ព្រះករុណា ព្រះមហាក្សត្រ និងសម្ដេចព្រះវររាជមាតាជាតិខ្មែរ យាងមកដល់មាតុប្រទេស​វិញ ប្រកបដោយព្រះរាជសុវត្ថិភាព

ភ្នំពេញ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩​ — បន្ទាប់ពីបានគង់ប្រថាប់ពិនិត្យ និងព្យាបាលព្រះរាជសុខភាពមួយរយៈនៅរាជ​ធានីប៉េ​កាំ​ង នៃ សាធារណរដ្ឋប្រជាមានិតចិនមកនោះ នារសៀល ថ្ងៃអាទិត្យ ៣កើត ខែចេត្រ ឆ្នាំច សំ​​រឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ ព្រះករុណា ព្រះ​បាទសម្ដេ​ច​ព្រះ​​ប​រមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា​ណា​​ចក្រកម្ពុជា និងសម្ដេច​ព្រះម​ហា​ក្ស​ត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុ​ង​​សេរីភាព សេចក្ដីថ្លៃថ្នូរ និង​សុ​ភ​ម​ង្គ​ល ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេបាន​សព្វ​​ព្រះរាជហឬទ័យ ស្ដេចយាងមក​ដ​ល់​​មាតុប្រទេសវិញហើយ តាម​ព្រះ​ទី​នាំង​យន្ត​ហោះ​​​​ពិសេសប្រកបដោយព្រះរាជសុវត្ថិភាព។

យាង និងអញ្ជើញទទួលព្រះរាជដំណើរយាងនិវត្តន៍ របស់ព្រះអង្គទាំងទ្វេ​ដល់ព្រលាន​យ​ន្ត​ហោះ​អន្តរ​ជា​​​​តិ​​​​ភ្នំពេញ មានវត្តមាន សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែ​ន នា​យ​ក​​រដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា សម្ដេ​ច​ក្រឡាហោម ស ខេង ឧប​នា​​យករដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ក្រ​សួងមហាផ្ទៃ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧប​នា​យ​ក​រដ្ឋ​មន្ត្រី រដ្ឋ​ម​ន្ត្រី​​ក្រសួងការពារជាតិ ព្រមទាំងមន្ត្រី អ្នកមុខអ្នកការ និងព្រះ​រាជ​វង្សា​​នុ​​វង្ស​ជា​ច្រើ​ន​រូប​ទៀត។ ដោ​​យឡែកឯកអគ្គរដ្ឋ​ទូតនៃសាធារណរដ្ឋប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា ក៏មានវត្តមានក្នុង​ឱ​កា​ស​​នោះ​ដែរ។

គួរបញ្ជាក់ដែរថា ព្រះករុណាព្រះ​បាទសម្ដេ​ច​ព្រះ​​ប​រមនាថ នរោត្ដម សីហមុនី ព្រះ​ម​ហា​ក្ស​ត្រ នៃព្រះរាជា​ណា​​ចក្រកម្ពុជា និងសម្ដេច​ព្រះម​ហា​ក្ស​ត្រី នរោត្ដម មុនិនាថ សីហនុ ព្រះ​វររាជមាតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេបាន​សព្វ​​ព្រះរាជហឬទ័យ ស្ដេ​ច​យាងទៅកាន់សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០១៩ ដែលនេះគឺ​ជា​ព្រះរាជដំណើរយាងជាទៀងទាត់ របស់ព្រះករុណា​ព្រះ​មហា​ក្ស​ត្រ និងសម្ដេច​ព្រះមហា​ក្ស​ត្រី​ រៀងរាល់៦ខែម្ដងទៅកាន់រាជធានីប៉េកាំងនៃ សាធារណរដ្ឋ​ប្រជា​មា​និ​តចិន ដើម្បីពិនិត្យ-ព្យាបា​ល​ព្រះរាជសុខភាព៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ