សុន្ទរកថា​​​​សម្ដេច​​តេជោ ហ៊ុន សែន ថ្លែង ក្នុងពិធីទទួល «សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយ» ពីសកលវិទ្យាល័យគ្រើក

37

CNV:

– សម្តេច ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ
– ឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យ ក្រាស៊ែ ឆាណាវង្ស (Krasae Chanawongse) ប្រធានសាកលវិទ្យាល័យ គ្រើក (Krirk) និងជាប្រធានមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយឤស៊ី ព្រមទាំងគណៈប្រតិភូនៃសាកលវិទ្យាល័យ គ្រើក ជាទីរាប់ឤន
– ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា អង្គពិធី ទាំងមូលជាទីមេត្រី!

ថ្ងៃនេះ ខ្ញុំពិតជាមានមោទនភាព និងកិត្តិយសដ៏ខ្ពង់ខ្ពស់ ដែលក្រុមប្រឹក្សាសកលវិទ្យាល័យ គ្រើក ដ៏ល្បីនៃព្រះរាជាណាចក្រថៃបានសម្រេចផ្តល់ដល់ខ្ញុំនូវ «សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយ» នាពេលនេះ។
ខ្ញុំសូមស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមប្រឹក្សាសាកលវិទ្យាល័យ ពិសេសឯកឧត្តមបណ្ឌិត សាស្ត្រាចារ្យ ក្រាស៊ែ ឆាណាវង្ស ប្រធានសកលវិទ្យាល័យ គ្រើក គណៈគ្រប់គ្រង សាស្ត្រាចារ្យ និងតំណាងនិស្សិតនៃសាកលវិទ្យាល័យ គ្រើក ដែលកំពុងមានវត្តមាននៅទីនេះ បានធ្វើការសិក្សាស្រាវជ្រាវអំពីប្រវត្តិការតស៊ូរំដោះជាតិ និងប្រជាជន ព្រមទាំងសមិទ្ធផលជាច្រើនដែលខ្ញុំ សម្រេចបានដោយជោគជ័យជូនជាតិមាតុភូមិ ជាពិសេសការដាក់ចេញ នូវនយោបាយ«ឈ្នះ-ឈ្នះ» ដើម្បីបញ្ចប់សង្គ្រាមរ៉ាំរ៉ៃជាស្ថាពរ ធ្វើឱ្យកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យរហូតមកដល់បច្ចុប្បន្ននេះ។

ជាការពិត មោទនភាពដែលខ្ញុំមាននៅពេលនេះគឺជាមោទនភាពរបស់ប្រជាជនកម្ពុជា ពីញ្រេះការខិតខំប្រឹងប្រែងរបស់ខ្ញុំគឺដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនជាទីស្រឡាញ់របស់ខ្ញុំ ដែលតែងតែគាំទ្រ និងជឿជាក់លើរូបខ្ញុំ និងគណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំប្រទេសកន្លងមក។ ជាក់ស្តែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ កាលពីថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨ មានប្រជាជនចូលរួមបោះឆ្នោតរហូតដល់ ៨៣,០២% នៃអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានចេញទៅបោះឆ្នោត ជាមួយនឹងទឹកមុខសប្បាយរីករាយគ្រប់ៗគ្នា ធ្វើឱ្យគណបក្សប្រជាជន កម្ពុជាឈ្នះភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៦ នេះ ដើម្បីឱ្យរូបខ្ញុំ និងគណបក្សប្រជាជនបានបន្តដឹកនាំប្រទេសជាតិតទៅមុខទៀត ជាពិសេសគឺការថែរក្សា និងការការពារសុខសន្តិភាព ដែលកំពុងមាន ដើម្បីធ្វើកាអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យជារៀងរហូត។
ទន្ទឹមនេះ កិត្តិយសដែលខ្ញុំបានទទួលនេះក៏បានឆ្លុះបញ្ចាំង អំពីចំណងមិត្តភាពកាន់តែរឹងមាំរវាងប្រជាជន និងប្រទេសយើងទាំងពីរ តាមរយៈកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលកំពុងរីកធំធាត់ជាលំដាប់ ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងការអភិវឌ្ឍនៃធន​ធានមនុស្ស។

-សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី អង្គពិធី ទាំងមូលជាទីមេត្រី !
«សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយ» ដែលបានផ្តល់ដល់រូបខ្ញុំនាឱកាសនេះ គឺពិតជាមានអត្ថន័យសម្រាប់រូបខ្ញុំ និងប្រជាជនកម្ពុជា។ កម្ពុជាទើបទទួលបានសុខសន្តិភាព រយៈពេល ២០ ឆ្នាំ ប៉ុណ្ណោះ គឺនៅថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ១៩៩៨ ជាថ្ងៃ ចុងក្រោយដែលសង្គ្រាមរ៉ាំរ៉ៃត្រូវបានបញ្ចប់ទាំងស្រុងតាមរយៈការអនុវត្តនូវនយោបាយ«ឈ្នះ-ឈ្នះ» ដែលសម្រេចបានមកដោយកម្ពុជាខ្លួនឯងផ្ទាល់ ដោយគ្មានការបង្ហូរឈាម គ្មានការប្រើឤវុធ និងដោយគ្មានការបង្គាប់បញ្ជាពីខាងក្រៅ ហើយកម្ពុជាបានរួបរួមគ្នាជាធ្លុងមួយមានឯកភាពជាតិ ឯកភាពទឹកដីពេញលេញជាប្រវត្តិសាស្ត្រលើកដំបូងបំផុត ដែលកម្ពុជាពុំធ្លាប់មានអស់រយៈកាល ជាង ៥០០ ឆ្នាំកន្លងមក។
បច្ចុប្បន្នកម្ពុជាបានសាងសង់ វិមានឈ្នះ-ឈ្នះ ដែលមានអត្ថន័យជាប្រវត្តិសាស្ត្រ គឺការបញ្ចប់សង្គ្រាមជាស្ថាពរ និងតំណាងឱ្យកម្ពុជាមានសុខសន្តិភាព និងឈ្នះជានិច្ចនិរន្តរ៍ ហើយបានកត់ត្រាទុកនូវសមិទ្ធផលសង្គមជាតិច្រើនឥតគណនា សម្រាប់កូនចៅជំនាន់ក្រោយ បានសិក្សាស្វែងយល់អំពីប្រវត្តិសាស្ត្រកម្ពុជា។

បន្ទាប់ពីកម្ពុជាទទួលបានសុខសន្តិភាពពេញលេញនៅចុង ឆ្នាំ ១៩៩៨ សេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងរយៈពេលជិត ២ ទសវត្សរ៍ចុងក្រោយនេះ កម្ពុជាទទួលបានចំណាត់ថ្នាក់ជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ និងលឿនបំផុតលំដាប់ទី ៦ លើពិភពលោកដោយសម្រេចបានកំណើនជាមធ្យមជាង ៧% ក្នុង ១ ឆ្នាំ តាមរយៈការរីកចម្រើនជាបន្តបន្ទាប់លើវិស័យឧស្សាហកម្ម កម្មន្តសាល សំណង់ កសិកម្ម សេវាកម្ម ទេសចរណ៍ អចលនទ្រព្យ គមនាគមន៍ និងការដឹកជញ្ជូន។ ដោយឡែក រចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជាកំពុងផ្លាស់ប្តូរពីប្រទេស​ ដែលពឹងផ្អែកលើវិស័យកសិកម្ម ទៅជាប្រទេសដែលពឹងផ្អែកសំខាន់លើវិស័យឧស្សាហកម្ម និងសេវាកម្ម។ ទន្ទឹមនេះ យើងនឹងខិតខំប្រឹងប្រែងបន្តទៀត ដើម្បីឲ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។
ដូច្នេះ មោទនភាពដែលខ្ញុំទទួលបានថ្ងៃនេះគឺជាមោទនភាពរបស់ប្រជាជនកម្ពុជាទូទាំងប្រទេសដែលបានរួមសុខរួមទុក្ខជាមួយខ្ញុំ តាំងពីគ្រាលំបាករហូតមកទល់ពេលនេះ ហើយខ្ញុំក៏សូមចែករំលែក មោទនភាពទាំងអស់នេះដល់ក្រុមគ្រួសារ ឧត្តមភរិយា កូនៗ និងចៅៗ ជាទីស្រឡាញ់ដែលតែងតែផ្តល់កម្លាំងចិត្ត និងស្ថិតនៅជាប់ ជានិច្ចជាមួយខ្ញុំនៅគ្រប់កាលៈទេសៈ ដើម្បីឱ្យខ្ញុំឤចបម្រើជាតិមាតុភូមិ ថែរក្សាបាននូវសុខសន្តិភាពឱ្យបានគង់វង្ស និងធ្វើការអភិវឌ្ឍឱ្យបានរីកចម្រើនលើគ្រប់វិស័យ ដើម្បីប្រជាជនកម្ពុជាទូទាំងប្រទេស មានជីវភាពរស់នៅសម្បូរសប្បាយ ថ្កុំថ្កើង រុងរឿងជារៀងរហូត។

ជាទីបញ្ចប់ ខ្ញុំសូមជូនពរឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យ ក្រាស៊ែ ឆាណាវង្ស ប្រធានសកលវិទ្យាល័យ គ្រើក និងគណៈប្រតិភូនៃសកលវិទ្យាល័យ គ្រើក ព្រមទាំងសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ក្នុងអង្គពិធីទាំងមូល សូមប្រកបដោយសេចក្តីសុខ សេចក្តីចម្រើន សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច។
សូមអរគុណ!