ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េនិងលោកជំទាវ បានអញ្ជើញទៅទស្សនាប្រាង្គប្រាសាទអង្គរ

15

សៀមរាប ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ ឯកឧត្ដម មូន ចេអ៊ីន (Moon Jae-in) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ និងលោកជំទាវ អមដំណើរដោយមន្រ្តីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ បានអញ្ជើញទៅទស្សនាប្រាង្គប្រាសាទអង្គរ និងក្រុមប្រាសាទព្រះពិធូរ ដែលជាប្រាសាទមួយដែលសាធារណរដ្ឋកូរ៉េបានផ្តល់ជំនួយសម្រាប់ជួយជួសជុលឡើងវិញ។

លោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ប្រធានាធិបតីនៃប្រទេសកូរ៉េខាងត្បូងលោក មូន ចេអ៊ីន បានមកទស្សនកិច្ចនៅតំបន់រមណីយដ្ឋានអង្គរនៅពេលនេះ និងធ្វើឱ្យកិច្ចសហប្រតិបត្តិការផ្នែកអភិរក្សប្រាសាទរវាងកម្ពុជានិងកូរ៉េកាន់តែល្អប្រសើរ។

លោកបានបន្តថា កន្លងមកនេះ សាធារណរដ្ឋកូរ៉េបានផ្តល់ជំនួយសម្រាប់ជួយជួសជុលឡើងវិញនូវក្រុមប្រាសាទព្រះពិធូ ដោយបានប្រើប្រាស់រយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០១៦ និងត្រូវបញ្ចប់នៅឆ្នាំ២០១៨។ហើយឥឡូវនេះ កូរ៉េបានបន្តជួយជុលទីលានជល់ដំរីបន្តទៀត។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីកូរ៉េខាងត្បូងមកកាន់ខេត្តសៀមរាបជាពិសេសការមកទស្សនាប្រាសាទអង្គរនេះ គឺបានផ្តល់ប្រយោជន៍ច្រើនសម្រាប់វិស័យទេសចរណ៍កម្ពុជា ដូចជាធ្វើអ្នកទេសចរកូរ៉េកាន់តែមានទំនុកចិត្តក្នុងការមកទស្សនាកម្ពុជា ជាចំណែកមួយក្នុងការជួយផ្សព្វផ្សាយរមណីយដ្ឋានអង្គរតាមរយៈប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិជាច្រើនដែលបានមកតាមលោកឱ្យប្រជាជនកូរ៉េបានស្គាល់កម្ពុជាជាពិសេសអង្គរកាន់តែច្រើន និងបានជំរុញឱ្យអ្នកទេសចរកូរ៉េមកទស្សនាកម្ពុជាកាន់តែច្រើនបន្ថែមទៀត។

សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីកូរ៉េខាងត្បូងនេះ កម្ពុជា និងកូរ៉េខាងត្បូង បានចុះ អនុស្សរណៈនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគី មួយចំនួនដូជាការចុះហត្ថលេខា ដោយមានការអញ្ជើញធ្វើជាសាក្សី ដោយសម្ដេចតេជោ ហ៊ុន សែន និងប្រធានាធិបតីកូរ៉េ លោក មូន ចេអ៊ីន ដែលមានដូចជា កិច្ចសម្របសម្រួលក្របខ័ណ្ឌ ស្ដីពីការផ្ដល់ឥណទានសម្បទាន នៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច សម្រាប់ឆ្នាំ២០១៩-២០២៣។ កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងបង្កើតមន្ទីរពេទ្យ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពល កម្ពុជា និងក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល នៃសាធារណរដ្ឋកូរ៉េ ស្ដីពីគម្រោងផ្គត់ផ្គង់ថាមពល សម្រាប់ប្រព័ន្ធបណ្ដាញអគ្គិសនីខ្នាតតូចបំផុត និងស្ថានីយសាកអាគុយនៅកម្ពុជា។ អនុស្សារណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងទីភ្នាក់ងារជំរុញវិនិយោគពាណិជ្ជកម្មកូរ៉េ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រាប់កិច្ចសហប្រតិ បត្តិការសម្រួលការវិនិយោគពីកូរ៉េ។ អនុស្សរណៈ នៃការយោគយល់គ្នារវាងរាជបណ្ឌិត្យសភាកម្ពុជា និងក្រុមប្រឹក្សាស្រាវជ្រាវជាតិសម្រាប់សេដ្ឋកិច្ច មនុស្សសាស្ត្រ និងសង្គមសាស្ត្រ នៃសាធារណរដ្ឋកូរ៉េ។

នៅក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន និងប្រធានាធិបតីកូរ៉េខាងត្បូង បានអញ្ជើញជាអធិបតីក្នុងវេទិកា ធុរកិច្ច កម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលសម្ដេចតេជោ បានថ្លែងថា វេទិកានេះ បានផ្ដល់ឱកាសឱ្យសម្តេចបានចែករំលែកព័ត៌មាន អំពីការវិវឌ្ឍសំខាន់ៗ នៅកម្ពុជា ពាក់ព័ន្ធនឹងកាលានុវត្តភាព និងសក្ដានុពលវិនិយោគ ក៏ដូចជាការដាក់ចេញនូវវិធានការ ថ្មីៗ របស់រាជរដ្ឋាភិបាលកម្ពុជា នាពេលបច្ចុប្បន្ន សំដៅធ្វើឲ្យកាន់តែប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ៕

ដោយ​ ឃុត សៅ