សម្រង់​ប្រសាសន៍​​​​សម្ដេច​​តេជោ ហ៊ុន សែន ថ្លែងក្នុងពិធីបុណ្យទន្លេលើកទី៥ ក្រោមប្រធានបទ ” ទន្លេ៖ ផ្សារភ្ជាប់សន្តិភាព ប្រជាជន និងទេសចរណ៍ ” នៅខេត្តកំពង់ឆ្នាំង

CNV:

ស្វាគមន៍ការចូលរួមពីសំណាក់ប្រតិភូថៃ វៀតណាម ជាប្រចាំ និងការចូលរួមនៃឥណ្ឌូនេស៊ីឆ្នាំនេះ

​ថ្ងៃនេះ ពិតជាទិវាដ៏មហានក្ខត្តឫក្ស ដែលយើងមកជួបជុំគ្នានៅទីនេះ ហើយ​​ខ្ញុំ និងភរិយា ក៏បានចូលរួមបើកនូវបុណ្យទន្លេ​លើកទី ៥ ក្នុងខេត្តកំពង់ឆ្នាំង ក្រោមប្រធានបទ «ទន្លេផ្សារភ្ជាប់សន្តិភាព​ ប្រជាជន និងទេសចរណ៍»។ ខ្ញុំយកឱកាសនេះ សម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ ភ្ញៀវជាតិ និងអន្តរជាតិ ដែលបានអញ្ជើញមកចូលរួម។ ខ្ញុំពិតជាមានការរីករាយដោយបានឃើញថា រៀងរាល់ឆ្នាំ ហើយជាពិសេសនៅឆ្នាំនេះតែម្តង បណ្តាក្រុមហ៊ុន និងវិស័យនានា ក៏បានមករៀបចំសម្តែងនូវសាមគ្គីភាពជាមួយនឹងខេត្តកំពង់ឆ្នាំង តាមរយៈការបញ្ជូនស្តង់មកតាំងពិព័រណ៍នៅទីនេះ ដោយរដ្ឋបាលខេត្ត ឬក៏ដោយស្ថាប័នថ្នាក់ជាតិ និងវិស័យឯកជន។

ខ្ញុំក៏សូមស្វាគមន៍ផងដែរ ជាមួយនឹងវត្តមានជាប្រចាំរបស់ព្រះរាជាណាចក្រថៃ និងសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានចូលរួមជាទៀងទាត់នៅក្នុងបុណ្យសមុទ្រ បុណ្យទន្លេ។ ឆ្នាំនេះ កាន់តែវិសេសវិសាលថែមទៀត ដែលខ្ញុំសូមថ្លែងនូវការស្វាគមន៍ និងអរគុណ ជាមួយនឹងការចូលរួមរបស់សាធារណរដ្ឋឥណ្ឌូនេស៊ី ដែលមិនគ្រាន់តែជាការចូលរួមសម្រាប់ការតាំងពិព័រណ៍ម្ហូបអាហារប៉ុណ្ណោះទេ ក៏ប៉ុន្តែ ឆ្នាំនេះ បានបញ្ជូនក្រុមសិល្បៈមកសម្តែង ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ ៦០ ឆ្នាំ នៃការដាក់ទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥណ្ឌូនេស៊ី។

ខេត្តម្ចាស់ផ្ទះពិធីបុណ្យទន្លេ ត្រូវអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសមស្រប

ខ្ញុំពិតជាមានការសប្បាយរីករាយ ដោយសារតែនៅរៀងរាល់ពេលដែលយើងធ្វើពិធីបុណ្យ នៅតាមខេត្តនានា ទាំងតាមមាត់សមុទ្រ និងតាមមាត់ទន្លេ តំបន់ទាំងនោះសុទ្ធតែបានផ្តល់នូវលទ្ធភាពឲ្យមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសមស្រប ដើម្បីទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំបុណ្យទន្លេនេះឯង។ ហើយប្រជាជនក៏បានទទួលផលប្រយោជន៍ពីការរៀបចំបុណ្យទន្លេ ឬបុណ្យសមុទ្ររបស់យើង។ ៤ ឆ្នាំមុន យើងបានធ្វើបុណ្យនៅតាមទន្លេមេគង្គ គឺរាប់ពីខេត្តស្ទឹងត្រែង ខេត្តក្រចេះ និងខេត្តកំពង់ចាម។ ឆ្នាំទៅ យើងបានធ្វើបុណ្យនៅតាមដងទន្លេបាសាក់ ដែលធ្វើនៅខេត្តកណ្តាល។ ឯឆ្នាំទី ៥ នេះ គឺជាលើកទីមួយដែលយើងបានធ្វើនៅតាមទន្លេសាប ដែលជាទន្លេដ៏ធំបំផុតនៅក្នុងតំបន់របស់យើងនេះ ហើយដែលនេះក៏ជាការចាប់ផ្តើមមួយនៅក្នុងស្ថានភាពដែលយើងត្រូវពិនិត្យរួមគ្នា រួមគិតរួមធ្វើ និងរួមទទួលខុសត្រូវ ជម្រុញការអភិវឌ្ឍប្រទេសជាតិរបស់យើងទៅមុខ។

គោលបំណងនៃបុណ្យទន្លេ គឺបំផុសគំនិតស្រឡាញ់ និងការពារទន្លេ ដើម្បីទាញយកផលប្រយោជន៍

ប្រធានបទដែលជ្រើសរើសឆ្នាំនេះ គឺ «ទន្លេផ្សារភ្ជាប់សន្តិភាព​ ប្រជាជន និងទេសចរណ៍»។ ខ្ញុំគិតថា វាពិតជាត្រឹមត្រូវដែលជ្រើសរើសប្រធានបទបែបនេះ សម្រាប់គោលដៅនៃការអភិវឌ្ឍ។ ពិតមែនហើយ ខ្ញុំក៏ធ្លាប់បានលើកបញ្ហានេះនៅឯខេត្តកណ្តាល។ ឆ្នាំនេះ ខ្ញុំក៏នៅតែបន្តរំលឹកឡើងវិញនូវបញ្ហាទាំងឡាយ ដែលខ្ញុំបានលើកនៅខេត្តកណ្តាល ហើយនឹងបន្តលើកជាបន្តបន្ទាប់ទៀត ព្រោះប្រធានបទនេះនៅតែស្រួចស្រាលគ្របដណ្តប់ទៅលើទិដ្ឋភាពរួម និងការជាក់ស្តែងរបស់យើង។ គោលបំណងនៃការរៀបចំបុណ្យទន្លេរបស់យើង គឺសំដៅបំផុសស្មារតីស្រឡាញ់ និងការពារទន្លេ ទាញយកផលប្រយោជន៍ពីធម្មជាតិមួយនេះ ទាំងការប្រើប្រាស់ទឹកប្រចាំថ្ងៃ ការប្រើប្រាស់សម្រាប់វិស័យកសិកម្ម នេសាទ វារីវប្បកម្ម ការដឹកជញ្ជូនតាមផ្លូវទឹក ការផលិតអគ្គិសនី ការអភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិ រហូតដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ។

ដូច្នេះ យើងមានគោលបំណងជាក់លាក់ បុណ្យទន្លេ មិនមែនគ្រាន់តែជាពិធីបុណ្យធម្មតាទេ ប៉ុន្តែយើងត្រូវបំ​ផុសស្មារតីប្រជាពលរដ្ឋរបស់យើង ឲ្យក្លាយទៅជាចលនាជាតិ ដើម្បីការស្រឡាញ់ និងការពារទន្លេ បឹងបួ របស់យើងផងដែរ។ ចំណុចនេះ ប្រសិនបើយើងទាំងអស់គ្នាមិនបានចាប់អារម្មណ៍ទេ ទន្លេរបស់យើងនឹងអាចគោករាក់ ទន្លេរបស់យើងនឹងក្លាយទៅជាតំបន់ដែលត្រូវបានប្រើប្រាស់ដោយអនាធិបតេយ្យ​ ហើយទន្លេរបស់យើងនឹងមិនមានត្រីតទៅទៀតទេ ប្រសិនបើយើងទាំងអស់គ្នាបណ្តែតបណ្តោយឲ្យទន្លេរបស់យើងត្រូវបានប្រើប្រាស់ដោយមិនចំគោលដៅ។

កត្តាសន្យានុម័ត និងអត្តនោម័ត បង្កផលប៉ះពាល់ដល់ទន្លេ

ពិតហើយ កត្តាសត្យានុម័តក៏បានផ្តល់នូវផលពិបាកឲ្យយើងមួយផ្នែក ប៉ុន្តែ កត្តាសត្យានុម័ត យើងអាចនឹងរួមគ្នាដោះស្រាយ។ ប៉ុន្តែ កត្តាអត្តនោម័តក៏ជាផ្នែកដ៏សំខាន់មួយ ដែលយើងមិនត្រូវមើលស្រាលនោះទេ នោះគឺការបំផ្លិចបំផ្លាញដោយមនុស្សតែម្តង។ ខ្ញុំចង់លើកទិដ្ឋភាពនេះបន្តិចដើម្បីយើងអាចយល់គ្នាកាន់តែច្បាស់។ កត្តាសត្យានុម័តរួមមានការបាក់ច្រាំងទន្លេ ដោយសារការផ្លាស់ប្តូរចរន្តទឹក ហើយបញ្ហានេះវាជាបញ្ហាប្រឈមធំ ដែលនៅតែបន្តកើតមាន កើតមានពីអតីតកាល និងកើតមានរហូតមកដល់ពេលនេះ។ បើយើងពិនិត្យមើលទន្លេរបស់យើង ដែលមុននោះគឺទន្លេរបស់យើងមិនជាធំប៉ុន្មានទេ។ ឥឡូវនេះ ទន្លេរបស់យើងធំណាស់។ គាប់ជួននៅកន្លែងតម្កល់ឯកសារ ខ្ញុំបានឃើញនៅភូមិរបស់ខ្ញុំ ឃុំរបស់ខ្ញុំ គឺឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលបារាំងគូរដោយដៃនូវផែនទីជំនាន់នោះ ក្នុងឆ្នាំ ១៩១៣ ខ្ញុំមើលឃើញទន្លេក្នុងឃុំរបស់ខ្ញុំមានទំហំតូចណាស់។ កាលពីក្មេង ខ្ញុំធ្លាប់ហែលឆ្លងទន្លេទៅកាន់កោះទៀតផង ក៏ប៉ុន្តែឥឡូវនេះ តំបន់នោះសូម្បីតែផ្ទះកំណើតជីដូនជីតារបស់ខ្ញុំ និងវត្តដែលដាក់អដ្ឋិធាតុជីដូនជីតារបស់ខ្ញុំ ក៏ធ្លាក់បាក់ទៅក្នុងច្រាំងរួចទៅហើយ។ ស្ថានភាពនោះ វាជារឿងមួយ ​ហើយពីមួយឆ្នាំទៅមួយឆ្នាំ ដីល្បាប់បាននាំមកនូវការគោករាក់នៃទន្លេផង គោករាក់នៃបឹងបួទាំងឡាយផង ដែលនោះគឺជាបញ្ហាប្រឈមមួយសម្រាប់យើង។

ពុំទាន់មានសមត្ថភាពបូមស្តារ តម្រង់ចរន្តទឹក និងការទប់ស្កាត់ការបាក់ច្រាំង

ឥឡូវនេះ យើងគ្រាន់តែមានលទ្ធភាព ដើម្បីបូមស្តារចេញនូវតំបន់ខ្លះ ដើម្បីបម្រើឲ្យការចរាចរណ៍ផ្លូវទឹកតែប៉ុណ្ណោះ ក៏ប៉ុន្តែយើងពុំទាន់មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីនឹងបូមស្តារ ដើម្បីនឹងតម្រង់ចរន្តទឹក និងការទប់ស្កាត់ការបាក់ច្រាំងនៅឡើយទេ។ យើងត្រូវខិតខំដើម្បីរកថវិកាដោះស្រាយបញ្ហានេះ។ នៅទីកន្លែងណាដែលយើងអាចធ្វើបានមុន។ សម្រាប់បឹងបួ រាប់ទាំងក្នុងទន្លេសាបរបស់យើង ឆ្នាំទៅមួយឆ្នាំ ទន្លេសាបរបស់យើង និងបឹងបួរបស់យើងត្រូវបានគោករាក់ ដោយសារតែម្ខាងដីល្បាប់ដែលនាំចូលនៅក្នុងរដូវវស្សា តែម្ខាងទៀត ស្លឹកឈើទាំងឡាយដែលធ្លាក់ចុះធ្វើឲ្យទន្លេរបស់យើងក្លាយទៅជាគោករាក់ឡើង។

ពីមុន ទឹកជ្រៅត្រីច្រើន ប្រជាជនតិច ពេលនេះ ទឹករាក់ត្រីតិច ប្រជាជនច្រើន

ស្ថានភាពនេះវាបានផ្លាស់ ប្តូរកាលពី​ ៥០ ៦០ ឆ្នាំមុន ឬ​ ១០០ ឆ្នាំមុន។ កាលនោះ ស្ថានភាពរបស់យើងគឺ ទឹកជ្រៅត្រីច្រើន ប្រជាជនតិច ប៉ុន្តែពេលនេះ ដល់ពេល ទឹករាក់ ត្រីតិច ប្រជាជនច្រើន បូកដោយជាមួយនឹងការនេសាទអនាធិបតេយ្យ បានបង្កើតជាបញ្ហាប្រឈមសម្រាប់យើងទាំងអស់គ្នា​ ហើយដែលបញ្ហាអនាធិបតេយ្យនេះ មិនមែនបង្កើតឡើងដោយកត្តាសត្យានុម័តទេ គឺបង្កើតដោយកត្តាអត្តនោម័ត គឺមនុស្សអ្នកបង្កឡើង។ យើងទាំងអស់គ្នា ត្រូវចូលរួមការខិតខំលើបញ្ហាទាំងអស់នេះ ដើម្បីទាញយកនូវផលប្រយោជន៍ឡើងវិញ ហើយដែលបំផុសនូវស្មារតីស្រឡាញ់ទន្លេ ស្រឡាញ់បឹងបួ និងស្រឡាញ់ធនធានធម្មជាតិរបស់យើង។ យើងត្រូវទាញយកផលប្រយោជន៍ឲ្យបានជាអតិបរមាអំពីទឹកដែលមាននៅក្នុងប្រទេសរបស់យើង។

គិតត្រឹមពេលនេះ កម្ពុជាខ្វះអគ្គិសនី ៤០០ មេហ្គាវ៉ាត់

ក្នុងឱកាសនេះ ខ្ញុំគួរតែរំលឹកបន្ថែមទៀតថា ស្ថានភាពនៃការប្រែប្រួលអាកាសធាតុ មិនមែនមានផលប៉ះពាល់មកលើតែកម្ពុជាទេ ក៏ប៉ុន្តែមានផលប៉ះពាល់សម្រាប់តំបន់ទាំងមូលតែម្តង។ ដោយឡែក ឆ្នាំនេះ អាចចាត់ទុកថា ជាឆ្នាំដែលកម្ពុជាត្រូវជួបប្រទះនូវបញ្ហា មិនមែនគ្រាន់តែបញ្ហាទឹកដាច់ដោយឡែកទេ។​ រឿងទឹកវាក៏បានផ្សារភ្ជាប់ជាមួយបញ្ហាអគ្គិសនី ដែលខ្ញុំសុំយកឱកាសនេះអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើង ឲ្យមានការខិតខំសន្សំសំចៃទៅលើការប្រើប្រាស់ទឹក ទាំងនៅទីក្រុងក៏ដូចជានៅជនបទ​ ដោយសារឆ្នាំនេះគឺជាឆ្នាំដែលរាំងស្ងួត ក្នុងរយៈពេលវែង ហើយអាចអូសបន្លាយរហូតទៅដល់ខែមិថុនាឯណោះ។ សម្រាប់វិស័យអគ្គិសនីមកដល់ ពេលនេះ ក្រសួងរ៉ែ និងថាមពល ក៏ដូចជាក្រុមហ៊ុនអគ្គិសនីបានឲ្យខ្ញុំដឹងថា ​​មកដល់ពេលនេះ ម៉ោងនេះ យើង ចាប់ផ្តើមខ្វះអគ្គិសនីរហូតដល់ ៤០០ មេហ្គាវ៉ាត់ឯណោះ។

ប្រើម៉ាស៊ីនផ្គត់ផ្គង់អគ្គិសនី តាមលំនៅដ្ឋាន សណ្ឋាគារ និងមូលដ្ឋានផលិតកម្ម

យើងកំពុងរកដំណោះស្រាយ … ខ្ញុំក៏សុំយកឱកាសនេះអំពាវនាវឲ្យអ្នកដែលមានម៉ាស៊ីនភ្លើង បញ្ចេញម៉ាស៊ីនភ្លើង ដើម្បីប្រើប្រាស់ផ្គត់ផ្គង់ តាមលំនៅដ្ឋានក្តី និងតាមសណ្ឋាគារក្តី ឬកន្លែងដែលខ្លួនធ្វើអាជីវកម្មក្តី ដើម្បីជួយទប់ទល់ជាមួយគ្នា។ យើងកំពុងតែរង់ចាំនូវការឆ្លើយតបពីសាធារណរដ្ឋទួគី ដើម្បីនាំមកនូវនាវាដែលផ្ទុកទៅដោយម៉ាស៊ីនភ្លើង សម្រាប់បន្ថែមការផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា សម្រាប់ប៉ុន្មានខែ។ ប្រទេសរបស់យើងមួយភាគធំប្រើប្រាស់វារីអគ្គិសនី ប៉ុន្តែវារីអគ្គិសនីប្រើដោយទឹក។ ទឹកនោះវារីង។ ដូច្នេះ វារីអគ្គិសនីបញ្ចេញថាមពល បានកម្រិតទាប។ ក្នុងន័យនេះ ខ្ញុំសុំអំពាវនាវឲ្យប្រជាពលរដ្ឋរបស់យើងផ្តល់ការយោគយល់អធ្យាស្រ័យ នៅ ក្នុងករណីដែលកន្លែងខ្លះមានការដាច់ភ្លើង ទីកន្លែងខ្លះមានខ្វះភ្លើង។ សុំឲ្យប្រជាពលរដ្ឋរបស់យើង ដែលមានម៉ាស៊ីនភ្លើង អាចនឹងប្រើប្រាស់ម៉ាស៊ីនភ្លើងជំនួស ពេលមានការដាច់ភ្លើង ឬត្រូវការកាត់ភ្លើង។

ប្រើម៉ាស៊ីនអគ្គិសនី មានតម្លៃថ្លៃ តែដោះស្រាយពេលចំពោះមុខ

សុំផ្តល់ការយោគយល់ចំពោះរាជរដ្ឋាភិបាល ហើយក៏សុំឲ្យមានការសន្សំសំចៃទៅលើការប្រើប្រាស់ភ្លើងនៅគ្រប់ទីកន្លែង។ យើងសន្សំសំចៃទៅលើការប្រើប្រាស់ទឹកផង និងយើងសន្សំសំចៃទៅលើការប្រើប្រាស់អគ្គិសនីផង ដើម្បីជួយដោះស្រាយបញ្ហាទាំងអស់នៅក្នុងប្រទេសរបស់យើង។ ៤០០ មេហ្គាវ៉ាត់គឺវាច្រើនណាស់នៃការខ្វះខាតដែលកំពុងមានបច្ចុប្បន្ន ហើយវានឹងអាចមានទំហំធំលើសពីនេះទៀត នៅពេលដែលទឹកមិនត្រូវបានផ្គត់ផ្គង់សម្រាប់រុញទួប៊ីននៃបណ្តាវារីអគ្គិសនី។ យើងកំពុងតែខិតខំដោះស្រាយបញ្ហាម៉ាស៊ីនទាំងឡាយដែលប្រើប្រាស់ ទោះបីវាថ្លៃបន្តិចតែវាប្រសើរជាងការដែលយើងដេកបក់ផ្លិត ឬក៏គ្មានអគ្គិសនីប្រើប្រាស់ ដើម្បីជម្រុញផលិតកម្មរបស់យើង។

បញ្ចៀសផលប៉ះពាល់លើមូលដ្ឋានផលិតកម្ម ពិសេសម៉ាស៊ីនកិនស្រូវ

ខ្ញុំក៏សុំបញ្ជាក់ថា មូលដ្ឋានផលិតកម្មទាំងអស់ ជាពិសេសមូលដ្ឋានផលិតកម្មទាក់ទិនទៅនឹងម៉ាស៊ីនកិនស្រូវ​ ដើម្បីបម្រើទៅឲ្យការកែច្នៃស្រូវអង្កររបស់យើង មិនត្រូវ​បានទទួលនូវផលប៉ះពាល់ទេ។ ក៏ប៉ុន្តែនៅតំបន់ប្រើប្រាស់មួយចំនួនក៏ត្រូវបានកាត់ផ្តាច់។ អញ្ចឹង ក្នុង​​​ឋានៈនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ អំពាវនាវចំពោះប្រជាពលរដ្ឋនៅទូទាំងប្រទេស និងអាជីវករទាំងអស់ សុំមេត្តាយោគយល់ ហើយបញ្ចេញនូវម៉ាស៊ីនភ្លើង ឬទិញនូវម៉ាស៊ីនភ្លើង ដាក់ដើម្បីប្រើប្រាស់​បន្ត ហើយយើងនឹងខិតខំដោះស្រាយបញ្ហានេះបន្តទៀត តែធម្មជាតិមិនយោគយល់សម្រាប់យើងទេ នេះជាអ្វីដែលខ្ញុំចង់បញ្ជាក់។

ទន្លេច្រើន បឹងបួច្រើន មានបញ្ហាប្រឈមផងដែរ

ប្រទេសរបស់យើងមានទន្លេច្រើន មានបឹងបួច្រើន … ទន្លេច្រើន បឹងបួច្រើន វាល្អណាស់សម្រាប់ប្រទេសមួយ ក៏ប៉ុន្តែវាក៏មានបញ្ហាប្រឈមរបស់វាផងដែរ នោះគឺនៅត្រង់ថា ហេដ្ឋារចនាសម្ព័ន្ធក៏ត្រូវរៀបចំ ដើម្បីឆ្លើយតបជា​មួយនឹងការលំបាករបស់ប្រជាពលរដ្ឋ។ អម្បាញ់មិញ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ក៏ដូចជា ឯកឧត្តម ថោង ខុន ហើយតំណាងដោយ ឯកឧត្តម សុខ លូ នៅឯខេត្តកំពង់ធំ ក៏បានលើកនូវសំណូមពរ​។ ខ្ញុំនឹងនិយាយបញ្ហានេះនៅពេលខាងក្រោយ។ ត្រូវតែដឹងថា ដើម្បីដោះស្រាយបញ្ហាប្រទេសដែលមានទន្លេច្រើន ដែលមានព្រែកច្រើន យើងមិនអាចទុកអោយប្រជាពលរដ្ឋឆ្លងទូកដរ ប្រកបដោយគ្រោះថ្នាក់នោះទេ។ យើងត្រូវខិតខំកសាងនូវស្ពានឆ្លងកាត់។ យើងកសាងពីស្ពានឈើ ស្ពានដែក រហូតមកដល់ស្ពានបេតុង។ ឥឡូវពេលនេះជាសម័យនៃស្ពានបេតុងទៅហើយ។ យើងត្រូវបន្តការខិតខំទាំងស្ពានឆ្លងព្រែក ទាំងស្ពានឆ្លងទន្លេ និងស្ពានឆ្លងដៃសមុទ្រ ដែលយើងបានធ្វើ និងកំពុងធ្វើជាបន្តទៀត។

សូមប្រជាពលរដ្ឋភ្ញាក់រលឹក កុំបង្ហូរទឹកស្អុយ/កាកសំណល់ចូលទន្លេ ស្ទឹង បឹងបួ

ចំណុចពាក់ព័ន្ធជាមួយនឹងបញ្ហាទន្លេរបស់យើង មិនថាទន្លេមេគង្គ ទន្លេបាសាក់ ឬទន្លេសាបនោះទេ សូម្បីតែនៅតាមបណ្តាស្ទឹងមួយចំនួនដូចជា ស្ទឹងសែន ស្ទឹងពោធិ៍សាត់ ស្ទឹងសង្កែ ស្ទឹងមង្គលបុរី ឬក៏ទន្លេតូចដែលតភ្ជាប់រវាងខេត្តកំពង់ចាម ជាមួយនឹងខេត្តព្រៃវែង សុទ្ធតែមានបញ្ហាទាក់ទងជាមួយនឹងអនាម័យទាំងអស់។ រឿងដែលលំបាក រឿងដែលគួរតែព្រួយ ប៉ុន្តែយើងដែលអាចធ្វើទៅបាននោះគឺការចាក់កាកសំណល់ ទៅក្នុងទន្លេ ឬទៅក្នុងសមុទ្រ។ ហ្នឹងម្ខាងហើយដែលយើងទៅបុណ្យសមុទ្រកាលពីប៉ុន្មានខែមុន។ ក៏ប៉ុន្តែនៅក្នុងទន្លេនៅក្នុងបឹងបួ និងនៅក្នុងស្ទឹងរបស់យើង​ ក៏មានការបង្ហូរទឹកស្អុយ ឬក៏សំណល់ចូលទៅក្នុងទន្លេ ចូលទៅក្នុងបឹងបួនោះ ដែលធ្វើអោយបឹងបួរបស់យើង និងទន្លេរបស់យើងបាត់បង់នូវភាពអនាម័យ ដែលចំណុចនេះយើងត្រូវរកវិធីដោះស្រាយតាមរយៈការភ្ញាក់រលឹកឡើងរបស់ប្រជាពលរដ្ឋរបស់យើង តាមរយៈការបង្កើនអនាម័យ ដោយមិនបោះបង់ចោលនូវកាកសំណល់ទាំងឡាយ ដែលសល់ពីការប្រើប្រាស់ ពីការទទួលទានរបស់យើង ទៅក្នុងទន្លេ ទៅក្នុងបឹងបួ ស្ទឹងរបស់យើងនោះទេ។

ផ្ទះនីមួយៗ គ្រួសារនីមួយៗ ចូលរួមសម្អាតទន្លេដើម្បីសុខុមាលភាព និងទេសចរណ៍

ដូចជាការចោលសម្បកដប ការចោលថង់ប្លាស្ទីក និងកាកសំណល់ផ្សេងៗទៀត ដែលធ្វើអោយបឹងបួរបស់យើងទទួលនូវគ្រោះមហន្តរាយ។ អ្នកនៅខាងលើគឺម៉្យាង ប៉ុន្តែអ្នកនៅខាងក្រោមគឺម៉្យាង។ ឆ្នាំទៅ ខ្ញុំក៏បានរំលឹកដាស់តឿនអំពីបញ្ហាទាក់ទង ពេលដែលទឹករដូវទឹកឡើង ដែលធ្វើអោយកាកសំណល់នានា ដែលបន្សល់ទុកពេញមួយឆ្នាំត្រូវបានបញ្ចេញទៅនៅក្នុងទឹកទាំងអស់។ ចំណុចនេះយើងត្រូវខិតខំសិក្សារួមគ្នា ដើម្បីដោះស្រាយយ៉ាងណា? ធ្វើយ៉ាងម៉េចកុំអោយទឹករបស់យើងត្រូវទទួលនូវការបំពុលដោយសារកាកសំណល់ តាមរយៈផ្ទះនីមួយៗ គ្រួសារនីមួយៗដែលត្រូវដោះស្រាយបញ្ហានេះ ព្រោះម្នាក់ៗចូលរួមបន្តិចជាមួយគ្នា យើងអាចបង្កើតបាននូវស្ថានភាពអនុគ្រោះសម្រាប់ការសម្អាតទន្លេរបស់យើង។ ភាពស្អាតនោះហើយ វាផ្តល់នូវផាសុកភាព និងសុខុមាលភាព សម្រាប់ប្រជាពលរដ្ឋរបស់យើង ហើយក៏ជាផ្នែកទាក់ទាញនៃវិស័យទេសចរណ៍។ ទេសចរគេមិនមករកនូវការហិតក្លិនស្អុយនៅក្នុងបឹងបួរបស់យើងនោះទេ។ ក៏ប៉ុន្តែគេត្រូវការទឹកដ៏ស្អាត ដែលគេមិនគ្រាន់តែត្រឹមជិះទូកកម្សាន្តលេងនោះទេ ក៏ប៉ុន្តែគេក៏ត្រូវការមុជទឹកសាកល្បង ដើម្បីគេអាចដឹងថាទឹកធម្មជាតិរបស់យើងបែបណា ទាំងទឹកសមុទ្រ ទាំងទឹកទន្លេ ទឹកបឹង ទឹកស្ទឹងរបស់យើងផងដែរ។

រក្សាសន្តិភាព កុំអោយទន្លេរងគ្រោះដូចពីអតីតកាល

ខ្ញុំគិតថាថ្ងៃនេះ ខ្ញុំនឹងផ្តល់នូវអនុសាសន៍មួយចំនួនបន្ថែម ហើយអនុសាសន៍នេះក៏វាមិនខុសគ្នាប៉ុន្មាន​នៃអនុសាសន៍ ដែលខ្ញុំធ្លាប់បានផ្តល់នៅឯខេត្តកណ្តាលនោះទេ។ ទី ១៖ ត្រូវការពារសន្តិភាពអោយខាងតែបាន ដើម្បីកុំអោយទន្លេរបស់យើងក្លាយទៅជា ទន្លេដែលរងគ្រោះដូចពីអតីតកាល។ អ្នកទាំងអស់គ្នាបានដឹងហើយ អង្គុយនៅទីនេះ អ្នកដែលរស់បាននៅទីនេះ ដោយមានសុវត្ថិភាព តើមកពីអ្វី? គឺមកពីសន្តិភាពដែលរកដោយលំបាក។ ឯកឧត្តម ឈួរ ច័ន្ទឌឿន បានលើកឡើងអម្បាញ់មិញ ឯកឧត្តម បានរំលឹកអំពីវត្តមានរបស់ខ្ញុំនៅ ព្រែកគ្រី នៅពាមឆ្កោក និងនៅតំបន់មួយចំនួននៃបឹងទន្លេសាប ក្នុងឋានៈជានាយករដ្ឋមន្ត្រី តើមាននាយករដ្ឋមន្ត្រីនៅប្រទេសណាទៅ ដែលចុះមកធ្វើសកម្មភាពនៅក្នុងស្ថានភាពបែបនេះ … យប់ដែលខ្ញុំបានមកនោះ មានការប្រយុទ្ធគ្នា្ននៅក្នុងទឹកតែម្តង រវាងកងទ័ពរបស់យើងជាមួយនឹងពួកខ្មែរក្រហម ដែលនៅតាមទន្លេសាប។ យើងពិតជាមានការលំបាកណាស់នៅក្នុងកាលៈទេសៈប្រទេសដែលមានសង្គ្រាម។ សូម្បីតែនាយករដ្ឋមន្ត្រី ក៏មិនអាចនៅស្ងៀមបានដែរ។ យើងត្រូវចុះមកសិក្សាពិនិត្យ តើកងទ័ពជើងទឹករបស់យើងត្រូវការអ្វី? ប្រជាជនដែលរស់នៅក្នុងទឹករបស់យើងត្រូវការអ្វី? នេះគ្រាន់តែនិយាយទាក់ទងជាមួយនឹងខេត្តកំពង់ឆ្នាំង ដែលខ្ញុំធ្វើដំណើរតាមផ្លូវទឹក រហូតដល់ពេលព្រលប់ទើបត្រឡប់ទៅដល់ផ្ទះវិញ។

អ្នកបឹងទន្លេសាប ពីដើមធ្លាប់តែជាតំបន់វាយប្រហារគ្នា ក្លាយជាតំបន់សន្តិភាព និងអភិវឌ្ឍន៍

ពេលនេះស្ថានភាពបានខុសកាលពីជាង ៣០ឆ្នាំមុន។ ជាង ៣០ឆ្នាំមុននោះ ខ្ញុំមកទីនេះដូចជាឆ្នាំ ១៩៨៥ ឬ ឆ្នាំ ១៩៨៦ ដែលខ្ញុំមកក្នុងតំបន់ទន្លេសាបនេះ ប៉ុន្តែឥឡូវនេះអ្នកដែលនៅក្នុងបឹងទន្លេសាប មិនគ្រាន់តែនៅក្នុងខេត្តកំពង់ឆ្នាំង នៅគ្រប់ទីកន្លែងទាំងអស់ដែលពីដើមធ្លាប់តែជាតំបន់ប្រទាញប្រទង់វាយប្រហារគ្នា ឥឡូវក្លាយទៅជាតំបន់ដែលមានសន្តិភាព ក្លាយទៅជាតំបន់ដែលមានការអភិវឌ្ឍ រហូតទៅដល់ជាតំបន់ដែលមានការដណ្តើមដីគ្នាទៀតផង។ ខ្ញុំអំពាវនាវប្រជាជនទូទាំងប្រទេស អោយយកចិត្តទុកដាក់មើលអោយឃើញនូវតម្លៃ នៃសុខសន្តិភាព និងមើលអោយឃើញនូវតម្លៃ ដែលយើងទទួលបានពីសុខសន្តិភាព ដែលយើងរកបានលំបាក។ ជាងនេះទៅទៀត ត្រូវរក្សានូវតម្លៃនៃនយោបាយឈ្នះឈ្នះ រយៈពេល ២០ឆ្នាំ កន្លងផុតរួចទៅហើយ។ គ្មានសន្តិភាព យើងពិតជាមិនអាចធ្វើអ្វីបានទេ កុំថាឡើយដល់វិស័យទេចរណ៍សូម្បីតែការរស់នៅផ្ទះសំបែង ក៏មិនអាចនៅស្ថិតស្ថេរបានដែរ ត្រូវរត់លូនជាប្រចាំ។

ត្រូវរកប្រភពទុនការពារទន្លេ ពីការបាក់ច្រាំង ការគោករាក់ និងរកវិធីតម្រង់ចរន្តទឹក …

ទី២ ត្រូវរកប្រភពទុនការពារទន្លេពីការបាក់ច្រាំង ការគោករាក់ ហើយរកវិធីតម្រង់ចរន្តទឹក ទប់ស្កាត់ការបូមខ្សាច់អនាធិបតេយ្យ ទប់ស្កាត់ការនេសាទខុសច្បាប់ ទប់ស្កាត់ការកាប់ព្រៃលិចទឹក ដែលធ្វើឲ្យទន្លេរបស់យើងបាត់បង់ រាប់ទាំងការទាក់ទាញវិស័យទេសចរណ៍ ការកាប់ព្រៃលិចទឹក គឺជាការបាត់បង់ មិនមែនគ្រាន់តែទាក់​ទង​ទៅនឹងមច្ឆជាតិមួយមុខទេ ក៏ប៉ុន្តែ វាបាត់បង់នូវភាពទាក់ទាញនូវក្នុងវិស័យទេសចរណ៍។ ទេសចរដែលមកពីប្រទេសក្រៅចូលចិត្តណាស់ នៅក្នុងការទៅលេងកម្សាន្តជាមួយនឹងព្រៃព្រឹក្សា មើលបក្សាបក្សីក្នុងប្រទេសរបស់យើង។ មិនមែនគ្រាន់តែទេសចរ ៦​ លាន ២ សែននាក់ ដែលមកពីបរទេសត្រូវការទេ ក៏ប៉ុន្តែ សូម្បីតែទេសចរក្នុងប្រទេសរបស់យើង ដែលមានជាង ១១ លាននាក់ ក្នុងឆ្នាំកន្លងទៅនេះ ក៏មានតម្រូវការដើម្បីទៅទស្សនាកម្សាន្ត នៅតំបន់ដែលមានព្រៃព្រឹក្សា មានបក្សាបក្សី ឬក៏មានត្រីនៅទីនោះ។ យើងត្រូវខិតខំរួមគ្នាដើម្បីការពារតំបន់ទាំងនេះ ហើយមិនមែនជារឿងដែលយើងមិនអាចធ្វើទៅកើតទេ។ យើងធ្វើទៅបាន ប៉ុន្តែត្រូវចេញពីសកម្មភាពរួមនៃប្រជាជនរបស់យើង។

អភិវឌ្ឍទេសចរណ៍តាមទីក្រុង/ទីប្រជុំជន មានទន្លេបឹងបួ

ទី៣ ខិតខំអភិវឌ្ឍវិស័យទេសចរតាមទីក្រុង ទីប្រជុំជនតាមដងទន្លេ ឬតំបន់ដែលមានការទាក់ទាញ តាមមាត់ទន្លេ យកទេសចរទាក់ទាញផ្នែកដទៃទៀត។ អម្បាញ់មិញ ខ្ញុំបានចូលមើលទៅលើកន្លែងផលិតវត្ថុអនុស្សាវរីយ៍ សម្រាប់វិស័យទេសចរណ៍ ហើយបានមើលរូបភាពនៃការដែលភ្ញៀវទេសចរ នាំគ្នាជិះទូក ហើយនាំគ្នាជិះរទេះគោ។ ចំណុចនេះ យើងទទួលផលក្នុងរយៈពេលវែង។ ខ្ញុំធ្លាប់បាននិយាយហើយ សូមកុំសម្លាប់មេមាន់ ដើម្បីគ្រាន់តែជាការឆ្ងាញ់មួយពេល ត្រូវរក្សាទុកមេមាន់ដើម្បីឲ្យវាមាន តពូជ តពង្ស តជំនាន់ តទៅទៀតដើម្បីវាផ្ដល់នូវស៊ុត កូនរបស់វា នោះហើយជាផលដែលយើងអាចទទួលបាន។ អញ្ចឹងត្រូវប្រើប្រាស់ចំណុច(ល្អៗ)ទាំង​ឡាយនៅក្នុងខេត្តនៃមួយៗ ទាញយកវិស័យទេសចរណ៍។ នៅក្នុងខេត្តកំពង់ឆ្នាំងរបស់យើងនេះ មានកន្លែងមួយចំនួនដែលយើងត្រូវពង្រីកវា ឲ្យទៅជារមណីុដ្ឋានទេសចរណ៍ ដ៏មានការទាក់ទាញ។

ទេសចរនៅក្រុងព្រះសីហនុថយចុះ តែនៅ ២៥ ខេត្តក្រុងមានការកើនឡើង

ត្រង់ចំណុចនេះហើយដែលខ្ញុំនិយាយថា បញ្ហាត្រូវមើលជាក្របខណ្ឌរួម មើលព្រៃទាំងមូលប្រសើរជាងមើលឈើមួយដើមៗ មានអ្នកខ្លះបានលើកឡើងថា ទេសចរនៅឯខេត្តព្រះសីហនុមានការធ្លាក់ចុះ ក៏ប៉ុន្តែ អ្នកទាំងនោះភ្លេចមើលឃើញថា ជាមួយទេសចរខេត្តព្រះសីហនុមានការធ្លាក់ចុះ ទេសចរនៅខេត្តកំពង់ឆ្នាំងមានការកើនឡើង ទេសចរនៅខេត្តមណ្ឌលគិរីមានការកើនឡើង ទេសចរនៅរតនគិរីមានការកើនឡើង។ ចំណុចនេះ ខ្ញុំចង់និយាយថា សុំឲ្យអ្នកទាំងអស់គ្នាមើលព្រៃទាំងមូល ប្រសើរជាមើលឈើមួយដើមៗ។ ពិតហើយមើលឈើមួយដើមៗ ក៏វាគួបផ្សំជាមួយមើលព្រៃទាំងមូលផងដែរ។ ពីដើមតំបន់ទេសចរតិច គេប្រមូលផ្ដុំទៅក្រុងព្រះសីហនុ ប៉ុន្តែឥឡូវនេះ មិនមែនភាពផ្ដាច់មុខដូចពីអតីតកាល ដែលមានតែខេត្តព្រះសីហនុនោះទេ ក៏ប៉ុន្តែកន្លែងណាក៏មានតំបន់ទេសចរណ៍ កន្លែងណាក៏មានរមណីយដ្ឋាន។ ដូច្នេះប្រជាពលរដ្ឋ ១១ លាននាក់ គេទៅខេត្តព្រះសីហនុខ្លះ កែបខ្លះ គេមកកំពង់ឆ្នាំងខ្លះ គេទៅពោធិ៍សាត់ខ្លះ គេទៅគ្រប់ទីកន្លែង ២៥ រាជធានី/ខេត្ត ដែលសុទ្ធតែមានវិស័យទេសចរ។ ដូច្នេះការគិតខ្លីណាមួយគឺការនឹងឲ្យសញ្ញាខុស មានយោបល់ខុស និងមានការគិតគូរខុស។

អភិបាល និងក្រុមបឹ្រក្សាខេត្តកំពង់ឆ្នាំ រកវិធីទាក់ទាញទេសចរ

ប៉ុន្តែ និយាយដល់បញ្ហានេះ ត្រូវនិយាយថា មិនមែនគ្រាន់តែជាការប្រកួតប្រជែង រវាងយើងជាមួយប្រទេសដទៃ ក្នុងការទាក់ទាញវិស័យទេសចរណ៍ទេ។ ខេត្តនីមួយៗត្រូវដឹងខ្លួនថា មានដៃគូប្រកួតប្រជែងរហូតទៅដល់ ២៥ រាជធានី/ខេត្ត មិនមែនគេមិនអាចមកលេងកំពង់ឆ្នាំងបាន ហើយគេមិនមានកន្លែងទៅទេ។ សុំកុំឲ្យខេត្តកំពង់ឆ្នាំង (នៅតែជាខេត្តដែលគេ)ទៅហួសមកផុតឲ្យសោះ។ ពីមុននេះអ្នកខេត្តកំពង់ឆ្នាំង ច្រើនតែគេទៅហួសមកផុត​។ គេធ្វើដំណើរពីបាត់ដំបង ឬពីបាត់ដំបងទៅភ្នំពេញ ដូច្នេះគេទៅហួសមកផុត។ ខ្ញុំសុំស្នើឲ្យគណៈអភិ​បាលខេត្ត ក្រុមប្រឹក្សាខេត្ត ក៏ដូចជាប្រជាជននៅខេត្តកំពង់ឆ្នាំងរកវិធីទាក់ទាញ ដើម្បីធ្វើឲ្យអ្នកធ្វើដំណើរតាមផ្លូវ គឺមិនចាំបាច់ថាទេសចរមកពីបរទេសទេ ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ ក៏ក្លាយទៅជាផ្នែកមួយនៃទេស​ចរណ៍របស់យើងផងដែរ។ ដូច្នេះ ត្រូវខិតខំរកស៊ីធ្វើយ៉ាងម៉េច ចំណេញតិចតែលក់ឲ្យបានច្រើន គឺវាបានច្រើនហើយ​។ អញ្ចឹង កុំរកស៊ីកោរគេទាំងរស់។ ច្បាស់ជាគេទៅផុតមកហួស។

យកចិត្តទុកដាក់អំពីសុវត្ថិភាពមធ្យោបាយដឹកជញ្ជូនអ្នកទេសចរ

នៅខេត្តកំពង់ឆ្នាំនេះ មានកន្លែងមួយដែលគេហៅគុយទាវឆ្ងាញ់។ ខ្ញុំធ្លាប់ចូលទទួលទាននៅកន្លែងគុយទាវឆ្ងាញ់នោះ ដែលមានរូបថតរបស់ខ្ញុំនៅនឹងផ្សារលើ។ អញ្ចឹងទេ ត្រូវធ្វើយ៉ាងម៉េចឲ្យមានចំណុចទាក់ទាញ ដូចជាផ្នែកគុយទាវហ្នឹងមួយឲ្យវាឆ្ងាញ់ពិតប្រាកដ ឆ្ងាញ់រហូតហើយកុំកោរគេ។ អញ្ចឹង ទៅណាគេថា គេមិនស៊ីគុយ​ទាវនៅភ្នំពេញទេ គេបង្ហួសទៅស៊ីគុយទាវនៅកំពង់ឆ្នាំង មុនពេលដែលគេចាកចេញទៅខេត្តពោធិ៍សាត់ ឬខេត្តបាត់ដំបង។ គ្រាន់តែជាចំណុចតូចមួយ … ខ្ញុំសុំលើកទឹកចិត្តឲ្យទាំងអស់គ្នាខំ។ ក្នុងវិស័យទេសចរដែលទាក់​ទិន ជាមួយនឹងបញ្ហាការធ្វើដំណើរតាមទូក ខ្ញុំបានឲ្យអនុសាសន៍សម្រាប់ទៅខាងមាត់សមុទ្រ អំពីទេសចរទៅតាមកោះ ឲ្យយកចិត្តទុកដាក់ទៅលើសុវត្ថិភាព។ វាមិនខុសពីនៅតាមសមុទ្រទេ នៅតាមទន្លេក៏ត្រូវយកចិត្តទុកដាក់ដូចគ្នា ទៅលើសុវត្ថិភាពនៃមធ្យោបាយដឹកជញ្ជូននៃទេសចរ ដែលក្នុងនោះរាប់ទាំងកាណូត ឬក៏ទូក។ ប៉ុន្តែ អ្វីដែលត្រូវយកចិត្តទុកដាក់ គឺត្រូវមានពោងសុវត្ថិភាពដើម្បីធានាថាប្រសិនបើទូក ឬក៏កាណូតត្រូវបានលិច ពួកគេមិនត្រូវទទួលរងនូវគ្រោះថ្នាក់ណាមួយនោះទេ។ ការធ្វើដំណើរក៏ត្រូវតែមានការពិនិត្យឲ្យបានម៉ត់ចត់ចៀសវាងនូវការផ្ទុកលើស ចំណុះសម្រាប់ការធ្វើដំណើរតាមទូក ឬកាណូតនីមួយៗ។

រៀបចំរបៀងតភ្ជាប់ក្នុងទន្លេសាប ធានាការអភិវឌ្ឍ កាត់បន្ថយនូវភាពក្រីក្រផង និងការពារបរិស្ថាន

ទី ៥ រៀបចំរបៀងតភ្ជាប់ក្នុងទន្លេសាប ដែលធានាបាននូវការអភិវឌ្ឍកាត់បន្ថយនូវភាពក្រីក្រផង និងធានានូវបរិស្ថានផង។ ចំណុចនេះ យើងត្រូវបន្តរួមគ្នា។ ពិតមែនហើយ យើងត្រូវតែមានប្រព័ន្ធការតភ្ជាប់ តាមរយៈការធ្វើស្ពាន តាមរយៈមធ្យាបាយផ្សេងៗទៀតដើម្បីការតភ្ជាប់សម្រាប់ប្រជាពលរដ្ឋរបស់យើង។ យើងមិនត្រូវភ្លេច​អំពីបញ្ហាបរិស្ថាននោះទ។ ដូច្នេះហើយបានជាពេលមុននេះខ្ញុំបានស្នើឲ្យមានការផ្អាកក្នុងការធ្វើផ្លូវតភ្ជាប់ពីខេត្តកំពង់ឆ្នាំង ភ្ជាប់ទៅខេត្តកំពង់ធំ ឆ្លងកាត់ទន្លេសាប។ ប៉ុន្តែឆ្លងកាត់នូវការសិក្សាឡើងវិញដោយក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយនឹងក្រុមហ៊ុនសាងសង់។

ផ្តល់ការអនុញ្ញាតសាងសង់ស្ពាន និងផ្លូវ តភ្ជាប់រវាងខេត្តកំពង់ឆ្នាំង និងកំពង់ធំ

ថ្ងៃនេះ ខ្ញុំសូមប្រកាសទៅកាន់ប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំថា ខ្ញុំសម្រេចចិត្តផ្តល់ការអនុ​ញ្ញាតសាងសង់ស្ពាន និងផ្លូវតភ្ជាប់រវាងខេត្តកំពង់ឆ្នាំង ទៅខេត្តកំពង់ធំ។ ផ្លូវនេះមានចំងាយជាង ៥៧ គីឡូ​ម៉ែត្រ ដែលតភ្ជាប់ពីស្រុកកំពង់លែង នៃខេត្តកំពង់ឆ្នាំង ទៅកាន់ក្រុងស្ទឹងសែន នៃខេត្តកំពង់ធំ ហើយដែលយើងត្រូវធ្វើស្ពាន ដែលវែងជាងគេនៅក្នុងប្រទេសកម្ពុជា មានប្រវែងរហូតដល់ ៣៩០០ ម៉ែត្រ ដែលឆ្លងដៃទន្លេទាំង ៣ គឺទី ១ ទន្លេផ្សារក្រោម ទី ២ ទន្លេជ្រោយបូស ទី ៣ ទន្លេកំពង់ហាវ។ ការធ្វើស្ពានដើម្បីកុំឲ្យមានការប៉ះពាល់ទៅលើបញ្ហាចរាចរណ៍ផ្លូវទឹក ក៏ដូចជាទាក់ទងនឹងចរាចរណ៍ត្រី ឯចំពោះផ្នែកខាងលើគឺពុំមានផលប៉ះពាល់នោះទេ ដោយសារឥឡូវនេះយើងក៏មានតួផ្លូវរួចមកហើយផងដែរ។

ផ្លូវ និងស្ពាន កាត់បន្ថយពេល ចំណេញថ្លៃដឹកជញ្ជូន ថ្លៃប្រេង ក្នុងការធ្វើដំណើរ

យើងបន្តទៅធ្វើស្ពាន ២ ទៀត នៅឯស្ទឹងសែន ខេត្តកំពង់ធំឯណោះ។​ ចំណុចនេះ វាមិនមែនគ្រាន់ តែជាផលប្រ​យោជន៍របស់អ្នកខេត្តកំពង់ឆ្នាំង និងអ្នកខេត្តកំពង់ធំទេ ក៏ប៉ុន្តែពីដើមយើងអាចធ្វើដំណើរជាង ១០០ គីឡូម៉ែត្រ បើធ្វើដំណើរពីទីនេះទៅដល់ព្រែកក្តាម ហើយបានយើងឆ្លងកាត់ទឹកដីមួយផ្នែកខេត្តកណ្តាល ចូលទៅខេត្តកំពង់ចាម បានចូលទៅខេត្តកំពង់ធំ។ យើងធ្វើដំណើរអស់ចំងាយផ្លូវយ៉ាងវែង។ ប៉ុន្តែ បន្ទាប់ពីផ្លូវ និងស្ពានមួយខ្សែនេះត្រូវបានសាងសង់រួចរាល់ យើងចំណេញពេលវេលា ថ្លៃដឹកជញ្ជូន ថ្លៃប្រេងបានយ៉ាងច្រើន។ តែ សង្ឃឹមថា ប្រជាពលរដ្ឋរបស់យើងនឹងទទួលបាននូវផលប្រយោជន៍ពីគម្រោងមួយនេះ ហើយដែលយើងបានសិក្សាជាក់លាក់រួចមកហើយថា មិនមានផលប៉ះពាល់ណាមួយ បំផ្លាញទៅដល់ធនធានធម្មជាតិ ឬក៏បង្វែរចរន្តទឹក និងធ្វើឲ្យស្ទះនូវចរាចរណ៍ផ្លូវទឹក និងការបំលាស់ទីរបស់ត្រីនោះទេ។ ជាថ្មីម្តងទៀតសុំជាការដូឆ្នាំថ្មីជូនប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ។

យន្តការមេគង្គកូរ៉េ ឡើងដល់កម្រិតប្រមុខរដ្ឋាភិបាល

សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ យើងនៅតែបន្ត។ មិនត្រូវមើលស្រាលណាមួយដល់កិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសនៅតាមដងទន្លេមេគង្គ នៅក្នុងក្របខណ្ឌមហាអនុមេគង្គ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃការប្រជុំមហាអនុតំបន់មេគង្គនៅឆ្នាំក្រោយដែលរួមមានប្រទេសទាំង ៦ នៅតាមដងទន្លេមេគង្គ និងទន្លេឡានឆាង បូកជាមួយនឹងធនាគារអភិវឌ្ឍន៍អាស៊ី ហើយយើងក៏ត្រូវបន្តប្រើប្រាស់យន្តការឡានឆាង-មេគង្គ ជប៉ុន-មេគង្គ អាមេរិក-មេគង្គក្រោម។ ម្សិលមិញនេះ យើងមានសេចក្តីថ្លែងការណ៍ហើយដែលយើងបានធ្វើបានខិតខំរួមជាមួយដៃគូក្នុងបណ្តាប្រទេសទន្លេមេគង្គ ជាមួយសាធារណរដ្ឋកូរ៉េ។ ខ្ញុំមានការចរចាប្រកបដោយផ្លែផ្កាជា​មួយ​ប្រធានាធិបតីនៃសារធារណរដ្ឋកូរ៉េ ដើម្បីលើកកម្រិតយន្តការមេគង្គ-កូរ៉េ ពីថ្នាក់កម្រិតរដ្ឋមន្រ្តីការបរទេស ឲ្យ​ទៅជាកម្រិតប្រមុខរដ្ឋាភិបាល គឺកម្រិតនៃការប្រជុំកំពូល ដែលនឹងត្រូវប្រជុំជាលើកដំបូងក្នុងឆ្នាំនេះ នៅសាធារណរដ្ឋកូរ៉េនៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០១៩ បន្ទាប់ពីប្រជុំខួបអនុស្សាវរីយ៍អាស៊ាន-កូរ៉េ នៅថ្ងៃទី ២៥ ថ្ងៃទី ២៦ ខែវិច្ឆិកា។

នេះចាត់ទុកថា ជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ ដែលយើងមាននៅក្នុងចំណោមតួអង្គពាក់ព័ន្ធក្នុងបណ្តាប្រទេសមេគង្គ និងប្រទេសដែលមានលទ្ធភាពជួយទៅដល់ការអភិវឌ្ឍនៅតាមខាងទន្លេមេគង្គ។ យើងក៏ត្រូវប្រើប្រាស់នូវទេសចរណ៍មេគង្គ ដែលជាយន្តការសហប្រតិបត្តិការនៅក្នុងក្របខណ្ឌតំបន់ ដែលយើងចាត់ទុកថាជាផ្នែកមួយនៃការរីកលូតលាស់ដូចជាយើងធ្លាប់មាន ACMECS វីសា ដែលយើងកំពុងតែធ្វើជាមួយថៃ ហើយយើងនឹងបើកពង្រីកទៅនឹងទិដ្ឋាការជាមួយប្រទេសដទៃផ្សេងទៀត ដើម្បីឲ្យទិដ្ឋាការមួយវាយតែម្តងដែលអាចប្រើប្រាស់បានច្រើនប្រទេស យើងបន្តការខិតខំជាមួយគ្នាតទៅទៀត។

ថ្ងៃនេះ ក៏ជាថ្ងៃមួយដែលមានការសម្តែងសិល្បៈផង ហើយដោយពេលវេលាក៏មិនមានច្រើន ខ្ញុំសុំយកឱកាសនេះ ប្រកាសបើកនូវបុណ្យទន្លេលើកទី ៥ ក្រោមប្រធានបទ «ទន្លេផ្សារភ្ជាប់សន្តិភាពប្រជាជន និងទេសចរណ៍»​ចាប់ពីពេលនេះតទៅ។ ខ្ញុំក៏សុំយកឱកាសនេះជូនពរចំពោះសម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ បងប្អូនប្រជាពលរដ្ឋ សិល្បករ សិល្បការិនីសូមទទួលបាននូវជោគជ័យសិរីសួស្តី ជូនពរឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ សូមជួបប្រទះនឹងពុទ្ធពរ ទាំង ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ