សម្រង់ប្រសាសន៍ សម្តេច​តេជោ ហ៊ុន សែន ថ្លែង​​​ក្នុងពិធីសម្ពោ​ធដាក់អោយ​ប្រើប្រាស់​នូវ​អគារ​សាលា​ខេត្ត និងមន្ទីរ​ជំ​នាញ​​ប្រមូលផ្ដុំជុំវិញខេត្តត្បូងឃ្មុំ

48

CNV: 

ជួបមុខគ្នាទៀតហើយ ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំព្រះតេជព្រះគុណ ព្រះមេគណ ព្រះអនុគណ ព្រះថេ​រា​នុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ។

សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួម​ជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះជាទីគោរពនឹករលឹក។

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ មានវត្តមានសាជាថ្មីម្ដងទៀតបន្ទាប់ពីឆ្នាំ ២០១៥ បានមកបើកការដ្ឋាន​ដើម្បីសាង​សង់​នៅទីរួមខេត្តត្បូងឃ្មុំ ដែលជាខេត្តថ្មី។ ឆ្នាំ ២០១៦ កន្លងទៅក៏បានមកធ្វើពិធីសម្ពោធ​ដាក់ឲ្យប្រើប្រាស់​នូវ​សា​កលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ដែលនៅមិនឆ្ងាយពីទីនេះ។ ថ្ងៃនេះ សមិទ្ធផលសម្រាប់ទីរួមខេត្ត​ត្បូង​ឃ្មុំថ្មី​ បានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនូវផ្នែកមួយចំនួនដែលបានក៏សាងរួចហើយ និង​​កំ​ពុង​បន្ត​ការ​កសាងទៅមុខថែមទៀត។ វាមិនមែនជាការបញ្ចប់នោះទេ ក៏ប៉ុន្តែនេះជាការចាប់ផ្ដើមមួយ ដែលមុននេះ រដ្ឋ​បាលសាលាខេត្តត្បូងឃ្មុំដែលបានដំណើរការតាំងពីឆ្នាំ ២០១៤ កន្លងទៅបានខ្ចីអាគារសាលាស្រុក​ពញា​​ក្រែក​ធ្វើការសិន ប៉ុន្តែថ្ងៃនេះមន្រ្ដីរាជការរបស់យើងក៏បានមកធ្វើការនៅទីនេះ ហើយដែលជាទីកន្លែង​ផ្ដល់​នូវ​សេវាសម្រាប់ប្រជាពលរដ្ឋរបស់យើង។

ជួបមិត្តកាលពី ៤០ ឆ្នាំមុន/ឈ្មោះ សែន

ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ហើយបានជួបជាមួយបងប្អូនដែលជាង ៤០ ឆ្នាំមុននេះ បានជួយដល់រូប​ខ្ញុំ​នៅ​ក្នុងកាលៈទេសៈដ៏លំបាកនៃការឈ្លានពានរបស់ពួកចក្រពត្តិ ទាំងអាមេរិកក្ដី និងវៀតណាមខាងត្បូងក្ដី នៅ​ក្នុងតំបន់របស់យើងនេះ។ ពេលនោះ ខ្ញុំព្រះករុណាខ្ញុំ ទើបមានអាយុ ១៨-១៩ ឬ ២០ ឆ្នាំ និងក្រោយ​មក​ត្រឹម ២៣ ឆ្នាំប៉ុណ្ណោះ និងក៏ឈានមកដល់ដំណាក់កាល ២៤ ទៅ ២៥ ឆ្នាំ។ ពេលវេលាដ៏លំបាកនោះ ធ្វើ​ឲ្យ​យើងនឹកឃើញនូវអនុស្សាវរីយ៍ ដែលខ្ញុំព្រះករុណាខ្ញុំបានដើររស់នៅតាមដងផ្លូវជាតិលេខ ៧ នេះ រហូត​ទៅ​ទល់នឹងទន្លេបិទ និងបណ្ដាឃុំដូចជាខាងកំពង់ត្រស់ របស់ស្រុកក្រូចឆ្មារ ខាងពាមជីលាំងរបស់ត្បូង​ឃ្មុំ​យើង​នេះ បឹងព្រួល និងបណ្ដាឃុំមួយចំនួនផ្សេងទៀត រាប់ទាំងតំបន់ជិតៗយើងនេះ នៅស្រឡប់​របស់​យើង​នេះ។ ឥលូវនេះយើងចំណាំគ្នាលែងបានហើយ កាលពីពេលមុននៅក្មេងរៀងខ្លួន ដូចជាបងស្រីខាងនេះ កាល​ពេល​ហ្នឹងនៅក្រមុំ ឯខ្ញុំនៅកំលោះ យើងបានត្រឹមមើលមុខគ្នាតែប៉ុណ្ណោះ ប៉ុន្តែឥលូវនេះមួយចំនួន​បានទៅ​សូម​សីល​ទៅហើយ។

យ៉ាងណាក៏ដោយ ខ្ញុំព្រះករុណាខ្ញុំ អត់ទាន់ទៅណាទេ ទោះបីប៉ុន្មានថ្ងៃមុននេះ គឺខ្ញុំព្រះករុណាខ្ញុំ បានជូនព័ត៌​មាន ហើយប្រជាពលរដ្ឋភាគច្រើនបន់ស្រន់ឲ្យខ្ញុំព្រះក​រុ​ណា​​ខ្ញុំ មានសុខភាពល្អ តែក៏មានអ្នកដែលចង់​ឲ្យ​ខ្ញុំ​ព្រះករុណាខ្ញុំ ស្លាប់ដែរ។ វាជាបណ្ដាសាសម្រាប់ពួកគេ ដែលជាការប្រមាថទៅដល់អាយុជីវិតរបស់​អ្នក​ដទៃ​។ ខ្ញុំព្រះករុណាខ្ញុំ គង់តែស្លាប់ទេ យ៉ាងយូរ ៤០ ឆ្នាំទៀតហ្នឹង ហើយអ្នកដែលប្រមាថខ្ញុំនោះ ក៏គង់តែ​ស្លាប់​ដូចតែគ្នាដែរ។

ឥលូវ កាលពីពេលនោះ បងប្អូនមួយចំនួនដែលខ្ញុំព្រះករុណាខ្ញុំ សូមអភ័យទោស ដែលបានផ្ដល់ជាជម្រក​ឲ្យ​ស្នាក់នៅតាមរយៈការផ្ដល់ផ្ទះសម្បែង តាមរយៈការផ្ដល់ចំណីអាហារ និងការលាក់បំពួននៅតាមលេណ​ដ្ឋាន​នានា ដែលនៅក្បែរខាង។ ឥលូវនេះមួយចំនួនក៏បានរស់រានមានជីវិត តែមួយចំនួនទៀតក៏បានស្លាប់​នៅ​ក្នុង​ដំណាក់កាល ប៉ុល ពត ឬក៏បានស្លាប់ដោយសារជំងឺ ឬការចាស់ជរា។ អម្បាញ់មិញជួបបង​ប្រុស​ម្នាក់ ហើយនិងក្មួយប្រុសម្នាក់។ ថ្ងៃនោះ ខ្ញុំនៅចាំបានថាក្នុងរង្វង់ឆ្នាំ ១៩៧៣ ឬ ១៩៧៤ គាត់មានប្រពន្ធ ហើយប្រពន្ធគាត់មានផ្ទៃពោះ គាត់ស្នើឲ្យខ្ញុំដាក់ឈ្មោះកូនរបស់គាត់។ ពេលនោះក៏គាប់ជួនថា នៅក្នុងរង្វង់​ប្រ​មាណជាប្រាំថ្ងៃទៀត ខ្ញុំនឹងចូលសមរភូមិ ការសង្ឃឹមថានឹងរស់ត្រលប់មកវិញ គឺមានតិចណាស់ ដោយ​សារ​តែសមរភូមិនេះវាក្ដៅពេក ក្នុងឋានៈជាមេបញ្ជាការនៃកងទ័ពពិសេស ដែលមិនដែលនៅខាង​ក្រោយ​នោះ … ខ្ញុំក៏បានផ្ទេរឈ្មោះខ្ញុំទៅឲ្យឈ្មោះក្មួយម្នាក់នេះ ហៅថា សែន ឈ្មោះ សែន ដែរ។

ឥលូវនេះអា សែន ចាស់វាអត់ងាប់ អា សែន ថ្មីក៏វានៅ អញ្ចឹងទេក៏ឈ្មោះ សែន ដូចគ្នាទៅ ហើយឈ្មោះនោះ ខ្ញុំ​ជា​អ្នកដាក់។ នៅមានមួយចំនួនទៀត ដែលខ្ញុំដាក់ឈ្មោះឲ្យគេថា ឈ្មោះ សែន ដូចគ្នាដែរ។ អនុស្សាវរីយ៍នៅ​ទី​នេះ ប្រហែលជាពេលនោះ ប្រជាពលរដ្ឋមួយចំនួន សូម្បីតែខ្លួនខ្ញុំ ក៏ខ្ញុំអាចនឹកដល់ថា ខ្លួនខ្ញុំបានឡើង​មក​កាន់​ឋានៈដឹកនាំប្រទេសក្នុងរយៈពេលជិត ៤០ ឆ្នាំ កន្លងទៅនេះ ហើយធ្វើជាតួអង្គ​មួយក្នុងចំណោម​តួអង្គ​ផ្សេង​ទៀត ដឹកនាំផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដឹកនាំការទប់ស្កាត់ការវិលត្រលប់នៃរបប​ប្រ​ល័យ​ពូជសាសន៍ ប៉ុល ពត ដើម្បីការពារការរស់រានមានជីវិតរបស់ប្រជាជន ដឹកនាំការចរចារស្វែង​រកសន្តិ​ភាព​ដើម្បីបញ្ចប់សង្រ្គាម បញ្ចប់ការបែកបាក់នៅក្នុងសង្គមជាតិដែលធ្លាប់តែមានយូរមកហើយ។

តើបងប្អូនចាស់ៗ ដែលមានវ័យចំណាស់ ធ្លាប់នៅចាំបានទេ នៅក្នុងប្រមាណជាឆ្នាំ ១៩៦៩ មេឃុំកណ្ដោល​ជ្រំ កាលពីនោះត្រូវបានខ្មែរក្រហមចូលមកសម្លាប់។ ឯណាអ្នកនៅខាងកណ្ដោលជ្រំនៅអង្គុយខាងណា មេ​ឃុំ​កណ្ដោលជ្រំដែលនៅមិនឆ្ងាយពីទីនេះ ខ្មែរក្រហមបានចូលមកសម្លាប់តែម្តង តំបន់តំបែ និងរំចេករបស់​យើង​នេះ គឺពោរពេញទៅដោយកម្លំាងប្រដាប់អាវុធរបស់ខ្មែរក្រហម។ នោះក៏បង្ហាញពីការបែកបាក់ នៃប្រទេស​របស់​យើង។ សង្គ្រាមបានឆាបឆេះ ឆ្នំា ១៩៧០ ដែលពេលនោះលោកយាយលោកតា លោកអ៊ុំ មាមីង បង​ប្អូនក៏បានដឹងលឺនៅរឿងនេះ តំបន់របស់យើងនេះ ក៏បានទទួលរងនូវការគ្រាប់បែកទំលាក់ រាប់ទំាងផ្សារនៅ​សួង​ផងដែរ ពេលនោះខ្ញុំព្រះករុណាខ្ញុំ រត់ធ្លាក់ដល់ពោធិ៍ជើងខាលឯណោះ ព្រោះតែនំបញ្ចុកនៅពេលល្ងាច ស្រាប់​តែវាមកដាក់កណ្តាលផ្សារតែម្តង។

មូលហេតុនៃការបំបែកខេត្តជាពីរ

ខ្ញុំព្រះករុណាខ្ញុំ ខ្លួនឯងក៏មិនដឹងថា ជោគវាសនាចារមកយ៉ាងម៉េចបានអោយខ្ញុំព្រះករុណាខ្ញុំ ដើរដល់​ដំ​ណាក់​​កាល​នៃការដឹកនំាប្រទេស។ ថ្ងៃនេះ ក៏ជានិមិត្តរូមមួយនៃការរៀប​ចំ​រដ្ឋបាលរបស់ប្រទេស តាមរយៈនៃ​ការ​សិក្សារបស់ក្រសួងមហាផ្ទៃ ដែលដឹកនំាអោយសម្តេចក្រឡាហោម ស ខេង។ យើងពិនិត្យឃើញភូមិ​សាស្ត្ររបស់ខេត្តកំពង់ចាមធំពេក ប្រជាជនប្រមាណជា ២ លាននាក់ ដែលគ្របដណ្តប់ ក្នុងប្រជាជនប្រ​មាណ​ជា ១៥ លាននាក់ ដូច្នេះតម្រូវការត្រូវបំបែកខេត្តនេះជា ២។ ពីដើមយើងត្រូវធ្វើដំណើរទៅទទួលសេវា នៅឯទីរួមខេត្តកំពង់ចាម បើយើងគិតពីចំងាយផ្លូវសម្រាប់អ្នកមេមត់ យើងធ្វើដំណើរទៅកាន់កំពង់ចាម​ពិត​ជា​មានចំងាយឆ្ងាយ ដូច្នេះតម្រូវការអោយមានការបែងចែកនូវខេត្តនេះ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ងាយស្រួលក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

ការកសាងនៅខេត្តត្បូងឃ្មុំ​ក៏ជាការរំលឹកឡើង​វិញនៅប្រវត្តិអតីតកាលរបស់យើង។ មុននេះ ឈ្មោះបច្ចុប្បន្ន មិន​មែនជាខេត្ត ជា​ឈ្មោះ​ដែលមានកត់ត្រាទុកអោយប្រវត្តិ​សាស្ត្រនោះទេ មានមួយ​ចំ​នួនត្រូវ តែមួយ​ចំ​នួន​មិន​ត្រូវទេ។ បើយើងងាកទៅពិនិត្យអំពីរឿងទុំទាវ ក៏គេអាចដឹងបានថា នេះគ្រាន់តែ​ជា​​រឿងព្រេង មិន​និយាយ​ទៅដល់បញ្ហាប្រវត្តិសាស្ត្រនោះទេ។ បាភ្នំគឺ ជាខេត្តមួយ ដែលឥឡូវនៅក្នុង​ទឹកដី​ខេត្ត​ព្រៃវែង។ នេនទុំ ​បាន​ធ្វើដំណើរតំាងពីខេត្តព្រៃវែងធ្លាក់មកដល់ត្បូងឃ្មុំរបស់យើងនេះ ដើម្បីស្វែងរក នាង​ទាវ។ … យើងរៀបចំនេះ អ្វី​ដែលសំខាន់មិនមែនបញ្ហាឈ្មោះទេ គឺការបង្ខិតរដ្ឋបាលរបស់​យើង​អោយ​ផ្សារភ្ជាប់ជាមួយ​ប្រជាពល​រដ្ឋ។

ខ្ញុំព្រះករុណាខ្ញុំសប្បាយរីករាយជាមួយនឹងវឌ្ឍនភាព ដែលយើងបានសាងសង់កសាង និងសូមយក​ឱ​កាស​​​​នេះ ថ្លែងអំណរគុណ និងកោតសរសើចំពោះសម្តេចក្រឡាហោម ស ខេង ក៏ដូចជាស្ថាប័ន​ពាក់​ព័ន្ធ​ទំាង​អស់ ក្នុងនោះក៏មានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានផ្តល់ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍ​គម្រោង​មួយនេះ។ ដូចដែលឯកឧត្តមអភិបាលខេត្ត ប្រាជ្ញ ច័ន្ទ បានលើករួចមកហើយ អាគាររដ្ឋ​បាល​ប្រ​មូល​ផ្តុំ កន្លែងស្នាក់នៅ ផ្លូវ ក៏ដូចជាប្រព័ន្ធទឹក ត្រូវបានចាប់ផ្តើមជាជំហានដំបូង ដើម្បីជាតម្រូវការសម្រាប់​មន្រ្តីរាជការរបស់យើងនៅទីនេះ។ ពេលដែលនៅកន្លែងនេះដំណើរការ នៅពេលដែលប្រជាពលរដ្ឋត្រូវការ ទាក់​ទងជាមួយនឹងថ្នាក់ខេត្ត គឺមិនធ្វើដំណើរទៅពញាក្រែកដូចពីពេលមុននោះទេ។ យើងនៅមានកិច្ចការ​ច្រើន​ទៀត។ ខ្ញុំសង្ឃឹមថា តាមរយៈនៃរដ្ឋបាលថ្នាក់ក្រោមជាតិថ្មី គឺខេត្តត្បូងឃ្មុំ ដែលថ្ងៃនេះយើងសម្ពោធ​បណ្តា​អគារសមិទ្ធផលមួយចំនួននៅទីរួមខេត្ត បណ្តាស្ថាប័ននានា អាចចាប់ផ្តើម ឬក៏ធ្វើប្រតិភូកម្ម ការបែង​ចែក​មុខងារ និងធនធាន សម្រាប់ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ អោយកាន់តែច្រើន។ ហើយក៏គួរមាន​ពិ​សោធន៍​ពីតំបន់នេះផងដែរ។

អ្នករកស៊ីគួរសាងសង់ផ្ទះល្វែងតម្លៃថោក លក់អោយមន្រ្តីរាជការនៅខេត្តត្បូងឃ្មុំ

ខ្ញុំព្រះករុណាខ្ញុំ សង្ឃឹមថា ខេត្តមួយនេះ បើទោះបីពេលនេះ មិនទាន់មានភាពអ៊ូអរ តែនៅខាងមុខវាច្បាស់​ជា​មានភាពអ៊ូអរកើតឡើង។ សង្ឃឹមថា ប្រជាពលរដ្ឋនៅទូទំាងប្រទេស ដែលចង់ស្វែងយល់ថា ខេត្តត្បូងឃ្មុំ វា​យ៉ាងម៉េច គួរតែឈាងមកលេងនៅខេត្តត្បូងឃ្មុំរបស់យើងនេះ។ ប្រសិនបើខ្ញុំជាអ្នករកស៊ីទៅវិញ ខ្ញុំនឹងមក​កសាង​នៅផ្ទះដែលមានតម្លៃថោក នៅក្នុងតំបន់នេះ មន្ត្រីរាជការរបស់យើងអាចទិញទំាងនោះដោយ​វិធីកាត់​រំ​លស់ មិនមែនត្រឹមតែមន្ត្រីរាជការ ឬកងកម្លំាងប្រដាប់អាវុធដែលទិញផ្ទះនោះទេ ក៏ប៉ុន្តែប្រជាពលរដ្ឋដទៃ​ទៀត ក៏នឹងមានលទ្ធភាពដើម្បីនឹងទិញផ្ទះនោះដែរ។ អ្នករកស៊ីអាចសិក្សាអំពីទីផ្សារនាពេលខាងមុខ ហើយ​អ្នកដែលមានប្រាក់កាសមួយចំនួនក៏អាចកសាងនៅបណ្តាសណ្ឋាគារនៅក្បែរៗនេះ ព្រោះតំបន់នេះក៏​មាន​​​​​​បេតិ​ក​ភណ្ឌប្រវត្តិសាស្ត្រ នៅព្រៃនគរក្នុង គឺតំបន់រាជធានីអតីតលួងព្រះ ស្តេចកន ហើយក៏ជាតំ​បន់​ដែលបោះ​ប្រាក់​ស្លឹង ប្រើប្រាស់ជាលើកដំបូង នៅក្នុងឆ្នំា ១៥១៤ ផងដែរ។ ចេញពីទីនេះ គេអាចទស្សនកិច្ចនៅ​តំបន់​ភាគ​ខាងកើតរបស់ខេត្តកំពង់ចាមពីមុន គឺត្បូងឃ្មុំ ហើយគេអាច​ត​ភ្ជាប់ទៅក្រចេះ ឬទៅមណ្ឌលគិរី ដោយ​ប្រើ​ប្រាស់ម្ខាងគឺផ្លូវជាតិលេខ ៧៣ ឆ្ពោះទៅកាន់ឆ្លូង ហើយ​​ចេញ​ទៅ​ក្រចេះ និងមួយទៀត គេក៏អាចប្រើ​ប្រាស់​ផ្លូវជាតិលេខ ៧ ឡើងទៅមេមត់ ស្នួល រួចហើយចាក់​ចូលទៅ​មណ្ឌល​គិរី ចេញទៅរតនគិរី ចេញទៅ​ស្ទឹង​ត្រែង ចុះមកក្រចេះវិញក៏បាន ឬចេញទៅព្រះវិហារ បកមក​សៀម​រាប កំពង់ធំ ចេញមកកំពង់​ចាម …។

ទីរួមខេត្ត នឹងទទួលបានសាកលវិទ្យាល័យមួយ និងមន្ទីរពេទ្យមួយ

ពិនិត្យពីអតីតកាលដ៏ជូរចត់របស់យើងមកដល់ពេលនេះ យើងបានដើរឆ្ងាយណាស់មកហើយក្នុងស្ថាន​ភាព​​ដ៏លំបាក​លំបិន។ សមិទ្ធផលទាំងឡាយបានកើតចេញជារូបរាងហើយ ក្នុងនោះវាជាភ័ព្វសំ​ណាង​មួយ​របស់ខេត្តត្បូងឃ្មុំ ទន្ទឹមនឹងការកើតនូវទីរួមខេត្តនេះ យើងក៏បានកើតនូវសាកលវិទ្យាល័យមួយសម្រាប់​ផ្តល់​ឲ្យ​​យុវជន កូនប្រជាពលរដ្ឋរបស់យើងបានសិក្សានៅសាកលវិទ្យាល័យនៅជិតនេះ។ នៅពេលខាងមុខនេះ សាធារណរដ្ឋប្រជាមានិតចិននឹងកសាងនូវមន្ទីរពេទ្យ ដែលមានលក្ខណៈជាមន្ទីរពេទ្យបង្អែកដ៏ធំមួយ។ ខ្ញុំ​បាន​លើកសំណើសុំស្នើចំពោះប្រធានាធិបតីចិន ស៊ី ជីនពីង ដើម្បីឲ្យជួយកសាងនូវមន្ទីរពេទ្យ​សម្រាប់ការ​ព្យា​បាលប្រជាពលរដ្ឋនៅទីនេះ ដែលមុននេះ យើងធ្លាប់ដឹកទៅកាន់ទីរួមខេត្តកំពង់ចាម។ នោះហើយ​ជា​តម្រូវ​​​ការ​របស់យើង។

ផ្តល់បឋម អនុវិទ្យាល័យ និងវិទ្យាល័យ បន្ថែមដោយផ្ទះស្នាក់នៅរបស់គ្រូ និងសិស្ស និងទីធ្លាសម្រាប់កីឡា

កិច្ចការនៅមានច្រើន។ ខ្ញុំបានទទួលនូវការផ្ញើសាររបស់ក្មួយ ឡាង សុផល (សួរនាំក្មួយនោះ)។ ក្មួយបាន​​លើក​សំណើត្រឹមត្រូវណាស់។ ពេលដែលខ្ញុំបង្ហោះហ្វេសប៊ុក ក្មួយបានចូលមក ហើយក៏បានលើកនូវសំ​ណូម​ពរទាក់ទងនឹងការសិក្សារបស់កូនមន្រ្តីរាជការ ដែលមកនៅទីនេះ។ ខ្ញុំកម្រមើលរំលងជាមួយនឹងសំ​ណូម​ពរ​បែបនេះ​ណាស់។ ខ្ញុំក៏បានឆ្លើយម្សិលមិញ កុំអីឆ្លើយតាំងពីយូរ តែវាជាប់ពេលធ្វើដំណើរទៅកាក​បាទ​​ក្រហម។ បានឃើញទៅហើយ ត្រឡប់មកវិញឯកសារវាច្រើនពេក។ ដល់ល្ងាចទើបបានឆ្លើយ។ បន្ទាប់​ពីការផ្លាស់ប្តូរយោបល់ជាមួយសម្តេចក្រឡាហោម ហើយពិភាក្សាជាមួយឯកឧត្តម ប្រាជ្ញ ច័ន្ទ បូក​ជាមួយនឹងវិស្វកម្មរបស់ខ្ញុំព្រះករុណាខ្ញុំដែលត្រូវធ្វើ។ យើងសម្រេចជាមួយគ្នានៅថ្ងៃនេះ ហើយកិច្ចការងារ​នេះ​ក៏​ត្រូវ​ធ្វើ​សម្រាប់ធ្វើម៉េចពេលបើកបវេសនកាលឆ្នាំ ២០១៧-២០១៨ គឺយើងអាចប្រើប្រាស់បានតែម្តង … ដើម្បីដោះស្រាយកុំឲ្យថ្ងៃក្រោយជួបកង្វល់ ហើយស្នើសុំបន្ថែមនោះ ដោយសារតែយើងមានប្លង់​មេ​ហើយ​ស្រាប់ នៅទីក្រុងឥឡូវនេះ អញ្ចឹងរបៀបសាងសង់ យើងត្រូវបង្កើតឲ្យទៅជាមានបឋមផង មានអនុវិទ្យា​ល័យ និងមានវិទ្យាល័យផង។ មួយកំប្លេតែម្តង។ ទម្រាំដល់ក្មួយឯងចូលនិវត្តន៍ កូនបងចប់បាក់ឌុប​ ហើយ​កូន​ប្អូនជាប់ឌីប្លូម … អាយុប៉ុន្មានហើយក្មួយ? ៣៥ ឆ្នាំ នៅសល់ ២៥ ឆ្នាំទៀត ទើបចូលនិវត្តន៍។ ប្រាក់ខែ​បាន​ប៉ុន្មាន? ១ លាន ១ សែន។ គេមកសន្យាច្រើនណាស់ ឥឡូវសន្យាអត់កើត គេដើរឃោសនា​គ្រប់​កន្លែង​ថា ការឡើងប្រាក់ខែ ចុះថ្លៃភ្លើង និងទឹក គឺបានដោយសារគេទាមទារ។

តែឥឡូវ ខ្ញុំបកមកសាលា។ ជូនផ្នែកបឋមសិក្សា ១ ខ្នង ៣ ជាន់ ១៨ បន្ទប់ និងផ្នែកអនុវិទ្យាល័យ ១ ខ្នង ៣ ជាន់ ១៨ បន្ទប់ទៀត រួចហើយទីចាត់ការ ២ ទីចាត់ការខាងបឋម ១ និងខាងវិទ្យាល័យ និងអនុ​វិទ្យា​​ល័យ ១។ បន្ថែមលើនោះ សូមជូនផ្ទះស្នាក់នៅរបស់គ្រូចំនួន ១ ខ្នង ២ ជាន់ ១០ បន្ទប់ និងផ្ទះស្នាក់នៅ​របស់​សិស្ស ១ ខ្នង ២ ជាន់ ១០ បន្ទប់ទៀត។ … ចំណាំមុខ គាត់ជាអ្នករំលឹក ដោយគាត់បានលើក​មូល​ហេតុ​អំពីការលំបាកមកធ្វើការនៅទីនេះ សាលានៅឆ្ងាយ អញ្ចឹងពិបាកបញ្ជូនកូនទៅរៀន ហើយកន្លែងនេះ​គឺ​សូម​បញ្ជាក់ឲ្យហើយថា វិស្វកម្មរបស់ខ្ញុំជាអ្នកចូលមកធ្វើ មិនមែនក្រុមហ៊ុន លី ហួង ជាអ្នកធ្វើទេ ហើយ​យើង​ក៏ត្រូវរៀបចំកន្លែងទីធ្លាកីឡាទៀត។ សូមជ្រើសរើសមើលដី ឲ្យមានជាប្រភេទបាល់ទាត់ បាល់ទះ បាល់​បោះ និងកីឡាកាយសម្ព័ន្ធនានា ដើម្បីជម្រុញវិស័យកីឡា …។

បង្កៀកសាលាទៅជិតសិស្ស

នេះគឺជាដំណោះស្រាយរយៈពេលវែង ដើម្បីកសាងអគារនៅទីនេះ។ ខ្ញុំព្រះកុណាខ្ញុំ នឹងចូលរួមផ្ទាល់ទៅលើ​ការ​កសាង ហើយសុំឧត្តមសេនីយ៍ ខឹម សុមេធ ដែលដឹកនាំនូវការសាងសង់នេះ ធ្វើយ៉ាងម៉េចធានាថាខាង​ផ្នែក​បឋមសិក្សា។ ត្រូវរួសរាន់ឲ្យបានឆាប់ដើម្បីធានានូវការបើកបវេសនកាល និងផ្ទះគ្រូបង្រៀនក៏ត្រូវធ្វើឲ្យ​ស្រូត មិនមែនគ្រាន់តែកូនមន្រ្តីរាជការកងកម្លាំងប្រដាប់អាវុធដែលធ្វើការនៅទីនេះទេ។ កូនប្រជាពលរដ្ឋ​ដែល​រស់នៅជុំវិញកន្លែងនេះ មានសិទ្ធិចូលរៀននៅសាលានេះទាំងអស់គ្នា។ ថ្ងៃហ្នឹង យើងបានបន្ថែមអគារសិក្សា និងបង្កើតទៅជាវិទ្យាល័យមួយថ្មីទៀត ដែលនៅក្នុងខេត្តត្បូងឃ្មុំទាំងមូល។ វិទ្យាល័យដូចជា​មាន ២៣ កន្លែងរួចហើយ  អនុវិទ្យាល័យ ៥៤ កន្លែង បឋមសិក្សា ៧៨៦ កន្លែង មត្តេយ្យ ១៨ បន្ទប់ កំពស់ ៣ ជាន់នេះ ក៏អាចយក ២ ឬ ៣ ថ្នាក់ សម្រាប់មត្តេយ្យផងដែរ។ អ្នកនៅទីនេះ ត្រូវការផ្ញើកូន។

សុំឲ្យឯកឧត្តម ហង់ ជួនណារ៉ុន ខាងផ្នែកក្រសួងអប់រំ ដោះស្រាយបញ្ហាគ្រូ ទាំងគ្រូបឋម ទាំងគ្រូកម្រិត​មធ្យម ទាំងកម្រិតមួយ និងកម្រិត ២ ។ នេះហើយជាការដោះស្រាយពិតប្រាកដ មិនមែនជាការដោះស្រាយ បញ្ហាខ្យល់នោះទេ។ ល្ងាចមិញនេះ ខ្ញុំបានជួបជាមួយនឹងនាយកគរុកោសល្យកំពង់ចាម ដែលមុននេះ ខ្ញុំទៅទីរួមខេត្តកំពង់ចាមក៏បានជួប ហើយធ្វើការជាមួយ ឃើញថាអគារមួយចំនួនអាចជួសជុលបាន ក៏ប៉ុន្តែ ដល់ពេលជួសជុលពិតប្រាកដធ្វើអត់បាន។ ដូច្នេះ ត្រូវវ៉ៃអគារចាស់នោះចោល កសាងអគារថ្មីចំនួន ៣ ជាន់ ៣០ បន្ទប់ បូកជាមួយការបន្ថែមសម្រាប់គ្រូបង្រៀន ១០ បន្ទប់ និងកូនសិស្ស ២០ បន្ទប់ នេះពាក់​ព័ន្ធ​ជា​មួយនឹងសិក្សាធិការ ដែលថ្ងៃក្រោយមក អ្នកមករស់នៅកន្លែងនេះ ហើយចង់មករកស៊ីកន្លែងនេះ ជាការលក់​ដូរ​ក្តី គឺមិនខ្វាយខ្វល់ពីការអត់សាលារៀន ហើយកូនចៅត្រូវនៅឆ្ងាយនោះទេ។

គួរគិតតម្លៃថ្លៃទឹក ភ្លើង ថោក ពេលអ្នកប្រើប្រាស់មិនប្រើច្រើន

ថ្ងៃនេះ ជាមួយនឹងការផ្តល់បន្ថែមបែបនេះ ខ្ញុំព្រះករុណាខ្ញុំ ក៏សុំយកកន្លែងនេះ ដើម្បីប្រកាសជូនប្រជាជន​ដែល​រស់​នៅទីនេះក្តី អ្នកដែលរស់នៅតាមអគារនានា ថ្លៃទឹក ថ្លៃភ្លើង ចេញខ្លួនឯង។ ឥឡូវសម្រាប់ថ្លៃទឹក​ទៅលើការប្រើប្រាស់របស់ប្រជាពលរដ្ឋយើង ទីប្រជុំជន នៅទូទាំងប្រទេសដែលទទួលសេវាទឹកស្អាត ដែល​ត​ពី​រដ្ឋ និងឯកជន (សេវាឯកជនយកថ្លៃដើមក្រោម ៣ ម៉ែត្រគូប) … នៅប្រទេសថៃ ពេលអត់ទឹកគឺគេចាប់​ផ្តើម​កំណត់កម្រិតប្រើតែម្តង ហើយពេលដែលខ្វះអគ្គិសនី គេកំណត់ថាម៉ាស៊ីនត្រជាក់ក្នុងប្រទេស អ្នកឯង​ត្រូវ​​ប្រើប៉ុន្មានអង្សារ។ ឥឡូវនៅទូទាំងប្រទេសចាប់ថ្ងៃទី ១៥ ខែ ៥ នេះទៅ គឺនៅសល់ ៦ ថ្ងៃទៀត ថ្លៃ​ទឹក​ដែល​ប្រើមិនលើសពី ៣ ម៉ែត្រគូបក្នុងមួយខែ យកថ្លៃដើម។ បានសេចក្តីថា បើថ្លៃដើមមួយម៉ែត្រគូប ត្រឹមតែ ៤០០ រៀល ក៏ត្រូវយក ៤០០ រៀលដែរ។

ហ្នឹងទៅតាមការកុងត្រូល ព្រោះអញ្ចេះ ទឹក និងអគ្គិសនីខុស​​គ្នា លោកយាយ លោកតា បងប្អូនប្រជាពល​រដ្ឋ​នៅ​ទូទាំងប្រទេសមេត្តាយោគយល់។ ទឹកនៅកន្លែងនីមួយៗ មានការខុសគ្នា ព្រោះមិនមែនគ្រាន់តែបូម​យក​មកដើម្បីយកទៅផ្តល់ឲ្យប្រជាពលរដ្ឋនោះទេ ត្រូវតែធ្វើវាឲ្យស្អាត ទើបផ្គត់ផ្គង់ទៅឲ្យ​ប្រជាពលរដ្ឋ។ ប៉ុន្តែ ប្រភេទទឹកវាមានលក្ខណៈខុសគ្នា ទឹកខ្លះប្រើត្រឹមសាជូរ និងស្អីមួយចំនួនទៀត អាចរុញ ទៅឲ្យប្រជាពល​រដ្ឋ​​ប្រើប្រាស់រហូតដល់ការទទួលទាន ដោយមិនចាំបាច់ដាំផង។ ក៏ប៉ុន្តែ ទឹកខ្លះទៀតវាមានជាតិពុលខ្លាំង តម្រូវ​ឲ្យប្រើប្រាស់វត្ថុធាតុដើម ដើម្បីមកធ្វើឲ្យទឹកហ្នឹងវាស្អាតដែលអាចប្រើប្រាស់បាន។ អញ្ចឹងថ្លៃដើមនៃការ​ផលិតទឹក ពីកន្លែងមួយទៅកាន់កន្លែងមួយមិនដូចគ្នាទេ សូមការយោគយល់ពីកន្លែងនេះ។ សម្រាប់ទីប្រជុំជននៅកន្លែងនេះ ដូចជានៅទីប្រជុំជនខេត្តត្បូងឃ្មុំ ក្រុងសួង បើសិនជាថ្លៃដើមផលិតត្រឹម ៤០០ ឬ ៤៥០ ឬ ៥០០ រៀល គឺយកតែប៉ុណ្ណឹង អត់មានលើសពីប៉ុណ្ណឹងទេ។  ត្រូវបញ្ជាក់ថា អ្នកដែលប្រើមិន​លើស​ពី ៣ ម៉ែត្រគូប … គឺបងប្អូនដែលមានប្រាក់ចំណូលទាប ដូច្នេះ យើងខិតខំទម្លាក់ថ្លៃនេះ សម្រាប់ប្រជាពល​រដ្ឋ​របស់យើង​។

ដោយឡែកនៅទីក្រុងភ្នំពេញ គឺមានតម្លៃ ២ តម្លៃទី ១ អ្នកប្រើប្រាស់មិ​នលើសពី ៣ ម៉ែត្រគូប ចុះថ្លៃពី ៥៥០ រៀល មក ៤០០ រៀលក្នុងមួយម៉ែត្រគូប … ឯតម្លៃមួយទៀត អ្នកប្រើប្រាស់ពី ៤ ម៉ែត្រគូប ឬអាច​ថា​មិន​លើសពី ៧ ម៉ែត្រគូបក្នុងមួយខែ តម្លៃចុះពី ៥៥០ រៀល មកនៅ ៥០០ រៀល។ ជានយោបាយគាំពារអ្នក​ក្រ អ្នកដែលមានប្រាក់ចំណូលទាប ហើយដែលប្រើប្រាស់ទឹកតិច។ អគ្គិសនីក៏ដូចគ្នាដែរ អ្នកដែលប្រើមិន​លើស​ពី ១០ គីឡូវ៉ាត់ម៉ោង តម្លៃត្រឹមតែ ៤៨០ រៀល។ អ្នកដែលប្រើប្រាស់មិនលើសពី ៥០ គីឡូវ៉ាត់មក ត្រឹម​ ៦១០ រៀល​។ ឯអ្នកដែលប្រើប្រាស់ចាប់ពី ៥០ គីឡូវ៉ាត់ម៉ោងឡើងទៅ ក្នុងមួយគីឡូវ៉ាត់ ៧៧០ រៀល នឹង​សម្រាប់អ្នកតបណ្តាញរដ្ឋ ឯអ្នកតបណ្តាញឯកជន ៧៩០ រៀល។ អញ្ចឹងវាជាការជួយសម្រាលនូវ​ការ​លំ​បាក។ ម្ខាងបៀវត្សរ៍ចេះតែឡើង តែម្ខាងទៀតសេវាចេះតែចុះ តម្លៃទឹកភ្លើងក៏ចេះតែចុះតាមរយៈនៃការខិត​ខំ​របស់យើង។

គណបក្សប្រជាជន រក្សាបាននូវសន្ដិភាព និងការអភិវឌ្ឍគ្រប់វិស័យ

សង្ឃឹមថា យើងនឹងបន្តរួមគ្នាទៅមុខទៀត ដើម្បីរក្សានូវសន្តិភាពដែលយើងរកបានដោយលំបាក ហើយក៏​ដើម្បី​ធា​នា​ការអភិវឌ្ឍសម្រាប់ខ្លួនយើង សម្រាប់ក្រុមគ្រួសារយើង សម្រាប់ភូមិឃុំយើង និងសម្រាប់ប្រទេស​ជាតិរបស់​យើង។ ការសន្យាខ្យល់ណាមួយវាជារឿងអត់ប្រយោជន៍ គ្មានការបង្ហាញនូវចេតនា​នៃការរួបរួមនោះទេ។ សូមរួមគ្នាប្រឆាំងជាមួយនឹងគ្រប់ទង្វើ ដែលនាំទៅដល់អរិយភាព ឬការបែក​បាក់​ក្នុង​សង្គម​ជាតិ។ ជម្រើសដ៏ល្អបំផុត ដែលយើងបានធ្វើរួចមកហើយតាមរយៈនៃនយោបាយឈ្នះ-ឈ្នះ ក្នុង​ពេល​ដែលគណបក្សប្រជាជនកាន់អំណាច អ្នកណាក៏នៅជាមួយបានដែរ បក្សណាក៏នៅជាមួយបានដែរ។ ជេរកប់ៗមាត់ ហើយថាខ្វះប្រជាធិបតេយ្យទៅទៀត។ ឥឡូវនេះការសន្យាគ្រប់បែបយ៉ាង បាននិងកំពុងធ្វើ។

​ខ្ញុំគិតថា ប្រជាពលរដ្ឋរបស់យើងមានការយល់ដឹងគ្រប់គ្រាន់ ហើយក៏មានបទពិសោធន៍ពីអតីតកាល​ដែល​បាន​បាត់បង់រហូតដល់អាយុជីវិត បងប្អូនសាច់ញាតិ ក្រុមគ្រួសារ។ តាមរយៈសកម្មភាព​របស់​គណ​​បក្ស​ប្រ​ជា​ជន សង្គ្រាមត្រូវបានបញ្ចប់ ការធ្វើដំណើរទៅណាមកណា គឺបានងាយស្រួល។ នយោបាយឃុំមួយ អនុ​វិទ្យា​ល័យមួយយ៉ាងតិច យើងបានសម្រេចរួចទៅហើយ។ កាលពីដើម កំពង់ចាមរបស់យើងគឺមានតែវិទ្យា​ល័យ​មួយ​ប៉ុណ្ណោះ។ ឥឡូវនេះ ទោះបីជាបានបំបែកទៅជាពីរខេត្ត ក៏យើងមានវិទ្យាល័យច្រើនដែរ ដូចជា​ខាង​នេះ ខ្ញុំរាប់អម្បាញ់មិញ គឺមានទៅដល់ ២៣ វិទ្យាល័យ។ នេះមិនមែនជាការលេងសើច ហើយមិនមែន​ជា​ការ​សន្យាខ្យល់របស់ក្រុមមនុស្សមួយចំនួននោះទេ។

សូមក្តាប់ឲ្យជាប់របស់ដែលមានក្នុងដៃ។ … ចាបមួយនៅក្នុងដៃ ប្រសើរជាងចាបម្ភៃនៅលើមេឃ។ វាពិត​ប្រា​កដជាយ៉ាងហ្នឹង។ ប្រយ័ត្នលែងចាប់នៅក្នុងដៃដែលកំពុងតែមាននេះ ​រួចហើយបាត់ទាំងចាបនៅក្នុងដៃ បាត់ទាំងអស់។ កុំភ្លេចថា បើទោះបីពេលនេះសន្តិភាពគ្របដណ្តប់ទូទាំងប្រទេសក៏ដោយ ក៏វាមានចរិតផុយ​ស្រួយ​ តាមរយៈការបង្កមូលហេតុនៃសង្គ្រាមនានា បើមើលក្នុងហ្វេសប៊ុកអាចឃើញហើយ (ដូចជា)ការ​ញុះ​ញង់ ការជេរប្រមាថ គ្រប់បញ្ហា​ តើនោះវាជាអ្វី? វាជាការដុតបញ្ឆេះកំហឹង។ នេះជាបញ្ហាដែលពេលនេះ ប្រ​ជា​ជន​ត្រូវជ្រើសរើសរវាងសន្តិភាព និងសង្គ្រាមពិតប្រាកដហើយ។ សូម្បីតែខ្ញុំព្រះករុណាខ្ញុំឈឺ ចេញមក​ជេរ​ប្រទេច ដើម្បីឲ្យឆាប់ងាប់។ ប៉ុន្តែផ្ទុយទៅវិញ ប្រហែលជាបណ្តាសាសម្រាប់អ្នកវិញទេ។

រឿងទាំងអស់នេះ ដែលខ្ញុំព្រះករុណាខ្ញុំ ហ៊ាននិយាយថា ភាពផុយស្រួយនៃការកើតឡើងនៃសង្គ្រាម​ដ៏ពិត​ប្រា​កដមួយ។ នយោបាយមានឯងអត់អញ មានអញអត់ឯង នយោបាយគ្រោងទុកធ្វើនេះធ្វើនោះ គឺជា​នយោ​បាយដែលសំដៅឆ្ពោះទៅរកការធ្វើសង្គ្រាមមួយដ៏ជាក់លាក់។ អ្នកកំពុងរស់នៅក្រោមការគ្រប់គ្រង​របស់​គណបក្សប្រជាជន អ្នកមានសេរីភាពគ្រប់បែបយ៉ាង អ្នកមានកំហុសទទួលទោសតាមច្បាប់ អ្នក​ដែល​​គ្មានកំហុស គឺគ្មានត្រូវទទួលនូវទណ្ឌកម្មណាមួយនោះទេ។

សង្ឃឹមថា ប្រជាពលរដ្ឋនឹងធ្វើការវិនិច្ឆ័យឲ្យបានច្បាស់លាស់ ក្នុងថ្ងៃបោះឆ្នោត

ប៉ុន្មានថ្ងៃទៀតការបោះឆ្នោតនឹងមកដល់ សង្ឃឹមថា ប្រជាពលរដ្ឋនឹងធ្វើការវិនិច្ឆ័យឲ្យបានច្បាស់លាស់។ យើង​បានរួមសុខរួមទុក្ខជាមួយគ្នាតាំងពីការលំបាក ស៊ីអត់ស៊ីឃ្លានជាមួយគ្នារហូតមកដល់ពេលនេះ តើ យើង​គួរបោះបង់ចោលនូវសមិទ្ធផល ដែលយើងបានរួមគ្នាកសាង​ ហើយសង្ឃឹមទៅលើការសន្យាមួយ ដែល​នឹងផ្តល់ចម្លើយមកវិញ គឺសង្គ្រាម(ឬ?)។ ខ្ញុំបានឮហើយ អ្នកខ្លះគេថា មកពីខ្ញុំភ័យ ប៉ុន្តែ សុំផ្ញើសារ​ត្រ​​ឡប់ទៅវិញទៅ សែន​ អត់ចេះភ័យទេ។ សុំទោស។ បើវាចេះភ័យ វាមិននៅជាមួយប្រជាពលរដ្ឋ វាមិន​យក​ជីវិត​ធ្វើដើមទុនដើម្បីរំដោះប្រជាពលរដ្ឋពីរបប ប៉ុល ពត ទេ? មិននៅរួមរស់ជា​មួយថ្នាក់ដឹក​នាំ​ដទៃ​ទៀត និងប្រជាជនកម្ពុជា ក្នុងគ្រាលំបាកបំផុត(នោះទេ)។

នយោបាយឈ្នះឈ្នះ បញ្ចប់នូវស្ថានភាពប្រទេសកម្ពុជាមួយតំបន់ត្រួតត្រាច្រើន

ការអនុវត្តនូវនយោបាយឈ្នះឈ្នះ មិនមែនជាបញ្ហាធម្មតាពេកទេ តែយើងអាចធ្វើបានបញ្ចប់នូវស្ថានភាព​ប្រ​ទេសកម្ពុជាមួយ តំបន់ត្រួតត្រាច្រើន ក្នុងពេលតែមួយ​។ ហើយចុងក្រោយបំបាត់ចោលនូវស្ថានភាព​ប្រ​ទេស​មួយតំបន់ត្រួតត្រាពីរ និងរដ្ឋាភិបាលពីរ។ ដែលក្នុងរយៈពេលកន្លងទៅនេះ ប្រជាពលរដ្ឋរបស់យើង បានរស់នៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ព្រះមហាក្សត្រតែមួយ កងកម្លាំងប្រដាប់អាវុធតែមួយ រាជរដ្ឋាភិបាលតែមួយ។ ​នេះជាការបង្ហាញច្បាស់ពីតួនាទីរបស់គណបក្សប្រជាជន ដែលបានធ្វើក្នុងរយៈ​ពេល​កន្លង​ទៅ។

ការកើនឡើងជាបន្តបន្ទាប់នូវប្រាក់បៀវត្សរ៍មន្ត្រីរាជការ និងកម្មករ/ការិនី

លោកគ្រូ អ្នកគ្រូ មន្ត្រីរដ្ឋការរបស់យើង កងកម្លាំងប្រដាប់អាវុធរបស់យើង។ ប្រទេសយើងត្រូវបាន ប៉ុល ពត បំផ្លាញអស់ហើយ ការចាប់ផ្តើមរបស់យើងជាមួយនឹងរបបអង្ករ សម្រាប់ទាហាន នគរបាល លោកគ្រូ អ្នក​​គ្រូ មន្ត្រីរដ្ឋការនៅពេលនោះ។ បន្ទាប់ទៅ មន្ត្រីរដ្ឋការរបស់យើងពេលនោះ រស់ដោយសារទំនិញ ៩ មុខ ប៉ុន្តែ​ឥឡូវនេះ ប្រាក់បៀវត្សរ៍មន្ត្រីរាជការរបស់យើងក៏បានកើនឡើងជាបន្តបន្ទាប់។ កាលពីឆ្នាំ ២០១២ នៅពេល​បោះ​ឆ្នោតថ្នាក់ឃុំនៅពេលនោះ កម្មកររបស់យើងទទួលបៀវត្សរ៍ត្រឹមតែ ៨០ ដុល្លារសហរដ្ឋអាមេរិក តែ​ប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះ កម្មករ/ការិនីរបស់យើង បានទទួលបៀវត្សរ៍រហូតទៅដល់ ១៥៣ ដុល្លារសហ​​រដ្ឋអាមេរិក ថែមនឹងអត្ថប្រយោជន៍ដទៃទៀត ក៏បានចំនួន ១៧០ ទៅ ១៨០ ដុល្លារសហរដ្ឋអាមេរិក។ កូន​ចៅ​ទាំងអស់នោះបានផ្ញើប្រាក់កាក់មកក្រុមគ្រួសារ ដើម្បីចិញ្ចឹមគ្រួសារ ហើយគ្រួសារបានប្រើប្រាស់ប្រាក់​​កាក់​នោះ ដើម្បីធ្វើវិស័យកសិកម្ម​ តាមរយៈភ្ជួររាស់ដោយម៉ាស៊ីនទៀតផង។ គ្រូបង្រៀនរបស់យើង បៀវត្សរ៍​ដែល​​មុននេះ មានត្រឹម ៣០-៤០ ម៉ឺន(រៀល) ឥឡូវ បៀវត្សរ៍ទាបបំផុតរបស់គ្រូបង្រៀនរបស់យើង និងគ្រូ​ពេទ្យ​របស់យើងទាបបំផុតបាន ៩៥ ម៉ឺនរៀល ហើយនៅពេលខាងមុខ (ឆ្នាំ) ២០១៨ (ប្រាក់ខែ)ទាប​បំផុត​មិន​ឲ្យតិច​ជាង ១ លានរៀល។ នេះជាការប្រឹងប្រែងខ្លាំងណាស់របស់រាជរដ្ឋាភិបាល។

ការកើនឡើងនូវប្រាក់ចំណូលសម្រាប់មនុស្សម្នាក់

ចំណូលប្រជាជនក្នុងមួយនាក់ៗ ដែលនៅឆ្នាំ ២០០០ ​មានត្រឹមតែជាង ២០០ ដុល្លារសហរដ្ឋអាមេរិក ប៉ុន្តែឥឡូវនេះ ប្រជាពលរដ្ឋរបស់យើងមានប្រាក់ចំណូលជាង​ ១.៣០០ (ដុល្លារសហរដ្ឋអាមេរិក)។ ឆ្នាំ ១៩៦៩ ប្រជាពលរដ្ឋម្នាក់ៗគិតតាំងពីពេលនោះ មានប្រាក់ចំណូលជាង ២៦០ ដុល្លារ(សហរដ្ឋអាមេរិក) បើ​​ទោះបីពេលនោះ ២៦០ ដុល្លារ(សហរដ្ឋអាមេរិក) ក៏ដោយចុះ​ កូរ៉េខាងត្បូងពេលនោះ មានត្រឹមតែ ៧៤ ដុល្លារ​(សហរដ្ឋអាមេរិក)ក្នុងមួយនាក់ តែដោយសារការប្រឹងប្រែងរបស់គេ ធ្វើឲ្យកូរ៉េខាងត្បូង ដែលថ្ងៃនេះ​កំ​ពុង​តែបោះឆ្នោតជ្រើសប្រធានាធិបតី បានកើនឡើងរហូតទៅដល់ប្រមាណជា ៥ ម៉ឺនដុល្លារ​(សហរដ្ឋ​អាមេ​រិក)​ក្នុងមនុស្សម្នាក់។ ប្រសិនបើកុំមានរដ្ឋប្រហាររបស់ លន់ នល់ និងការឈ្លានពានរបស់បរទេស និង​កុំ​មាន​របប ប៉ុល ពត ហោចណាស់ពេលនេះប្រជាជនកម្ពុជាយើងមានប្រាក់ចំណូល ក៏អាចថា បើមិនដល់​ម៉ឺន​(ដុល្លារ) ក៏វាលើសពីប៉ុន្មានពាន់ដែរ។

​គណបក្សប្រជាជនបន្តគោលជំហរមិនយកពន្ធដីស្រែ

យ៉ាងណាក៏ដោយ យើងប្រឹងពីភាពក្រី ​១០០ ភាគរយ ក្រោយរបប ប៉ុល ពត មកដល់ពេលនេះ យើងកាត់​បន្ថយ​មកនៅត្រឹម ១៣ ភាគរយ។ យើងនឹងបន្តការខិតខំតទៅទៀត តាមរយៈគោលនយោបាយដែលមាន​រួច​មកហើយ ហើយសុំប្រជាពលរដ្ឋចាំឲ្យច្បាស់ ប្រវត្តិអតីតកាលរបស់កម្ពុជា មិនដែលមានជំនាន់ណា​មិន​យក​ពន្ធដីស្រែនោះទេ។ អ្នកដែលមានវ័យចំណាស់ៗសុទ្ធតែបានដឹងហើយ។ រឿងភូមិតិរច្ឆាន នៅខេត្តកំ​ពង់​ឆ្នាំង ដែលប្រជាកសិករបង្ខំចិត្តត្រូវកាប់បារាំង​ ឈ្មោះ បាដេស៍ ដោយសារអី? ធ្វើស្រូវមិនបានហើយ ទៅ​ទារពន្ធទៀត។ ប៉ុន្តែ ក្នុងរយៈ(ពេល)​ ៣៨ ឆ្នាំ ជាងកន្លងទៅនេះ គណបក្សប្រជាជនមិនបានយកពន្ធដីស្រែមួយកាក់មួយសេនណាពីសំណាក់ប្រជាពលរដ្ឋទេ។ នៅពេលដែលគណបក្សប្រជាជនបន្តទៅទៀត កសិកររបស់យើង មិនត្រូវបង់ថ្លៃណាមួយជាពន្ធ​ដី​ស្រែទេ។ រឿងនេះ វាជារឿងពិតប្រាកដ ដែលមិន​មែន​គ្រាន់​តែជាការសន្យាខ្យល់ទេ។ (អំពី)អ្នកដទៃ​ តើច្បាស់ហើយឬនៅទៅលើបញ្ហាមិនយកពន្ធ?

ចាបមួយនៅក្នុងដៃ ប្រសើរជាងចាបម្ភៃនៅលើមេឃ

សុំកុំភ្លេចថា ប្រវត្តិសាស្ត្រត្រូវសរសេរដោយអ្នកឈ្នះ មិនដែលសរសេរដោយអ្នកចាញ់នោះទេ។ អ្នកឈ្នះ​ចង់​សរសេរថាម៉េចក៏បាន។ យើងជាអ្នកធ្លាប់ផ្តួលរំលំ ប៉ុល ពត ធ្លាប់កសាងប្រទេសជាមួយគ្នា ស្រាប់តែ​ពេល​ថ្ងៃមួយ មិនទាន់ទាំងគេឈ្នះផង គេចោទថាយើងក្បត់ជាតិបាត់ទៅហើយ។ រឿងនេះហើយជាភាពផុយ​​ស្រួយ​។ គ្មានអ្នកណាសុខចិត្តឲ្យអ្នកឯងធ្វើផ្តេសផ្តាស សម្រាប់ប្រជាជាតិមួយ ដែលកំពុងមានសេចក្តី​សុខ បន្ទាប់ពីការស្លាប់រាប់លាននាក់នោះទេ។ នេះមិនមែនជាសារព្រមាននោះទេ ក៏ប៉ុន្តែ គឺជាភាពច្បាស់លាស់នៃអនាគតរបស់កម្ពុជា។ ​ពាក្យដែលគេថា “ចាបមួយនៅក្នុងដៃ ប្រសើរជាងចាបម្ភៃនៅលើមេឃ” គឺ​ពិត​ជាត្រឹមត្រូវហើយ។

រាជរដ្ឋាភិបាល សោកស្ដាយ ការបាត់បង់ជីវិត និងរបួសទាហានកម្ពុជា នៅអាហ្វ្រិកកណ្ដាល

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ និយាយច្រើន តែខ្ញុំព្រះករុណាខ្ញុំ ក៏កំពុងតែកង្វល់អោយតាមមើល​ គឺយើងមានការ​សោក​ស្ដាយមួយ ដែលខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ដើម្បីចូលរួមមរណទុក្ខចំពោះកងកម្លាំងរបស់​យើងដែលកំពុងស្ថិតនៅអាហ្វ្រិកកណ្ដាល ត្រូវក្រុមឧទា្ទមវាយប្រហារ បណ្ដាលអោយស្លាប់មនុស្សម្នាក់ និង​កំពុងបាត់ខ្លួន ៣ នាក់។ ឯខាង ម៉ារ៉ុក របួសធ្ងន់ និងស្រាល ៥ នាក់ ហើយក៏បាត់ខ្លួនម្នាក់ដែរ។ បាន​សេច​ក្ដីថា យប់មិញនេះ ម៉ោង ៨ យប់ អាចនឹងត្រូវនឹងម៉ោង ១ របស់យើង ការវាយប្រហារនេះបានមាន​ឡើង។ ឥឡូវ អនុសេនីយ​ឯកពលី ឈ្មោះ អ៊ឹម សំ ស្រុកកំណើតនៅខេត្តសៀមរាប ដែលជាអ្នកបើកបរ។ យប់មិញ​នេះ ម៉ោង ២ យប់ បងប្អូនយើងក៏បានធ្វើប្រតិបត្តិការរុករកទាហានបាត់ខ្លួនទាំងបីនាក់នេះ ប៉ុន្តែ​ឥឡូវ​បញ្ហាចំណោទ តើបងប្អូននេះរត់គេចខ្លួនពីការវាយប្រហារ ឬក៏ត្រូវបានចាប់ជាឈ្លើយសឹក? ជាចំ​ណាប់​ខ្មាំង? ខ្ញុំព្រះករុណាខ្ញុំ សុំស្នើអោយមានការយកចិត្តទុកដាក់តាមដានជាបន្ត ចំពោះម្ខាង​​សាក​សព​ដែល​ត្រូវដឹកត្រឡប់មកប្រទេសយើងវិញ …។

ខ្ញុំព្រះករុណាខ្ញុំ យល់ថា ប្រសិនបើបងប្អូនគ្រាន់តែរត់គេចពីការវាយប្រហារដោយកម្លាំងឧទាមនៅប្រទេស​អា​ហ្រ្វិកកណ្ដាល បងប្អូននោះនឹងត្រឡប់មករកទីតាំងនៅពេលភ្លឺ​ ឥឡូវប្រហែលជានៅទីនោះមិន​ទាន់​ភ្លឺនៅ​ឡើយ​ទេ។ ប៉ុន្តែប្រសិនបើគេចាប់ដើម្បីធ្វើជាថ្នូរជាមួយនឹងអ្វីមួយ ស្នើអោយអង្គការសហប្រជាជាតិ ដែលជា​អ្នកទទួលខុសត្រូវ យកចិត្តទុកដាក់ធានាការពារអាយុជីវិតពលរដ្ឋកម្ពុជា ក៏ដូចជាពលរដ្ឋរបស់ម៉ារ៉ុក ដែល​កំ​ពុងបាត់ខ្លួននេះ ព្រោះថាគោលដៅនៃការវាយប្រហាររបស់ក្រុមឧទា្ទម សំដៅរំដោះឈ្លើយសឹកដែលនៅ​កៀក​ជាមួយនឹងទីកន្លែងនៃកងទ័ពរបស់យើងស្នាក់នៅ។ អញ្ចឹងប្រហែលជាអាច ប្រសិនទេ អាចប៉ាន់ស្មាន​ថា គេអាចនឹងធ្វើការទាមទារដោះដូរជាថ្នូរ រវាងឈ្លើយសឹករបស់គេ ជាមួយនឹងទាហានរបស់យើង។ ខ្ញុំព្រះ​ករុណាខ្ញុំ អំពាវនាវចំពោះអង្គការសហប្រជាជាតិ យកការទទួលខុសត្រូវមួយដ៏ខ្ពស់ ដើម្បីធានា​អាយុ​ជីវិត​ទាហានរបស់កម្ពុជា (ដែលទាហានកម្ពុជា)ពលីកម្មមួយ ដែលខ្ញុំព្រះករុណាខ្ញុំ សុំចូលរួមមរណទុក្ខក្នុងនាម​រាជ​រដ្ឋា​ភិបាល​ចំពោះពលីកម្មនេះ ហើយសូមផ្ញើជូនចំពោះគ្រួសារនៃសព។

យើងបានខិតខំធ្វើនូវកិច្ចការដោះស្រាយបញ្ហាផ្ទៃក្នុងខ្លួនឯងរួចហើយ យើងក៏បានខិតខំបញ្ជូនកង​កម្លាំង​របស់​យើងទៅជួយមិត្តភក្ដិនៅឯបរទេស។ ពីមុនមានច្រើនប្រទេស ឥឡូវនៅអាហ្វ្រិកកណ្ដាល នៅម៉ាលី នៅ​ស៊ូដង់ខាងត្បូង នៅស៊ូដង់ និងនៅលីបង់ ហើយមុននេះ នៅកោះស៊ីប នៅស៊ីរី ហើយក៏នៅប្រទេសឆាត ផងដែរ។ នេះហើយជានយោបាយការបរទេសពិតប្រាកដរបស់យើង ដែលយើងបានរួមវិភាគទាន​ជាមួយ​នឹង​អង្គការសហប្រជាជាតិ ដែលមុននេះ អង្គការសហប្រជាជាតិក៏បានមកជួយយើង។ វាជាមោទនភាពធំ​បំ​ផុត​ដែល​មិន​ធ្លាប់មានកាលពីពេលមុនរបស់កម្ពុជា ដែលបានដើរតួនាទីអន្តរជាតិយ៉ាងច្រើន។ ខ្ញុំព្រះ​ករុ​ណាខ្ញុំ នៅតែអំពាវនាវ ក្រៅពីឯកឧត្តម ទៀ បាញ់, ឯកឧត្តម ប្រាក់ សុខុន និងអ្នកដទៃទៀត ដែល​ពិនិត្យ​បញ្ហា​នេះ តាមដានអោយជាប់ ប្រសិនបើករណីនេះ ជាករណីចាប់ជំរិត ហើយត្រូវធ្វើការដោះដូរ ការសម្រេច​យ៉ាង​ណាអំពីបញ្ហានេះ សូមអោយអង្គការសហប្រជាជាតិធ្វើការប្រុងប្រយ័ត្ន ហើយក៏គួរខិតខំរាយការណ៍​អោយ​ខ្ញុំព្រះករុណាខ្ញុំ(ដឹង)ឆាប់រហ័សបំផុតតាមដែលអាចធ្វើទៅបាន។

ថ្ងៃទី ១០ ១១ ១២ វេទិកាសេដ្ឋកិច្ចពិភពលោកនៅកម្ពុជា

នេះជាកិច្ចការរបស់យុវជនម្នាក់ ដែលមុននេះស្ពាយកាំភ្លើងនៅតាមតំបន់នេះ ដែលញាតិញោមមួយ​ចំនួន​បាន​ស្គាល់។ តែឥឡូវនេះ ក៏បានក្លាយទៅជាមេដឹកនាំនៃប្រទេសមួយ ដែលមិនគ្រាន់តែរកសន្ដិភាព​អោយ​ខ្លួន និងអភិវឌ្ឍន៍ប្រទេសប៉ុណ្ណោះទេ ក៏ប៉ុន្តែយើងនៅបានរួមវិភាគទានជាមួយនឹងមិត្តភក្ដិបរទេស។ ចាប់ពី​ថ្ងៃ​ស្អែកទៅ យើងមានវេទិកាសេដ្ឋកិច្ចពិភពលោក ដែលមានអ្នកមកចូលរួមនៅក្នុងប្រទេសយើងប្រមាណ​ជាជាង ៤០ ប្រទេសឯណោះ។ ថ្នាក់ដឹកនាំជាន់ខ្ពស់ មានប្រធានាធិបតីហ្វីលីពីន មាននាយករដ្ឋមន្រ្តីឡាវ និងនាយករដ្ឋមន្រ្តីវៀតណាម ក្រៅពីនោះ ថ្នាក់រដ្ឋមន្រ្តី និងអ្នករកស៊ីធំៗច្រើនណាស់ ដែលគេនឹង​មក​ធ្វើកិច្ច​ការ​នៅទីនេះ។ ពីរថ្ងៃជាប់គ្នា ខ្ញុំព្រះករុណាខ្ញុំ អត់មានពេលដោះខោអាវទេ អញ្ចឹងបានជាអោយយក​ខោអាវ​ទៅ​សណ្ឋាគារសុខាភ្នំពេញ … ពេលខ្លះ អត់មានពេលដោះទេ។ ស្លៀកតាំងពីព្រឹកដល់យប់ម៉ោង ១១ បាន​ដោះ។ ប៉ុន្តែមនុស្សប្រុសស្រួលណាស់ បើជួនកាលដូរតែក្រវ៉ាត់ក ថាអាហ្នឹងថ្មីហើយ។ អាវដដែល ខោ​ដដែល ដូរតែក្រវ៉ាត់ក គេថា រហ័សម្ល៉េះ ប៉ុន្តែផ្ទុយទៅវិញ (ខោអាវ)ដដែលហ្នឹង។

ថ្ងៃទី ១០ ស្អែកនេះ ថ្នាក់នាយករដ្ឋមន្រ្តី​មួយចំនួន ភ្ញៀវមួយចំនួនមកដល់។ ថ្ងៃទី ១១ ដល់ ១២ ប្រជុំជាប់ ហើយថ្ងៃទី ១៣ ត្រូវឡើងយន្តហោះទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ដើម្បីចូលរួមសន្និសីទកំពូល ស្ដីពី វិថីមួយខ្សែក្រវ៉ាត់មួយ។ បន្ទាប់ទៅ ទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី ១៦ និង ១៧ ហើយខិតខំមកកាន់ខេត្តមួយ ដើម្បីបើកនូវមជ្ឈមណ្ឌលពាណិជ្ជកម្មនៅទីនោះ។ អាច​នឹង​ម៉ោង ១២ យប់ ឬម៉ោង ១ ក្បែរភ្លឺ នៅថ្ងៃទី ១៧ ចូលថ្ងៃទី ១៨ នឹងមកដល់ប្រទេស។ ដូច្នេះគេអាចប៉ាន់ស្មានថា សុខភាពរបស់លោក ហ៊ុន សែន មិនទន់ខ្សោយនោះទេ ដែលយើងអាចធ្វើកិច្ចការបានប៉ុណ្ណេះ។

អរគុណដល់ក្រុមហ៊ុន លី ឈួង

ថ្ងៃនេះ អរគុណណាស់ចំពោះការចូលរួមរបស់ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ អរគុណជាមួយនឹង​ការ​ចូល​រួម​របស់សម្ដេច ឯកឧត្តម លោកជំទាវ ក៏ដូចជាបងប្អូនជនរួមជាតិ ដែលសម្ពោធសមិទ្ធផលខ្លួន មិនមែនជារបស់អ្នកណាទេ។ ហើយខ្ញុំព្រះករុណាខ្ញុំ ក៏សូមថ្លែងនូវការកោតសរសើរចំពោះក្រុមហ៊ុន លី ឈួង ដែលបានធ្វើនូវការដ្ឋានយ៉ាងច្រើនរួចមកហើយ បន្ទាប់ពីបង្កើតស្នាដៃនៅវិមានសន្ដិភាព នៅឯទីក្រុង​ភ្នំពេញ ក៏បង្កើតនូវអគារនៅទីនេះ។ អរគុណជាមួយនឹងការចូលរួមទាំងឡាយរបស់អស់លោកអ្នក ទៅលើ​ការ​កសាងនៅទីនេះ ហើយសង្ឃឹមថា កិច្ចការនៅទីនេះ គឺជាកិច្ចការដែលល្អ កុំអោយទីកន្លែងធ្វើការស្អាត បែរជាការងារមិនដើរ។

កន្លែងល្អ ប្រសិទ្ធភាពការងារក៏ល្អ ឆាប់ និងរហ័ស

ប្រសិទ្ធភាពការងារត្រូវតែខ្ពស់ រឿងនេះ គឺជារឿងធំ ឯកឧត្តម ប្រាជ្ញ ច័ន្ទ និងអ្នកដទៃទៀត មិនមែន​អគារ​នឹងល្អ រួចហើយបែរជាម៉ាស៊ីនត្រជាក់(ត្រជាក់ស្រួល) អញដេកសិន មិនមែនទេ។ កន្លែងមិនល្អ មិនស្អាត តែ​ការងារល្អ គឺច្បាស់។ ឥឡូវ កន្លែងល្អ ការងារក៏ត្រូវកាន់តែល្អ កាន់តែឆាប់ កាន់តែរហ័ស កាន់តែ​មាន​ប្រសិទ្ធ​ភាព នោះទើបសក្តិសម​ជាទីកន្លែងដែលរាជរដ្ឋាភិបាលបានបោះទុន​យ៉ាងធំ សម្រាប់ការអភិវឌ្ឍ​នៅ​ទីនេះ និងការអភិវឌ្ឍជាបន្តទៀត។

ពាំនាំអំណោយ

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ បាននាំមកសម្រាប់លោកយាយ លោកតាចំនួន ២០០ នាក់ ក្នុងម្នាក់ៗ ទទួលបាន ក្រណាត់សមួយដុំ ថវិកា ១ ម៉ឺនរៀល។ ជូនក្រុមកាយារិទ្ធ និងយុវជនកាកបាទក្រហមចំនួន ២០០ នាក់ ក្នុងម្នាក់ៗ ថវិកា ១ ម៉ឺនរៀល។ ជូននិស្សិតចូលរួមក្នុងអង្គពិធីចំនួន ២២២ នាក់ ក្នុងម្នាក់ៗ ថវិកា ២ ម៉ឺនរៀល។ ជូនសិស្សានុសិស្សចំនួន ១០៥៣ នាក់ ក្នុងម្នាក់ៗ សៀវភៅពីរក្បាល ប៊ិចមួយដើម ថវិកា ៥ ពាន់រៀល។ ជូនលោកគ្រូ អ្នកគ្រូចំនួន ២៨៧ នាក់ ក្នុងម្នាក់ៗ ថវិកា ៣ ម៉ឺនរៀល។ ជូនវិទ្យាល័យ ហ៊ុន សែន ខ្នារ ឃុំស្រឡប់ ថវិកា ១ លានរៀល។ ជូនសាលាបឋមសិក្សា ស ខេង ខ្នារ ឃុំស្រឡប់ ថវិកា ៥០ ម៉ឺនរៀល។ ជូនសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ថវិកា ៣ លានរៀល។ ជូនសាលាស្រុកត្បូងឃ្មុំ ថវិកា ១ លានរៀល។ ជូនមណ្ឌលសុខភាពឃុំស្រឡប់ ថវិកា ១ លានរៀល។ ជូនក្រុមតន្រ្តីសម័យ ថវិកា ១ លានរៀល។

ជាទីបញ្ចប់ ជាមួយនឹងការប្រកាសសម្ពោធដាក់អោយប្រើប្រាស់នូវអគាររដ្ឋបាលប្រមូលជុំ និងសមិទ្ធផល​ផ្សេង​ទៀត ជាផ្លូវ ទឹក អគារនានារបស់ទីរួមខេត្តត្បូងឃ្មុំ ខ្ញុំព្រះករុណាខ្ញុំ ប្រគេនពរចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជូនពរចំពោះសម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។​ សូមអរគុណ និងសូមអរព្រះគុណ៕

ចែករំលែក