សម្រង់​ប្រសាសន៍​​​​សម្ដេច​​តេជោ ហ៊ុន សែន ថ្លែងបើកដំណើរការប្រជុំ វេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី ១៨

73

CNV:

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី !

ខ្ញុំមានសេចក្តីរីករាយជាអនេក ដែលបានមកចូលរួមជាថ្មី ជាមួយឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃរាជរដ្ឋាភិបាល លោកឧកញ៉ា លោក លោកស្រី តំណាងវិស័យឯកជន ព្រមទាំងភ្ញៀវកិត្តិយសជាតិ អន្តរជាតិទាំងអស់ នៅក្នុងវេទិការាជរដ្ឋាភិបាលផ្នែក ឯកជនលើកទី ១៨ រយៈពេល ៥ ឆ្នាំ បន្ទាប់ពីជំនួបលើកទី ១៧ នៅថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០១៤។ ខ្ញុំសូមបញ្ជាក់ថា ដូចវេទិកាលើកមុនៗដែរៗ ជំនួបរបស់យើងពេលនេះត្រូវបានចាត់ទុកថាជាកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបើកទូលាយ។ ប្រការនេះមានន័យថា រាល់សេចក្តីសម្រេចនានានៃវេទិកានេះ នឹងមានអនុភាពជាសេចក្តីសម្រេចរបស់គណៈរដ្ឋមន្រ្តី។

មុននឹងឈានចូលដល់ខ្លឹមសារ នៃវេទិកា ខ្ញុំសូមយកឱកាសនេះបញ្ជាក់ដោយខ្លី អំពីមូលហេតុចំបងៗចំនួន ២ នៃការរៀបចំវេទិកា ដែលមានលក្ខណៈពិសេសបន្តិច បើធៀបជាមួយនឹងការរៀបចំវេទិកាលើកមុនៗ ដូចខាងក្រោម៖

ទី ១ ជាមួយនឹងការចាប់ផ្តើមដំណើរការនៃរាជរដ្ឋាភិបាលដំណាក់កាលទី ៦ នៃរដ្ឋសភា ដែលត្រូវបានបង្កើតឡើង បន្ទាប់ពីការធ្វើការបោះឆ្នោតដោយសេរី ត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌ កាលពីខែ កក្កដា ឆ្នាំ ២០១៨ កន្លងមក ខ្ញុំបានសម្រេចចិត្តរៀបចំវេទិការាជរដ្ឋាភិបាលផ្នែកឯកជននេះឡើង គឺដើម្បីជម្រាបជូនដៃគូអភិវឌ្ឍន៍របស់យើង ពិសេសវិស័យឯកជន អំពីការដាក់ចេញ និងការជំរុញអនុវត្តប្រកបដោយឆន្ទៈមោះមុត ឥតរាថយនូវកញ្ចប់នៃវិធានការកែទម្រង់ដ៏មុតស្រួច និងថ្មីៗរបស់រាជរដ្ឋាភិបាលនៅក្រោមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ៤ ស្របតាមបាវចនា ២ គឺ «កែទម្រង់ខាងក្នុង និងបង្កើនមិត្តខាងក្រៅ ដោយឈរលើស្មារតីឯករាជ្យ» និងអភិក្រម ៥ យ៉ាង គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» សំដៅកែលម្អភាពប្រកួតប្រជែង និងបង្កើនល្បឿននៃការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ ក្នុងការធានាចីរភាពនៃកំណើនប្រកបដោយបរិយាប័ន្ន និងមានភាពធន់រឹងមាំ សម្រាប់រយៈពេលវែងខាងមុខ និងបង្កើតការងារ ប្រកបដោយគុណភាព ឲ្យកាន់តែច្រើនថែមទៀតជូនដល់ប្រជាជនកម្ពុជា។

ទី ២ នៅក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ ជាមួយនឹងការដាក់ចេញ និងអនុវត្ដគោលនយោបាយយុទ្ធសាស្រ្ត និងវិធានការកែទម្រង់មុតស្រួចមួយចំនួន ជាពិសេស ការបន្តរក្សាបាននូវសុខសន្តិភាព  និងស្ថេរភាពនយោបាយ កម្ពុជាសម្រេចបាននូវការអភិវឌ្ឍ ទាំងសេដ្ឋកិច្ច និងសង្គម ក្នុងល្បឿនមួយខ្ពស់ ជាមួយនឹងសន្ទុះដ៏ខ្លាំងក្លា ដែលបានប្រែក្លាយកម្ពុជាឲ្យក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប និងបានធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនជាទូទៅ មានភាពកាន់តែប្រសើរឡើងជាលំដាប់។ លើមូលដ្ឋាននេះ សេដ្ឋកិច្ចកម្ពុជាបានផ្លាស់ប្តូរពីការពឹងផ្អែកអាស្រ័យច្រើនលើវិស័យកសិកម្ម និងកាត់ដេរ ទៅជាសេដ្ឋកិច្ចដែលពឹងផ្អែកទៅលើវិស័យកសិ-ឧស្សាហកម្ម សំណង់ ឧស្សាហកម្មបង្គុំ អេឡិកត្រូនិក និងទេសចរណ៍។ ប្រការនេះបានធ្វើឲ្យកម្ពុជាកាន់តែមានទំនុកចិត្ត និងភាពជឿជាក់លើខ្លួនឯង ក្នុងការកំណត់ជោគវាសនារបស់ខ្លួន ឆ្ពោះទៅអនាគតវែងឆ្ងាយ សំដៅសម្រេចឲ្យបាននូវឋានៈជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ ច្បាស់ណាស់ថា ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យវែងឆ្ងាយប្រកបដោយមហច្ឆិតានេះ កម្ពុជាត្រូវតែបន្តធានាសម្រេចឲ្យបានជាប់មិនដាច់ នូវកំណើនសេដ្ឋកិច្ចក្នុងកម្រិតខ្ពស់ប្រកបដោយបរិយាប័ន្ន និងមានភាពធន់រឹងមាំ។ នេះគឺជាមូលហេតុតម្រូវឲ្យរាជរដ្ឋាភិបាលបន្តផ្តោតអាទិភាពខ្ពស់ទៅលើការរក្សាសន្តិភាពជាតិ និងស្ថេរភាពនយោបាយ ព្រមទាំងគិតគូរបន្ថែមទៀត អំពីវិធានការកែទម្រង់មុតស្រួចនានា សំដៅបន្តពង្រឹង និងពង្រីកភាពប្រកួតប្រជែងក៏ដូចជាជំរុញធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ ក្នុងល្បឿន និងជវភាពមួយកាន់តែខ្ពស់ថែមទៀត ពិសេស តាមរយៈការដោះស្រាយដោយចំៗនូវបញ្ហាជារចនាសម្ព័ន្ធធំៗ ក៏ដូចជាបញ្ហាប្រឈមជាក់ស្តែងសំខាន់ផ្សេងៗទៀត ដែលបណ្តាវិនិយោគិន និងធុរជនបាន និងកំពុងតែជួបប្រទះនៅក្នុងកិច្ចការអា​ជីវកម្មរបស់ខ្លួន​នៅ​​កម្ពុជា។ មួយវិញទៀត ការពង្រឹងភាពប្រកួតប្រជែង និងការជម្រុញធ្វើពិពិធកម្មសេដ្ឋកិច្ច មិនត្រឹមតែមានតួនាទី​ជាកត្តាគន្លឹះសម្រាប់ធានាឲ្យកម្ពុជាឈានទៅសម្រេចបាននូវចក្ខុវិស័យនៃការអភិវឌ្ឍវែងឆ្ងាយរបស់ខ្លួនប៉ុណ្ណោះទេ តែក៏ជាមូលដ្ឋានចាំបាច់មិនអាចខ្វះបាន សម្រាប់ការប្រកបការងារប្រកបដោយគុណភាព ការបង្កើន​ចំណូល និងការលើកស្ទួយកម្រិតជីវភាពរបស់ប្រជាជនទូទាំងប្រទេសផងដែរ។

ត្រង់នេះ ខ្ញុំចង់គូសបញ្ជាក់ថា ​ការ​ដាក់ចេញ និងជំរុញអនុវត្តនូវវិធានការកែទម្រង់មុតស្រួចរបស់រាជរដ្ឋាភិបាល​ក្នុងខណៈនេះ​ គឺមិនមែនមក​ពីហានិ​​ភ័យនៃ EBA ពី EU នោះទេ ថ្វីត្បិតថា ហានិភ័យនេះអាចដើរតួជាកត្តាជំរុញបន្ថែម ឲ្យរាជរដ្ឋាភិបាលខិតខំបង្កើនល្បឿននៃការកែទម្រង់របស់ខ្លួនក៏ដោយ។ ផ្ទុយទៅវិញ គោលដៅធំរបស់យើង ដូចខ្ញុំបានលើកឡើងខាងដើម គឺជាការឆ្លើយតបទៅនឹងភាពចាំបាច់នៃការបង្កើនល្បឿននៃការកែទម្រង់របស់រាជរដ្ឋាភិបាល សំដៅពង្រឹងភាពប្រកួតប្រជែង និងធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ ដែលជាមូលដ្ឋានគ្រឹះ​សម្រាប់​ធានាឲ្យកម្ពុជា​​អាចបន្តទទួល​បាននូវកំណើន​ក្នុងកម្រិតខ្ពស់ ប្រកបដោយបរិយាប័ន្ន ប្រកប​ដោយ​ភាព​ធន់​រឹងមាំ និងប្រកបដោយចីរភាព ឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យនៃការអភិវឌ្ឍ​ដ៏រុងរឿងមួយក្នុងរយៈ​ពេល​វែងខាងមុន។ ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលមានាការរំពឹងទុកយ៉ាងមុតមាំថា ការអនុវត្តដោយ​ជោគជ័យនូវគោល​នយោបាយ​យុទ្ធសាស្រ្ត និងវិធានការកែទម្រង់មុតស្រួចនានា នឹងអនុញ្ញាតឲ្យកម្ពុជាអាចឈានទៅចាប់​យកនូវមូលដ្ឋានសេដ្ឋកិច្ចថ្មី ដែលពឹងផ្អែកលើឧស្សាហកម្មបង្កើតតម្លៃបន្ថែមខ្ពស់ ព្រមទាំងឧស្សាហ​កម្ម​ប្រើជំនាញ និងបច្ចេកវិទ្យាជឿនលឿនប្រកបដោយភាពជឿជាក់ ហើយជាលទ្ធផល និងជួយពង្រីកនូវលំហនៃ​ឱកាសសេដ្ឋកិច្ចសម្រាប់តួអង្គពាក់ព័ន្ធទាំងអស់​ និងជាពិសេស អនុញ្ញាតឲ្យកម្ពុជាអាច​ឈរដោយខ្លួនឯង​បានដោយមិនចាំបាច់ពឹងផ្អែកលើប្រព័ន្ធអនុគ្រោះពីប្រទេសផ្សេងៗ ទាំងក្នុងពេល​បច្ចុប្បន្ន​ និង​ទៅអនាគត។

និយាយយ៉ាងដូច្នេះ​ មិនមែនមានន័យថា កម្ពុជាមិនត្រូវការកិច្ចសហប្រតិបត្តិការ​ដែលផ្ដល់​ផលប្រយោជន៍ទៅ​វិញ​ទៅមក ប្រកបដោយភាពស្មោះត្រង់ និងការគោរព​គ្នា ក្នុងនាមជាដៃគូស្មើសិទ្ធិ ស្មើភាព​ ជាមួយនឹងដៃគូខាង​ក្រៅរបស់យើង​នោះទេ។ កម្ពុជាសម្ដែងនូវការដឹងគុណដ៏ស្មោះ ចំពោះជំនួយឧបត្ថម្ភ​ដ៏​សប្បុរស​ពីសំណាក់​ដៃគូ​ និងមិត្តភក្ដិបរទេសទាំងឡាយរបស់យើង​ ដែលបានរួមវិភាគទាន​មិនអាចកាត់ថ្លៃ​បាន​ ដល់​កិច្ច​ខិតខំប្រឹងប្រែងរបស់យើង ​ក្នុងការស្ដារ និងអភិវឌ្ឍកម្ពុជា តាំងពីគ្រាដ៏លំបាកបំផុត រហូតដល់​យើងបានរឹង​ដៃជើង​​ដូច បច្ចុប្បន្ននេះ​។ ដោយឡែក ចំពោះករណី EBA យើងក៏មានការយល់ដឹងយ៉ាងច្បាស់​ដែរថា ការអនុគ្រោះ​នេះមិនមានលក្ខណៈអចិន្ដ្រៃយ៍នោះឡើយ ហើយនឹងត្រូវបញ្ចប់នៅពេលដែល​កម្ពុជាចាកចេញ​ផុតពីឋានៈនៃ​ប្រទេស​ដែល​មានការអភិវឌ្ឍតិចតួច និងមាន​ជំហររឹងប៉ឹងសម្រាប់បន្ដដំណើរទៅមុខដើរខ្លួនឯង ​ក្នុងឋានៈជា​ដៃ​គូស្មើសិទ្ធិ និងស្មើភាពជាមួយ​ EU។​ ជាការពិត ប្រសិនបើកម្ពុជាអាចនៅបន្ដទទួលបានផលប្រយោជន៍ពីការអនុ​គ្រោះក្នុងការធ្វើពាណិជ្ជកម្មជាមួយ EU តាមរយៈយន្ដការ ​EBA ក្នុង​រយៈពេលប៉ុន្មានឆ្នាំតទៅមុខទៀត​ក៏វាជាឱកាសល្អប្រសើរតទៅទៀតដែរ។ ក៏ប៉ុន្ដែ​ដូ​ចខ្ញុំធ្លាប់បាន​បញ្ជាក់​ជារឿយៗហើយថា កម្ពុជាមិនអាចយកឯករាជ្យ និង​អធិបតេយ្យរបស់ខ្លួន ​ទៅដូរជា​មួយជំនួយ ឬការ​អនុគ្រោះ​​ណាមួយពីបរទេសបានទេ​។ យ៉ាងណាក៏ដោយ ខ្ញុំសូមគូសបញ្ជាក់ថា ​កម្ពុជា​នៅ​​តែបន្ដត្រូវការកាន់​តែច្រើន​នូវ​កិច្ចសហប្រតិបត្ដិការ​ ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក ក្នុង​គ្រប់ផ្នែក គ្រប់វិស័យ​ ពិសេស ក្នុងវិស័យសេដ្ឋ​កិច្ច ពាណិជ្ជកម្ម វិនិយោគ​ និងការផ្លាស់ប្ដូររវាងប្រជាជន ជាមួយនឹងដៃគូសំខាន់ៗ​របស់យើង ​ដោយឥតរើសអើង លើមូលដ្ឋាននៃការគោរព​ដោយស្មោះត្រង់ និងឯករាជ្យ​ អធិបតេយ្យភាពផងគ្នា​ ​ហើយក្នុងនេះ EU នៅតែជាដៃគូសំខាន់ និងធំបំផុតមួយរបស់យើង ក្នុងចំណោមដៃគូធំៗ និង​សំខាន់ៗ ​ផ្សេងទៀត។

លើ​មូល​ដ្ឋាននេះ ទោះមាន ឬមិនមាន EBA ក្ដី​ កម្ពុជានឹងបន្ដធ្វើដំណើរទៅ​មុខដោយភាពស្វាហាប់ និងភាពជឿជាក់​ខ្ពស់ ​ក្នុងការកំណត់ជោគវាសនារបស់ខ្លួនទៅថ្ងៃអនាគត​ ឈានទៅ​សម្រេច​បាននូវចក្ខុវិស័យ និងបំណង​ប្រាថ្នា​មហិ​ច្ឆតារបស់ខ្លួន​ ពោលគឺ៖«“ក្ដាប់យកមកវិញនូវមោទនភាពជាតិ និងកសាងជាតិមួយដ៏រស់រវើក» ឈានឆ្ពោះទៅរក​អនាគតរុងរឿង ភ្លឺស្វាង​ និងត្រចះត្រចង់ តាមរយៈ «ការកសាងជាជំហានៗ នូវសង្គមកម្ពុជាមួយ ដែលមានសុខសន្ដិភាព​ ស្ថេរភាព សណ្ដាប់ធ្នាប់សង្គម មានការគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ប្រជាធិបតេយ្យ នីតិរដ្ឋ ព្រមទាំងសិទ្ធិ​ និងសេចក្ដីថ្លៃថ្នូររបស់មនុស្ស មានការអភិវឌ្ឍប្រកបដោយចីរភាព​ និងសមធម៌ មានកោសិកាផ្សារភ្ជាប់គ្នា មានប្រជាជនប្រកបដោយចំណេះដឹងខ្ពស់​ និងវប្បធម៌ជ្រៅជ្រះ ហើយមានជីវភាពសមរម្យ ការរស់នៅប្រកបដោយសុខដុមរមនា ទាំងក្នុងសង្គមជាតិ និងក្រុមគ្រួសារ»។

ខ្ញុំក៏សូមយកឱកាសនេះ ជម្រាបដល់ជនរួមជាតិយើងថា ក្នុងស្មារតីបុរេសកម្ម​ រាជរដ្ឋាភិបាលបានគិតគូរត្រៀម​នូវវិធានការ និងថវិកា​គ្រប់គ្រាន់ សម្រាប់ដោះស្រាយ ទប់ទល់សភាពការណ៍ និងហានិភ័យនានា ជាយថា​ហេតុ ដែលមិន​សំដៅ​ធានាឲ្យបាននូវសុខសន្ដិភាព និងស្ថេរភាពជារួមប៉ុណ្ណោះទេ​​ តែថែមទាំងជួយ​ជម្រុញថែមទៀតនូវកំណើនសេដ្ឋកិច្ច​ជាតិ និងធានាឲ្យបាននូវភាពនឹងនរ ​នៃជីវភាពរស់នៅរបស់ប្រជាជន​គ្រប់ស្រទាប់ ជាពិសេស លំនឹងជីវភាព​របស់កម្មករ-និយោជិត ក្នុងវិស័យកាត់ដេរ។

ពេលនេះ ខ្ញុំសូមងាកមកកាន់កិច្ចដំណើរការនៃវេទិការបស់យើង​។ វេទិការបស់យើងអាចធ្វើពេញមួយព្រឹកនេះ ហើយប្រហែលជាអាចមិនចប់មុនម៉ោង​ ១២ ថ្ងៃត្រង់នោះទេ ដែលមានរបៀបវារៈ៖

ទី ១ គឺមតិបើកអង្គប្រជុំដែល​ខ្ញុំបានលើកអម្បាញ់មិញ​។
ទី ២ របាយការណ៍ របស់ឯកឧត្តម បណ្ឌិតសភាចារ្យ​ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋ​មន្ដ្រី រដ្ឋមន្ដ្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអ្នកសម្របសម្រួលវេទិការរាជរដ្ឋាភិបាល ផ្នែកឯកជន​ ស្ដី​ពីសកម្មភាព និងលទ្ធផល​នៃកិច្ចប្រជុំការងារក្នុងរយៈពេលកន្លងមក​។
ទី ៣ បទអន្ដរាគមន៍​របស់វិស័យឯកជន​ស្ដីពីលទ្ធផលទាំងឡាយ នៃកិច្ចពិភាក្សានៃក្រុមការងារ​ តាមវិស័យ និងការលើកមតិ​យោបល់ និងសំណូមពរ​ផ្សេងៗជាបន្ដបន្ទាប់​ ដោយ

ទី ១ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា

ទី ២ លោក ប្រ៊េដតុន ស្ការ៉ូនី​ ប្រធានសភាធុរកិច្ចអន្ដរជាតិប្រចាំកម្ពុជា និង

ទី ៣ លោក ឧកញ៉ា វ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រ​កាត់ដេរនៅកម្ពុជា (GMAC)​ និង

ទី ៤ បទអន្ដរាគមន៍គន្លឹះ និងបូកសរុបបិទវេទិការ​របស់ខ្ញុំ​។

[ចាប់ផ្តើមសេចក្តីអធិប្បាយ]

ថ្ងៃនេះ យើងរៀបចំខុសពីមុនបន្ដិច កាលពីពេលមុន​ យើងមានក្រុមការងារទាំងអស់វិស័យឯកជនលើកឡើង​ វិស័យផ្នែករាជរដ្ឋាភិបាលឆ្លើយតប ជាមួយនឹងការកាត់សេចក្ដីរបស់ខ្ញុំ​ ប៉ុន្ដែ ថ្ងៃនេះយើងមានរបៀបមួយដោយកាត់បន្ថយនូវការលើកឡើង ដោយសារយើងបានប្រជុំក្រុមការងារទាំងអស់រួចហើយ​ ហើយប្រមូលផ្ដុំបទអន្ដរាគមន៍ទាំងនោះ យើងមានក្នុងដៃនូវសំណូមពរទាំងនោះរួចហើយ។ ខ្ញុំនឹងបញ្ជាក់ជូនតែម្ដង ជួសមុខឲ្យក្រុមការងារ​​ទាំងអស់។ ម្យ៉ាងទៀត ខ្ញុំសូមបញ្ជាក់ដែលថា ហេតុអ្វីបានជាយើងខកខាន មិនបានធ្វើការប្រជុំតាំងពីឆ្នាំ ២០១៤ រហូតមកដល់ពេលនេះ។ មិនមែនបញ្ហាយើងមិនចង់ធ្វើទេ ក៏ប៉ុន្ដែដោយសារក្រុមការងារទាំងអស់សុទ្ធតែបានដោះស្រាយបញ្ហាការងាររួចរាល់ ខ្ញុំសូមអបអរសាទរ និងកោតសរសើរក្រុមការងារទាំងអស់ ដែលបានដោះស្រាយបញ្ហា ក្នុងចន្លោះពីសម័យប្រជុំមួយ ទៅសម័យប្រជុំមួយ​​។ កាលពីមុន យើងមាន​​ការប្រជុំច្រើន ក៏ប៉ុន្ដែ បន្ទាប់ពីការប្រជុំក្រុមការងារបានដោះស្រាយដោយមានប្រសិទ្ធភាព​ ហើយក្នុងករណីដោះ​​ស្រាយមិនបានតែងតែលើកឡើងដល់ខ្ញុំឯណោះ​ ដូច្នេះការងារអត់មានស្ទះទេ។ ប៉ុន្ដែ ថ្ងៃនេះ យើងរៀបចំដោយមានតំណាងវិស័យឯកជនតែ  នាក់ប៉ុណ្ណោះ​ នឹងលើកឡើង។

[បញ្ចប់សេចក្តីអធិប្បាយ]

ដើម្បីជាការបន្ដសូមអញ្ជើញ ឯកឧត្តម បណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន​ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច ហិរញ្ញវត្ថុឡើងធ្វើរបាយការណ៍ (កិច្ចប្រជុំដំណើរការ)៕