សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU)

នៅព្រឹកថ្ងៃចន្ទ ៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ចំនួន១,២៤៥នាក់ នារី ៥៧២នាក់។ និស្សិតដែលទទួលសញ្ញាបត្រនៅព្រឹកនេះ មាននិស្សិតបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។ ក្នុងចំណោមនិស្សិតទទួលសញ្ញាបត្រនេះ មាននិស្សិតអាហារូបករណ៍របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ៦៦នាក់ (នារី ២៨នាក់) និងនិស្សិតពិការកាយសម្បទាចំនួន ៦នាក់ (នារី ១នាក់)។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សប្បាយរីករាយក្រៃលែងដែលបានអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នាព្រឹកនេះ។ សម្តេចតេជោ បានកោតសរសើរ និងអបអរសារដល់និស្សិតជ័យលាភីទាំងអស់ និងថ្លែងអំណរគុណចំពោះមាតាបិតា និងអាណាព្យាបាលដែលបានផ្តល់ឱកាសអោយកូនចៅបានសិក្សារៀនសូត្ររហូតទទួលបានជោគជ័យនាពេលនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរផងដែរចំពោះថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ដែលបានខិតខំ និងជម្នះឧបសគ្គជាច្រើន រហូតអាចឈរជើងដ៏រឹងមាំរហូតដល់សព្វថ្ងៃនេះ ដែលបានរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សអោយទទួលបានជោគជ័យជាបន្តបន្ទាប់។

សម្តេចតេជោនាយករដ្ឋមន្ត្រី មានមោទភាពចំពោះភាពរីកចម្រើននៃវិស័យអប់រំ ដែលកម្ពុជាបានចាប់ផ្តើមឡើងពីចំនុចសូន្យ ក្រោយពីយើងបានងើបពីសង្រ្គាមមក រហូតមកដល់ពេលនេះយើងទទួលបានធនធានមនុស្សយ៉ាងច្រើនក្នុងការបំរើការងារតាមវិស័យនានា។ សម្តេចតេជោបានមានប្រសាសន៍ថា យើងត្រូវខិតខំបង្រឹងសមត្ថភាពធនធានមនុស្សយើងអោយច្រើនបន្ថែមទៀត ពីព្រោះសព្វថ្ងៃនេះយើងនៅខ្វះធនធានមនុស្សក្នុងវិស័យសំខាន់ៗមួយចំនួនដូច វិស្វកម្ម សំណង់ និងបច្ចេកវិទ្យាជាដើម។ ដូច្នេះហើយទើបសព្វថ្ងៃយើងតែងតែត្រូវការធនធានមនុស្សពីខាងក្រៅ តែប្រសិបើយើងមានធនធានមនុស្សគ្រប់គ្រាន់នៅខាងក្នុងហើយ គឺយើងអាចកាត់បន្ថយតម្រូវការធនធានមនុស្សមកពីប្រទេសខាងក្រៅបានហើយ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានកោតសរសើរ និងជំរុញលើកទឹកចិត្តដល់និស្សិតពិការដែលបានបន្តការសិក្សាមកដល់កំរិតនេះហើយត្រូវខិតខំប្រឹងប្រែងបន្តទៀត ពីព្រោះចំណេះដឹង គឺរៀនមិនចេះចប់នោះឡើង។ នៅថ្ងៃនេះ មាននិស្សិតជាជនពិការចំនួន៦នាក់ដែលបានមកទទួលសញ្ញាបត្រផងដែរ។ សម្តេចតេជោបានមានប្រសាសន៍ថា យើងពិការតែរូបកាយទេ តែបេះដូង និងចិត្តកំនិតរបស់យើងមិនពិការនោះទេ។ សម្តេចតេជោ បានជំរុញលើកទឹកចិត្តដល់ជនពិការទាំងអស់ត្រូវតែមានការតស៊ូក្នុងជីវិត កុំអស់សង្ឃឹម ជាក់ស្តែងរូបសម្តេចផ្ទាល់ក៏ជាជនពិការម្នាក់ដែរ តែសម្តេចបានខិតខំប្រឹងប្រែងក្នុងជីវិតមិនត្រឹមតែដើម្បីខ្លួនឯងទេ តែដើម្បីសេចក្តីសុខ និងការរស់នៅរបស់ពលរដ្ឋកម្ពុជាទាំងមូលផងដែរ។
នៅក្នុងថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្រ្តីបានលើកឡើងនូវចំណុចសំខាន់ៗមួយចំនួនដូចជា ការផ្តល់នូវនីតិសម្បទារផ្នែកនយោបាយដល់អតីតសមាជិកគណបក្សដែលបានរំលាយចោលដោយសាលដីកាតុលាការកំពូល, សេចក្តីអំពាវនាវដល់ម្ចាស់រោងចក្រ និងកម្មករបានចូលធ្វើការងារវិញនៅ និងវិធានការដោះស្រាយទឹកសម្រាប់ពលរដ្ឋនៅទូទាំងប្រទេស។ ចំណុចពិស្តារនឹងផ្សាយនៅពេលបន្ទាប់នេះ។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាកច្រកម្ពុជា បានជូនពរដល់និស្សិតជ័យលាភីដែលបានទទួលសញ្ញាបត្រនៅថ្ងៃនេះ គឺទទួលបាននូវជោគជ័យក្នុងការសិក្សា និងមានការងារធ្វើគ្រប់ៗគ្នា។ បន្ទាប់មក សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ក្នុងបរិយាកាសស្និទ្ឋស្នាល និង សប្បាយរីករាយក្រៃលែង៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ