សម្រង់​ប្រសាសន៍​​​​សម្ដេច​​តេជោ ហ៊ុន សែន ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសនាងកុក ខេត្តកោះកុង

CNV:

ជួបក្មួយកម្មករផង សម្ពោធដាក់ឲ្យប្រើប្រាស់វិទ្យាល័យ ចាំយាម ផង

… សុំសួរអ្នកមានផ្ទៃពោះចំនួន ៥៤៦ នាក់? ពូចង់សួរអញ្ចេះ ក្នុងចំណោមហ្នឹងមានអ្នកដែលមានកូនមួយ កូនពីរ ធ្លាប់មានកូនហើយ ហើយក៏មានអ្នកមានកូនដំបូងដែរ។ ប៉ុន្តែពូចង់សួរថា អ្នកដែលការរួចហើយ ត្រឹមមួយឆ្នាំហើយមានផ្ទៃពោះមានប៉ុន្មាននាក់ លើកដៃបន្ដិចមក។ (រៀបការហើយ)អត់ពន្យារកំណើតទេ ទៅបណ្ដោយ។ ហ្នឹងបានត្រឹមត្រូវ។ ការរួចហើយ នាំគ្នាពន្យារកំណើតដល់ណាទៀត ឲ្យវាឆាប់បានកូនរហ័សទៅៗ រួចហើយវាធូរខ្លួន កុំចាំពន្យារដល់ណានោះនាំតែពិបាក។ រួចហើយងាកមកសួរ អ្នកណាជិតចូលរោងការនៅពេលខាងមុខ ទាំងនារី ទាំងបុរស សុំលើកដៃបន្ដិចមើល … ហើយចុះអ្នកដែលទើបនឹងការហើយបានប៉ុន្មានខែហ្នឹង តែមិនទាន់មានកូន … រីករាយណាស់ ថ្ងៃនេះ ដែលបានមកជួបក្មួយៗនៅខេត្តកោះកុង ដែលខ្ញុំគិតថា កាលពីពេលមុននេះ ខែធ្នូនេះ ខ្ញុំមកធ្វើបុណ្យសមុទ្រ តែពេលនោះ យើងមិនបានគួបផ្សំនូវការចុះរបស់ពូមកកាន់ទីនេះទេ។ យើងចង់ធ្វើកម្មវិធីដាច់ដោយឡែកមួយ ជាមួយនឹងការចុះសួរសុខទុក្ខរបស់កម្មករ/ការិនីរបស់នៅខេត្តកោះកុង ។ ថ្ងៃនេះ យើងក៏នឹងធ្វើរួមគ្នាផងដែរជាមួយនឹងការសម្ពោធដាក់ឲ្យប្រើប្រាស់នូវវិទ្យាល័យ ចាំយាម ដែលនៅមិនឆ្ងាយពីទីនេះនៅប៉ុន្មានជា ១ គីឡូម៉ែត្រ ពីទីនេះ។

ឧស្សហកម្មចរិតសកល ក្នុងខេត្តកោះកុង

នេះក៏ជាចំណុចមួយ ដែលបង្ហាញអំពីអ្វីទៅ នៅក្នុងជំនួបរបស់យើងនៅថ្ងៃនេះ? មុនពេលដែលខ្ញុំនិយាយទៅដល់បញ្ហានោះ ខ្ញុំគួរតែបញ្ជាក់ថា អ្វីដែលបានធ្វើនៅទីនេះ គឺមិនមែនជារឿងចៃដន្យទេ គឺជាការគិតទុកជាមុន​។ ការចាប់ផ្ដើមគូសវាស និងរៀបចំដីធ្លីតាំងពីឆ្នាំ ២០០៦ ឯណោះ។ យើងក៏បានសម្ពោធរួមគ្នាជាមួយនឹងរោងចក្រ យ៉ាសាគី ជាមួយនឹងតំបន់សេដ្ឋកិច្ចពិសេសនេះ នៅក្នុងឆ្នាំ ២០១២។ ឥឡូវ តំបន់សេដ្ឋកិច្ចពិសេសរបស់យើងនេះ ក៏មានកម្មករ/ការិនីរហូតដល់ជាង ១ ម៉ឺននាក់ឯណោះ ហើយដែលមួយផ្នែកក៏មានកម្រិត គេហៅថា ឧស្សាហកម្មដែលមានចរិតសកល ដូចជា ការផលិតនូវខួរក្បាលរថយន្ត ឬការផលិតខ្សែភ្លើង វាមិនមែនជាតម្រូវការក្នុងស្រុករបស់យើងប្រើប្រាស់អស់ទេ តែវាបានចែកទៅបណ្ដារោងចក្រដទៃទៀត ដែលមានតម្រូវការទាក់ទងជាមួយនឹងក្បាលរថយន្តដែលគេផលិតនៅប្រទេសផ្សេង។ រឿងដែលពិសេសមួយទៀត នោះនៅត្រង់ថា (សំភារៈសម្រាប់)កីឡាបាល់ទះ ដែលលេងមិនគ្រាន់តែនៅក្នុងប្រទេសរបស់យើង ឬនៅក្នុងតំបន់ទេ លេងដល់កម្រិតពិភពលោក ដែលហៅថា កីឡាអូឡាំពិកនោះ គឺផលិតនៅខេត្តកោះកុងនេះឯង។ ឯកសណ្ឋានខោគគីរ អាវខ្មៅនេះ គឺពួកមីកាហ្សាហើយអាហ្នឹងនោះ។

ប្រវត្តិសម្ដេច ទៀ បាញ់ ទទួលឈ្មោះថា ទៀ បាញ់

… នេះជាដំណើរជួបជុំជាមួយនឹងកម្មករ ដើម្បីសួរសុខទុក្ខចំពោះកូនក្មួយទាំងឡាយ ដែលបានធ្វើកិច្ចការងារនៅទីនេះ ហើយដែលបានទទួលផលប្រយោជន៍យ៉ាងច្រើនពីតំបន់សេដ្ឋកិច្ចពិសេសនេះ។ យើងត្រូវសួរថា តើផ្ដើមចេញពីអ្វី បានជាយើងជួបជុំគ្នានៅទីនេះ ហើយទទួលផលប្រយោជន៍ពីទីនេះ? ប្រសិនបើយើងមិនបានស្វះ​ស្វែងរកនូវមូលហេតុទាំងនោះទេ យើងពិតជាមិនអាចយល់អស់នូវអ្វី ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការឈានឡើងរបស់យើងនោះ​​​​ទេ។ ក្មួយៗទាំងអស់ត្រូវចងចាំថា ខេត្តកោះកុង គឺជាខេត្ត ដែលអាចនិយាយថា ជាខេត្តមួយអាណោចអាធ័មណាស់នៅក្នុងអតីតកាល។ សូម្បីតែ ទៀ បាញ់ ហេតុអ្វីទៅបានជា ទៀ បាញ់ មានឈ្មោះជា ទៀ បាញ់? ចំណុចនេះ បងប្អូនមួយចំនួនបានដឹង បានឮ ការពិតឈ្មោះ ទៀ សង្វាន ទេ។ ក៏ប៉ុន្តែនៅពេលមួយ គេយកទៅសម្លាប់។ ដោយសារតែនៅពេលគេតម្រង់កាំភ្លើង ទៀ បាញ់ បានសន្លប់មុនពេលដែលគ្រាប់កាំភ្លើង​ផ្ទុះ​ ដូច្នេះធ្វើឲ្យ ទៀ បាញ់ ទៅជាអ្នកដែលរួចជីវិត។ នៅពេលដឹងខ្លួនឡើង​ រត់ប្រុច។ ពេលដែលពូទៅចរចានៅប្រទេសបារាំង ពេលនោះ​ បងប្អូនខ្មែរយើងមួយចំនួននៅឯប្រទេសបារាំងបាននិយាយថា លោក ហ៊ុន សែន មានមេទ័ពមួយពូកែណាស់ឈ្មោះ រន្ទះបាញ់។ ពេលនោះ ខ្ញុំក៏បានពន្យល់បងប្អូនទាំងនោះថា គាត់ឈ្មោះ ទៀ បាញ់ ប៉ុន្តែមិនមែនឈ្មោះដើមរបស់គាត់ទេ តែគេយកគាត់ទៅបាញ់ ដល់បាញ់មិនស្លាប់ ទើបគាត់ដាក់ឈ្មោះថា ទៀ បាញ់ រហូតមក ហ្នឹងប្រវត្តិ(របស់គាត់)។

ទប់ស្កាត់ការប៉ុនប៉ងរារាំងទំនាក់ទំនងរកស៊ីរវាងកោះកុង និងថៃ

គ្រាន់តែប៉ុណ្ណឹង អាចឆ្លុះ​បញ្ជាំងថា តើអ្នកខេត្តកោះកុងស្ថិតនៅក្នុងស្ថានភាពបែបណានៅក្នុងអតីតកាល? រហូតក្រោយមក នៅក្នុងពេលកាន់តួនាទីជានាយករដ្ឋមន្រ្តី (ពូ)ត្រូវយកខ្លួនមកពាំងកាងសម្រាប់ការពារអ្នកខេត្តកោះកុង ព្រោះកាលៈទេសៈខ្លះគេមិនយល់អ្វីទៅដែលហៅថានយោបាយនោះទេ។ គេប្រឹងខ្ទប់ច្រមុះរបស់យើងទៅហើយ ឯយើងប្រឹងខ្ទប់ច្រមុះខ្លួនឯងទៅទៀត។ ឧទាហរណ៍ គឺមិនចង់មានទំនាក់ទំនងការរកស៊ីណាមួយ ជាមួយនឹងថៃនោះទេ។ ប៉ុន្តែ ខ្ញុំបានមកដេក(នៅខេត្តកោះកុង)។ ពេលហ្នឹងមិនមែនស្ថានភាពដូចសព្វថ្ងៃនោះទេ។ កោះកុងគ្មានផ្លូវតភ្ជាប់ទេ។ គឺខ្ញុំមកដេកនៅប៉ាក់ខ្លងនេះ … (និយាយរឿងលេងទៀងឡេន) … កាលនោះ ត្រឡប់ទៅភ្នំពេញវិញ (ខ្ញុំបានរាយការណ៍)ថាអត់បានទេ។ បើហ៊ានធ្វើយ៉ាងដូច្នេះ គឺសម្លាប់ប្រជាជនកោះកុងហើយ​ … ងាកទៅម្ខាងខាងណេះ ជាតំបន់ដែលបង សាយ ភូថង, រង្គ ផ្លាមកៃសន, ទៀ បាញ់ ដឹកនាំកម្លាំង ហើយជាតំបន់ដែល ទៀ បាញ់ រៀបការក្នុងព្រៃ។ មិនមែនបានរៀបការដូចគេទេ។ ខ្ញុំគ្រាន់បានរៀបការក្នុងស្រុក ក៏ប៉ុន្តែ ទៀ បាញ់ រៀបការក្នុងព្រៃ។​ មកដល់ហ្នឹង ត្រូវនិយាយពីប្រវត្តិអ្នកកោះកុងដ៏កំសត់កម្រ ដែលទម្រាំនឹងមានពេលនេះ។

ក្រោមនយោបាយឈ្នះឈ្នះ មានសន្ដិភាព ការវិនិយោគ និងការអភិវឌ្ឍ នាំឲ្យកោះកុងមានថ្ងៃនេះ

ឥឡូវ យើងយកគោលបញ្ហាជាមូលដ្ឋានយកមកនិយាយវិញ។ ដើម្បីបានកោះកុងមានថ្ងៃនេះ ក្មួយៗត្រូវយល់ឲ្យ​ច្បាស់ថា ចាប់ផ្ដើមពីកត្តាសន្ដិភាព តាមរយៈនៃនយោបាយឈ្នះឈ្នះ។ នេះជាចំណុចសំខាន់ ដែលប្រជាជនកោះកុង ក៏ដូចជាប្រជាជននៅទូទាំងប្រទេសត្រូវយល់ឲ្យបាន​ ចាំឲ្យច្បាស់។ បើគ្មាននយោបាយឈ្នះឈ្នះទេ គ្មានថ្ងៃនេះទេ។ បើនិយាយឲ្យហួស អាហ្នឹងតាំងពីរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ទប់ស្កាត់ការវិលត្រឡប់នៃរបប ប៉ុល ពត … ហ្នឹងរឿងបងប្អូនធ្វើខួប ៤០ ឆ្នាំរួចមកហើយ។ ប៉ុន្តែ ខួប ២០ ឆ្នាំ នៃនយោបាយឈ្នះឈ្នះ យើងទើបនឹងធ្វើកាលពី ខែធ្នូ កន្លងផុតទៅនេះ។ បើគ្មាននយោបាយឈ្នះឈ្នះ បង្កើតឲ្យមានសន្ដិភាព សួរថា អ្នកណាមកវិនិយោគក្នុងប្រទេសយើងបែបនេះ? ​នេះជាចំណុចទី ១ ដែលត្រូវចងចាំ។ មុននិយាយអ្វីទាំងអស់ ត្រូវនិយាយពីសន្ដិភាពជាមុនសិន មិនអាចទៅវិនិយោគ ទៅកម្សាន្ត ឬទៅធ្វើការងារអ្វីផ្សេង នៅក្រោមទម្ងន់គ្រាប់បែក គ្រាប់ផ្លោង គ្រាប់មីន គ្រាប់កាំភ្លើងនោះទេ។

យុទ្ធសាស្រ្តទី ១ ប្រែក្លាយ​តំបន់អតីតសមរភូមិទាំងអស់ឲ្យទៅជាតំបន់អភិវឌ្ឍន៍ និងទៅជាទីផ្សារ

ចំណុចបន្ត គឺយើងបានទទួលជោគជ័យក្នុងការអនុវត្តនូវយុទ្ធសាស្រ្ត ២ យ៉ាង បន្ទាប់ពីសម្រេចជោគជ័យ នៃនយោបាយឈ្នះឈ្នះរួចមកហើយ យុទ្ធសាស្រ្តទី ១ គឺការប្រែក្លាយ​តំបន់អតីតសមរភូមិទាំងអស់ឲ្យទៅជាតំបន់អភិវឌ្ឍន៍ និងទៅជាទីផ្សារ។ នេះគឺជានយោបាយទី ១ របស់ពូផ្ទាល់ ក្នុងការដាក់ចេញ​ និងដឹកនាំប្រទេសក្នុងរយៈ​ពេលកន្លងទៅ។ មិនមែនជាការស្រមើស្រមៃទេ តែនេះជាចរិតពិត និងសភាពការណ៍ពិត ដែលបានកើតឡើងនៅលើទឹកដីកម្ពុជាក្នុងរយៈពេល ២០ ឆ្នាំកន្លងផុតទៅនេះ។ ឥឡូវនេះ តំបន់អតីតសមរភូមិស្ទើរតែ ៩០% ទៅហើយ ដែលបាន និងកំពុងទទួលបានការអភិវឌ្ឍ។ នៅសេសសល់​ប្រមាណ ១០% ដែលកន្លែងនោះមិនទាន់បានអភិវឌ្ឍដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះនៅសេសសល់ ដែលយើងកំពុងតែបន្ត ដើម្បីនឹងបំ​ផ្លាញចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះទាំងនោះ យកដីធ្លីនេះផ្តល់ជូនឲ្យប្រជាជនបង្កបង្កើនផល

យុទ្ធសាស្រ្តទី ២ ប្រែក្លាយតំបន់ព្រំដែន ជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ

យើងត្រូវបន្តធ្វើកិច្ចការងារនេះតទៅទៀត។ ដូច្នេះអាចនិយាយបានថា តំបន់ដែលធ្លាប់មានការប្រយុទ្ធគ្នាក្នុងអតីតកាល គឺបានប្រែក្លាយទៅជាតំបន់អភិវឌ្ឍន៍ និងទៅជាទីផ្សាររួចហើយ។ ​ឯយុទ្ធសាស្រ្តមួយទៀត គឺការប្រែក្លាយតំបន់ព្រំដែនរវាងកម្ពុជា ជាមួយប្រទេសជិតខាងទាំងអស់ ឲ្យទៅជាតំបន់/ខ្សែព្រំដែន សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ ចំណុចនេះ ពូបានខិតខំធ្វើជាមួយនឹងដៃគូប្រទេសជិតខាង ដែលមានព្រះរាជាណាចក្រថៃ មានសាធារណរដ្ឋសង្គមនិយមវៀតណាម មានសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលជាប្រទេសជាប់ព្រំដែនជាមួយយើង។

កម្ពុជា-ថៃ ខិតខំបង្កើតតំបន់សេដ្ឋកិច្ច ទីផ្សារ និងបើកច្រក តាមព្រំដែនឲ្យកាន់តែច្រើន

យើងសួរថា ប្រសិនបើទំនាក់ទំនងរវាងកម្ពុជា-ថៃ ស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ ចម្បាំងរាំងជល់តាមព្រំដែន សួរថា តើនៅតំបន់នេះអាចក្លាយទៅជាតំបន់ដែលមានការអភិវឌ្ឍបានឬទេ? វាពិតជាមិនបានទេ ព្រោះនៅទីនេះឃ្លាតពីព្រំដែនតែប៉ុន្មានគីឡូម៉ែត្រតែប៉ុណ្ណោះ ហើយបើបាញ់ត្រង់ដោយគ្រាប់ផ្លោងវិញ គឺកាន់តែចម្ងាយជិតៗទៅទៀត។ ដូច្នេះ អ្នកវិនិយោគគេក៏សិក្សាមើលដែរថា ទំនាក់ទំនងរវាងកម្ពុជា និងព្រះរាជាណាចក្រថៃ អាចធ្វើទៅបានទេ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្ញុំ និង ឯកឧត្តម ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃបច្ចុប្បន្ន ក៏បានឯកភាពគ្នា អំពីការពន្លឿនក្នុងការបង្កើតឲ្យមានតំបន់សេដ្ឋកិច្ចពិសេសថ្មីៗបន្ថែមទៀត ក្នុងហ្នឹង មានដូចជាតំបន់សេដ្ឋកិច្ចពិសេសអូរនាង នៅខេត្តបន្ទាយមានជ័យ និងនៅតំបន់ដទៃទៀត ដែលយើងអាចធ្វើបាន។ យើងបង្កើតទីផ្សារព្រំដែន និងបើកច្រកព្រំដែនកាន់តែច្រើន ដើម្បីបម្រើទៅដល់ការរកស៊ីរបស់ប្រជាជន​។

ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ ជិត ៧ ពាន់លានដុល្លារ

ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងថៃ ឡើងទៅដល់កម្រិតជិត ៧ ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលជាទំហំពាណិជ្ជកម្មដ៏ធំមួយ។ ពិតមែនហើយ យើងនាំចេញទៅថៃ តិចជាងការនាំចូលពីថៃមកកាន់កម្ពុជា ក៏ប៉ុន្តែ ក្រឹត្យក្រមសេដ្ឋកិច្ច វាបែបនេះឯង។ យើងខ្វះសំភារៈសំណង់ សព្វថ្ងៃ យើងផ្គត់ផ្គង់សំណង់ក្នុងស្រុករបស់យើង បានត្រឹមតែស៊ីម៉ង់ត៍ និងសំភារៈខ្លះប៉ុណ្ណោះ។ ក៏ប៉ុន្តែ ភាគច្រើនសំភារ

ៈសំណង់ដែលត្រូវដឹកចូលមកសាងសង់ក្នុងប្រទេសរបស់យើង គឺត្រូវនាំចូលពីប្រទេសថៃ។ បន្ថែមដោយនាំចូលអគ្គិសនីមួយចំនួនថែមទៀត ដើម្បីមកផ្គត់ផ្គង់នៅក្នុងប្រទេសរបស់យើង នៅក្នុងពេលដែលយើងមិនទាន់គ្រប់គ្រាន់សេចក្តីត្រូវការ។ ការផ្លាស់ប្តូរ​ទំនិញរវាងប្រជាជនកម្ពុជា និងប្រជាជនថៃ ធ្វើឡើង​យ៉ាងសកម្ម។

កម្ពុជា-វៀតណាម ឧស្សាហកម្ម ពាណិជ្ជកម្ម និងសេវា មមាញឹក ទំហំពាណិជ្ជកម្មជាង ៥ ពាន់លានដុល្លារ

ងាកទៅព្រំដែនខាងកើតជាមួយនឹងប្រទេសវៀតណាម តំបន់ដែលខ្ញុំធ្លាប់ស្គាល់ជាតំបន់ដែលគេដាក់​កាំភ្លើងបាញ់គ្នាកាលពីអតីតកាល ឥឡុវវាក៏ក្លាយទៅជាទីផ្សារ និងទៅជាតំបន់ដែលមានរោងចក្រ សហគ្រាស ដូចជានៅតំបន់បាវិត និងតំបន់ដទៃទៀត គឺកំពុងក្លាយទៅជាតំបន់មមាញឹកទៅលើវិស័យឧស្សាហកម្ម វិស័យពាណិជ្ជកម្ម និងសេវា ក្នុងទំនាក់ទំនងជាមួយគ្នានេះ។ ទំហំពាណិជ្ជកម្មរវាងយើងជាមួយវៀតណាម គឺបើនិ​យាយពីជើងលេខគយ ប្រមាណជាង ៤ ពាន់លានដុល្លារ។ ប៉ុន្តែ ខ្ញុំជឿជាក់ថា ទំហំពាណិជ្ជកម្មរវាងយើង ជា​មួយនឹងវៀតណាមមានរហូតទៅដល់ជាង ៥​ ពាន់លានដុល្លារឯណោះ ព្រោះដូចជាការទិញស្រូវពីកម្ពុជា ដែល​យើងខ្វះទីផ្សារ ត្រូវលក់ស្រូវចេញ គ្មានបានកត់ត្រាក្នុងជើងលេខគយទេ។ ពីដើម នាយករដ្ឋមន្រ្តីវៀតណាម​អរគុណខ្ញុំថា អរគុណ ឯកឧត្តម ហ៊ុន សែន ដែលបានសម្រួលលក់ស្រូវឲ្យវៀតណាមជាង ១ លានតោន។ ខ្ញុំក៏បានអរគុណគាត់វិញ​ថា អរគុណ ឯកឧត្តមនាយករដ្ឋមន្រ្តីដែលបានជួយទិញស្រូវខ្ញុំជាង ១ លានតោន ហើយមិនចាំបាច់បង់ពន្ធនាំចូល។ អញ្ចឹងវាមានទៅ វាមានមកយ៉ាងដូច្នេះ។ ទំហំពាណិជ្ជកម្មរវាងយើង និងឡាវ កំ​ពុង​តែត្រូវពង្រីកបន្តិចម្តងៗ។ យើងនឹងខិតខំ និងធ្វើជាមួយឡាវតទៅទៀត។

តំបន់ព្រំដែនអភិវឌ្ឍ និងទីផ្សារ សម្រេចបាន ៩០%, ១០% នៅរារាំងដោយមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ

ក៏ប៉ុន្តែ ខ្ញុំចង់គូសបញ្ជាក់នៅទីនេះប្រាប់ថា យុទ្ធសាស្រ្ត ២ បន្ទាប់ពីនយោបាយឈ្នះឈ្នះហើយ ដែល ហ៊ុន សែន បានដាក់ចេញ និងដឹកនាំ។ យុទ្ធសាស្រ្តទី ១ គឺការប្រែក្លាយ​តំបន់អតីតសមរភូមិទាំងអស់ឲ្យទៅជាតំបន់អភិវឌ្ឍន៍ និងទៅជាទីផ្សារ បាន និងកំពុងទទួលជោគជ័យ អាចនិយាយបានថា ៩០% រួចស្រេចបាត់ទៅហើយ នៅសល់ ១០% គឺមិនមានអ្វីដែលនយោបាយរារាំងទេ។ តែឃាតករលាក់មុខកំពុងតែរារាំង គឺគ្រាប់មីន គ្រាប់មិនទាន់ផ្ទុះ ដែលចាំបាច់ត្រូវដោះបំផ្លាញចោលគ្រាប់ទាំងនោះ ដើម្បីឲ្យទីនោះក្លាយទៅជាតំបន់ដាំដុះរបស់កសិកររបស់យើង។ ឯទី ២ នយោបាយកសាងខ្សែព្រំដែនជាមួយប្រទេសជិតខាង ឲ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ បាន និងកំពុងទទួលជោគជ័យហើយ។ ចំណុចនេះ ចំណុចនោះ​សេសសល់បន្តិចបន្តួច វាជារឿងធម្មតាខ្លាំងណាស់ រវាងប្រទេសមួយ និងប្រទេសមួយ ប៉ុន្តែ​យើងអត់ធ្មត់ដោះស្រាយបញ្ហាជាមួយគ្នាដោយសន្តិវិធី។ យើងបាន និងកំពុងធ្វើជាមួយនឹងប្រទេសជិតខាងរបស់យើង។

មិនឯកភាពនឹងការបិទការរកស៊ីជាមួយថៃនៅកោះកុង

ក្រៅពីបញ្ហាសំខាន់ ដែលទាក់ទងជាមួយនឹងយុទ្ធសាស្រ្តនេះ សូមកុំភ្លេចថា គោលនយោបាយតភ្ជាប់របស់យើង ក៏នាំមកនូវជោគជ័យរបស់អ្នកខេត្តកោះកុង និងតំបន់សេដ្ឋកិច្ចនៅទីនេះ។ ខ្ញុំបានស្នើសុំទៅមិត្តថៃរបស់យើងឲ្យជួយកសាងផ្លូវជាតិលេខ ៤៨ តភ្ជាប់ពីផ្លូវជាតិលេខ ៤ នៃខេត្តព្រះសីហនុ មកកាន់ខេត្តកោះកុងនេះតែម្តង។ ខ្ញុំបានដឹងច្បាស់អំពីភ័ព្វវាសនារបស់ប្រជាជនកោះកុង។ ព្រោះនៅពេលមួយ អង្កាល់នោះ ទៀ បាញ់ នៅធ្វើជារដ្ឋមន្រ្តីសាធារណការនៅឡើយទេ ខ្ញុំមិនទាន់យកទៅក្រសួងការពារជាតិ នៅពេលដែលចាប់ផ្តើមចរចារវាងខ្ញុំ និងសម្តេចព្រះនរោត្តម សីហនុ នោះទេ។ ពេលនោះ ទៀ បាញ់ត្រូវទៅកាន់ជារដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនមួយរយៈ។ នៅចាំបានទេ ពេលដែលខ្ញុំជិះអូប័រទៅកាន់ប៉ាក់ខ្លង ទៅកាន់ខ្លងយ៉ៃ ចេញពីខ្លងយ៉ៃទៅកោះអីមួយទៀត កាលនោះ ប្រសិទ្ធ ទៅជាមួយ ហើយឃើញ ទៀ បាញ់ បក់ដៃ ជិះពីស្រែអំបិលមក។ អញ្ចឹងត្រូវប្រើពេលមួយយប់ ដើម្បីផ្គត់ផ្គង់អ្នកកោះកុង។ អញ្ចឹងបានខ្ញុំមិនឯកភាពទេ ទៅលើការសំរេចណាមួយបិទច្រមុះខ្លួនឯង តាមរយៈការបិទមិនឲ្យរកស៊ីជាមួយថៃ។ យើងចេញពីខ្លងយ៉ៃ ទៅកោះគុត ដើម្បីទៅទិញគុយទាវស៊ីក្តៅហុយៗ រួចហើយបែរជានាំគ្នា បិទកុំឲ្យ​រកស៊ី(ជាមួយថៃ) អាហ្នឹងវាដូចសម្លាប់ខ្លួនឯង​។

ផ្លូវជាតិលេខ ៤៨ នឹងក្លាយជាហាយវេ ក្រោមហិរញ្ញប្បទានកូរ៉េ, ធ្វើផ្លូវភ្ជាប់ពីកោះកុង ទៅថ្មដា ពោធិសាត់

អ្នកខ្លះគិតផ្សេង។ ធម្មតា មនុស្សគិតមិនដូចគ្នាទេ ក៏ប៉ុន្តែ នយោបាយរបស់ ហ៊ុន សែន គឺផ្សេង។ នយោបាយតភ្ជាប់ ដែលបានកសាងស្ពានតាមរយៈហិរញ្ញប្បទាននៃព្រះរាជាណាចក្រថៃ និងជំនួយស្ពានធំៗ ៤ ដែលឆ្លងកាត់ផ្លូវលេខ ៤៨ នេះ គឺបានបង្កលក្ខណៈងាយស្រួលឲ្យអ្នកកោះកុង។ ឥឡូវផ្លូវនេះ ខ្ញុំសូមបញ្ជាក់ថា ទៅថ្ងៃមុខនឹងក្លាយទៅជាផ្លូវហាយវេ (Highway) តែម្តង ដែលយើងនឹងប្រើប្រាស់នូវថវិការបស់សាធារណរដ្ឋកូរ៉េ។ ថ្ងៃស្អែក ប្រធានាធិបតីកូរ៉េខាងត្បូងនឹងមកដល់កម្ពុជា។ មហិច្ឆតារបស់ខ្ញុំមិនមែនត្រឹមប៉ុណ្ណឹងទេ ខ្ញុំនៅត្រូវការខ្លាំងជាងហ្នឹងទៅទៀត ដែលខ្ញុំបានប្រកាសនៅក្នុងបុណ្យសមុទ្រ គឺតភ្ជាប់ផ្លូវពីកោះកុងទៅកាន់ថ្មដា ខេត្តពោធិសាត់ ហើយចេញពី ថ្មដា ពោធិសាត់ ភ្ជាប់ទៅប៉ៃលិន បាត់ដំបងឯណោះ។ អញ្ចឹង បើអ្នកកោះកុងចង់ទៅបាត់ដំបង ឬពោធិសាត់ មិនចាំបាច់ថាទៅភ្នំពេញវាងនោះទេ ចេញប្រុចតាមហ្នឹងតែម្តង។ អញ្ចឹងវាបង្កើតការងាយស្រួល។ ឯអ្នកខាងនោះ មកលេងកោះកុង គឺកាន់តែសប្បាយ។

ដំណាក់កាលអន្តរកាល ឯកជនធ្វើស្ពាន/ផ្លូវ ជិះកាត់ត្រូវបង់លុយ ឥឡូវប្រមូលទិញវិញ ឆ្លងកាត់មិនបង់លុយ

ជាមួយគ្នានោះដែរ នៅពេលវេលាដែលយើងខ្វះទុន យើងបើកឱកាសឲ្យឧកញ៉ា លី យ៉ុងផាត់ ដើម្បីកសាងស្ពានឆ្លងកាត់ដៃសមុទ្រនេះ។ ស្ពាននេះ យើងខ្វះទុន អញ្ចឹងពេលដែលយើងមានផ្លូវហើយ តើត្រូវអភិវឌ្ឈតំបន់ខាងនេះយ៉ាងម៉េច បើគ្មានស្ពាន ហើយនាំគ្នាជិះកាណូត ជិះអូប័រនោះ … អញ្ចឹងទេ ឲ្យឧកញ៉ា លី យ៉ុង​ផាត់ ធ្វើការវិនិយោគស្ពាននេះ ហើយស្ពាននេះកាលពីមុននេះ ត្រូវបានបង់ប្រាក់។ ប៉ុន្តែ ឥឡូវកម្មករ/ការិនី និងប្រជាពលរដ្ឋទាំងអស់ មិនត្រូវបានបង់ប្រាក់ទៀតទេ ដោយរាជរដ្ឋាភិបាលបានទិញស្ពាននេះ ប្រគល់ឲ្យសាលាខេត្តកោះកុងគ្រប់គ្រង ហើយកំពុងប្រើប្រាស់ដោយមិនបង់ថ្លៃ។ ​​ដូច្នេះ ចង់ឆ្លងប៉ុន្មានលានដងឆ្លងទៅស្រេចតែចិត្ត។ កាលពីមុនឆ្លង គេយកលុយ។ នោះដំណាក់កាលដែលយើងក្រ ដល់តែយើងក្រ យើងត្រូវរកវិធី។ គ្រាន់តែទិញយកស្ពាន លី យ៉ុងផាត់ ដល់ទៅពីរ។ ស្ពានមួយ គឺស្ពានកោះកុងនេះ តែស្ពានមួយទៀត ស្ពានព្រែកព្នៅដែលត្រូវយកប្រាក់ទៅមកៗ ព្រោះថា គេដាក់ទុនវិនិយោគហើយ។ នៅប្រទេសថៃ ទៅមើលទៅ មួយជុំវិញបាំងកក គ្មានផ្លូវណាដែលមិនយកលុយទេ។ ទៅមើលស្រុកក្រៅទាំងអស់ គ្មានផ្លូវណាដែលមិនយកលុយទេ គឺយកទាំងអស់។ គេយកពីអ្នកបើកបរ រថយន្តធ្វើដំណើរ ហើយគេយកអាប្រាក់ហ្នឹងជាប្រាក់ចំណេញ ហើយនិងយកអាប្រាក់ហ្នឹង ដើម្បីចិញ្ចឹមផ្លូវថ្នល់ត្រលប់ទៅវិញ។ ក៏ប៉ុន្តែស្រុកយើង យើងប្រើវាគ្រាន់តែជាដំណាក់កាលអន្តរកាលទេ តែដល់ដែលយើងមានលទ្ធភាព យើងទិញយកត្រឡប់មកវិញ យកត្រឡប់មកវិញទាំងអស់។ ផ្លូវអ្នកណាធ្វើអស់ប៉ុន្មានលានៗ នៅសល់ប៉ុន្មាន? ទូទាត់ជាមួយគ្នា រួចហើយប្រជាជនដែលធ្លាប់បង់ប្រាក់ គឺលែងបង់ប្រាក់ហើយ។

នយោបាយតភ្ជាប់ បង្កលក្ខណៈល្អដល់ការអភិវឌ្ឍ

អញ្ចឹងត្រូវមើលឃើញថា នយោបាយតភ្ជាប់របស់យើង គឺបានបង្កលក្ខណៈឲ្យមានការកើតឡើងនូវការអភិវឌ្ឍមួយ រាប់ទាំងតំបន់សេដ្ឋកិច្ចពិសេសនាងកុក ហើយក៏បង្កលក្ខណៈឲ្យប្រជាពលរដ្ឋរបស់យើងងាយស្រួលក្នុងការធ្វើដំណើរ។ កាលពីមុន តើត្រូវធ្វើដំណើរប្រើពេលប៉ុន្មានទៅសម្រាប់អ្នកកោះកុង ទៅកាន់ទីក្រុងភ្នំពេញ? ឥឡូវនេះ សូម្បីតែសិល្បករ/ការនី ដែលមកពីទីក្រុងភ្នំពេញ ប្រហែលជាមិនមែនសិល្បៈអ្នកកោះកុងទេ​ សុទ្ធតែអ្នកមកពីភ្នំពេញ។ អញ្ចឹង បើសិនជាអត់មានផ្លូវថ្នល់ផង តើអ្នកសិល្បៈហ្នឹងមកយ៉ាងម៉េច អាចនឹងមានមួយចំនួននឹងមិនអាចធ្វើដំណើរមកបាន។ ប៉ុន្តែឥឡូវ មានផ្លូវហើយ អ្នកសិល្បៈរបស់យើងមានឡានជិះខ្លួនឯងទៀត ដូច្នេះវាក៏ស្រួលដែរ។ ប៉ុន្តែ សូមមើលផងណា ខាងក្រសួង ព្រោះថា អ្នកសិល្បៈមកហ្នឹង គឺថាច្រៀងហ្នឹងមិនរួចថ្លៃសាំងទេវើយ។ ក្រែងយើងប៉ាវសណ្ឋាគារឲ្យដេកឬ? ប៉ាវ។ ក៏ប៉ុន្តែ អាហ្នឹងថ្លៃសណ្ឋាគារ ក៏ប៉ុន្តែថ្លៃសាំងគ្នានោះ ត្រូវជួយគ្នាផង។ ក្រែងថា តាមមកច្រៀងដើម្បីកំដរកម្មករ/ការិនីខេត្តកោះកុង បែរជាចូលដើមទៅវិញ។ ការពិត អ្នកទាំងនេះសុទ្ធតែជាអ្នកស្ម័គ្រចិត្ត ដើម្បីច្រៀងជូនកម្សាន្តសប្បាយ នៅក្នុងឱកាសកំដរសម្រាប់កម្មករ/ការិនីរបស់យើង រាប់ទាំងចម្រៀងដែលតែងនិពន្ធដោយពិសេស របស់លោក ហ៊ុន ហេង កន្សែងក្រហម សំរាប់​ផ្ញើជូនឲ្យកម្មករ/ការិនីរបស់យើង។

កោះកុង ធុងអាគុយផ្គត់ផ្គង់អគ្គិសនី

ការតភ្ជាប់មួយទៀត ក្រៅពីហេដ្ឋារចនាសម្ព័នចាំបាច់ ទាក់ទងជាមួយនឹងផ្លូវថ្នល់ យើងនៅមានការតភ្ជាប់ផ្នែកអគ្គិសនី ដែលមុននេះ យើងពឹងពាក់ដោយការទិញអគ្គិសនីពីព្រះរាជាណាចក្រថៃ មកផ្គត់ផ្គង់នៅខេត្តកោះកុងរបស់យើងនេះ។ បើគ្មានការសហប្រតិបត្តិការ ក្នុងការទាញភ្លើងមកកាន់ទៅនេះទេ យើងមិនអាចមានលទ្ធភាពដើម្បីនឹងបង្កើតឲ្យមានរោងចក្រនៅទីនេះទេ។ ប៉ុន្តែឥឡូវនេះ ខេត្តកោះកុងក្លាយទៅជាខេត្តធុងអាគុយ សម្រាប់ផ្គត់ផ្គង់ដល់ខេត្តដទៃទៀត រាប់ទាំងរាជធានីភ្នំពេញផងដែរ ដែលយើងមានវារីអគ្គិសនីឫស្សីជ្រុំ វារីអគ្គិសនីតាតៃ និងវារីអគ្គិសនីអាតៃ ក្លាយទៅជាធុងអាគុយមួយ សម្រាប់ផ្គត់ផ្គង់អគ្គិសនី ទៅកាន់ទីក្រុងភ្នំពេញ និងតំបន់ផ្សេងទៀត ដែលត្រូវការអគ្គិសនី។

កោះកុង កម្មករ ១៥៣០០ នាក់ ចំណូល ៤៣ លានដុល្លារក្នុងមួយឆ្នាំ

នេះជាចំណុចដែលខ្ញុំចង់បញ្ជាក់អំពីអត្ថន័យសំខាន់ ដែលទាក់ទងទៅនឹងការអភិវឌ្ឍបាននៅតំបន់នេះ ហើយដែលទាក់ទងទៅនឹងជីវភាពរបស់ក្មួយៗជាកម្មករ/ការិនីនៅក្នុងតំបន់នេះក្តី ហើយនៅតំបន់ផ្សេង​ៗនៅក្នុងខេត្តកោះកុង ដែលមានកម្មកររហូតទៅដល់ ១៥៣០០ នាក់ ដែលមានប្រាក់ឈ្នួលរហូតទៅដល់ ៤៣ លានដុល្លារ ក្នុងមួយឆ្នាំ។ នេះគឺជាជោគជ័យ នៃនយោបាយរបស់យើង ដែលទាក់ទងទៅនឹងការពង្រាយរោងចក្រ ទៅតាមបណ្ដាខេត្ត ក្នុងនោះរាប់ទាំងព្រំដែនផង។

ពង្រាយរោងចក្រទៅតាមខេត្ត/តាមព្រំដែន កាត់បន្ថយចំណាកស្រុក

នៅប្រទេសថៃ យើងបានសិក្សារួមគ្នាថា ដើម្បីកាត់បន្ថយចំណាកស្រុក ដើម្បីចូលទៅធ្វើការនៅក្នុងប្រទេសថៃ ភាពចាំបាច់ត្រូវរួមគ្នាបង្កើតនូវរោងចក្រក្នុងទឹកដីកម្ពុជា ជាតំបន់សេដ្ឋកិច្ចពិសេសតាមតំបន់បណ្ដោយព្រំដែនកម្ពុជា-ថៃ ដើម្បីឲ្យប្រជាជនកម្ពុជាមានការងារធ្វើនៅក្នុងទឹកដីរបស់ខ្លួន ដោយមិនចាំបាច់ឆ្លងកាត់ទៅក្នុងប្រ​ទេសថៃទេ។ ឥឡូវនេះ ដោយសារមានតំបន់សេដ្ឋកិច្ចពិសេស មានឧស្សាហកម្ម មិនថាត្រឹមតែនាងកុកទេ នៅមានមកពីស្រុកស្រែអំបិល រោងចក្រស្ករស ប៉ុន្តែ ដូចមកតែ ១៥ នាក់ទេ? រោងចក្រតូច។ រោងចក្រតូចធំ សុទ្ធ​តែដោះស្រាយបញ្ហាផលិតផលផង ហើយនិងដោះស្រាយការងារធ្វើផង។ ចំណុចទាំងអស់នេះ (នឹងមិនអាចកើតមានទេ) បើសិនជាគ្មានស្ថានភាព ដែលកើតចេញពីគោលនយោបាយ ទាំងគោលនយោបាយឈ្នះឈ្នះ ដែលសម្រេចបាននូវសន្តិភាព ទាំងយុទ្ធសាស្ត្រប្រែក្លាយពីតំបន់សមរភូមិ ឲ្យទៅជាតំបន់អភិវឌ្ឍន៍ និងទីផ្សារ ប្រែក្លាយខ្សែព្រំដែន ឲ្យទៅជាខ្សែព្រំដែនសន្តិភាព មិត្តភាព និងសហប្រតិបត្តិការ និងការអភិវឌ្ឍ មិនមានគោលនយោបាយតភ្ជាប់លើហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដូចជាការដឹកជញ្ជូន និងបញ្ហាអគ្គិសនី។

អ្នកកោះកុងខ្វល់ពីខ្វះទឹកផឹក, រៀបចំឲ្យបានល្អលើការតទឹកពីខេត្តត្រាតមកផ្គត់ផ្គង់ខេត្តកោះកុង

ឥឡូវនេះ បញ្ហាប្រឈមរបស់ខេត្តកោះកុងគឺស្អី? យប់មិញ ខ្ញុំបានទទួលសារសម្លេង និងរូបភាព ពីឯកឧត្តមទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម  ចម ប្រសិទ្ធ ផ្ញើទៅឲ្យខ្ញុំ។ កង្វល់របស់កោះកុងបច្ចុប្បន្ននេះ គឺខ្វះទឹកផឹក។ នេះជាបញ្ហា។ អញ្ចឹង សុទ្ធតែជាចំណុចអ្នកទាំងអស់គ្នាបានដឹង។ យើងកំពុងសាងសង់ហើយ ដោយអនុញ្ញាតឲ្យលោកឧកញ៉ា លី យ៉ុងផាត់ ទទួលសាងសង់ សម្រាប់ការផ្គត់ផ្គង់រយៈពេលវែង ប៉ុ​ន្តែ វាត្រូវការពេលវេលា។ ឥឡូវ ទឹកនេះអាចផ្គត់ផ្គង់បាននៅត្រឹមកម្រិតណាមួយ អាចថា នៅត្រឹមមួយខែ។ ប៉ុន្តែ ថ្ងៃនេះ ខ្ញុំបានទទួលព័ត៌មានពីសម្ដេចពិជ័យសេនា ទៀ បាញ់ និងឯកឧត្តម លី យ៉ុងផាត់ ថាបានទាក់ទងជា​មួយខេត្តត្រាត របស់ព្រះរាជាណាចក្រថៃហើយ។ គេជួយផ្គត់ផ្គង់ទឹក។ ដូច្នេះត្រូវរៀបចំលក្ខណសម្បត្តិតទុយោ តអី ធ្វើម៉េចឲ្យខាងតែបាន ដើម្បីកុំឲ្យអ្នកកោះកុងអត់ទឹក។ សម្បូរទឹកសមុទ្រ តែទឹកប្រៃផឹកវាមិនបាន។ ដូច្នេះ ត្រូវរកវិធីបញ្ជូនទឹកចេញពីក្នុងប្រទេសថៃ ហើយយកមកក្នុងប្រទេសរបស់យើង​តាមរយៈតទុយោ ឬមធ្យោបាយណាក៏ដោយ ដើម្បីផ្គត់ផ្គង់ ទម្រាំមានភ្លៀងធ្លាក់។

ធាតុអាកាសប្រែប្រួលលឿន

តាមធម្មតា នៅតាមបណ្ដាខេត្តនៅតាមមាត់សមុទ្រ ភ្លៀងចាប់ផ្ដើមធ្លាក់លឿនជាងតំបន់ដទៃ ក៏ប៉ុន្តែការប្រែប្រួលអាកាសធាតុនៅឆ្នាំនេះ គឺវាលំបាក។ កាលពីថ្ងៃច័ន្ទ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម គាត់បានប្រាប់ខ្ញុំថា អាចនឹងមានខ្យល់កន្ត្រាក់ ដែលសំណូមពរឲ្យខ្ញុំត្រឡប់ទៅទីក្រុងភ្នំពេញវិញមុនម៉ោង ១២ តែឥឡូវសភាពការណ៍ធាតុអាកាសបានប្រែប្រួល។ ម្សិលមិញបានប្រាប់មកថា អាចអនុញ្ញាតឲ្យខ្ញុំទៅម៉ោង ២ ក៏ប៉ុន្តែយ៉ាងណាក៏ខ្ញុំទៅហូបបាយនៅភ្នំពេញ ព្រោះព្រឹកមិញនេះ ក្រោកតាំងពីម៉ោង ៥។ ក្មួយៗមួយចំនួនក្រោកពីម៉ោង ៣ លើសខ្ញុំ ប៉ុន្តែអ្នកនៅទីនេះ(ស្រាប់)។ ឯខ្ញុំត្រូវក្រោកពីម៉ោង ៥ ដែរ ហើយរង់ចាំព្រោះឥឡូវម៉ោង ៦ អត់ទាន់ភ្លឺទេ។ ព្រឹកមិញទោះបីជាមិនទាន់ភ្លឺច្បាស់ ក៏ត្រូវប្រឹងហោះម៉ោង ៦:០៥ នាទី ចាប់ផ្តើមហោះ។ ពេលដែលហោះចេញមកគឺត្រូវហោះកាត់ត្រង់តែម្តង ដូច្នេះ យើងហោះលើកំពូលភ្នំ ដែលមានកន្លែងខ្លះមានការចុះអ័ព្ទ​។ មកព្រឹកមិញស្រេចតែដើម្បីកុំឲ្យវាងងុយដេក តែវានៅតែងងុយ ទាញអាប្រដាប់ដាក់ត្រចៀក ចុចភ្លេងការរហូត កាត់ខាន់ស្លាផង ប្រពៃណីដាក់រហូត។ ដល់មកដល់ទីនេះហើយ បានចាប់ផ្តើមដោះពីត្រចៀក …។

ទទួលប្រធានាធិបតីកូរ៉េខាងត្បូង និងភរិយា មកធ្វើទស្សនកិច្ចនៅកម្ពុជា

ខ្ញុំត្រូវត្រឡប់ទៅភ្នំពេញវិញ ដោយសារតែមានរឿងច្រើន។ ស្អែកនេះគឺប្រធានាធិបតីកូរ៉េខាងត្បូងបានមកដល់ ខ្ញុំក៏ត្រូវទទួលបាយមិត្តភាព បាយជាគ្រួសារជាមួយនឹងប្រធានាធិបតី និងភរិយារបស់គាត់។ ដល់មួយថ្ងៃបន្ទាប់ទៀត គឺត្រូវធ្វើការងារជាមួយគ្នា ចរចាផង ចុះហត្ថលេខាផង វេទិកាធុរកិច្ចជា​មួយគ្នាផង។ នៅមានការងារច្រើនទៀតដែលត្រូវធ្វើ។ អញ្ចឹង ឆ្លៀតពេលមួយយប់មិញនេះ ពិនិត្យឯកសារ ទាំងបញ្ហាត្រូវចរចា និងមានអាសុន្ទរក​ថាទាក់ទងនឹងធុរកិច្ច ទាក់ទងជាមួយនឹងការធ្វើសន្និសីទកាសែតស្អីៗ ហ្នឹង។ រឿងរ៉ាវច្រើនដែលត្រូវធ្វើ។ កុំអីខ្ញុំមកតាំងពីម្សិលឯណោះ ដេកនៅនេះគឺវាចំណេញពេលជាង ក៏ប៉ុន្តែមកវាមិនមករួច ព្រោះត្រូវជាប់កម្មវិធីបិទសន្និ​បាតវិស័យសុខាភិបាល។ បើកុំមានជាប់កម្មវិធីនោះ គឺមកដេកនៅកោះកុងល្អ។ បានមកលំហែមាត់សមុទ្រ​ មួយពេលដែរ ប៉ុន្តែមកវាមិនរួច​។

មានអ្នកចង់ឲ្យកម្មករចាប់ខ្លួន ហ៊ុន សែន, កម្មករចាប់ថត ឱប និងថើប

ត្រូវហើយ អ្នកដែលគេចង់ឲ្យកម្មករចាប់ខ្ញុំនោះ។ ព្រឹកមិញកម្មករចាប់ខ្ញុំមែន តែចាប់ថតរូបទេ ហើយចាប់ឱប​ទេ។ មានអាខ្លះវារត់។ វាថា ចាំដល់កម្មករចាប់ខ្ញុំ។ បានតើ។ ខ្ញុំក៏ដើរទៅចាប់កម្មករដែរ ព្រោះនេះសុទ្ធតែជាសមិទ្ធផល ដែលខ្ញុំបានរួមជាមួយថ្នាក់ដឹកនាំដទៃទៀត រួមជាមួយជីដូន ជីតា ឪពុកម្តាយរបស់ក្មួយៗ និងរួមជាមួយក្មួយៗ ដើម្បីបង្កើតឡើងនូវស្ថានភាពបែបនេះ។ អាទិត្យក្រោយ ខ្ញុំមានឱកាសទៅពោធិ៍សាត់ អាទិត្យក្រោយដល់ពោធិ៍សាត់ហើយ ព្រោះយើងនៅជំពាក់។ ប៉ុន្តែយើងនៅជំពាក់ប៉ុន្មានរោងទៀត? … នៅបន្ទាយមានជ័យ នៅភ្នំពេញ នៅកំពង់ចាម។ ឥឡូវ ពោធិ៍សាត់ ដោះបំណុលអាទិត្យក្រោយ។ កោះកុងដោះបំណុលថ្ងៃនេះ។ នេះគ្រាន់តែជុំទី ១ ទេ។ ពូបានប្រកាសហើយថា ដរាបណាពូនៅធ្វើនាយករដ្ឋមន្ត្រី ពូនឹងដើរវិលជុំសួរសុខទុក្ខកម្មកររហូត ១០ ឆ្នាំទៀត។ វាឃើញឯងស្គម វាថាឯងឈឺ។ អាចង្រៃនេះមិនដឹងថា អាស្គមនេះវាយ Driver ឆ្ងាយទេ … អាពេលដែលយើងដុះពោះធំនោះ swing វាមិនល្អ ហើយពេលខ្លះមីងសួរពូថា ប៉ុន្មានខែហើយ? អញ្ចឹងខំទម្លាក់ក្បាលពោះចុះ និយាយរួមទម្លាក់ទម្ងន់ចុះបន្តិច ដល់វាឃើញឯងស្គម វាថាឯងឈឺ។

នឹងប្តឹងអ្នកជេរប្រមាថតាមហ្វេសប៊ុក យកសំណងទៅជួយកុមារកំព្រា

ខ្ញុំសូមជម្រាបអ្នកដែលប្រមាថខ្ញុំតាមហ្វេសប៊ុក។ ខ្ញុំកំពុងឲ្យមេធាវីរបស់ខ្ញុំសិក្សា ដើម្បីដាក់ពាក្យប្ដឹង … ឯងត្រូវដឹងថា ទ្រព្យសម្បត្តិឯងនៅក្នុងប្រទេស។ ឯងនៅក្រៅប្រទេសមែន តែទ្រព្យសម្បត្តិឯងនៅក្នុងប្រទេស។ អញរឹបអូសយកទាំងអស់ហ្នឹង ឲ្យតែតុលាការកាត់ឲ្យអញឈ្នះ។ ជូនសារឲ្យឯងដឹងមុន។ ឯងថាថែមទៀតទៅ។ ឥឡូវហ្នឹងគឺថាមានជាង ៣២ ដែលឯងបង្ហោះប្រមាថជីវិតអញ។ អញ្ចឹងបើវាចេញមកថ្ងៃហ្នឹងទៀត បានការយើង ហើយ ប្រមូលធ្វើជាវត្ថុតាង រឹបទ្រព្យសម្បត្តិឯងនៅក្នុងស្រុក។ ទារមិនតិចជាង ២ លានដុល្លារទេ ប្រាប់ឲ្យ​ហើយ ដើម្បីកុំឲ្យវាឈ្លើយ។ និយាយឡើងដល់ post ចុងក្រោយ ទំនាយលោក ហ៊ុន សែន ចំកន្លែងកំបុតក។ កំបុតកហ្អែងមិនកំបុត។ ជូនសារទៅមុន ហើយប្រាប់ទៅខេត្ត​នោះ ឲ្យមើលទ្រព្យសម្បត្តិវានៅកន្លែងណា តែកាត់រួចហើយ អញរឹប(អូសយក) រួចហើយបានអាហ្នឹងទៅចែកកុមារកំព្រា កុំឲ្យវាព្រហើន។

អាងរត់ទៅនៅក្រៅស្រុកបាន។ អានេះនៅក្នុងស្រុកអត់ហ៊ានទេ ដល់ទៅនៅក្រៅស្រុកប្រមាថជីវិតឯងរហូត។ អាប្រមាថជីវិតហ្នឹងដាក់ហ្អែង … អានេះចូលអន្ទាក់តើ ដល់ចូលអន្ទាក់គ្រិបដាក់គ្រិប នៅត្រង់ហ្នឹង។ ហ្នឹងមុខវាកំពុងតាមហើយឥឡូវហ្នឹង វាកំពុងស្តាប់។ អញ្ចឹងមេធាវីរបស់ខ្ញុំកំពុងសិក្សា ដើម្បីប្តឹងចោទហ្អែង ហើយតែកាត់ទោសសំណងថា ទារមិនតិចជាង ២ លានដុល្លារទេអានេះ។ កុំទារអា ១ រៀលអី ថ្ងៃមុនស្តាយដែលទារអា ១ រៀល​ទ្រព្យសម្បត្តិវាមួយគគោក បើទារ ១ លាន ទៅលក់អាទ្រព្យសម្បត្តិវាហ្នឹង យកលុយទៅជួយកុមារកំព្រា​។ ថ្ងៃនេះ ចាប់ពីពេលនេះទៅទារឲ្យខ្លាំងៗតែម្តង កុំឲ្យវាខូចពេក ធ្វើអីមិនកើតបន់ឲ្យគេងាប់ៗ។

ស្បថមិនមែនវិធីទាល់ច្រក ជាវិធីដែលប្រើជាសកល

ឥឡូវ យើងគិតមើល បើសិនជានយោបាយបន់ឲ្យគេងាប់ បន់ឲ្យគេគ្រោះថ្នាក់ អញ្ចឹងតើធ្វើនយោបាយហ្នឹង ដើម្បីរួបរួម ឬធ្វើដើម្បីស្អី?​ ឥឡូវខ្ញុំអត់វាមិនបានគឺថា ឲ្យតែមានរឿងអីបបួលស្បថតែម្តង។ ស្បថដាក់ជីវិត​ ព្រោះហ្អែងនិយាយមិនទៀង។ ប៉ុន្តែអត់ហ៊ានទេ អត់ហ៊ានស្បថដាច់ខាតហើយពួកនេះ ព្រោះអាមនុស្សខូចអត់ហ៊ានស្បថទេ។ មានតែប្តីទេ ដែលហ៊ានស្បថជាមួយប្រពន្ធ។ មានរឿងមួយអញ្ចេះ ប្តីហ្នឹងការពិតគាត់ខូចមែន ប្រពន្ធចាប់បានថាអត់ទេ។​​ អញ្ចឹងប្រពន្ធបបួលទៅស្បថ។ ដល់ទៅស្បថប្រពន្ធថាឲ្យថាអីថាតាមហ្នឹងរហូត ដល់ទៅពេលស្បថរួចហើយដើរទៅផុត ក៏និយាយ “អូន បងភ្លេចវែនតា” រត់ប្រុចមកដល់អ្នក និយាយថា “លោកតាៗ មិញ​ហ្នឹងខ្ញុំបង្ខំចិត្តត្រូវនិយាយទេ យើងប្រុសដូចគ្នាលោកតា កុំប្រកាន់”។ អ្នកតាមិនដែលជាអ្នកតាស្រីទេ មានយាយម៉ៅ ក៏ប៉ុន្តែ អ្នកតាជាប្រុសៗភាគច្រើន …

ប៉ុន្តែពួកអ្នកនយោបាយអត់ហ៊ានស្បថទេ។ (បបួល)ស្បថ វាថាឯងអបិយជំនឿ ប៉ុន្តែការស្បថនៅលើលោកនេះ គេនៅប្រើទាំងអស់។ ស្បថចូលកាន់តំណែងជាប្រមុខរដ្ឋ​ ស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រី ស្បថចូលកាន់តំណែងជាសមាជិកសភា​ ព្រឹទ្ធសភា ឬក៏សូម្បីតែសាក្សីនៅតុលាការ គេដាក់ឲ្យស្បថសិន មុននឹងអ្នកឯងធ្វើសាក្សីនៅក្នុងតុលាការ។ អ្នកម៉េចមិនហ៊ានស្បថ។ យើងអាចដឹងចំណុចខ្សោយរបស់ពួកគេនៅកន្លែងហ្នឹងហើយ។ អញ្ចឹងអ្នកណានិយាយខុសឲ្យស្បថឲ្យងាប់ ហើយមិនមែនងាប់តែម្នាក់ទេ​ ឲ្យងាប់ច្រើន។ អញ្ចឹងទេ ឲ្យកូនចៅ ឪពុកម្តាយ បងប្អូន (នឹងដាស់តឿន)ថាហ្អែង កុំនិយាយអាក្រក់ៗ អញ្ចឹងមើល ក្រែងលោស្បថទៅងាប់ដោយទាំងអញទៀត​ ឲ្យវាអញ្ចឹង។ ខ្លះវាថា វិធីទាល់ច្រកហើយស្បថ។ ទេអាហ្នឹងមិនមែនវិធីទាល់ច្រកទេ​ ព្រោះវិធីគេប្រើជាសកល។

ពន្លឿនដំណោះស្រាយផ្គត់ផ្គង់ទឹក ធានាថាឆ្នាំណាក៏ដោយទីក្រុងទាំងអស់មិនខ្វះទឹកប្រើ

អម្បាញ់មិញខ្ញុំបាននិយាយហើយ បញ្ហាប្រឈមនឹងរឿងទឹក។ ប៉ុន្តែ ជម្រុញពន្លឿននៃការសាងសង់តំបន់ដែលត្រូវធ្វើការវិនិយោគទាញទឹកមកនោះ។ ឯកឧត្តម យន់ មីន អភិបាលខេត្តព្រះសីហនុ ក៏បានរាយការណ៍ឲ្យខ្ញុំតាម WhatsApp។ ឥឡូវ ខេត្តព្រះសីហនុមិនមានចំណោទទេលើបញ្ហាផ្គត់ផ្គង់ទឹក ដោយនៅនឹងក្បាយឆាយវាមាន ៥០ ទៅ ៦០លានម៉ែត្រគូបឯណោះ ប៉ុន្តែបញ្ហារបស់យើងស្ថិតនៅត្រង់ទុយោរបស់យើងវាចាស់ៗ។ ការផ្គត់ផ្គង់ទៅលើសំណង់ថ្មីៗ តាមអូតែលស្អីៗ អត់ចោទទេ តែការផ្គត់ផ្គង់ទៅតាមលំនៅដ្ឋាន​ ទៅតាមរយៈទុយោចាស់ៗនេះ ក៏ត្រូវបានត្រូវយកមកគិត តើត្រូវវិនិយោគរបៀបម៉េចបន្តទៀត? … នៅទីនេះប្រភពទឹកដែលសម្រាប់ផ្តល់អោយបានរីង។ អញ្ចឹងត្រូវរកប្រភពទឹកដែលផ្គត់ផ្គង់បានច្រើនជាងនេះ ដែលត្រូវប្រើពេល(ច្រើន)។ ឥឡូវកសាងបានប៉ុន្មានភាគរយហើយ? … ប្រឹងធ្វើម៉េចដើម្បីធានាថា ឆ្នាំណាក៏ដោយ គឺទីក្រុងទាំងអស់មិនត្រូវបានខ្វះខាតទឹកទេ។ ខ្ញុំសូមយកឱកាសនេះ អរគុណចំពោះព្រះរាជាណាចក្រថៃ ចំពោះខេត្តត្រាត ដែលបានផ្តល់ទឹកជួយផ្គត់ផ្គង់មកកាន់ខេត្តកោះកុង។ បញ្ហាស្ថិតនៅត្រង់ថា យើងរៀបចំបណ្តាញទឹកយ៉ាងម៉េចជាបណ្តោះអាសន្ន តទុយោគ្នាទាញទឹកយកមកផ្គត់ផ្គង់។ ក្នុងហ្នឹង ក៏មានតំបន់សេដ្ឋកិច្ចពិសេសរបស់យើងផងដែរ។

បើនៅតែមានការងារធ្វើ មានប្រាក់ចំណូល កុំខ្វល់ពីការឃោសនារបស់ពួកអាសិរពិស

ថ្ងៃនេះ ខ្ញុំធ្លាប់បាននិយាយហើយៗអម្បាញ់មិញឯកឧត្តម អ៊ិត សំហេង ក៏បានធ្វើរបាយការណ៍ជូនហើយអំពីវឌ្ឍនភាពទាំងឡាយ និងបញ្ហាទាំងឡាយ ​ដែលក្នុង​វិស័យឧស្សាហកម្មទាំងអស់ត្រូវដោះស្រាយ​។ ឆ្នាំទៅប្រាក់បៀវត្សរបស់កម្មករ/ការិនីរបស់យើងត្រឹមតែ ១៧០ ដុល្លារ។​ ឆ្នាំ​នេះ យើង​អនុវត្ដដល់ទៅដល់ ​១៨២ ដុល្លារ​។ ប៉ុន្ដែ សួរក្មួយនោះអម្បាញ់មិញ​ថា បានទៅដល់ ២៨០ ប្លាយ ដុល្លារ នោះ។ ប៉ុន្ដែ ជាទូទៅ កម្មកររបស់យើងទទួលមិនតិចជាង ២០០ ដុល្លារទេ​។ ដូច្នេះ ខ្ញុំសូមជម្រាបជូនក្មួយៗឲ្យ​បាន​ច្បាស់ថា បើក្មួយនៅតែមានការងារធ្វើ​ ក្មួយៗនៅតែមានប្រាក់ចំណូល ក្មួយកុំទៅខ្វល់ពីអ្នកណានិយាយពីអី ទុកឲ្យអ្នកណានិយាយពី​អី និយាយ​ទៅ … បញ្ហាធំ ក្មួយៗមាន​ការ​ងារធ្វើ ក្មួយៗមានប្រាក់ចំណូល។ តើមានការចាំបាច់​ ដើម្បីនឹងទៅ​ភ័យព្រួយទៅ​លើការឃោសនា​អកុសល​ណាមួយ​ពីពួកអាសិរពិសទេ? ពួកគេបានត្រឹមបោកប្រាស់បញ្ឆោត​ពីមួយថ្ងៃទៅមួយថ្ងៃ យកការបញ្ឆោតធ្វើ​ជាល្បែងលេង។ បញ្ឆោតទាំងប្រជាពលរដ្ឋ ទាំងកម្មករ/ការិនី ទាំងសមាជិក/ជិកា​ អ្នកគាំទ្ររបស់គេទៀតផង។ ដូច្នេះ​សូមក្មួយៗចងចាំ កុំចាញ់កលអ្នកណាទាំងអស់​ បើយើងរាល់ថ្ងៃ នៅតែមានការងារធ្វើ នៅតែមានប្រាក់ចំណូល។ ​

ឥឡូវ សូមសួរបន្ដិច​ អ្នកដែលបើកប្រាក់បៀវត្ស ១៥ ថ្ងៃម្ដង ប៉ុន្មានអ្នកទៅ? សូមលើកដៃ​បន្ដិចមើល!​ ដូចទាំង​អស់ហើយ។ អរគុណណាស់ម្ចាស់រោងចក្រទាំងអស់ដែលអនុវត្ដដោយទៀងទាត់នូវគោលការណ៍ ដែលបានកំណត់ក្នុងការបើក​ប្រាក់បៀវត្ស ​​រៀងរាល់ ២ សប្ដាហ៍ម្ដង ឲ្យកម្មករ/ការិនីរបស់យើង និងអរគុណអ្នកទាំងអស់គ្នា ដែលថ្ងៃនេះ​បានផ្ដល់​ឱកាសឲ្យកម្មករ/ការិនីបានមកជួបខ្ញុំ ហើយ​អនុញ្ញាតឲ្យពួកគេបានឈប់សំរាកល្ងាចនេះ ដោយ​មានប្រាក់បៀវត្សបន្ថែមទៀត។ នេះជាចំណុចដែលយើងត្រូវខិតខំបន្ដដំណើរទៅទាំងអស់គ្នា ហើយសូមកុំភ័ន្តច្រឡំ​ដរាប​ណាយើងនៅតែឈរ មានការងារធ្វើ មាន​ប្រាក់ចំណូល ដរាបនោះ មិនត្រូវចាញ់ការញុះ​ញង់របស់អ្នក​ណាទាំងអស់។

បោះឆ្នោតយក (១)លទ្ធិប្រជាធិបតេយ្យ (២) សន្ដិភាពនិងការអភិវឌ្ឍ ក្រោមការដឹកនាំរបស់គណបក្សប្រជាជន

ក្នុងឱកាសនេះ ខ្ញុំមិនភ្លេចជាមួយនឹងការតាំងនាមឲ្យគណបក្សប្រជាជន​កម្ពុជា និងខ្លួនខ្ញុំផ្ទាល់ ថ្លែងអំណរគុណចំពោះ​កម្មករ/ការិនី​​ ដែលនៅទីនេះ ហើយតាមរយៈក្មួយៗក៏ផ្ញើការអរគុណចំពោះឪពុកម្ដាយ ជីដូន ជីតា សាច់ញាតិ ​ដែលបានបោះឆ្នោតជូនគណបក្សប្រជាជន កាលពីឆ្នាំកន្លងផុតទៅ​នេះ។ ការចូលរួមបោះឆ្នោតនោះ ​ក្មួយៗបាន​បំពេញកាតព្វកិច្ចពីរយ៉ាង ការងារសំខាន់ ២។ ទី ១ គឺគាំទ្រនូវដំណើរការលទ្ធិប្រជាធិបតេយ្យ គឺការបោះឆ្នោតជាទៀតទាត់​ ដើម្បី​វាយឲ្យបរាជ័យនូវឧបាយកលដេកផ្ទះឈ្នះឯងរបស់ជនប្រតិកិរិយា។ទី ២ ក្មួយៗបានជ្រើសរើសទុករួចមក​ហើយ គឺរក្សាទុកនូវសន្ដិភាព និងការអភិវឌ្ឍ។ ការបោះឆ្នោត​ឲ្យគណបក្សប្រជាជន ហើយឲ្យ ហ៊ុន សែន ដើរតួ​នាទីជានាយករដ្ឋមន្ដ្រី ​មានតម្លៃស្មើការរក្សាទុកនូវសន្ដិភាព និងការអភិវឌ្ឍសម្រាប់ខ្លួនឯងតែប៉ុណ្ណោះ។

បោះឆ្នោតឲ្យគណបក្សប្រជាជនស្មើនឹងបោះឲ្យខ្លួនឯង ជីដូនជីតា ឪពុកម្តាយ សាច់ញាតិខ្លួនឯង

លើការជាក់ស្ដែង បន្ទាប់ពីការបោះឆ្នោត រាជរដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង​ ​ក្មួយៗនៅបន្ដមានសន្ដិភាពគ្រប​ដណ្ដប់ អត់​មានភ័យខ្លាច ក្មួយៗនៅបន្តមានការងារធ្វើ និងមានប្រាក់ចំណូល​ដដែល។ ហ្នឹងហើយការបោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន គឺបោះឆ្នោតឲ្យខ្លួនឯងតើ។ ម្យ៉ាងទៀត ​ក្មួយៗបោះឆ្នោតឲ្យគណបក្សប្រជាជន​ក៏មានតម្លៃ​ស្មើ​នឹងការបោះឆ្នោតឲ្យជីដូនជីតា​ ឪពុកម្ដាយរបស់ក្មួយៗ ដែលពួកគាត់បានខិតខំរួមចំណែកជាមួយពូ និងថ្នាក់​ដឹកនាំ​ដទៃទៀត ដើម្បីងើបឈរឡើង តស៊ូវាយរំលំ និងទប់ស្កាត់ការវិលត្រឡប់មកវិញនូវរបប ប៉ុល ពត ​​និងស្វែងរកនូវសន្ដិភាពសម្រាប់ប្រទេសនេះ។ ពួកគាត់លំបាកណាស់ ដូច្នេះក្មួយៗត្រូវចាំ​ ការបោះឆ្នោតប្រឆាំងគណបក្សប្រជាជន គឺ​ការបោះ​ឆ្នោតប្រឆាំងជាមួយឪពុកម្ដាយ ជីដូនជីតាខ្លួនឯងទេ ព្រោះពួកគាត់បានប្រឹង។ តាមរយៈក្មួយៗ អនុញ្ញាតឲ្យពូផ្ដាំផ្ញើសួរ​សុខទុក្ខចំពោះមាតាបិតា ជីដូនជីតា ប្រសិនបើពួកគាត់នៅរស់ និងផ្ដាំផ្ញើសួរសុខទុក្ខ អរគុណចំពោះអ្នកភូមិ ដែលរស់នៅជាមួយ ​ហើយដែលបាន​គាំទ្រគណបក្សប្រជាជនឲ្យនៅបន្តដឹកនំាប្រទេស ដែលនេះគឺជាការឆ្លើយតបសម្រាប់ខ្លួនឯង។

បាត់សន្តិភាពភ្លាម បាត់បង់វិនិយោគ​ បាត់បង់ការងារ និងប្រាក់ចំណូល

អ្វីដែល​យើងត្រូវខិតខំបន្ដនោះ ​គឺរួមគ្នារក្សានូវសន្ដិភាព ដែលយើងរកបានដោយលំបាក​។ ខិតខំទាំងអស់គ្នា។ យើងត្រូវចាំ បាត់សន្ដិភាព​ភ្លាម គឺការ​ងាររបស់ក្មួយៗក៏នឹងត្រូវបាត់ដែរ​ គ្មានអ្នកវិនិយោគណាបន្ដវិនិយោគនៅលើទឹកដីដែលមាន​សង្គ្រាមទេ​ ហើយក៏មិនអាចរោងចក្រមួយនៅក្រោមទម្ងន់គ្រាប់ផ្លោង គ្រាប់កាំភ្លើង​ឆ្លង​កាត់នោះទេ។ អញ្ចឹងទេ ​ត្រូវរួមគ្នា​ជាមួយ​រាជរដ្ឋាភិបាល​​ ជាមួយគណបក្សប្រជាជន និងជាមួយគណបក្សនយោ​បាយដទៃទៀត ​ដែលរួមដំណើរជាមួយរាជរដ្ឋា​ភិបាល​ ដើម្បីរក្សាសន្ដិភាពសម្រាប់ប្រទេសនេះ។

គិតពីសុខុមាលភាព បង្កើតគិលានដ្ឋាន កន្លែងហូបបាយ សម្រួលការលំបាកដល់កម្មការិនីមានផ្ទៃពោះ

ខ្ញុំក៏អំពាវនាវឲ្យមានទំនាក់ទំនងល្អ រវាងម្ចាស់រោងចក្រ និងកម្មករ​។ តាម ឯកឧត្តម សុខ ចិន្ដា បាននិយាយថា នៅក្នុងទូទាំងប្រទេស អាចថា រោងចក្រ យ៉ាសាគី គឺជារោងចក្រដែលមានការយកចិត្ត​ទុក​ដាក់ខ្ពស់ទៅលើបញ្ហាសុខទុក្ខរបស់កម្មករ ដែលជាផ្នែកការផ្គត់ផ្គង់ចំណីអាហារ និងការដឹកជញ្ជូន​ អាចចាត់ទុក​ថា​ជារោងចក្រគំរូទី ១ ដែលយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់កម្មករ​។ ​អញ្ចឹងយើងសូមពង្រីកពីអា ១ នេះ ឲ្យវាទៅ​ច្រើន ហើយគ្របដណ្ដប់​គ្រប់រោងចក្រ ដែលខ្ញុំសូមអំពាវនាវ​រោងចក្រទាំងអស់ រៀបចំនូវស្ថានភាព កែលំអនូវស្ថានភាពសម្រាប់សុខុមាលភាព​របស់កម្មករ។ ដូចជាមានគិលានដ្ឋានប្រចាំនៅរោងចក្រ មានកន្លែងកម្មករ/ការិនីទទួលទាននូវបាយទឹក និង​ការរៀបចំដទៃទៀត ​រាប់ទាំងស្ដ្រី​មានផ្ទៃពោះ ត្រូវបានទទួលការចេញម៉ោង។

កម្មការិនីមានផ្ទៃពោះចេញមុន ១៥ នាទី, កម្មករមានសុខភាពល្អ ធ្វើការបានល្អ ហ្វឹកហ្វឺនជំនាញវិជ្ជាជីវៈ

ក្មួយៗមានផ្ទៃពោះតើចេញមុន​ម៉ោង​ប៉ុន្មាននាទី? (១៥នាទី) ខ្ញុំសូមបញ្ជាក់អញ្ចេះ បើកាលណាគេឲ្យ ១៥ នាទី អាហ្នឹងត្រឹមត្រូវ​ ឲ្យតិចជាង ១៥ នាទី ខុស តែបើឲ្យដល់ ២០ ឬ ៣០ នាទី​ អាហ្នឹងត្រូវ។ អញ្ចឹងទេ រោងចក្រត្រូវពិនិត្យមើល ដែលខ្ញុំធ្លាប់​បាននិយាយ​ហើយថា​ ចន្លោះពីមួយខែ ទៅ ​៥ ខែ អាហ្នឹងថាឲ្យ ១៥ នាទី តែចាប់ពី ៥ ខែឡើងទៅ អាចនឹងឲ្យលើសពី ​១៥ នាទី ព្រោះអត្រានេះមិនច្រើនទេ អត្រាផ្ដល់កំណើតដូចជា ១,៥% តែប៉ុណ្ណឹងទេ នៅទូទាំងប្រទេស​។ ការ​យកចិត្តទុកដាក់លើកម្មករនេះ ក៏ផ្ដល់ឱកាស​ឲ្យកម្មករមានសុខភាពល្អ និងធ្វើការបានល្អប្រសើរ​ ជាមួយ​នឹង​ការហ្វឹកហ្វឺនបន្ថែមនូវជំនាញវិជ្ជាជីវៈ ដែលតំបន់នេះជាតំបន់ដែលអ្នកវិនិយោគត្រូវការ​នូវអ្នក​ជំនាញ​​។ ខ្ញុំធ្លាប់ទៅមើលនៅរោងចក្រ យ៉ាសាគី កាលពីឆ្នាំ ២០១៦ ខ្ញុំឃើញថា បច្ចេកវិទ្យាមិនធម្មតា​ទេ ​ប៉ុន្ដែ​ កម្មករ/ការិនីរបស់យើងអាចធ្វើបាន។

ធ្វើឲ្យរោងចក្រទៅជាសហគមន៍សុខសាន្តមួយ គ្មានបងធំបងតូច គ្មានគ្រឿងញៀន

ត្រូវខិតខំរួមគ្នាធ្វើយ៉ាងម៉េចឲ្យរោងចក្រមួយក្លាយទៅជាសហ​គមន៍ ដែលមានការសុខ​សាន្ដ​មួយ។​មិនត្រូវ​ឲ្យរោងចក្ររបស់យើងមានបងតូចបងធំកាប់ចាក់គ្នានៅទី​នោះ មិនត្រូវឲ្យរោងចក្រ​របស់យើង​ក្លាយ​ជា​ទីកន្លែងចែកចាយ និងជក់គ្រឿងញៀនទេ។ ក្មួយៗត្រូវចេះយកអាសារ​គ្នា អប់រំគ្នា និងផ្ដល់ភាពកក់​ក្ដៅ​ឲ្យ​គ្នា​ទៅវិញទៅមក។ ថៅកែយកចិត្តទុកដាក់ជាមួយកម្មករ កម្មករត្រូវខិតខំធ្វើការដើម្បីឲ្យមាន​ផលិតផល​កាន់តែខ្ពស់មានការប្រកួតប្រជែងកាន់តែខ្លាំង។ ​យើងបន្ដបា​នប្រាក់បៀវត្ស មានការងារធ្វើ​ ហើយទីតាំងរោងចក្របន្តនៅទីនេះ។ មិនត្រឹមតែមានរោងចក្រដដែលនេះទេ ថែមរោងចក្រថ្មីៗមកទៀត ទាក់ទាញវិនិយោគថ្មីៗមកថែមទៀត។

ទាក់ទាញវិនិយោគថ្មី តាមរូបមន្តមួយបូក

ម្សិលមិញ ខ្ញុំជួបនូវគណៈប្រតិភូរបស់ជប៉ុន។ ខ្ញុំស្នើគាត់។ នេះក៏ជាចំណុចជោគជ័យដែរ គេហៅថា រូបមន្តមួយបូក។ អ្វីទៅរូបមន្តមួយបូក? យើងមិនអាចស្នើជប៉ុន ឬប្រទេសដទៃឲ្យរើរោងចក្រចេញពីប្រទេសថៃ រើរោងចក្រចេញពីប្រទេសម៉ាឡេស៊ី រើរោងចក្រចេញពីប្រទេសចិន រើរោងចក្រចេញពីប្រទេសវៀតណាម មកកាន់ប្រទេសរបស់យើងទេ? ប៉ុន្តែ យើងអនុវត្តតាមរបៀបគេហៅថា រូបមន្តមួយបូក។ ទីតាំងធំរោងចក្ររបស់គេដែលគេធ្វើរាប់សិបឆ្នាំហើយនៅក្នុងប្រទេសថៃ គេបើកសាខារោងចក្ររបស់គេនៅក្នុងប្រទេសកម្ពុជា។ រូបមន្តនេះវា​សមស្រប ដែលយើងមិនទាមទារឲ្យមានការផ្ទេររោងចក្រទាំងស្រុង។ គ្នាទៅមិនរួចទេ។ នៅឯណោះគ្នាបានធ្វើហើយ បន្ទាប់ទៅគ្នាចង់ពង្រីកសាខាបន្ថែមចូលមកក្នុងប្រទេសយើង។ អញ្ចឹង នេះគេហៅ រូបមន្តមួយបូក។ មានរោងចក្រមួយនៅទីក្រុងភ្នំពេញ គឺចេញពីប្រទេសថៃចូលមកក្នុងកម្ពុជា។ ឥឡូវដល់មកក្នុងកម្ពុជាសឹងតែធំជាងនៅក្នុងប្រទេសថៃទៅវិញ បន្តិចទៀតកម្ពុជាបូកថៃទៅវិញ។ ពីមុន ថៃបូកកម្ពុជា ឥឡូវ ដល់ពង្រីកកម្ពុជាធំ បន្តិចទៀត កម្ពុជាបូកថៃ នៅពេលដែលមានការវិវឌ្ឍកាន់តៃខ្ពស់។

ប្រសិនបើមិនមានរោងចក្រ ទី ១ ចំណាកស្រុកទៅធ្វើការនៅកន្លែងផ្សេង ទី ២ ប្រកបរបរកសិកម្ម

ចំណុចអស់ទាំងនេះ សុទ្ធតែមិនមែនជាបញ្ហាចៃដន្យទេ។ សុទ្ធតែមានគោលដៅ មានការដាក់ទិសដៅ ដើម្បីទាក់ទាញការវិនិយោគ សម្រាប់ការដោះស្រាយការងារធ្វើ និងបង្កើតប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋរបស់យើង។ ដោះស្រាយការងារនៅទីនេះ តាមដឹង ពាក់កណ្តាលកម្មករនៅទីនេះ គឺអ្នកខេត្តកោះកុង ឯពាក់កណ្តាលទៀតមកពីខេត្តផ្សេង តាំងពីខេត្តកំពង់ចាមក៏មានដែរ មានខេត្តតាកែវ ខេត្តកំពង់ចាម ខេត្តកំពត ក្រុងព្រះសីហនុ ក៏មានមកដល់ទីនេះដែរ។ ក្មួយៗចោទជាបញ្ហាអញ្ចេះ អ្នកខេត្តកោះកុងដែល ៥០% សួរថា ប្រសិនបើអត់មានរោងចក្រមកដល់ទីនេះទេ តើពេលនេះក្មួយៗកំពុងធ្វើអី? … មាន(ចម្លើយ)ពីរ ដែលអាចនឹងត្រូវ ប៉ុន្តែ ចម្លើយក្មួយអម្បាញ់មិញភាគច្រើនវាយ៉ាងដូច្នោះ។ ចម្លើយទី ១ ពេលនេះ ក្មួយៗកំពុងកន្លែងផ្សេង នៅពេលក្មួយៗធ្វើចំណាកស្រុកពីខេត្តកោះកុង ទៅកាន់កន្លែងផ្សេង ដើម្បីរកការងារធ្វើ ដូចជានៅខេត្តព្រះសីហនុ ឬនៅទីក្រុងភ្នំពេញ ឬនៅខេត្តផ្សេង ឬរហូតទៅធ្វើការដល់ប្រទេសថៃ។ ប៉ុន្តែ ទី ២ ដែលក្មួយៗឆ្លើយអម្បាញ់មិញ គឺកំ​ពុងធ្វើស្រែ/ចម្ការ ដាំដុះជាមួយគ្រួសារ។ តែឥឡូវនេះ ក្មួយៗក្លាយទៅជាកម្មករ ដែលប្រាក់នោះក៏បានបំពេញបន្ថែមទៅឲ្យម្តាយឪពុក ដែលជាកសិករ។ វាចំណេញ។ នេះវាមិនមែនផ្តើមចេញពីការជេរគ្នាទេ មិនមែនផ្តើមចេញពីការដណ្តើមអំណាចគ្នាទេ វាផ្តើមចេញពីការយើងជម្រុញការអភិវឌ្ឍ។ រកសន្តិភាពឲ្យប្រទេសហើយ ជម្រុញប្រទេសឲ្យមានការអភិវឌ្ឍ។

ធ្វើឲ្យប្រាក់ចំណូលខ្ពស់ ចំណាយទៅវិញទាប កម្លាំងទិញនៃប្រាក់រៀលខ្លាំង

ខ្ញុំមិនគួរចូលលម្អិតទេ ដោយសាររឿងទាំងឡាយក្មួយៗបានដឹងអស់ហើយ។ ក្មួយៗកំពុងទទួលផលប្រ​យោជន៍ពីអ្វីដែលរាជរដ្ឋាភិបាលបានផ្តល់ឲ្យក្មួយៗហើយ។ បៀវត្សរ៍ឡើងពី ១៧០ ដល់ ១៨២ (ដុល្លារអាមេរិក) ជាមួយនឹងការខិតខំទប់ស្កាត់កុំឲ្យទំនិញវាឡើងថ្លៃ។ បើទំនិញវាឡើងថ្លៃ បៀវត្សរ៍ដែលក្មួយបានកើននោះ វាក៏អត់ន័យដែរ​។ អញ្ចឹង ខិតខំទម្លាក់ថ្លៃអគ្គិសនីចុះ ដើម្បីឲ្យរោងចក្រប្រកួតប្រជែងផង ប៉ុន្តែ ក្មួយៗដែលប្រើប្រាស់អគ្គិសនីតាមផ្ទះក៏ទទួលបានផលពីការធ្លាក់ចុះ នៃថ្លៃអគ្គិសនី។ យើងឃើញ ផលចំណេញ។ ស្ពានធ្លាប់ឆ្លងបង់លុយ អត់បានបង់លុយតទៅទៀត វាក៏ជាការចំណេញដែរ។ រាជរដ្ឋាភិបាលកំពុងតែខិតខំ ធ្វើឲ្យប្រាក់ចំណូលបានខ្ពស់ ឯចំណាយត្រឡប់ទៅវិញ(តិច) តម្លៃកម្លាំងទិញនៃប្រាក់របស់យើងគឺខ្លាំង។ មិនមែនគ្រាន់តែធ្វើមួយមុខឡើងប្រាក់ខែទេ (ឧ). អាវមួយ ១ ម៉ឺនរៀល មុនឡើងប្រាក់ខែ គឺ ១ ម៉ឺនរៀល ដល់ឡើងប្រាក់ខែឡើង ១៥ ០០០ (រៀល) អញ្ចឹង ចាំបាច់ឡើងប្រាក់ខែធ្វើអី ដដែលទៅវាមិនស្រួល? មុនឡើងប្រាក់ថ្លៃ ១ ម៉ឺន(រៀល) ដល់ឡើងប្រាក់ខែហើយនៅតែថ្លៃ ១ ម៉ឺន(រៀល) អាហ្នឹងទើបហៅថាតម្លៃពិត នៃកំណើនប្រាក់ខែ។ រាជរដ្ឋាភិបាលប្រឹងប្រែងធ្វើអារឿងហ្នឹងខ្លាំងណាស់។

រដ្ឋ និងឯកជន ជួយចេញម្នាក់ ២ សេន ដើម្បីឲ្យថ្លៃសាំងធ្លាក់ចុះ

តម្លៃសាំងនៅអឺរ៉ុបជិត ២ ដុល្លារ (សហរដ្ឋអាមេរិក)/លីត្រ រហូតមានបាតុកម្មក្រុមអាវកាក់ពណ៌លឿងនៅប្រ​ទេសបារាំង រឿងថ្លៃប្រេង។ ឯនៅកម្ពុជាយើងតែជាង ៣ ០០០ រៀលទេ។ យើងមិនបានប្រើប្រាស់នូវពន្ធ ដើម្បីទាញយកប្រាក់ចំណេញពីថ្លៃប្រេងនោះទេ។ ពិតមែនហើយបង់ពន្ធ តែសព្វថ្ងៃរដ្ឋត្រូវបំពេញ ២ សេន ឯកជនត្រូវបំពេញ ២ សេន/លីត្រ ដើម្បីឲ្យថ្លៃសាំងធ្លាក់ចុះ ព្រោះឥឡូវមានម៉ូតូសឹងតែគ្រប់ផ្ទះទៅហើយ។ កាលពីជីដូនជីតារបស់ក្មួយៗ ឪពុកម្តាយរបស់ក្មួយៗ សួរពួកគាត់ទៅវាច្បាស់ជាងពូនិយាយ។ ស្បែកជើងរកពាក់អត់បានទេ មានកង់មួយស្មើនឹងមានម៉ូតូមួយ មានម៉ូតូមួយស្មើនឹងមានឡាន Mercedes មួយ។ ឥឡូវ អត់ទេ។ ជំនាន់ពូពីដើម ក្នុងមួយភូមិផ្ទះ ២០០ ឬ ៣០០ ខ្នង មានម៉ូតូមួយហ្នឹង គេចាត់ទុកថាជាអ្នកមានធំណាស់។ វិទ្យុតែមួយគ្រឿងហ្នឹង គឺថា ទៅស្តាប់គ្នាពេញមួយភូមិ។ ក្មួយៗ មានស្មាតហ្វូនប្រើគ្រប់តែគ្នា Download អា Khmer Radio ហ្នឹង គឺថា Radio គ្រប់ មិនចាំបាច់ទៅស្ពាយ Radio ​តាមមួលអង់តែនលឺ ឬមិនលឺ។ ឥឡូវគេផ្សាយតាមអ៊ិនធឺណែត ចង់ទៅដល់ជើងមេឃ ក៏នៅតែទៅដល់ដែរ។ ទូរទស្សន៍(ក៏អញ្ចឹង) ឲ្យតែមានអ៊ិនធឺណែតនៅកន្លែងណា បើកមើលនៅកន្លែងនោះបានហើយ។ អញ្ចឹង តើយើងទុកឲ្យអ្នកដទៃមកបំផ្លាញនូវសេចក្តីសុខរបស់យើងឬយ៉ាងម៉េច?

កម្មការិនីទាំងក្នុង និងក្រៅប្រព័ន្ធ កំពុងទទួលផលពីនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល

ក្មួយៗជាកម្មការិនី នយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល ក្មួយៗបាន និងកំពុងទទួលផលហើយ​។ ក្មួយៗពេលឆ្លងទន្លេបានឈប់សម្រាក ៣ ខែ ជាមួយនឹងប្រាក់បៀវត្ស ១២០%។ មានប្រទេសតិចណាស់ ដែលហ៊ានលេងអាល្បែងហ្នឹង។ ប្រទេសខ្លះឲ្យឈប់សម្រាក តែអត់ឲ្យប្រាក់ខែ។ ប្រទេសខ្លះឲ្យឈប់សម្រាកតែឲ្យប្រាក់ខែ ៥០% ឬ ២០%។ តែស្រុកខ្មែរឲ្យឈប់សម្រាក ៣ ខែ ហើយប្រាក់ខែ ១២០% រឿងអីមិនយក? ហើយប្រឹងឲ្យមានកូនឲ្យស្រូតបន្តិចទៅ។ រាជរដ្ឋាភិបាលបានផ្តល់បន្ថែម ក្នុងកូនមួយ ៤០ ម៉ឺនរៀល ភ្លោះ ២ ៨០ ម៉ឺនរៀល ភ្លោះ ៣, ១២០ម៉ឺនរៀល បូកជាមួយនឹង ៥ លានរៀល ដែលពូត្រូវផ្គត់ផ្គង់ជាមួយនឹងកូនភ្លោះ ៣។

នយោបាយគាំពារសង្គមនឹងអនុវត្តចំពោះស្ត្រីក្រីក្រ តាំងពីចាប់មានកូនក្នុងផ្ទៃរហូតកូនមានអាយុ ២ ឆ្នាំ

បន្តទៅមុខ យើងនឹងអនុវត្តចំពោះស្ត្រីក្រីក្រ ដែលត្រូវផ្តល់ពេលវេលាតាំងពីចាប់ផ្ទៃ គឺចាប់ជួយឧបត្ថម្ភ ៤ ដង មុនពេលឆ្លងទន្លេ។ ពេលឆ្លងទន្លេត្រូវមានការឧបត្ថម្ភ។ បន្ទាប់ពីឆ្លងទន្លេហើយ ត្រូវឧបត្ថម្ភ ១០ ដងទៀត រហូតដល់កូនអាយុ ២ ឆ្នាំ ដែល(រាជ)រដ្ឋាភិបាលត្រូវចេញប្រាក់ប្រមាណជិត ២០០ ដុល្លារ/ម្នាក់ សម្រាប់ស្ត្រីក្រីក្រ​របស់យើង។ គោលដៅនេះ ជាគោលដៅអី? ជានយោបាយគាំពារសង្គមសម្រាប់ស្ត្រីរបស់យើង។ យើងត្រូវប្រឹងទាំងអស់គ្នា។

ពីអតីតកាលមានទេវិទ្យាល័យនៅតាមទល់ដែន?

អរគុណជាមួយនឹងការជួបជុំគ្នានៅថ្ងៃនេះ។ អរគុណក្មួយៗ ដែលធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ សម្រាប់ពូ។ ពូនៅមួយវគ្គទៀត តែយ៉ាងណាពូអត់ចោលក្មួយៗទេ … ពូទៅកន្លែងសម្ពោធវិទ្យាល័យ គ្រាន់តែទៅកាត់ខ្សែបូ ហើយសំណេះសំណាលបន្តិចបន្តួច ប្រគល់សាលាហ្នឹងទៅឲ្យ(លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស)។ អតីតកាលមានទេវិទ្យាល័យមួយជិតទល់ដែនតែម្តង? ពីដើមជាបឋម ឥឡូវ (វិទ្យាល័យ)ដល់ទៅប៉ុន្មានខ្នងឯណោះ។ អគារ ១ ខ្នង ៣ ជាន់ ១៨ បន្ទប់ បូកនឹងអន្តេវាសិកសម្រាប់គ្រូ/សិស្ស ២០ បន្ទប់ទៀត វា ៥០ (បន្ទប់) បូកទីចាត់ការ (និង)បណ្ណាល័យស្អីៗហ្នឹង វាទៅជាស្តង់ដាមួយដ៏ខ្ពស់។ សួរថា អតីតកាលវាមានទេ? បើយើងជា​មួយថៃគ្មានទំនាក់ទំនងល្អ តើវាមានទេ? បើគ្មានការតភ្ជាប់តើវាមានទេ? អាហ្នឹងត្រូវឃើញពីចំណុចពិសេសរបស់វានៅទីនេះ។

បើកាលណាតំណែងនាយករដ្ឋមន្រ្តីនៅទំនេរជាស្ថាពរ គណៈរដ្ឋមន្រ្តីមួយត្រូវរៀបចំឡើងវិញ

អរគុណសម្រាប់ការចូលរួម។ អរគុណសម្រាប់ការស្តាប់។ សង្ឃឹមថា យើងនៅមានពេលជួបគ្នាក្រោយទៀត។ ថ្ងៃណាមួយពូនឹងមកលេងកោះកុងឲ្យសប្បាយចិត្តម្តង … គ្រាន់តែពេលដែលពូទៅជួនកាលអត់ឲ្យដឹងមុនទេ។ ប៉ុន្តែទៅកៀកៗនឹងពេលបាយ។ ទៅដល់ពេលក្មួយៗបាយ សុំបាយមួយពេលជាមួយ។ តើក្មួយៗឲ្យឬអត់អាហ្នឹង? បើឲ្យ ឆ្លៀតចូលទៅព្រឹបតែម្តង។ មិនឲ្យអ្នកណាដឹង។ ដើរមើលនេះមើលនោះ។ ដល់ពេលក្មួយៗបាយ ពូចូលដែរ។ ពូអត់ខ្លាចអ្នកណាបំពុលទេ។​ ខ្ញុំមិនជឿ។ លើកលែងតែពួកភេរវជនដែលចង់ឲ្យពូស្លាប់ ប៉ុន្តែ ប្រជាជនកម្ពុជាស្លូតត្រង់ កម្មករ/ការិនីមិនចង់ឲ្យពូស្លាប់ទេ ព្រោះបើពូស្លាប់ មិនដឹងថាមានរឿងអីកើតឡើង … ខ្ញុំកំ​ពុងគិតគូរកែ ឬមិនកែ រដ្ឋធម្មនុញ្ញរបស់កម្ពុជា។ គេប្រើពាក្យអញ្ចេះ នៅពេលដែលតំណែងនាយករដ្ឋមន្រ្តីនៅទំនេរជាស្ថាពរ គណៈរដ្ឋមន្រ្តីមួយត្រូវរៀបចំឡើងវិញ។ មានន័យថាម៉េច? មានន័យថាបើនាយករដ្ឋមន្រ្តីស្លាប់ គឺរដ្ឋាភិបាលរលាយតែម្តង អត់មានអ្នកណាធ្វើនាយករដ្ឋមន្រ្តីស្តីទីបានទេ។ អត់មានទេ។ ហ្នឹងត្រូវឲ្យច្បាស់។ តិចរដ្ឋមន្រ្តីបន់ឲ្យនាយករដ្ឋមន្រ្តីស្លាប់ (បើបន់អញ្ចឹង)មានតម្លៃស្មើនឹងបន់ឲ្យខ្លួនឯងអស់ស័ក្តិរដ្ឋមន្រ្តីដែរ។ រដ្ឋធម្មនុញ្ញចែងច្បាស់ណាស់ចំណុចហ្នឹង។ បើកាលណាតំណែងនាយករដ្ឋមន្រ្តីនៅទំនេរជាស្ថាពរ គណៈរដ្ឋមន្រ្តីមួយត្រូវរៀបចំឡើងវិញ។ អញ្ចឹង អត់មានអ្នកណាធ្វើនាយករដ្ឋមន្រ្តីស្តីទី និយាយរួម ពេលហ្នឹងសភាត្រូវធ្វើយ៉ាង​ម៉េច អីយ៉ាងម៉េច?

អត់ពី ហ៊ុន សែន ត្រួតត្រាមិនបាន រត់ជាន់ជើងគ្នា

ឥឡូវនេះ ពូជាប្រធានបក្សផង ជានាយករដ្ឋមន្រ្តីផង។ អញ្ចឹងអ្នកណានឹងស្នើអ្នកណាជាបេក្ខភាពនាយករដ្ឋមន្រ្តីទៅជាអ្នកណា ហើយត្រូវព្រះមហាក្សត្រឡាយព្រះហស្ថ ហើយបានយកមករៀបចំបោះឆ្នោត ផ្គូផ្គងហើយសុំការទុកចិត្តពីសភា។ រឿងមិនមែនលេងសើចទេ។ ដល់អត់ពី ហ៊ុន សែន ត្រួតត្រាមិនបាន រត់ជាន់ជើងគ្នា។ គេកំណត់ទៀត បើសិនជាតំណែងនាយករដ្ឋមន្រ្តីនៅទំនេរម្តងម្កាល អាចចាត់តាំងនាយករដ្ឋមន្រ្តីស្តីទី។ អ្នកណាជាអ្នកតែងតាំងនាយករដ្ឋមន្រ្តីស្តីទី? គឺមុនពេលដែលពូចេញទៅក្រៅប្រទេស ពូតែងតាំងឧបនាយករដ្ឋមន្រ្តីណាមួយ ឲ្យធ្វើជានាយករដ្ឋមន្រ្តីស្តីទី។ ប៉ុន្តែ បើពូស្លាប់ អត់មានអ្នកណាតែងតាំងនាយករដ្ឋមន្រ្តីស្តីទីកើតទេ។ អញ្ចឹងរដ្ឋាភិបាលរលាយបណ្តោយ។ អញ្ចឹងកុំបន់ឲ្យហ៊ុន សែន ងាប់អី។ ប៉ុន្តែ បើបន់ក៏វាមិនងាយងាប់ដែរ ព្រោះគ្មានអ្នកណាលើស ប៉ុល ពត ទេ ដែលជេរ ហ៊ុន សែន ខ្លាំងជាងគេ គឺក្រុម ប៉ុល ពត តែម្តង។ ប៉ុន្តែ ទីចុងបំផុត ប៉ុល ពត ងាប់រកដីកប់មិនបានផង ព្រោះ ប៉ុល ពត ដឹងថា អំណាចអ្នកទីក្រុងភ្នំពេញ អំណាច ហ៊ុន សែន គឺអំណាចខ្លាំងជាងគេ។ ប៉ុល ពត ដឹងតើ អញ្ចឹងបាន ប៉ុល ពត ប្រមូលផ្តុំវាយតែពូហ្នឹង។ ក្នុងហ្នឹងមានមេ ប៉ុល ពត មួយដែរ។ ប៉ុន្តែ បានវាហ្នឹងហើយជាមួយអ្នកដទៃទៀត ដែលងើបឡើងតស៊ូបះបោរហើយនាំឲ្យជោគជ័យនយោបាយឈ្នះៗ ហើយតំបន់នេះគឺ កែវ ពង្ស។

ឯកភាពទឹកដី ស្រាវជ្រាវបានរបាំសួយជាច្រើន

ពីដើមខ្មែរមួយបែងចែកពីតំបន់គ្រប់គ្រងដាច់ដោយឡែកពីគ្នា។ ឥឡូវយើងឯកភាពទឹកដី ដូចស្ករផែនអញ្ចឹង។ ពីដើម អារបាំសួយ បើសិនជាយើងកុំឯកភាពទឹកដីទាន់ពេល របាំសួយដាច់ពូជ។ ប៉ុន្តែ ដោយសារតែយើងឯកភាពទឹកដីទាន់ពេល យើងស្រាវជ្រាវបានរបាំសួយមិនតិចទេ យកទៅសម្តែងនៅតាមសិល្បៈដែលយើងស្រាវ​ជ្រាវនៅក្នុងតំបន់ហ្នឹងតែម្តង ព្រោះតំបន់សួយ បារាំងចូលមកក៏គ្រប់គ្រងសួយមិនបាន ជប៉ុនចូលមកក៏គ្រប់​គ្រងសួយមិនបាន អ្នកណាចូលមកក៏គ្រប់គ្រងសួយមិនបានដែរ។ អត់ទេពិបាកគ្រប់គ្រងណាស់ កុំលេង ព្រោះប្រទេសវាមានក្រុមប្រដាប់អាវុធផ្សេងៗគ្នាតាមព្រៃ តែឥឡូវអត់ទេ …។

អំណោយសម្រាប់អ្នកចូលរួម

ថ្ងៃនេះ ពូបាននាំមកសម្រាប់កម្មករ ១៣ ៦៦៦ នាក់ មកពី ៧ រោងចក្រ/សហគ្រាស។ គ្រាន់តែរបស់កំដរដៃទេ ប្រៀបធៀបនឹងលុយរបស់ក្មួយ ក្មួយមានលុយច្រើន។ តែពូផ្តល់ឲ្យក្មួយៗបានត្រឹមតែម្នាក់ ២ ម៉ឺនរៀលកំដរដៃទេ។ សម្រាប់ស្រ្តីមានផ្ទៃពោះ ពូនឹងផ្តល់ជូនម្នាក់មួយស្រោមសំបុត្រ ប៉ុន្តែ អ្នកដែលមានកូនភ្លោះត្រូវប្រាប់ពូ ដើម្បីពូផ្តល់ជូន ២ ស្រោមសំបុត្រ តែពូមិនប្រកាសថាប៉ុន្មានទេ ចាំយកទៅបើកមើលខ្លួនឯង។ ជូនគ្រូពេទ្យប្រ​ចាំការប្រចាំអង្គពិធីនេះចំនួន ៥ លាន និងជូនក្រុមតន្រ្តីសម័យ ៥ លានដែរ ប៉ុន្តែដោយសារក្រុមតន្រ្តីសម័យគ្នាធ្វើដំណើរមកឆ្ងាយណាស់ … ត្រូវសាំងឡាន អញ្ចឹងបន្ថែមជូនឡើង ១០ លាន ទៅ ដើម្បីចាក់សាំងឡាន។ នា​យករដ្ឋមន្រ្តីគិតដល់ប៉ុណ្ណឹងហើយ ដល់ណាទៀត? ថ្ងៃហ្នឹងច្រៀងបទអីខ្លះ? (សម្តេចនិយាយរឿងបទសម្រាប់ច្រៀងថ្ងៃនេះ) ទទាយំឆ្លង ត្រយ៉ងបងអើយ អត់ឆ្លើយ អាហ្នឹងបទទី ១ ដល់ទទាយំឆ្លងត្រយ៉ងបងអើយរត់ហើយ បទទី ២។ ហ្នឹងជាចម្រៀង កុំអ្នកណារើសដាក់ខ្លួនឲ្យសោះ ព្រោះអាហ្នឹងជាចម្រៀងបែបកំប្លែងរបស់ ហ៊ុន សែន និពន្ធ ហើយអាទី ២, ២០ នាទីគត់ សរសេរផង បង្ហោះ Facebook ផង។ ចុះបើអាហ្នឹងបទទទារយំឆ្លងតាំងពីណាពីណីហើយ យើងស្គាល់ភ្លេងវាហើយ។ អញ្ចឹងស្រួលហើយ បាយរួចដេក note ហើយ ផុសចូលក្នុង Facebook បង្ហោះទៅបាត់។ ដេកលក់ ស្រាប់តែភ្ញាក់ឡើង មានគេអ្នកយកទៅធ្វើចម្រៀងច្រៀងទៅហើយ។ យើងមាន Facebook នឹងដៃ … គេចាប់យកអាហ្នឹងទៅច្រៀងលេងតាម(រោង)ការ បុណ្យស្អី ៗហើយកុំអ្នកដទៃរើសដាក់ខ្លួន អានេះចម្រៀងបែបកំប្លែងរបស់ ហ៊ុន សែន ។

ចុងបញ្ចប់ហើយ ម៉ោង ៩ ជិតកន្លះហើយ ប៉ុណ្ណឹងល្មមហើយ សូមជូនពរចំពោះអ្នកចូលរួមទាំងអស់ ពិសេសក្មួយៗកម្មករ/ការិនី ដែលបានចូលរួមនៅក្នុងឱកាសនេះ សូមប្រកបតែនឹងសេចក្តីសុខ សេចក្តីចម្រើន នៅក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ សូមនាំមកសិរីសួស្តី ជ័យមង្គល និងពុទ្ធពរ និងពរទាំង ៥ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ