សុន្ទរកថា សម្ដេច​​តេជោ ហ៊ុន សែន ថ្លែងក្នុងវេទិការធុរកិច្ចកម្ពុជា-កូរ៉េ

CNV:

ឯកឧត្តម ម៉ូន ចេអ៊ិន (Moon Jae In) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ​ !
ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី ភ្ញៀវកិត្ដិយស ទាំងអស់នៅទីនេះជាទីមេត្រី!

ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្ដីរីករាយដែលបានចូលរួមពិធីអាហារថ្ងៃត្រង់ នាឱកាសវេទិកាធុរកិច្ចកម្ពុជា-កូរ៉េ​​ ​ដែលប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ។

ក្នុងឱកាសដ៏សែនមនោរម្យនាថ្ងៃនេះ ខ្ញុំសូមសម្ដែងការស្វាគមន៍ដ៏កក់ក្ដៅបំផុតជូនចំពោះវត្តមានឯកឧត្តម​ មូន ចេអ៊ិន (Moon Jae-In)ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ ក្នុងដំណើរទស្សនកិច្ច​ផ្លូវរដ្ឋរបស់ឯកឧត្តម និង​ប្រតិភូធុរជន និងអ្នក​វិនិ​យោគ​កូរ៉េ​ ដែលបានអមដំណើរ និងសិក្សាស្វែងយល់ដោយផ្ទាល់ពីការរីកចំរើន​របស់​កម្ពុជា។

វេទិកានាថ្ងៃនេះ ផ្ដល់ឱកាសឲ្យខ្ញុំចែករំលែកព័ត៌មានអំពីការវិវឌ្ឍសំខាន់ៗនៅកម្ពុជា ពាក់ព័ន្ធនឹងកាលានុវត្ត​ភាព​ ​​និងសក្ដានុពលធុរកិច្ច និងការវិនិយោគ ក៏ដូចជាការដាក់ចេញនូវវិធានការថ្មីៗរបស់រាជរដ្ឋាភិបាល​កម្ពុជា​នា​ពេលបច្ចុប្បន្នសំដៅធ្វើឲ្យកាន់តែប្រសើរឡើង នូវបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា​។

កម្ពុជា និងសាធារណរដ្ឋកូរ៉េ មានទំនាក់ទំនងល្អជាមួយគ្នាជាយូរយារណាស់មកហើយ​ ប៉ុន្ដែទំនាក់​ទំនងនេះ​ត្រូវបានផ្អាកមួយរយៈដោយបញ្ហាសង្គ្រាមស៊ីវិលនៅកម្ពុជា។ ទំនាក់ទំនងការទូតនេះត្រូវបានតភ្ជាប់​ឡើងវិញ​នៅ​ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ១៩៩៧ បន្ទាប់ពីខ្ញុំបានធ្វើទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ នៅ ខែ កក្កដា ឆ្នាំ ១៩៩៦ និងបានសម្រេចឲ្យមានទំនាក់ទំនងឡើងវិញរវាងប្រទេសយើងទាំងពី​រ។ ផ្ដើមចេញពីការតភ្ជាប់ទំនាក់​ទំនង​ឡើងវិញនេះ មិត្តភាព និងកិច្ចសហប្រតិបត្ដិការរវាងប្រទេសយើងទាំងពីរកាន់តែមានភាពរីកចំរើនគួរ​ជាទី​មោ​ទនៈ ទាំងផ្នែកនយោបាយ​ សេដ្ឋកិច្ច សង្គមកិច្ច ដែលឆ្លុះបញ្ចាំងតាមរយៈដំណើរទស្សនកិច្ចទៅវិញទៅមក របស់​ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ កំណើននៃការប្រាស្រ័យទាក់ទងរវាងប្រជាជន​ និងប្រជាជន កំណើន​វិនិយោគ​ និងទេសចរ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណ រដ្ឋាភិបាល និងប្រជាជនកូរ៉េ ដែលតែងតែចូលរួមស្ដារ និងអភិវ​ឌ្ឍ​ប្រទេសកម្ពុជា​ តាមរយៈហិរញ្ញប្បទាន សហប្រតិបត្ដិការ និងការវិនិយោគ​ផ្ទាល់​។ ក្នុងក្របខណ្ឌ​ហិរញ្ញ​ប្បទាន​សហប្រតិបត្ដិការគិត​ពីឆ្នាំ ១៩៩៦ ដល់ឆ្នាំ ២០១៨​ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ​ បានផ្តល់​ហិរញ្ញប្បទាន ប្រមាណ ៦៣២ លានដុល្លារអាមេរិក។ ក្នុងនោះហិរញ្ញប្បទានឥតសំណាងមានប្រមាណ ៣០០ លាន ដុល្លារអាមេរិក។ ជាងនេះទៅទៀតពីឆ្នាំ ២០១៩ ដល់ ២០២៣ សាធារណរដ្ឋកូរ៉េផ្តល់ឥណទាន​សម្បទាន​សរុប​ចំនួន ៧០០ លាន ដុល្លារអាមេរិក ដែលរដ្ឋាភិបាលយើងទាំងពីរ​ទើបចុះហត្ថលេខាលើកិច្ចសម្រប​សម្រួល​លើក្របខណ្ឌ ស្ដីពីការផ្តល់ឥណទានសម្បទាន ​នៃមូលនិធិសហប្រតិបត្ដិការមុននេះ​បន្ដិច។

ហិរញ្ញប្បទាន សហប្រតិបត្ដិការ សាធារណរដ្ឋកូរ៉េបានផ្ដោត​លើហេដ្ឋារចនាសម្ព័ន្ធ ធនធានទឹក និងសុខុមាលភា​ព​សាធារណៈ វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស និង​វិស័យអភិវឌ្ឍន៍ជនបទ មានជាអាទិ៍ គំរោងបង្កើត​មជ្ឈ​មណ្ឌលអាកាស​ចរស៊ីវិល គំរោងស្ដារផ្លូវជាតិលេខ ២ និងផ្លូវជាតិលេខ ២២។ ជាមួយទំហំនៃវិភាគទានដ៏ច្រើនរបស់​រដ្ឋាភិបាល និងប្រជាជនកូរ៉េ ដែលបានជួយស្ដារ និងកសាង និង​អភិ​វឌ្ឍ​កម្ពុជា ខ្ញុំសូមអំពាវនាវដល់វិស័យឯក​ជន​ និងអ្នកវិនិយោគកូរ៉េ​ ដែលមិនទាន់​បានមកកម្ពុជា សូមអញ្ជើញ​មក​សិក្សាស្វែងយល់​ពីសក្ដានុពល និង​កាលា​នុវត្តភាពវិនិយោគនៅកម្ពុជា​ ព្រមទាំងបណ្ដាក់ទុនវិនិយោគ ដើម្បី​ចូលរួមអភិវឌ្ឍប្រទេសកម្ពុជា ជាមួយយើង​ខ្ញុំ និងទាញយកប្រយោជន៍ជាអតិបរមា​ពីលទ្ធផលនៃកិច្ចសហ​ប្រតិ​បត្ដិការទាំងអស់នេះ។

កម្ពុជាជាប្រទេស ដែលបើកចំហជាងគេក្នុងតំបន់ ដែលផ្តល់អោយអ្នកវិនិយោគបរទេស រួមទាំងអ្នកវិនិយោគ​កូរ៉េអាចវិនិយោគលើគ្រប់វិស័យ​ ដូចគ្នាជាមួយអ្នកវិនិយោគក្នុងស្រុក។ បន្ថែមលើក្របខណ្ឌអំណោយ​ផល​នេះ​ កម្ពុជា និងសាធារណរដ្ឋកូរ៉េ បានចុះកិច្ចព្រមព្រៀងទ្វេភាគី ស្ដីពីការជម្រុញការគាំពារវិនិយោគនៅឆ្នាំ ១៩៩៧ ហើយមុននេះបន្ដិច ​កិច្ចព្រមព្រៀងមួយចំនួនទើបតែត្រូវបានចុះហត្ថលេខា ក្នុងនោះមានអនុស្សារណៈនៃការ​យោគយល់គ្នារវាងក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា និងទីភ្នាក់ងារ​ជម្រុញការវិនិយោគពាណិជ្ជកម្មកូរ៉េ​ ស្ដីពីសហ​ប្រតិបត្ដិការសម្របសម្រួលវិនិយោគ​ ដែលនឹងផ្តល់ភាពងាយស្រួល និងលទ្ធភាពកាន់តែខ្ពស់​ដល់​ធុរជន និង អ្នកវិនិយោគកូរ៉េ​ ក្នុងការមកបណ្ដាក់វិនិយោគបន្ថែម និងធ្វើឲ្យប្រតិបត្ដិការរបស់ខ្លួននៅកម្ពុជាកាន់តែរីកលូត​លាស់​។

ថ្មីៗនេះ ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពប្រកួតប្រជែង ជម្រុញការធ្វើពិពិធកម្មសេដ្ឋកិច្ច និងកែលំអ​បរិស្ថានធុរកិច្ច និងវិនិយោគនៅកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវ​វិធានការ​កែទម្រង់​ស៊ី​​ជម្រៅ ដើម្បីកាត់បន្ថយថ្លៃដើមនៃថ្លៃប្រតិបត្ដិការ​ធុរកិច្ច។ រាជរដ្ឋាភិបាលចាត់ទុកវិស័យឯកជនជាក្បាល​ម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ច និងជាដៃគូដ៏ពិតប្រាកដ​ក្នុងការអភិវឌ្ឍប្រទេស។ ក្នុងន័យនេះ​ យើងបានបង្កើតយន្តការ​សន្ទនាមួយ ហៅថា​ វេទិការាជរដ្ឋាភិបាល និងផ្នែកឯកជន ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ខ្ញុំ ដោយ​មានការចូលរួមពីរដ្ឋមន្ដ្រីគ្រប់ក្រសួងស្ថាប័ន​ អភិបាលគ្រប់រាជធានីខេត្ត តំណាងផ្នែកឯកជនគ្រប់វិស័យប្រ​មាណ ៣០០ នាក់ ឯកឧត្តម លោលជំទាវអគ្គរដ្ឋទូតប្រចាំកម្ពុជា និងតំណាងស្ថាប័ន​អន្តរជាតិមួយចំនួន។ យន្តការ​នេះ​ផ្តល់​ឱកាសឲ្យផ្នែកឯកជនលើកឡើងនូវបញ្ហាប្រឈម និងសំណូមពរ​ ជូនរាជរដ្ឋាភិបាលពិនិត្យ និងមានវិធានការ​សម​ស្រ​ប ដើម្បីដោះស្រាយ។ រាល់ការសម្រេចចិត្តក្នុងវេទិការនេះ ត្រូវចាត់ទុកជាការសម្រេច​របស់គណៈរដ្ឋមន្ដ្រី។

នៅ​ថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០១៩ ខាងមុខនេះ ខ្ញុំនឹងដឹកនាំវេទិការាជរដ្ឋាភិបាល និង ផ្នែកឯកជន លើកទី ​១៨ នៅក្នុង​អគារនេះ​។ នៅក្នុងឱកាសនោះខ្ញុំនឹងចេញនូវវិធានការមុតស្រួចមួយចំនួន​សំដៅ (១)បង្កើនភាពប្រកួត​ប្រជែងនៃសេដ្ឋកិច្ចកម្ពុជា​ (២)កែលំអ និងលើកស្ទួយថែមទៀតនូវបរិយាកាស​វិនិយោគ និងធុរកិច្ច (៣) ធ្វើ​ពិពិធកម្មសេដ្ឋកិច្ចជាតិ និងបង្កើតការងារប្រកបដោយគុណភាពកាន់តែច្រើនថែមទៀតជូនពលករ​កម្ពុជា។​

មុននឹងបញ្ចប់ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមធានាជូនអ្នកវិនិយោគគ្រប់រូបនូវបរិស្ថានប្រកបដោយភាព​អំណោយផល ជាពិសេស គឺសន្ដិភាព សន្ដិសុខ និងស្ថិរភាពនយោបាយ ក៏ដូចជាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច​ ក្រប​ខណ្ឌច្បាប់ និងស្ថាប័នដែលប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពអាចប៉ាន់​ប្រមាណបាន​។

ជាទីបញ្ចប់ ខ្ញុំសូមជូនពរឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី​ ​សូមមាន​សុខភាព​ល្អបរិបូរណ៍ ទទួលបានជោគជ័យគ្រប់ភារកិច្ចរៀងៗខ្លួន៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ