើតរបស់វា គឺរូបិយវត្ថុដែលបោះពុម្ពផ្សាយនៅថ្ងៃទី ២០ ខែមីនា ឆ្នាំ ១៩៨០ ត្រូវចាំអាកន្លែងហ្នឹង។

ធនាគារជាតិមិនយកសេវាថ្លៃផ្ញើសាច់ប្រាក់របស់រាជរដ្ឋាភិបាល

ឥឡូវនេះកំពុងមានវត្តមាន ដើម្បីបើកផ្តល់ឲ្យ(ជាប្រាប់បៀវត្ស)។ សង្ឃឹមថា មន្ត្រីធនាគារជាតិរបស់យើងទទួលបានប្រាក់បៀវត្សរួចហើយ ព្រោះឥឡូវខែនេះ យើងបើកតែម្តងទេ។ កន្លងទៅយើងមិនបើកមួយអាទិត្យម្តង ឥឡូវគឺបានបញ្ជាឲ្យ ២ អាទិត្យហ្នឹង មកបើកដើមខែ បូកជាមួយប្រាក់ឧបត្ថម្ភផ្សេងៗ ដើម្បីឲ្យមានប្រាក់ចូលឆ្នាំ នៅតែប៉ុន្មានថ្ងៃទៀតចូលឆ្នាំហើយ។ ប៉ុន្តែលឺថាមន្ត្រីធនាគារ​ គេមានប្រាក់ច្រើនជាងមន្ត្រីរាជការធម្មតា។ ខ្ញុំបន់ឲ្យតែឡើងទេ ឯកឧត្តម ជា ចាន់តូ អើយ។ ឡើងទៅ។ ឯកឧត្តមកាន់លុយហើយ បើអ្នកកាន់លុយទៅអត់អីចាយទេ ខ្ញុំមិនដឹងនិយាយយ៉ាងម៉េចទេ។ ប៉ុន្តែនិយាយចឹង មិនមែនបានសេចក្តីថាឲ្យលួចលុយទេ។ ខ្ញុំគ្រាន់តែសុំអង្វរថា លុយដែលរាជរដ្ឋាភិបាលយកមកផ្ញើ សាច់ប្រាក់ដែលយកផ្ញើ យកថ្លៃឃ្លាំងប៉ុន្មានភាគរយអាហ្នឹង? អត់យកទេ? អរគុណ ព្រោះរាជរដ្ឋាភិបាលយកលុយមកផ្ញើ។ រដ្ឋាភិបាលអត់មានកន្លែងទុកលុយច្រើនទេ ព្រោះលុយ​របស់យើងមានការបម្រុងខ្ពស់ណាស់។ ពីដើមចេញប័ណ្ណទៅបើកប្រាក់ ប៉ុន្តែរតនាគារអត់មានលុយ។ ឥឡូវយើងមានលុយសល់។ រួចហើយយើងខ្វះកន្លែងទុកដាក់។ យកមកផ្ញើនៅធនាគារ។ សុំមេត្តាធ្វើម៉េច កុំគិតថ្លៃឃ្លាំង ព្រោះពេលដែលរាជរដ្ឋាភិបាលខ្វះលុយ មកខ្ចីធនាគារយកទៅបើកឲ្យមន្ត្រីរាជការ ធនាគារកាត់យកការប្រាក់។ ដល់រាជរដ្ឋាភិបាលយកលុយមកផ្ញើនៅធនាគារវិញ ធនាគារយកថ្លៃឈ្នួលឃ្លាំង។ ឥឡូវលឺថាមិនយកអរគុណហើយ។

ប្រាក់រៀលច្រើនឡើងថ្លៃ មុនចូលឆ្នាំខែ្មរ និងចុះថ្លៃក្នុង​ខែសីហា ឬកញ្ញា

រឿងបានកន្លងផុតហើយ។ ការទាមទារឲ្យបំបាត់ចោលរូបិយវត្ថុ ហើយបោះពុម្ពនូវក្រដាសប្រាក់ SNC បន្ទាប់មកការទាមទារឲ្យមានការបោះពុម្ពលិខិតឆ្លងដែន SNC គឺខ្ញុំផ្តល់ឲ្យមួយក្នុងចំណោមពីរ។ តែរូបិយវត្ថុខ្ញុំអត់ព្រមទេ។ ហើយនោះហើយគឺជាការបន្តវេនមកក្លាយជាប្រាក់រៀលបច្ចុប្បន្ន ដែលមានព្រះឆាយាលក្ខណ៍សម្តេចឪ សម្តេចម៉ែ និងព្រះមហាក្សត្របច្ចុប្បន្នរបស់យើង។ ឥឡូវនេះខ្ញុំគិតថាធនាគាររបស់យើងកាន់តែដំណើរការទៅមុខយ៉ាងខ្ពស់។ ឥឡូវជារៀងរាល់ឆ្នាំនៅក្នុងខែមីនា និងខែមេសា មុនចូលឆ្នាំខ្មែរប្រាក់រៀលតែងតែឡើងថ្លៃជានិច្ច បើយោងតាមការចំណាំរបស់ខ្ញុំ មានតែ ១ ខែ ២ ខែទេ ខែ ៨ និងខែ ៩ ប្រាក់រៀលរបស់យើងធ្លាក់ចុះថ្លៃបន្តិច។

ស្ថានភាពត្រង់ចំណុចនេះគួរតែបញ្ជាក់ដែរ ប្រាក់រៀលឡើងថ្លៃពេកក៏លំបាក ព្រោះក្នុងចំណោមកម្មកររបស់យើង និងអ្នកធ្វើការរបស់យើង មានប្រមាណជាង ១ លាននាក់ ដែលប្រើប្រាស់រូបិយប័ណ្ណបរទេស។ ទទួលប្រាក់បៀវត្សជាដុល្លារ … អញ្ចឹងបើប្រាក់រៀលឡើងថ្លៃខ្លាំងពេកក៏មិនជាល្អប៉ុន្មានដែរ។ អញ្ចឹងទេចំណុចនេះ ធនាគារជាតិត្រូវធ្វើសកម្មភាព។ ពេលប្រាក់រៀលឡើងថ្លៃខ្លាំង យើងបញ្ចេញប្រាក់រៀល ដើម្បីទិញប្រាក់ដុល្លារចូលដើម្បីរក្សាទុក។ ដល់តែប្រាក់រៀលចុះថ្លៃ យើងបញ្ចេញប្រាក់ដុល្លារទិញប្រាក់រៀលយកមកទុកវិញ។ ដូច្នេះនេះជាមធ្យោបាយនៃកិច្ចការធនាគារធ្លាប់បានធ្វើនារយៈពេលកន្លងទៅ ហើយក៏ក្លាយជាទុនបម្រុងរបស់យើងមួយដែរ។ នេះជាបទពិសោធន៍មួយក្នុងចំណោមបទពិសោធន៍របស់យើង ហើយការទាក់ទាញវិនិយោគក៏មានភាពងាយស្រួលដែរ។

រដ្ឋមិនដើរតួនាទីជាអ្នកកំណត់អត្រាប្ដូរប្រាក់

វាមានចំណុចល្អ និងមិនល្អរបស់វា។ ឥលូវនេះ មិនមែនមានតែរូបិយប័ណ្ណជាដុល្លារទេ។ ចង់ទៅសភាពអឺរ៉ុប ចាយអឺរ៉ូ ដូរអឺរ៉ូនៅលីហួរ ហើយស្រេច។ ទៅអង់គ្លេស ដូរជាផោន ហើយស្រេច(នៅខ្មែរមាន)។ ចង់ដុល្លារសិង្ហបុរី អូស្ដ្រាលី ហុងកុង ប្រាក់យន់របស់ចិន ប្រាក់យ៉េនរបស់ជប៉ុន និយាយរួមមានគ្រប់ប្រាក់ទាំងអស់។ ចំណុចនេះងាយស្រួលដែរ។ យើងមិនបានដើរតួនាទីជាអ្នកកំណត់អត្រាប្ដូរប្រាក់ទេ ទុកឲ្យទីផ្សារកាត់សេចក្ដី។ ចំណុចនេះជាចំណុចនៃការទាក់ទាញវិនិយោគមួយដែលក្នុងនោះរាប់ទាំងការលំបាករបស់អ្នកវិនិយោគខ្លះ ដែលគេមិនមកវិនិយោគ គេយករូបិយប័ណ្ណបរទេសឆ្លងកាត់ធនាគារ រួចធនាគារបញ្ចេញប្រាក់ទៅរួចថាខុសគ្នានៃអត្រាប្ដូរប្រាក់ ក៏បង្កើតជាបញ្ហាដែរ។ អញ្ចឹងចំណុចនេះបានជាយើងត្រូវធ្វើសន្សឹមៗជាមួយដំណើរការនៃការចរាចរប្រាក់រៀលផង។ (សម្ដេច ទៀ បាញ់ ជម្រាបសម្ដេចពីកម្លាំងបញ្ជូនទៅក្រៅប្រទេសហើយ ចាយលុយរបស់ប្រទេសនីមួយៗ ប៉ុន្ដែយើងអាចយកលុយដុល្លារទៅប្ដូរបាន គ្រាន់តែតម្រូវឲ្យប្រើក្រដាសប្រាក់ថ្មី)។

ប្រត្ដិបត្ដិការរក្សាសន្ដិសន្ដិភាពនៅតាមប្រទេស មិនប្រើដុល្លារអាមេរិកដូច អ៊ុនតាក់

ដូច្នេះសម្រាប់អង្គការសហប្រជាជាតិ គេយកប្រាក់ដុល្លារទៅប្ដូរជាមួយប្រាក់របស់ប្រទេសនោះ ទើបចាយបាន អត់សេរីដូចកម្ពុជាទេ។ កម្ពុជាសេរីណាស់ បើនិយាយពីបុគ្គលិកអ៊ុនតាក់វិញ។ អញ្ចឹងបានពេលយើងចេញទៅស៊ូដង់នៅឆ្នាំ ២០០៤ ខ្ញុំបានផ្ដាំផ្ញើខ្លាំងណាស់។ (គ្រាមុននោះ)បុគ្គលិក អ៊ុនតាក់ មានសិទ្ធិទិញអីវ៉ាន់ដោយមិនបាច់បង់ពន្ធ ព្រោះអ៊ុនតាក់ជាអ្នកនាំចូល។ គេទិញហើយគេមិនស៊ីខ្លួនគេ គេយកទៅលក់នៅផ្សារថ្មី អូរឬស្សី ពេញផ្សារទាំងអស់ ធ្វើអោយសេដ្ឋកិច្ចយើងនៅក្នុងកាលៈទេសៈនោះជួបការលំបាក។ អម្បាញ់មិញទទួលព័ត៌មានពីសម្ដេចពិជ័យសេនា នៅប្រទេសនោះគេមិនប្រើដុល្លារអាមេរិកដូចអ៊ុនតាក់មកកម្ពុជាទេ។ បទពិ​សោធន៍នេះជាការល្អដែរ។ កុំយកគំរូតាមកម្ពុជានៅក្នុងប្រត្ដិបត្ដិការរក្សាសន្ដិភាពនៅតាមប្រទេសនីមួយៗដែលនាំទៅដល់ស្ថានភាពរ៉ាំរ៉ៃដូចនៅកម្ពុជា។

ប្រាក់រៀល នៅតែដើរតួនាទីសំខាន់ក្នុងសេដ្ឋកិច្ចកម្ពុជា

នេះជាអ្វីដែលខ្ញុំចង់បញ្ចាក់ទៅកាន់អស់លោកអ្នក ដែលពីមុននេះមិនដែលធ្លាប់បានលឺ តែថ្ងៃនេះ ខ្ញុំចង់បញ្ជាក់ឲ្យបានលឺទាំងអស់គ្នា អំពីការទាមទារលុបបំបាត់ចោលរូបិយវត្ថុ បើលោកតា សឺន សាន ស្អីឡើងអាយ៉ង ចាយប្រាក់អាយ៉ង។ ខ្ញុំដាក់ផាំងៗដែរ វាមានទាស់អី។ ខ្ញុំថាឯកឧត្តមឯងចាយ ឬមិនចាយស្រេចតែឯកឧត្តមតើ មិនចាយហីទៅ។ ខៀវ សំផន ដូចគ្នា ចាយប្រាក់របស់អាយ៉ង ប៉ុន្ដែទីចុងបំផុតអ្នកទាំងអស់នោះអាយ៉ងប្រើទាំងអស់ហ្នឹង ខៀវ សំផន ក៏មកចុះចូលនៅផ្ទះអាយ៉ង ដើម្បីបញ្ចប់សង្គ្រាម ខ្ញុំក៏ឲ្យបាយអ្នកដែលហៅខ្ញុំអាយ៉ងមួយពេលទៅ។ យកជាថ្ងៃបញ្ចប់សង្គ្រាមនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ១៩៩៨។ អ៊ុនតាក់មិនទាន់បញ្ចប់សង្គ្រាមទេ។ ឥលូវនេះ ទោះបីមានដំណើរឡូកឡំជាមួយគ្នាក៏ដោយប្រាក់រៀលរបស់កម្ពុជានៅតែដើរតួនាទីសំខាន់នៅក្នុងសេដ្ឋកិច្ចប្រទេសរបស់យើង។ មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធរបស់យើងបើកប្រាក់រៀលរបស់យើងយកទៅចាយធម្មតា។

[បញ្ចប់សេចក្ដីអធិប្បាយ]

ប្រវត្តិរូបិយវត្ថុកម្ពុជា និងទំនាក់ទំនងរូបិយវត្ថុជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម គឺជាការធានានូវអធិបតេយ្យជាតិ បរូណភាពទឹកដី ជាពិសេសការជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។ ដូច្នេះ ដើម្បីលើកកម្ពស់ប្រាក់រៀលកម្ពុជា ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិរយៈពេល ៣៩ ឆ្នាំ ខ្ញុំបានណែនាំឱ្យធនាគារជាតិនៃកម្ពុជារៀបចំខួបអនុស្សាវរីយ៍លើកទី ៤០ នៃការបង្កើតធនាគារជាតិនៃកម្ពុជាឡើងវិញនៅក្នុងឆ្នាំនេះ។

ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមសម្ដែងនូវការកោតសរសើរ ចំពោះការរក្សាបាននូវតួនាទីប្រាក់រៀលក្នុងសេដ្ឋកិច្ច ជាពិសេស រយៈពេល ២ ទសវត្សរ៍ ចុងក្រោយនេះ តម្រូវការប្រាក់រៀលបានកើនឡើងយ៉ាងឆាប់រហ័ស ទាំងប្រាក់រៀលក្នុងចរាចរណ៍ និងការសន្សំក្នុងប្រព័ន្ធធនាគារ នេះគឺជាការបង្ហាញជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋកម្ពុជាមកលើប្រាក់រៀល។

ក្នុងស្មារតីនេះ ដើម្បីឱ្យសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ចូលរួមចំណែកកាន់តែសកម្ម ក្នុងបុព្វហេតុពង្រឹងចំណេះដឹងដល់ប្រជាជពលរដ្ឋកម្ពុជាឱ្យបានយល់កាន់តែច្បាស់អំពីប្រវត្តិរូបិយវត្ថុកម្ពុជានៅគ្រប់សម័យកាល ជាពិសេសដើម្បីលើកស្ទួយ ប្រាក់រៀលកម្ពុជា តាមរយៈការប្រើប្រាស់ប្រាក់រៀលឱ្យបានទូលំទូលាយនៅទូទាំងប្រទេស សំដៅពង្រឹងអត្តសញ្ញាណជាតិ និងអធិបតេយ្យជាតិយើងទាំងអស់គ្នា ខ្ញុំសូមឱ្យធនាគារជាតិនៃកម្ពុជា និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តចូលរួមថែរក្សាកេរ្តិ៍ដំណែល និងប្រមែប្រមូលនូវរាល់វត្ថុតាងពាក់ព័ន្ធនឹងរូបិយវត្ថុនានា សម្រាប់ដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរ។

ទន្ទឹមនេះ ត្រូវបន្តអភិវឌ្ឍ សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុឱ្យបានរីកចម្រើនជាបន្តបន្ទាប់ តាមរយៈការបង្កបរិយា​កាសដល់​យុវជន​កម្ពុជា​ឱ្យបានមកទស្សនា យ៉ាងទូលំទូលាយ ដើម្បីសិក្សាស្វែងយល់ ស្រាវជ្រាវ អំពីប្រវត្តិ និងតួនាទីរូបិយវត្ថុកម្ពុជាសំដៅរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការការពារនូវអធិបតេយ្យជាតិយើងឱ្យបានគង់វង្ស។

ជាទីបញ្ចប់ ជាមួយនឹងការប្រកាសសម្ពោធជាផ្លូវការនូវ សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន ចាប់ពីពេល នេះតទៅ និងក្នុងឱកាសដែលប្រជាជនកម្ពុជាកំពុងត្រៀមទទួល ស្វាគមន៍ទេវតាឆ្នាំថ្មីឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ដែល នឹងឈានមកដល់ក្នុងប៉ុន្មានថ្ងៃខាងមខុនេះ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនជនរួមជាតិ សូមជួបប្រទះ តែនឹងពុទ្ធពរ និងពរទាំង ៥ ប្រការ គឺ ឤយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ