សម្ដេចតេជោ ហ៊ុន សែន៖ ភាពសម្បូរបែបនៃសក្ដានុពលទេសចរណ៍តាមដងទន្លេ រួមចំណែក ធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយឧត្ដមភាព

18

កំពង់ឆ្នាំង ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ភាពសម្បូរបែបនៃសក្ដានុពលទេសចរណ៍តាមដងទន្លេ បាននិងកំពុងរួមចំណែកធ្វើឱ្យ កម្ពុជា ក្លាយជាគោលដៅទេសចរណ៍ប្រកបដោយឧត្ដមភាព និងភាពទាក់ទាញខ្ពស់ និងចូលរួមចំណែកសម្រេចចក្ខុវិស័យអាស៊ានជាគោលដៅទេសចរណ៍លំដាប់ពិភពលោក និងប្រកបដោយភាពកក់ក្ដៅ ស្របពេលដែលទេសចរណ៍តាមដងទន្លេ ជាពិសេសទេសចរណ៍មេគង្គ បានក្លាយជាផលិតផលទេសចរណ៍សំខាន់មួយសម្រាប់កម្ពុជា ក៏ដូចជាតំបន់អាស៊ាន។

សម្ដេចតេជោបានថ្លែងដូច្នេះ ក្នុងខណៈដែលអញ្ជើញជាអធិបតី ជាមួយសម្ដេចកិត្តិ ព្រឹទ្ធបណ្ឌិត ក្នុងពិធីបុណ្យទន្លេលើកទី ៥ ក្រោមប្រធានបទ«ទន្លេ៖ ផ្សារភ្ជាប់សន្តិភាព ប្រជាជន និងទេសចរណ៍» នារសៀលថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០១៩ នៅខេត្តកំពង់ឆ្នាំង។ ក្នុងសារលិខិតអបអរសាទរបុណ្យទន្លេលើកទី៥ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់ប្រារព្ធពិធីបុណ្យទន្លេ ដែលបានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ ថ្មីមួយទៀតសម្រាប់កម្ពុជា ដែលមិនត្រឹមតែរួមចំណែក្នុងការផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ នៃខេត្តជាប់ដងទន្លេរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមគាំទ្រនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការយកចិត្តទុកដាក់អភិវឌ្ឍតំបន់តាមដងទន្លេប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ ជាពិសេសជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ការពារ និងអភិរក្សធនធានធម្មជាតិ ដោយឈរលើការប្ដេជ្ញាចិត្តរួមមួយច្បាស់លាស់ ក្នុងការរក្សាតុល្យភាព រវាងផលប្រយោជន៍សេដ្ឋកិច្ច សង្គមបរិស្ថាន និងវប្បធម៌ប្រជាពលរដ្ឋមូលដ្ឋាន ដូចដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈប្រធានបទនៃបុណ្យទន្លេលើកទី៥នេះគឺ «ទន្លេ៖ ផ្សារភ្ជាប់សន្តិភាព ប្រជាជន និងទេសចរណ៍» ។ ទន្ទឹមនឹងនេះ ព្រឹត្តិការណ៍នេះ ក៏ជាឱកាសមួយដើម្បីពង្រឹងគុណភាពសេវាកម្ម ការបង្កើត និងអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗប្រកបដោយការច្នៃប្រឌិតខ្ពស់ ជាពិសេសទេសចរណ៍តាមនាវាសហគមន៍ទេសចរណ៍តាមដងទន្លេ ព្រមទាំងរួមចំណែកជំរុញការតភ្ជាប់រឹតចំណងមិត្តភាព សាមគ្គីភាពរវាងបណ្ដាប្រទេសក្នុងតំបន់អាស៊ាន និងបានពង្រឹងភាពជាដៃគូក្នុងក្របខ័ណ្ឌតំបន់នានា ដូចជា ក្របខ័ណ្ឌមហាអនុតំបន់មេគង្គ(GMS) មេគង្គ-ជប៉ុន មេគង្គ-គង្គា និងមេគង្គ-ឡានឆាងជាដើម។

ក្នុងសារលិខិតបានបន្តថា រាជរដ្ឋាភិបាល នឹងបន្តប្រារព្ធពិធីបុណ្យទន្លេនេះ ជារៀងរាល់ឆ្នាំនៅតាមបណ្ដាខេត្តជាប់ដងទន្លេនៃព្រះរាជាណាចក្រកម្ពុជា ដែលទាំងនេះសបញ្ជាក់ឱ្យឃើញថា រាជរដ្ឋាភិបាលបាននិងកំពុងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ពិសេសការអភិវឌ្ឍផលិតផលទេសចរណ៍តាមដងទន្លេ រួមចំណែកធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាពទាំងក្នុងតំបន់ និងឆាកអន្តរជាតិ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមុំាំថា ការប្រារព្ធពិធីបុណ្យទន្លេ នឹងក្លាយជាកាលានុវត្តភាពដ៏ប្រសើរថ្មីមួយទៀត ក្នុងការធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព ដែលជាកត្តាចូលរួមចំណែក ក្នុងការផ្ដល់ចំណូល ការបង្កើនការងារ និងការចូលរួមកាត់បន្ថយភាពក្រីក្រ ដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ពិសេសចូលរួមចំណែកធ្វើឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍របស់អង្គការសហប្រជាជាតិ និងរបស់កម្ពុជា ព្រមទាំងបង្កើនស្មារតីស្រឡាញ់ជាតិមាតុភូមិ សាមគ្គីភាព និងមិត្តភាពផងដែរ។

គួរបញ្ជាក់ថា ពិធីបុណ្យទន្លេនៅខេត្តកំពង់ឆ្នាំងនាឆ្នាំនេះ មានស្ដង់ចូលរួមតាំងពិព័រណ៍ផលិតផលនានាសរុប ៣៩៥ស្ដង់ ក្នុងនោះមានស្ដង់បរទេសចំនួន ៤០ស្ដង់ផងដែរ។ ក្រៅពីការតាំងពិព័រណ៍ ក្នុងពិធីបុណ្យទន្លេនេះ ក៏មានសកម្មភាពកីឡា សិល្បៈ កម្សាន្តជាច្រើនទៀត ដូចជាកីឡារត់កម្សាន្ត កីឡាបាល់ទាត់ បាល់ទះ បាល់បោះ ចំបាប់បុរាណ (កីឡាគោល) ទាញព្រ័ត្រ វាយសី ប្រណាំងសេះ ជិះកង់ ជិះកង់កម្សាន្ត ប្រដាល់គុនខ្មែរ ប្រណាំងទូក និងក្បាច់គុនល្បុក្កតោ។ ឯសកម្មភាពសិល្បៈវិញរួមមាន ល្ខោនយីកេរឿង «ពុទ្ធីសែន ឬឫទ្ធីសែន នាងកង្រី» សកម្មភាពរបាំ ចម្រៀង និងការសម្ដែងសិល្បៈរបស់ក្រុមសិល្បករឥណ្ឌូនេស៊ី។ ព្រមទាំងសកម្មភាពកម្សាន្តមួយចំនួនទៀត។ ម្យ៉ាងទៀត ពិធីបុណ្យទន្លត្រូវបានរៀបចំ៤លើករួចមកហើយ ដែលនៅឆ្នាំ២០១៤ ប្រារព្ធធ្វើឡើងនៅខេត្ដក្រចេះ ឆ្នាំ២០១៥នៅខេត្តកំពង់ចាមនិងឆ្នាំ២០១៧ធ្វើនៅខេត្តស្ទឹងត្រែង ព្រមទាំងឆ្នាំ២០១៨ ប្រារព្ធធ្វើនៅ ខេត្តកណ្ដាល។ ការរៀបចំឱ្យមានពិធីបុណ្យទន្លេនេះ គឺដើម្បីបំផុស មហាជនឱ្យចូលរួមក្នុងការងារអភិរក្ស និងអភិវឌ្ឍន៍ធនធានទន្លេប្រកបដោយនិរន្ដរភាព និងចូលរួមសម្រេចយុទ្ធសាស្រ្ដពិពិធកម្មសទេសចរណ៍ តាមរយៈការបង្កើតព្រឹត្តិការណ៍ថ្មីៗសម្រាប់ខេត្តដែលជាប់តាមដងទន្លេនៃព្រះរាជាណាចក្រកម្ពុជា៕

ដោយ ជឹម ណារី