សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងពិសារបាយសាមគ្គីជាមួយកីឡាករ កីឡាការិនីជាង ៤ពាន់នាក់

13

នៅល្ងាចថ្ងៃព្រហស្បិ៍ ១៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ០៤ ខែ មេសា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបជុំសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយបងប្អូនក្រុមកីឡាករ កីឡាការិនីកម្ពុជា ចំនួន ៤,០៩៦នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។

កម្មវិធីដ៏មានអត្ថន័យនេះ គឺជាផ្នែកមួយដើម្បីលើកទឹកចិត្តកីឡាករ-កីឡាការិនី ក៏ដូចជាមន្ដ្រី និងគ្រូបង្វឹក ដែលបានខិតខំយ៉ាងខ្លាំងនៅក្នុងវិស័យកីឡាកន្លងមក និងបានបង្ហាញការស្រលាញ់ដោយស្មោះស្ម័គ្ររបស់កីឡាករកីឡាការិនី ដែលពួកគាត់តែងតែទុកចិត្ត និងគាំទ្រ ១០០% ចំពោះការដឹកនាំរបស់ សម្ដេច តេជោប្រមុខដឹកនាំ និងរាជរដ្ឋាភិបាលកម្ពុជាផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ពិតជារីករាយខ្លាំងណស់ ដែលបានអញ្ជើញមកជួបបងប្អូនកីឡាករ កីឡាការិនីដោយផ្ទាល់ ជាលើកទី៤នៃឆ្នាំ២០១៩នេះ ដែលសម្តេចគិតថា នេះគឺជាការជួបជុំមហាគ្រួសារនៃបងប្អូនកីឡាករកីឡាការិនីរបស់ប្រទេសកម្ពុជាយើង។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានកោតសរសើរ និងបានថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំ គ្រូបង្វឹកហាត់ ជាពិសេស កីឡាករ កីឡាការិនី និងសហព័ន្ធកីឡាទាំងអស់ ដែលបានរៀបចំអោយមានការជួបជុំជាលើកទី៤នេះ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណផងដែរចំពោះថ្នាក់ដឹកនាំ គ្រូបង្ហាត់ ពិសេសកីឡាករ កីឡាការនីទាំងអស់ ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យកីឡាអោយកាន់តែរីកចម្រើន។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោ ក៏អរគុណដល់បណ្តាក្រុមហ៊ុនទាំងអស់ដែលតែងតែបានជួយគាំទ្រផ្នែកកីឡា តាមរយៈការឧត្តម្ភតាមកម្មវិធីនៃការប្រកួតកីឡាផ្សេងៗតាមទូរទស្សន៍នាន និងក៏បានអរគុណ និងកោតសរសើរផងដែរចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលបានរៀបចំហេដ្ឋារចនាសម្ព័ន្ធកីឡាផ្សេងៗនៅទីកន្លងនានាកន្លងមកនេះ។

ជាថ្មីម្តងទៀត នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីពេលវេលាដែលកម្ពុជាត្រូវធ្វើម្ចាស់ប្រទេសរៀបចំកីឡា Sea Games នៅអំឡុងខែឧសភា ឆ្នាំ២០២៣ ហើយដែលឆ្នាំនោះ ក៏ជាឆ្នាំដែល
កម្ពុជាយើងត្រូវរៀបចំបោះឆ្នោតជាតិផងដែរ។ ស្របជាមួយគ្នានោះ ជាពេលដែលកម្ពុជានឹងទទួលបានផ្លូវល្បឿនលឿនពីភ្នំពេញទៅ ខេត្តព្រះសីហនុ ដែលត្រូវសាងសង់រួចរាល់នៅ ខែ មិថុនា ឆ្នាំ២០២៣ ដែលយើងនឹងអាចប្រើប្រាស់សំរាប់ Sea Games ទៀតផង។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ចំនួន៥ចំណុចសំខាន់ៗ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យកីឡា អោយកាន់តែរីកចម្រើន៖

១)សម្តេចតេជោ ក៏សូមអោយផ្នែកពាក់ព័ន្ធទាំងអស់ត្រូវរៀបចំកសាងនូវហេដ្ឋារចនាសម្ព័ន្ធកីឡាអោយបានរួចរាល់ ដើម្បីត្រៀមក្នុងការធ្វើជាម្ចាស់ផ្ទះ Sea Games នៅឆ្នំា ២០២៣ ។

២)សម្តេចតេជោ បានជំរុញអោយស្ថាប័នពាក់ព័ន្ធផ្នែកកីឡាទាំងអស់ ជាពិសេស ក្រសួងអប់រំយុវជន និងកីឡា ត្រូវបន្តការបណ្តុះបណ្តាលធនធានមនុស្សផ្នែកកីឡានេះ អោយបានច្រើនបន្ថែមទៀត ដើម្បីអោយកម្ពុជាយើងមានធនធានមនុស្សផ្នែកកីឡានេះកាន់តែសំបូរបែប។

៣)សម្តេចតេជោ បានអំពាវនាវមហាជនទាំងអស់ត្រូវជំរុញចលនាកីឡានេះអោយបានច្រើនថែមទៀត ។ អាជ្ញាធរ , គណៈពង្រេងមូលដ្ឋាននានា ក៏ត្រូវចូលរួមកសាង និងបង្កើតកន្លែងលេងកីឡាអោយបានច្រើនប្រភេទ ឬយ៉ាងហោចណាស់អោយមានតារាងបាល់ទាត់១កន្លែង។

៤ )សម្តេចតេជោ បានជំរុញអោយប្រជាពលរដ្ឋបង្កើតធ្វើលំហាត់ប្រាណ ឬលេងកីឡាអោយបានច្រើន ជាពិសេស អាជ្ញាធរត្រូវរកនិងត្រូវទុកទីតាំងណាសមស្របសំរាប់ជាកន្លែងហាត់ប្រាណ ដល់ប្រជាពលរដ្ឋតាមទីសាធារណៈនានា ព្រោះកីឡានាំមកនូវសុខភាព។

៥) សុំអោយអាជ្ញាកណ្តាលផ្នែកកីឡាទាំងអស់ គឺរាល់ការប្រកួតកីឡាទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវសុក្រិតភាពក្នុងការដាក់ពិន្ទុ ឬកាត់សេចក្តីផ្សេងៗនៃការប្រកួត ព្រោះកន្លងមកឃើញថាហាក់បីដូចមានភាពលម្អៀង នឹងមិនមានសុក្រិតភាព។

នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្នុងឱកាសនៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខ ពោលគឺចាប់នៅថ្ងៃ១២ ដល់១៨ មេសា ដែលមានរយៈពេល៧ថ្ងៃ គឺរាជរដ្ឋាភិបាលកម្ពុជានឹងបញ្ចេញរថយន្តចំនួន១២០គ្រឿង ដើម្បីផ្តល់ការដឹកជញ្ជូនប្រជាពលរដ្ឋពីទីក្រុងភ្នំពេញ ទៅតាមបណ្តាខេត្តនា និងវិលត្រឡប់ពីបណ្តាខេត្តនានា មកកាន់ភ្នំពេញវិញ ដោយមិនគិតថ្លៃឡើយ។ រថយន្តទាំងអស់នោះគឺបញ្ចេញតាមផ្លូវជាតិសំខាន់ៗដូចជា ផ្លូវជាតិលេខ ១, ផ្លូវជាតិលេខ២, ផ្លូវជាតិ៣, ផ្លូវជាតិលេខ៤ ,ផ្លូវជាតិលេខ៥, ផ្លូវជាតិលេខ៦, ផ្លូវជាតិលេខ៧, និងផ្លូវជាតិលេខ៨ ។ ចំណែកឯទីក្រុងភ្នំពេញវិញ ក៏ដូចគ្នាគឺចាប់ពីថ្ងៃទី១២ ដល់១៨ មេសា គឺមានរថយន្តក្រុងក្រុងភ្នំពេញ និងកាណូតដឹកអ្នកដំណើរតាមទន្លេរ គឺមិនយកប្រាក់ថ្លៃដឹកជញ្ជូនឡើយ។

នៅក្នុងឱកាសនេះផងដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសំណូមពរដល់កីឡាករ កីឡាការិនីចូលរួមធ្វើរឿងដែលល្អក្នុងសង្គមចំនួន៣ គឺៈ

ទី១) សូមអោយកីឡាករកីឡាការិនីសូមចូលរួមអប់រំចរាចរណ៍ផ្លូវគោកទាំងខ្លួនឯងផង និងទៅដល់អ្នកដ៏ទៃផងដែរ។ ពីព្រោះបញ្ហាចរាចរណ៍គឺជារឿដ៏សំខាន់ដែលត្រូវតែយកចិត្តទុកដាក់។ ជាពិសេស គឺត្រូវបំផុសអោយពលរដ្ឋចេះគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងហាមបើកបរពេលស្រវឹងជាដើម។ ជាក់ស្តែង សម្តេចតេជោ មានការសោកស្តាយជាទីបំផុត ចំពោះសោកនាដ្ឋកម្មកាលពីប៉ុន្មានថ្ងៃមុននេះ ដែលគ្រោះថ្នាក់ចរាចរណ៍បានធ្វើអោយនិស្សិតស្រីម្នាក់បាត់បង់ជីវិត។ សម្តេចតេជោ បានបន្តថា នៅពេលដែលមានគ្រោះថ្នាក់ចរាចរណ៍ហើយនោះ ទាំងអ្នកបង្ករក៏ត្រូវជាប់ទោស បាត់បង់អនាគត ទាំងគ្រួសាររងគ្រោះត្រូវបាត់បង់អាយុជីវិតកូនជាទីស្រលាញ់ផងដែរ។

ទី២) សម្តេចសំណូមពរអោយកីឡាករ និងកីឡាការិនីទាំងអស់ ចូលរួមជួយទប់ស្កាត់គ្រឿងញៀន ជាពិសេស ចំពោះកីឡាករកីឡាការិនី គឺត្រូវតែជៀសវាងអោយបានជាដាច់ខាត ព្រោះរាល់ការប្រកួត ពេលដែលគេពិនិត្យដឹងថាមានគ្រឿងញៀននោះ គឺគេមិនអោយឡើងប្រកួតនោះទេ។

ទី៣) សុំអោយកីឡាករកីឡាការិនី ចូលរួមជួយទប់ស្កាត់ការរីករាលដាលនៃជម្ងឺអេដស៍ (AIDS) និងត្រូវចេះអប់រំគ្នា ពីបញ្ហាចម្លង នៃមេរោគអេដស៍នេះ ជាពិសេសគឺសំរាប់ក្រុមបុរស ស្រលាញ់បុរសភេទដូចគ្នា។

នៅក្នុងឱកាសនេះផងដែរ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់បន្ថែមចំពោះកីឡាករកីឡាករិនី រួមទាំងគ្រូបង្វឹកទាំងអស់ គឺត្រូវទទួលបានរបបគាំពារសង្គមដូចៗគ្នាដូចជា សេវាពិនិត្យសុខភាព និងព្យាបាលជំងឺដោយមិនគិតថ្លៃ, ការជិះរថយន្តក្រុងមិនគិតថ្លៃ យ៉ាងហោចណាស់មិនតិចជាង២ឆ្នាំឡើយ។

នៅថ្ងៃនេះផងដែរ ដើម្បីជាការលើកទឹកចិត្តចំពោះកីឡាករ កីឡាការិនី និងគ្រូបង្វឹកទាំងអស់ ដែលសរុបមានចំនួន ៤,០៩៦ នាក់ ដែលបានចូលរួមក្នុងពិធីជួបជុំសំណេះសំណាលនាពេលនេះ គឺ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានផ្តល់ជូននូវថវិកាក្នុងមួយនាក់ទទួលបាន ១០ម៉ឺនរៀល។ នៅក្នុងពិធីល្ងាចនេះ បងប្អូនកីឡាករ កីឡាការិនី ក៏បានរាំលេងកំសាន្តយ៉ាងសប្បាយរីករាយក្រៃលែង៕