ប្រមុខដឹកនាំកម្ពុជា និងសាធារណរដ្ឋកូរ៉េ មានការពេញចិត្តចំពោះកំណើនការ ប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ

11

ភ្នំពេញ ថ្ងៃទី១៥ ខែមីនា​ ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឯកឧត្ដម M​oon Jae-in ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ  បានសម្ដែង​នូវ​ការ​​ពេញចិត្តដោយសង្កេតឃើញ​ពី​កំ​ណើនការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជននៃ​ប្រទេសទាំងពីរ តាមរយៈការ​ផ្លា​ស់​ប្ដូរ​ផ្នែកទេចរណ៍និងធុរកិច្ច ក៏ដូចជាការបញ្ជូនពលករ​ខ្មែ​រ​​ទៅធ្វើការនៅសាធារ​ណរដ្ឋ​កូ​រ៉េ​។

ក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយឯកឧត្ដម Moon Jae-in ប្រធានាធិបតីសា​ធា​រ​ណ​​រដ្ឋកូរ៉េ  ក្រោយពីបញ្ចប់ពិធីចុះហត្ថលេខាលើឯកសារមួយចំនួនស្ដីពីកិច្ចសហប្រតិបត្តិ​ការ​រវា​ងប្រទេសទាំងពីរ នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ នៅវិមានសន្តិភាពនោះ សម្ដេច​តេ​ជោ​ ហ៊ុន សែន មានប្រសាសន៍ថា ខ្ញុំនិងឯកឧត្ដម Moon Jae-in ប្រធានាធិបតី​សាធារ​ណរ​ដ្ឋកូ​រ៉េ​  ទើបបានបញ្ចប់កិច្ចពិភាក្សាទ្វេភាគី ក្រោមបរិយាកាសត្រង់ទៅត្រង់មកប្រកបដោ​ភាតរ​ភា​ព​។ ទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្ដម Moon Jae-in នៅកម្ពុជាគឺជាព្រឹត្តិការណ៍សំខាន់ណាស់ ស​ម្រា​​ប់ធ្វើឱ្យចំណងមិត្តភាពរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េកាន់តែរឹងមាំ កិច្ចសហប្រតិបត្តិ​ការ​​ក៏កាន់តែស៊ីជម្រៅ និងមានវិសាលភាពក៏កាន់តែទូលំទូលាយ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និ​ង​​ពហុភាគី។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលដ៏ធំធេង ដែល​សា​ធារណរដ្ឋកូរ៉េសម្រេចបាន ក្នុងការកសាងជាតិ រហូតបានក្លាយជាប្រទេសដែលមាន​សេដ្ឋ​កិ​ច្ច​ជឿនលឿន​នាំមុខនូវលើពិភពលោក និងធំទីបួន នៅអាស៊ី ហើយបានដើរតួនាទីកាន់តែ​សកម្ម​ក្នុងកិច្ចការតំបន់ និងអន្តរជាតិ។ វឌ្ឍនភាពរបស់សាធារណរដ្ឋកូរ៉េ មិនត្រឹមតែបាននាំ​មក​នូវវិបុលភាពដល់ប្រជាជនកូរ៉េប៉ុណ្ណោះទេ តែក៏បានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច​ស​ង្គម ដល់ប្រទេសផ្សេងៗទៀត រួមមានទាំងកម្ពុជាផងដែរ។

សម្ដេចតេជោ បានថ្លែងអំណរ​គុណ​​យ៉ាង​ជ្រាលជ្រៅចំពោះសាធារណរដ្ឋកូរ៉េ ដែលមាន ឆន្ទៈបន្តរួមចំណែកកាន់តែធំ ក្នុងការ​ក​សាង និងអភិវឌ្ឍន៍កម្ពុជា ជាពិសេសសាធារណរដ្ឋ កូរ៉េបានទទួលស្គាល់ និងគាំទ្រការខិតខំ​របស់​រាជរដ្ឋាភិបាលកម្ពុជា ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងបន្តនិរន្តរភាព​នៃដំណើរ​ការ​អភិ​វឌ្ឍ តាមមាគ៌ានៃលទ្ធិប្រជាធិបតេយ្យ។ ស្ដីពី ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ​ទ្វេភាគី​កម្ពុ​ជា​ សាធារណរដ្ឋកូរ៉េ ខ្ញុំ និងឯកឧត្ដម Moon Jae-in បានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅអំពីកិច្ច​ស​ហ​ប្រតិ​បត្តិ​ការទ្វេភាគីលើគ្រប់វិស័យ សំដៅពូនជ្រំ ថែមទៀតនូវទំនាក់ទំនងមិត្តភាព រវា​ង​កម្ពុ​ជា​ និងសាធារណរដ្ឋកូរ៉េ។ យើងបានកត់សម្គាល់ និងវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើននៃ​ទំ​នា​ក់​ទំនងលើវិស័យនានាជាច្រើន រួមមាន ពាណិជ្ជកម្ម វិនិយោគ កសិកម្ម ហិរញ្ញវត្ថុ ឧស្សា​ហ​ក​ម្ម ទេសចរណ៍ អប់រំ រវាងប្រទេស ទាំងពីរ។ យើងបានឯកភាពគ្នា ជំរុញកិច្ចប្រឹងប្រែងពង្រីក​ទំហំ​ពាណិជ្ជកម្មរវាង ប្រទេសទាំង ពីរបន្ថែមទៀត ដោយបើកទីផ្សារឱ្យទូលាយជាមុន សម្រាប់​ផលិ​តផលកម្ពុជា ជាពិសេស ផលិតផលកសិកម្ម ដើម្បីបង្កើនទំហំពាណិជ្ចកម្ម​ទ្វេភាគីឱ្យ​សក្ដិ​ស​ម ទៅនឹងសក្ដានុពល។

សម្ដេចតេជោបន្តថា ក្នុងគោលដៅនេះ និងដើម្បីបង្កើនកិច្ចសហ​ប្រ​តិបត្តិ​ការវិនិយោគ យើងបានគូសបញ្ជាក់ពីសារៈសំខាន់នៃការជំរុញយុទ្ធនាការ កែលម្អបរិយា​កា​ស​ធុរកិច្ចនៅ កម្ពុជា ដែលនិងជួយធានាជោគជ័យក្នុងការអភិវឌ្ឍឧស្សាហកម្ម និងធ្វើពិពិ​ធក​ម្មគ្រប់វិស័យ សេដ្ឋកិច្ចកម្ពុជា ហើយនាំមកនូវផលប្រយោជន៍ទៅវិញទៅមក រវាងប្រទេស​ទាំ​ង​ពីរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា  ខ្ញុំនិង ឯកឧត្ដម Moon Jae-in ក៏បាន​ឯក​ភាពឱ្យមានការចុះហត្ថលេខា និងចូលរួមធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើក​ឯកសារ​កិច្ច​ព្រមព្រៀងមួយចំនួនពាក់ព័ន្ធនឹង ទីមួយៈ កិច្ចសហប្រតិបត្តិការក្នុងវិស័យសុខភាព​សាធា​រ​ណៈ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ថាមពល អប់រំ និងបច្ចេកវិទ្យានិងព័ត៌មាន និង​កិច្ច​សហប្រតិបត្តិការជំរុញពាណិជ្ជកម្ម និងវិនិយោគ និងទីពីរៈ កិច្ចសម្របសម្រួលពាណិ​ជ្ជក​ម្ម ស្ដីពីឥណទានសមប្បទានពីមូលនិធិសហប្រតិបត្តិការសេដ្ឋកិច្ចរបស់សាធារណរដ្ឋកូរ៉េ ​សម្រា​ប់​​គម្រោងអភិវឌ្ឍន៍នៅកម្ពុជា ២០១៩-២០២៣។

ជាមួយនេះដែរ ខ្ញុំ និងឯកឧត្ដម Moon Jae-in   មានការពេញចិត្តដូចគ្នា ដោយសង្កេតឃើញពីកំណើនការប្រាស្រ័យទាក់ទងរវាងប្រជាជន និ​ង​​ប្រជាជន នៃប្រទេសយើងទាំងពីរ តាមរយៈការផ្លាសប្ដូរផ្នែកទេចរណ៍ និងធុរកិច្ច ក៏ដូច​ជា​ការ​បញ្ជូនពលករខ្មែរទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ។ ស្ដីអំពីកិច្ចការតំបន់ និងអន្តរជាតិ ខ្ញុំ និង​ឯកឧត្ដម Moon Jae-in    បានផ្លាស់ប្ដូរយោបល់គ្នាអំពីកិច្ចសហប្រតិបត្តិការ ក្នុងវេទិការ​អន្ត​រ​ជា​តិ ទំនាក់ទំនងអាស៊ាន និងសាធារណរដ្ឋកូរ៉េ និងកិច្ចសហប្រតិបត្តិការមេគង្គ សាធារណរ​ដ្ឋ​កូរ៉េ បញ្ហាឧបទ្វីបកូរ៉េ និងបញ្ហាផ្សេងៗទៀត ដែលយើងយកចិត្តទុកដាក់ដូចគ្នា។

សម្ដេច​តេ​ជោ​ ហ៊ុន សែន ក៏បានអបអរសាទរ​សាធារណរដ្ឋកូរ៉េ ដែលនៅចុងឆ្នាំ២០១៩ និងទទួលធ្វើជា​ម្ចា​ស់​ផ្ទះរៀបចំកិច្ចប្រជុំកំពូលមេគង្គ សាធារណរដ្ឋកូរ៉េ ជាលើដំបូង តភ្ជាប់ជាមួយកិច្ចប្រជុំ​កំពូ​ល​រម្លឹកខួប៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន សាធារណរដ្ឋកូរ៉េ។ សម្ដេចតេជោគូស​បញ្ជា​ក់ទៀតថា ទស្សនកិច្ចរបស់ ឯកឧត្ដម Moon Jae-in នៅកម្ពុជា នឹងធ្វើឱ្យទំនាក់ទំនង និ​ង​​​​កិ​ច្ចសហប្រតិបត្តិការកម្ពុជា សាធារណរដ្ឋកូរ៉េ មានភាពកាន់តែសកម្មប្រកបដោយផ្លែផ្កា ហើ​យ​​និងឈានឡើងដល់កម្រិតខ្ពស់ថែមទៀត ដែលស្របនិងនយោបាយថ្មី ឆ្ពោះទៅទិស​ខា​ង​​ត្បូ​ង​​របស់សាធារណរដ្ឋកូរ៉េ ក្នុងគោលដៅ ជំរុញវិបុលភាពរួម ការប្រាស្រ័យទាក់ទង​រវាង​ប្រ​ជា​ជន និងប្រជាជន និងសន្តិភាព ជានិរន្តរ៍នៅក្នុងតំបន់។

ឯកឧត្តម Moon Jae-in ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ បានវាយតម្លៃខ្ពស់ អំពី​ទំ​នាក់ទំនង កិច្ចសហប្រតិបត្តិការ និងសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ។ ឯកឧត្តមបាន​មានប្រ​សា​ស​ន៍ អំពីការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ ដែលជំរុញឱ្យមានការរីកចម្រើន របស់​ប្រទេស​ទាំ​ង​ពីរ​ ហើយប្រជាជនកូរ៉េជាច្រើនលាននាក់ បានមកកាន់កម្ពុជា ជំរុញកំណើនសេដ្ឋកិច្ច របស់​កម្ពុ​ជាផងដែរ។ ឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េបានបន្ថែមទៀតថា ភាគីទាំងពីរ បា​ន​ព្រមព្រៀង ក្នុងការមិនយកពន្ធត្រួតគ្នា។ បន្ថែមលើនេះ រដ្ឋាភិបាលកូរ៉េ បានសម្រេចព​ន្លឿ​ន​ការវិនិយោគ រួមនឹងកិច្ចសហប្រតិបត្តិការ លើវិស័យកសិកម្ម ការដឹកជញ្ជូន កសិកម្ម។​   ឯក​ឧត្ត​មប្រធានាធិបតី បានបង្ហាញ ការសប្បាយរីករាយ ក្នុងការចរចាជាមួយកម្ពុជា ដោយកម្ពុជា​បាន​​នាំ​ចេញនូវទំនិញកសិផល។ ឯកឧត្តម បានសង្កេតថា ក្រុមហ៊ុនកូរ៉េ ដែលបានចូលមក​វិនិ​យោ​គនៅកម្ពុជា បានចែករំលែកបទពិសោធន៍ និងចំណេះដឹងជាមួយកម្ពុជា។ បន្ថែមលើ​នេះ​ទៀ​ត ក៏នៅមានកិច្ចសហប្រតិបត្តិការផ្សេងៗជាច្រើនទៀត ដូចជា ICT ហើយកូរ៉េនិងកម្ពុជា បាន​ធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីស្ថិរភាព សន្តិភាព នៅក្នុងតំបន់ ហើយប្រទេសទាំងពីរ និង​មាន​​កិច្ចការសហការជាច្រើន លើវិស័យផ្សេងៗទៀតផងដែរ៕

ដោយ ជឹម ណារី