ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) ត្រូវបានដាក់ឱ្យដំណើរការវិញ បន្ទាប់ពីការជួសជុលរយៈពេលជិតពីរឆ្នាំ

26

ភ្នំពេញ ថ្ងៃទី០៣ ខែមេសា ​ឆ្នាំ២០១៩ -បន្ទាប់ពីការជួសជុលកែលម្អឡើងវិញរយៈពេលពេលជិតពីរឆ្នាំនោះ ស្ពានមិត្តភាព​កម្ពុ​ជា​-​ជប៉ុន (ស្ពានជ្រោយចង្វារទី១) ត្រូវបានសម្ពោធដាក់ឱ្យដំណើរការឡើងវិញ នាព្រឹកថ្ងៃពុធ ១៤​រោ​ច​ ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩នេះ ក្រោម​អធិប​តី​ភាព​ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រា​ជាណាចក្រកម្ពុជា និង ឯកឧត្តម Hidehisa HORINOUCHI ឯកអគ្គរាជទូតជប៉ុនប្រ​ចាំ​​កម្ពុជា និងមាន​ការ​ចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ប្រជាពលរដ្ឋ និង​សិស្សានុ សិស្សយ៉ាង​ច្រើ​ន​កុះករ។

ស្ពានជ្រោយចង្វារទី១ គឺជាផ្លូវឆ្លងកាត់ដែលមាសារៈសំខាន់ សម្រាប់ការដឹកជញ្ជូន និង​ការ​ចែកចាយរូបវន្តក្នុងប្រទេសកម្ពុជា។ ស្ពានជ្រោយចង្វារទី១ មានប្រវែងសរុប៧០៩​ម៉ែ​ត្រ​ឆ្ល​ង​កាត់ទន្លេសាប ត្រូវបានសាងសង់ឡើងនៅឆ្នាំ១៩៦៣ ក្រោមជំនួយបច្ចេកទេសរបស់​រដ្ឋាភិ​បាល​ជប៉ុន ប៉ុន្តែដោយសារសង្គ្រាមស៊ីវិលក្នុងអំឡងទសវត្សរ៍ឆ្នាំ១៩៧០ ស្ពានត្រូវទទួលរងនូវ​ការ​ខូចខាតស្ទើរតែទាំងស្រុង។ រហូតមកដល់ឆ្នាំ១៩៩២ ស្ពាននេះត្រូវបានជួសជុលស្ដារ​ឡើង​វិញ  ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ហើយបានបើកឱ្យដំណើរការជា​ថ្មី​ម្ដ​ង​​​ទៀតនៅឆ្នាំ១៩៩៦ បានក្លាយជាច្រករបៀងសេដ្ឋកិច្ចយ៉ាងសំខាន់តភ្ជាប់រាជធានីភ្នំពេញទៅ ​នឹ​ងបណ្ដាខេត្តផ្សេងៗរបស់ប្រទេសកម្ពុជា។ ក្រោយមកស្ពានជ្រោយចង្វារទី១ ត្រូវបានដាក់​ឈ្មោះ​ថា« ស្ពានមិត្តភាពកម្ពុជា-ជប៉ុន» ហើយស្ពាននេះបានជួយសម្រួលដល់ការធ្វើដំណើរ​រប​ស់​ប្រជាពលរដ្ឋ កាត់បន្ថយគ្រោះថ្នាក់ចរាចរ លើកកម្ពស់សកម្មភាពសេដ្ឋកិច្ចតាមរយៈ​ការ​ដឹក​​ជញ្ជូនទំនិញមកកាន់ទីក្រុងភ្នំពេញ។ ដោយសារស្ពាននេះ មានអាយុកាលដ៏ចំណាស់ ហើ​យ​ស្របពេលកំណើនសេដ្ឋកិច្ច និងលំហូរចរាចរណ៍កើនឡើងជាលំដាប់នោះ ស្ពាន​នេះ​តម្រូវ​ឱ្យ​មានការជួសជុលឡើងវិញជាបន្ទាន់ ដោយចំណាយថវិកាអស់ប្រមាណ ៣០លាន​ដុល្លារ​អា​ម៉េ​​រិ​ក ជាហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលដំណើរការជួសជុល​ឡើង​វិញ​នេះ​បានចាប់ផ្តើមបើកការដ្ឋានសាងសង់ជួសជុលនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ និង​បញ្ចប់មុន កាល​កំ​ណត់ និងជ្រើសយកថ្ងៃទី០៣ ខែមេសាឆ្នាំ២០១៩ ដាក់ឱ្យដំណើរការឡើងវិញ ដើម្បី ជួយស​ម្រួល​​ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

ឯកឧត្ដម ទេ​ស​​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា ការ​ជួស​ជុលស្ពាននេះគឺមានគុណភាពរឹងមាំល្អប្រសើរក្រោមការយកចិត្ត ទុកដាក់ខ្ពស់​ពីក្រុមវិស្វ​ករ​​ជួសជុលរបស់ជប៉ុន និងកម្ពុជា។ ក្រោយពីការជួសជុលរួចរាល់ ស្ពានមិត្តភាពកម្ពុជា-ជប៉ុន​នេះ​ អាចប្រើបានរយៈពេល ៥០ឆ្នាំទៅមុខបន្ថែមទៀត៕ ដោយជឹម ណារី