សម្រង់​ប្រសាសន៍​​​​សម្ដេច​​តេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសបិទសន្និបាតសុខាភិបាលលើកទី ៤០

36

CNV:

ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយដោយបានចូលរួមក្នុងពិធីបិទ សន្និបាតសុខាភិបាលលើកទី ៤០ ដែលបានដំណើរការ ២ ថ្ងៃកន្លងមក នេះ ដើម្បីពិនិត្យវាយតម្លៃអំពីវឌ្ឍនភាព និងសមិទ្ធផលក្នុងការអនុវត្តផែនការសកម្មភាពវិស័យសុខាភិបាលឆ្នាំ ២០១៨ និងបញ្ហាប្រឈម ដែលបានជួបកន្លងមក ដើម្បីកំណត់សកម្មភាព និងទិសដៅការងារសំខាន់ៗសម្រាប់អនុវត្តនៅក្នុងឆ្នាំ ២០១៩ នេះ និងបណ្តាឆ្នាំខាងមុខទៀត។

ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមសំដែងនូវការកោតសរសើរ ចំពោះមន្ត្រីរាជការ-បុគ្គលិកសុខាភិបាលទូទាំងប្រទេសដែលបានខិតខំពុះពារឧបសគ្គ និងការលំបាក ដើម្បីអនុវត្តគោលនយោបាយ និងកម្មវិធីនានារបស់រាជរដ្ឋាភិបាល ហើយសម្រេចបានសមិទ្ធផលជាច្រើន គួរជាទីមោទនៈ ពិសេសលទ្ធផលនៃការផ្តល់សេវាអប់រំសុខភាព ការពិនិត្យព្យាបាល និងការពង្រីកយន្តការគាំពារសុខភាពសង្គម ជូនប្រជាពលរដ្ឋបានល្អប្រសើរ​។

ទន្ទឹមនេះ ខ្ញុំសូមថ្លែងអំណរគុណចំពោះការជួយឧបត្ថម្ភគាំទ្រ ទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុពីសំណាក់ដៃគូអភិវឌ្ឍសុខាភិបាល ដោយរាប់បញ្ចូលទាំងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិ និងចំពោះវិស័យពាក់ព័ន្ធនានា រួមមានរដ្ឋបាលរាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់ សមាគមវិជ្ជាជីវៈសុខាភិបាល និងវិស័យឯកជនដែលបានចូលរួមសហការ និងគាំទ្រយ៉ាងសកម្មដើម្បីអនុវត្តសកម្មភាពសំខាន់ៗនៅក្នុងវិស័យសុខាភិបាល។

ដូចការលើកឡើងដោយឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋម្រន្តីក្រសួងសុខាភិបាលអម្បាញ់មិញនេះលទ្ធផលនៃការផ្តល់សេវាថែទាំ សុខភាពជូនប្រជាពលរដ្ឋ និងការពង្រឹងប្រព័ន្ធសុខាភិបាលកំពុងបន្តមានវឌ្ឍនភាពផង និងកំពុងជួបបញ្ហាប្រឈមផង។ ជារួម វិស័យសុខាភិបាលកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ តាមរយៈការលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការថែទាំសុខុមាលភាពប្រជាពលរដ្ឋ រួមមាន សុខភាពមាតា ទារក និងកុមារ។ ចំពោះការគ្រប់គ្រងជំងឺឆ្លងរាតត្បាត យើងនៅជួបបញ្ហាប្រឈមដែលពុំឤចដោះស្រាយបានទាន់ពេលវេលា ម៉្យាងទៀតគុណភាពនៃការផ្តល់សេវាថែទាំ និងព្យាបាលនៅមានកម្រិត ចំនួនគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលនៅតាមប្រភេទជំនាញនៅពុំទាន់គ្រប់គ្រាន់តាមនិយាមនៅឡើយ ប្រព័ន្ធធានារ៉ាប់រងសុខភាពសង្គមនៅមានកម្រិត ប្រជាជនភាគច្រើនពុំទាន់មានការយល់ដឹងអំពីហានិភ័យនៃជំងឺឆ្លង ឬមិនឆ្លង ជាពិសេសគ្រោះថ្នាក់នៃការប្រើប្រាស់ឱសថ ថ្នាំជក់ គ្រឿងញៀន និងគ្រឿងស្រវឹង។ ទន្ទឹមនេះ មរណភាពមាតា ទារក កុមារ និងកង្វះឤហារូបត្ថម្ភរបស់ស្ត្រី និងកុមារតូច ក្នុងចំណោមគ្រួសារក្រីក្រ នៅតាមតំបន់ជនបទដាច់ស្រយាលនៅតែជាបញ្ហាប្រឈមសម្រាប់សង្គមជាតិយើង។

ការលើកកម្ពស់សេវាសុខភាពសាធារណៈ និងឤហារូបត្ថម្ភ គឺជាកិច្ចការឤទិភាពមួយ ដែលរាជរដ្ឋាភិបាលតែងតែផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុត ទាំងក្នុងនីតិកាលកន្លងមក ក៏ដូចជានីតិកាលទី ៦ នេះ។ ដូច្នេះ ដើម្បីឱ្យប្រព័ន្ធសុខាភិបាលកម្ពុជាក្លាយជាប្រព័ន្ធសុខាភិបាលដែលមានប្រជាប្រិយភាព និងមានការជឿទុកចិត្តពីប្រជាពលរដ្ឋ តាមរយៈការព្យាបាលប្រកបដោយគុណភាពប្រសិទ្ធភាព និងគុណធម៌កាត់បន្ថយការប្រើប្រាស់សេវាសុខាភិបាលនៅក្រៅប្រទេស ដែលធ្វើឱ្យខាតបង់ពេលវេលា និងថវិកាច្រើន ខ្ញុំសូមឱ្យក្រសួងសុខាភិបាល ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងឤជ្មាធរដែនដីគ្រប់លំដាប់ថ្នាក់រួមគ្នាសហការអនុវត្តភារកិច្ចសំខាន់ៗដូចខាងក្រោម៖

ទី ១ ត្រូវរួមគ្នាលើកកម្ពស់គុណភាព សុវត្ថិភាព និងប្រសិទ្ធភាពនៃសេវាសុខាភិបាល ជាពិសេសសេវាសុខភាពបឋម សេវាសង្គ្រោះបន្ទាន់ និងការបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល និងបច្ចេកវិទ្យាវេជ្ជសាស្ត្រ។ ទន្ទឹមនេះ ត្រូវលើកកម្ពស់ សមត្ថភាពនិយ័តកម្ម ទាំងនៅមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន ត្រូវមានការទទួលខុសត្រូវចំពោះការផ្តល់សេវាសុខាភិបាល ការស្រាវជ្រាវវិស័យសុខាភិបាល រួមមានជំងឺឆ្លង ជំងឺមិនឆ្លង ពង្រឹងប្រព័ន្ធអង្កេតតាមដានដើម្បីឆ្លើយតបនឹងជំងឺ និងគ្រោះឤសន្ន ផ្នែកសុខភាពសាធារណៈស្របតាមលក្ខខណ្ឌតម្រូវនៃបទដ្ឋាននិយ័តកម្ម សុខភាពអន្តរជាតិ។

ទី ២ ត្រូវរួមគ្នារៀបចំ និងអនុវត្តឱ្យមានប្រសិទ្ធភាពនូវ យុទ្ធសាស្ត្រអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសុខាភិបាល សំដៅពង្រឹងបន្ថែមនូវសមត្ថភាពជំនាញ តាមរយៈការបណ្តុះបណ្តាលមុនពេលបម្រើការងារ និងពេលបម្រើការងារ ជាពិសេសត្រូវរួមគ្នាអភិវឌ្ឍប្រព័ន្ធទិន្នន័យគ្រប់គ្រងធនធានមនុស្សសុខាភិបាល ការពង្រាយបុគ្គលិកសុខាភិបាលដែលមានសមត្ថភាពជំនាញច្បាស់លាស់ ពង្រឹងយន្តការលើកទឹកចិត្តជូនដល់បុគ្គលិកសុខាភិបាល ជាពិសេសនៅតាមទីជនបទដាច់ស្រយាល។

[ចាប់ផ្តើមសេចក្តីអធិប្បាយ]

រកវិធីពង្រាយគ្រូពេទ្យ កុំឲ្យប្រមូលផ្តុំតែនៅកន្លែងដែលងាយស្រួល

ចំណុចទី ២ នៅតែជាចំណុចដែលខ្ញុំសូមបន្តអំពាវនាវឲ្យមានការពង្រាយបន្ថែមទៀតនូវគ្រូពេទ្យរបស់យើង។  ប្រ​​​ហែលជាមន្រ្តីសុខាភិបាលរបស់យើងបានដឹងហើយថា ប្រមាណជាង ២០ ឆ្នាំមុននេះបន្តិច ខ្ទង់ឆ្នាំ ១៩៩៦-១៩៩៧ តួលេខអង្កេតផ្ទាល់របស់ក្រុមការងាររបស់ខ្ញុំមួយ បានបង្ហាញអត្រាថា គ្រូពេទ្យ ៧០ ភាគរយ បម្រើប្រ​​ជាជននៅទីក្រុងទីប្រជុំជន ៣០ ភាគរយ ឯគ្រូពេទ្យ ៣០ ភាគរយបម្រើប្រជាជន នៅតាមទីជនបទ ៧០ ភាគរយទៅវិញ។ ចំណុចនោះហើយដែលយើងរកវិធីដើម្បីពង្រាយគ្រូពេទ្យ កុំឲ្យប្រមូលផ្តុំតែនៅកន្លែងដែលងាយស្រួល ឯកន្លែងដែលមានការលំបាកក៏ត្រូវបានទទួលនូវការខ្វះខាត ដើម្បីពង្រាយគ្រូពេទ្យរបស់យើងទៅតាមប្រជាជនត្រូវការទីកន្លែងនោះ។

ភូមិសាស្រ្តសុខាភិបាល មិនខុសគ្នាជាមួយនឹងភូមិសាស្រ្តវិស័យអប់រំទេ

នៅពេលដែលយើងបានចុះវាស់វែងដីធ្លីសម្រាប់ប្រជាជននៅឆ្នាំ ២០១២ យើងបានមើលឃើញអំពីបញ្ហាប្រ​ឈមនានា ដែលប្រជាពលរដ្ឋទៅតាំងទីលំនៅថ្មីនៅក្នុងដីធ្លី (លើដីធ្លី)យើងបានផ្តល់ឲ្យពួកគាត់ (កំពុងជួបប្រទះ)។ ក្នុងចំណោមបញ្ហាទាំង ៤ ដែលត្រូវដោះស្រាយជូននោះ មានមួយពាក់ព័ន្ធនឹងសុខាភិបាល។ ៤ នោះរួមមានបញ្ហាផ្លូវថ្នល់តភ្ជាប់ចូលទៅភូមិរបស់គាត់ … បញ្ហាទឹក អប់រំ និងសុខាភិបាលនេះតែម្តង។ យើងពិតជាមិនអាចពង្រាយទៅតាមភូមិនីមួយៗអស់ទេ ក៏ប៉ុន្តែត្រូវពិនិត្យឡើងវិញនូវភូមិសាស្រ្តសុខាភិបាល ដែលវាមិនខុសគ្នាជាមួយនឹងភូមិសាស្រ្តវិស័យអប់រំទេ។ កន្លងទៅយើងបាននិយាយពីភូមិសាស្រ្តវិស័យអប់រំថាកន្លែងណាត្រូវដាក់ជាបឋមសិក្សា កន្លែងណាត្រូវដាក់ជាអនុវិទ្យាល័យ កន្លែងណាត្រូវដាក់ជាវិទ្យាល័យ។ ករណីដូចគ្នានេះត្រូវពិនិត្យមើលអំពីការរៀបចំជាបណ្តាញសុខាភិបាលរបស់យើង ដែលអាចគ្របដណ្តប់សម្រាប់ការជួយប្រជាជន​។

ការទ្រទ្រង់គ្នាទៅវិញទៅមករវាងប្រទេសភូមិផងអំពីសេវាសុខាភិបាល

ក្នុងចំណុចនេះ ក៏យើងមិនភ្លេចជាមួយនឹងប្រជាពលរដ្ឋរបស់យើង ដែលនៅតាមព្រំដែនជាមួយនឹងប្រទេសជិតខាង ករណីខ្លះជាករណីដែលមិនអាចចៀសរួច ដែលប្រជាពលរដ្ឋរបស់យើងបកថយក្រោយ ដើម្បីមករកគ្រូពេទ្យនៅខាង(ក្នុងផ្ទៃប្រទេស ព្រោះ)ជួបការលំបាកខ្លាំង ដោយត្រូវធ្វើដំណើរឆ្ងាយ បើប្រៀបធៀបព្រោះគាត់រស់នៅជាប់ជាមួយនឹងខ្សែព្រំដែនប្រទេសជិតខាងតែម្តង។ អញ្ចឹងបើគាត់ឆ្លងទៅម្ខាងទៀត គាត់នឹងទទួលបានសេវាព្យាបាលយ៉ាងឆាប់។ ដូច្នេះហើយបានជាក្នុងការជួបចរចាជាមួយនឹងសារធារណរដ្ឋសង្គមនិយមវៀតណាម ជួបជាមួយនឹងព្រះរាជាណាចក្រថៃ និងការជួបការចរចាជាមួយនឹងសារធារណរដ្ឋប្រជាមានិតឡាវ ខ្ញុំមិនដែលភ្លេចការលើកឡើងអំពីការទ្រទ្រង់គ្នាទៅវិញទៅមក។ បើខាងនោះ ពេទ្យនៅឆ្ងាយជាង ឲ្យខាងនោះឆ្លងមកខាងនេះ។ បើខាងនេះពេទ្យនៅឆ្ងាយជាង អោយខាងនេះឆ្លងទៅខាងនោះ។ នេះក៏ជាទំនាក់ទំនងក្នុងក្របខណ្ឌដែលអាស៊ានកំពុងតែវិវឌ្ឍឈានទៅដំណាក់កាលថ្មីមួយ … មិនមែនយើងសំដៅទៅលើការដែលយើងចង់ឲ្យប្រជាជនទៅព្យាបាលនៅខាងក្រៅទេ ក៏ប៉ុន្តែត្រូវគិតថា ប្រជាពលរដ្ឋត្រូវទទួលសេវានៅកន្លែងណាល្អ គប្បីផ្តល់ភាពងាយស្រួលរាប់ទាំងការឆ្លងកាត់ព្រំដែនទៅមករកគ្នាផងដែរ។

ផ្តល់លទ្ធភាពដូចគ្នាជូនគ្រូពេទ្យ និងគ្រូបង្រៀនទៅធ្វើការនៅជនបទ

ប៉ុន្តែ អ្វីដែលខ្ញុំចង់និយាយនៅទីនេះ គឺនៅតែបន្តអំពាវនាវកុំឲ្យគ្រូពេទ្យនៅកកកុញផ្តុំមួយកន្លែង ហើយបម្រើប្រជាពលរដ្ឋក្នុងចំនួនតិចនៅពេលដែលទីកន្លែងដទៃទៀតត្រូវពង្រាយទៅខ្វះចំនួនគ្រូពេទ្យ។ ដូច្នេះគោលនយោបាយលើកទឹកចិត្តចំពោះគ្រូពេទ្យ ដែលត្រូវបានទទួលការដែលត្រូវបានពង្រាយទៅជនបទ ក៏ត្រូវយកចិត្តទុកដាក់ពិនិត្យអំពីបញ្ហាការផ្តល់លទ្ធភាពដូចជាគ្រូបង្រៀនជាដើម គ្រូបង្រៀនទាំងនោះ អ្នកដែលទៅកាន់តែឆ្ងាយគឺទទួលបានប្រាក់បៀវត្សកាន់តែខ្ពស់ គឺតម្លៃនៃការជួលផ្ទះសម្រាប់ការស្នាក់នៅរបស់ពួកគាត់ដែលនៅមានតាមតំបន់មាន ៨ ម៉ឺន មាន ១០ ម៉ឺន មាន ១២ ម៉ឺន សម្រាប់ឆ្លើយតបទៅនឹងតម្រូវការទាំងនោះ។

រើសគ្រូពេទ្យ ដោយឲ្យអាទិភាពអ្នកដែលរៀនពេទ្យមកពីខេត្ត ដែលស្ម័គ្រចិត្តទៅធ្វើការខេត្តនោះវិញ

ការជ្រើសរើសគ្រូពេទ្យទៀតសោត បើសិនជាគ្រូពេទ្យហើយ កុំធ្វើដូចជាទសវត្សរ៍ទី ៨០ … ពេលនោះនៅចាំបានទេ?  នៅពេលដែលយើងចាប់ផ្តើមយកគ្រូពេទ្យថា ឲ្យនិស្សិតមកពីបណ្តាខេត្តតំបន់ជនជាតិយកមក ពេលនោះសុទ្ធតែចុះហត្ថលេខាថា ប្រសិនបើរៀនចប់ពេទ្យហើយត្រូវបម្រើរដ្ឋ។ ឥឡូវនេះយើងអត់ធ្វើអញ្ចឹងទេ … មិនមែនអ្នករតនគិរី មណ្ឌលគិរី ស្ទឹងត្រែង កោះកុង ព្រះវិហារមករៀន (តែជា)កូនអ្នកភ្នំពេញ។ ដាក់ឈ្មោះថាជាកូនអ្នកមណ្ឌលគិរី រតនគិរីទៅវិញ។ ដល់ទៅរៀនហើយស្រេចតែវាមិនទៅ … ឥឡូវដូចគ្នាដែរ អ្នកចង់ធ្វើគ្រូពេទ្យ ច្រើនគ្នាណាស់។ បើយើងត្រូវរើស កុំសំដៅមន្ទីរពេទ្យនៅក្នុងទីក្រុងភ្នំពេញ លើកលែងតែឯកទេសសំខាន់ ដែលយើងខ្វះ។ បើសិនជាយើងត្រូវរើសគ្រូពេទ្យ ដើម្បីត្រូវបំពេញឲ្យខេត្តណាមួយត្រូវតែឲ្យអាទិភាពទៅលើអ្នកដែលមានវិជ្ជាពេទ្យ ប៉ុន្តែគេនៅខេត្តនោះ ហើយស្ម័គ្រចិត្តទៅខេត្តនោះ ចាំយើងទទួល។ ធ្វើបែបនេះ ទើបយើងអាចបំពេញនូវតម្រូវការនៅតាមខេត្តដែលខ្វះគ្រូពេទ្យបាន។

ឧបករណ៍ទំនើប និងសម្ភារៈទំនើប មិនអាចអត់ធនធានមនុស្សបានទេ

ឧបករណ៍ វាទំនើបហើយ សម្ភារៈវាទំនើបហើយ ប៉ុន្តែបើសិនជាអត់គ្រូពេទ្យទំនើបវាតែប៉ុណ្ណឹង។ ឥឡូវបច្ចេកវិទ្យាវិទ្យាសាស្រ្តវាទំនើបទូលំទូលាយ ប៉ុន្តែបើធនធានមនុស្សរបស់យើងអត់ចេះប្រើ វានៅតែដដែល។ អាម៉ាស៊ីនហ្នឹង ទាល់តែមនុស្សបញ្ជា។ វាអត់បញ្ជាខ្លួនវាទេ។ វាទាល់តែមនុស្សទៅចុចបញ្ជាវា រួចហើយបានចាប់ផ្តើមវាបញ្ជាត្រឡប់មកវិញ។ ចុះបើយើងអត់ចេះ … ទៅបើកវាម៉េច? អញ្ចឹងបានជាបញ្ហាធនធានមនុស្សនៅជាបញ្ហាគន្លឹះសំខាន់ សម្រាប់ដោះស្រាយលើគ្រប់បញ្ហារាប់ទាំងបញ្ហាក្នុងចំណោមវេជ្ជសាស្រ្តរបស់យើងផង។

[បញ្ចប់សេចក្តីអធិប្បាយ]

ទី ៣ ត្រូវរួមគ្នាអនុវត្តវិធានការទប់ស្កាត់ និងបង្ការជំងឺ ដោយបង្កើនកិច្ចសហការជាមួយសហគមន៍ និងភាគីពាក់ព័ន្ធ ដើម្បីអប់រំ និងផ្សព្វផ្សាយអំពីអនាម័យ សុវត្ថិភាពចំណីឤហារ ការថែទាំសុខភាពនិងផលប៉ះពាល់ដែលបណ្តាលមកពីការប្រើប្រាស់គ្រឿងស្រវឹង គ្រឿងញៀនថ្នាំជក់ និងផលប៉ះពាល់ដោយសារការប្រែប្រួល ឤកាសធាតុ។

[ចាប់ផ្តើមសេចក្តីអធិប្បាយ]

ករណី Rock ត្រូវតែរកអោយឃើញមេក្លោង

ខ្ញុំគួរតែនិយាយបញ្ជាក់បន្ថែមថ្ងៃនេះ។ ព្រឹកម្សិល ខ្ញុំបាននិយាយទាក់ទងអំពីបញ្ហាឧក្រិដ្ឋកម្មនៅរង្គសាល Rock បន្ទាប់ទៅមានសកម្មភាពមួយចំនួនកើតឡើង។ ប៉ុន្តែ ខ្ញុំសូមបញ្ជាក់ ខ្ញុំមិនមែនបញ្ជូនសារ ដើម្បីនឹងជះឥទ្ធិពលទៅលើការស្រាវជ្រាវរបស់តុលាការ ឬផ្នែកសមត្ថកិច្ចទេ ក៏ប៉ុន្តែ ករណី Rock គឺជាករណីមិនត្រូវលើកលែង។ ករណី  Rock ទោះបីជាជីកជម្រៅយ៉ាងណាចុះទៅក្រោមដី ដើម្បីរកមេក្លោង ក៏ត្រូវជីករកអោយឃើញ ព្រោះការបំផ្លិចបំផ្លាញដែលចេញពីកន្លែងនេះ គឺវាធំធេង។ តាមខ្ញុំដឹងនៅសល់មួយកន្លែងទៀត។ តែឥឡូវវាសម្ងំ។ ពេលនោះ បើបើកប្រតិបត្តិការម្តងពីរកន្លែង គឺអាចចប់។ អញ្ចឹង ឯកឧត្តម កែ គឹមយ៉ាន នៅទីនេះស្រាប់ ដែលក្នុងប៉ុន្មានថ្ងៃនេះ គឺថា មានការចាប់រួចហើយមិនដឹងថាទៅណា? អញ្ចឹង ត្រូវតែអោយ ហ៊ុន សែន លូកដៃហើយ។ ខ្ញុំត្រូវលូកដៃចូលនៅក្នុងសំណុំរឿងមួយនេះ។ មិនអាចអោយរួចផុតទេ …។

អភិក្រម ៥ យ៉ាង អនុវត្តទាំងក្នុងវិស័យរដ្ឋ និងឯកជន 

គ្រឿងញៀនបានបំផ្លាញនូវអនាគតរបស់យុវជនយើងមិនតិចទេ ហើយនៅ Rock តើបានបំផ្លាញប៉ុន្មានរួចទៅហើយ? អញ្ចឹងទេ មិនអាចផ្តន្ទាទោសត្រឹមតែមេការតូចតាច មេបន្ទប់ និងអ្នកជក់នោះទេ ចាប់មេវាអាធំ។ រឿងនេះ ត្រូវតែធ្វើអោយហ្មត់ចត់ ធ្វើអោយដាច់ខាត ដោយគ្មានការលើកលែង។ ខ្ញុំបានបញ្ជាក់ហើយ អភិក្រម ៥ យ៉ាង ឆ្លុះកញ្ចក់ មុជទឹក ដុសក្អែល ព្យាបាល និងវះកាត់ មិនមែនធ្វើតែក្នុងវិស័យរដ្ឋទេ វិស័យឯកជនក៏ត្រូវធ្វើដែរ សង្គមទាំងមូលត្រូវធ្វើអំពីបញ្ហានេះ។ គ្មានការលើកលែងណាមួយអាចធ្វើទៅរួចទេ។ បើជាប់ដល់មន្ត្រីថ្នាក់ប៉ុនណា ក៏ត្រូវតែធ្វើដែរ។

ខ្ញុំធ្លាប់និយាយហើយថា អ្នកឯងកុំសង្ឃឹមថាពាក់ផ្កាយខ្ញុំដកមិនបាន អ្នកឯងពាក់លោកខែក៏ខ្ញុំដក/ចាប់បានដែរ អោយតែតុលាការស៊ើបអង្កេតអោយបានគ្រប់គ្រាន់។ ទោះបីជើងកាងចេញមកមួយកងពលក៏ខ្ញុំវាយកម្ទេចចោលទាំងអស់ (ស្នូរទះដៃអបអរសាទរ)។ ខ្ញុំមិននិយាយសំដៅពួកអ្នកណាអីប្រុងមកចាប់ខ្ញុំទេ។ ធុនអស់ហ្នឹងមកចាប់ ហ៊ុន សែន? ខ្ញុំហ៊ាននិយាយថា កងទ័ពមួយកងពល ឬពីរកងពល ខ្ញុំវាយគ្រវាត់ចោលទាំងអស់ … យើងត្រូវចាប់ផ្តើមសកម្មភាពពី Rock នេះមួយ ដើម្បីបង្ហាញថា មិនមែនគ្រាន់តែចាប់អ្នកតូចតាចទេ មេក្លោង​ធំប៉ុនណាក៏ដោយ ទោះបីក្នុងវិស័យឯកជន និងក្នុង(វិស័យ)រដ្ឋ អ្នកឯងមានលុយប៉ុនណាក៏ដោយ អ្នកឯងស័ក្តិ ធំប៉ុនណាក៏ដោយ វាយទាំងអស់។

មិនថាធំ/តូច អោយតែបំផ្លាញដល់សង្គម ត្រូវតែវាយកម្ទេច

ខ្ញុំបង្ហោះតាមហ្វេសប៊ុក នៅពេលដែលខ្ញុំដកឧត្តមសេនីយ៍មួយនៅខេត្តរតនគិរី ខ្ញុំថា ខ្ញុំសម្រេចចិត្តដោយការឈឺចាប់ដោយការអនុវត្តអភិក្រមទី ៥ គឺវះកាត់។ បន្ទាប់ទៅដកដោយមិនអោយដឹងខ្លួនជាមុននូវអភិបាលរងខេត្ត ២ រូប។ ត្រូវតែយកគ្រួស និងខ្សាច់ចេញពីស្បែកជើង ទើបដើរទៅមុខទៀតបាន។ ខ្ញុំបានបន្ថែមថា ពេលនេះ ខ្លាក៏វាយ ពស់ក៏វាយ កន្លាតក៏វាយ រុយក៏វាយ អោយតែបំផ្លាញដល់សង្គម វាយទាំងអស់ហ្នឹង។ អញ្ចឹង​ទេ អត់មានថាវាយ(តែ)អាតូច អត់មានវាយអាធំទេ។ ដំរីក៏វាយ ខ្លាក៏វាយ ក្រពើក៏វាយ អារុយក៏វាយ អាសង្កើចក៏វាយ​។ អាហ្នឹងទាល់តែលេងទាំងអស់ បើមិនអញ្ចឹងមិនរាងចាលទេ។

តួលេខអ្នកទទួលបានការពិនិត្យព្យាបាលគ្រឿងញៀន មិនមែនជាតួលេខត្រូវអរ

ស្តាប់អម្បាញ់មិញចំនួនតួលេខ ដែលទទួលបានការពិនិត្យព្យាបាលពីបញ្ហាគ្រឿងញៀន មិនមែនជាតួលេខ ដែលត្រូវអរទេ ព្រោះតួលេខនោះ នៅឆ្នាំ ២០១៧ ដូចមានតែជាង ៤ ០០០ ទេណា? ដល់ ២០១៨ ឡើង ៨ ០០០ មែនទេ? អម្បាញ់មិញខ្ញុំស្តាប់ អត់មានតួលេខហ្នឹងទេ ប្រហែលរបាយការណ៍ដាក់នៅទីនេះ ប៉ុន្តែ ខ្ញុំស្តាប់(លឺ)។ ជាធម្មតាខ្ញុំតែងយកចិត្តទុកដាក់ស្តាប់ទៅលើអាហ្នឹង។ បើជាឆ្នាំ ២០១៧ វាមាន ៤ ០០០ ដល់(ឆ្នាំ) ២០១៨ វានៅសល់តែ ២ ០០០ អាហ្នឹងទើបបានវាធ្លាក់ តែអានេះវាកើនឡើងទៅវិញ។ អញ្ចឹង កើនមួយជាពីរ។ ការចាប់បានក្នុងមួយឆ្នាំៗ ដែលអាជ្ញាធរគ្រឿងញៀនបានរាយការណ៍ គឺមានការកើន។ យើងត្រូវរកគ្រប់វិធី ដើម្បីបំផ្លាញចោលក្រុមគ្រឿងញៀន ហើយក្រុមគ្រឿងញៀននេះ គឺវាជ្រកកោននៅទីណា? វាជ្រកកោននៅទីកន្លែងណាដែលវាគប្បីត្រូវជ្រក (ដោយសារតែ)ការគ្រប់គ្រងធូររលុងរបស់យើងតែម្តង។

បញ្ហាគ្រឿងញៀនត្រូវធ្វើអោយមានហ្មត់ចត់\មិនមែនជាសារព្រមានទៅកាន់តុលាការទេ

សណ្ឋាគារខ្លះក៏ក្លាយទៅជាកន្លែងជួញដូរគ្រឿងញៀន ហើយទៅជក់គ្រឿងញៀននៅទីនោះ។ ខ្ញុំជូនសារជាថ្មីម្ដងទៀត ប៉ុន្តែ មិនមែនជាសារជះឥទ្ធិពលទៅលើបញ្ហាតុលាការនោះទេ ក៏ប៉ុន្តែ ត្រូវតែធ្វើអោយហ្មត់ចត់ បើមិនហ្មត់ចត់ទេ តុលាការឯងក៏មិនរួចខ្លួនដែរ ខ្ញុំសូមជម្រាប។ ខ្ញុំមិនព្រមានតុលាការទេ … ផ្នែកតុលាការ ការគ្រប់​គ្រងនយោបាយព្រហ្មទណ្ឌ គឺមានអង្គផ្នែកអយ្យកា គឺព្រះរាជអាជ្ញា ស្ថិតនៅក្រោមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌។ យើងយកប្រព័ន្ធ francophone ប្រព័ន្ធបារាំងមកប្រើប្រាស់ ដែលចៅក្រមស្ថិតនៅក្រោមការគ្រប់គ្រងតែងតាំងដោយឧត្តមក្រុមប្រឹក្សាចៅក្រម។ ហ្នឹងចៅក្រមអង្គុយ ប៉ុន្តែផ្នែកព្រះរាជអាជ្ញា ត្រូវតែងតាំងដោយឧត្តមក្រុមប្រឹក្សាចៅក្រមដែរ ក៏ប៉ុន្តែតាមសំណើរបស់រដ្ឋមន្រ្តីយុត្តិធម៌វិញ។ នេះជាការគ្រប់គ្រងនយោបាយព្រហ្មទណ្ឌ … បើសិនជាព្រះរាជអាជ្ញាមិនព្រមធ្វើការចោទប្រកាន់ អញ្ចឹងតើព្រះរាជអាជ្ញាតំណាងឲ្យរដ្ឋធ្វើម៉េច? អ្វីទៅដែលហៅថាព្រះរាជអាជ្ញាគឺតំណាងឲ្យរដ្ឋ បើសិនជាព្រះរាជអាជ្ញាមិនព្រមធ្វើការចោទប្រកាន់ តើអ្នកឯងមានហេតុផលអីទៀត ដើម្បីនឹងធ្វើជាព្រះរាជអាជ្ញា។ អញ្ចឹងរដ្ឋមន្រ្តីយុត្តិធម៌ត្រូវប្រើសិទ្ធិ ដើម្បីនឹងស្នើព្រះមហាក្សត្រដកចេញពីតំណែងតែម្តង ឬក៏កាត់ក្តីនៅសាលាដំបូង។

ព្រះរាជអាជ្ញា ត្រូវតែតាមដានរឿងហ្នឹង ព្រោះអ្នកឯងជាដើមបណ្តឹង ហើយបើសិនជាថាកាត់រួច បែរជាចៅក្រមកាត់រួចខ្លួន ព្រះរាជអាជ្ញាឯងមិនព្រមតំណាងឲ្យរដ្ឋដើម្បីប្តឹងឧទ្ធរណ៍ភ្លាម … យើងគោរពដល់ឋានានុក្រមតុ​លាការ ក៏ប៉ុន្តែ កុំភ្លេចថាប្រព័ន្ធតុលាការរបស់យើង ព្រះរាជអាជ្ញាត្រូវតែតំណាងឲ្យផលប្រយោជន៍របស់រដ្ឋដែលជាអ្នកត្រូវធ្វើការចោទប្រកាន់។ បើយើងមិនពេញចិត្តជាមួយនឹងការកាត់ក្តី យើងត្រូវប្តឹងឧទ្ធរណ៍ភ្លាម។ បើឧទ្ធរណ៍កាត់មិនត្រឹមត្រូវ យើងត្រូវប្តឹងទៅតុលាការកំពូលភា្លម។ នេះគឺជាបញ្ហាមួយដែលយើងយកពេលវេលានេះ ដើម្បីបំផ្លាញ ហើយអនុវត្តអភិក្រមវះកាត់ ដែលទាំងក្នុងក្របខណ្ឌរដ្ឋបាល ទាំងក្នុងក្របខណ្ឌវិស័យឯកជន អ្នកឯងរកស៊ីមិនត្រឹមត្រូវ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដូចៗគ្នា មិនថាអ្នកមានអ្នកក្រទេ។ ត្រូវគោរពទាំងអស់គ្នា។

ខ្ញុំសុំបញ្ជាក់។ ព្រោះ(យើង)អបអរសាទរហើយជាមួយនឹងសកម្មភាពនគរបាលដែលធ្វើបាននូវរឿងនេះ ប៉ុន្តែយើងនឹងតាមមើលដំណើរការនៅតាមផ្លូវតុលាការតទៅទៀត។ យើងមិនមានសិទ្ធិដើម្បីនឹងទៅកាត់ទោសខ្លួនឯងទេ ព្រោះយើងជាផ្នែកនីតិប្រតិបត្តិយើងអុនវត្ត ប៉ុន្តែនីតិប្រតិបត្តិក៏មាននយោបាយព្រហ្មទណ្ឌ ក៏ក្តាប់នយោ​បាយព្រហ្មទណ្ឌតាមរយៈអង្គអយ្យកា គឺព្រះរាជអាជ្ញានេះឯង។ សុំបញ្ជាក់ជូនតែប៉ុណ្ណឹងទេ​ តែមិនមែនជាសារព្រមានទៅកាន់តុលាការទេ។ អ្នកខ្លះភ័ន្តច្រឡំថាខ្ញុំសម្រេចអីៗ ជួសតុលាការទាំងអស់ រាប់ទាំងអាខ្លះមិនបបួលស្បថទេ វាបបួលភ្នាល់។ ឥឡូវបបួលស្បថទៅ។ អញមិនភ្នាល់អីទាំងអស់។ បបួលស្បថ។ តែនិយាយខុសស្បថ អ្នកណាមួលបង្កាច់ខ្ញុំស្បថឲ្យងាប់។

[បញ្ចប់សេចក្តីអធិប្បាយ]

ទី ៤ ត្រូវរួមគ្នារៀបចំ និងពង្រឹងការអនុវត្តច្បាប់ បទប្បញ្ញត្តិ ពាក់ព័ន្ធនឹងការគ្រប់គ្រងការប្រើប្រាស់ឱសថ ដោយគ្មានវេជ្ជបញ្ជា ការប្រើសារជាតិគីមីក្នុងចំណីឤហារ និងការប្រើគ្រឿងស្រវឹង និងថ្នាំជក់។

ទី ៥ ត្រូវរួមគ្នារៀបចំឱ្យមានយន្តការពហុវិស័យ ក្នុងការធ្វើអន្តរាគមន៍លើកកម្ពស់ឤហារូបត្ថម្ភ ដោយមានការចូលរួមពីសហគមន៍ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងតំបន់ដែលមានបញ្ហាប្រឈមកម្រិតខ្ពស់ ចំពោះកង្វះឤហារូបត្ថម្ភ។

ទី ៦ ត្រូវរួមគ្នាជំរុញការអភិវឌ្ឍប្រពន្ធ័គាំពារសុខភាពសង្គម តាមរយៈការបង្កើនវិសាលភាពគ្របដណ្តប់ នៃមូលនិធិសមធម៌ សុខភាព របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ កម្មករនិយោ​ជិត នៃវិស័យសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងការរៀបចំក្របខណ្ឌគតិយុត្ត និងយន្តការដាក់ឱ្យដំណើរការប្រព័ន្ធធានារ៉ាប់រងសុខភាពសង្គមសម្រាប់ប្រជាជនក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ទី ៧ ក្រសួងសុខាភិបាលត្រូវធ្វើវិចារណកម្មមុខងារ និងភារកិច្ចរចនាសម្ព័ន្ធគ្រប់គ្រងស្ថាប័ន និងការសម្របសម្រួលអន្តរស្ថាប័ន តាមរយៈការពង្រឹងភាពជាអ្នកដឹកនាំមានគណនេយ្យភាព ច្បាស់លាស់ ពង្រឹងសាមគ្គីភាពផ្ទៃក្នុងស្ថាប័ន និងក្នុងអង្គភាពសុខាភិបាលគ្រប់ជាន់ថ្នាក់ អនុវត្តឱ្យបានហ្មត់ចត់នូវក្រមប្រតិបត្តិ វិជ្ជាជីវៈ ផ្សារភ្ជាប់ទៅនឹងក្របខណ្ឌអភិវឌ្ឍមូលធនមនុស្ស ជាពិសេស គុណវុឌ្ឍល្អប្រសើរ សមត្ថភាពជំនាញ ទេព្យកោសល្យ ការលើកទឹកចិត្ត និងការផ្តល់អត្ថប្រយោជន៍ផ្សេងទៀត ដល់មន្ត្រីបុគ្គលិកសុខាភិបាល។

ទី ៨ ក្រសួងសុខាភិបាលត្រូវរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្ត្រវិស័យសុខាភិបាលឱ្យបានហ្មត់ចត់ តាមរយៈយន្តការតាមដាន និងការវាយតម្លៃ ដើម្បីជំរុញការអនុវត្ត និងការកែលម្អវិធានការតម្រង់ទិសយុទ្ធសាស្ត្រ និងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរក្រសួងតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល​។ ទន្ទឹមនេះ ត្រូវលើកកម្ពស់យន្តការចែករំលែក និងផ្លាស់ប្តូរព័ត៌មានក្នុង និងក្រៅវិស័យសុខាភិបាលនៅគ្រប់កម្រិត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង និងការថែទាំសុខុមាលភាពឆ្លើយតបទៅ នឹងសេចក្តីត្រូវការរបស់ប្រជាជនទូទាំងប្រទេស ដែលជាអ្នកប្រើប្រាស់សេវាសុខាភិបាលរដ្ឋប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។

ជាទីបញ្ចប់ ជាមួយនឹងការប្រកាសបិទសន្និបាតសុខាភិបាលលើកទី ៤០ របស់ក្រសួងសុខាភិបាលនាពេលនេះ ខ្ញុំសូមពរជូន សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និងសមាជិកសមាជិកានៃអង្គសន្និ​បាតទាំងមូល សូមប្រកបដោយពុទ្ធពរ និងពរ ទាំង ៥ ប្រការ គឺ ឤយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕